ការរង់ចាំការសន្យា
កូនស្រីខ្ញុំបានឃ្លាតចេញឆ្ងាយពីសាសនាចក្រ ប៉ុន្តែខ្ញុំដឹងថា នាងនឹងទទួលពរជ័យដោយអ្វីៗដែលនាងត្រូវបានបង្រៀនអំពីដំណឹងល្អ ។
បីខែមុនពេលឈានដល់អាយុ ២១ ឆ្នាំ ខ្ញុំបានទទួលបុណ្យជ្រមុជទឹកជាមួយបងស្រីខ្ញុំ ម្ដាយខ្ញុំ និងក្មួយប្រុសអាយុប្រាំបីឆ្នាំរបស់ខ្ញុំ ។ ប៉ុន្មានឆ្នាំមកនេះ យើងបានតោងជាប់នឹងដំណឹងល្អ ទោះយើងមានឧបសគ្គនានាក្ដី ។
ពេលស្វាមីខ្ញុំ និងខ្ញុំរៀបការ យើងបានប្ដេជ្ញាចិត្តថានឹងបន្តសកម្មនៅក្នុងសាសនាចក្រ ។ ពេលយើងមានកូន ស្វាមីខ្ញុំ និងខ្ញុំប្រឹងប្រែងដើម្បីធ្វើជាឪពុកម្ដាយល្អ ហើយបង្រៀនដំណឹងល្អនៅក្នុងផ្ទះរបស់យើង ។
ថ្ងៃមួយខ្ញុំបានចូលរួមសន្និសីទមួយជាមួយកូនស្រីអាយុមួយឆ្នាំរបស់ខ្ញុំ ។ នៅក្នុងសន្និសីទនោះ ពួកចិតសិបប្រចាំតំបន់ម្នាក់បាននិយាយអំពីការទទួលខុសត្រូវរបស់ឪពុកម្ដាយក្នុងការបង្រៀនដំណឹងល្អដល់កូនចៅរបស់ពួកគេ ។ បន្ទាប់មកលោកបានធ្វើការសន្យាមួយដែលបានមានឥទ្ធិពលយ៉ាងធំធេងលើខ្ញុំ ។ លោកបានមានប្រសាសន៍ ៖ « បន្ទាប់ពីអ្វីៗដែលអាចធ្វើដើម្បីបង្រៀនដំណឹងល្អ នោះប្រសិនបើកូនណាម្នាក់របស់អ្នកចាកចេញពីសាសនាចក្រ ពួកគេនឹងនៅតែទទួលពរដោយសារការចងចាំពីការណ៍ទាំងឡាយដែលពួកគេបានដកពិសោធន៍នៅផ្ទះ » ។
ពាក្យសម្ដីរបស់ពួកចិតសិបប្រចាំតំបន់នោះ បានធ្វើឲ្យខ្ញុំពោរពេញដោយសេចក្ដីសង្ឃឹម ដោយសារខ្ញុំមានក្មួយស្រី និងក្មួយប្រុសដែលបានចាកចេញពីសាសនាចក្រ ។ ជាច្រើនឆ្នាំក្រោយមក កូនស្រីរបស់ខ្ញុំ ជាកូនអាយុមួយឆ្នាំដដែលដែលខ្ញុំបានបីនៅក្នុងដៃអំឡុងពេលសន្និសីទនោះ នាងបានចាកចេញពីសាសនាចក្រពេលនាងអាយុ ១៧ ឆ្នាំ ។ នាងបានជួបនឹងមនុស្សម្នាក់ដែលពុំមានទីបន្ទាល់រឹងមាំអំពីដំណឹងល្អ ហើយពួកគេបានរៀបការ ។ នាងមិនដែលទៅព្រះវិហារទេតាំងពីនោះមក ។
វាធ្វើឲ្យខ្ញុំឈឺចាប់ណាស់ ។ ខ្ញុំបានសួរខ្លួនឯងម្ដងហើយម្ដងទៀតថាខ្ញុំបានធ្វើអ្វីខុស ។ ឪពុកនាង និងខ្ញុំតែងតែព្យាយាមរក្សាបទបញ្ញត្តិ ហើយបម្រើនៅក្នុងសាសនាចក្រ ។ យើងស្រឡាញ់កូនៗយើង ហើយចង់បានអ្វីដែលល្អបំផុតសម្រាប់ពួកគេ ។ បន្ទាប់ពីស្រក់ទឹកភ្នែកអស់ជាច្រើនដំណក់ និងសំណួរជាច្រើន នៅទីបំផុតយើងបានសន្មត់ថា កូនៗធំហើយ ពួកគេអនុវត្តសិទ្ធិជ្រើសរើសរបស់ពួកគេ ហើយមិនតែងតែជឿលើអ្វីដែលពួកគេត្រូវបានបង្រៀននៅផ្ទះនោះទេ ។
ជាអកុសល អាពាហ៍ពិពាហ៍របស់កូនស្រីខ្ញុំបែកបាក់ ហើយនាងនៅតែមិនចង់ត្រឡប់មកព្រះវិហារវិញទេ ។ អ្វីដែលខ្ញុំអាចធ្វើគឺចងចាំការសន្យានោះថា នាងនឹងចងចាំ ហើយទទួលពរជ័យដោយសារតែការណ៍ទាំងឡាយដែលនាងត្រូវបានបង្រៀននៅផ្ទះ ។
ខ្ញុំបន្តអធិស្ឋានសម្រាប់កូនស្រីរបស់ខ្ញុំ ។ ខ្ញុំស្រឡាញ់នាងអស់ពីដួងចិត្តខ្ញុំ ហើយវាធ្វើឲ្យខ្ញុំឈឺចាប់ដែលឃើញនាងឃ្លាតឆ្ងាយពីសាសនាចក្រ ។ ប៉ុន្តែខ្ញុំដឹងថា ថ្វីបើខ្ញុំមិនល្អឥតខ្ចោះក្ដី តែការណ៍ទាំងឡាយដែលខ្ញុំបានបង្រៀនដល់នាងគឺត្រឹមត្រូវ និងពិត ។ ខ្ញុំដឹងថា ព្រះវរបិតាសួគ៌យុត្តិធម៌ ហើយពោរពេញដោយក្ដីស្រឡាញ់ ហើយថាទ្រង់ព្រះសណ្ដាប់ដល់ការអធិស្ឋានរបស់យើង ។ ដោយគ្មានការសង្ស័យនៅក្នុងដួងចិត្ត ខ្ញុំដឹងថា ប្រសិនបើខ្ញុំធ្វើផ្នែករបស់ខ្ញុំ នោះទ្រង់នឹងឆ្លើយតបនៅក្នុងគ្រាដែលទ្រង់ឃើញថាត្រឹមត្រូវ ។