២០២០
ទីកន្លែង​របស់​យើង
ខែ កក្កដា ឆ្នាំ ២០២០


ទីកន្លែង​របស់​យើង

ការបំផុស​ឥត​ឈប់ឈរ​មួយ

woman talking with missionaries

រចនា​រូបភាព​ដោយ ថូប៊ី ញ៉ូវសាំ

ថ្ងៃ​មួយ ពេល​កំពុង​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​នៅតាម​ផ្លូវ​ដ៏​ហុយ​ក្នុង​ប្រទេស​កេនយ៉ា ដៃគូ​របស់​ខ្ញុំ និង​ខ្ញុំ​បាន​និយាយ​ទៅកាន់​ស្ត្រី​ម្នាក់ ។ គាត់​បាន​ទទួល​យក​កូន​សៀវភៅ​ដែល​យើង​ឲ្យ​គាត់ ប៉ុន្តែ​បាន​ប្រាប់​យើង​ថា​កុំ​ឲ្យ​ត្រឡប់​មក​វិញ ។

ពីរបី​ថ្ងៃ​ក្រោយ​មក យើង​បាន​នៅលើ​ផ្លូវ​ដដែល​នោះ ហើយ​យើង​បាន​ទទួល​ការបំផុស​មួយ​ឲ្យ​ទៅ​ធ្វើ​ការតាមដាន​ជាមួយ​គាត់ ។ ខ្ញុំ​បាន​សួរ​ខ្លួនឯង​ថា « ហេតុ​អ្វី​យើង​ត្រូវ​ត្រឡប់​ទៅវិញ ពេល​ដែល​គាត់​បាន​ប្រាប់​យើង​ថា​កុំ​ឲ្យ​ត្រឡប់​មក​វិញ​នោះ ? » ប៉ុន្តែ​យើង​បាន​ធ្វើ​តាម​ការបំផុស​នោះ ។

គាត់​មាន​ការភ្ញាក់​ផ្អើល​ពេល​យើង​ទៅដល់​ទីនោះ ប៉ុន្តែ​បាន​និយាយ​ថា គាត់​សប្បាយ​ចិត្ត​ដែល​ឃើញ​ពួក​យើង ។ យើង​បាន​ចាប់ផ្ដើម​បង្រៀន​មេរៀន​មួយ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​វា​បាន​ប្រែ​ទៅ​ជា​ការប្រកែក​មួយ ។ ដៃគូ​របស់​ខ្ញុំ និង​ខ្ញុំ​បាន​បញ្ចប់​មេរៀន​ជាមួយ​នឹង​ការអធិស្ឋាន​មួយ ហើយ​បាន​ចាកចេញ ដោយ​យល់ស្រប​នឹង​គ្នា​ភ្លាម​ថា​មិន​ត្រឡប់​មក​វិញ​ទេ ។ ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់​នោះ ជា​ថ្មី​ម្ដង​ទៀត យើង​បាន​មាន​ការបំផុស​ដ៏​ខ្លាំង​មួយ​ឲ្យ​ត្រឡប់​ទៅវិញ ។ ខ្ញុំ​មិន​ចង់​ត្រឡប់​ទៅ​វិញ​ទេ ប៉ុន្តែ​ដៃគូរ​របស់​ខ្ញុំ​បាន​និយាយ​ថា យើង​គួរតែ​ស្ដាប់​តាម​ព្រះវិញ្ញាណ ។ ដូច្នេះ​ខ្ញុំ​បាន​លេប​អំនួត​របស់​ខ្ញុំ ហើយ​យើង​បាន​ត្រឡប់​ទៅវិញ ។ ពេល​យើង​ទៅ​ដល់​ទីនោះ ខ្ញុំ​បាន​មាន​ការតក់ស្លុត ។ ស្ត្រី​នោះ​ហាក់​ដូច​ជា​មនុស្ស​ផ្សេង​ម្នាក់ ។ ផ្ទៃ​មុខ​គាត់​បាន​ផ្លាស់​ប្ដូរ ហើយ​គាត់​យល់​ព្រម​ស្ដាប់​នូវ​អ្វី​ដែល​យើង​និយាយ ។ អំឡុង​ពេល​នៃ​ការជួប​បន្ទាប់​ទៀត គាត់​បាន​សួរ​យើង​ថា​ពេល​ណា​គាត់​អាច​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បាន ។

បួន​សប្ដាហ៍​បន្ទាប់​មក គាត់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ បន្ទាប់​ពី​ការបញ្ជាក់​របស់​គាត់ គាត់​បាន​ឱប​យើង ហើយ​បាន​ប្រាប់​យើង​ថា គាត់​មាន​អំណរគុណ​ណាស់​ដែល​យើង​បាន​ត្រឡប់​មក​វិញ ។ ខ្ញុំ​បាន​រៀន​ថា យើង​គប្បី​តែងតែ​ស្ដាប់​តាម ហើយ​ប្រព្រឹត្តិ​តាម​ការបំផុស​គំនិត​ទាំងឡាយ ។ ព្រះវរបិតាសួគ៌​ពិត​ជា​រៀបចំ​បុត្រា​បុត្រី​ទ្រង់​ឲ្យ​ទទួល​ដំណឹងល្អ ហើយ​ទ្រង់​ប្រើប្រាស់​យើង​ទាំងអស់​គ្នា​ឲ្យ​ស្វែង​រក​ពួកគេ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

លេអាហា អិម. ខេត្ត​ក្វាហ្សូលូ-ណាថាល ប្រទេស​អាហ្វ្រិក​ខាង​ត្បូង

តើ​ពេលណា​ខ្ញុំ​អាច​ចូល​រួម​សាសនាចក្រ​បាន ?

woman getting baptized

ពេល​ខ្ញុំ​អាយុ​ប្រហែល​ប្រាំ​ឆ្នាំ ប៉ា​ខ្ញុំ​បាន​បាត់បង់​សេចក្ដី​ជំនឿ ហើយ​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ព្រះវិហារ ។ វា​ពិបាក​ណាស់ ជា​ពិសេស​ពេល​ខ្ញុំ​បាន​ឈាន​ចូល​ដល់​អាយុ​ប្រាំបី​ឆ្នាំ ។ ខ្ញុំ​រំភើប​ណាស់​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក ប៉ុន្តែ​ប៉ា​របស់​ខ្ញុំ​ថា​ទេ ។ គាត់​ចង់​ឲ្យ​ខ្ញុំ​រង់ចាំ​រហូត​ដល់​ខ្ញុំ​ធំ​សិន ដើម្បី​ខ្ញុំ​អាច​ដឹង​ដោយ​ប្រាកដ​ថា​ខ្ញុំ​ចង់​តាំងចិត្ត​ដែរ​ឬ​ទេ ។ ដូច្នេះ​ខ្ញុំ​បាន​មើល​ពេល​ដែល​មិត្តភក្ដិ​របស់​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

ខ្ញុំ​ចាំ​បាន​ពី​ការភាន់​ច្រឡំ—បើ​សាសនាចក្រ​ពិត ហេតុ​អ្វី​ខ្ញុំ​ត្រូវបាន​បញ្ឈប់​ពី​ការទទួល​បុណ្យ​ជ្រមុជ​ទឹក ? ពេល​ជា​យុវវ័យ​ម្នាក់ វា​ពិបាក​ណាស់​ដែល​ឃើញ​ពួក​យុវវ័យ​ទៅ​ព្រះវិហារ​បរិសុទ្ធ ដោយសារ​ខ្ញុំ​ចង់​ទៅ​ខ្លាំង​មែនទែន ។ វា​ពិបាក​ដែល​មិន​បាន​រួមចំណែក ប៉ុន្តែ​ខ្ញុំ​តែងតែ​បាន​ដឹង​ថា ខ្ញុំ​នឹង​មាន​ឱកាស !

នៅក្នុង​ខែ ឧសភា ឆ្នាំ ២០១៩ នៅ​ទីបំផុត​ខ្ញុំ​បាន​ទទួល​បុណ្យជ្រមុជទឹក​ពេល​ខ្ញុំមានអាយុ ១៦ ឆ្នាំ ។ ខ្ញុំ​បាន​ចាំ​ពី​បទពិសោធន៍​ជា​ច្រើន​ដែល​ខ្ញុំ​បាន​មាន​អារម្មណ៍ អំណរ​ដ៏​បរិសុទ្ធ​នៃ​ដំណឹងល្អ និង​ការទទួល​បាន​ទីបន្ទាល់​មួយ ។ វា​ជា​បទពិសោធន៍​ដ៏​ពិសេស​មួយ ហើយ​ឆ្លងកាត់​អស់​ទាំង​បញ្ហា​ដែល​ខ្ញុំ​បាន​មាន​ដើម្បី​បាន​មក​ដល់​ថ្ងៃ​នេះ ខ្ញុំ​បាន​ដឹង​ដោយ​អស់​ពី​ចិត្ត​ខ្ញុំ​ថា ដំណឹងល្អ​គឺ​ពិត ហើយ​វា​តែងតែ​ពិត​ជានិច្ច ។

ទ្រិនិធី ស៊ី រដ្ឋ​ខូឡូរ៉ាដូ ស.រ.អា.

មូលហេតុ​សម្រាប់​វិន័យ​ទាំងឡាយ

classroom

ខ្ញុំ​រំភើប​ចិត្ត​នឹង​ទៅ​សន្និសីទ​យុវវ័យ តែ​បន្ទាប់​មក​ខ្ញុំ​បាន​ដឹង​ថា​មាន​វិន័យ​ជា​ច្រើន—ឧទាហរណ៍ មិន​ឲ្យ​មាន​ទូរសព្ទ​ដៃ ហើយ​មិន​ឲ្យ​ទៅក្រៅ​តែ​ឯង ។ វា​ហាក់បី​ដូច​ជា​មជ្ឈិវ័យ​ចាំ​ឃ្លាំ​មើល​យើង​ឥតឈប់ ។ ប៉ុន្តែ​ខ្ញុំ​បាន​មាន​ពេលវេលា​ដ៏​អស្ចារ្យ​មួយ ដោយ​បាន​បង្កើត​មិត្តភក្ដិ​ជាច្រើន បាន​ធ្វើ​គម្រោង​ការបម្រើ​​មួយ ហើយ​បាន​រៀន​អំពី​ដំណឹងល្អ ។

អំឡុង​ការប្រជុំ​ថ្លែង​ទីបន្ទាល់​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​សន្និសីទ​យុវវ័យ ថ្នាក់​ដឹកនាំ​ម្នាក់​បាន​ប្រាប់​យើង​ពី​ទំហំ​នៃ​សេចក្ដី​ស្រលាញ់​ដែល​គាត់​មាន​ចំពោះ​យើង ជា​យុវវ័យ​នៃ​ស្តេក​នោះ ។

បើ​បង​ស្រឡាញ់​ពួក​យើង ហេតុអ្វី​យើង​មាន​ការដាក់​កម្រិត​ច្រើន​ម៉្លេះ ? ខ្ញុំ​បាន​គិត ។ នៅ​គ្រា​ដដែល​នោះ ដូចជា​គាត់​អាច​មើល​ចិត្ត​ខ្ញុំ​ធ្លុះ​អញ្ចឹង គាត់​បាន​ឆ្លើយ​សំណួរ​របស់​ខ្ញុំ ។

គាត់​បាន​និយាយ​ថា ថ្នាក់​ដឹកនាំ​បាន​បង្កើត​វិន័យ មិនមែន​ដើម្បី​ធ្វើ​ឲ្យ​យើង​ធុញទ្រាន់​នោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​សុវត្ថិភាព​របស់​យើង ។ ពេល​ដែល​គាត់​បាន​និយាយ​ពាក្យ​នោះ​ភ្លាម ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ភ្លាម ។ ខ្ញុំ​បាន​យល់​ថា ព្រះវរបិតាសួគ៌​ប្រទាន​បទបញ្ញត្តិ​ទាំងឡាយ​ដោយសារ​មូលហេតុ​ដូច​គ្នា​នោះ ។ បទបញ្ញត្តិ​ទាំងឡាយ​មិន​មែន​ដើម្បី​ធ្វើ​ឲ្យ​យើង​ធុញទ្រាន់​នោះ​ទេ វា​គឺ​ដើម្បី​ជួយ​យើង​ឲ្យ​ត្រឡប់​ទៅកាន់​ទ្រង់​វិញ​ដោយ​សុវត្ថិភាព ( សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:២–៩ ) ។

ព្រះវិញ្ញាណ​បរិសុទ្ធ​បានប៉ះ​ចិត្ត​ខ្ញុំ ហើយ​បាន​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា​ការណ៍​នេះ​ពិត ។

ស៊ើច ភី អិល-ឌ័រ-ហ្វ្រេន ប្រទេស​បារាំង