ទ័ពអាកាសដ៏ក្លាហាន
ពុំមាននរណាម្នាក់ហ៊ានឆ្លើយនឹងគ្រូបង្វឹកទាហាននោះទេ ប៉ុន្តែគួរឲ្យភ្ញាក់ផ្អើល បុរសវ័យក្មេងម្នាក់បានលើកដៃគាត់ ។
ជាច្រើនឆ្នាំមកហើយខ្ញុំបានចូលកងទ័ពអាកាសសហរដ្ឋអាមេរិកដើម្បីបម្រើប្រទេសខ្ញុំ ។ មិនយូរប៉ុន្មានខ្ញុំបានទៅជំរុំហាត់ទាហាននៅរដ្ឋតិចសាស ស.រ.អា. ។ ពេលវេលាកន្លងទៅយ៉ាងយឺត កាលដែលខ្ញុំតស៊ូនឹងការណ៍ជាច្រើនដែលធម្មតាមាននៅជំរុំហាត់ទាហាន ។
ថ្ងៃមួយខ្ញុំបានចូលរួមការប្រជុំធំមួយដែលមានទ័ពអាកាសជាង ២០០ នាក់ ដែលកំពុងនៅក្នុងការហ្វឹកហាត់ដូចខ្ញុំដែរ ។ ការប្រជុំបានចាប់ផ្ដើមជាមួយនឹងគ្រូបង្វឹកម្នាក់របស់យើង—ដែលជាធម្មតាគាត់ស្រែកខ្លាំងៗ ហើយបន្ទាបបន្ថោក—ស្រែកឡើងថា « តើមាននរណាម្នាក់ជំទាស់នឹងរបៀបដែលខ្ញុំដំណើរការណ៍អ្វីៗនៅទីនេះទេ ? »
ប្រាកដណាស់ ពុំមាននរណាម្នាក់ហ៊ានឆ្លើយទេ ប៉ុន្តែគួរឲ្យភ្ញាក់ផ្អើល បុរសវ័យក្មេងម្នាក់បានលើកដៃគាត់ឡើង ។
គ្រូបង្វឹកនោះបានស្រែកថា « ទ័ពអាកាស ក្រោកឈរឡើង ! » « តើឯងជំទាស់នឹងអ្វី ? »
យើងទាំងអស់គ្នាបានប្រឹងស្ដាប់ ពេលដែលបុរសវ័យក្មេងនោះបានប្រកាសយ៉ាងឮៗថា « ខ្ញុំជំទាស់នឹងលោកប្រើព្រះនាមរបស់ព្រះអង្គសង្គ្រោះរបស់ខ្ញុំដោយឥតបានការ ។ វាធ្វើឲ្យព្រលឹងខ្ញុំឈឺចាប់ ។ ខ្ញុំសូមឲ្យលោកបញ្ឈប់វា » ។
បន្ទប់នោះប្រែជាស្ងាត់ជ្រាប ។ គ្រូបង្វឹកនោះបានសម្លឹងទៅគាត់ ហើយបន្ទាប់មកបានសួរគាត់ថាគាត់នៅសាសនាអ្វី ។ ទ័ពអាកាសដ៏ក្លាហាននេះបាននិយាយដោយមោទនភាពថា « ខ្ញុំគឺជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ! »
គ្រូបង្វឹកនោះបានអរគុណដល់ទ័ពអាកាសនោះសម្រាប់ភាពក្លាហានរបស់គាត់ក្នុងការហ៊ាននិយាយឡើង ហើយការប្រជុំនោះបានបន្តទៅទៀត ។ ទង្វើនោះមានឥទ្ធិពលយ៉ាងធំធេងចំពោះខ្ញុំ ។ ខ្ញុំបានគិតជាញឹកញាប់ថា ខ្ញុំចង់មានភាពក្លាហានដូច្នោះដូចជាទ័ពអាកាសនោះដែរ ។
បន្ទាប់ពីជំរុំហាត់ទាហាន និងការបំពាក់បំប៉នផ្នែកវេជ្ជសាស្ត្រ ខ្ញុំត្រូវបានចាត់តាំងឲ្យទៅបន្ទាយកងទ័ពអាកាសនៅរដ្ឋខូឡូរ៉ាដូ ស.រ.អា. ។ ថ្ងៃមួយខ្ញុំបានទទួលសំបុត្រពីបងប្រុសច្បងបង្អស់របស់ខ្ញុំដែលឈរជើងនៅប្រទេសហ្វីលីពីន ។ គាត់បានចូលកងទ័ពអាកាសប្រហែលមួយឆ្នាំមុនខ្ញុំចូល ។ គាត់បានប្រាប់ខ្ញុំថា គាត់បានចូលជាសមាជិកសាសនាចក្រ ហើយគាត់ចង់ឲ្យខ្ញុំជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនា ។ ភ្លាមៗនោះខ្ញុំបាននឹកឃើញពីបទពិសោធន៍នៅក្នុងជំរុំហាត់ទាហានជាមួយនឹងទ័ពអាកាសដ៏ក្លាហាននោះ ។ ភរិយាខ្ញុំ និងខ្ញុំបានជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនា ហើយមិនយូរប៉ុន្មានយើងបានទទួលបុណ្យជ្រមុជទឹក ។
ពីរបីខែក្រោយមក ខ្ញុំបានឲ្យពួកអ្នកផ្សព្វផ្សាយសាសនាជួបនឹងប្អូនប្រុសខ្ញុំ ។ គាត់ និងភរិយាគាត់បានទទួលបុណ្យជ្រមុជទឹកផងដែរ ។ ឥឡូវនេះ បងប្អូនប្រុសខ្ញុំ និងខ្ញុំមានកូនចៅជាច្រើននាក់ ។ យើងទាំងអស់គ្នាស្រឡាញ់ព្រះអម្ចាស់ និងសាសនាចក្ររបស់ទ្រង់ ។
ខ្ញុំមិនស្គាល់ឈ្មោះរបស់ទ័ពអាកាសដ៏ក្លាហាននោះទេ ។ ខ្ញុំមិនដែលបានជួបគាត់ម្ដងទៀតឡើយ ប៉ុន្តែខ្ញុំនឹងមានអំណរគុណដ៏អស់កល្បជានិច្ចសម្រាប់ភាពក្លាហានរបស់គាត់ ដើម្បីក្រោកឈរសម្រាប់អ្វីដែលគាត់ជឿ ។