មានតែឌីជីថលប៉ុណ្ណោះ
របៀបដែលខ្ញុំកំពុងរៀបចំខ្លួនសម្រាប់ព្រះវិហារបរិសុទ្ធនៅប្រទេសឥណ្ឌា
ខ្ញុំតែងតែ មាន បំណងចង់ទៅព្រះវិហារបរិសុទ្ធ ។ ឥឡូវ ដោយសារព្យាការីបានប្រកាសពីព្រះវិហារបរិសុទ្ធមួយនៅប្រទេសឥណ្ឌា នោះខ្ញុំទន្ទឹងរង់ចាំដល់ពេលដែលខ្ញុំអាចទទួលបានពិធីបរិសុទ្ធទាំងឡាយនៅទីនេះ ។
ដោយបានធំធាត់ឡើងនៅប្រទេសឥណ្ឌា គ្រួសារខ្ញុំ និងខ្ញុំគឺជាអ្នកកាន់សាសនាហិណ្ឌូ ។ ខ្ញុំតែងតែបានហ៊ុមព័ទ្ធដោយជំនឿថា មានព្រះជាច្រើនដើម្បីថ្វាយបង្គំ ។ នៅពេលខ្ញុំនៅក្មេង ខ្ញុំក៏មានមិត្តភក្ដិដែលជាគ្រិស្ដសាសនិកដែរ ។ ពួកគេបានប្រាប់ខ្ញុំអំពីព្រះតែមួយគត់ដែលបានបង្កើតពិភពលោកនេះ និងមនុស្សទាំងអស់ ។ ខ្ញុំបានចាប់ផ្ដើមឆ្ងល់ពីមូលហេតុ ដែលខ្ញុំបានថ្វាយបង្គំព្រះយ៉ាងច្រើនដូច្នេះ នៅពេលមនុស្សដទៃបានជឿលើព្រះតែ មួយអង្គ ។
កាលខ្ញុំរៀននៅវិទ្យាល័យ ខ្ញុំបានមានទម្លាប់អាក្រក់មួយចំនួន ។ ខ្ញុំបានផឹកគ្រឿងស្រវឹងច្រើន ខ្ញុំឈ្លើយ ហើយគ្រួសារខ្ញុំបានអាក់អន់ចិត្តនឹងចរិតរបស់ខ្ញុំ ។ ដូច្នេះ ខ្ញុំបានចេញ ហើយចាប់ផ្ដើមជីវិតថ្មីមួយនៅទីក្រុងហៃឌើរ៉ាបាត ជាទីក្រុងមួយដែលមានឱកាសធ្វើការជាច្រើន ។
ខ្ញុំបានចាប់ផ្ដើមបាក់ទឹកចិត្ត និងឯកោ ដោយសារតែផ្លូវជីវិតរបស់ខ្ញុំ ។ ប៉ុន្ដែថ្ងៃមួយ ខ្ញុំបានជួបនឹងបុរសពីរនាក់ ។ ពួកគេបានពន្យល់ថា ពួកគេគឺជាអ្នកផ្សព្វផ្សាយសាសនានៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយបានប្រាប់ខ្ញុំអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ហើយជាថ្មីម្ដងទៀត ខ្ញុំបានរៀនអំពីព្រះតែមួយប៉ុណ្ណោះ ដែលបានបង្កើតផែនការនៃសុភមង្គលសម្រាប់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ។ សារលិខិតរបស់ពួកគេបានបំពេញខ្ញុំដោយសុភមង្គល និងសេចក្ដីសង្ឃឹមភ្លាមៗ ។ ខ្ញុំចង់រៀនបន្ថែមទៀត ។
ឥឡូវនេះ ខ្ញុំបានក្លាយជាសមាជិកនៃសាសនាចក្ររយៈពេលប្រាំពីរឆ្នាំហើយ ។ ខ្ញុំបានផ្លាស់ប្ដូរ ខ្ញុំបានឃើញអព្ភូតហេតុជាច្រើនក្នុងជីវិតខ្ញុំ ហើយខ្ញុំបានរៀនជាច្រើនអំពីដំណឹងល្អ ។ ខ្ញុំស្រឡាញ់សេចក្ដីអំណរដែលដំណឹងល្អនាំមកដល់ខ្ញុំ ។ ប៉ុន្ដែមានផ្នែកដ៏សំខាន់មួយនៃដំណឹងល្អ ដែលខ្ញុំមិនទាន់បានដកពិសោធន៍នៅឡើយ—ព្រះវិហារបរិសុទ្ធ ។
តាំងពីគ្រាដំបូងដែលខ្ញុំបានរៀនអំពីព្រះវិហារបរិសុទ្ធ នោះខ្ញុំចង់ទៅទីនោះដើម្បីរៀន និងមានអារម្មណ៍ពីព្រះវិញ្ញាណ ដើម្បីបានផ្សារភ្ជាប់សម្រាប់ភាពដ៏អស់កល្បជានិច្ចជាមួយគ្រួសារខ្ញុំ និងចុះសេចក្ដីសញ្ញាជាមួយនឹងព្រះអម្ចាស់ ។ ប៉ុន្ដែគ្មានព្រះវិហារបរិសុទ្ធនៅប្រទេសឥណ្ឌាឡើយ ហើយខ្ញុំមិនមានឱកាសធ្វើដំណើរទៅព្រះវិហារបរិសុទ្ធណាមួយ នៅ ឡើយ ទេ ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយជាច្រើននៅប្រទេសឥណ្ឌា និងខ្ញុំបានធ្វើការអធិស្ឋានយ៉ាងច្រើនរាប់មិនអស់ យើងបានតមអាហារ ហើយយើងបានមានអំណត់ និងសេចក្ដីជំនឿថា ថ្ងៃ ណា មួយនឹងមានព្រះវិហារបរិសុទ្ធកសាងឡើង នៅប្រទេសឥណ្ឌា ។
នៅក្នុងសន្និសីទទូទៅ ខែ មេសា ឆ្នាំ ២០១៨ ព្រះបានឆ្លើយតបនឹងការអធិស្ឋានរបស់ពួកយើង កាលដែលប្រធាន រ័សុល អិម ណិលសុន បានប្រកាសថា ព្រះវិហារបរិសុទ្ធមួយនឹងត្រូវសាងសង់ឡើង នៅទីក្រុង បេនហ្គាលូរូ ប្រទេសឥណ្ឌា ។ ខ្ញុំនឹងមិនភ្លេចថ្ងៃនោះឡើយ ។ ព្រះវិញ្ញាណបានបំពេញដួងចិត្តខ្ញុំដោយសេចក្ដីអំណរ និងភ្នែករបស់ខ្ញុំដោយទឹកភ្នែកពេលឮពាក្យសម្ដីរបស់ព្យាការី ។ ខ្ញុំបានថ្លែងអំណរគុណដល់ព្រះវរបិតាសួគ៌ភ្លាមសម្រាប់ការឆ្លើយតបនឹងការអធិស្ឋានរបស់ពួកយើង ។ ហើយខ្ញុំរំភើបយ៉ាងខ្លាំងដើម្បីឃើញ និងចូលក្នុងព្រះវិហារបរិសុទ្ធក្នុងពេលតែពីរបីឆ្នាំទៀតនេះ ។
ខ្ញុំរីករាយខ្លាំងណាស់ និងមានមោទនភាពដើម្បីធ្វើជាសមាជិកមួយរូបនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំដឹងថា ព្រះអម្ចាស់បានស្តារដំណឹងល្អដ៏ពិតឡើងវិញមកកាន់ផែនដីនេះតាមរយៈព្យាការី យ៉ូសែប ស្ម៉ីធ ។ ខ្ញុំដឹងថា ព្រះវិហារបរិសុទ្ធគឺជាទីកន្លែងដែលយើងអាចខិតទៅកាន់តែជិតនឹងព្រះ ដោយ បានផ្សារភ្ជាប់នឹងក្រុមគ្រួសាររបស់យើង ហើយរៀនបន្ថែមទៀតអំពីគោលបំណងរបស់យើង ។ ហើយខណៈដែលខ្ញុំរង់ចាំព្រះវិហារបរិសុទ្ធឲ្យសាងសង់នៅទីនេះក្នុងប្រទេសឥណ្ឌា នោះខ្ញុំខិតខំធ្វើការដើម្បីរៀបចំខ្លួនខ្ញុំដើម្បីចូលទៅក្នុងនោះ ។
-
ខ្ញុំអធិស្ឋាន និងរៀន គ្រប់យ៉ាងអំពីព្រះវិហារបរិសុទ្ធតាមដែលខ្ញុំអាចធ្វើបាន សេចក្ដីសញ្ញាដែលខ្ញុំនឹងចុះ ព្រមទាំងពិធីបរិសុទ្ធដែលខ្ញុំនឹងទទួលបាននៅទីនោះ ។
-
ខ្ញុំសួរសមាជិកផ្សេងទៀតដែលបានទៅព្រះវិហារបរិសុទ្ធរួចហើយ សូមរកដំបូន្មានពីរបៀបរៀបចំខ្លួនខាងវិញ្ញាណ ។
-
ខ្ញុំរៀនអំពីរបៀបធ្វើកិច្ចការពង្សប្រវត្តិ ដើម្បីខ្ញុំអាចយកឈ្មោះបុព្វការីជនរបស់ខ្ញុំទៅព្រះវិហារបរិសុទ្ធ ។
-
ខ្ញុំចូលរួមក្នុងថ្នាក់រៀបចំខ្លួនសម្រាប់ព្រះវិហារបរិសុទ្ធ ។
ខ្ញុំចង់ត្រៀមខ្លួនជា ស្រេចសម្រាប់ថ្ងៃដែល ខ្ញុំអាចចូល ទៅក្នុងព្រះវិហារបរិសុទ្ធបាននៅទីបំផុត ហើយធ្វើឲ្យវាក្លាយជាអាទិភាពមួយនៅ ក្នុងជីវិតរបស់ខ្ញុំ ។ ខ្ញុំនឹងខិតខំដើម្បីមានភាពស័ក្ដិសមជានិច្ចដើម្បីចូលទៅទីនោះ ដើម្បីខ្ញុំអាចទទួលបានពរជ័យដែលបានសន្យា ការដឹកនាំ និងចម្លើយចំពោះការអធិស្ឋានរបស់ខ្ញុំ ដែលខ្ញុំបានរង់ចាំជាយូរមកហើយ ។ ខ្ញុំទន្ទឹងរង់ចាំថ្ងៃនោះខ្លាំងណាស់ ។