យុវមជ្ឈិមវ័យ
រឿងមួយអំពីអនាគតដែលខ្ញុំអាចគ្រប់គ្រង
សំឡេងដ៏តូចនោះនៅក្នុងក្បាលរបស់ខ្ញុំ គឺពិបាកនឹងមិនអើពើណាស់ ។ ឥឡូវនេះខ្ញុំអាយុ ២៨ ឆ្នាំហើយ នៅតែនៅលីវ ហើយមិនប្រាកដពីអ្វីដែលខ្ញុំចង់ធ្វើនៅក្នុងវិជ្ជាជីវៈ សូម្បីតែខ្ញុំមានការងារដ៏ល្អជាគិលានុបដ្ឋាយិកាខាងសម្ភពក៏ដោយ ។ ខ្ញុំបានមានអារម្មណ៍ថា គ្រប់ចំណុចនៃជីវិតរបស់ខ្ញុំពុំដំណើរការទេ ។ ខ្ញុំមានការសង្ស័យពីជម្រើសជីវិត ហើយមិនបានដឹងថាត្រូវជ្រើស យកផ្លូវណាទេ ។ ខ្ញុំមានអារម្មណ៍វង្វេងអស់ហើយ ។
ថ្ងៃមួយពេលខ្ញុំកំពុងមានអារម្មណ៍ធ្លាក់ចុះជាខ្លាំង មិត្តម្នាក់ដែលខ្ញុំមិនបាននិយាយជាមួយអស់មួយរយៈ បានទូរសព្ទមកខ្ញុំ ។ ពេលគាត់បានសួរខ្ញុំថាតើខ្ញុំមានសុខទុក្ខយ៉ាងណាដែរ ខ្ញុំបានពន្យល់ពីអារម្មណ៍ទាំងអស់នោះ ដែលខ្ញុំកំពុងជួប ។ គាត់បានស្ដាប់ បន្ទាប់មកបាននិយាយថា « ចុះតើឯងមានសុខទុក្ខយ៉ាងម៉េចដែរខាងវិញ្ញាណ ? »
ខ្ញុំបានឆ្លើយតបដោយស្វ័យប្រវត្តថា « អូ មែនហើយ វាឥតខ្ចោះ » ។ « ខ្ញុំមិនដែលមានអារម្មណ៍ជិតព្រះជាងពេលនេះទេនៅក្នុងជីវិតខ្ញុំ » ។
គាត់បានឆ្លើយតបថា « បើអញ្ចឹង ឯងមិនចាំបាច់ព្រួយពីអ្វីទៀតទេ » ។
ទំនុកចិត្តលើផែនការដ៏ល្អឥតខ្ចោះរបស់ព្រះ
តាំងពីការសន្ទនានោះ ខ្ញុំបានយល់ដឹងរឿងពីរយ៉ាង ។ ទីមួយ ខ្ញុំបានដឹងថាខ្ញុំមានអំណរគុណដែលមានទីបន្ទាល់ដ៏រឹងមាំមួយអំពីដំណឹងល្អដែលបានស្ដារឡើងវិញ ហើយអាចរស់នៅតាមបទបញ្ញត្តិ និងមានអារម្មណ៍ភ្ជាប់ទៅនឹងស្ថានសួគ៌ ។
ការមានភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណគឺសំខាន់ណាស់ចំពោះខ្ញុំ ហើយខ្ញុំនៅតែរៀនសូត្រពីរបៀបដើម្បីបើកស្ថានសួគ៌នៅក្នុងជីវិតរបស់ខ្ញុំ ។ ការអធិស្ឋាន និងការសិក្សាព្រះគម្ពីរជារៀងរាល់ព្រឹក ជាកិច្ចការសាមញ្ញពីរយ៉ាងដែលខ្ញុំមានអារម្មណ៍ថាបានធ្វើឲ្យមានភាពខុសគ្នាយ៉ាងធំបំផុតនៅក្នុងសមត្ថភាពរបស់ខ្ញុំដើម្បីទទួលវិវរណៈផ្ទាល់ខ្លួន ។ ខ្ញុំក៏មានអារម្មណ៍ជិតស្និទ្ធនឹងស្ថានសួគ៌កាន់តែខ្លាំង ពេលខ្ញុំខិតខំដើម្បីមានសេចក្ដីសប្បុរស រស់នៅជីវិតមួយដែលមានសុខភាព ដើម្បីឲ្យព្រះវិញ្ញាណអាចជាដៃគូរបស់ខ្ញុំជានិច្ច ដើម្បីគោរពតាមបទបញ្ញត្តិ និងដើម្បីប្រែចិត្តដោយស្មោះសរ ។
ទីពីរ ខ្ញុំបានដឹងថា ការឆ្លើយតបរបស់ខ្ញុំទៅសំណួរមិត្តភក្ដិរបស់ខ្ញុំពុំត្រឹមត្រូវទាំងស្រុងទេ—ខ្ញុំបានគិតថា ខ្ញុំកំពុងតែ « ឥតខ្ចោះ » ខាងវិញ្ញាណ ប៉ុន្តែខ្ញុំត្រូវការមានសេចក្ដីជំនឿបន្ថែមទៀត ឈប់ព្រួយចិត្តច្រើនពេក ហើយទុកចិត្តលើព្រះឲ្យទ្រង់ដោះស្រាយនូវអ្វីដែលខ្ញុំពុំអាចគ្រប់គ្រងបាន ។
ទោះបីជាពេលដែលចំណុចខ្លះនៅក្នុងជីវិតរបស់ខ្ញុំពុំដំណើរការល្អដូចដែលខ្ញុំចង់បានក្ដី ខ្ញុំដឹងថា អ្វីដែលសំខាន់បំផុតគឺការធ្វើអ្វីៗដោយសេចក្ដីជំនឿ ហើយបង្ហាញព្រះថា ខ្ញុំប្រើប្រាស់សិទ្ធិជ្រើសរើសរបស់ខ្ញុំដើម្បីធ្វើការជ្រើសរើសល្អ ។ ខ្ញុំបានរៀនថា ពេលជីវិតពុំដំណើរការទៅតាមអ្វីដែលខ្ញុំរំពឹងចង់បាន គឺវាដើម្បីខ្ញុំអាចរៀន ហើយរីកចម្រើននៅក្នុងរបៀបទាំងឡាយដែលខ្ញុំមិនអាចធ្វើបានតាមរបៀបផ្សេងទៀត ។
ខ្ញុំមិនដែលស្រមៃទេថា ពេលខ្ញុំអាយុ ២៩ ឆ្នាំ ខ្ញុំនឹងឃើញថាខ្លួនឯងមានការសង្ស័យអំពីអាជីព និងដំណាក់កាលបន្ទាប់ទៀតនៃជីវិតខ្ញុំនោះទេ ។ ទោះជាមានអ្វីៗដែលខ្ញុំមិនដឹងទាំងអស់នេះក្ដី ខ្ញុំមានទំនុកចិត្តទាំងស្រុងថា ព្រះមានផែនការឥតខ្ចោះមួយសម្រាប់ខ្ញុំ ។ ទ្រង់ត្រាសដឹងយ៉ាងប្រាកដពីអ្វីដែលកំពុងកើតឡើង និងអ្វីដែលខ្ញុំត្រូវការ ហើយទ្រង់នឹងតែងតែថែទាំខ្ញុំ ( សូមមើល ម៉ាថាយ ៦:២៨–៣៤ ) ។ ដូចជាអែលឌើរ អិល ធូដ ប៊ូដច៍ នៃពួកចិតសិបបានបង្រៀនថា « ទោះជាវាពិបាកយល់ក្ដី ជាពិសេសនៅគ្រាក្នុងជីវិតរបស់យើងពេលដែលខ្យល់បក់បោកមកខ្លាំង ហើយសមុទ្រមានភាពខ្មួលខ្មាញ់ នោះយើងអាចមានការលួងលោមចិត្តដោយដឹងថា ព្រះតែងតែបក់យើងនៅក្នុងសេចក្ដីល្អជានិរន្តរ៍របស់ទ្រង់ឆ្ពោះទៅរកផ្ទះជានិច្ច » ( « Consistent and Resilient Trust » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៤៨ ) ។
ទុកចិត្តកាន់តែច្រើន ព្រួយចិត្តកាន់តែតិច
ថ្ងៃខ្លះជីវិតហាក់ដូចជាពិបាកណាស់ ប៉ុន្តែពេលខ្ញុំគិតអំពីវា ខ្ញុំដឹងថាខ្ញុំមិនបាច់ព្រួយទេ ។ បន្ដិចម្ដងៗ ខ្ញុំបានដឹងថា ខ្ញុំត្រូវទុកចិត្តលើព្រះបន្តិចថែមទៀត ហើយព្រួយចិត្តកាន់តែតិចជាងអំពីអ្វីៗដែលខ្ញុំមិនអាចគ្រប់គ្រងបាន ។ រឿងមួយដែលខ្ញុំអាចគ្រប់គ្រងបានអំពីអនាគតគឺការទុកចិត្តលើព្រះ ហើយខិតខំលើការខិតឲ្យកាន់តែជិតទ្រង់ជារៀងរាល់ថ្ងៃ ។
ពេលខ្ញុំមានអារម្មណ៍វង្វេង នោះវាតែងតែមានពន្លឺគ្រប់គ្រាន់សម្រាប់ខ្ញុំ ដើម្បីឈានមួយជំហានទៅក្នុងអ្វីដែលមិនដឹង ហើយឆ្ពោះទៅមុខទៀត ។ ហើយដរាបណាខ្ញុំអនុវត្តសេចក្ដីជំនឿ ហើយរក្សាសេចក្ដីសញ្ញារបស់ខ្ញុំ ដរាបណាខ្ញុំចងចាំពីអត្តសញ្ញាណដ៏ពិតរបស់ខ្ញុំក្នុងនាមជាបុត្រីនៃព្រះបិតាព្រះមាតាសួគ៌ ហើយព្យាយាមម្ដងហើយម្ដងទៀត នោះអ្វីៗនឹងកើតឡើង នៅពេល និងតាមរបៀបដែលវាត្រូវកើត នោះហើយជាអ្វីដែលសំខាន់ ។