២០២០
ខុសគ្នា​តែ​ជាមួយ​គ្នា
ខែ កក្កដា ឆ្នាំ ២០២០


ខុសគ្នា​តែ​ជាមួយ​គ្នា

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​ចចចារ ស.រ.អា. ។

« សូម​បណ្ដោយ​ឲ្យ​មនុស្ស​ទាំង​អស់​មាន​សិទ្ធិ​ដូច​គ្នា ចូរ​ឲ្យ​គេ​ថ្វាយ​បង្គំ​តាម​របៀប​ណា នៅ​ទីណា ឬ​អ្វី​ក៏​ដោយ​ដែល​គេ​ប្រាថ្នា » ( មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១១ ) ។

Different but Together

អែលលី និង​គ្រួសារ​នាង​នឹង​ទៅលេង​បងប្អូន​ជីដូន​មួយ​របស់​ពួកគេ​ដែល​រស់នៅ​ឆ្ងាយ ។ អែលលី​រំភើប​ខ្លាំង​ណាស់ ! នាង​ពុំ​បាន​ជួប​បងប្អូន​ជីដូន​មួយ​របស់​នាង​ជា​យូរ​មក​ហើយ ។

មុន​ពេល​ធ្វើ​ដំណើរ ប៉ាម៉ាក់​របស់​អែលលី​បាន​និយាយ​ថា ពួកគាត់​ចង់​និយាយ​អំពី​អ្វី​មួយ ។

« ពេល​យើង​ជួបជុំ​គ្នា​ជាមួយ​គ្រួសារ យើង​តែងតែ​អធិស្ឋាន​នៅ​ពេល​ញ៉ាំ​អាហារ ។ ហើយ​ពេល​ខ្លះ​យើង​និយាយ​អំពី​ព្រះវិហារ មែនទេ ? » ប៉ា​បាន​សួរ ។

« ត្រូវហើយ ! » អែលលី​បាន​តប ។

ម៉ាក់​បាន​និយាយ​ថា « មែន​ហើយ អ្វីៗ​នឹង​ខុសគ្នា​បន្តិច​ក្នុង​ការជួបជុំនេះ » ។ « មីង និង​ពូ​របស់​កូន​មិនទៅ​ព្រះវិហារ​ទៀត​ទេ ។ ហើយ​ពួកគេ​មិន​ចូលចិត្ត​ទេ​ពេល​មនុស្ស​និយាយ​អំពី​វា » ។

អែលលី​បាន​ជ្រួញ​ចិញ្ចើម ។ « ហេតុអ្វី ? »

ប៉ា​បាន​និយាយ​ថា « យើង​ពុំ​ដឹង​រាល់​ហេតុផល​នោះ​ទេ » ។ « ប៉ុន្តែ​ពួកគេ​ស្រឡាញ់​យើង​ខ្លាំង​ណាស់ ។ ប៉ា​គិត​ថា​ពួកគេ​មិន​ចង់​ប្រកែក​នឹង​យើង ឬ​ធ្វើ ឲ្យ​ប៉ះពាល់​អារម្មណ៍​យើង ទេ ។ ដូច្នេះ​ពួកគេ​បាន​សូម​យើង​មិន​ឲ្យ​និយាយ​អំពី​រឿង​ព្រះវិហារ​ជាមួយ​ពួកគេ​ទេ » ។

អែលលី​បាន​ងក់ក្បាល ។

ម៉ាក់​បាន​និយាយ​ថា « យើង​នៅតែ​អាច​អាន​ព្រះគម្ពីរ​របស់​យើង ហើយ​អធិស្ឋាន​ពេល​យើង​នៅ​ទីនោះ ។ ប៉ុន្តែ​យើង​នឹង​ធ្វើ​វា​ដោយ​ខ្លួន​យើង » ។

« ចុះ​ពេល​យើង​ញ៉ាំ​អាហារ​នោះ ? » បងស្រី​របស់​អែលលី​បាន​សួរ ។

ម៉ាក់បាន​និយាយ​ថា « ចាំ​មើល​សិន » ។ « បើ​ពួកគេ​មិន​អធិស្ឋាន​មុន​យើង​ញ៉ាំ​អាហារ​ទេ យើង​អាច​អធិស្ឋាន​ក្នុង​ចិត្ត​យើង​ម្នាក់ៗ » ។

អែលលី​បាន​និយាយ​ថា « យល់​ព្រម » ។ « កូន​អាច​ធ្វើ​វា​បាន ! »

នៅ​ថ្ងៃ​បន្ទាប់ គ្រួសារ​របស់​អែលលី​ទាំងអស់​គ្នា​ចូល​ក្នុង​ឡាន ។ ពួកគេ​បាន​បើក​ឡាន​រហូត​ដល់​យប់​ជ្រៅ ។ នៅទី​បំផុត ពេល​ពួកគេ​បាន​ទៅដល់​ផ្ទះ​បងប្អូន​ជីដូន​មួយ​របស់​ពួកគេ មីង និង​ពូ​របស់​អែលលី​បាន​ជួយ​ពួកគេ​យក​កាបូប​របស់​ពួកគេ​ចេញ​ពី​ឡាន ។ បន្ទាប់​មក​គ្រប់គ្នា​បាន​ចូល​គេង ។

ពេល​ព្រឹក​ឡើង អែលលី​បាន​អធិស្ឋាន​មុន​នឹង​ទៅ​ផ្ទះបាយ​ដើម្បី​ញ៉ាំ​អាហារ​ពេល​ព្រឹក ។ នាង​មាន​អារម្មណ៍​​ភ័យ​បន្តិច​ក្នុង​ការជួប​គ្រួសារ​នាង ។ ប៉ុន្តែ​បន្ទាប់​មក​មីង​របស់​នាង​បាន​អង្គុយ​ចុះ​ក្បែរ​នាង​ដោយ​ស្នាម​ញញឹម​ដ៏​កក់ក្ដៅ ។

« ពួក​យើង​ខ្លះ​នឹង​ទៅ​ហាង​របស់​បងជីដូន​មួយ​ក្មួយ​នៅ​ថ្ងៃ​នេះ ។ ក្មួយ​ចង់​ទៅ​ទេ ? » មីង​បាន​សួរ​អែលលី​ ។

« ហាង​ធ្វើ​សក់ ? » អែលលី​បាន​សួរ ។

« មែនហើយ ! ក្មួយ និង​បងស្រី​ក្មួយ​អាច​ធ្វើ​សក់​បាន​បើ​ក្មួយ​ចង់ » ។

អែលលី​បាន​ញញឹម ហើយ​ងក់​ក្បាល ។ ស្ដាប់​ទៅ​សប្បាយ​ណាស់ !

បន្ទាប់​ពី​អាហារ​ពេល​​ព្រឹក ពួកគេ​បាន​ជិះ​ឡាន​ក្រុង​ទៅ​ហាងធ្វើ​សក់ ។ អែលលី​ចូលចិត្ត​មើល​បង​ជីដូន​មួយ​នាង​ធ្វើការ ។ ដៃ​របស់​គាត់​អូស​ទៅមកៗ ពេល​គាត់​សិត និង​ក្រង​សក់ ។ បន្ទាប់​ពី​គ្រប់គ្នា​បាន​ធ្វើ​សក់​ហើយ ពួកគេ​បាន​លេង​ធ្វើជា អ្នក​បង្ហាញ​ម៉ូត​នៅ​មុខ​កញ្ចក់​ហាង ហើយ​សើច​កក្អឹក​នឹង​ម៉ូត​សក់​ថ្មី​របស់​ពួកគេ ។

នៅ​ថ្ងៃ​បន្ទាប់ មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ។ ដូច្នេះ គ្រប់គ្នា​បាន​សម្រេច​ចិត្ត​​នៅ​​ផ្ទះ ហើយ​លេង​ល្បែង​នានា ។ អែលលី និង​ប្អូន​ជីដូន​មួយ​របស់​នាង​ម្នាក់​នៅ​ក្រុម​ជាមួយ​គ្នា ហើយ​លេងទល់​នឹង​ក្មេងប្រុស​ដែល​ធំជាង​ពួកគេ ។ ពួកគេ​លគ្នា​ទៅវិញ​ទៅមក​លេងសើច​នឹង​គ្នា​កាលដែល​ពួកគេ​ប្រកួត​ល្បែង​នោះ ។

« យើង​ឈ្នះ​ហើយ ! » អែលលី​បាន​ស្រែក​ពេលដែល​នាង​បាន​រំកិល​ដុំ​ល្បែង​នោះ​ទៅដល់​ទីបញ្ចប់​បន្ទះ​ល្បែង ។ ពួកគេ​បាន​លើកដៃ​ទះអបអរ​គ្នា​ទៅវិញ​ទៅមក—សូម្បី​តែ​បង​ជីដូន​មួយ​ដែល​ធំជាង​បាន​ធ្វើពុត​ជា​ខឹង​ដោយសារ​ចាញ់ ។

ពីរបី​ថ្ងៃ​ក្រោយ​មក វា​ដល់​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ។ ពេល​អែលលី​បាន​ឡើង​ទៅ​ខាងក្រោយ​ឡាន​របស់​គ្រួសារ​នាង នាង​បាន​ឮ​គ្រួសារ​នាង​និយាយ​លា​គ្នា ។

« យើង​ប្រាកដ​ជា​នឹក​ពួកឯង ! »

« ត្រឡប់​មក​វិញ​ឆាប់ៗ​ណា ! »

« ពួកយើង​ស្រឡាញ់​ពួកឯង​ខ្លាំង​ណាស់ ! »

អែលលី​បាន​ញញឹម ហើយ​គ្រវី​ដៃ​លា​ពេល​ដែល​ឡាន​បាន​បើក​ចេញ​ទៅ ។ នាង​សប្បាយ​ណាស់ ។ សូម្បី​តែ​ពួកគេ​ជឿ​រឿង​ខុស​គ្នា​មែន តែ​ពួកគេ​នៅតែ​អាច​ជា​គ្រួសារ​ដ៏​រីករាយ ។