២០២០
ការជ្រើសរើស​ផ្លូវ​តូច និង​ចង្អៀត​ជាជាង​ផ្លូវ​ធំទូលាយ
ខែ កក្កដា ឆ្នាំ ២០២០


ការជ្រើសរើស​ផ្លូវ​តូច និង​ចង្អៀត​ជាជាង​ផ្លូវ​ធំទូលាយ

មាន​ផ្លូវ​ពីរ​នៅ​ពី​មុខ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ដឹង​ថា មាន​តែ​វិធី​មួយ​គត់​ដើម្បី​ដឹង​ថា​ត្រូវ​ដើរ​ផ្លូវ​ណា ។

illustration of family standing in the street

រចនា​រូបភាពដោយ​ គ្រីស្ទ អែឌី

ខ្ញុំ​បាន​ធំ​ឡើង​នៅ​ទីក្រុង​ណាហ្កាណូ ប្រទេស​ជប៉ុន ​ជាមួយ​ឪពុក​ម្តាយ​ខ្ញុំ ។ សាសនា​ជា​ផ្នែក​មួយ​នៃ​អ្វីៗ​គ្រប់យ៉ាង​ដែល​គ្រួសារ​ខ្ញុំ​បាន​ធ្វើ ។ ឪពុក​របស់​ខ្ញុំ​លុតជង្គង់​នៅ​ពីមុខ​អាសនា​ព្រះពុទ្ធ​ជា​រៀងរាល់​ព្រឹក និង​យប់ ។ ខ្ញុំ​ពុំ​បាន​គិត​ថា​ពុទ្ធ​សាសនា​ជា​សាសនា​មួយ​នោះ​ទេ—វា​ជា​របៀប​នៃ​ជីវិត​របស់​យើង ។ វា​ងាយ​ស្រួល​ជាង​សម្រាប់​ខ្ញុំ​ដើម្បី​បន្ត​នៅ​ជា​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​អស់​មួយ​ជីវិត​ខ្ញុំ ប៉ុន្តែ​ព្រះ​បាន​បង្ហាញ​ដល់​ខ្ញុំ​ជា​ច្រើន​ដង​ថា របៀប​ដ៏​ងាយ​ស្រួល និង​មាន​ប្រជាប្រិយភាព​មិនមែន​តែងតែ​ជា​របៀប​ដែល​ល្អ​បំផុត​នោះ​ឡើយ ។

សៀវភៅ​សិក្សា ឬ​សៀវភៅ​ដ៏​បរិសុទ្ធ ?

ពេល​ខ្ញុំ​នៅ​ជា​ក្មេង​ប្រុស​ជំទង់​ម្នាក់ ខ្ញុំ​មាន​ការលំបាក​ជា​ខ្លាំង​ជាមួយ​នឹង​អត្តសញ្ញាណ​របស់​ខ្ញុំ ។ ខ្ញុំ​ឆ្ងល់​ថា​ហេតុអ្វី​ខ្ញុំ​នៅលើ​ផែនដី​នេះ ហើយ​តើ​ខ្ញុំ​ត្រូវ​ក្លាយ​ជា​នរណា ។ ពេល​ខ្ញុំ​អាយុ​ប្រហែល ១៣ ឆ្នាំ នាយក​សាលា​របស់​ខ្ញុំ​បាន​ឲ្យ​ព្រះគម្ពីរ​សញ្ញា​ថ្មី​ដល់​សិស្ស​គ្រប់គ្នា​ជា​ភាសា​អង់គ្លេស និង​ភាសា​ជប៉ុន​នៅ​ទន្ទឹម​គ្នា ។ គាត់​បាន​និយាយថា « វា​ពុំមែន​ដើម្បី​គោលបំណង​ខាង​សាសនា​នោះ​ទេ »​ ។ « វា​ជា​ការបកប្រែ​ដ៏​ល្អ អញ្ចឹង​ចូរ​ប្រើ​វា​ដើម្បី​សិក្សា​ភាសា​អង់គ្លេស​ទៅ » ។ តែ​ពេល​ដែល​ខ្ញុំ​បើក​វា​ឡើង វា​បាន​ផ្ដល់​នូវ​គម្ពីរ​យោង​សម្រាប់​ពេល​អ្នក​មាន​អារម្មណ៍​ឯកោ ត្រូវការ​ចម្លើយ​ចំពោះ​សំណួរ​​របស់​អ្នក ឬ​ពេល​កំពុង​ជួប​ការលំបាក ។ ខ្ញុំ​អាច​ភ្ជាប់​ទៅ​នឹង​ស្ថានភាព​ទាំងអស់​នោះ !

ខ្ញុំ​បាន​អាន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ « អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក » ( ម៉ាថាយ ១១:២៨ ) « ផ្ទុក​ឈើ​ឆ្កាង [ របស់​អ្នក ] មក​តាម​ខ្ញុំ​ចុះ » ( ម៉ាថាយ ១៦:២៤ ) ។ ពាក្យ​ទាំងនោះ​លាន់​ឮ​រំពង​ក្នុង​ចិត្ត​ខ្ញុំ សូម្បី​តែ​ខ្ញុំ​មិន​បាន​យល់​វា​ពេញលេញ​ក៏​ដោយ ។ ខ្ញុំ​ឆ្ងល់​ថា​នរណា​ជា​ព្រះយេស៊ូវគ្រីស្ទ ហើយ​ថាតើ​វា​មានន័យ​យ៉ាងណា​ដើម្បី​មាន​ទ្រង់​ជា​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ​នោះ ។ ខ្ញុំ​ឆ្ងល់​ថា​បើ​ខ្ញុំ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​មាន​អារម្មណ៍​ទាក់ទង​បែបនោះ​ទៅ​នឹង​អ្វី​ដែល​គ្រាន់តែ​ជា​សៀវភៅ​សិក្សា​នោះ ។

building and a book

រត់ចេញ ឬ​នៅ ហើយ​ស្ដាប់ ?

ពីរបី​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ជួប​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​មួយ​ចំនួន​ជា​លើក​ដំបូង ។ ឪពុក​ម្ដាយ​ខ្ញុំ​បាន​ព្រមាន​ខ្ញុំ​អំពី​ពួកគ្រីស្ទាន​វ័យ​ក្មេង​ដែល​ដើរ​ផ្សព្វផ្សាយ​នោះ ។ ពេល​ខ្ញុំ​កំពុង​ដើរ​មក​ផ្ទះ អ្នក​ផ្សព្វផ្សាយ​សាសនា​អាមេរិក​ខ្ពស់​ម្នាក់​ដែល​មាន​ស្នាម​ញញឹម​ដ៏​ស្រទន់​បាន​បញ្ឈប់​ខ្ញុំ ។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើអ្វី​ឡើយ ។ ខ្ញុំ​មាន​ការព្រួយ​បារម្ភ​ថា​គាត់​នឹង​និយាយ​អំពី​ព្រះវិហារ​របស់​គាត់ ។ បើ​គាត់​ធ្វើ​ដូច្នោះ ខ្ញុំ​អាច​នឹង​រត់​ទៅ​ម្ខាង​ទៀត ! អ្វីដែល​គាត់​សួរ​គឺ​ផ្លូវ​ណា​ទៅ​ការិយាល័យ​​ប្រៃសណីយ៍ ។ ខ្ញុំ​បាន​ប្រាប់​គាត់ ហើយ​បាន​ដើរ​ទៅ​ផ្ទះ ។

កាលដែល​ខ្ញុំ​បាន​ដើរ​ចេញ​ទៅ ខ្ញុំ​បាន​ទទួល​អារម្មណ៍​អ្វី​មួយ ។ ខ្ញុំ​បាន​គិត​ថា បើសិន​ខ្ញុំ​ឃើញ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្ដង​ទៀត ខ្ញុំ​នឹង​និយាយ​ទៅកាន់​ពួកគេ ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​នោះ ខ្ញុំ​បាន​ជួប​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​មួយ​គូ​ផ្សេង​ទៀត ។ ខ្ញុំ​ភ្ញាក់ផ្អើល​ណាស់​ដែល​ព្រះ​ឮ ហើយ​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ក្មេង​ប្រុស​ម្នាក់​ដូច​ជា​ខ្ញុំ រហូត​ដល់​ខ្ញុំ​បាន​អាន​អំពី យ៉ូសែប ស្ម៊ីធ ។ ខ្ញុំ​បាន​អាន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ថា​ឲ្យ​អធិស្ឋាន​ជានិច្ច ប៉ុន្តែ​ព្រះ​បាន​យាង​មក​ឯ​បុរស​ម្នាក់ ? វា​មាន​អារម្មណ៍​ថា​ទូលំទូលាយ​ផង ហើយ​ត្រឹមត្រូវ​ផង ។ ជំនួស​ឲ្យ​ការរត់​ចេញ ខ្ញុំ​បាន​ធ្វើ​ការណាត់​មួយ​ដើម្បី​ឲ្យ​ពួកគេ​បង្រៀន​ខ្ញុំ ។

meeting with missionaries

ធ្វើ​ការដោះសារ ឬ​រកឃើញ​សេចក្ដី​ពិត ?

មួយ​ខែ​ក្នុង​ការជួប​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ពួកគេ​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ខ្ញុំ​មិន​ចង់​បដិសេធ​ពួកគេ​ទេ ប៉ុន្តែ​ខ្ញុំ​មាន​ការស្ទាក់ស្ទើរ​នឹង​ចាកចេញ​ពី​ប្រពៃណី​របស់​ឪពុក​ម្ដាយ​ខ្ញុំ និង​គ្រប់គ្នា​នៅ​ជុំ​វិញ​ខ្ញុំ ។ មាន​ផ្លូវ​ពីរ​នៅ​ពី​មុខ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ដឹង​ថា មាន​តែ​វិធី​មួយ​គត់​ដើម្បី​ដឹង​ថា​ត្រូវ​ដើរ​ផ្លូវ​ណាខ្ញុំ​ត្រូវតែ​អធិស្ឋាន​ដូចជា​យ៉ូសែប ស្ម៊ីធ ។ ខ្ញុំ​បាន​សួរ​ព្រះវរបិតាសួគ៌ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ថាបើ​អ្វីៗ​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​ខ្ញុំ​ពិត​ឬ​ទេ ។

នោះ​គឺជា​ចំណុច​ចាប់ផ្ដើម​របស់​ខ្ញុំ ។ តាំង​ពី​នោះ​មក​ខ្ញុំ​បាន​ដឹង​ដោយ​ខ្លួន​ខ្ញុំ​ថា ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​គឺ​ពិត ។ គ្មាន​នរណា​ម្នាក់​អាច​ដកយក​ការចេះដឹង​នោះ​ចេញ​ពី​ខ្ញុំ​ឡើយ ។ ខ្ញុំ​បាន​ដឹង​ថា​ត្រូវ​ដើរ​ផ្លូវ​ណា ហើយ​ពុំ​មាន​អ្វី​អាច​ផ្លាស់ប្ដូរ​វា​បាន​ឡើយ ។

ខ្ញុំ​មាន​សំណួរ​ជា​ច្រើន ពេល​ខ្ញុំ​នៅ​ក្មេង ។ ខ្ញុំ​បាន​រៀន​ថា ខ្ញុំ​ជា​បុត្រ​របស់​ព្រះ ទ្រង់​ស្រឡាញ់​ខ្ញុំ ទ្រង់​មាន​ផែនការ​មួយ​សម្រាប់​ខ្ញុំ ហើយ​ទ្រង់​មាន​ព្រះទ័យ​ចង់​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ខ្ញុំ ។ ការចេះដឹង​នេះ​បាន​ផ្លាស់​ប្ដូរ​ទស្សន​វិស័យ​ទាំងមូល​របស់​ខ្ញុំ​ទៅលើ​ជីវិត ។ ខ្ញុំ​បាន​រៀន​ថា​ខ្ញុំ​ជា​នរណា ហើយ​ថា​អ្វី​ដែល​ខ្ញុំ​ធ្វើ​គឺ​សំខាន់ ។

praying

ធ្វើ​ដូចគេ​ដូចឯង ឬ​ធ្វើ​ខុស​ពី​គេ ?

ពីមុន​ដែល​ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​ជា​បុត្រ​របស់​ព្រះ ខ្ញុំ​បាន​ចង់​ធ្វើ​ដូច​ជា​គេឯង​គ្រប់​គ្នា​អញ្ចឹង ។ ខ្ញុំ​ខ្លាច​ក្នុង​ការធ្វើ​ខុស​ពី​គេ ។ ប៉ុន្តែ​បន្ទាប់​ពី​ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​ជា​បុត្រ​របស់​ព្រះ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​អាច​ធ្វើ​ខុស​ពីគេ ខ្ញុំ​អាច​ខុស​ប្លែក​ពី​គេ ។

ការអធិស្ឋាន និង​ការដឹង​ថា ខ្ញុំ​ជា​បុត្រា​នៃ​ព្រះ​ផ្ដល់​ភាពក្លាហាន​ដល់​ខ្ញុំ​ដើម្បី​ពន្យល់​ពី​អារម្មណ៍​របស់​ខ្ញុំ​ទៅកាន់​ឪពុក​ម្ដាយ​ខ្ញុំ ប៉ុន្តែ​ពួកគាត់​មិន​ជា​យល់​នោះ​ទេ ។ ពួកគាត់​គិត​ថា​ខ្ញុំ​ជា​កូន​រឹងទទឹង ហើយ​ថា​ខ្ញុំ​នៅក្មេង​ពេក​ដើម្បី​ធ្វើ​ការសម្រេច​ចិត្ត​ក្នុង​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ពួកគាត់​មាន​ភាពអាម៉ាស​ដែល​កូនប្រុស​ពួកគាត់​ធ្វើតាម​សាសនា​ចម្លែក​នេះ ជាជាង​ប្រពៃណី​របស់​ពួកគាត់ ។ ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​ជា​នរណា និង​ពី​អ្វី​ដែល​ខ្ញុំ​ចង់បាន ប៉ុន្តែ​ខ្ញុំ​ក៏​ចង់​គោរព​ដល់​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ផងដែរ ហើយ​បាន​សង្ឃឹម​ថា​ពួកគេ​នឹង​គោរព​ដល់​សាសនា​ខ្ញុំ​ដែរ ។

people standing in a line

គោរព​ដល់​ឪពុក​ម្ដាយ​ខ្ញុំ ឬ​មិន​អើពើ​នឹង​កង្វល់​របស់​ពួកគាត់ ?

ខ្ញុំ​បាន​ពន្យល់​ពី​ស្ថានភាព​របស់​ខ្ញុំ​ទៅ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ស៊ីស្ទើរ ។ ពួកគេ​បាន​មាន​គំនិត​មួយ—ពួកគេ​អាច​មក​និយាយ​ជាមួយ​ឪពុក​ម្ដាយ​ខ្ញុំ ដើម្បី​ឲ្យ​ពួកគាត់​មាន​អារម្មណ៍​ប្រសើរ​ជាង​អំពី​សាសនា​នេះ ។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា ខ្ញុំ​ខ្លាច​ថា​ឪពុក​ម្ដាយ​ខ្ញុំ​មិន​ចង់​និយាយ​នឹង​ពួកគេ​ទេ ។ បន្ទាប់​មក ស៊ីស្ទើរ​ម្នាក់​បាន​ផ្ដល់​យោបល់​ថា​យើង​ធ្វើការ​តម​អាហារ​ជាមួយ​គ្នា ។

ពេល​ខ្ញុំ​មិន​បាន​ញ៉ាំ​អាហារ​ពេលព្រឹក ម្តាយ​ខ្ញុំ​ព្រួយ​បារម្ភ ។ គាត់​បាន​សួរ​ថា «​ ហេតុអ្វី​កូន​មិន​ញ៉ាំ ? » ខ្ញុំ​បាន​ពន្យល់​ថា ខ្ញុំ​កំពុង​តម​អាហារ ហើយ​វា​បាន​ធ្វើ​ឲ្យ​គាត់​កាន់តែ​ខ្វល់ខ្វាយ​ថែម​ទៀត ។

« ដំបូង​កូន​ទៅ​សាសនា​ដែល​គ្មាន​នរណា​ស្គាល់ ហើយ​ឥឡូវ​កូន​អត់​ញ៉ាំ​អាហារ ។ ម៉ាក់​ព្រួយ​បារម្ភ​ណាស់ ។ ម៉ាក់​តក់ស្លុត ! ម៉ាក់​នឹង​ទូរសព្ទ​ទៅ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនោះ » ។

worried mother

គាត់​ពិត​ជា​បាន​ទូរសព្ទ​ទៅ​ពួក​ស៊ីស្ទើរ ហើយ​មិន​ដឹង​ជា​យ៉ាង​ណា​ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​មក​ផ្ទះ​យើង​សម្រាប់​អាហារ​ពេល​ល្ងាច !

យើង​មាន​ពេល​ដ៏​អស្ចារ្យ​មួយ ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​ឪពុក​ម្ដាយ​ខ្ញុំ​នូវ​ទំនុក​តម្កើង « ខ្ញុំ​ជា​កូន​របស់​ព្រះ » ( ទំនុកតម្កើង លេខ ១៨៨ ) ហើយ​យើង​បាន​ច្រៀង​វា​ជាមួយ​គ្នា ។ ឪពុក​ខ្ញុំ​ចូលចិត្ត​ណាស់ ។ បន្ទាប់​អាហារ​ពេល​ល្ងាច​ជាមួយ​ពួក​ស៊ីស្ទើរ​ហើយ ទាំង​ឪពុក និង​ម្ដាយ​ខ្ញុំ ពុំ​មាន​នរណា​ព្រួយ​បារម្ភ​ពី​ខ្ញុំ​ទៅ​ព្រះវិហារ​ទៀត​ឡើយ ។ ហើយ​ខ្ញុំ​បាន​មារម្មណ៍​ថា ខ្ញុំ​អាច​គោរព​ដល់​ពួកគាត់​ដោយ​ការរស់នៅ​តាម​ដំណឹងល្អ ដោយសារ​វា​ពិតជា​បញ្ចូល​នូវ​អ្វីៗ​គ្រប់យ៉ាង​ដែល​ពួកគាត់​បាន​បង្រៀន​ខ្ញុំ ។ ខ្ញុំ​បាន​គិត​ថា ប្រសិន​បើ​ខ្ញុំ​ស្រឡាញ់​ពួកគាត់​គ្រប់គ្រាន់ ហើយ​ប្រព្រឹត្តិ​ចំពោះ​ពួកគាត់​ដោយ​សប្បុរស​គ្រប់គ្រាន់ នោះ​នៅ​ទី​បំផុត​ពួកគាត់​នឹង​យល់ ។ វា​ត្រូវការ​ពេល ៣៥ ឆ្នាំ​បន្ទាប់​ពី​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ ប៉ុន្តែ​ម្ដាយ​ខ្ញុំ​ទើប​តែ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​កាល​ពី​ពីរ​បី​ឆ្នាំ​មុន​នេះ​ប៉ុណ្ណោះ !​

ការដឹង​ថា​ខ្ញុំ​ជា​បុត្រ​របស់​ព្រះ បាន​ជះ​ឥទ្ធិពល​លើ​ការសម្រេច​ចិត្ត​ជា​ច្រើន​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​ក៏​ដឹង​ដែរ​ថា កាលដែល​យើង​ធ្វើតាម​ព្រះវិញ្ញាណ ហើយ​ធ្វើ​នូវ​អ្វី​ដែល​ព្រះវរបិតាសួគ៌​សុំ​ពី​យើង សូម្បី​តែ​នៅពេល​វា​ហាក់​ដូច​ជា​ពិបាក​ក្ដី ទ្រង់​នឹង​ប្រទាន​ពរ​ដល់​យើង ។ នោះ​តែងតែ​ជា​ជម្រើស​ដ៏​ល្អ​បំផុត ។