របៀបដើម្បីប្រើប្រាស់តន្រ្តីនៅក្នុងថ្នាក់អង្គការបឋមសិក្សា
គោលបំណងនៃតន្រ្តីនៅក្នុងថ្នាក់អង្គការបឋមសិក្សា គឺដើម្បីបង្រៀនកុមារអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងជួយដល់ពួកគេឲ្យរៀនរស់នៅតាមដំណឹងល្អ ។ ចម្រៀងអង្គការបឋមសិក្សា ធ្វើឲ្យការរៀនសូត្រមានភាពកាន់តែរីករាយ ជួយដល់កុមារឲ្យរៀន និងចងចាំសេចក្តីពិត និងអញ្ជើញព្រះវិញ្ញាណមកកាន់ថ្នាក់អង្គការបឋមសិក្សា ។
ខាងក្រោមនេះគឺជាការបង្រៀនមួយចំនួន ដែលនឹងជួយអ្នកបង្រៀនកុមារនូវដំណឹងល្អតាមរយៈតន្រ្តី ។ ឧទាហរណ៍ទាំងឡាយ នឹងជួយអ្នកជាមួយនឹងចម្រៀងដែលបានឲ្យជាយោបល់នៅក្នុងគម្រោងនេះ ។ សូមមើល វគ្គ « របៀបដើម្បីប្រើប្រាស់តន្រ្តីនៅក្នុងថ្នាក់អង្គការបឋមសិក្សា » នៅក្នុងគម្រោងឆ្នាំ 2010 និងឆ្នាំ 2011សម្រាប់ជាគំនិតបន្ថែម ។
ការបង្រៀនដំណឹងល្អតាមរយៈតន្រ្តី
មេរៀនដ៏អស្ចារ្យមួយចំនួនត្រូវបានបង្រៀននៅក្នុងអង្គការបឋមសិក្សាតាមរយៈតន្រ្តី ។ « តន្រ្តីអាចជួយបង្កើនការយល់ដឹងរបស់កុមារពីគោលការណ៍ដំណឹងល្អ ហើយជួយពង្រឹងទីបន្ទាល់របស់ពួកគេ » ( TNGCទំព័រ 174 ) ។ សូមពិចារណាក្នុងការសួរសំណួរអំពីចម្រៀងមួយបទ ដើម្បីជួយកុមារយល់អំពីអត្ថន័យរបស់ចម្រៀងនោះ ។ ឧទាហរណ៍ចម្រៀងបទ « ធ្វើអ្វីដែលត្រឹមត្រូវ » ( ទំនុកដំកើងព្រះ និងចម្រៀងកុមរាកុមារី ទំព័រ 34 ) សូមបង្រៀនថា យើងមិនត្រូវបានទុកឲ្យនៅម្នាក់ឯងធ្វើការសម្រេចចិត្តនៅក្នុងជីវិតនោះឡើយ ព្រះវិញ្ញាណបរិសុទ្ធនឹងដឹកនាំយើងនៅក្នុងការសម្រេចចិត្តដើម្បីជ្រើសរើសសុចរិត ។ សូមគូរគំនូរមួយដែលមានខែល ជ. ផ. ត. ចំនួនបីនៅលើក្តាខៀន ហើយសូមសរសេរសំណួរដូចខាងក្រោមនៅលើខែលទាំងនោះ ៖ « នរណានឹងដឹកនាំខ្ញុំឲ្យជ្រើសរើសត្រឹមត្រូវ ? » « តើពេលណាដែលការជួយអ្នកដទៃនឹងចែងចាំងមកលើខ្ញុំ ? » ហើយ « តើមានការសន្យាអ្វី នៅពេលដែលយើងជ្រើសរើសត្រឹមត្រូវ ? » សូមចង្អុលទៅរូបខែលទីមួយ អានសំណួរជាមួយគ្នា និងសុំឲ្យកុមារស្តាប់នៅពេលដែលអ្នកច្រៀងចម្រៀង បន្ទាប់មកសូមឲ្យពួកគេក្រោកឈរឡើង នៅពេលដែលពួកគេបានឮចម្លើយ ។ សូមឲ្យពួកគេច្រៀងចម្លើយជាមួយអ្នកពីរបីដងជាមួយគ្នា ។ ការធ្វើបែបនេះនឹងជួយពួកគេភ្ជាប់ពាក្យពេចន៍នៅក្នុងបទនោះទៅនឹងចង្វាក់ភ្លេង ។ ធ្វើដូច្នេះជាមួយនឹងរូបភាពផ្សេងទៀត ។ សូមពិភាក្សាឃ្លា ឬពាក្យពេចន៍ដែលអាចជាការលំបាកយល់ដល់កុមារ ។ សូមច្រៀងចម្រៀងទាំងមូល ហើយសូមរំឭកកុមារថា នៅពេលដែលពួកគេច្រៀងបទនេះ គឺពួកគេកំពុងតែថ្លែងទីបន្ទាល់ថា ព្រះវិញ្ញាណបរិសុទ្ធនឹងជួយយើង ប្រសិនបើយើងស្តាប់ និងធ្វើការសម្រេចចិត្តត្រឹមត្រូវ ។
សូមឲ្យកុមារទាំងអស់ចូលរួមចំណែកនៅក្នុងសកម្មភាពតន្រ្តី
កុមារគ្រប់អាយុ និងរាល់សមត្ថភាពទាំងអស់គឺធ្វើតាមតន្រ្តី ហើយរីករាយនៅក្នុងការចូលរួមក្នុងសកម្មភាពតន្រ្តី ។ ចង្វាក់ភ្លេងក្នុងបទចម្រៀងទាំងឡាយជួយកុមារចងចាំនូវអ្វីដែលពួកគេច្រៀង ហើយនិងសារលិខិតនៃពាក្យពេចន៍នោះ ។ នៅពេលដែលអ្នកច្រៀងបទ « ហាននឹងធ្វើត្រូវ » ( ទំនុកដំកើងព្រះ និងចម្រៀងកុមារាកុមារី ទំព័រ 64 ) សូមពិចារណាក្នុងការពន្យល់ពាក្យ ចង្វាក់ភ្លេងលឿន ឬយឺត និងសម្លេងនៃបទចម្រៀង ។ សូមពិចារណាក្នុងការបង្រៀនពាក្យពេចន៍នៅក្នុងបទចម្រៀងដូចជាlegato ( យឺត និងស្រទន់ ) ហើយ staccato ( លឿន ហើយញាប់ៗ ) ហើយសូមឲ្យកុមារច្រៀងចម្រៀងតាមវិធីទាំងពីរយ៉ាង ។
កុមារក៏ចូលចិត្តក្នុងសកម្មភាពដែលមានចលនា ដូចជា ការទះដៃតាមចង្វាក់ភ្លេង ។ នៅក្នុងបទចម្រៀង « បុរសឈ្លាសវៃ និងបុរសឆ្លោតល្ងង់ » (ស. ច. ក. ទំព័រ 281 ) ការធ្វើចលនាដៃនឹងជួយកុមារផ្តោតទៅលើពាក្យពេចន៍ក្នុងបទចម្រៀង ។ អ្នកអាចប្រើសកម្មភាពទាំងឡាយនៅពេលអ្នកច្រៀងបទ « ហាននឹងធ្វើត្រូវ » ( ទំនុកដំកើងព្រះ និងចម្រៀងកុមារាកុមារី ទំព័រ 64 ) ។ ឧទាហរណ៍ សុំឲ្យកុមារសម្តែងជាកាន់ខែលនៅដៃម្ខាងនៅពេលដែលពួកគេច្រៀង « ហ៊ាននឹងធ្វើត្រូវ » សូមសម្តែងជាកាន់ដាវពីលើក្បាល នៅពេលដែលពួកគេច្រៀង « ប្រកាន់ខ្ជាប់នូវកិត្តិយស និងជំនឿអ្នក » ហើយដើរទៅមុខ នៅពេលដែលពួកគេច្រៀង « ឈរដូចជាវីរបុរស ហើយច្បាំងដល់ស្លាប់ » ។ សូមអញ្ជើញកុមារឲ្យបង្កើតកាយវិការរបស់ពួកគេដោយផ្ទាល់សម្រាប់បទចម្រៀងណាក៏ដោយតាមដែលសមរម្យ ( កាយវិការខ្លះអាចមិនសមរម្យសម្រាប់ការប្រជុំនៅម៉ោងសាក្រាម៉ង់ ) ។
សូមរំឭកបទចម្រៀងឡើងវិញដើម្បីពង្រឹងដល់គោលការណ៍ដំណឹងល្អ
នៅពេលដែលអ្នកបង្រៀនចម្រៀង អ្នកនឹងត្រូវច្រៀងម្តងហើយម្តងទៀតដើម្បីឲ្យកុមារចងចាំចម្រៀងនោះ ។ អ្នកក៏នឹងត្រូវរំឭកបទចម្រៀងសារឡើងវិញ នៅក្នុងឆ្នាំនោះផងដែរ ដើម្បីឲ្យកុមារចងចាំបទនោះនៅក្នុងគំនិត ។ បន្ទាប់ពីបានបង្រៀនចម្រៀងហើយ សូមរំឭកឡើងវិញ និងច្រៀងតាមវិធីសប្បាយៗជាច្រើន ។ សូមបន្តច្រៀងចម្រៀងទោះបីជាបទបង្ហាញនៅម៉ោងសាក្រាម៉ង់ចប់ក្តី ដើម្បីឲ្យកុមារនឹងចងចាំបទចម្រៀងនោះ ។ សូមពិចារណាក្នុងការសរសេរបទចម្រៀងដែលអ្នកចង់ឲ្យកុមាររំឭកឡើងវិញ តាមកម្មវត្ថុ ( ឧទាហរណ៍ ដូចជាផ្កានៅក្នុងក្រឡ រូបត្រីក្រដាសនៅក្នុងស្រះ រោមមាន់បារាំង ស្លឹកឈើនៅលើដើមឈើ ឬបិទរូបបេះដូងនៅជុំវិញបន្ទប់ ) ។ សុំឲ្យកុមារជ្រើសរើសវត្ថុមួយម្តងៗ ហើយបន្ទាប់មកសូមច្រៀងចម្រៀង ។ ខាងក្រោមនេះគឺជាគំនិតមួយចំនួន ដែលប្រាប់អំពីរបៀបរំឭកចម្រៀងឡើងវិញ ( រូបភាពជំនួយចក្ខុ មាននៅ sharingtime.lds.org ) ៖
-
គីបចម្រៀង ៖ សូមធ្វើគីបមួយដែលមានសកម្មភាពផ្សេងៗនៅលើផ្នែកនីមួយៗ ។ សុំឲ្យកុមារបង្វិលគីបនោះដើម្បីជ្រើសរើសយកថាតើសកម្មភាពអ្វីដែលពួកគេនឹងធ្វើនៅពេលដែលពួកគេច្រៀង ។
-
កុមារីច្រៀង/កុមារាច្រៀង ៖ សូមបង្កើតរូបភាពរបស់កុមារា និងរូបភាពរបស់កុមារី ហើយសូមបិទកាវ ឬ ស្កុតរូបភាពទៅនឹងដំបងដាច់ពីគ្នា ។ ខណៈពេលដែលកំពុងតែរំឭកបទចម្រៀងឡើងវិញ សូមប្តូររូបភាពដើម្បីបង្ហាញថាតើនរណាគួរតែច្រៀង ។ ការធ្វើបែបនេះនឹងធ្វើឲ្យកុមារចូលរួមយ៉ាងសកម្ម ។
-
ច្រៀងដោយមានរូបល្ខោនអាយ៉ង សូមថតចម្លង និងកាត់រូបភាពដែលមាននៅលើទំព័រ 63 នៃសៀវភៅទារកដ្ឋាន Behold Your Little Ones សម្រាប់កុមារម្នាក់ៗផាត់ពណ៌ ។ សូមបិទកាវ ឬបិទបង់ស្អិតទៅនឹងរូបភាពនីមួយៗនៅលើស្បោងក្រដាសដើម្បីធ្វើជារូបល្ខោនអាយ៉ង់ ។ សូមអញ្ជើញកុមារឲ្យច្រៀងជាមួយនឹងរូបល្ខោនអាយ៉ង់ ។
-
បោះកន្រ្តក់ ៖ សូមអញ្ជើញកុមារម្នាក់ឲ្យបោះស្បោងសណ្តែកបាយ ឬបោះក្រដាសមូលចូលក្នុងកន្រ្តក់ ។ ប្រសិនបើកុមារា ឬកុមារីបានបោះចូលដំបូង សូមឲ្យកុមារច្រៀងឃ្លាទីមួយ ប្រសិនបើបោះពីរដង សូមឲ្យពួកគេច្រៀងឃ្លាពីរដង ជាដើម ។