គ្រួសារចាស់ដ៏ថ្មីស្រឡាងរបស់ខ្ញុំ
ឥឡូវនេះអ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
ប្រសិនបើអ្នកអនុញ្ញាត នោះគ្មានអ្វីដែលដំណឹងល្អពុំអាចផ្លាស់ប្ដូរនោះទេ ។
ពួកអ្នកផ្សព្វផ្សាយសាសនាកាន់រូបថតមួយ ។ ពួកគេបានសួរថា « តើប្អូនមើលឃើញអ្វី ? »
ខ្ញុំបានឆ្លើយថា « គ្រួសាររីករាយមួយ » ។
« តើគ្រួសារទាំងអស់សុទ្ធតែរីករាយឬ ? »
ខ្ញុំគ្រវីក្បាលខ្ញុំ ។ ខ្ញុំបានពន្យល់ថា « អ្នកឃើញគ្រួសាររបស់ខ្ញុំហើយ » ។
ខ្ញុំមានអាយុ ១៦ ឆ្នាំ រស់នៅប្រទេសប្រេស៊ីល ជាកន្លែងដែលខ្ញុំបានរស់នៅតាំងពីខ្ញុំកើតមក ។ ពួកអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនខ្ញុំអស់ជាច្រើនសប្ដាហ៍ ប៉ុន្តែគ្មាននរណាម្នាក់នៅក្នុងគ្រួសារខ្ញុំចង់ស្ដាប់ទេ ។ អំឡុងពេលនោះ ពួកអ្នកផ្សព្វផ្សាយសាសនាបានឃើញគ្រួសារខ្ញុំឈ្លោះប្រកែកគ្នាជាញឹកញាប់ ។ គ្រួសារខ្ញុំ និងគ្រួសារដែលញញឹមពព្រាយនៅក្នុងរូបថតនោះពុំមានអ្វីដែលដូចគ្នានោះទេ ។
អែលឌើរម្នាក់បាននិយាយថា « មែនហើយ ប្រហែលជាគ្រួសារបច្ចុប្បន្នរបស់ប្អូនមិនមែនដូចនេះទេ ។ ប៉ុន្តែប្អូនអាចកសាងអនាគតគ្រួសាររបស់ប្អូនឲ្យខុសពីនេះ » ។
ពេលយើងបានបញ្ចប់ការជួបនោះ ពួកគេបានសុំខ្ញុំម្ដងទៀតឲ្យអធិស្ឋានអំពីអ្វីដែលយើងបានរៀន ។ ដូចរាល់ដងដែរ ខ្ញុំមិនបានសន្យាដើម្បីធ្វើដូច្នោះឡើយ ។ ខ្ញុំរីករាយនឹងអារម្មណ៍ដែលខ្ញុំបានមានពេលពួកអ្នកផ្សព្វផ្សាយសាសនាបានមកជួប ហើយខ្ញុំរហ័សយល់អំពីដំណឹងល្អណាស់ ។ ប៉ុន្តែខ្ញុំបារម្ភពីចម្លើយដែលខ្ញុំអាចនឹងទទួល ។ បើដំណឹងល្អគឺពិត ខ្ញុំនឹងត្រូវតែធ្វើការផ្លាស់ប្ដូរជាច្រើន ។
ជម្រើសថ្មី
បន្ទាប់ពីអែលឌើរបានចាកចេញទៅ ខ្ញុំពុំអាចឈប់គិតពីគ្រួសារដ៏រីករាយនោះបានទេ ។ គ្រួសារយើងមិនទាំងដូចនោះសូម្បីតែបន្តិច ។ ប៉ារបស់ខ្ញុំមិននៅក្នុងជីវិតខ្ញុំទេ ។ ចំណងទាក់ទងរបស់ខ្ញុំជាមួយនឹងម្ដាយខ្ញុំក៏មិនល្អដែរ ។ យាយរបស់ខ្ញុំជាអ្នកដែលថែទាំខ្ញុំ ប៉ុន្តែគ្មាននរណាក្នុងចំណោមយើងដែលប្រព្រឹត្តិដូចជាគ្រួសារមួយដែលពួកអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនឡើយ ។ គ្មាននរណាក្នុងចំណោមយើងបង្ហាញសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក ឬសូម្បីតែចំណាយពេលជាមួយគ្នាឲ្យបានច្រើនឡើយ ។
អស់មួយជីវិតខ្ញុំ ខ្ញុំបានសន្យានឹងខ្លួនឯងថា ខ្ញុំនឹងធ្វើជាឪពុកដ៏ល្អម្នាក់នៅថ្ងៃមួយ ។ ខ្ញុំនឹងធ្វើជាឪពុកដែលខ្ញុំមិនដែលមាន ។ ប៉ុន្តែនៅពេលពួកអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនខ្ញុំ ខ្ញុំបានចាប់ផ្ដើមដឹងថា ខ្ញុំកំពុងធ្វើរឿងដូចគ្នាទៅនឹងឪពុកម្ដាយខ្ញុំបានធ្វើនៅពេលពួកគាត់អាយុស្របាលខ្ញុំ ។ ខ្ញុំដើរលេងយប់ជ្រៅ ធ្វើអ្វីដែលខ្ញុំចង់ធ្វើ ហើយរស់នៅដូចជាក្មេងទំនើងម្នាក់ ។ ខ្ញុំបានធ្វើរឿងដដែលដូចគ្នាដោយគ្មានចេតនា ។
វាដល់ពេលដើម្បីសួរដល់ព្រះហើយ ។
នៅទីបំផុត ពេលខ្ញុំបានអធិស្ឋាន ខ្ញុំបានទទួលចម្លើយដែលខ្ញុំរំពឹងថានឹងបានកន្លងមក ។ សាសនាចក្រគឺពិត ! ឥឡូវនេះ វាដល់ពេលដែលត្រូវធ្វើការជ្រើសរើសហើយ ។
ខ្ញុំជាមនុស្សថ្មីម្នាក់
យាយខ្ញុំត្រូវតែផ្ដល់ការអនុញ្ញាតដល់ខ្ញុំពីមុនខ្ញុំអាចទទួលបុណ្យជ្រមុជទឹកបាន ។ គាត់បានជំទាស់ ប៉ុន្តែខ្ញុំជំនៈ ។
« យាយ តើលេអូណាដូមួយណាដែលយាយចង់បានជាង ? » ខ្ញុំបានសួរ ។ « ជាម្នាក់ដែលដើរលេងក្រៅ ផឹក ជក់ ហើយមកផ្ទះវិញយប់ជ្រៅ ? ឬយាយពេញចិត្តខ្ញុំឥឡូវនេះជាង ? ការផ្លាស់ប្ដូរទាំងនេះគឺដោយសារតែដំណឹងល្អ » ។
ទីបំផុតយាយបានយល់ព្រម ហើយខ្ញុំបានទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ តាំងពីគ្រានោះមក មានអ្វីមួយដែលគួរឲ្យចាប់អារម្មណ៍បានកើតឡើងនៅក្នុងគ្រួសារខ្ញុំ—ជាអ្វីដែលខ្ញុំពុំដឹងពេញលេញរហូតដល់ពីរបីឆ្នាំក្រោយមក ។
គ្រួសារថ្មីមួយ
មុនពេលខ្ញុំចាកចេញទៅបេសកកម្មរបស់ខ្ញុំនៅភាគខាងត្បូងប្រទេសប្រេស៊ីល យាយបានចូលរួមសន្និសីទស្តេកមួយជាមួយខ្ញុំ ។ បន្ទាប់ពីនោះ យើងបានមានការប្រជុំថ្លែងទីបន្ទាល់តូចមួយជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ។ ខ្ញុំភ្ញាក់ផ្អើលណាស់ដែលយាយចង់និយាយប្រាប់អ្វីមួយ ។
គាត់បាននិយាយថា « តាំងពីលេអូណាដូចូលព្រះវិហារអ្នកមក គ្រួសារខ្ញុំបានចាប់ផ្ដើមក្លាយជាគ្រួសារពិតមួយ » ។ បន្ទាប់មកគាត់បានរៀបរាប់ពីរបៀបដែលគ្រួសារយើងទាំងមូលបានខិតកាន់តែជិតស្និតនឹងគ្នា ៖ ឥឡូវនេះយើងបានចំណាយពេលជាមួយគ្នា ។ យើងបានចាប់ផ្ដើមនិយាយថា « ខ្ញុំស្រឡាញ់អ្នក » ទៅវិញទៅមក ដែលយើងមិនដែលនិយាយទេពីមុនមក ។ ការឈ្លោះប្រកែកបានបញ្ឈប់ ។ យើងបានអភិវឌ្ឍមិត្តភាពក្នុងចំណោមយើងទាំងអស់គ្នា ។ យើងមានម្ហូបទទួលទានកាន់តែច្រើន ហើយត្រូវបានប្រទានពរឲ្យយ៉ាងបរិបូរនៅចំនុចផ្សេងៗទៀត ។
ខ្ញុំបានសម្គាល់ឃើញការផ្លាស់ប្ដូរទាំងនេះផងដែរ ប៉ុន្តែខ្ញុំពុំបានដឹងថាពេលវេលាអាចភ្ជាប់ត្រឡប់ទៅពេលដែលខ្ញុំទទួលបុណ្យជ្រមុជទឹកនោះឡើយ ។
គាត់បាននិយាយថា « ខ្ញុំមិនមែនជាសមាជិកសាសនាចក្ររបស់អ្នក ប៉ុន្តែខ្ញុំជាមិត្តម្នាក់របស់សាសនាចក្រអ្នក ។ ហើយខ្ញុំដឹងថា គ្រួសារយើងត្រូវបានប្រទានពរដោយសារជម្រើសរបស់លេអូណាដូ » ។
ការយល់ដឹងថ្មី
ខ្ញុំស្ទើរតែពុំអាចជឿបានទេ ! ប៉ុន្តែកាលដែលលោកយាយបាននិយាយអំពីរបៀបដែលគ្រួសារយើងកាន់តែមានភាពជិតស្និត មួយរំពេចនោះខ្ញុំបានចងចាំពីរូបថតដែលពួកអ្នកផ្សព្វផ្សាយសាសនាបានបង្ហាញដល់ខ្ញុំជាច្រើនឆ្នាំកន្លងមក ។ កាលពីពេលនោះ ខ្ញុំបានគិតថា របៀបតែមួយដើម្បីមានគ្រួសារដ៏រីករាយគឺជាមួយគ្រួសារក្នុងពេលអនាគតរបស់ខ្ញុំ ។
ប៉ុន្តែខ្ញុំបានគិតខុសហើយ ។ គ្រួសារបច្ចុប្បន្នរបស់ខ្ញុំរីករាយ ! យើងបានចាប់ផ្ដើមស្រឡាញ់គ្នាទៅវិញទៅមក ។
ប្រហែលជាគ្មានសមាជិកគ្រួសាររបស់ខ្ញុំណាម្នាក់នឹងចូលព្រះវិហារនេះទេនៅក្នុងជីវិតនេះ ។ ប៉ុន្តែទោះបីពួកគាត់មិនចូល ខ្ញុំដឹងថាព្រះបានប្រទានពរដល់យើងក្នុងរបៀបជាច្រើនរួចទៅហើយ ។ ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទបង្ហាញយើងពីរបៀបដើម្បីអភិវឌ្ឍគ្រួសារយើង មិនថាស្ថានភាពគ្រួសារមើលទៅយ៉ាងណានោះទេ ។