ពេលខ្ញុំមានអារម្មណ៍ថាត្រូវបានបំភាន់អំពីសាសនាចក្រ
ហេតុអ្វីខ្ញុំបានចាកចេញ ។ ហើយមូលហេតុអ្វីខ្ញុំបានត្រឡប់មកវិញ ។
ជាច្រើនឆ្នាំកន្លងមកហើយ ខ្ញុំបានតាមដានការសន្ទនាមួយនៅលើបណ្ដាញសង្គមរវាងដៃគូពីរនាក់ពីក្នុងបេសកកម្មរបស់ខ្ញុំ ។ ពួកគេជាបុរសដែលខ្ញុំស្រឡាញ់ និងគោរព ។
ពួកគេបានពិភាក្សាពីសំណួរដែលពួកគេមានអំពីសាសនាចក្រ និងគោលលទ្ធិរបស់វា ។ មិនយូរប៉ុន្មាន វាបង្ហាញយ៉ាងច្បាស់ថា ពួកគេបានចាកចេញពីព្រះវិហារហើយ ។ វាធ្វើឲ្យខ្ញុំតក់ស្លុត ហើយរំខានដល់ចិត្តខ្ញុំណាស់ ។ ខ្ញុំពុំដែលបានឮពីអ្វីមួយចំនួនដែលពួកគេបានកំពុងពិភាក្សានោះទេ ។ ខ្ញុំបានមានអារម្មណ៍ថា ខ្ញុំត្រូវតែដឹងថាបើរឿងទាំងនេះពិតឬទេ ។ ដូច្នេះខ្ញុំបានចាប់ផ្ដើមមើលទៅក្នុងការជជែកវែកញែករបស់ពួកអ្នកដែលមានកង្វល់អំពីសាសនាចក្រ ។
រឿងរ៉ាវមួយចំនួនដែលបានអានពីរឆ្នាំបន្ទាប់ពីនោះ បានដឹកនាំខ្ញុំឲ្យសង្ស័យអ្វីៗគ្រប់យ៉ាងអំពីសាសនាចក្រ ។ អ្នកខ្លះដែលឆ្លងកាត់រឿងនេះ មានអារម្មណ៍សោកសៅ ។ ពួកគេកើតទុក្ខយ៉ាងខ្លាំងចំពោះការបាត់បង់សេចក្ដីជំនឿរបស់ពួកគេ ។ ខ្ញុំមានចិត្តខឹងសម្បារ ។ ខ្ញុំបានមានអារម្មណ៍ថា សាសនាចក្របានបោកបញ្ឆោតខ្ញុំ ។ ខ្ញុំពុំដឹងប្រាកដថា អ្វីជាការពិត ហើយនរណាដែលខ្ញុំអាចទុកចិត្តបានទៀតឡើយ ។
ខ្ញុំមានការពិបាកក្នុងការទៅព្រះវិហារ ។ ខ្ញុំបានសូមដោះលែងពីការហៅបម្រើរបស់ខ្ញុំ ។ ចំណងទាក់ទងជាមួយភរិយាខ្ញុំ ឈែរី និងគ្រួសារខ្ញុំមានភាពតានតឹងណាស់ ។ ខ្ញុំបានបន្តទៅព្រះវិហារ ប៉ុន្តែវាគ្រាន់តែដើម្បីបង្ហាញគេ និងដើម្បីព្យាយាម ហើយរក្សាក្រុមគ្រួសារខ្ញុំឲ្យជុំគ្នាប៉ុណ្ណោះ ។ ជីវិតគឺច្របូកច្របល់ណាស់ ។ ខ្ញុំពុំអាចមានព្រះវិញ្ញាណទេ ហើយសង្ស័យថាតើខ្ញុំធ្លាប់ទទួលអារម្មណ៍ពីព្រះវិញ្ញាណដែលឬទេ ។
ពេលដែលកូនច្បងរបស់ខ្ញុំ ខេសុន បានចាកចេញទៅបេសកកម្មរបស់គាត់ ខ្ញុំបានបង្កើតបរិយាកាសអវិជ្ជមានទៅលើអ្វីដែលគួរតែជាឱកាសដ៏ពោរពេញដោយអំណរមួយ ។ បន្ទាប់ពីពីរឆ្នាំ ភាគច្រើនបំផុតនៅក្នុងគ្រួសារខ្ញុំបានដឹងពីអ្វីដែលខ្ញុំកំពុងឆ្លងកាត់ ។ ពេលដែលពួកគេទាំងអស់គ្នាបានទៅព្រះវិហារបរិសុទ្ធជាមួយខេសុនជាលើកដំបូងសម្រាប់គាត់ ខ្ញុំពុំបាននៅទីនោះទេ ។
ខ្ញុំមានអារម្មណ៍ឯកោណាស់ឆ្លងកាត់បទពិសោធន៍ទាំងអស់នេះ ។
ការគាំទ្រនៅជុំវិញខ្លួនខ្ញុំ
ថ្ងៃមួយបងប្អូនប្រុសរបស់ខ្ញុំបានមកជុំគ្នាដើម្បីនិយាយពីអ្វីដែលខ្ញុំកំពុងឆ្លងកាត់ ។ ខ្ញុំពិតជាមិនចាំពីអ្វីដែលពួកគេនិយាយនោះទេ ប៉ុន្តែខ្ញុំបានដឹងថាវាត្រូវបានធ្វើឡើងដោយសារសេចក្ដីស្រឡាញ់ ។ កាលដែលពួកយើងបាននិយាយគ្នា ខ្ញុំបានចាប់ផ្ដើមដឹងពីអ្វីដែលខ្ញុំកំពុងខកខាន ។ វាបានក្លាយជាការជំរុញឲ្យផ្លាស់ប្ដូរ ។ វាគួរតែជារូបខ្ញុំដែលត្រូវតែងតាំងខេសុនជាអែលឌើរម្នាក់ ។ វាគួរតែជាខ្ញុំដែលអមដំណើរគាត់នៅក្នុងព្រះវិហារបរិសុទ្ធ ។ វាគួរតែជាខ្ញុំដែលជាអ្នកផ្ដល់ពរជ័យឪពុកដល់គាត់មុនគាត់ចាកចេញ ។ ហេតុការដ៏សំខាន់បំផុតទាំងនោះនៅក្នុងជីវិតគាត់គឺសម្រាប់ខ្ញុំដើម្បីនៅទីនោះ មិនមែននរណាម្នាក់ផ្សេងទៀតទេ ។ ខ្ញុំចាំពីការសួរខ្លួនឯងថា « តើខ្ញុំកំពុងធ្វើអ្វី ? »
មិនយូរបន្ទាប់មក មិត្តដ៏ល្អម្នាក់បានទទួលការបំផុសគំនិតណែនាំខ្ញុំឲ្យស្គាល់សមាជិកម្នាក់ក្នុងគណៈប្រធានស្តេករបស់គាត់ ។ បុរសដ៏ចិត្តល្អនេះបានស្ដាប់ដល់រឿងរ៉ាវរបស់ខ្ញុំដោយចេតនាពិត ហើយហាក់ដូចជាដឹងពីអ្វីដែលខ្ញុំកំពុងនិយាយពីមុនខ្ញុំនិយាយវាទៀត ។ យើងបាននិយាយគ្នារាប់ម៉ោង ។ រឿងរបស់ខ្ញុំ សំណួររបស់ខ្ញុំ ភាពសមហេតុផលដែលខ្ញុំបានជួប គឺស្រដៀងគ្នាណាស់ទៅនឹងអ្វីដែលអ្នកផ្សេងទៀតបានចែកចាយនឹងគាត់ ។ ខ្ញុំបានចាប់ផ្ដើមដឹងថា មិនមានចម្លើយសមហេតុផលនានាសម្រាប់កង្វល់ភាគច្រើនរបស់ខ្ញុំទេ ហើយថាសំណួរភាគច្រើនរបស់ខ្ញុំ ទោះជាវាជាសំណួរដ៏ស្មោះត្រង់ក្ដី ក៏វាបានកើតឡើងដោយមកពីមនុស្សដទៃទៀតដែលមានបំណងបំផ្លាញសេចក្ដីជំនឿ ។
តើសំណួរ និងកង្វល់ទាំងឡាយរបស់ខ្ញុំត្រូវបានដោះស្រាយភ្លាមៗឬ ? អត់ទេ ពិតជាអត់ទេ ។ ប៉ុន្តែដួងចិត្តរបស់ខ្ញុំត្រូវបានបន្ទន់គ្រប់គ្រាន់ធ្វើឲ្យខ្ញុំដឹងពីសេចក្ដីពិតដ៏អស្ចារ្យមួយ ៖ សំណួរគឺល្អ ប៉ុន្តែសំណួរមួយចំនួនសំខាន់ជាងមួយចំនួនផ្សេងទៀត ។១ តើការបាត់បង់គ្រួសាររបស់ខ្ញុំ ហើយការឈរនៅចំពោះព្រះសមនឹងតម្លៃនៃសំណួរដែលមិនមានចម្លើយមួយចំនួននោះឬ ? ពេលដែលខ្ញុំផ្ដោតជាដំបូងទៅលើសំណួរទាំងឡាយដែលសំខាន់បំផុត ហើយដាក់ព្រះជាទីមួយវិញនៅក្នុងដួងចិត្តខ្ញុំ នោះខ្ញុំបានចាប់ផ្ដើមរកឃើញចម្លើយទាំងឡាយដែលបានបញ្ជាក់ដល់ខ្ញុំម្ដងទៀតថា ខ្ញុំកំពុងតែស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវ ។
ប្រធានស្តេក និងប៊ីស្សពរបស់ខ្ញុំក៏បានឈោងមកជួយខ្ញុំផងដែរ ។ ពួកគាត់ជាជំនួយដ៏អស្ចារ្យដល់ខ្ញុំ និងឈែរីអំឡុងគ្រាដ៏ងងឹងទាំងឡាយនេះ ។ ពួកគាត់មិនដែលបោះបង់ចោលទេ ។ ពួកគាត់ និងគ្រួសារខ្ញុំនៅទាំងសងខាងនៃវាំងននគឺជាឧបករណ៍នៅក្នុងការជួយខ្ញុំ ។ ខ្ញុំដឹងថា ព្រះវរបិតាសួគ៌ស្គាល់ ហើយស្រឡាញ់ខ្ញុំ ។ ទ្រង់ដាក់មនុស្សនៅតាមផ្លូវរបស់យើងពេលយើងត្រូវការពួកគេ ។ យើងគ្រាន់តែត្រូវមានឆន្ទៈដើម្បីទទួលយកជំនួយរបស់ពួកគេប៉ុណ្ណោះ ។
តើនឹងធ្វើអ្វីប្រសិនបើជាបងប្អូនវិញនោះ
ខ្ញុំដឹងថាមានមនុស្សផ្សេងទៀតដែលអាចនឹងកំពុងឆ្លងកាត់រឿងរ៉ាវស្រដៀងគ្នានេះ ។ វាអាចជាបងប្អុន ឬនរណាម្នាក់ដែលបងប្អូនស្គាល់ ។
ខ្ញុំដឹងថាព្រះអង្គសង្គ្រោះបានស្ថាបនាសាសនាចក្ររបស់ទ្រង់ជាមួយនឹងសិទ្ធិអំណាចដើម្បីផ្ដល់នូវពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាទាំងឡាយ ដែលយើងត្រូវការដើម្បីវិលត្រឡប់ទៅកាន់ទ្រង់វិញ ។ សាតាំងកំពុងធ្វើការបន្ថែមម៉ោងដើម្បីបង្ខូចសាសនាចក្ររបស់ព្រះអម្ចាស់ ដោយប្រើគ្រប់មធ្យោបាយណាដ៏ដោយដែលវាអាចធ្វើបាន ។ ការមានសំណួរ និងបង្កើតជាការសង្ស័យគឺងាយស្រួលណាស់ ។ ការធ្លាក់ចូលទៅក្នុងអន្ទាក់របស់វាគឺអាចកើតឡើងដល់មនុស្សគ្រប់គ្នា ។ ការពឹងផ្អែកលើព័ត៌មាន និងចម្លើយដែលអ្នកផ្សេងទៀតផ្ដល់ឲ្យអាចជាការងាយស្រួលជាងការធ្វើកិច្ចការស្វែងរកសេចក្ដីពិតដោយខ្លួនឯង « ដោយសារការសិក្សា និងដោយសារសេចក្ដីជំនឿផង » នោះខ្លាំងណាស់ ( គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១១៨ ការសង្កត់ន័យត្រូវបានបន្ថែម ) ។ ប៉ុន្តែនៅទីបំផុត នោះជាអ្វីដែលព្រះតម្រូវឲ្យធ្វើ ។
ប្រសិនបើបងប្អូនកំពុងជួបការលំបាកជាមួយនឹងសំណួរ និងការសង្ស័យទាំងឡាយអំពីសាសនាចក្រ ឬពីសេចក្ដីជំនឿរបស់បងប្អូន បងប្អូននឹងមិនរកឃើញសេចក្ដីពិតដោយការអានតាមអ៊ិនធើរណិត ឬការស្ដាប់ការផ្សាយតាមវិទ្យុ ឬតាមអ៊ិនធើរណិតពីមនុស្សដែលមិនយល់ស្របនឹងសាសនាចក្រ ឬដែលបានចាកចេញពីសាសនាចក្រឡើយ ។ ប៉ុន្តែបងប្អូនក៏ប្រហែលជានឹងមិនបានស្កប់ស្កល់នឹងចម្លើយរាក់កំផែលដែរ ហើយបងប្អូនក៏ប្រហែលជាមិនពេញចិត្តចំពោះការផ្ដល់យោបល់ឲ្យ « ទុកសំណួររបស់បងប្អូននៅលើធ្នើរសិននោះដែរ » ។
ខ្ញុំបានរៀនថា យើងមិនអាចតែងតែរស់នៅដោយផ្អែកលើពន្លឺដែលខ្ចីពីគេនោះដែរ ប៉ុន្តែផ្ទុយទៅវិញ យើងត្រូវតែងាកទៅរកព្រះដែលជាប្រភពនៃពន្លឺ និងសេចក្ដីពិតទាំងអស់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២៦ ) ។ យើងត្រូវតែសិក្សាវានៅក្នុងគំនិតរបស់យើងផ្ទាល់ ប៉ុន្តែយើងក៏ត្រូវសួរដល់ព្រះផងដែរ ថាបើអ្វីដែលយើងកំពុងគិតនោះជាការត្រឹមត្រូវឬទេ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៩:៨ ) ។ យើងត្រូវតែរៀនដោយខ្លួនឯងផ្ទាល់ ដូចជាយ៉ូសែប ស្ម៊ីធបានធ្វើ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២០ ) ហើយមានការអត់ធ្មត់នៅក្នុងការស្រាវជ្រាវរបស់យើង ( សូមមើល អាលម៉ា ៣២:៤១ ) ។ ប៉ុន្តែការរៀនដោយសេចក្ដីជំនឿមានន័យថា យើងត្រូវតែបង្ហាញពីសេចក្ដីពិតដោយការរស់នៅតាមវា ( សូមមើល យ៉ូហាន ៧:១៧; ថែស្សាឡូនីចទី១ ៥:២១ ) ។
ពេលខ្ញុំកំពុងសិក្សាអ្វីៗដែលប្រឆាំងនឹងសាសនាចក្រ នោះខ្ញុំបានមានអារម្មណ៍ដូចជាខ្ញុំពិតជាកំពុងស្ថិតនៅក្នុងអ័ព្ទនៃសេចក្ដីងងឹង ( សូមមើល នីហ្វៃទី១ ៨:២៣–២៤; ១២:១៧ ) ។ ពេលខ្ញុំឱបក្រសោបកិច្ចការរបស់ព្រះ ហើយបោះជំហានដំបូងនោះឆ្ពោះទៅកាន់ទ្រង់ នោះហើយជាអ្វីទាំងអស់ដែលទ្រង់ត្រូវការដើម្បីបញ្ជូនព្រះវិញ្ញាណរបស់ទ្រង់ឲ្យប៉ះដួងចិត្តខ្ញុំ ។
តើសេចក្ដីសង្ឃឹមគ្រប់គ្រាន់ទេ ?
ពីរបីសប្ដាហ៍បន្ទាប់ពីខេសុនបានចាកចេញទៅបេសកកម្មរបស់គាត់ ប្រធានស្តេករបស់ខ្ញុំបានមកសួរសុខទុក្ខខ្ញុំ ។ ខ្ញុំបានប្រាប់គាត់អំពីអ្វីដែលបានកើតឡើងនៅអំឡុងប៉ុន្មានសប្ដាហ៍នោះ បន្ទាប់ពីបងប្អូនប្រុសខ្ញុំបាននិយាយជាមួយខ្ញុំ ។ ខ្ញុំបាននិយាយថា ខ្ញុំចង់ទទួលបានបណ្ណចូលព្រះវិហារបរិសុទ្ធថ្មីមួយ ។ គាត់បានសួរថា តើខ្ញុំអាចឆ្លើយនឹងសំណួរសម្រាប់បណ្ណចូលព្រះវិហារបរិសុទ្ធដោយត្រឹមត្រូវបានទេ ។ ខ្ញុំបានសារភាពថា « ប្រធាន ខ្ញុំមិនគិតថា ខ្ញុំអាចនិយាយថា ខ្ញុំដឹងថាសាសនាចក្រពិតនៅឡើយទេ ប៉ុន្តែខ្ញុំពិតជាសង្ឃឹមដោយអស់ពីដួងចិត្តខ្ញុំថាវាពិត ។ ហើយខ្ញុំនឹងរស់នៅស្របនឹងសេចក្ដីសង្ឃឹមនោះ ។ តើវាគ្រប់គ្រាន់ទេ ? »
គាត់បានផ្អាកមួយសន្ទុះហើយនិយាយថា « ត្រាវីស ការណ៍នោះតែងតែគ្រប់គ្រាន់ជានិច្ច » ។
នៅតែមានអ្វីមួយចំនួនដែលខ្ញុំនៅតែរង់ចាំដើម្បីយល់ ប៉ុន្តែរឿងរ៉ាវមួយចំនួនបានក្លាយជាច្បាស់ក្រឡែតដល់ខ្ញុំ ។ ខ្ញុំដឹងថាព្រះវរបិតាសួគ៌ស្រឡាញ់ខ្ញុំ ។ ខ្ញុំដឹងថា យើងអាចនឹងវង្វេង ហើយមានការលំបាកអស់មួយពេល ។ ប៉ុន្តែខ្ញុំដឹងថា តាមរយៈព្រះគ្រីស្ទ ដង្វាយធួនរបស់ទ្រង់ និងសេចក្ដីសង្ឃឹមដែលវានាំមក នោះវាអាចទៅរួចដើម្បីត្រឡប់មកលើផ្លូវដែលដឹកនាំទៅកាន់ទ្រង់វិញ ។
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។