ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរមរមន
តើយើងអាចទប់ទល់នឹងការបង្រៀនក្លែងក្លាយដោយរបៀបណា ?
ថ្ងៃទី ៦–១២ ខែ កក្កដា
កូរីហូរជាអ្នកទទឹងនឹងព្រះគ្រីស្ទដែលបានផ្សព្វផ្សាយ « ទាស់នឹងពាក្យព្យាករណ៍ទាំងឡាយដែលបានថ្លែងដោយពួកព្យាការី អំពីការយាងមកនៃព្រះគ្រីស្ទ » ( អាលម៉ា ៣០:៦ ) ។ គាត់បានផ្សព្វផ្សាយភាពមិនពិតផ្សេងៗទៀត ហើយបាននាំឲ្យ « បង្វែរចិត្តមនុស្សជាច្រើនចេញ » ( អាលម៉ា ៣០:១៨ ) ។
សូម្បីតែការណ៍នេះបានកើតឡើងជាង ២០០០ ឆ្នាំកន្លងមកហើយក្ដី ក៏មនុស្សជាច្រើននៅសព្វថ្ងៃនេះផ្សព្វផ្សាយពីការណ៍ស្រដៀងគ្នានេះផងដែរ ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីពង្រឹងខ្លួនយើងទាស់នឹងការបង្រៀនខុសឆ្គងនៅក្នុងជំនាន់របស់យើង ?
យើងអាចទទួលទីបន្ទាល់ដោយខ្លួនយើងផ្ទាល់
កូរីហូរបានបង្រៀនមនុស្សថា « គ្មានព្រះគ្រីស្ទទេ » ហើយ « ពុំអាចមានដង្វាយធួន » ហើយគាត់បានបដិសេធថាមានព្រះ ( សូមមើល អាលម៉ា ៣០:១២, ១៧, ២៨ ) ។
តើយើងអាចដឹងថាព្រះ និងព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ដោយរបៀបណា ? តើព្រះគម្ពីរ និងបទពិសោធន៍ផ្ទាល់ខ្លួនអាចពង្រឹងទីបន្ទាល់របស់បងប្អូនអំពីពួកទ្រង់ដោយរបៀបណា ?
យើងអាចទុកចិត្តលើវិវរណៈបាន
កូរីហូរបានបដិសេធវិញ្ញាណនៃការព្យាករណ៍ និងនៃវិវរណៈ ។ គាត់បានព្យាយាមធ្វើឲ្យមនុស្សជឿថា « គ្មានមនុស្សណាអាចដឹងនូវអ្វីដែលនឹងកើតឡើងនោះទេ » ហើយ « អ្នករាល់គ្នាមិនអាចដឹងនូវអ្វីៗដែលអ្នករាល់គ្នាមើលមិនឃើញនោះទេ » ( អាលម៉ា ៣០:១៣, ១៥ ) ។
យើងអាចសម្លឹងទៅពួកព្យាការី និងសាវកដើម្បីទទួលបានព្រះបន្ទូលរបស់ព្រះសម្រាប់សម័យកាលរបស់យើង ។ តើការធ្វើតាមព្យាការីការពារបងប្អូនដើម្បីទាស់នឹងការបង្រៀនខុសឆ្គងដោយរបៀបណា ?
យើងអាចចងចាំថាសេចក្ដីពិតគឺជាសេចក្ដីពិត
កូរីហូរបានប្រាប់ប្រជាជនថា ពុំមានរបៀបណាដែលពួកគេអាចដឹងពីអ្វីដែលពិតបានឡើយ ( សូមមើល អាលម៉ា ៣០:២៤ ) ប៉ុន្តែប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖ « រឿងខ្លះគឺពិត ។ …
« … សេចក្ដីពិតគឺផ្អែកលើច្បាប់ដែលព្រះបានបង្កើត ។ … ច្បាប់ដ៏អស់កល្បទាំងឡាយអនុវត្តនៅក្នុង ហើយប៉ះពាល់ដល់ជីវិតយើងម្នាក់ៗ មិនថាយើងជឿលើវា ឬអត់នោះទេ » ( « The Love and Laws of God » [ Brigham Young University devotional ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៩ ] speeches.byu.edu ) ។ តើយើងអាចរកឃើញសេចក្ដីពិតរបស់ព្រះដោយរបៀបណា ហើយតើវាផ្ដល់ពរជ័យដល់យើងយ៉ាងណា ?