រទេះនំប៉័ងតូច
អ្នកនិពន្ធរស់នៅរដ្ឋវ័រម៉ន្ត ស.រ.អា. ។
« កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ( ម៉ូសាយ ២:១៧ ) ។
ស៊េមមីបានបើកភ្នែក ហើយស្ងាប ។ គាត់អាចធុំក្លិនអ្វីមួយឈ្ងុយឆ្ងាញ់ ។
អូ ប៉ាប៉ាកំពុងធ្វើនំប៉័ង ! ស៊េមមីបានគិត ។
ប៉ាប៉ាដុតនំប៉័ងសម្រាប់គ្រួសារជារៀងរាល់ថ្ងៃសៅរ៍ ។ ស៊េមមីចូលចិត្តមើលគាត់យកនំប៉័ងពណ៌ត្នោតដ៏ស្រួយចេញពីចង្ក្រានដុតនំ ។ ប៉ាប៉ាតែងតែឲ្យចំណិតដំបូងទៅស៊ែមមី ។
ស៊េមមីបានគិត ប៉ុន្តែថ្ងៃនេះមិនមែនជាថ្ងៃសោរ៍ទេ ។ ហេតុអ្វីប៉ាប៉ាដុតនំ ?
ស៊េមមីបានក្រោកចេញពីគ្រែ ហើយបានទៅផ្ទះបាយ ។ គាត់បានសួរប៉ាប៉ាថាកំពុងធ្វើអ្វី ។
« តើកូនចាំទេថាប៊ីស្សពរបស់យើងបានសូមឲ្យយើងធ្វើអ្វី ? » ប៉ាប៉ាបានសួរ ។
ស៊េមមីបានងក់ក្បាល ។ « គាត់បានសូមឲ្យពួកយើងជួយដល់មនុស្ស ។ ហើយកូនបានជួយបងស្រីម៉ាទីនយកឥវ៉ាន់គាត់ទៅលើ ចាំទេ ? »
ប៉ាប៉ាបានតបថា « កូនធ្វើបានល្អណាស់ » ។ « ប៉ាបានអធិស្ថានដើម្បីដឹងពីរបៀបដែលប៉ាអាចជួយ ។ ប៉ាបានមានគំនិតមួយ គឺដុតនំដើម្បីចែកចាយ » ។
ស៊េមមីបានមើលតាមកញ្ចក់ចង្ក្រានដុតនំ ។ គាត់បានរាប់ថាមាននំប៉័ងប៉ុន្មាន ។
« មួយ … ពីរ … បី … បួន ។ តើប៉ាប៉ានឹងឲ្យនំប៉័ងដល់នរណាខ្លះ ? »
ប៉ាប៉ាបាននិយាយថា « នោះជាអ្វីដែលប៉ាត្រូវការជំនួយពីកូន » ។ « នំប៉័ងមួយគឺសម្រាប់ស៊ីស្ទើរម៉ាទីន ។ ហើយពីរសម្រាប់គ្រួសារមីលល័រ ។ តើយើងគួរឲ្យនំប៉័ងទីបួនដល់នរណា ? »
ស៊េមមីបានគិតអំពីវា ។
« ចុះលោកលីវិញនោះ ? » ស៊េមមីបានសួរ ។ លោកលីរស់នៅក្នុងអគារផ្ទះល្វែងរបស់ពួកគេដែរ ។ គាត់ពុំចេញទៅក្រៅញឹកញាប់ទេ ។ ភាគច្រើនគាត់គ្រាន់តែសម្លឹងមើលមនុស្សម្នាពីបង្អួចរបស់គាត់ ។
ប៉ាប៉ាបានតបថា « នោះជាយោបល់ល្អណាស់! »
បន្ទាប់ពីនំប៉័ងឆ្អិនហើយ ស៊េមមីបានជួយប៉ាប៉ាខ្ចប់នំប៉័ង ។ បន្ទាប់មកគាត់បានទៅយករទេះរបស់គាត់ ។ ពួកគេបានដាក់នំប៉័ងនៅក្នុងរទេះ ។
« រទេះនំប៉័ងរួចរាល់ដើម្បីចេញដំណើរហើយ ! » ស៊េមមីបាននិយាយ ។
ប៉ាប៉ាបានជួយស៊េមមីទាញរទេះ ។ ដួងចិត្តរបស់ស៊េមមីមានអារម្មណ៍ល្អ និងកក់ក្ដៅ គឺដូចជានំប៉័ងដែលពួកគេបម្រុងនឹងចែកចាយអញ្ចឹង ។