២០២០
ពួកគាត់​បាន​ទុក​ការសាកល្បង​របស់​ពួកគាត់​មួយ​ឡែក
ខែ កក្កដា ឆ្នាំ ២០២០


ពួកគាត់​បាន​ទុក​ការសាកល្បង​របស់​ពួកគាត់​មួយ​ឡែក

នៅ​ថ្ងៃ​នោះ ឃិនដ្រា ប្រិនថ៍ និង​ថៃសុន គឺជា​គំរូ​ដ៏​ពិត​នៃ​ការផ្ដល់​ការងារ​បម្រើ​ដូចជា​ព្រះគ្រីស្ទ ។

people at the door

រចនា​រូបភាព​ដោយ ត្រិន ហ្គ័តម៉ាន់សិន

យើង​ទាំងអស់​គ្នា​ជួប​រឿង​ល្អ និង​អាក្រក់​នៅ​ក្នុង​ជីវិត​របស់​យើង ប៉ុន្តែ​នៅ​ឆ្នាំ ២០១៣ ជាពិសេស​គឺជា​ឆ្នាំ​ដ៏​ពិបាក​សម្រាប់​គ្រួសារ​យើង ។ យើង​បាន​ជួប​នូវ​បទពិសោធន៍​ដែល​មិន​បាន​រំពឹង​ទុក​ដោយ​ត្រូវការ​ជួសជុល​ផ្ទះ និង​យានយន្ត​ដែល​ត្រូវ​អស់​ប្រាក់​យ៉ាង​ច្រើន ។ ស្វាមី​ខ្ញុំ រ៉ាយអិន បាន​បាត់បង់​ការងារ ហើយ​កូន​ប្រុស​ពៅ​របស់​យើង​បាន​កើត​មក​ជាមួយ​នឹង​បញ្ហា​នានា ហើយ​ត្រូវ​ចំណាយ​ពេល​ពីរបី​សប្ដាហ៍​នៅក្នុង​មន្ទីរ​ព្យាបាល​ទារក​ទើប​នឹង​កើត​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ។ ខ្ញុំ​ក៏​មាន​ការលំបាក​ជាមួយ​នឹង​ជំងឺ​បាក់ទឹកចិត្ត​ក្រោយ​សម្រាល​កូន​ផងដែរ ។ ស្ថានភាព​ទាំងអស់​នេះ រួម​នឹង​ការធ្វើ​ជា​ឪពុកម្ដាយ​ដល់​កូន​តូចៗ​បួន​នាក់ បាន​ធ្វើ​ឲ្យ​យើង​មាន​ភាពតានតឹង​ទាំង​ខាង​ផ្នែក​ហិរញ្ញវត្ថុ និង​ខាង​ផ្លូវចិត្ត ។

រ៉ាយអិន​រកបាន​ការងារ​ថ្មី ប៉ុន្តែ​គាត់​ធ្វើការ​ជា​ច្រើន​ម៉ោង ហើយ​ត្រូវ​ទៅ​ក្រៅ​ក្រុង​ម្ដងៗ​ជា​ច្រើន​សប្ដាហ៍ ។ កូនប្រុស​អាយុ​ប្រាំ​ឆ្នាំ​របស់​យើង វេសលី បាន​ចាប់​ផ្ដើម​មាន​ការថប់បារម្ភ​អំពី​ការ​ដែល​ប៉ា​គាត់​ទៅ​បាត់​ជា​ញឹកញាប់ ។ គាត់​ភ្ញាក់​ច្រើន​ដង​នៅ​ពេល​យប់​ដោយសារ​សុបិន​អាក្រក់ ។

សាច់​ញាតិ​របស់​យើង​បាន​ជួយ​គាំទ្រ​ខ្ញុំ​ពេល​ពួកគេ​អាច​ធ្វើ​បាន ប៉ុន្តែ​ភាគ​ច្រើន​បំផុត​ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ហត់នឿយ ហើយ​ឯកោ ។ ខ្ញុំដឹង​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់ ហើយ​ត្រាស​ដឹង​ពី​គ្រួសារ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​មាន​អារម្មណ៍​ដូច​ជា​យើង​កំពុង​តែ​លង់ទឹក ។

នៅ​រសៀល​មួយ ពេល​រ៉ាយអិន​ទៅ​ធ្វើការ​ក្រៅ​ក្រុង ខ្ញុំ​បាន​បើក​ឡាន​ដឹក​កូន​ខ្ញុំ​ទៅផ្ទះ​ពី​សាលា ហើយ​បាន​អធិស្ឋាន​ជា​ខ្លាំង​ដើម្បី​សូម​ជំនួយ ។ ក្រោយ​មក​នៅ​យប់​នោះ អ្នក​ជិតខាង​ខ្ញុំ ឃិនដ្រា បាន​គោះទ្វារ​ផ្ទះ​យើង ។ គាត់​បាន​ដឹង​ពី​ស្ថានភាព​របស់​យើង ហើយ​បាន​សួរ​ថា​ខ្ញុំ​មាន​សុខទុក្ខ​យ៉ាងណា​ដែរ ។ ខ្ញុំ​ពុំ​មាន​បំណង​រអ៊ូរទាំ​ដាក់​គាត់​ទេ ហើយ​គាត់​គឺ​ជា​មនុស្ស​ចុងក្រោយ​ដែល​ខ្ញុំ​នឹង​សូម​ជំនួយ ។ ស្វាមី​គាត់ ប្រិនថ៍ បាន​ប្រយុទ្ធ​នឹង​មហារីក​អស់​បួន​ឆ្នាំ​កន្លង​មក​នេះ ។

ខ្ញុំ​បាន​ប្រាប់​ឃិនដ្រា​ថា​ខ្ញុំ​មិន​អីទេ ប៉ុន្តែ​គាត់​បាន​សួរ​ខ្ញុំ​ម្ដង​ទៀត​ដោយ​ស្មោះសរ ។ ខ្ញុំ​បាន​បើក​ដួងចិត្ត​ប្រាប់​គាត់​ទាំង​ទឹក​ភ្នែក​ពី​ការលំបាក​របស់​ខ្ញុំ ។ ពេល​ខ្ញុំ​ប្រាប់​គាត់​អំពី​ការថប់​បារម្ភ​របស់​វេសលី និង​សុបិន្ត​អាក្រក់ គាត់​បានសួរ​ថា​បើ​ខ្ញុំ​ចង់​ឲ្យ​ប្រិន​ប្រសិទ្ធិពរ​ដល់​វេសលី​ឬទេ ។

មួយ​សន្ទុះ​ក្រោយ​មក ឃិនដ្រា ប្រិនថ៍ និង​កូន​ប្រុស​ច្បង​របស់​ពួកគាត់ ថៃសុន បាន​មក​ដល់​មាត់​ទ្វារ​យើង​នៅក្នុង​សំលៀក​បំពាក់​ព្រះវិហារ ។ ប្រិនថ៍​ទន់ខ្សោយ ។ ខ្ញុំ​ប្រាកដ​ណាស់​ថា គាត់​បាន​ប្រមូល​កម្លាំង​ទាំងអស់​ដែល​គាត់​មាន​ដើម្បី​មក​ផ្ទះ​យើង ។ គាត់​បាន​ប្រសិទ្ធ​ពរ​វេសលី ហើយ​ថៃសុន​បាន​ប្រសិទ្ធិពរ​ដល់​ខ្ញុំ ។

នៅ​ថ្ងៃ​នោះ ឃិនដ្រា ប្រិនថ៍ និង​ថៃសុន គឺជា​គំរូ​ដ៏​ពិត​នៃ​ការផ្ដល់​ការងារ​បម្រើ​ដូចជា​ព្រះគ្រីស្ទ ។ ពួកគាត់​បាន​ទុក​ការសាកល្បង​របស់​ពួកគាត់​មួយ​ឡែក ដើម្បី​ផ្ដល់​សេចក្ដី​ស្រឡាញ់ និង​ការអាណិត​អាសូរ​ដល់​យើង​ដោយ​ស្មោះសរ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ពរជ័យ​ដែល​ព្រះវរបិតាសួគ៌​បាន​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ខ្ញុំ​តាម​របៀប​នេះ ។ ប្រិនថ៍​បាន​ស្លាប់​ពីរ​សប្ដាហ៍​ក្រោយ​មក ។

នៅ​ថ្ងៃ​នោះ​នៅ​ក្នុង​ផ្ទះ​របស់​យើង ប្រិនថ៍​បាន​ឈរ​ជា​សាក្សី​ម្នាក់​របស់​ព្រះ តាមរយៈ​ការអនុវត្ត​បព្វជិតភាព​ដោយ​សុចរិត ( សូមមើល ម៉ូសាយ ១៨:៩ ) ។ ចំពោះ​ខ្ញុំ វា​ពិសិដ្ឋ​ដែល​ការងារ​បម្រើ​របស់​គាត់​ដល់​គ្រួសារ​យើង​ជា​ទង្វើ​ចុងក្រោយ​បំផុត​មួយ​នៅលើ​ផែនដី​នេះ ។