« អារម្ភកថា » ការព្យាបាលតាមរយៈព្រះអង្គសង្គ្រោះ ៖ កម្មវិធីព្យាបាលការញៀន មគ្គទេសក៍ព្យាបាល ១២ ជំហាន ( ឆ្នាំ ២០២៣ )
« អារម្ភកថា » កម្មវិធីព្យាបាលការញៀន មគ្គទេសក៍ព្យាបាល ១២ ជំហាន
អារម្ភកថា
មិនថាអ្នកកំពុងពុះពារនឹងការញៀន ឬស្គាល់នរណាម្នាក់ដែលកំពុងពុះពារនោះទេ មគ្គទេសក៍នេះអាចជាពរជ័យមួយនៅក្នុងជីវិតរបស់អ្នកបាន ។ ដោយមានការអនុញ្ញាតពី Alcoholics Anonymous យើងបានកែសម្រួលជំហានទាំង ១២ ដើម្បីរួមបញ្ចូលគោលលទ្ធិ គោលការណ៍ និងជំនឿនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ នៅក្នុងមគ្គទេសក៍នេះ ជំហានទាំងនេះត្រូវបានបង្ហាញតាមលំដាប់លំដោយ រួមជាមួយនឹងគោលការណ៍ដំណឹងល្អដែលទាក់ទងគ្នា ។ មគ្គទេសក៍នេះនឹងជួយអ្នកឲ្យរៀនពីរបៀបអនុវត្តតាមជំហានទាំងនេះ ។ មិនថាកាលៈទេសៈរបស់អ្នកយ៉ាងណានោះទេ ជំហានទាំងនេះអាចជួយអ្នកឲ្យមករកព្រះគ្រីស្ទ ហើយទទួលបានពរជ័យនៃការព្យាបាល និងការជាសះស្បើយ ។
ការញៀនអាចរួមមានការប្រើប្រាស់សារធាតុដូចជា ថ្នាំជក់ គ្រឿងស្រវឹង កាហ្វេ តែ និងថ្នាំនានា ទាំងតាមវេជ្ជបញ្ជា និងថ្នាំដែលប្រើប្រាស់ខុសច្បាប់ផងដែរ ។ ការញៀនក៏អាចរួមមានឥរិយាបថដូចជា ការលេងល្បែងស៊ីសង ការមើលរូបអាសគ្រាម ការមានតម្រេកតណ្ហា ឥរិយាបថផ្លូវភេទមិនសមរម្យ ការលេងហ្គេមវីដេអូ ការប្រើប្រាស់បច្ចេកវិទ្យាមិនសមរម្យ និងការបរិភោគមិនល្អផងដែរ ។ ខណៈដែលអ្នកជំនាញផ្នែកថែទាំសុខភាពចាត់ទុកការញៀនជាជំងឺផ្លូវកាយ ក៏ទិដ្ឋភាពរូបកាយគឺជាផ្នែកមួយនៃបញ្ហាតែប៉ុណ្ណោះ ។ ការញៀនប៉ះពាល់ដល់ចិត្ត រូបរាងកាយ និងវិញ្ញាណ ដូច្នេះដំណោះស្រាយត្រូវតែដោះស្រាយគ្រប់ទិដ្ឋភាពទាំងអស់នៃជំងឺនេះ ។
មគ្គទេសក៍នេះមិនសំដៅជាក់លាក់លើការញៀនណាមួយឡើយ ។ ទោះបីជាមនុស្សពុះពារជាមួយនឹងការញៀនប្រភេទខុសៗគ្នាក៏ដោយ ក៏មនុស្សជាច្រើនបានរកឃើញដំណោះស្រាយទូទៅមួយនៅលើផ្លូវ ដែលបានរៀបរាប់នៅក្នុងមគ្គទេសក៍នេះដែរ ។ វាគឺជាសៀវភៅកិច្ចការ និងសេចក្ដីយោងមួយសម្រាប់នរណាម្នាក់ ដែលចង់ជាសះស្បើយពីការញៀនគ្រប់ប្រភេទទាំងអស់ ។ មគ្គទេសក៍នេះគឺជាឯកសារអានសំខាន់នៅក្នុងការប្រជុំគាំទ្រការព្យាបាលការញៀន ដែលឧបត្ថម្ភដោយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
បុរស និងស្ត្រីទាំងឡាយដែលបានរងទុក្ខពីឥទ្ធិពលដ៏បំផ្លិចបំផ្លាញនៃការញៀនផ្សេងៗ និងបានដកពិសោធន៍ការជាសះស្បើយរយៈពេលវែង បានជួយបង្កើតឲ្យមានមគ្គទេសក៍នេះឡើង ហើយត្រូវបានអញ្ជើញឲ្យចែកចាយបទពិសោធន៍របស់ពួកគេក្នុងការអនុវត្តតាមជំហានទាំង ១២ នេះ ។ ទស្សនៈរបស់ពួកគេ ( ដោយប្រើពាក្យ « យើង » នៅក្នុងមគ្គទេសក៍នេះ ) ត្រូវបានប្រើដើម្បីប្រាប់ឲ្យដឹងពីការឈឺចាប់នៃការញៀន និងអំណរនៃការបានជាសះស្បើយ និងការព្យាបាល ។ អ្នកអាចរកឃើញការលួងលោម និងការគាំទ្រមកពីបុគ្គលទាំងនេះបាន ។ ថ្នាក់ដឹកនាំសាសនាចក្រ និងអ្នកជំនាញផ្នែកប្រឹក្សាក៏បានជួយសរសេរ និងអភិវឌ្ឍមគ្គទេសក៍នេះផងដែរ ។ ប្រាជ្ញា និងបទពិសោធន៍រួមគ្នារបស់អ្នកនិពន្ធជាច្រើនរូបទាំងនេះបង្ហាញជាសាក្សីមួយទៀតអំពីភាពពិតនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងលទ្ធភាពនៃការព្យាបាលពីការញៀន ។
យើងសូមអញ្ជើញអ្នកឲ្យមកការប្រជុំការព្យាបាល ។ ( « យើង » គឺជាបុរស និងស្ត្រីដែលបានរងទុក្ខពីឥទ្ធិពលដ៏បំផ្លិចបំផ្លាញនៃការញៀនផ្សេងៗ ហើយបានដកពិសោធន៍ការជាសះស្បើយរយៈពេលវែង ) ។ ការណែនាំក្នុងការស្វែងរកមនុស្សដោយផ្ទាល់ តាមវីដេអូ ទូរសព្ទ ឬការប្រជុំដែលថតទុក ( ដោយមានការអនុញ្ញាត ) មាននៅលើគេហទំព័រកម្មវិធីព្យាបាលការញៀន ( នៅលើគេហទំព័រ AddictionRecovery.ChurchofJesusChrist.org ) ។ សូមកុំឲ្យការភ័យខ្លាចរបស់អ្នករារាំងអ្នកពីពរជ័យនៃការចូលរួមក្នុងការប្រជុំការព្យាបាលឡើយ ។ សូមដឹងថា ការប្រជុំទាំងនេះគឺជាកន្លែងនៃការយោគយល់គ្នា សេចក្តីសង្ឃឹម និងការគាំទ្រ ជាកន្លែងដែលអ្នកនឹងរកឃើញថា អ្នកមិនមែននៅតែម្នាក់ឯងទេ ហើយអ្នកនឹងឃើញថា ការព្យាបាលអាចកើតឡើងបាន ។ យើងបានដឹងថា មគ្គទេសក៍នេះមានប្រសិទ្ធភាពខ្លាំងបំផុត នៅពេលយើងធ្វើតាមជំហានទាំងនេះជាមួយអ្នកឧបត្ថម្ភ និងប៊ីស្សពរបស់យើង ។ ពួកយើងមួយចំនួនទទួលបានជំនួយមកពីអ្នកផ្ដល់ប្រឹក្សាដែលមានវិជ្ជាជីវៈម្នាក់នៅក្នុងដំណើរព្យាបាលរបស់យើង ។
ការជាសះស្បើយចាប់ផ្ដើម នៅពេលយើងស្មោះត្រង់ ហើយសារភាពថា យើងកំពុងពុះពារជាមួយនឹងការញៀន ។ សម្រាប់មនុស្សមួយចំនួន ការដឹងថាខ្លួនឯងគឺជាអ្នកញៀននៅក្នុងការប្រជុំការព្យាបាលជួយពួកគេឲ្យមានភាពស្មោះត្រង់ និងចងចាំថា តើការញៀនរបស់ពួកគេអាចមានឥទ្ធិពលខ្លាំងប៉ុណ្ណាទៅលើពួកគេ ។ ទោះយ៉ាងណាក៏ដោយ យើងគួរតែប្រយ័ត្នប្រយែងថា ការណ៍នេះមិនដាក់កម្រិតទៅលើសេចក្តីសង្ឃឹម ឬការទុកចិត្តរបស់យើងទៅលើព្រះឡើយ ។ ប្រសិនបើយើងដឹងខ្លួនយើងថាជាអ្នកញៀន នោះយើងអាចបដិសេធដោយអចេតនានូវសេចក្ដីពិតដែលថា ព្រះយេស៊ូវគ្រីស្ទអាចព្យាបាលយើង ហើយអាចផ្លាស់ប្ដូរធម្មជាតិរបស់យើងបាន ។ នៅក្នុងដំណើរជាសះស្បើយរបស់យើង យើងទាំងអស់គ្នាត្រូវតែស្វែងរកតុល្យភាពមួយរវាងការមានភាពស្មោះត្រង់អំពីអំណាចនៃការញៀន ខណៈទន្ទឹមពេលជាមួយគ្នានេះ យើងទុកចិត្តថា ព្រះយេស៊ូវគ្រីស្ទអាចស្ដារយើងឲ្យមានសុខភាពល្អខាងវិញ្ញាណពេញលេញឡើងវិញបាន ។
ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកអាចមានការញៀន ហើយមានបំណងប្រាថ្នាដ៏តូចបំផុតមួយដើម្បីមានសេរីភាពពីការណ៍នេះ ឬប្រសិនបើអ្នកមានឆន្ទៈដើម្បីមានបំណងប្រាថ្នានេះ នោះយើងសូមអញ្ជើញអ្នកឲ្យចូលរួមជាមួយយើងក្នុងការសិក្សា និងការអនុវត្តតាមគោលការណ៍នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដូចដែលបានរៀបរាប់នៅក្នុងមគ្គទេសក៍នេះ ។ ប្រសិនបើអ្នកដើរតាមផ្លូវនេះដោយមានចិត្តស្មោះសរ នោះអ្នកនឹងរកឃើញអំណាចនៅក្នុងព្រះយេស៊ូវគ្រីស្ទ ដើម្បីបានជាសះស្បើយពីការញៀន ។
អែលឌើរ រ៉ូបឺត ឌី ហែល បានពន្យល់ថា « ការញៀនគឺជាការស្រេកឃ្លានរបស់មនុស្សខាងសាច់ឈាម ហើយវាពុំអាចស្កប់ស្កល់បានទេ ។ វាគឺជាចំណង់ដែលមិនចេះស្កប់ » ( « Becoming Provident Providers Temporally and Spiritually » Liahona ខែឧសភា ឆ្នាំ២០០៩ ទំព័រ១០ ) ។
បន្ទាប់មក លោកបានរៀបរាប់ពីរបៀបដែលមនុស្សជាច្រើន ដែលត្រូវបានបោកបញ្ឆោតនៅក្នុងការញៀន ចង់មានអារម្មណ៍ ៖ « ប៉ុន្តែក្នុងនាមជាកូនរបស់ព្រះ ការស្រេកឃ្លានដ៏ជ្រាលជ្រៅបំផុតរបស់យើង និងអ្វីដែលយើងគួរតែខិតខំស្វែងរក គឺអ្វីដែលព្រះអម្ចាស់តែមួយអង្គគត់អាចផ្គត់ផ្គង់ឲ្យបាន—ពោលគឺ សេចក្ដីស្រឡាញ់របស់ទ្រង់ អារម្មណ៍នៃការមានតម្លៃរបស់ទ្រង់ សន្ដិសុខរបស់ទ្រង់ ទំនុកចិត្តរបស់ទ្រង់ សេចក្ដីសង្ឃឹមរបស់ទ្រង់នៅពេលអនាគត និងការធានាអះអាងអំពីសេចក្ដីស្រឡាញ់របស់ទ្រង់ ដែលនាំឲ្យយើងមានអំណរដ៏អស់កល្បជានិច្ច » ( « Becoming Provident Providers Temporally and Spiritually » ទំព័រ១០ ) ។
ទោះបីជាគម្លាតរវាងកន្លែងដែលយើងនៅ និងកន្លែងដែលយើងចង់ទៅ អាចមើលទៅមិនអាចកើតឡើងបានក៏ដោយ ក៏កម្មវិធីព្យាបាលការញៀន និងមគ្គទេសក៍នេះបានជួយមនុស្សជាច្រើន ឲ្យធ្វើដំណើរឆ្លងកាត់ផ្លូវពីការញៀនទៅរកការជាសះស្បើយបានដែរ ហើយវាអាចជួយអ្នកឲ្យធ្វើដូចគ្នានេះបាន ។