ចូរមកតាមខ្ញុំព្រះគម្ពីរមរមន
តើអ្វីជាសារសំខាន់នៃឈ្មោះមួយ ?
ថ្ងៃទី ២៩ ខែ មិថុនា–ថ្ងៃទី ៥ ខែ កក្កដា
ក្រោយពីការប្រែចិត្តជឿរបស់ពួកគេ ពួកសាសន៍លេមិនដ៏ស្មោះត្រង់ចង់បានឈ្មោះថ្មីមួយដើម្បីបំបែកពួកគេពីពួកសាសន៍លេមិនដទៃទៀត និងដើម្បីជាសញ្ញាដល់ការប្រែចិត្តជឿរបស់ពួកគេដល់ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេបានហៅខ្លួនឯងថាសាសន៍អាន់តៃ-នីហ្វ-លីហៃ ( សូមមើល អាលម៉ា ២៣:១៦–១៧ ) ។ យើងបំបែកខ្លួនយើងសព្វថ្ងៃនេះដោយការយកព្រះនាមព្រះយេស៊ូវមកដាក់លើខ្លួនយើង ។
និមិត្តរូបនៃការប្រែចិត្តជឿរបស់យើង
នៅឯពិធីបុណ្យជ្រមុជទឹក យើងធ្វើសេចក្ដីសញ្ញាដើម្បីលើកដាក់លើខ្លួនយើងនូវព្រះនាមរបស់ព្រះគ្រីស្ទ ។ រាល់ដងដែលយើងទទួលទានសាក្រាម៉ង់ យើងរំឭកចាំសេចក្ដីសញ្ញារបស់យើង ។ តើយើងធ្វើសេចក្ដីសញ្ញាដើម្បីចងចាំ និងធ្វើអ្វីខ្លះ ពេលយើងលើកដាក់លើខ្លួនយើងនូវព្រះនាមរបស់ទ្រង់ ? ( សូមមើល ម៉ូសាយ ១៨:៨–៩; គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧ ) ។
សាក្សីអំពីព្រះគ្រីស្ទ
ពួកសាវកជា « ពួកសាក្សីពិសេសអំពីព្រះនាមនៃព្រះគ្រីស្ទនៅពេញសព្វក្នុងពិភពលោក » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២៣ ) ។ យើងអាចធ្វើជាសាក្សីអំពីព្រះគ្រីស្ទផងដែរ ។ តើបងប្អូនអាចឈរជាមួយនឹងពួកព្យាការី និងសាវក ហើយធ្វើជាសាក្សីម្នាក់អំពីព្រះនាមនៃព្រះគ្រីស្ទដល់មនុស្សនៅជុំវិញបងប្អូនយ៉ាងដូចម្ដេច ?
ប្រភពនៃអំណាច
ថ្មីៗនេះ ប្រធាន រ័សុល អិម ណិលសុន បានទទូចយើងឲ្យហៅសាសនាចក្រតាមឈ្មោះត្រឹមត្រូវ ៖ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ លោកបានសន្យាថា អំណាចនឹងចាក់ស្រោចលើពួកបរិសុទ្ធកាលដែលយើងធ្វើដូច្នោះ ( សូមមើល « The Correct Name of the Church » Liahona ខែវិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៩ ) ។ តើមានអ្វីខ្លះដែលបងប្អូនអាចធ្វើដើម្បីប្រើប្រាស់ឈ្មោះត្រឹមត្រូវរបស់សាសនាចក្រឲ្យបានកាន់តែប្រសើរ ហើយជួយអ្នកផ្សេងទៀតឲ្យធ្វើដូចគ្នាដែរនោះ ?