យុវមជ្ឈិមវ័យ
មូលហេតុដែលព្រះវរបិតាមានព្រះទ័យឲ្យខ្ញុំទទួលការអប់រំ
មិនថាអ្វីជាបំណងប្រាថ្នាដ៏សុចរិតរបស់បងប្អូននោះទេ ព្រះវរបិតាសួគ៌នឹងប្រទានមធ្យោបាយមួយសម្រាប់បងប្អូនដើម្បីសម្រេចវាបាន ។
តាំងពីខ្ញុំនៅតូច ខ្ញុំតែងតែងចង់ធ្វើឲ្យព្រះវរបិតាសួគ៌របស់ខ្ញុំ និងគ្រួសារបច្ចុប្បន្ន និងអនាគតគ្រួសារខ្ញុំមានមោទនភាព ។ ខ្ញុំចង់ទទួលបានការអប់រំទាំងអស់ដែលខ្ញុំអាចទទួលបាន ដើម្បីអភិវឌ្ឍខ្លួនឯង និងជីវិតខ្ញុំ ។
នៅក្នុងប្រទេសរបស់ខ្ញុំគឺ ប្រទេសពេរូ ការអប់រំដ៏មានគុណភាពគឺថ្លៃណាស់ ហើយនៅតំបន់ខ្លះគឺមិនអាចរកបានតែម្ដង ។ គ្រួសារខ្ញុំក៏ពុំមានគ្រប់ធនធានទាំងអស់ដើម្បីគាំទ្រដល់ការអប់រំរបស់ខ្ញុំដែរ ។ ប៉ុន្តែឪពុកម្ដាយខ្ញុំបានបង្រៀនខ្ញុំថា ការខិតខំធ្វើការ ការឧស្សាហ៍ព្យាយាម និងការទូលសូមជំនួយពីព្រះវរបិតាសួគ៌ អាចជួយធ្វើឲ្យបំណងប្រាថ្នាសុចរិតរបស់យើងក្លាយជាការពិតបាន ។ ហើយខ្ញុំបានដាក់ផែនការដើម្បីខិតខំធ្វើការ ។
នៅក្នុងថ្នាក់បឋម និងវិទ្យាល័យ ខ្ញុំឧស្សាហ៍នៅក្នុងការសិក្សាដើម្បីអាចអភិវឌ្ឍខ្លួនឯងជារៀងរាល់ឆ្នាំ ។ បន្ទាប់ពីវិទ្យាល័យ ខ្ញុំត្រូវបានទទួលឲ្យចូលរៀនក្នុងសាកលវិទ្យាល័យលំដាប់ខ្ពស់របស់ប្រទេសពេរូ ហើយបានទទួលអាហារូបករណ៍ដ៏ល្អមួយ ។ ខណៈនៅទីនោះ ខ្ញុំបានធ្វើការជាមួយអង្គការមួយចំនួន រួមមានទាំងការចុះកម្មសិក្សាជាមួយនឹងអង្គការពិភពលោកមួយផងដែរ ហើយបានមានឱកាសដឹកនាំគម្រោងផ្សេងៗជាច្រើនប្រភេទ ។
អំឡុងកម្មសិក្សានោះ ខ្ញុំបានមានអារម្មណ៍ថា វានឹងជាឱកាសដ៏ល្អសម្រាប់ខ្ញុំដើម្បីទទួលការអប់រំជាភាសាអង់គ្លេស ។ ដូច្នេះខ្ញុំបានសម្រេចចិត្តផ្ទេរទៅសាកលវិទ្យាល័យព្រិកហាំយ៉ង់–អៃដាហូ ។ វាមានអារម្មណ៍គួរឲ្យភ័យខ្លាច ប៉ុន្តែខ្ញុំបានដឹងថា ព្រះវរបិតាសួគ៌នឹងជួយខ្ញុំឲ្យសម្រេចគោលដៅនេះ—ខ្ញុំគ្រាន់តែត្រូវទុកចិត្តលើទ្រង់ ហើយធ្វើផ្នែករបស់ខ្ញុំ ។
ការផ្លាស់ប្តូរផែនការ
ខ្ញុំត្រៀមរួចរាល់ដើម្បីទៅប៊ី.វ៉ាយ.យូ–អៃដាហូ ប៉ុន្តែអំឡុងពេលដំណើរការនៃការដាក់ពាក្យស្នើសុំ ខ្ញុំបានទទួលអារម្មណ៍បំផុសមួយយ៉ាងខ្លាំងថា ខ្ញុំគួរតែបម្រើបេសកកម្មសិនមុននឹងផ្ទេរទៅទីនោះ ។ ដូច្នេះខ្ញុំបានធ្វើតាមព្រះរាជបំណងរបស់ព្រះវរបិតាសួគ៌ ហើយត្រូវបានហៅឲ្យបម្រើនៅក្នុងទីក្រុងទ្រូហៀយ៉ូ ប្រទេសពេរូ ។ ពេលខ្ញុំត្រឡប់មកផ្ទះវិញ ខ្ញុំបានដាក់ផែនការដើម្បីត្រឡប់ទៅសាកលវិទ្យាល័យនៅក្នុងប្រទេសពេរូវិញ ដោយសារខ្ញុំបានមានអារម្មណ៍ថា ខ្ញុំអាចទទួលបានសញ្ញាបត្រនៅទីនោះឆាប់រហ័ស ។ ទោះជាយ៉ាងណា ខ្ញុំបានរកឃើញថា អាហារូបករណ៍របស់ខ្ញុំនៅទីនោះត្រូវបានដកហូត ដោយសារតែខ្ញុំបានចាកចេញពីការសិក្សារបស់ខ្ញុំយូរជាងមួយឆ្នាំដើម្បីបម្រើបេសកកម្មរបស់ខ្ញុំ ។
ខ្ញុំមានចិត្តខ្ទេចខ្ទាំ ហើយវង្វេងវង្វាន់ ។ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីឡើយ ។ ខ្ញុំមិនដឹងថា ហេតុអ្វីខ្ញុំត្រូវបានបំផុសឲ្យបម្រើបេសកកម្ម ប្រសិនបើវាមានន័យថាត្រូវបាត់បង់ឱកាសដើម្បីទទួលបានសញ្ញាបត្រមហាវិទ្យាល័យមួយនោះ ។
ប៉ុន្តែថ្ងៃមួយ ខ្ញុំបានចងចាំប្រធានបេសកកម្មរបស់ខ្ញុំបានប្រាប់ខ្ញុំអំពី BYU-Pathway Worldwide ។ គាត់បានអញ្ជើញយើងឲ្យអភិវឌ្ឍភាសាអង់គ្លេសរបស់យើង ហើយដើម្បីឈោងចាប់យកឱកាសនេះ ពេលយើងត្រឡប់ទៅផ្ទះវិញ—ហើយខ្ញុំបានធ្វើវា !
ដំណើររបស់ខ្ញុំជាមួយ BYU-Pathway Worldwide
ខ្ញុំបានដឹងថា ការដែលប្រធានបេសកកម្មរបស់ខ្ញុំប្រាប់ខ្ញុំអំពី BYU-Pathway មិនមែនជាការចៃដន្យនោះទេ ។ ពេលខ្ញុំបានចាប់ផ្ដើមកម្មវិធី Pathway វាតម្រូវឲ្យខ្ញុំធ្វើដំណើរជិតបីម៉ោងរៀងរាល់សប្ដាហ៍ដើម្បីជួបជាមួយនឹងក្រុមរបស់ខ្ញុំ ។ ខ្ញុំបានលះបង់ច្រើនណាស់ ប៉ុន្តែខ្ញុំបានដឹងថាការទទួលបានការអប់រំគឺសំខាន់ចំពោះខ្ញុំផង និងចំពោះព្រះផង ។ ហើយការលះបង់ទាំងនោះបាននាំមកនូវពរជ័យទាំងឡាយ ។
BYU-Pathway Worldwide គឺជាទ្វារនៃឱកាសដែលខ្ញុំបានស្វែងរក ។ វាបានផ្ដល់ឲ្យខ្ញុំនូវការអប់រំក្នុងតម្លៃសមរម្យ អនុញ្ញាតឲ្យខ្ញុំមានពេលដើម្បីមានការងារមួយ ហើយបានជួយខ្ញុំទទួលបានការអប់រំជាភាសាអង់គ្លេស ។ ហើយតាមរយៈវា ខ្ញុំបានរកឃើញមិត្តភក្ដិដ៏ល្អៗដែលបានលើកទឹកចិត្តខ្ញុំឲ្យក្លាហាន ហើយបន្តខិតខំឆ្ពោះទៅកាន់គោលដៅទាំងឡាយរបស់ខ្ញុំ ។ ខ្ញុំមានអារម្មណ៍កាន់តែរឹងមាំខាងវិញ្ញាណ ហើយបានក្លាយជាសិស្សដ៏កាន់តែប្រសើររបស់ព្រះយេស៊ូវគ្រីស្ទ ។
នៅទីបំផុត ខ្ញុំជាសិស្សអន្តរជាតិដំបូងគេដែលបានទទួលសញ្ញាបត្របរិញ្ញាបត្រតាមរយៈ BYU-Pathway Worldwide ។ ការអប់រំបានបើកឱកាសអស្ចារ្យនានាដល់ខ្ញុំ ។ ឥឡូវនេះខ្ញុំជាអ្នកជំនាញផ្នែកសុខុមាលភាព និងខ្លួនទីពឹងខ្លួនសម្រាប់តំបន់ពាយព្យនៃអាមេរិកខាងត្បូងរបស់សាសនាចក្រ ហើយខ្ញុំក៏ជាអ្នកផ្សព្វផ្សាយសាសនាស្ម័គ្រចិត្តសម្រាប់ BYU-Pathway នៅក្នុងប្រទេសពេរូផងដែរ ។ ខ្ញុំបានឃើញពន្លឺជាច្រើននៅក្នុងនិស្សិតម្នាក់ៗ ហើយខ្ញុំលើកទឹកចិត្តពួកគេឲ្យឆ្ពោះទៅមុខ គឺដូចជាខ្ញុំត្រូវបានលើកទឹកចិត្តដោយមិត្តភក្ដិរបស់ខ្ញុំពេលខ្ញុំនៅរៀនដែរ ។ តាមរយៈដំណើរនេះ ខ្ញុំបានដឹងថា ព្រះវរបិតាសួគ៌បានគង់នៅជាមួយខ្ញុំគ្រប់ជំហានទាំងអស់នៅតាមផ្លូវ ។
ព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យយើងជោគជ័យ
ដំណើររបស់ខ្ញុំបានពង្រឹងទីបន្ទាល់របស់ខ្ញុំអំពីការអប់រំ ។ ហើយខ្ញុំនៅតែដាក់ផែនការដើម្បីបន្តរីកចម្រើន និងរៀនឲ្យបានច្រើនតាមដែលអាចធ្វើទៅបានរៀងរាល់ថ្ងៃ ។ យើងនៅលើផែនដីនេះដើម្បីរីកចម្រើន ដើម្បីទទួលការសាកល្បង ដើម្បីលូតលាស់ ដើម្បីបង្ហាញថាយើងគោរពប្រតិបត្តិ និងដើម្បីពឹងផ្អែកលើព្រះអង្គសង្គ្រោះដើម្បីក្លាយជាសក្ដិសមដើម្បីត្រឡប់ទៅព្រះវរបិតាសួគ៌របស់យើងវិញ ។ ចំពោះព្រះ « អស់ទាំងរបស់របរគ្រប់យ៉ាង គឺជាវិញ្ញាណ » ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣៤ ) ។ បទពិសោធន៍ទាំងអស់ដែលយើងមាន និងចំណេះដឹងដែលយើងទទួលបាននៅលើផែនដីនេះនឹងជួយយើងឲ្យកាន់តែដូចព្រះអង្គសង្គ្រោះរបស់យើង ហើយនឹងរៀបចំយើងឲ្យធ្វើការសម្រេចចិត្តកាន់តែល្អ ដើម្បីបម្រើពិភពលោកនេះកាន់តែប្រសើរ ហើយដើម្បីធ្វើជាឧបករណ៍កាន់តែល្អនៅក្នុងព្រះហស្ដទ្រង់ ។
ការអប់រំផ្ដល់មធ្យោបាយមួយដើម្បីទទួលបានចំណេះដឹង ហើយបន្ទាប់មកធ្វើ ដើម្បីឈរសម្រាប់សេចក្ដីពិត និងសេចក្ដីត្រឹមត្រូវ ដើម្បីមានជីវិតមួយដែលព្រះវរបិតាសួគ៌របស់យើងមានព្រះទ័យចង់ឲ្យយើងមាន—ជាជីវិតមួយពេញដោយអំណរ ។
ខ្ញុំដឹងថា ព្រះវរបិតាសួគ៌របស់យើងប្រទានពរដល់ការប្រឹងប្រែងរបស់យើង ជាពិសេសពេលបំណងប្រាថ្នានៃដួងចិត្តយើងគឺដើម្បីរីកចម្រើន ហើយដើម្បីបម្រើទ្រង់ និងបុត្រាបុត្រីរបស់ទ្រង់ ។ ខ្ញុំដឹងថា ពេលទ្រង់ប្រទានការណែនាំដល់បុត្រាបុត្រីទ្រង់ « នឹងរៀបចំផ្លូវដើម្បីឲ្យគេអាចសម្រេចនូវអ្វីៗ ដែលទ្រង់បានបញ្ជាដល់ពួកគេទុកជាមុនសិន » ( នីហ្វៃទី១ ៣:៧ ) ។ ទ្រង់សព្វព្រះទ័យឲ្យយើងមានជោគជ័យ ។
យើងម្នាក់ៗគួរតែទាញយកប្រយោជន៍ពីឱកាសនីមួយៗសម្រាប់ទទួលបានការអប់រំ និងការលូតលាស់ ដែលព្រះអម្ចាស់ដាក់នៅតាមផ្លូវរបស់យើង មិនថាវាតាមរយៈ BYU-Pathway ឬឱកាសការអប់រំផ្សេងៗទៀតណាក៏ដោយ ។ ទ្រង់ស្រឡាញ់យើង ហើយនឹងណែនាំយើងជានិច្ច ។ ទ្រង់មានព្រះទ័យចង់ឲ្យយើងរៀនអ្វីទាំងអស់ដែលយើងអាចរៀននៅលើផែនដីនេះ ។ ហើយខ្ញុំដឹងថា យើងអាចដកពិសោធន៍នូវអព្ភូតហេតុកាន់តែធំធេង កាលដែលយើងធ្វើការដោយអំណរ និងដោយឧស្សាហ៍ ហើយទុកចិត្តលើការណែនាំរបស់ទ្រង់ ។ ខ្ញុំដឹងថា ខ្ញុំបានធ្វើដូច្នោះ ។