ប្រវត្តិសាសនាចក្រ ៖ ប្រភពនៃកម្លាំង និងការបំផុសគំនិត
កាលយើងរៀនបន្ថែមទៀតពីពួកបរិសុទ្ធពីមុន យើងនឹងទទួលបានកម្លាំងក្នុងការបំពេញបេសកកម្មរបស់យើងផ្ទាល់ ក្នុងនាមជាបុត្រា ឬបុត្រីមួយរូបរបស់ព្រះ ។
អែលឌើរ ឃុក ៖ ប្រវត្តិសាស្ត្រសាសនាចក្រអាចជាប្រភពដ៏សំខាន់នៃសេចក្ដីជំនឿ ប៉ុន្តែសម្រាប់មនុស្សមួយចំនួន វាត្រូវបានយល់ខុស ឬមើលរំលង ។ មនុស្សខ្លះថែមទាំងបាននិយាយរឿងពីអតីតកាលទាំងខុសឆ្គងដោយចេតនា ដើម្បីបង្កឲ្យមានការសង្ស័យ ។
ដោយការរៀនសូត្រប្រវត្តិសាស្ត្រសាសនាចក្រដែលអាចជឿទុកចិត្តបាន នោះយើងនឹងចងភ្ជាប់ដួងចិត្តរបស់យើងរួមគ្នាជាមួយនឹងពួកបរិសុទ្ធជំនាន់មុន និងសម័យបច្ចុប្បន្ន ។ យើងនឹងរកឃើញគំរូនៃមនុស្សដែលមិនល្អឥតខ្ចោះដូចជាបងប្អូន និងខ្ញុំ ដែលបានដើរឆ្ពោះទៅមុខដោយសេចក្ដីជំនឿ ហើយបានអនុញ្ញាតឲ្យព្រះធ្វើការតាមរយៈពួកគេ ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ ។ ខ្ញុំសូមសន្យាថា ការសិក្សាប្រវត្តិសាស្ត្រសាសនាចក្រអាចពង្រឹងសេចក្ដីជំនឿ និងបំណងប្រាថ្នាបងប្អូនដើម្បីរស់នៅតាមដំណឹងល្អកាន់តែពេញលេញ ។
ដំណើររឿងនៃការស្ដារឡើងវិញគឺជាដំណើររឿងមួយនៃការលះបង់ ការប្តេជ្ញាចិត្ត និងសេចក្ដីជំនឿ ។ យើងទាំងអស់គ្នាគឺជាផ្នែកនៃការស្ដារឡើងវិញ និងនៃប្រវត្តិសាស្ត្រសាសនាចក្រ ។ យើងម្នាក់ៗមានបេសកកម្មមួយដើម្បីសម្រេចនៅក្នុងជីវិតនេះ ដែលនឹងជួយដំណឹងល្អឲ្យបំពេញផែនដីនេះ ។ កាលយើងរៀនបន្ថែមទៀតពីពួកបរិសុទ្ធពីអតីតកាល យើងនឹងទទួលបានកម្លាំងក្នុងការបំពេញបេសកកម្មរបស់យើងផ្ទាល់ ក្នុងនាមជាបុត្រា ឬបុត្រីមួយរូបរបស់ព្រះ ។
ក្នុងរយៈពេលជាង ២៤ ឆ្នាំនេះដែលខ្ញុំបានបម្រើជាពួកអ្នកមានសិទ្ធិអំណាចទូទៅមួយរូប ថាបំណងប្រាថ្នារបស់ពួកបងប្អូនប្រុសគឺធ្វើឲ្យមានតម្លាភាពតាមដែលអាចធ្វើទៅបាន ទាំងខាងប្រវត្តិសាស្ត្រសាសនាចក្រ និងខាងគោលលទ្ធិ ។ យើងទទួលអារម្មណ៍ថា ការខិតខំបង្កើតធនធានថ្មីទាំងនេះ—ជាពិសេស អត្ថបទរបស់យ៉ូសែប ស្ម៊ីធ សំណេរអំពីប្រធានបទដំណឹងល្អ ប្រធានបទប្រវត្តិសាស្ត្រសាសនាចក្រ ហើយឥឡូវនេះគឺ សៀវភៅ ពួកបរិសុទ្ធ១ ដែលមានច្រើនវ៉ុល—គឺជាវិធីដ៏ល្អមួយ ដោយឲ្យមនុស្សសិក្សារឿងរ៉ាវនៅក្នុងបរិបទដែលត្រឹមត្រូវ ហើយនឹងជួយពួកគេឲ្យយល់ពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទតាមរបៀបដែលអាចជឿទុកចិត្តបាន ។
ដំណើររឿងមួយដែលខ្ញុំចូលចិត្តនៅក្នុង ពួកបរិសុទ្ធ គឺជាដំណើររឿងរបស់ អាឌីសុន ប្រាត ធ្វើដំណើរទៅតំបន់ប៉ាស៊ីភិចខាងត្បូង ។ លោកមានពិធីបុណ្យជ្រមុជទឹកប្រហែលជា ៦០ ។ ភរិយារបស់ខ្ញុំ ម៉ារី និងខ្ញុំបានមានឱកាសទៅបណ្ដុំកោះអូស្ត្រាលី ហ្វ្រែន ប៉ូលីនេស្សា ជាកន្លែងដែល អាឌីសុន ប្រាត បានបង្រៀន ។
បទពិសោធន៍ដ៏អស្ចារ្យមួយដែលខ្ញុំធ្លាប់មាន គឺការឮស្ត្រីវ័យក្មេងម្នាក់និយាយនៅទីនោះថា « ខ្ញុំគឺជាសមាជិកសាសនាចក្រជំនាន់ទីប្រាំពីរ » ។ អាឌីសុន ប្រាត បានជ្រមុជទឹកជីដូនជីតារបស់នាង ពីមុនពួកបរិសុទ្ធចេញទៅរដ្ឋយូថាហ៍ ។
មិនថាបងប្អូននៅទីណាទេ មិនថាតំណពូជពង្សរបស់បងប្អូនមកពីណាទេ បងប្អូនគឺជាមនុស្សសំខាន់ បងប្អូនគឺជាផ្នែកនៃប្រវត្តិសាស្ត្រសាសនាចក្រ ។ យើងត្រូវការបងប្អូន ហើយចង់បានបងប្អូនខ្លាំងណាស់ ។ បងប្អូននឹងផ្ដល់ពរជ័យដល់ជីវិតមនុស្ស ។
ហេតុអ្វីសាសនាចក្រពុំបើកចំហរកាន់តែខ្លាំងអំពីរឿងរ៉ាវចម្រូងចម្រាស់មួយចំនួននៅក្នុងប្រវត្តិសាស្ត្ររបស់សាសនាចក្រ ?
ដោយ ខេត ហូលប្រ៊ូក
កាលខ្ញុំអាយុបួនឆ្នាំ ម្ដាយខ្ញុំ និងយាយខ្ញុំបានធ្វើការនៅផ្ទះប៊ីហៃ ជាផ្ទះចាស់របស់ព្រីកហាំ យ៉ង់ នៅក្នុងទីក្រុងសលត៍លេក រដ្ឋយូថា ។ គាត់បានបង្រៀនខ្ញុំអ្វីៗទាំងអស់អំពីព្រីកហាំ យ៉ង់ ហើយថាលោកមានភរិយាច្រើន ។ ប្រហែល ១០ ឆ្នាំក្រោយមក ខ្ញុំបានរៀនថា យ៉ូសែប ស្ម៊ីធ មានភរិយាច្រើនផងដែរ ។ ខ្ញុំពុំបានរៀនពីត្បូងអ្នកមើលឆុត ដែលយ៉ូសែប ស្ម៊ីធ ប្រើដើម្បីជួយបកប្រែព្រះគម្ពីរមរមនទេ រហូតដល់ខ្ញុំជាមជ្ឈិមវ័យ ។ សាសនាចក្រពុំបានបិទបាំងព័ត៌មានពីខ្ញុំទេ ប៉ុន្តែព័ត៌មានប្រវត្តិសាស្ត្រនោះពុំត្រូវបានសង្កត់ធ្ងន់ខ្លាំងទេ ពេលខ្ញុំនៅក្មេងនោះ ។
អ្វីដែលខ្ញុំបានរៀននៅក្នុងការប្រជុំថ្ងៃអាទិត្យរបស់ខ្ញុំ និងក្នុងថ្នាក់សិក្ខាសាលារបស់ខ្ញុំគឺជាកិច្ចការចម្បងរបស់សាសនាចក្រ ។ ខ្ញុំបានរៀនប្រែចិត្ត ។ ខ្ញុំបានរៀនធ្វើឲ្យជីវិតខ្ញុំស្របតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំបានរៀនពីរបៀបបង្កើតទំនាក់ទំនងមួយជាមួយនឹងព្រះវរបិតាសួគ៌ខ្ញុំ ។ ហើយទាំងនេះគឺជារឿងដែលខ្ញុំផ្តល់តម្លៃបំផុតក្នុងជីវិតរបស់ខ្ញុំ ។ ខ្ញុំដឹងថា ចំពោះមនុស្សខ្លះ វាអាចជារឿងដ៏ឈឺចាប់ដើម្បីរៀនពីអ្វីមួយដែលប្អូនបានគិតថា ប្អូនគួរតែបានដឹង ប៉ុន្តែប្អូនពុំបានដឹង ។ នោះជាហេតុផលដែល ម៉ាត និងខ្ញុំធ្វើកិច្ចការដែលយើងធ្វើនេះ ។ យើងសង្ឃឹមថា បទពិសោធន៍សម្រាប់មនុស្សនោះនឹងក្លាយជាផ្នែកមួយនៃអតីតកាល ដោយសារយើងមានសៀវភៅពួកបរិសុទ្ធ ដែលបង្ហាញពីដំណើររឿងពេញលេញមួយសម្រាប់មនុស្សទូទៅ ។
តើយើងដឹងថាបើប្រភពមួយអំពីប្រវត្តិសាស្ត្រសាសនាចក្រអាចជឿជាក់បានដោយរបៀបណា ?
ដោយ ម៉ាត ហ្គ្រូ
ខ្ញុំបានធ្វើការឲ្យសាសនាចក្រអស់ប្រាំបួនឆ្នាំហើយ ដោយសរសេរអំពីប្រវត្តិសាស្ត្រ ។ ខ្ញុំបានឃើញពីឥរិយាបថរបស់ពួកអ្នកមានសិទ្ធិអំណាចទូទៅរបស់យើងចំពោះប្រវត្តិសាស្ត្ររបស់យើង ។ ការសន្ទនាទាំងឡាយគឺមិនមែនអំពី « តើយើងលាក់កំបាំង ឬពិនិត្យដកចេញនូវអ្វីដែលមិនល្អពីប្រវត្តិសាស្ត្រដោយរបៀបណា ? » នោះទេ ។ ផ្ទុយទៅវិញ ការសន្ទនាទាំងឡាយគឺអំពី « តើយើងអាចធ្វើឲ្យប្រវត្តិសាស្ត្រអាចចូលទៅប្រើប្រាស់បាន អាចរកបាន និងអាចយល់បានដោយរបៀបណា ? »
យើងទាំងអស់គ្នាដឹងថា ការប្រឈមនៅក្នុងជំនាន់ព័ត៌មានវិទ្យានោះ គឺពុំមែនជាការស្វែងរកចម្លើយនោះទេ—យើងហ៊ុមព័ទ្ធដោយចម្លើយ—ប៉ុន្តែការប្រឈមនោះគឺជាការញែកដឹងរវាងចម្លើយល្អ និងចម្លើយអាក្រក់ ព័ត៌មានល្អ និងព័ត៌មានអាក្រក់ ។ មានការពិភាក្សាជាច្រើនអំពីប្រវត្តិសាស្ត្ររបស់យើងនៅលើអ៊ិនធើរណិត ហើយភាគច្រើនការពិភាក្សាទាំងនេះបង្កើតឲ្យមានជាកំហឹងជាជាងពន្លឺ ។
ចូរប្រុងប្រយ័ត្នអំពីប្រភពព័ត៌មានដែលរកតែបន្តុះបង្អាប់ដល់មនុស្ស ។ ជំនួសមកវិញ សូមរកមើលប្រភពព័ត៌មានដែលពឹងផ្អែកទៅលើកំណត់ត្រាដែលបន្សល់ទុកដោយមនុស្សផ្ទាល់ ហើយដែលខិតខំដើម្បីមានភាពយុត្តិធម៌ចំពោះពួកគេ ។ វាងាយស្រួលដើម្បីរកឃើញកំហុសរបស់មនុស្សជំនាន់មុនដោយវិនិច្ឆ័យពួកគេដោយប្រើបទដ្ឋានបច្ចុប្បន្ននេះ វាងាយស្រួលដើម្បីទាញយកការដកស្រង់មួយ ឬឧប្បត្តិហេតុមួយចេញពីបរិបទរបស់វា ហើយធ្វើឱ្យវាមើលទៅគួរឱ្យភ័យខ្លាច ។
ក្នុងនាមជាអ្នកប្រវត្តិវិទូមួយរូប ខ្ញុំព្យាយាមធ្វើតាមពាក្យទូន្មានរបស់កវីប្រលោមលោកជនជាតិអង់គ្លេសម្នាក់ ។ គាត់ពោលថា « អតីតកាលគឺជាប្រទេសក្រៅមួយ ពួកគេធ្វើរឿងផ្សេងនៅទីនោះ » ( L. P. Hartley, The Go-Between [ 1953 ], បុព្វកថា ) ។ វាមានន័យថា នៅពេលយើងមើលទៅអតីតកាល យើងពុំចង់ធ្វើជា « អ្នកទេសចរណ៍ដ៏អាក្រក់ » ម្នាក់នោះទេ ។ យើងចង់ព្យាយាមយល់ពីមនុស្សនៅក្នុងបរិបទ និងវប្បធម៌របស់ពួកគេផ្ទាល់ ។ យើងចង់មានចិត្តអត់ធ្មត់ជាមួយនឹងអ្វីដែលយើងយល់ថាជាកំហុសរបស់ពួកគេនោះ ។ យើងចង់មានចិត្តរាបទាបចំពោះដែនកំណត់នៃដំណេះដឹងរបស់យើងផ្ទាល់ ។ ហើយយើងចង់មានវិញ្ញាណនៃសេចក្ដីសប្បុរសមួយអំពីអតីតកាល ។
យ៉ូសែប ស៊្មីធ និងព្រះគម្ពីរមរមន
កាលខ្ញុំនៅជាយុវវ័យ យើងបានគិតថា បងប្រុសខ្ញុំនឹងមិនបានបម្រើបេសកកម្មទេ ដោយសារវួដត្រូវបានអនុញ្ញាតឲ្យបញ្ជូនយុវជនតែម្នាក់ម្ដងៗប៉ុណ្ណោះដើម្បីទៅបម្រើបេសកកម្មមួយ ។ អ្នកផ្សេងទៀតត្រូវតែត្រៀមជាស្រេចសម្រាប់កំណែនទ័ព ។ ប៉ុន្តែប៊ីស្សព និងប្រធានស្តេករបស់យើងបានដឹងថា ពួកគាត់អាចបញ្ជូនម្នាក់ទៀត ។ ដូច្នេះពួកគាត់បាននិយាយជាមួយបងប្រុសខ្ញុំអំពីវា ហើយគាត់បានត្រឡប់មកផ្ទះប្រាប់ឪពុកម្ដាយខ្ញុំ ។
ឪពុករបស់ខ្ញុំជាបុរសដ៏ល្អម្នាក់ ប៉ុន្តែគាត់មិនបានសកម្មនៅក្នុងព្រះវិហារទេ ។ ការឆ្លើយតបរបស់គាត់គឺអវិជ្ជមាន—ប៉ុន្តែដោយសារមូលហេតុដ៏មិនធម្មតាមួយ ។ គាត់ពុំបានរិះគន់សាសនាចក្រ ឬបេសកកម្មទេ ប៉ុន្តែបងប្រុសខ្ញុំកំពុងរៀបចំខ្លួនចូលរៀនសាលាពេទ្យ ។ ឪពុកខ្ញុំបានពោលថា « កូនបានរៀបចំខ្លួនចូលរៀនសាលាពេទ្យ ។ កូនបានចូលរៀនថ្នាក់ទាំងឡាយ ។ កូនអាចធ្វើកិច្ចការល្អៗបានច្រើនជាងកូនទៅបេសកកម្ម បើកូនចូលរៀននៅសាលាពេទ្យ » ។
នៅរាត្រីនោះ បងប្រុសដ៏ល្អ ដ៏ស្មោះត្រង់របស់ខ្ញុំបានអង្គុយជាមួយនឹងខ្ញុំ ហើយយើងពីរនាក់បានពិភាក្សាគ្នា ។ យើងបានសន្និដ្ឋានថា ពិតជាមានសំណួរបីយ៉ាងដែលនឹងកំណត់ពីចម្លើយរបស់គាត់ទៅកាន់ឪពុករបស់យើង ។ ទីមួយគឺ « តើព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះនៃពិភពលោកមែនទេ ? » ទីពីរគឺ « តើព្រះគម្ពីរមរមនជាបន្ទូលរបស់ព្រះមែនទេ ? » និងទីបីគឺ « តើយ៉ូសែប ស្ម៊ីធគឺជាព្យាការីមែនទេ ? » ខ្ញុំបានដឹងថា ចម្លើយចំពោះសំណួរទាំងបីនោះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការសម្រេចចិត្តស្ទើរតែទាំងអស់ ដែលខ្ញុំនឹងធ្វើពេញមួយជីវិតខ្ញុំ ។
ខ្ញុំស្រឡាញ់ព្រះអង្គសង្គ្រោះជានិច្ច ហើយខ្ញុំបានអានព្រះគម្ពីរមរមន ប៉ុន្តែដោយដឹងថាចម្លើយទាំងនោះមានសារសំខាន់យ៉ាងណា នោះខ្ញុំបានអធិស្ឋាននៅរាត្រីនោះ ហើយបានទទួលចម្លើយតាមរយៈព្រះវិញ្ញាណបរិសុទ្ធនូវចម្លើយដ៏ជ្រាលជ្រៅមួយចំពោះសំណួរទាំងនោះ ។ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះ ព្រះគម្ពីរមរមនជាបន្ទូលរបស់ព្រះ ហើយយ៉ូសែប ស៊្មីធ គឺជាព្យាការី ។ ខ្ញុំថ្លែងទីបន្ទាល់ថា រឿងទាំងនេះពិត ។
ហេតុអ្វីដំណើររឿងអំពីការនិមិត្តដំបូងរបស់យ៉ូសែប ស្ម៊ីធ មានភាពខុសគ្នាបន្តិចបន្តួច ?
ដោយ ម៉ាត ហ្គ្រូ
យ៉ូសែប ស្ម៊ីធ បានកត់ត្រា ឬបានសុំឲ្យអ្នកសរសេរកំណត់ត្រារបស់លោកឲ្យកត់ត្រាដំណើររឿងបួនខុសៗគ្នាពីការនិមិត្តដំបូង ។ ដំណើររឿងទាំងអស់នោះប្រាប់ពីដំណើររឿងខ្ជាប់ខ្ជួន ប៉ុន្តែវាមានភាពខុសគ្នា ។ វាពុំគួរធ្វើឲ្យយើងភ្ញាក់ផ្អើលឡើយ ។ បើមានភាពឯកភាពពេញលេញក្នុងចំណោមដំណើររឿងទាំងនោះ នោះហើយជាពេលដែលខ្ញុំ ក្នុងនាមជាប្រវត្តិវិទូម្នាក់ នឹងមានការសង្ស័យ ព្រោះវាមិនមែនជាវិធីដែលការចងចាំដំណើរការនោះទេ ។ យើងមើលឃើញគំរូដូចគ្នានោះនៅក្នុងដំណើររឿងផ្សេងៗទៀតក្នុងប្រវត្តិសាស្ត្រ ឬក្នុងបទគម្ពីរ ( សូមមើល កិច្ចការ ៩:៧; ២២:៩ ) ។
សូមចងចាំផងដែរថា វាមានការលំបាកណាស់ដើម្បីរៀបរាប់ពីបទពិសោធន៍ពិសិដ្ឋមួយជាការនិយាយស្ដីនោះ ។ យ៉ូសែបបានហៅការនិយាយស្ដីថាជា « គុកដ៏តូចចង្អៀត » ( នៅក្នុង ប្រវត្តិសាស្ត្រនៃសាសនាចក្រ ១:២៩៩ ) ។ សូមគិតពីបទពិសោធន៍ដ៏ពិសិដ្ឋបំផុតរបស់អ្នក ។ តើវាងាយស្រួលដើម្បីរៀបរាប់ជាពាក្យសម្ដីដែរឬទេ ? យើងគួរតែអបអរដែលយើងមានដំណើររឿងច្រើន ដោយសារវាផ្ដល់ការយល់ដឹងថ្មី និងទស្សនវិស័យថ្មីដល់យើង ។ សូមទៅអានដំណើររឿងទាំងបួនអំពីការនិមិត្តដំបូង នៅក្នុងសំណេរប្រធានបទដំណឹងល្អ ( Gospel Topics essays ) ។ ការធ្វើដូច្នោះនឹងធ្វើឲ្យបងប្អូនកាន់តែមានអំណរគុណចំពោះអ្វីដែលបានកើតឡើងនៅថ្ងៃនោះ ។
តើយូរីម និងធូមីមបានដើរតួអ្វីខ្លះនៅក្នុងការបកប្រែព្រះគម្ពីរមរមន ?
ដោយ ខេត ហូលប្រ៊ូក
យ៉ូសែប ស្ម៊ីធ បានបកប្រែព្រះគម្ពីរមរមនដោយអំណោយទាន និងព្រះចេស្ដានៃព្រះ ។ យូរីម និងធូមីម ដែលបានលើកឡើងនៅក្នុងព្រះគម្ពីរមរមន ត្រូវបានកប់ទុកជាមួយនឹងផ្ទាំងចំណារទាំងនោះ ។ នៅពេលមរ៉ូណៃបានប្រគល់ផ្ទាំងចំណារមាសទៅយ៉ូសែប នោះលោកក៏បានប្រគល់យូរីម និងធូមីមផងដែរ ។ ត្បូងអ្នកមើលឆុត ដែលយ៉ូសែបក៏បានប្រើប្រាស់ដើម្បីបកប្រែដែរនោះ ពុំត្រូវបានកប់ទុកជាមួយនឹងផ្ទាំងចំណារនោះទេ ។ វាគឺជាអ្វីមួយដែលយ៉ូសែបបានរកឃើញដោយខ្លួនឯងប៉ុន្មានឆ្នាំមុននោះ ដែលបានជួយលោកឲ្យងាយស្ដាប់តាមវិវរណៈខាងវិញ្ញាណ ។ ដូច្នេះលោកបានប្រើវាទាំងពីរ ។
អិមម៉ា ស្ម៊ីធ ជាអ្នកសរសេរម្នាក់របស់លោក ក្រោយមកបានចងចាំថា នៅពេលណាយ៉ូសែបបានអង្គុយចុះដើម្បីចាប់ផ្ដើមបកប្រែម្ដងទៀត លោកពុំដែលសួរថា « ឥឡូវខ្ញុំដល់ត្រង់ណាហើយ ? តើខ្ញុំបានឈប់នៅត្រង់ណា ? » នោះទេ ។ លោកបានចាប់ផ្ដើមត្រង់កន្លែងដែលពួកលោកបានបញ្ចប់ ។ បើអ្នកមើលទៅទំព័រមួយនៃសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនរបស់យ៉ូសែប ស្ម៊ីធ ដែលលោកបានសរសេរបីឆ្នាំក្រោយពីការបកប្រែព្រះគម្ពីរមរមន វាមានសុទ្ធតែពាក្យដែលគូសចោល គំនិតមិនពេញលេញ ប្រយោគដែលខ្វះខាត ។ នៅពេលអ្នកមើលទៅទំព័រមួយនៃព្រះគម្ពីរមរមនដែលបានហៅឲ្យសរសេរ នោះគ្មានរឿងទាំងនោះឡើយ ។ វាពេញលេញ មានពាក្យដ៏ពិរោះ—ប្រយោគពេញលេញ គ្មានការគូសចោលទេ ។
រឿងទាំងអស់នេះគួរឲ្យចាប់អារម្មណ៍ណាស់បើគិតទៅ ប៉ុន្តែអ្វីដែលសំខាន់ចំពោះខ្ញុំជាងនេះ គឺជាបរិបទរបស់ព្រះគម្ពីរមរមន ។ ព្រះគម្ពីរមរមនគឺជាកន្លែងដែលស្ដេចបេនយ៉ាមីនបានបង្រៀនខ្ញុំឲ្យផ្ដល់អាទិភាពលើចិត្តសប្បុរសមុនការវិនិច្ឆ័យ ជាកន្លែងដែលអាលម៉ាបានបង្រៀនខ្ញុំអំពីអត្ថន័យនៅពេលដែលខ្ញុំបានជ្រមុជទឹក អ្វីដែលខ្ញុំសន្យាធ្វើសម្រាប់ពួកបរិសុទ្ធដទៃទៀត ។ ហើយព្រះគម្ពីរមរមនគឺជាកន្លែងដែលមរមន និងមរ៉ូណៃបានបង្រៀនខ្ញុំអំពីសារៈសំខាន់នៃសេចក្ដីសប្បុរស និងអ្វីដែលត្រូវធ្វើដើម្បីទទួលបានវា ។ ព្រះគម្ពីរនេះបានជួយលត់ដំខ្ញុំ និងបានបង្រៀនពីរបៀបដែលខ្ញុំមើលពិភពលោកនេះ ។
អាពាហ៍ពិពាហ៍ពហុពន្ធភាព
ខ្ញុំចង់លើកឡើងបីចំណុច អំពីអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ ទីមួយ វាច្បាស់ថា មានការលះបង់ជាច្រើននៅក្នុងអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ មាននូវសេចក្ដីស្រឡាញ់ និងសាមគ្គីភាពជាច្រើន ប៉ុន្តែក៏មានការលះបង់ផងដែរ ហើយឪពុកម្ដាយនៅក្នុងជីវិតអាពាហ៍ពិពាហ៍ទាំងនោះបានបង្រៀនកូនៗរបស់ពួកគេឲ្យលះបង់ ។ កូនៗជាច្រើននៃអាពាហ៍ពិពាហ៍ពហុពន្ធភាពទាំងនោះបានយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទទៅជុំវិញពិភពលោក ហើយបានផ្ដល់ពរជ័យដល់ជីវិតជាច្រើន ។
ទីពីរ មានមនុស្សមួយចំនួន ដូចជា វ៉ៃឡេត ឃិមបល ដែលបានទទួលវិវរណៈផ្ទាល់ខ្លួន—សូម្បីតែពីមុនពួកគេបានដឹងយ៉ាងពេញលេញអំពីអ្វីដែលនឹងកើតឡើងទៅទៀត—ថាគោលលទ្ធិនេះគឺមកពីព្រះ ។២
ហើយទីបី នៅក្នុងការប្រជុំក្រុមប្រឹក្សាជាន់ខ្ពស់នៃសាសនាចក្រ មានអារម្មណ៍មួយថា អាពាហ៍ពិពាហ៍ពហុពន្ធភាពត្រូវបានអនុវត្តដើម្បីបម្រើគោលបំណងមួយ ។ យើងគួរតែគោរពដល់ពួកបិសុទ្ធទាំងនោះ ប៉ុន្តែគោលបំណងនោះត្រូវបានបំពេញរួចហើយ ។
ឥឡូវ មាននូវសំណួរដែលមិនត្រូវបានឆ្លើយទាំងឡាយ ។ ប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនដឹងថា យើងមានព្រះវរបិតាសួគ៌ជាទីស្រឡាញ់មួយអង្គ ដែលមានផែនការមួយដ៏ល្អឥតខ្ចោះ ថាផែនការរបស់ទ្រង់គឺជាផែនការនៃសុភមង្គល ថាយើងមានព្រះអង្គសង្គ្រោះមួយអង្គដែលបានធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់យើង ។ យើងអាចទុកចិត្តពួកទ្រង់បាន ។
ហេតុអ្វីពួកគេអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាពនៅក្នុងជំនាន់ដំបូងៗនៃសាសនាចក្រ ?
ដោយ ខេត ហូលប្រ៊ូក
ការណែនាំក្នុងព្រះគម្ពីរមរមនអំពីអាពាហ៍ពិពាហ៍ពហុពន្ធភាពចែងថា អាពាហ៍ពិពាហ៍ឯកពន្ធគឺជាព្រះរាជបំណងរបស់ព្រះអម្ចាស់សម្រាប់រាស្ត្រទ្រង់ ប៉ុន្តែមាននូវការលើកលែងដ៏កម្រពេលទ្រង់បញ្ជាឲ្យមានការអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាពដើម្បីចិញ្ចឹមបីបាច់មនុស្សសុចរិត ( សូមមើល យ៉ាកុប ២:៣០ ) ។ នេះគឺជាករណីលើកលែងដ៏កម្រដែលយ៉ូសែប ស្ម៊ីធ ត្រូវបានបង្គាប់ឲ្យចាប់ផ្ដើម ។ យ៉ូសែបបានពន្យារពេលអស់រាប់ឆ្នាំក្នុងការអនុវត្តតាមការបញ្ជានេះ ប៉ុន្តែនៅទីបំផុត លោកបានអនុវត្តវា ដោយសារលោកចង់គោរពតាមបទបញ្ញត្តិរបស់ព្រះចំពោះលោក ។ លោកបានសាកល្បងអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាពនៅពាក់កណ្ដាលទសវត្សរ៍ ១៨៣០ ប៉ុន្តែលុះដល់ឆ្នាំ ១៨៤១ ទើបលោកបានចាប់ផ្ដើមណែនាំបន្តិចម្ដងៗជាផ្លូវការអំពីការអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាពដល់សហការីដែលលោកទុកចិត្ត ។ ពួកគេបានមានការតក់ស្លុត ។ ពួកគេបានទូលអង្វរក្នុងការអធិស្ឋានជាមួយនឹងព្រះវរបិតាសួគ៌សូមការយល់ដឹងអំពីគោលការណ៍នេះ ហើយពួកគេបានទទួលសាក្សីខាងវិញ្ញាណផ្ទាល់ខ្លួនថា វាគឺត្រឹមត្រូវសម្រាប់ពួកគេនៅពេលនោះ ។
អាពាហ៍ពិពាហ៍ពហុពន្ធភាពត្រូវបានអនុវត្តជាផ្លូវការអស់ប្រហែលជា ៥០ ឆ្នាំ នោះវាគឺជាអ្វីមួយដែលមនុស្សអាចជ្រើសរើស ។ ពួកអ្នកប្រាជ្ញនៅតែកំពុងព្យាយាមកំណត់ពីចំនួន ថាតើមជ្ឈិមវ័យពួកបរិសុទ្ធថ្ងៃចុងក្រោយប៉ុន្មាននាក់ដែលជាពួកបរិសុទ្ធថ្ងៃចុងក្រោយពិតជាបានចូលរួមក្នុងអាពាហ៍ពិពាហ៍ពហុពន្ធភាព ប៉ុន្តែយើងដឹងជាទូទៅថា មានភាគតិចនៃពួកបរិសុទ្ធថ្ងៃចុងក្រោយប៉ុណ្ណោះ ។ ហើយយើងដឹងថា ពួកគេភាគច្រើនគឺជាសមាជិកដ៏ស្មោះត្រង់ រឹងមាំបំផុតរបស់សាសនាចក្រយើង ។ នៅឆ្នាំ ១៨៩០ ប្រធាន វិលហ្វួឌ វូឌដ្រុព្វ ( ១៨០៧–៩៨ ) បានចេញផ្សាយសេចក្ដីថ្លែងការណ៍មួយដើម្បីបញ្ចប់ការអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ ហើយនៅពេលមនុស្សមួយចំនួនបានឮសេចក្ដីថ្លែងការណ៍នេះ ពួកគេបានធូរស្បើយក្នុងចិត្ត ។ អាពាហ៍ពិពាហ៍ពហុពន្ធភាពមានការលំបាកសម្រាប់ពួកគេ ។ នៅពេលមនុស្សផ្សេងទៀតបានឮសេចក្ដីថ្លែងការណ៍នេះ ពួកគេខ្ទិចខ្ទាំក្នុងចិត្ត ។ ពួកគេបានលះបង់យ៉ាងច្រើន ហើយពួកគេមានទីបន្ទាល់អំពីគោលការណ៍នេះ ។
សមាជិកសាសនាចក្រមួយចំនួនឆ្ងល់ថាតើការអនុវត្តពីអតីតកាលរបស់យើងទៅលើអាពាហ៍ពិពាហ៍ពហុពន្ធភាពមានន័យយ៉ាងណាសម្រាប់ជីវិតបន្ទាប់ពីនេះ ។ ថ្នាក់ដឹកនាំសាសនាចក្រយើងបានបង្រៀនយើងថា អាពាហ៍ពិពាហ៍ពហុពន្ធភាពពុំមែនជារឿងចាំបាច់សម្រាប់ភាពតម្កើងឡើង ឬសម្រាប់សិរីល្អដ៏អស់កល្បនោះទេ ។ ថ្វីបើខ្ញុំផ្ទាល់មានអំណរគុណដែលអាពាហ៍ពិពាហ៍ឯកពន្ធគឺជាច្បាប់ ហើយថាអាពាហ៍ពិពាហ៍ពហុពន្ធភាពជាការលើកលែង ក៏ខ្ញុំពុំបន្ទាបតម្លៃនៃទីបន្ទាល់ និងការប្រតិបត្តិដ៏គួរឲ្យគោរពរបស់បុព្វការីជនខាងវិញ្ញាណរបស់យើងដែលបានអនុវត្តគោលការណ៍នេះដែរ ។ ពួកគាត់គោរពប្រតិបត្តិ ហើយពួកគាត់មានទីបន្ទាល់មួយថាវាត្រឹមត្រូវ ។
ព្រះវិហារបរិសុទ្ធ និងសេចក្ដីសញ្ញា
នៅខឺតឡង់ អូហៃអូ មានរឿងអស្ចារ្យមួយដែលបានកើតឡើងគឺព្រះវិហារបរិសុទ្ធខឺតឡង់ និងការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធខឺតឡង់ ។ ការអធិស្ឋានឧទ្ទិសឆ្លង ដែលយ៉ូសែប ស្ម៊ីធ បានទទួលដោយវិវរណៈ មាននៅក្នុងកណ្ឌ ១០៩ ក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា ។ នៅក្នុងការអធិស្ឋាននោះ លោកបានទូលសូមព្រះអម្ចាស់ឲ្យទទួលយកស្នាដៃការងារ និងការលះបង់នៅក្នុងការសាងសង់ព្រះវិហារបរិសុទ្ធនោះ ។
មួយសប្ដាហ៍បន្ទាប់ពីការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ យ៉ូសែប ស្ម៊ីធ និងអូលីវើរ ខៅឌើរី បានមានការនិមិត្តមួយទៀត ។ ការណ៍នេះបានកើតឡើងនៅបុណ្យអ៊ីស្ទើរ ដែលជាបុណ្យរំលងផងដែរ ។ ព្រះអម្ចាស់បានយាងមកនៅក្នុងការនិមិត្ត ហើយបានទទួលយកដំណាក់នោះ ។ ទ្រង់បានប្រាប់ពួកបរិសុទ្ធថា ពួកគេគួរតែរីករាយដែល « បានសង់ដំណាក់នេះថ្វាយដល់ព្រះនាមរបស់យើងដោយអស់ពីកម្លាំងរបស់ពួកគេ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:៦ ) ។ បន្ទាប់ពីការនិមិត្តបានបញ្ចប់ ព្យាការីពីបុរាណបានលេចមក ៖ ម៉ូសេ ដែលបានស្ដារឡើងវិញនូវកូនសោទាំងឡាយសម្រាប់ការប្រមូលផ្ដុំវង្សអ៊ីស្រាអែលពីផ្នែកទាំងបួននៃផែនដី អេលីយ៉ាស ដែលបានប្រគល់គ្រាកាន់កាប់ត្រួតត្រានៃដំណឹងល្អរបស់អ័ប្រាហាំ និង អេលីយ៉ា ដែលបានស្ដារឡើងវិញនូវកូនសោនៃអំណាចផ្សារភ្ជាប់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១១–១៦ ) ។
ការស្ដារឡើងវិញនៃកូនសោទាំងនោះគឺពិតជាសំខាន់ដើម្បីសម្រេចបាននូវព្រះរាជបំណងរបស់ព្រះអម្ចាស់ ។ យើងមិនត្រឹមតែត្រូវការព្រះគម្ពីរមរមនប៉ុណ្ណោះទេ ប៉ុន្តែកូនសោ និងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធផងដែរ ។ កូនសោទាំងនោះមានសារៈសំខាន់ខ្លាំងណាស់នៅពេលនេះ ជាងពេលណាៗទាំងអស់ ។
ខ្ញុំបានសង្កេតឃើញថា នៅពេលសាវកម្នាក់ក្នុងចំណោមសាវកដប់ពីរនាក់ត្រូវបានហៅជាព្យាការី នោះដួងចិត្តរបស់ពួកលោកបានងាកទៅរកពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធតាមរបៀបមួយដ៏អស្ចារ្យ ។ ខ្ញុំមានឯកសិទ្ធិបាននៅទីនេះអំឡុងពេលឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធណៅវូអិលលីណោយ ជាមួយនឹងប្រធានហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ ) ។ ខ្ញុំអាចចងចាំថា វាបានរំជួលចិត្តលោកយ៉ាងខ្លាំង ក្នុងការធ្វើឲ្យព្រះវិហារបរិសុទ្ធនេះត្រូវបានសង់ឡើង ហើយថាវាសំខាន់ខ្លាំងយ៉ាងណាចំពោះលោក ដើម្បីនាំឲ្យមានព្រះវិហារបរិសុទ្ធទាំងឡាយដល់ពួកបរិសុទ្ធ ។ប្រធាន ថូម៉ាស អេស ម៉នសុ( ១៩២៧–២០១៨ ) បានបន្តកិច្ចខិតខំនោះ ហើយបានទទួលការបំផុសគំនិតមកពីស្ថានសួគ៌ដូចគ្នានឹងប្រធានហ៊ិងគ្លីដែរ ។ ហើយយើងបានឃើញការបំផុសគំនិតនោះជាមួយនឹងប្រធានណិលសុន តាមរបៀបមួយដ៏អស្ចារ្យ ។ ការទទួលខុសត្រូវរបស់ព្យាការីបានធ្លាក់មកលើលោក ហើយលោកមានការយល់ដឹងកាន់តែច្រើនអំពីតម្លៃនៃពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធ ។
សារលិខិតដំបូងមួយរបស់លោកក្នុងនាមជាប្រធាននៃសាសនាចក្រ គឺដើម្បីលើកទឹកចិត្តដល់មនុស្សឲ្យទៅព្រះវិហារបរិសុទ្ធ ទទួលពិធីបរិសុទ្ធរបស់ពួកគេ និងបន្តនៅលើផ្លូវនៃសេចក្ដីសញ្ញា ។ ភ្លាមៗបន្ទាប់ពីនោះ លោកបានមានប្រសាសន៍ថា ប្រសិនបើមានមូលហេតុណាមួយដែលអ្នកធ្លាក់ចេញពីផ្លូវនៃសេចក្ដីសញ្ញា នោះចូរត្រឡប់មកលើផ្លូវនោះវិញ ។៣
តើកិច្ចការព្រះវិហារបរិសុទ្ធផ្ដល់ពរជ័យដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយជំនាន់ដើមយ៉ាងដូចម្ដេច ?
ដោយ ម៉ាត ហ្គ្រូ
ពេលយ៉ូសែប ស្ម៊ីធ បានទទួលមរណភាព ជញ្ជាំងរបស់ព្រះវិហារបរិសុទ្ធណៅវូទើបតែធ្វើបានតិចជាងពាក់កណ្ដាល ហើយមិនយូរប៉ុន្មាន ប្រធាន ព្រិកហាំ យ៉ង់ ( ១៨០១–៧៧ ) បានដឹងច្បាស់ថា ពួកបរិសុទ្ធនឹងត្រូវបានបណ្ដេញចេញម្ដងទៀត ។ ដូច្នេះលោកបានទូលសួរព្រះអម្ចាស់ ៖ « តើយើងគួរបន្ដនៅបញ្ចប់ការសាងសង់ព្រះវិហារបរិសុទ្ធនោះ ដោយដឹងថា យើងនឹងត្រូវបោះបង់វាចោល នៅពេលវាសង់ជិតរួចរាល់ភ្លាមនោះ ឬយើងគួរចេញទៅនៅពេលនេះ ? » ចម្លើយគឺបានមកដោយច្បាស់លាស់ថា « បន្ត » ( សូមមើល កំណត់ហេតុរបស់ព្រិកហាំ យ៉ង់ ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៨៤៥ បណ្ណាសាររបស់សាសនាចក្រ Ronald K. Esplin « Fire in His Bones » Ensign ខែ មីនា ឆ្នាំ ១៩៩៣ ទំព័រ ៤៦ ) ។ ពិធីបរិសុទ្ធនៃអំណោយទានពិសិដ្ឋ និងពិធីបរិសុទ្ធនៃការផ្សារភ្ជាប់គឺមានសារៈសំខាន់ណាស់រហូតដល់ពួកបរិសុទ្ធត្រូវបន្តស្នាក់នៅទីនោះ ។
ដូច្នេះនៅឆ្នាំបន្ទាប់នោះ ពួកគេបានផ្ដល់នូវអ្វីៗទាំងអស់ដែលពួកគេបានមានដើម្បីសាងសង់ព្រះវិហារបរិសុទ្ធ ។ ទម្រាំដល់ការបញ្ចប់ ផ្ទះរបស់ពួកគេត្រូវបានដុតបំផ្លាញនៅជុំវិញទីក្រុងណៅវូ ហើយពួកបរិសុទ្ធកំពុងរៀបចំធ្វើដំណើរទៅទិសខាងលិចកាលដែលពួកគេកំពុងបញ្ចប់ការសាងសង់ព្រះវិហារបរិសុទ្ធ ។ នៅខែធ្នូ ឆ្នាំ១៨៤៥ ព្រះវិហារបរិសុទ្ធត្រូវបានសង់ចប់ល្មមគ្រប់គ្រាន់ ពួកបរិសុទ្ធអាចឧទ្ទិសឆ្លងមួយផ្នែកនៃព្រះវិហារបរិសុទ្ធ ផ្ដល់អំណោយទានពិសិដ្ឋដល់ពួកអ្នកដែលសក្ដិសម ហើយផ្សារភ្ជាប់ស្វាមី និងភរិយា ។
ពួកគេបានធ្វើការឥតស្រាកស្រាន្តពីរបីខែក្រោយនោះ ដើម្បីរៀបចំខ្លួនមនុស្សគ្រប់គ្នាខាងវិញ្ញាណសម្រាប់ដំណើរដ៏ធំទៅទិសខាងលិចនោះ ។ ចំពោះខ្ញុំ វាពិតជាអស្ចារ្យ ហើយពិតជាពិសិដ្ឋ ដោយសារខ្ញុំបានផ្សារភ្ជាប់ជាមួយនឹងភរិយា កូនៗ ឪពុកម្ដាយរបស់ខ្ញុំ និងជំនាន់ពីមុនខ្ញុំ និងជាមួយនឹងជំនាន់ដែលពុំកើតនៅឡើយ ដោយសារតែអំណាចដូចគ្នានោះ ។ នោះគឺជាអ្វីដែលការស្ដារឡើងវិញបានធ្វើឲ្យកើតមានឡើង ។
តើអ្នកអាចចែកចាយព្រឹត្តិការណ៍មួយចេញពីការស្ដារឡើងវិញដែលបានពង្រឹងទីបន្ទាល់របស់អ្នកបានដែរឬទេ ?
ដោយ ខេត ហូលប្រ៊ូក
ខ្ញុំចាំពីរឿងរបស់អិមម៉ា ស្ម៊ីធ ដែលព្យាយាមគេចពីការធ្វើទុក្ខបុកម្នេញនៅរដ្ឋមិសសួរី ។ ទន្លេមិស៊ីស៊ិបពីកកតែមួយផ្នែកប៉ុណ្ណោះ—មិនគ្រប់គ្រាន់ដើម្បីឲ្យរទេះជាមួយមនុស្ស និងរបស់របររបស់ពួកគេធ្វើដំណើរលើនោះទេ ។ វាជាទន្លេដ៏ធំមួយ ហើយវាគ្រោះថ្នាក់ដើម្បីឆ្លងកាត់ ។ អិមម៉ា និងកូនម្នាក់អាយុប្រាំមួយឆ្នាំកំពុងតោងសំពត់នាងនៅម្ខាង កូនអាយុប្រាំបីឆ្នាំតោងនៅម្ខាងទៀត បីកូនអាយុពីរឆ្នាំនៅដៃម្ខាងនេះ និងកូនតូចនៅដៃម្ខាងនោះ ។
បងថ្លៃស្រីរបស់អ្នកសរសេរម្នាក់របស់យ៉ូសែបបានដេរថង់ក្រណាត់កប្បាសដែលមានឡេវនៅជុំវិញចង្កេះ ។ អិមម៉ាបានស្ពាយការបកប្រែព្រះគម្ពីរប៊ីបរបស់យ៉ូសែបដែលមានតែមួយច្បាប់គត់នៅក្នុងថង់ក្រណាត់ទាំងនោះនៅខាងក្រោមសំពត់របស់គាត់ ដែលយ៉ូសែបបានបកប្រែអស់ជាច្រើនខែ ។ ដោយមានឯកសារ និងកូនៗរបស់គាត់ គាត់បានដើរម្ដងមួយជំហានម្តងៗកាត់ទន្លេកកនោះ ដោយសង្ឃឹមថា គាត់នឹងពុំផុងចុះឡើយ ។
ចំពោះខ្ញុំ វាគឺជាសញ្ញាពេញលេញនៃភាពក្លាហាន និងសេចក្ដីជំនឿ—នោះហើយជាពេលដែលអ្នកត្រូវធ្វើអ្វីមួយសម្រាប់អ្វីដែលអ្នកជឿ អ្នកត្រូវដើរឆ្ពោះទៅមុខមួយជំហានម្ដងៗ ។
« ចូរសង្ឃឹមឡើង »
ប្អូនៗជាច្រើនមានការសាកល្បង និងទុក្ខវេទនា ។ ការលំបាកមួយចំនួនទាំងនោះកើតឡើងដោយសារតែការមានសិទ្ធិជ្រើសរើស ។ ការលំបាកខ្លះទៀតដោយសារមានមារសត្រូវ ។ ប៉ុន្តែអ្នកចាំបាច់ត្រូវដឹងថា យើងមានព្រះវរបិតាជាទីស្រឡាញ់មួយអង្គដែលគង់នៅស្ថានសួគ៌ ហើយដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទអាចផ្ដល់ពរដល់យើងតាមរបៀបដែលយើងប្រហែលជាពុំយល់ពេញលេញនោះទេ ។
ប្រវត្តិវិទូមួយចំនួននិយាយថា ចំនួននៃពួកបរិសុទ្ធដែលបានគេចខ្លួនពីរដ្ឋមិសសួរីទៅទីក្រុងណៅវូអំឡុងរដូវរងាឆ្នាំ ១៨៣៨–៣៩ គឺខ្ពស់ដល់ទៅ ៨០០០ នាក់ ។ វាជារដូវរងា ។ តើយ៉ូសែបនៅទីណា ? លោកនៅក្នុងគុកលីប៊ើធី ខូចចិត្តជាខ្លាំងដោយសារពួកបរិសុទ្ធកំពុងជួបហេតុការណ៍នេះ ។ លោកបានមានអារម្មណ៍ថាលោកត្រូវបានបោះបង់ចោល ។
នៅក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់នេះ លោកបានទទួលបទគម្ពីរដ៏ល្អអស្ចារ្យបំផុតមួយចំនួន—កណ្ឌទី ១២១, ១២១ និង ១២៣ នៃគោលលទ្ធិ និងសេចក្ដីសញ្ញា ។ បទគម្ពីរទាំងនោះគឺសំខាន់ ។ ខ្ញុំសង្ឃឹមថា បងប្អូននឹងអានវា ។ ពួកបរិសុទ្ធមាននូវដំណើររឿងខ្លីមួយអំពីព្រឹត្តិការណ៍នេះ ៖
« យ៉ូសែបបានស្រែកយំជំនួសឲ្យពួកបរិសុទ្ធដែលគ្មានទោសកំហុស ។ លោកបានទូលអង្វរថា ‹ ឱព្រះអម្ចាស់អើយ តើពួកគេត្រូវរងទុក្ខចំពោះកំហុស និងការសង្កត់សង្កិនដ៏ខុសច្បាប់ទាំងនេះដល់ណាទៅ មុនព្រះហឫទ័យរបស់ទ្រង់នឹងបានទន់ទៅរកពួកគេ ? ›
« ព្រះអម្ចាស់បានមានបន្ទូលតបថា ‹ បុត្រយើងអើយ ចូរមានសេចក្ដីសុខសាន្តដល់ព្រលឹងបុត្រចុះ › ។ ‹ សេចក្ដីទំនាស់ និងសេចក្ដីទុក្ខលំបាករបស់អ្នក នោះគ្រាន់តែមួយភ្លែតប៉ុណ្ណោះទេ ហើយខណៈនោះ បើសិនជាអ្នកស៊ូទ្រាំការណ៍នោះដោយហ្មត់ចត់ នោះព្រះទ្រង់នឹងតម្កើងអ្នកឡើងនៅស្ថានខ្ពស់ អ្នកនឹងបានជ័យជម្នះលើពួកខ្មាំងសត្រូវរបស់អ្នកទាំងអស់ › ។
« ព្រះអម្ចាស់បានអះអាងនឹងយ៉ូសែបថា លោកពុំត្រូវបានបំភ្លេចចោលឡើយ ។ ព្រះអម្ចាស់បានមានបន្ទូលប្រាប់យ៉ូសែបថា ‹ បើសិនជាចង្ការមាត់នៃស្ថាននរកនឹងហារត្របាក់អ្នកក្ដី បុត្រយើងអើយ ចូរអ្នកដឹងថា គ្រប់ការណ៍ទាំងនេះ នឹងផ្ដល់ការពិសោធន៍ដល់អ្នក ហើយនឹងទៅជាការល្អដល់អ្នកទៅវិញ › ។
« ព្រះអង្គសង្គ្រោះបានរំឭកយ៉ូសែបថា ពួកបរិសុទ្ធពុំអាចរងទុក្ខច្រើនជាងទ្រង់ទេ ។ ទ្រង់ស្រឡាញ់ពួកគេ ហើយអាចបញ្ចប់ការឈឺចាប់របស់ពួកគេបាន ប៉ុន្តែផ្ទុយទៅវិញ ទ្រង់បានជ្រើសរងទុក្ខលំបាកជាមួយនឹងពួកគេ ដោយយកការឈឺចាប់ និងភាពសោកសៅរបស់ពួកគេជាផ្នែកមួយនៃពលិកម្មធួនរបស់ទ្រង់ ។ ការរងទុក្ខបែបនេះបានបំពេញទ្រង់ដោយសេចក្ដីមេត្តាករុណា ដោយប្រទានអំណាចចំពោះទ្រង់ដើម្បីជួយ ហើយសម្រាំងមនុស្សទាំងអស់ដែលបានងាកមករកទ្រង់នៅក្នុងការសាកល្បងរបស់ពួកគេ ។ ទ្រង់បានលើកទឹកចិត្តយ៉ូសែបឲ្យស៊ូទ្រាំ ហើយបានសន្យាថា ទ្រង់នឹងពុំភ្លេចលោកឡើយ » ។
អែលឌើរ ហ៊ីប៊ើរ ស៊ី ឃិមបឹល ( ១៨០១–៦៨ ) ធ្លាប់គិតថា ពួកចៅក្រមនៃតុលាការកំពូលមិសសួរីនឹងដោះលែងយ៉ូសែប ប៉ុន្តែពួកគេបានសម្រេចចិត្តមិនដោះលែងវិញ ។ ហ៊ីប៊ើរបានត្រឡប់ទៅគុកលីប៊ើធីវិញ ហើយដោយមិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងគុកងងឹតនោះ បានស្រែកប្រាប់យ៉ូសែបនូវដំណឹងអាក្រក់នោះ ។
យ៉ូសែបផ្ដល់ភាពកក់ក្ដៅ ហើយរាក់ទាក់ទៅកាន់គាត់ ។ លោកបានមានប្រសាស៍ថា « ចូរសង្ឃឹមឡើង » ។ បន្ទាប់មកលោកបានណែនាំហ៊ីប៊ើរឲ្យ « ប្រមូលពួកបរិសុទ្ធទាំងអស់ឲ្យចាកចេញទៅឆ្ងាយឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន » ។៤
មានមេរៀនមួយសម្រាប់បងប្អូននៅក្នុងរឿងនេះ ៖ ចូរសង្ឃឹមឡើងមិនថាបងប្អូនមានឧបសគ្គអ្វីនោះទេ ។ បើបងប្អូនមានរឿងដែលកំពុងល្បួងបងប្អូន ចូរចេញឆ្ងាយពីវា ។ ពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ ។ គំរូរបស់យ៉ូសែបនៅក្នុងគុកលីប៊ើធី និងពួកបរិសុទ្ធភៀសខ្លួនមកពីរដ្ឋមិសសួរីទៅទីក្រុងណៅវូ គឺជាគំរូមួយដ៏អស្ចារ្យអំពីភាពរឹងមាំ និងសេចក្ដីជំនឿលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។
ក្នុងនាមជាសាវកមួយរូប ខ្ញុំសូមថ្លែងជាសាក្សីពីព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំជាសាក្សីដ៏ពិតមួយអំពីភាពជាព្រះរបស់ទ្រង់ ។ ខ្ញុំចង់ឲ្យបងប្អូនដឹងថា ទ្រង់ដឹកនាំ ហើយណែនាំសាសនាចក្រនេះតាមរបៀបមួយដែលនឹងប្រទានពរដល់យើងគ្រប់គ្នា ។ ខ្ញុំសូមថ្លែងទីបន្ទាល់ដល់បងប្អូនថា ទ្រង់មានព្រះជន្មរស់ ។
ដើម្បីមើលការប្រជុំធម្មនិដ្ឋាននេះទាំងមូល សូមទៅកាន់គេហទំព័រ devotionals.ChurchofJesusChrist.org ។