មានតែឌីជីថលប៉ុណ្ណោះ
តើអ្នកមានសំណួរអំពីដំណឹងល្អដែរឬទេ ? នេះគឺជារបៀបប្រាំយ៉ាងដើម្បីស្វែងរកចម្លើយ
ខ្ញុំមានសំណួរដែរ ។ ហើយពុំមានអ្វីត្រូវខ្លាច នោះទេ ។
« តើមាននរណាម្នាក់មានសំណួរអ្វីទេ ? »
តើបងប្អូនធ្លាប់បានឮ សំណួរនេះនៅចុងបញ្ចប់នៃមេរៀនមួយ ហើយគិតថា « បាទ/ចាស៎ ខ្ញុំមានមួយលានសំណួរ » ឬ « បាទ/ចាស៎ ខ្ញុំពិតជាមិនយល់ទេ » ប៉ុន្ដែបងប្អូនបន្ដនៅស្ងៀមទេ ?
ខ្ញុំធ្លាប់មានអារម្មណ៍នោះ ។ ហើយពេលខ្លះ ខ្ញុំនៅតែខ្លាចការមានសំណួរ ។
ខ្ញុំខ្លាចថាមិនដឹងគ្រប់គ្រាន់ ខ្លាចអ្វីដែលមនុស្សដទៃអាចគិត និងខ្លាចជ្រុលចូលដល់ព័ត៌មានដែលអាចធ្វើឲ្យខ្ញុំកាន់តែមានសំណួរថែមទៀត ។
យ៉ាងណាក្ដី យើងមិនគួរមានការភ័យខ្លាច ឬការខ្មាសអៀននៅ ក្នុងការមានសំណួរ និងការចង់យល់ដឹងបន្ថែមទៀតឡើយ ជាពិសេសនៅពេលវាស្ដី អំពីដំណឹងល្អ ។ ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងស្វែងរកចំណេះដឹងបន្ថែម ! សូម្បីតែអែលឌើរ ឌៀរថើរ អេហ្វ អុជដូហ្វ ក៏បានពោលថា « ការសួរសំណួរមិនមែនជាទីសម្គាល់នៃភាពទន់ខ្សោយនោះទេ វាគឺជាចំណុចចាប់ផ្ដើមរីកចម្រើន » ។១
គ្រប់គ្នាមានអ្វីៗជាច្រើន ដែលត្រូវរៀនសូត្រ ។ ហើយសំណួរទាំងឡាយបើកទ្វារទៅកាន់ចំណេះដឹង និងសេចក្ដីជំនឿដ៏កាន់តែរឹងមាំ—ដរាបណាបងប្អូនរកមើលចម្លើយតាមរបៀបដ៏ត្រឹមត្រូវ ! នេះគឺជារបៀបប្រាំយ៉ាងដើម្បីទទួលបានពន្លឺខ្លះចំពោះសំណួររបស់បងប្អូន ។
១. សូម ពិនិត្យមើលប្រភពរបស់បងប្អូន
មានប្រភពល្អៗជាច្រើនដែលអាចទុកចិត្តបាន ដែលអាចផ្ដល់ការយល់ដឹងបន្ថែមដល់បងប្អូន ដូចជាព្រះគម្ពីរ និងឯកសារសាសនាចក្រ ។ ប៉ុន្ដែក៏មានព័ត៌មានក្លែងក្លាយ និងប្រភពដែល មិន ពិតជាច្រើនដែលពង្វក់ពិភពលោកនេះផងដែរ ។ សំណាងដែរ ដែល បងប្អូនអាចបែងចែកសេចក្ដីពិតចេញពីការបោកបំភាន់បាន !
អេនថូនី ស្វីត ជាជំនួយការសាស្ដ្រាចារ្យខាងប្រវត្តិ និងគោលលទ្ធិសាសនាចក្រនៅសាកលវិទ្យាល័យព្រិកហាំ យ៉ង់ ផ្ដល់សំណួរប្រាំដើម្បីសួរពេលសម្រេចចិត្តថា តើប្រភពមួយអាចទុកចិត្តបានដែរឬអត់ ៖
-
តើវាជាប្រភពដើមឬទេ ? ( បានសរសេរ ឬបង្កើត ដោយនរណា ម្នាក់ ដែលបានចូលរួម ឬសង្កេតមើលព្រឹត្តិការណ៍នោះ ) ។
-
តើវាជាដំណើររឿងបណ្ដោះអាសន្នឬ ? ( បានកត់ត្រានៅក្នុង ឬជិតពេលនៃព្រឹត្តិការណ៍នោះ ) ។
-
តើវាមានទស្សនវិស័យដែលមានគោលបំណងដែរឬទេ ? ( ដោយខំធ្វើឲ្យបាន អ្នកនិពន្ធព្យាយាមមានភាព ស្មើភាព តុល្យភាព មិនលំអៀង និងមិនកាន់ជើងម្ខាងៗ ) ។
-
តើមានអ្វីជា ទំនាក់ទំនងទៅនឹងប្រភពផ្សេងទៀត ? ( កាលបរិច្ឆេទ ការពិត អំណះអំណាង ជាដើមមានភាពចុះសម្រុងទៅនឹងប្រភពផ្សេងទៀតដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ដូចគ្នានេះ ) ។
-
តើអំណះអំណាងរបស់វាត្រូវបានគាំទ្រដោយភស្ដុតាងដែរឬទេ ? ( សេចក្ដីថ្លែងការណ៍ផ្អែកលើភស្ដុតាងជាក់ស្ដែង និងមានទិន្នន័យគាំទ្រ ) ។២
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « ទាក់ទងនឹងសេចក្ដីជំនឿ និងការប្រែចិត្តជឿ វាជួយតម្រង់សំណួររបស់បងប្អូនទៅសួរអ្នកដែលមានសេចក្ដីជំនឿ និងការប្រែចិត្តខ្លះរួចហើយ ! »៣ ពាក្យសម្ដីរបស់លោក និងសំណួរខាងលើនេះអាចផ្ដល់ទំនុកចិត្តដល់បងប្អូន ក្នុងការស្វែងរកព័ត៌មានដែលអាចទុកចិត្តបាន ។
២. ការពឹងផ្អែកទៅលើពាក្យសម្ដីរបស់ព្យាការី
ព្យាការី និងពួកសាវកផ្ដល់នូវគោលលទ្ធិ និងសេចក្ដីពិត ( ហេតុដូច្នេះហើយវាគឺជាចម្លើយសម្រាប់បងប្អូន ! ) តាមរយៈវិវរណៈ ។ ខ្ញុំត្រូវបានលួងលោមជាច្រើនដងរាប់មិនអស់មកពីការអាន ឬការស្ដាប់សុន្ទរកថាសន្និសីទទូទៅ នៅពេលខ្ញុំភាន់ច្រឡំ ឬតានតឹងចិត្ត ។
ទោះជាបងប្អូនមិនយល់ ពីអ្វីៗគ្រប់យ៉ាងអំពីសារលិខិតរបស់ថ្នាក់ដឹកនាំសាសនាចក្រមួយចំនួន សូមចងចាំថា ពាក្យពេចន៍របស់ពួកលោកគឺមកពីព្រះវរបិតាសួគ៌—វាចេញពីប្រភពមួយនៃសេចក្ដីស្រឡាញ់ និងសេចក្ដីពិត ។ ប្រសិនបើបងប្អូនចងចាំ និងទុកចិត្តទៅលើពាក្យសម្ដីរបស់អែលឌើរ អូលីសេស សូរ៉េស ៖ « ការមានព្យាការីគឺជាទីសម្គាល់មួយនៃសេចក្ដីស្រឡាញ់របស់ព្រះដល់បុត្រាបុត្រីរបស់ទ្រង់ »៤ នោះបងប្អូននឹងមានសេចក្ដីសង្ឃឹមនៅក្នុងជីវិតរបស់បងប្អូន មិនថាបងប្អូនកំពុងស្វែងរកចំណេះដឹងអ្វីនោះទេ ។
៣. ការសិក្សាព្រះគម្ពីរ … ពិតជាសិក្សាដោយយកចិត្តទុកដាក់
តើការសិក្សាព្រះគម្ពីររបស់បងប្អូនមើលទៅយ៉ាងដូចម្ដេចដែរ ? ការសិក្សារបស់ខ្ញុំអាចប្រសើរជាងនេះ ! ប៉ុន្ដែនៅពេលខ្ញុំធ្វើការសញ្ជឹងគិតអំពីអ្វីដែលខ្ញុំកំពុងអានមែននោះ នោះខ្ញុំកត់សម្គាល់ពីភាពខុសគ្នាមួយនៅក្នុងខ្លួនរបស់ខ្ញុំ ។ ខ្ញុំមានអារម្មណ៍សុខសាន្ដ និងសេចក្តីសង្ឃឹមកើនឡើងកាន់តែខ្លាំង ។ ដើម្បីបើកចិត្តរបស់បងប្អូនចំពោះការបំផុសគំនិតមកពីក្នុងព្រះគម្ពីរ សូមសាកល្បងចំណុចគន្លឹះទាំងនេះ ៖
-
ចាប់ផ្តើម និងបញ្ចប់ការសិក្សារបស់បងប្អូនដោយការអធិស្ឋាន ។ នៅពេលបងប្អូនយាងអញ្ជើញព្រះវិញ្ញាណឲ្យជួយបងប្អូនយល់ នោះបងប្អូននឹងស្គាល់ការយល់ដឹង និងការបំផុសគំនិតកាន់តែខ្លាំងឡើង ។
-
សូមកត់ត្រាចំណាប់អារម្មណ៍ដែលបងប្អូនទទួលបាន ។ ការអានចំណាប់អារម្មណ៍ទាំងនេះនៅពេលក្រោយអាចជួយបងប្អូនឲ្យធ្វើការតភ្ជាប់នៅក្នុងជីវិតរបស់បងប្អូន ហើយស្គាល់ចម្លើយកាន់តែច្បាស់ ។
-
សូមចំណាយពេលមួយសន្ទុះដោយនៅស្ងៀម ។ សូមអង្គុយដោយស្ងៀមស្ងាត់ ហើយផ្តោតចិត្តទៅនឹងគំនិត ក៏ដូចជាអារម្មណ៍ដែលកើតឡើងម្ដងហើយម្ដងទៀត ក្រោយពីបងប្អូនអាន និងសិក្សារួច ។ សូមចាំថា ព្រះវិញ្ញាណមានបន្ទូលដោយសំឡេងតូចរហៀង ។
៤. ការរៀនអំពីរបៀបទទួលវិវរណៈ
នៅគ្រានេះក្នុងជីវិត ខ្ញុំកាន់តែត្រូវការព្រះវរបិតាសួគ៌ជាងមុន ដើម្បីឲ្យដឹកនាំខ្ញុំ និងជួយខ្ញុំឲ្យពង្រឹងសេចក្ដីជំនឿរបស់ខ្ញុំ ។ ហើយពេលខ្លះខ្ញុំមានភាពអន្ទះអន្ទែងដោយខ្ញុំធ្វើអ្វីៗគ្រប់យ៉ាងដើម្បីយាងព្រះវិញ្ញាណ ហើយខ្ញុំនៅតែមិនទទួលបានចម្លើយណាមួយមកពីស្ថានសួគ៌ ។ សំណាងល្អ ខ្ញុំបានរៀនមកពីស៊ិស្ទើរ សែរី ឌូ អតីតទីប្រឹក្សាទីពីរក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅ ថាដើម្បីបើកខ្សែទំនាក់ទំនងជាមួយព្រះវរបិតាសួគ៌ នោះសូមសួរខ្លួនឯងនូវសំណួរទាំងនេះ ៖
-
តើសំណួររបស់បងប្អូនត្រូវបានសួរដោយមានការសន្មត់ថា មានចម្លើយហើយដែរឬទេ ?
-
តើបងប្អូនមានឆន្ទៈទុកចិត្តទៅលើព្រះអម្ចាស់ ហើយផ្ដល់ប្រយោជន៍ដល់ទ្រង់ពេលមានមន្ទិលសង្ស័យដែរឬទេ ?
រួចហើយ សូមសួរព្រះវរបិតាសួគ៌ ៖
-
ឲ្យបង្រៀនដល់បងប្អូនអំពីរបៀបដែលទ្រង់នឹងមានបន្ទូលមកកាន់បងប្អូនរៀងៗខ្លួន ។
-
របៀបដែលទ្រង់មានព្រះទ័យយ៉ាងណាចំពោះបងប្អូន ។
គាត់ថ្លែងថា « រួចហើយសូមមើលរបៀបដែលទ្រង់នឹងបង្រៀនបងប្អូន រួមទាំងព្រះគម្ពីរដែលបងប្អូននឹងអាន ការគូសបញ្ជាក់ក្នុងសារលិខិតសន្និសីទទូទៅ ដែលបងប្អូនអាចខកខានមិនបានអានលើកដំបូង ជាដើម ។ … កាលវេលាកន្លងទៅ ទ្រង់នឹងប្រាប់បងប្អូន ហើយពេលទ្រង់ធ្វើដូច្នេះ នោះបងប្អូននឹងរៀនបន្ថែមទៀតអំពីការដឹងពីវិវរណៈតាមរយៈព្រះវិញ្ញាណ » ។៥
សំណួរដ៏សំខាន់ទាំងពីរនេះបានធ្វើឲ្យមានភាពខុសគ្នាដ៏ធំមួយក្នុងសមត្ថភាពរបស់ខ្ញុំដើម្បីស្គាល់ និងទទួលបានវិវរណៈ ។
៥. ការតោងឲ្យជាប់នឹងអ្វីដែលបងប្អូនបានដឹងហើយ
ពេលខ្លះចម្លើយមិនកើតមានភ្លាមៗទេ ។ ចម្លើយរបស់បងប្អូននាពេលនេះអាចគ្រាន់តែជាការទុកចិត្តទៅលើព្រះវរបិតាសួគ៌ និងមានភាពអំណត់តែប៉ុណ្ណោះ ។ សូមចាំដល់ដំបូន្មានរបស់អែលឌើរ អុជដូហ្វថាឲ្យ « សូមសង្ស័យមន្ទិលអ្នកពីមុនសង្ស័យសេចក្ដីជំនឿអ្នក » ។៦
ប្រសិនបើបងប្អូនមានអារម្មណ៍បាក់ទឹកចិត្ត សូមគិតទៅដល់សេចក្ដីពិតដែលបងប្អូនបានដឹងនៅក្នុងដួងចិត្តរបស់បងប្អូន ។ នៅពេលខ្ញុំមានការពិបាក ខ្ញុំចងចាំដល់គ្រាទាំងនោះ នៅពេលខ្ញុំបានដឹងដោយប្រាកដថា ខ្ញុំគឺជាបុត្រីជាទីស្រឡាញ់របស់ព្រះវរបិតាមាតាសួគ៌ ថាព្រះមានផែនការមួយសម្រាប់ខ្ញុំ ហើយថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះរបស់ខ្ញុំ ។
នៅពេលបងប្អូនមានសំណួរ វាអាចងាយស្រួលដើម្បីផ្ដោតទៅលើអ្វីដែលបងប្អូនមិនយល់ ជាជាងអ្វីដែលបងប្អូនធ្វើ ។ ប៉ុន្ដែប្រសិនបើបងប្អូនមានឆន្ទៈដើម្បីបន្ទន់ដួងចិត្តរបស់បងប្អូន រក្សាទស្សនវិស័យអស់កល្បជានិច្ច ហើយសម្របឆន្ទៈរបស់បងប្អូនដោយរាបសាទៅតាមព្រះទ័យរបស់ព្រះវរបិតាសួគ៌ នោះទ្រង់នឹងដឹកនាំបងប្អូនទៅរកសេចក្ដីពិតជានិច្ច ហើយផ្ដល់សេចក្ដីសង្ឃឹមដល់បងប្អូន រហូតដល់ចំណេះដឹងបន្ថែមទៀតកើតមានឡើង ។ហើយនៅថ្ងៃមួយ បងប្អូននឹងមានចម្លើយចំពោះសំណួររបស់បងប្អូនទាំងអស់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១០១:៣២–៣៦ ) ។