ខ្ញុំប្រឈមនឹងការទាក់ចិត្តនឹងភេទដូចគ្នា—តើសមាជិកសាសនាចក្រស្វាគមន៍ខ្ញុំវិញទេ ?
នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៣ បន្ទាប់ពីការប្រយុទ្ធនឹងជំងឺភ្លេចភ្លាំងអស់ជាយូរ ដៃគូជីវិតរបស់ខ្ញុំដែលបាននៅជាមួយគ្នាអស់ ២៥ ឆ្នាំ បានទទួលមរណភាព ។ ជេ អែលឌ្រីហ្គគឺជាអ្នកឯកទេសខាងជំងឺបេះដូងដ៏ល្បីនៅលើពិភពលោក ។ យើងទាំងពីរនាក់បានបម្រើបេសកកម្មសម្រាប់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ពេលយើងនៅក្មេង ប៉ុន្តែក្រោយមកបានឃ្លាតឆ្ងាយពីសាសនាចក្រដោយសារមានការទាក់ចិត្តនឹងភេទដូចគ្នា ។
មរណភាពរបស់ជេ ទោះជាមិនបានរំពឹងទុកក្តី គឺធ្វើឲ្យខ្ទេចខ្ទាំចិត្តណាស់ ។ ខ្ញុំមានអារម្មណ៍ខូចចិត្តជាខ្លាំង វង្វេង និងឯកោ ។
ពេលកំពុងបើកឡានមកផ្ទះវិញបន្ទាប់ពីធ្វើការរៀបចំបុណ្យសព ខ្ញុំបានទទួលឥទ្ធិពលពីព្រះវិញ្ញាណសន្ធប់លើខ្ញុំយ៉ាងខ្លាំងរហូតដល់ខ្ញុំត្រូវតែឈប់ឡាននៅចិញ្ចើមផ្លូវ ។ ខ្ញុំបានដឹងថា ព្រះកំពុងមានព្រះបន្ទូលមកខ្ញុំ កំពុងហៅខ្ញុំឲ្យត្រឡប់ទៅកាន់ទ្រង់វិញ ប៉ុន្តែខ្ញុំបានមានចិត្តរឹងរូស ។ « តើទ្រង់មិនឃើញទេឬថាខ្ញុំកំពុងតែរងទុក្ខ ? » ខ្ញុំបាននិយាយឮៗ ។ « ខ្ញុំមិនអាចប្រឈមនឹងការត្រឡប់ទៅកាន់ព្រះវិហារវិញទេឥឡូវនេះ » ។
ប៉ុន្តែពេលដែលខ្ញុំកាន់តែតតាំង ព្រះវិញ្ញាណមានឥទ្ធិពលមកលើខ្ញុំកាន់តែខ្លាំង អញ្ជើញខ្ញុំឲ្យត្រឡប់ទៅព្រះវិហារវិញ ។
តើពួកគេនឹងទទួលខ្ញុំទេ ?
ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងការត្រឡប់ទៅព្រះវិហារវិញ ។ ខ្ញុំពុំបានទៅការប្រជុំសាក្រាម៉ង់អស់ ២៥ ឆ្នាំហើយ ។ តើពួកគេនឹងទទួលខ្ញុំទេ ? តើខ្ញុំទទួលយកពួកគេទេ ? តើប៊ីស្សពនឹងនិយាយយ៉ាងណា ? ខ្ញុំមានការថប់បារម្ភ ហើយមិនប្រាកដ ហើយនៅតែមានទុក្ខសោកយ៉ាងខ្លាំងនៅឡើយ ។
ប៉ុន្តែទីបន្ទាល់របស់ខ្ញុំអំពីដំណឹងល្អមិនដែលចុះខ្សោយទេនៅជាច្រើនឆ្នាំមកនេះ ។ ជេ និងខ្ញុំស្រឡាញ់សាសនាចក្រ និងគោលការណ៍ណែនាំរបស់វា—ពោលគឺ សេចក្ដីសប្បុរស សេចក្ដីមេត្តាករុណា និងការអត់ទោស ។ ខ្ញុំបានដឹងថា ព្រះគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់ខ្ញុំ ហើយថាសាសនាចក្ររបស់ទ្រង់គឺជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ខ្ញុំបានដឹងការណ៍នោះតាំងពីការប្រែចិត្តជឿ និងការជ្រមុជទឹករបស់ខ្ញុំនៅពេលខ្ញុំអាយុ ១៤ ឆ្នាំម៉្លេះ ។ ខ្ញុំនឹងមិនបដិសេធការណ៍នោះឥឡូវនេះទេ ។
នៅទីបំផុត បន្ទាប់ពីប្រមូលផ្ដុំនូវភាពក្លាហានគ្រប់គ្រាន់ហើយ ខ្ញុំបានទូរសព្ទទៅវួដលីនវូដនៅក្នុងរដ្ឋនូវជើស៊ី ស.រ.អា. ដើម្បីដឹងពីថាម៉ោងណាដែលការប្រជុំសាក្រាម៉ង់ចាប់ផ្ដើម ។
ពេលថ្ងៃអាទិត្យឈានចូលមកដល់ មាសត្រូវបានដាក់ឧបសគ្គជាច្រើននៅតាមផ្លូវរបស់ខ្ញុំ ដែលអាចរារាំងខ្ញុំពីការទៅចូលរួមបានយ៉ាងងាយ ។ ខ្ញុំមានអំណរគុណណាស់ដែលព្រះវិញ្ញាណបរិសុទ្ធមានៈតស៊ូនឹងខ្ញុំ ។
ខ្ញុំបានមានអារម្មណ៍ភ័យខ្លាច ពេលខ្ញុំចូលទៅក្នុងអគារ ប៉ុន្តែទំនុកតម្កើងបើកនៅក្នុងការប្រជុំសាក្រាម៉ង់បានបញ្ជាក់ដល់ខ្ញុំជាថ្មីថា ខ្ញុំបានត្រឡប់មកផ្ទះម្ដងទៀតហើយ ។ ទំនុកតម្កើង « មក មក ពួកបរិសុទ្ធ » ( ទំនុកតម្កើង លេខ ១៨ ) បានអញ្ជើញព្រះវិញ្ញាណយ៉ាងមានអានុភាព ដែលធ្វើខ្ញុំស្រក់ទឹកភ្នែក ។ ខ្ញុំបានដឹងនៅគ្រានោះភ្លាមថា ព្រះវរបិតាសួគ៌ត្រាស់ដឹងពីខ្ញុំ និងទុក្ខសោកដ៏ជ្រាលជ្រៅដែលខ្ញុំកំពុងមាន ។
ទំនុកតម្កើងនោះបានក្លាយជាភ្លេងជាតិមិនផ្លូវការសម្រាប់សាសនាចក្រ ប៉ុន្តែវាបានក្លាយជាភ្លេងជាតិផ្ទាល់ខ្លួនសម្រាប់ខ្ញុំផងដែរ ។
« មក » ទំនុកតម្កើងបានអញ្ជើញខ្ញុំ ។ « ថ្វីបើដំណើរនេះលំបាករបៀបណា ព្រះគុណនឹងជួយលើកទ្រ » ។
ដំណើររបស់ខ្ញុំគឺលំបាក ។ ប៉ុន្តែព្រះគុណពិតជាហែហមខ្ញុំដូចដែលបានសន្យា ។
ប៊ីស្សព ឌែរិន ប៊ឺដ និងក្រុមជំនុំគឺប្រពៃណាស់ ហើយមានការស្វាគមន៍ ។ ពួកគេបានទទួលខ្ញុំជាបងប្អូនប្រុសរបស់ពួកគេនៅក្នុងព្រះគ្រីស្ទ ។
ផ្សះផ្សារជាមួយព្រះ តាមរយៈព្រះគ្រីស្ទ ។
ពាក្យដែលថា « មក មក ពួកបរិសុទ្ធ » បានមានអត្ថន័យកាន់តែខ្លាំងចំពោះខ្ញុំ កាលដែលខ្ញុំបានទទួលអារម្មណ៍ថាព្រះវរបិតាសួគ៌កំពុងណែនាំខ្ញុំពីរបៀបដែលខ្ញុំត្រូវបន្តទៅមុខទៀត ។
យើងនឹងរកឃើញកន្លែងដែលព្រះរៀបទុក
នៅទិសខាងលិចដ៏ឆ្ងាយ
គឺជាកន្លែងដែលគ្មានអ្នកណាបញ្ឈឺ ឬកំហែង
ពួកបរិសុទ្ធបានពរ ។
ខ្ញុំបានទៅទិសខាងលិច ហើយបានទិញផ្ទះនៅក្នុងទីក្រុងហ្វោនថិនហៀលស៍ រដ្ឋអារីហ្សូណា ស.រ.អា. ជាកន្លែងដែលខ្ញុំបានជួបនឹងប៊ីស្សព ជើរី អូលសុន ។ ពេលដែលខ្ញុំស្នើសុំជួបនឹងគាត់ ហើយចាប់ដៃគាត់ ព្រះវិញ្ញាណបានបញ្ជាក់ប្រាប់ខ្ញុំថា បុរសនេះនឹងជួយខ្ញុំឲ្យត្រឡប់មកសកម្មពេញលេញវិញនៅក្នុងព្រះវិហារ ។
កាលដែលខ្ញុំបានចាប់ផ្ដើមជួបនឹងប៊ីស្សព ហើយចាប់ផ្ដើមការផ្សះផ្សាជាមួយព្រះវរបិតាសួគ៌វិញ នោះខ្ញុំបានឃើញអព្ភូតហេតុខាងវិញ្ញាណជាច្រើន ។ ខ្ញុំបាននិយាយដោយឥតលាក់លៀមជាមួយនឹងប៊ីស្សព ដែលធ្វើឲ្យគាត់មានអំណរគុណណាស់ ។ គាត់បាននិយាយថា អ្វីទាំងនោះជួយគាត់ឲ្យយល់កាន់តែច្បាស់ថា ស្ថានភាពខ្ញុំបាននៅត្រង់ណា ហើយស្ថានភាពខ្ញុំយ៉ាងណាដែរឥឡូវនេះទាក់ទងនឹងចំណងទាក់ទងរបស់ខ្ញុំជាមួយព្រះ ។ គាត់ក៏បានផ្ដល់ព័ត៌មានដល់ខ្ញុំផងដែរថា នេះជាលើកទីមួយហើយដែលគាត់បានមានឱកាសផ្ដល់ការងារបម្រើដល់មនុស្សម្នាក់ដែលមានការទាក់ចិត្តនឹងភេទដូចគ្នា ហើយគាត់បានសូមឲ្យខ្ញុំមានការអត់ធ្មត់ និងអត់ទោស ប្រសិនបើគាត់បាននិយាយ ឬធ្វើអ្វីមួយដែលធ្វើឲ្យខ្ញុំអាក់អន់ចិត្តនៅក្នុងដំណើរការនេះ ។
ខ្ញុំបានអរគុណគាត់ចំពោះភាពស្មោះត្រង់របស់គាត់ ហើយបាននិយាយថា « មែនហើយ នេះជាលើកទីមួយរបស់ខ្ញុំផងដែរ ។ យើងនឹងរៀនជាមួយគ្នា » ។
ការណ៍នោះបានចាប់ផ្ដើមដំណើរដ៏ស្រស់បំព្រងមួយ ព្រមទាំងមិត្តភាពផង !
មិនយូរប៉ុន្មានខ្ញុំបានមានផែនការសកម្មភាពមួយអំពីរបៀបដើម្បីក្លាយជាសមាជិកម្ដងទៀត ។ ខ្ញុំបានទទួលការប្រឹក្សាដ៏ពោរពេញដោយសេចក្ដីស្រឡាញ់ និងការអធិស្ឋាន ដោយដួងចិត្តពេញដោយអំណរគុណ ហើយបានចាប់ផ្ដើមដំណើរការនោះ ។
ការលួងលោមនៅក្នុងព្រះវិហារបរិសុទ្ធ
ក្រោយមក កាលដែលខ្ញុំបានធ្វើតាមការប្រឹក្សានោះ ហើយបានខិតខំខិតកាន់តែជិតព្រះគ្រីស្ទ នោះខ្ញុំបានទទួលការស្ដារឡើងវិញនូវបព្វជិតភាពរបស់ខ្ញុំ និងពរជ័យនៃព្រះវិហារបរិសុទ្ធ ព្រមទាំងបានទទួលការហៅបម្រើមួយឲ្យបម្រើនៅក្នុងកូរ៉ុមអែលឌើរទៀតផង ។ នៅក្នុងព្រះវិហារបរិសុទ្ធដ៏បរិសុទ្ធ កាលដែលខ្ញុំប្រាស្រ័យទាក់ទងនឹងព្រះវរបិតាសួគ៌ នោះទ្រង់បានបង្ហាញខ្ញុំថាទ្រង់ស្រឡាញ់បុត្រាបុត្រីទ្រង់ខ្លាំងយ៉ាងណា ។ ខ្ញុំបានទទួលអារម្មណ៍លួងលោម និងបំណងប្រាថ្នាដ៏ជ្រាលជ្រៅមួយដើម្បីធ្វើឲ្យទ្រង់សព្វព្រះទ័យ ។
ជាច្រើនខែក្រោយមក ប៊ីស្សពថ្មីម្នាក់ត្រូវបានហៅ ដែលខ្ញុំក៏បានកសាងនូវមិត្តភាពដ៏ពោរពេញដោយក្ដីស្រឡាញ់ផងដែរ ។ ប៊ីស្សព លែរី រ៉ាដហ្វដ បានដឹងពីស្ថានភាពរបស់ខ្ញុំ ហើយបានមានអំណរគុណចំពោះការបម្រើរបស់ខ្ញុំនៅក្នុងកូរ៉ុមអែលឌើរ ដែលគាត់បាននិយាយថា ខ្ញុំបានបម្រើដោយសេចក្ដីស្រឡាញ់ និងការលះបង់ មិនត្រឹមតែដល់កូរ៉ុមប៉ុណ្ណោះទេ តែថែមទាំង—ហើយកាន់តែសំខាន់ទៀតនោះ—គឺដល់ព្រះ ។ ពាក្យសម្ដី និងការលើកទឹកចិត្តដ៏សប្បុរសរបស់គាត់ បានជួយខ្ញុំឲ្យទទួលអារម្មណ៍ថា ព្រះអម្ចាស់ និងពួកបរិសុទ្ធជាមិត្តរបស់ខ្ញុំ រីករាយនឹងការបម្រើរបស់ខ្ញុំ ។
ឥឡូវនេះខ្ញុំបម្រើដោយស្មោះត្រង់ជាស្មៀនវួដ ។
ការយល់ថាខ្ញុំជានរណា
ការទាក់ចិត្តនឹងភេទដូចគ្នា និងការធ្វើជាសមាជិកសកម្មក្នុងសាសនាចក្រគឺមិនតែងតែជាការងាយស្រួលនោះទេ ។ តែពេលដែលខ្ញុំដាក់សេចក្ដីជំនឿ និងការទុកចិត្តទាំងអស់របស់ខ្ញុំទៅលើព្រះ នោះខ្ញុំអាចទទួលអារម្មណ៍ថាទ្រង់កំពុងពង្រឹងកម្លាំងខ្ញុំ ។ គ្មានការសង្ស័យទេ អ្នករិះគន់ពិតជានឹងនិយាយថា ខ្ញុំមិនពិតចំពោះខ្លួនឯង ឬថាខ្ញុំកំពុងធ្វើឲ្យសហគន៍ LGBT+ ខកចិត្ត ។
ខ្ញុំយល់ពីការតានតឹងចិត្តរបស់ពួកគេ ហើយវាច្បាស់ណាស់ថា ខ្ញុំពុំមានចម្លើយទាំងអស់ទេ ។ ខ្ញុំគ្រាន់តែអាចនិយាយចេញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ ។ ហើយបទពិសោធន៍នោះបានបង្រៀនខ្ញុំការណ៍នេះ ៖ ខ្ញុំជាបុត្រារបស់ព្រះវរបិតាសួគ៌ ជាបុត្ររបស់ព្រះ ។ នោះជាស្លាកតែមួយគត់ដែលសំខាន់ចំពោះខ្ញុំ ។ ជាលទ្ធផល ខ្ញុំព្យាយាមមិនឲ្យស្លាករបស់ពិភពលោកដើម្បីកំណត់ពីខ្ញុំនោះទេ ។ ខ្ញុំព្រួយបារម្ភថា ការណ៍នោះនឹងកម្រិតពីសក្ដានុពល និងការរីកចម្រើអស់កល្បរបស់ខ្ញុំ
សាតាំងឆ្លាតវៃណាស់ ។ វាដឹងថា ដោយការដាក់ស្លាកឈ្មោះនានា វាអាចបំបែកយើងជាសហគមន៍មួយ និងជាសាសនាចក្រមួយ ។
ជាមួយនឹងទស្សនៈនោះនៅក្នុងគំនិត ជម្រើសដែលខ្ញុំជ្រើសរើសគឺមិនពឹងផ្អែកលើការទាក់ចិត្តនឹងភេទដូចគ្នារបស់ខ្ញុំនោះទេ ប៉ុន្តែលើរបៀបដើម្បីធ្វើជាសិស្សដ៏ពិតរបស់ព្រះគ្រីស្ទ ដែលមានការទាក់ចិត្តនឹងភេទដូចគ្នា ។ ដូចនីហ្វៃបាននិយាយ ៖
« ឱព្រះអម្ចាស់អើយ ទូលបង្គំបានទុកចិត្តទៅលើព្រះអង្គ ហើយទូលបង្គំនឹងទុកចិត្តទៅលើព្រះអង្គជារៀងដរាប ។ ទូលបង្គំនឹងមិនដាក់ទីទុកចិត្តរបស់ទូលបង្គំទៅលើដៃនៃមនុស្សឡើយ ។ …
« … ទូលបង្គំដឹងថា ព្រះទ្រង់នឹងប្រទានឲ្យអ្នកណា ដែលសូមដល់ទ្រង់ដោយសទ្ធា ។ មែនហើយ ព្រះរបស់ទូលបង្គំនឹងប្រទានឲ្យទូលបង្គំ បើសិនជាទូលបង្គំមិនសូមនូវអ្វីដែលទុច្ចរិត ហេតុដូច្នេះហើយ ទូលបង្គំនឹងបន្លឺសំឡេងឡើងដល់ព្រះអង្គ មែនហើយ ទូលបង្គំនឹងអំពាវនាវដល់ព្រះអង្គ ឱព្រះរបស់ទូលបង្គំ ដែលជាថ្មនៃសេចក្ដីសុចរិតរបស់ទូលបង្គំអើយ ។ មើលចុះ សំឡេងរបស់ទូលបង្គំ នឹងអណ្ដែតឡើងទៅដល់ព្រះអង្គជារៀងដរាប ដែលជាថ្ម ហើយជាព្រះដ៏គង់នៅអស់កល្បជានិច្ចរបស់ទូលបង្គំ ។ ( នីហ្វៃទី២ ៤:៣៤–៣៥ ) ។
សេចក្ដីស្រឡាញ់របស់ពួកបរិសុទ្ធ
តាំងពីការត្រឡប់មកវិញរបស់ខ្ញុំ ខ្ញុំបានទទួលអារម្មណ៍នៃភាពជាដៃគូដ៏ពោរពេញដោយសេចក្ដីស្រឡាញ់របស់ថ្នាក់ដឹកនាំ និងពួកបរិសុទ្ធរបស់ខ្ញុំ បូករួមទាំង LGBT+ សមាជិកដែលសកម្ម និងមិនសូវសកម្ម ។ ខ្ញុំបានរកឃើញកន្លែងដែលខ្ញុំអាចប្រឹងប្រែងលូតលាស់ ។ ខ្ញុំបានឃើញលក្ខណៈនៃព្រះគ្រីស្ទនៅក្នុងចំណោមពួកគេ ដែលខ្ញុំតែងតែងភ្ជាប់ជាមួយនឹងសេចក្ដីជំនឿរបស់ខ្ញុំ ៖ សេចក្ដីសប្បុរស ការអាណិតអាសូរ ការយោគយល់ និងលើសអ្វីៗទាំងអស់នោះគឺសេចក្ដីស្រឡាញ់ ។
កាលដែលខ្ញុំបានមានការលំបាកនៅតាមផ្លូវជាមួយនឹងព្រះអង្គសង្គ្រោះរបស់ខ្ញុំ ខ្ញុំបានទទួលអារម្មណ៍នៃការលួងលោម និងភាពសុខសាន្ត កាលដែលខ្ញុំងាកទៅរកទ្រង់ ដោយដឹងថាខ្ញុំមិនមែនកំពុងដើរនៅលើផ្លូវនេះតែឯងឡើយ ។ ប៊ីស្សពជាច្រើនបាននៅក្បែរខ្ញុំ ។ សមាជិកក្នុងកូរ៉ុមរបស់ខ្ញុំ ។ បងប្អូនស្រីក្នុងវួដ ។ មានយុវជនម្នាក់នៅក្នុងវួដថែមទាំងសូមខ្ញុំឲ្យតែងតាំងគាត់ជាសង្ឃទៀតផង ។ ការអញ្ជើញដ៏សប្បុរសរបស់គាត់ធ្វើឲ្យខ្ញុំរំជួលចិត្តជាខ្លាំង ។ គាត់បានឃើញខ្ញុំថាជាបុរសម្នាក់ដែលកាន់បព្វជិតភាពរបស់ព្រះ ហើយជាមនុស្សម្នាក់ដែលអាចអនុវត្តបព្វជិតភាពនៅក្នុងការបម្រើដល់អ្នកដទៃទៀត ។
ឱកាសទាំងនោះដើម្បីបម្រើ និងថ្វាយបង្គំជាមួយពួកបរិសុទ្ធរបស់ខ្ញុំបានលើកស្ទួយខ្ញុំឡើង—ព្រមជាមួយនឹងពរជ័យជាច្រើនទៀតដែលខ្ញុំបានទទួលពីព្រះអម្ចាស់—បានជួយខ្ញុំឲ្យដកពិសោធន៍នូវសេចក្ដីស្រឡាញ់ ការយោគយល់ និងការទទួលយកដែលខ្ញុំត្រូវការ ។
ព្រះអម្ចាស់បានមានបន្ទូលថា « ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាទេ ខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ » ( យ៉ូហាន ១៤:១៨ ) ។ ពាក្យទាំងនោះគឺពិត ។ ខ្ញុំត្រូវការការលួងលោម ហើយទ្រង់បានមកឯខ្ញុំ យ៉ាងបរិបូរណ៌ជាងដែលខ្ញុំអាចស្រមៃឃើញទៅទៀត ។