មេរៀនដែលប្រើប្រាស់សម្ភារសម្រាប់រាត្រីក្រុមគ្រួសារ
ការប្រើប្រាស់ពេលវេលារបស់អ្នកឱ្យបានល្អ
ពេលអ្នកទុកព្រះជាទីមួយ នោះមានកន្លែងសម្រាប់អ្វីគ្រប់យ៉ាងផ្សេងទៀត ។
តើមានសកម្មភាពខុសៗគ្នាប៉ុន្មានដែលទាមទារនូវការយកចិត្តទុកដាក់របស់អ្នកជារៀងរាល់ថ្ងៃ ? យើងទាំងអស់គ្នាមានពេល ២៤ ម៉ោងដូចគ្នាដើម្បីប្រើ ប៉ុន្តែរបៀបដែលយើងជ្រើសរើសដើម្បីប្រើប្រាស់ពេលវេលានោះធ្វើឲ្យមានភាពខុសគ្នាយ៉ាងធំ !
ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយ បានមានប្រសាសន៍ ៖ « ចំនួននៃរឿងល្អៗដែលយើងអាចធ្វើមានច្រើនជាងពេលវេលាដែលយើងមានដើម្បីសម្រេចរឿងល្អៗទាំងនោះទៅទៀត ។ មានអ្វីៗជាច្រើនដែលប្រសើរជាងការគ្រាន់តែល្អ ហើយរឿងទាំងនេះគួរតែជារឿងដែលបញ្ជាឲ្យផ្តោតយកចិត្តទុកដាក់ជាចម្បងនៅក្នុងជីវិតរបស់យើង ។ … យើងត្រូវលះបង់រឿងល្អៗខ្លះដើម្បីជ្រើសរើសអ្វីផ្សេងទៀតដែលល្អប្រសើរ ឬល្អបំផុត » ។១
នៅក្នុងសកម្មភាពនេះ បងប្អូននឹងបង្ហាញពីអ្វីដែលកើតឡើងពេលយើងធ្វើឲ្យកិច្ចការរបស់ព្រះអម្ចាស់ជាអាទិភាពទីមួយ ។
១. បំពេញពេលវេលា
មានសកម្មភាពល្អៗជាច្រើនដែលយើងអាចប្រើប្រាស់ពេលវេលារបស់យើងដើម្បីធ្វើវា ។ សូមដល់គ្រួសារបងប្អូនឲ្យចែកចាយការណ៍មួយចំនួនដែលពួកគេចំណាយពេលរបស់ពួកគេធ្វើវាជារៀងរាល់ថ្ងៃ ។
ពន្យល់ថាក្រឡគឺតំណាងឲ្យពេលវេលា ។ ថ្ម និងខ្សាច់តំណាងឲ្យការណ៍ផ្សេងៗដែលយើងអាចធ្វើជាមួយពេលវេលារបស់យើង ៖ ដុំថ្មធំៗតំណាងឲ្យការណ៍ទាំងឡាយដែលព្រះអម្ចាស់សុំឲ្យយើងដាក់អាទិភាព ដូចជាការសិក្សាព្រះគម្ពីរ ការបម្រើ ព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិ និងការចូលរួមនៅព្រះវិហារ ខណៈដែលខ្សាច់តំណាងឲ្យសកម្មភាពល្អៗផ្សេងៗទៀត ដូចជាធ្វើកិច្ចការសាលា និងចំណាយពេលជាមួយមិត្តភក្ដិ ។
២. ដាក់អាទិភាពទៅតាមលំដាប់
ចាក់ខ្សាច់ទាំងអស់ចូលទៅក្នុងក្រឡជាមុន បន្ទាប់មកបន្ថែមដុំថ្មធំៗនៅពីលើ ។ ពេលបងប្អូនចាក់ខ្សាច់ទាំងអស់ចូលមុន នោះពុំមានចន្លោះគ្រប់គ្រាន់សម្រាប់ដុំថ្មធំៗទាំងអស់នោះទេ—ដូចជាពេលយើងដាក់អាទិភាពទៅលើសកម្មភាពផ្សេងៗមុនការណ៍ទាំងឡាយដែលព្រះវរបិតាសួគ៌បានបញ្ជាយើងឲ្យធ្វើ យើងអាចនឹងអស់ពេលវេលាសម្រាប់ការណ៍ទាំងឡាយដែលសំខាន់បំផុត ។
៣. ចូលតាមកន្លែង
ព្រះយេស៊ូវគ្រីស្ទបានបញ្ជាថា « ចូរកុំស្វែងរករបស់ខាងលោកិយនេះ ប៉ុន្តែចូរស្វែងរកការស្ថាបនានគរ និងសេចក្តីសុចរិតនៃព្រះជាមុនសិន » ( Joseph Smith Translation Matthew 6:38 [ នៅក្នុង Matthew 6:33 លេខយោង a ] ) ។ ពិភាក្សាពីរបៀបដែលបងប្អូនអាចដាក់អាទិភាពពេលវេលារបស់បងប្អូនដោយការស្វែងរកនគរនៃព្រះជាមុនសិន ។
ចាក់ថ្ម និងខ្សាច់ចេញពីក្រឡ ហើយចាប់ផ្ដើមម្ដងទៀតជាមួយនឹងរបស់ដដែល ។ បងប្អូនក្មេងៗអាចនឹងចង់ជួយ ។ ឲ្យពួកគេដាក់ដុំថ្មធំៗនៅក្នុងក្រឡជាមុនសិន ។ ពេលបងប្អូនចាក់ខ្សាច់ចូលបន្ទាប់ពីនោះ ចូរមើលពីរបៀបដែលវាបំពេញទៅក្នុងចន្លោះនៅជុំវិញដុំថ្មធំៗរហូតទាល់តែខ្សាច់ទាំងអស់ចូលទៅក្នុង ។
សួរដល់គ្រួសារបងប្អូនថាពួកគេគិតថាការសន្យានេះមកពីប្រធាន រ័សុល អិម ណិលសុន អាចនឹងមានអត្ថន័យយ៉ាងណា ៖ « ពេលដែលបងប្អូនផ្ដល់ពេលវេលាមួយផ្នែករបស់បងប្អូនដោយសប្បុរសទៅព្រះអម្ចាស់ នោះទ្រង់នឹងគុណអ្វីដែលនៅសល់ » ។២
ទុកព្រះអម្ចាស់ជាទីមួយ
ពេលយើងព្យាយាមធ្វើតាមព្រះហឫទ័យរបស់ព្រះជាមុន នោះទ្រង់ជួយយើងឲ្យមានពេលវេលាគ្រប់គ្រាន់សម្រាប់ការណ៍ទាំងឡាយដែលចាំបាច់ និងលើកស្ទួយ ។ ដូច្នេះប្រសិនបើបងប្អូនមានការលំបាកដើម្បីរកពេលគ្រប់គ្រាន់ដើម្បីបញ្ចប់កិច្ចការសាលា អភិវឌ្ឍទេពកោសល្យរបស់បងប្អូន ឬបានការគេងដែលបងប្អូនត្រូវការ សូមសួរដល់ព្រះអម្ចាស់នូវអ្វីដែលបងប្អូនអាចធ្វើដើម្បីដាក់អាទិភាពពេលវេលារបស់បងប្អូនស្របទៅតាមផែនការរបស់ទ្រង់ ។ ដាក់គោលដៅជាមួយគ្នាជាក្រុមគ្រួសារ ដើម្បីដាក់កិច្ចការរបស់ព្រះអម្ចាស់—និងចំណងទាក់ទងរបស់បងប្អូនជាមួយទ្រង់—ជាមុនជារៀងរាល់ថ្ងៃ ។