២០២០
អ្នក​ស្រឡាញ់ ទ្រង់​សង្គ្រោះ
ខែ កក្កដា ឆ្នាំ ២០២០


អ្នក​ស្រឡាញ់ ទ្រង់​សង្គ្រោះ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

យើង​បានអធិស្ឋាន​ថា ដួងចិត្ត​កូនៗ​របស់​យើង​នឹង​ផ្លាស់ប្ដូរ ។ ក្រោយមក​មាន​នូវ​ការយល់ដឹង​ដ៏​មិន​ស្រណុក​ចិត្ត ( និង​មាន​សេរីភាព ) មួយ ។

smiling family

ស្វាមីខ្ញុំ និង​ខ្ញុំ​បាន​ចិញ្ចឹម​កូនៗ​យើង​នៅក្នុង​ដំណឹងល្អ ។ យើង​បាន​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​ជារៀងរាល់​ព្រឹក អធិស្ឋាន​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​គ្រួសារ​ជារៀង​រាល់​សប្ដាហ៍ ។ យើង​បាន​ទៅ​ព្រះវិហារ បាន​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា ហើយ​បាន​ទៅ​វិស្សមកាល​ជា​គ្រួសារ ។ កូនៗ​របស់​ខ្ញុំ​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់​ដើម្បី​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មរណជន ពួកគេ​បាន​បញ្ចប់​ការសិក្សា​ពី​ថ្នាក់​សិក្ខាសាលា ហើយ​ពួកគេ​ពីរនាក់​បាន​បម្រើ​បេសកកម្ម ។

ហើយ​បន្ទាប់​មក ពេល​ជា​មជ្ឈិមវ័យ ពួកគេ​បាន​ចាប់ផ្ដើម​ស្ទង់​មើល​ផ្លូវ និង​គំនិត​ទាំងឡាយ​ដែល​ខុស​ពី​អ្វីៗ​ដែល​យើង​បាន​បង្រៀន​ពួកគេ ។ កូនៗ​របស់​យើង​បាន​ឈប់​ចូលរួម​ក្នុង​សាសនាចក្រ​ម្ដង​ម្នាក់ៗ រហូត​សល់​តែ​ម្នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​កូន​ទាំង​ប្រាំ​នាក់​ដែល​នៅតែ​បន្ត​ចូលរួម ។ យើង​បាន​សម្រក់​ទឹក​ភ្នែក​ជាច្រើន​ដោយសារ​កូនៗ​យើង ហើយ​បាន​ឆ្ងល់​ថា​បើ​យើង​បាន​បរាជ័យ​ក្នុង​នាម​ជា​ឪពុក​ម្ដាយ ឬ​ថា​បើ​មាន​អ្វី​ដែល​យើង​អាច​ធ្វើ​ខុស​ពី​នេះ ។

យើង​បាន​ទូល​អង្វរ​ព្រះអម្ចាស់​អស់​ពេល​ជា​យូរ​ដើម្បី​ទ្រង់​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​ពួកគេ ហើយ​នៅ​ទីបំផុត​ព្រះអម្ចាស់​បាន​ឆ្លើយ​តប​ដល់​ការអធិស្ឋាន​របស់​យើង ។ ប៉ុន្តែ​មិន​តាម​របៀប​មួយ​ដែល​យើង​រំពឹង​នោះ​ទេ ។

ជំនួស​ឲ្យ​ការ​គ្រាន់តែ​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​កូនៗ​យើង ទ្រង់​បាន​បង្ហាញ​យើង​ថា យើង​ត្រូវតែ​ចាប់ផ្ដើម​ដោយ​ការផ្លាស់ប្ដូរ​ដួងចិត្ត​របស់​យើង​វិញ ។ ខណៈ​ដែល​ឪពុក​ម្ដាយ​ដើរតួ​យ៉ាង​សំខាន់​នៅក្នុង​ការបង្រៀន​កូនៗ​របស់​ពួកគេ ទ្រង់​បាន​រំឭក​យើង​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះអង្គ​សង្គ្រោះ និង​ជា​អង្គ​កាត់​សេចក្ដី​របស់​ពួកគេ ។

នៅក្នុង​ការប្ដេជ្ញា​ចិត្ត​ដើម្បី​សង្គ្រោះ​កូនៗ​ខ្ញុំ ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​ក្នុង​ការអធិស្ឋាន អាន​ព្រះគម្ពីរ​របស់​ខ្ញុំ និង​ទៅ​ព្រះវិហារ​បរិសុទ្ធ ដោយ​គិត​ថា​ប្រសិន​បើ​ខ្ញុំ​បាន​ធ្វើ​ការណ៍​ត្រឹមត្រូវ​ទាំងអស់​នេះ នោះ​ខ្ញុំ​នឹង​សក្ដិសម​នឹង​ទទួល​បាន​ការអន្តរាគម​ពី​ព្រះ—ដូចជា​ថា ដោយ​របៀប​ណា​មួយ​នោះ សកម្មភាព​របស់​ខ្ញុំ​នឹង​នាំ​ឲ្យ​ព្រះ​ឈ្នះ​លើ​សិទ្ធិ​ជ្រើសរើស​របស់​ពួកគេ ហើយ​បង្ខំ​ឲ្យ​ពួកគេ​ជឿ​ដូច​ជា​ខ្ញុំ​ជឿ ។

ស្វាមី​ខ្ញុំ និង​ខ្ញុំ​ចង់​សង្គ្រោះ​ពួកគេ​ខ្លាំង​ណាស់ ប៉ុន្តែ​របៀប​នៃ​ការសង្គ្រោះ​របស់​យើង​មើល​ទៅ​ដូចជា​ការប្រៀន​ប្រដៅ ​និយាយ​ច្រំដែលៗ ឬ​បង្ហាញ​ពី​ការមិន​យល់​ស្រប​នឹង​ជម្រើស​របស់​ពួកគេ​ច្រើន​ជាង ដែល​នៅទីបំផុត​នាំ​ទៅរក​ការឈ្លោះ​ប្រកែក​គ្នា ។ យើង​បាន​ដឹង​ថា នៅក្នុង​ការខំ​ប្រឹង​ជា​ខ្លាំង​ដើម្បី​នាំ​កូនៗ​យើងឲ្យ​ត្រឡប់​មកវិញ នោះ​តាមពិត​ទៅ​យើង​កំពុង​ច្រាន​ពួកគេ​ចេញ​វិញ ។ ពួកគេ​កាន់តែ​ទទួល​អារម្មណ៍​នៃ​ការវិនិច្ឆ័យ និង​ការខក​ចិត្ត​ច្រើន​ប៉ុណ្ណា នោះ​ពួកគេ​កាន់តែ​គេចវេស​ពី​យើង​ច្រើន​ប៉ុណ្ណឹងដែរ ។

ការអធិស្ឋាន​របស់​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​ទៅ​ជា​ការអង្វរ​ដើម្បី​ឲ្យ​ដួងចិត្ត​ខ្ញុំ​បាន​ផ្លាស់ប្ដូរ​វិញ ។ ខ្ញុំ​បាន​ដឹង​ថា មូលហេតុ​របស់​ខ្ញុំ​ដែល​ចង់​ឲ្យ​កូនៗ​របស់​ខ្ញុំ​ផ្លាស់ប្ដូរ​គឺ​មិន​ត្រឹមត្រូវ​ទេ ។ ខ្ញុំ​បាន​អធិស្ឋាន​សូម​សេចក្ដី​ស្រឡាញ់​កាន់តែ​ច្រើន ។ ខ្ញុំ​ក៏​បាន​អធិស្ឋាន​ដើម្បី​យក​ឈ្នះ​អារម្មណ៍​នៃ​ការខ្មាស់​អៀន និង​ភាពអាម៉ាស់​របស់​ខ្ញុំ ដែល​គ្រួសារ​ខ្ញុំ​ពុំ​បាន​មើល​ទៅ​ដូចជា​គ្រួសារ​ដ៏​ល្អ​ឥតខ្ចោះ​ដែល​មិត្តភក្ដិ​របស់​ខ្ញុំ​បាន​បង្ហាញ​នៅលើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​រូបថត​នៃ​អាពាហ៍ពិពាហ៍​ព្រះវិហារ​បរិសុទ្ធ​របស់​កូនៗ​ពួកគេ ឬ​បុណ្យ​ជ្រមុជទឹក​ចៅៗ​របស់​ពួកគេ ។

កាលដែល​ខ្ញុំ​ងាក​ទៅ​រក​ព្រះអង្គសង្គ្រោះ​ដើម្បី​បាន​ការព្យាបាល នោះ​ដួងចិត្ត​ខ្ញុំ​បាន​ចាប់ផ្ដើម​បន្ទន់​ទៅកាន់​កូនៗ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ដឹង​ថា ដើម្បី​ស្រឡាញ់​ពួកគេ​ដូចជា​ទ្រង់​ស្រឡាញ់​ពួកគេ មានន័យ​ថា​ត្រូវ​ធ្វើ​ការផ្លាស់ប្ដូរ​ខ្លះៗ ។ ចំពោះ​ទ្រង់ សេចក្ដី​ស្រឡាញ់​មិនមែន​ជា​វិធីសាស្ត្រ​មួយ​នោះ​ទេ—វា​គឺ​ជា​ការជំរុញ​ចិត្ត​ដែល​បណ្ដាល​ឲ្យ​ទ្រង់​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា ទ្រង់​ពុំ​បាន « ធ្វើ​ការណ៍​ណា​ឡើយ លើក​លែង​តែ​ការណ៍​នោះ​មាន​ប្រយោជន៍​ដល់​មនុស្ស​លោក ត្បិត​ទ្រង់ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ » ( នីហ្វៃទី២ ២៦:២៤ ) ។

ការទុកចិត្ត​លើ​សមត្ថភាព​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ធ្វើ​កិច្ចការ​របស់​ទ្រង់ ( សូមមើល នីហ្វៃទី២ ២៧:២០ ) បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ផ្ដោត​ទៅលើ​ការស្រឡាញ់​កូនៗ​របស់​ខ្ញុំ ហើយ​បង្វែរ​ការសង្គ្រោះ​ទៅ​ព្រះអម្ចាស់​វិញ ។ វា​មិន​មានន័យ​ថា​លះបង់​ការព្យាយាម​ជួយ​ពួកគេ​នោះទេ ប៉ុន្តែ​ពេលដែល​ការស្រឡាញ់​ពួកគេ​ក្លាយ​ជា​កម្លាំង​ជំរុញ​ពីក្រោយ​ការប្រាស្រ័យ​ទាក់​ទងរបស់​ខ្ញុំ​ជាមួយ​ពួកគេ នោះ​វា​បាន​ផ្លាស់ប្ដូរ​របៀប​​ដែល​ខ្ញុំ​បាន​ប្រាស្រ័យ​ទាក់ទង ។

ខ្ញុំ​បាន​ចាប់ផ្ដើម​មើលឃើញ​ពួកគេ​ក្នុង​ទស្សនៈផ្សេង​មួយ ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​ផ្តោត​ទៅលើ​ភាពខ្លាំង​របស់​ពួកគេ និង​ទេពកោសល្យ​របស់​ពួកគេ ហើយ​បាន​ចាប់ផ្ដើម​ឃើញ​ថា​ពួកគេ​ជា​មនុស្ស​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់ សប្បុរស ឆ្លាតវៃ និង​ល្អ​យ៉ាង​ណា ។

ស្វាមីខ្ញុំ និង​ខ្ញុំ​បាន​ស្ដាប់​ច្រើន ហើយ​និយាយ​តិច​វិញ ។ យើង​បាន​សួរ​សំណួរ​អំពី​ជីវិត​ពួកគេ និង​ចំណាប់​អារម្មណ៍​របស់​ពួកគេ ។ ជំនួស​ឲ្យ​ការវិនិច្ឆ័យ យើង​បង្ហាញ​ពី​ការចង់ដឹង​ចង់​ឮ​វិញ ។ យើង​បាន​ជំនួស​ការរិះគន់ និង​ការខកចិត្ត​ជាមួយ​នឹង​ការបង្ហាញ​សេចក្ដី​ស្រឡាញ់​វិញ ហើយ​កូនៗ​របស់​យើង​អាច​ទទួល​អារម្មណ៍​ថា​វា​ស្មោះត្រង់ ។

ផ្ទះ​របស់​យើង​បាន​ក្លាយ​ជា​កន្លែង​ដែល​ពួកគេ​អាច​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់ និង​ការទទួល​យក ។ ពួកគេ​បាន​ឈប់​លាក់បាំង​រឿងរ៉ាវ​ពី​យើង ហើយ​បាន​ចាប់ផ្ដើម​ស្មោះត្រង់ ហើយ​បើក​ចំហរ​អំពី​អ្វីៗ​ដែល​កំពុង​កើតឡើង​នៅក្នុង​ជីវិត​ពួកគេ ។ យើង​បាន​មាន​ភាព​ស្និទ្ធស្នាល​គ្នា​កាន់តែ​ខ្លាំង ។

គ្រួសារ​យើង​នៅតែ​បន្ត​ខិតខំ​រីកចម្រើន ប៉ុន្តែ​កូនៗ​យើង​រីករាយ​នឹង​ការមក​លេង​ផ្ទះ​យើង និង​ចំណាយ​ពេល​ជាមួយ​យើង​ឥឡូវ​នេះ ។ ពួកគេ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ចំពោះ​វត្តមាន​យើង ហើយ​តាមរយៈ​សេចក្ដី​ស្រឡាញ់​របស់​យើង ពួកគេ​អាច​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​ពួកគេ ។ ខ្ញុំ​មិន​ដឹង​ថា​ពួកគេ​នឹង​ត្រឡប់​មក​រក​អ្វីៗ​ដែល​ពួកគេ​ត្រូវបាន​បង្រៀន​ពេល​នៅ​ក្មេងៗ នៅក្នុង​ជីវិត​នេះ​ដែរ​ឬ​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ពួកគេ​ស្ថិត​នៅក្នុង​ព្រះហស្ដ​របស់​ព្រះអង្គ​សង្គ្រោះ ។