សម្រាប់តែឌីជីថលប៉ុណ្ណោះ ៖ ពួកយុវមជ្ឈិមវ័យ
ភាពប្រាកដប្រជាចំនួន ៥ នៅក្នុងពិភពលោកដែលមិនប្រាកដប្រជាមួយ
សេចក្ដីពិតទាំងប្រាំនេះអាចជួយបងប្អូនឲ្យឆ្លងកាត់អ្វីៗគ្រប់យ៉ាង ។
ជីវិតកម្រនឹងដើរតាមផែនការណាស់ ។ វាគឺពោរពេញទៅដោយការបង្វិល ការបត់បែន និងការភ្ញាក់ផ្អើលដល់មនុស្សគ្រប់គ្នា ។ ដូច្នេះ តើយើងអាចរៀបចំខ្លួនសម្រាប់អនាគតបានដោយរបៀបណានៅ ពេលដែលយើងមិនដឹងពីអ្វីដែលជីវិតនេះនឹងនាំមកនោះ ?
សំណាងដែរដោយ មានរឿងពីរបីយ៉ាងដែលយើងអាចពឹងពាក់បានជានិច្ច ។ សេចក្ដីពិតទាំងឡាយខាងក្រោមនេះនឹងមិនដែលផ្លាស់ប្ដូរឡើយ ។ វាអាចដឹកនាំការសម្រេចចិត្តរបស់យើង ហើយលើកទឹកចិត្តយើងឲ្យបោះជំហានទៅមុខ ទោះជាពេលផ្លូវខាងមុខនោះមើលទៅងងឹត និងមិនប្រាកដប្រជាក្ដី ។
ព្រះវរបិតាសួគ៌ស្រឡាញ់បងប្អូន ។
មិនថាមានអ្វីកើតឡើងនៅក្នុងជីវិតនេះទេទ្រង់ស្រលាញ់ បងប្អូនទាំងអស់គ្នា ។ បងប្អូនមានតម្លៃយ៉ាងលើសលប់ចំពោះព្រះវរបិតាសួគ៌ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០ ) ។ បងប្អូនមានតម្លៃជាងពិភពលោកនេះ !១
បងប្អូនអាចមានអារម្មណ៍ថា មិនមានតម្លៃប៉ុន្មានទេ ។ បងប្អូនអាចមានអារម្មណ៍ខូចចិត្ត និងឯកោ ហើយភ័យខ្លាច ។ បងប្អូនអាចមានអារម្មណ៍ថាមិនស័ក្ដិសម ។ ប៉ុន្ដែដូចដែលស៊ិស្ទើរ ចយ ឌី ចូនស៍ ប្រធានអង្គការបឋមសិក្សាទូទៅបានពន្យល់មកថា តម្លៃ និងភាពស័ក្ដិសមមិនមែនជារឿងដូចគ្នាទេ ។២ ទោះជានៅពេលយើងធ្វើបាប ក៏យើងនៅតែមានតម្លៃខ្លាំងដែរ ។ នោះគឺជាមូលហេតុមួយដែលព្រះអង្គសង្គ្រោះបានធ្វើដង្វាយធួន ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១១–១៣ ) ។ ដោយសារទ្រង់ជ្រាបពីបងប្អូន និងស្រឡាញ់បងប្អូន នោះទ្រង់បានផ្ដល់មធ្យោបាយឲ្យបងប្អូនអាចបានស្អាតស្អំជាថ្មីម្ដងទៀត ។
ព្រះវរបិតាសួគ៌មានផែនការមួយសម្រាប់បងប្អូន ។
បងប្អូនមកនៅលើផែនដីនេះដោយសារគោលបំណងមួយ ៖ ដើម្បីក្លាយដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយត្រឡប់ទៅរស់នៅជាមួយពួកទ្រង់វិញ ។ នោះគឺជាគោលដៅរបស់ព្រះសម្រាប់បងប្អូន ហើយទ្រង់នឹងជួយបងប្អូនឲ្យសម្រេចវាបាន !
ការណ៍នោះមិនមែនមានន័យថា រឿងអ្វីៗនឹងងាយស្រួលជានិច្ចនោះទេ យើងនៅតែប្រឈមមុខនឹងឧបសគ្គទាំងឡាយដដែល ។ ប៉ុន្ដែយើងអាចប្រាកដថា « គ្រប់ការណ៍ទាំងអស់នឹងបានផ្សំគ្នា សម្រាប់សេចក្ដីល្អដល់ពួកគេ ដែលដើរដោយទៀងត្រង់ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០០:១៥ ) ។
ផែនការរបស់ទ្រង់សម្រាប់ជីវិតរបស់បងប្អូនអាចមើលទៅខុសគ្នាពីផែនការរបស់បងប្អូន ប៉ុន្ដែបងប្អូនអាចទុកចិត្តបានថា ផែនការរបស់ទ្រង់នឹងសម្រាប់ជាប្រយោជន៍ដល់បងប្អូន ហើយដឹកនាំបងប្អូនទៅរកសុភមង្គលដ៏អស់កល្បអស់កាលជានិច្ច ។ សូមអានសេចក្ដីមគ្គុទេសន៍ណែនាំដល់ជីវិត ៖ ព្រះគម្ពីរ ពរជ័យអយ្យកោរបស់បងប្អូន និងពាក្យសម្ដីរបស់ពួកព្យាការីសម័យទំនើប ។ វានឹងជួយបងប្អូនឲ្យយល់កាន់តែច្បាស់អំពីផែនការរបស់ទ្រង់សម្រាប់បងប្អូន ។
រួចហើយសូមធ្វើតាមការដឹកនាំរបស់ទ្រង់ ។ នៅពេលយើងគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ទ្រង់ នោះយើងនឹងមានសេចក្ដីសុខសាន្ដ និងចម្រុងចម្រើន ( សូមមើល ម៉ូសាយ ២:២២ ) ។ ដូចប្រធាន ថូម៉ាស អេស ម៉នសុន បានមានប្រសាសន៍ថា « ចូរមានសង្ឃឹមឡើង ។ អនាគតគឺភ្លឺត្រចះត្រចង់ដូចជាសេចក្តីជំនឿរបស់បងប្អូនដែរ » ។៣
គោលដៅចុងក្រោយគឺជាជីវិតដ៏នៅអស់កល្បជានិច្ច ។
ខណៈផ្លូវរបស់យើងឆ្លងកាត់ជីវិតនេះអាចមិនប្រាកដប្រជា តែគោលដៅរបស់យើងគឺជាក់ច្បាស់ ។ នៅពេលយើងធ្វើការសម្រេចចិត្ត នោះយើងអាចសួរថា « តើការណ៍នេះនឹងនាំទៅឯណា ? »៤ ប្រសិនបើវាបង្វែរបងប្អូនចេញពីផ្លូវដែលទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច នោះវាមិនមែនជាជម្រើសត្រឹមត្រូវនោះទេ ។
ពេលខ្លះយើងជាប់ក្នុងការសម្រេចចិត្តតូចតាច ដូចជាកិច្ចការផ្ទះ ឬអ្វីដែលត្រូវបរិភោគសម្រាប់អាហារថ្ងៃត្រង់ ។ យើងលែងឃើញគោលបំណងដ៏ពិតនៃជីវិតនេះ—ការក្លាយដូចជាព្រះវរមាតាបិតាសួគ៌ារបស់យើង ។ ពិតណាស់ នៅពេលយើងដើរឆ្ពោះទៅគោលដៅនោះ អ្វីៗទាំងអស់នឹងមិនអីនោះទេ ។ ដូច្នេះ សូមរក្សានូវទស្សនវិស័យអស់កល្បជានិច្ចមួយ ។
ជីវិតនេះអាចមិនដូចជាអ្វីដែលយើងដាក់ផែនការទេ ។ តាមពិតទៅ វាពិតជាមិនដូចឡើយ ។ ប៉ុន្ដែគោលដៅរបស់យើងគឺជាអ្វីដែលសំខាន់បំផុត ។ សូមប្រាកដថា បងប្អូនកំពុងឆ្ពោះទៅទិសដៅដ៏ត្រឹមត្រូវ ហើយដោយមានជំនួយពីព្រះអម្ចាស់ នោះអ្វីៗគ្រប់យ៉ាងនឹងមានដំណើរការ ។ ទ្រង់នឹងដឹកនាំបងប្អូន ។
បងប្អូនមានសិទ្ធិជ្រើសរើស ។
ខណៈព្រះវរបិតាសួគ៌ពិតជាដឹកនាំផ្លូវយើងមែន តែទ្រង់មិនបានប្រាប់យើងពីអ្វីៗគ្រប់យ៉ាង ដែលយើងគួរតែធ្វើនោះទេ ។ ទ្រង់បានប្រទានសិទ្ធិជ្រើសរើសដល់យើង ហើយទ្រង់រំពឹងឲ្យយើងប្រើវា ។
ដូចដែលព្រះអម្ចាស់បានមានបន្ទូលថា « មិនសមឲ្យយើងត្រូវបញ្ជានូវគ្រប់អ្វីៗទាំងអស់ទេ …មនុស្សលោកត្រូវឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ ហើយប្រព្រឹត្តអ្វីៗជាច្រើនតាមបំណងចិត្តរបស់ខ្លួន » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:២៦–២៧ ) ។ ក្នុងករណីនេះ ការត្រូវឧស្សាហ៍ចូលរួមមានន័យថា ខិតខំធ្វើការយ៉ាងឧស្សាហ៍ និងស្មោះត្រង់ ។
ពេលខ្លះ ការមានសិទ្ធិជ្រើសរើសអាចមិនមានអារម្មណ៍ស្រួលទេ ។ ពេលខ្លះ យើងអាចគ្រាន់តែចង់ឲ្យគេប្រាប់ពីអ្វីដែលត្រូវធ្វើ ។ ប៉ុន្ដែតាមភាពពិត សិទ្ធិជ្រើសរើសគឺជាពរជ័យដ៏អស្ចារ្យមួយ ។ វាគឺជាអំណោយទានមួយដែលបានមកពីព្រះ ហើយជារឿងមួយដែលធ្វើឲ្យយើងក្លាយដូចជាទ្រង់បាន ។ វាផ្ដល់អំណាចដល់យើង ។
ដូច្នេះ តើបងប្អូនចង់ឧស្សាហ៍ចូលរួមក្នុងកិច្ចការអ្វី ?
ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងមានការរីកចម្រើន ។
បុព្វហេតុដ៏ល្អទាំងនោះមួយដែលត្រូវចូលរួមនោះ អាចជាការអភិវឌ្ឍខ្លួនយើងផ្ទាល់ ។ វាតែងតែមានរឿងដែលយើងអាចកែលម្អអំពីខ្លួនយើង រឿងដែលយើងអាចរៀនសូត្រ និងជំនាញដែលយើងអាចបង្កើត ។ ក៏មានសេចក្ដីសញ្ញាដែលយើងត្រូវចុះ និងរក្សាផងដែរ ។៥
អែលឌើរ ឌេល ជី រ៉េនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីសារសំខាន់នៃការរីកចម្រើនរបស់យើងតាមរបៀបនេះ ៖ « ព្រះពុំចាប់អារម្មណ៍លើបុត្រាបុត្រីទ្រង់ដោយគ្រាន់តែឲ្យពួកគេក្លាយជា ‹ សត្វចិញ្ចឹម › ដែលត្រូវបានបង្វឹក ហើយគោរពតាម ដែលនឹងមិនទំពាស្បែកជើងរបស់ទ្រង់នៅក្នុងបន្ទប់ទទួលភ្ញៀវនៅនគរសេឡេស្ទាលនោះទេ ។ ទេ ព្រះសព្វព្រះទ័យឲ្យបុត្រាបុត្រីទ្រង់រីកចម្រើនខាងវិញ្ញាណ និងចូលរួមនឹងទ្រង់ក្នុងកិច្ចការគ្រួសារ » ។៦
សូមរៀបចំសម្រាប់ជោគវាសនាដ៏អស់កល្បរបស់បងប្អូន តាមរយៈការធ្វើជាមនុស្សដ៏ល្អបំផុតសម្រាប់ខ្លួនបងប្អូន ។ សូមសម្គាល់មើលជំនាញដែលបងប្អូនចង់អភិវឌ្ឍ និងអំណោយទានខាងវិញ្ញាណដែលបងប្អូនត្រូវការដើម្បីក្លាយកាន់តែដូចជាព្រះ ។៧ រួចហើយសូមដាក់ផែនការមួយដើម្បីអភិវឌ្ឍចំណុចទាំងនោះ ! សូមពង្រឹង « សាច់ដុំខាងវិញ្ញាណ » របស់បងប្អូនតាមរយៈការអនុវត្ត ។៨
នៅពេលជីវិតខាងមុខមើលទៅគួរឲ្យខ្លាច សូមចាំថា វាមិនហួសពីការគ្រប់គ្រងរបស់យើងទេ ។ បងប្អូនមិនឯកោឡើយ ។ បងប្អូនមានអំណាច ។ ហើយដោយមានព្រះយេស៊ូវគ្រីស្ទ បងប្អូនមិនអាចត្រូវគេបញ្ឈប់បានឡើយ ។ ទ្រង់នឹងជួយដល់បងប្អូនឲ្យក្លាយជាអ្វីទាំងអស់ ដែលបងប្អូនត្រូវកើតមកបំពេញ ។