២០២០
« នរណា​បើក​ឡាន​បុក​កូនប្រុស​ខ្ញុំ ? »
ខែ កក្កដា ឆ្នាំ ២០២០


« នរណា​បើក​ឡាន​បុក​កូនប្រុស​ខ្ញុំ ? »

ខ្ញុំ​បាន​ប្រមើល​មើល​ខ្លួនឯង​ស្រែក​គំហក​ដាក់​មនុស្ស​ដែល​បាន​បើក​ឡាន​បុក​កូន​ខ្ញុំ ក្រោយមក​ខ្ញុំ​បាន​ជួប​ដោយ​ផ្ទាល់​មុខ​នឹង​អ្នក​បើក​ឡាន ។

women hugging

រចនា​រូបភាព​ដោយ អែលលើរី អារណុលដ៍

ខ្ញុំ​ទើប​នឹង​ទម្លាក់​កូន​ស្រី​ខ្ញុំ​នៅ​ផ្ទះ​មិត្តភក្ដិ ពេល​ដែល​ខ្ញុំ​បាន​ទទួល​ទូរសព្ទ​ពី​ស្វាមី​ខ្ញុំ ចនណាថាន ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា​កូនប្រុស​អាយុ​ដប់មួយ​ឆ្នាំ​របស់​យើង អៃដិន ត្រូវបាន​ឡាន​មួយ​បុក​ពេល​គាត់ និង​ចនណាថាន កំពុង​ដើរ​ឆ្លង​ផ្លូវ ។

អ្នក​បើក​ឡាន​នោះ​បាន​បត់​ឆ្វេង​នៅ​មុខ​ចនណាថាន ហើយ​មិន​បាន​ឃើញ​អេដិន​កំពុង​ជិះកង់​គាត់​ទេ ។ អ្នក​បើក​ឡាន​នោះ​បាន​បុក​ពី​មុខ​កង់​របស់​អេដិន ។ គាត់​ហោះ​ទៅលើ​អាកាស នៅតែ​កាន់​កង់​គាត់​ជាប់ ហើយ​បាន​បោក​ក្បាល​គាត់​ទៅនឹង​ចំហៀង​ឡាន​ពេល​គាត់​ធ្លាក់​មក​ក្រោម ។ បន្ទាប់​មក​គាត់​ធ្លាក់​នៅលើ​ផ្លូវ​ដោយ​មាន​កង់​គាត់​សង្កត់​លើ​គាត់ ។ អរគុណ​ណាស់​ដែល​គាត់​ពាក់​មួក​ការពារ ។ អ្នក​បើក​ឡាន និង​មនុស្ស​ផ្សេងទៀត​បាន​ឈប់​ដើម្បី​ជួយ​ពេលដែល​ចនណាថាន​បាន​ទូរសព្ទ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ ។

មួយ​រំពេច​នោះ គំនិត និង​អារម្មណ៍​ខ្ញុំ​វក់វី​ខ្លាំង​ណាស់ ។ ខ្ញុំ​បាន​បើក​ឡាន​យ៉ាង​លឿង​ទៅ​ផ្លូវ​ប្រសព្វ​ដែល​គ្រោះថ្នាក់​បាន​កើត​ឡើង​នោះ ដោយ​សង្ឃឹម​ថា​អាច​ទៅទាន់​រថយន្ត​សង្គ្រោះ​បន្ទាន់​ដើម្បី​ខ្ញុំ​អាច​នៅ​ជាមួយ​នឹង​អៃដិន ។

ខ្ញុំ​បាន​គិត​ថា​នឹង​តទល់​នឹង​អ្នក​បើក​ឡាន​នោះ​ដោយ​កំហឹង ។ « តើ​អ្នក​បើក​ឡាន​នោះ​កំពុង​គិត​អ្វី ? » ខ្ញុំ​បាន​គិត ។ « តើ​គេ​ស្រវឹង​មែន​ទេ ? តើ​គេ​កំពុង​ប្រើ​ទូរសព្ទ​ឬ ? » ខ្ញុំ​ខឹង​ខ្លាំង​ណាស់ ហើយ​ហួស​ពី​ព្រួយ​បារម្ភ​ទៀត ។ ខ្ញុំ​មិន​ដឹង​ទេ​ថា​អៃដិន​ឈឺ​ប៉ុណ្ណា​នោះ ។

ពេល​ខ្ញុំ​មក​ដល់​កន្លែង​កើត​ហេតុ រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​ចេញ​បាត់​ទៅ​ហើយ ។ មាន​តែ​ឡាន​ប៉ូលីស​ពីរ និង​ឡាន​មួយ​ទៀត​បាន​ចត​នៅ​ខាង​ផ្លូវ​ដែល​នៅ​នឹង​កន្លែង​កើត​ហេតុ ។ ស្ត្រី​ម្នាក់​ដែល​មើល​ទៅ​ពោរពេញ​ដោយ​ទុក្ខ​ព្រួយ​បាន​ឈរ​នៅ​ក្បែរ​ឡាន​នោះ ។

ខ្ញុំ​បាន​ដើរ​ទៅកាន់​គាត់ ហើយ​បាន​សួរ​ថា « តើ​អ្នក​បាន​ឃើញ​នរណា​បុក​កូនប្រុស​ខ្ញុំ​ទេ ? »

គាត់​បាននិយាយ​ស្ងាត់​ស្ងៀម​ថា « ខ្ញុំ​បាន​ធ្វើ » ។

ខ្ញុំ​បាន​ប្រមើល​មើល​ខ្លួនឯង​ស្រែក​គំហក​ដាក់​មនុស្ស​ដែល​មិន​ខ្វល់ខ្វាយ​ដែល​បាន​បើក​ឡាន​បុក​កូន​ខ្ញុំ ប៉ុន្តែ​ពេល​ខ្ញុំ​បាន​ជួប​ដោយ​ផ្ទាល់​មុខ​នឹង​អ្នក​បើក​ឡាន​នោះ ភាពអវិជ្ជមាន​បាន​រសាត់​បាត់​ទៅ ។ ខ្ញុំ​បាន​យំ ហើយ​ឱប​គាត់ ។ គាត់​បាន​សូមទោស ហើយ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា​អ្វីៗ​នឹង​មិន​អី​ទេ ។ ក្រោយ​មក​ខ្ញុំ​បាន​ដឹង​ថា នោះ​ជា​ពាក្យ​ដូច​គ្នា​ដែល​អៃដិន​បាន​និយាយ​ទៅកាន់​គាត់​ពីមុន​ប៉ូលីស​មក​ដល់ ។ នៅ​ចុង​បញ្ចប់ អៃដិន​បាន​ឆ្លង​ផុត​ដោយ​គ្រាន់តែ​មាន​ស្នាម និង​ជាំ​មួយ​ចំនួន​ប៉ុណ្ណោះ ។

ខ្ញុំ​មាន​អំណរ​គុណ​ដែល​នៅគ្រា​ដ៏​សំខាន់​ក្រៃលែង​នោះ ព្រះវរបិតាសួគ៌​ជា​ទី​ស្រឡាញ់​របស់​យើង​បាន​ប្រទានពរ​ខ្ញុំ​ឲ្យ​មាន​កម្លាំង​ដើម្បី​ផ្ដល់​ការអត់ទោស​ជំនួស​ឲ្យ​ការស្អប់ សូម្បី​តែ​ពេល​ដែល​ខ្ញុំ​មិន​បាន​ទូលសូម​ដល់​ទ្រង់ ។ ខ្ញុំ​ដឹង​ថា ទ្រង់​ត្រាសដឹង​ពី​យើង ហើយ​តែងតែ​ប្រទាន​ជំនួយ​របស់​ទ្រង់​ដល់​យើង ។