« ឧបសម្ព័ន្ធ ៖ ការទទួលស្គាល់ និងការស្វាគមន៍អ្នកមកថ្មី » ការព្យាបាលតាមរយៈព្រះអង្គសង្គ្រោះ ៖ កម្មវិធីព្យាបាលការញៀន មគ្គទេសក៍ព្យាបាល ១២ ជំហាន ( ឆ្នាំ ២០២៣ )
« ការទទួលស្គាល់ និងការស្វាគមន៍អ្នកមកថ្មី » កម្មវិធីព្យាបាលការញៀន មគ្គទេសក៍ព្យាបាល ១២ ជំហាន
ការទទួលស្គាល់ និងការស្វាគមន៍អ្នកមកថ្មី
អ្នកមកថ្មីគឺជាមនុស្សម្នាក់ដែលទើបមកចូលរួមថ្មីនៅក្នុងការប្រជុំការព្យាបាល ។ ជាញឹកញាប់ គាត់គឺជាបុគ្គលម្នាក់នៅក្នុងដំណាក់កាលដំបូងនៃការផ្លាស់ប្ដូរ ជាមនុស្សម្នាក់ដែលទើបត្រឡប់មកវិញបន្ទាប់ពីការលាប់ ឬជាមិត្តភក្តិ ឬសមាជិកគ្រួសារម្នាក់របស់នរណាម្នាក់ដែលកំពុងពុះពារនឹងការញៀន ។ មនុស្សដែលយើងមិនស្គាល់អាចជាអ្នកទើបមកថ្មី ហើយដោយសារជារឿយៗ ការប្រជុំពីរបីដងដំបូង ដែលអ្នកមកថ្មីទាំងនេះចូលរួម គឺសំខាន់ខ្លាំងក្រៃ នោះវាសំខាន់ជាពិសេសដើម្បីព្យាយាមធ្វើឲ្យបុគ្គលទាំងនេះមានអារម្មណ៍កក់ក្តៅ និងទទួលបានការស្វាគមន៍ ។
ជាញឹកញាប់ អ្នកមកថ្មីមានអារម្មណ៍ស្ទាក់ស្ទើរ និងព្រួយបារម្ភច្រើន ។ សូមចាំថា វាត្រូវការភាពក្លាហានខ្លាំងណាស់ដើម្បីឲ្យបុគ្គលម្នាក់ៗសារភាពថា ពួកគេកំពុងប្រព្រឹត្តឥរិយាបថបំផ្លិចបំផ្លាញ ថាជីវិតរបស់ពួកគេមិនអាចគ្រប់គ្រងបាន ហើយថាពួកគេត្រូវការជំនួយ ។ វាក៏ត្រូវការភាពក្លាហានផងដែរ ដើម្បីឲ្យមិត្តភក្តិ ឬសមាជិកគ្រួសារនិយាយអំពីឥទ្ធិពលនៃការញៀននៅក្នុងជីវិតរបស់មនុស្សជាទីស្រឡាញ់របស់ពួកគេ និងក្នុងជីវិតរបស់ពួកគេផ្ទាល់ ។ គោលដៅរបស់យើងគឺដើម្បីជួយអ្នកមកថ្មីឲ្យចង់ត្រឡប់មកវិញ ។
យើងមានការទទួលខុសត្រូវក្នុងការបង្កើតឲ្យមានបរិយាកាសដ៏ស្វាគមន៍ និងទទួលយកមួយ នៅមុនពេល អំឡុងពេល និងក្រោយការប្រជុំនីមួយៗ ។ សូមទុកចិត្តថា ព្រះវិញ្ញាណនឹងណែនាំអ្នកមកថ្មីឲ្យឆ្លងកាត់ដំណើរការនៃការផ្លាស់ប្រែនេះ ។ សូមចាំថា អ្នកមកថ្មីឧស្សាហ៍មានអារម្មណ៍សន្ធប់ ដូច្នេះសូមប្រើវិធីសាស្រ្តដែលពេញដោយសេចក្ដីស្រឡាញ់ និងទន់ភ្លន់របស់អ្នក ។ ការស្រឡាញ់ ការគាំទ្រ និងការលើកទឹកចិត្តគឺជាធាតុដ៏សំខាន់ដើម្បីមានអារម្មណ៍ថា មានគេស្វាគមន៍ និងរាប់អានយើង ។
យើងបានទទួលការណែនាំពីសាសនាចក្រថា ការប្រជុំការព្យាបាលគឺសម្រាប់មនុស្សដែលមានអាយុ ១៨ ឆ្នាំឡើងទៅ ។ ប្រសិនបើបុគ្គលនេះមានអាយុក្រោម ១៨ ឆ្នាំ សូមលើកទឹកចិត្តពួកគេឲ្យពិគ្រោះយោបល់ជាមួយឪពុកម្ដាយ ប៊ីស្សព និងអ្នកផ្ដល់សេវាសុខភាពផ្លូវចិត្ត ឬសុខភាពរាងកាយសម្រាប់ជម្រើសផ្សេងទៀត ដែលអាចបង្ហាញថាមានប្រយោជន៍ ។ ប្រសិនបើពួកគេចង់បានការពន្យល់លម្អិតបន្ថែមទៀត សូមលើកទឹកចិត្តពួកគេឲ្យទាក់ទងទៅអ្នកគ្រប់គ្រងភ្នាក់ងារសេវាកម្មគ្រួសារក្នុងមូលដ្ឋាន ។ កាលណាអ្នកបានប្រាប់ពួកគេពីច្បាប់ហើយ ប្រសិនបើពួកគេបន្តចូលរួម នោះសូមកុំរំឭកពួកគេអំពីច្បាប់នេះម្តងទៀតឡើយ ហើយមិនចាំបាច់ធ្វើអ្វីដើម្បីអនុវត្តច្បាប់នោះទេ ។
យោបល់ខាងក្រោមនេះអាចនឹងមានប្រយោជន៍ នៅពេលអ្នកឈោងទៅជួយអ្នកមកថ្មីមុនពេល និងក្រោយពេលប្រជុំ ៖
-
នៅពេលរាក់ទាក់នរណាម្នាក់ដែលអ្នកមិនស្គាល់ សូមណែនាំខ្លួនអ្នក ហើយសួរថា តើគាត់ធ្លាប់ចូលរួមការប្រជុំការព្យាបាលពីមុនមកដែរឬទេ ។
-
សូមធានាដល់អ្នកមកថ្មីថា ពួកគេស្ថិតនៅកន្លែងមួយដែលមានសុវត្ថិភាព ។ សូមពន្យល់ថា យើងប្រកាន់ខ្ជាប់តាមគោលការណ៍នៃភាពសម្ងាត់ ហើយថាពួកគេគ្រាន់តែប្រើនាមរបស់ពួកគេបានហើយ ។ សូមឲ្យពួកគេដឹងផងដែរថា ប្រសិនបើពួកគេមិនចង់អាន ឬចែកចាយនៅក្នុងការប្រជុំទេ ពួកគេគ្រាន់តែអង្គុយស្តាប់បានហើយ ។
-
សូមឲ្យអ្នកមកថ្មីចែកចាយតែអ្វីដែលពួកគេចង់ចែកចាយប៉ុណ្ណោះ ។ សូមទទួលស្គាល់ថា ជារឿយៗ ពួកគេមានអារម្មណ៍ទើសទាល់ក្នុងការពន្យល់ពីមូលហេតុ ដែលពួកគេចូលរួមការប្រជុំនេះទេ ។
-
សូមផ្ដល់យោបល់ថា អ្នកមកថ្មីគួរតែស្តាប់ស្វែងរកអ្វីដែលពួកគេមានដូចគ្នានឹងអ្នកចូលរួមផ្សេងទៀត ។ អ្នកមកថ្មីនឹងមានអារម្មណ៍ថាចង់ត្រឡប់មកការប្រជុំនេះវិញ នៅពេលពួកគេអាចយល់ចិត្តរបស់អ្នកដែលកំពុងចែកចាយនោះ ។ សូមពន្យល់ថា ដោយសារការប្រជុំរបស់យើងបើកចំហចំពោះបុគ្គលទាំងឡាយ ដែលរងគ្រោះពីឥរិយាបថបំផ្លិចបំផ្លាញច្រើនប្រភេទ នោះសមាជិកក្រុមប្រហែលជាមិនមានបទពិសោធន៍ដូចគ្នាជានិច្ចនោះទេ ប៉ុន្តែជាញឹកញាប់ ពួកគេនឹងមានអារម្មណ៍ស្រដៀងគ្នា ដូចជាមនុស្សដែលបានរងគ្រោះដោយសារជម្រើស ឬឥរិយាបថរបស់អ្នកដទៃនៅក្នុងជីវិតរបស់ពួកគេដែរ ។ សូមអញ្ជើញអ្នកមកថ្មីឲ្យនៅចាំបន្ដិច បន្ទាប់ពីចប់ការប្រជុំ ប្រសិនបើពួកគេមានសំណួរណាមួយ ។
-
សូមទុកចិត្តថា អ្នកមកថ្មីនឹងយល់ពីកម្មវិធីនេះ ដោយមិនចាំបាច់ស្ដាប់ឮគ្រប់ផ្នែកទាំងអស់នៃកម្មវិធីនេះនោះទេ ។ សូមបង្ហាញអ្នកមកថ្មីនូវ ការព្យាបាលតាមរយៈព្រះអង្គសង្គ្រោះ ៖ កម្មវិធីព្យាបាលការញៀន មគ្គទេសក៍ព្យាបាល ១២ ជំហាន ឬ មគ្គទេសក៍អំពីការគាំទ្រ ៖ ជំនួយសម្រាប់គូស្វាមីភរិយា និងគ្រួសាររបស់អ្នកដែលកំពុងជាសះស្បើយ ហើយលើកទឹកចិត្តពួកគេឲ្យប្រើប្រាស់ធនធានទាំងនេះ ( មាននៅក្នុងបណ្ណាល័យដំណឹងល្អក្នុងផ្នែក « ការញៀន » នៅក្នុង ជួយដល់ជីវិត ) ។ សូមពន្យល់ប្រាប់អ្នកមកថ្មីថា តាមរយៈការស្ដាប់តាមព្រះវិញ្ញាណ ការចូលរួមប្រជុំ និងការសិក្សាមគ្គទេសក៍នេះ នោះពួកគេអាចយល់ និងអនុវត្តតាមគោលការណ៍ និងការអនុវត្តទាំងឡាយដែលនាំឲ្យមានការផ្លាស់ប្រែបានកាន់តែប្រសើរ ។
-
សូមណែនាំអ្នកមកថ្មីឲ្យស្គាល់អ្នកសម្របសម្រួល ។ អ្នកសម្របសម្រួលចាំពីសភាពនៃការមកការប្រជុំនេះជាលើកដំបូង ។ ពួកគេគឺជាគំរូដល់អ្នកចូលរួមទាំងឡាយ និងអាចថ្លែងសាក្សីផ្ទាល់ខ្លួនអំពីរបៀបដែលកម្មវិធីនេះបាននាំឲ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតរបស់ពួកគេ ។
-
ប្រសិនបើមានបញ្ហាទាក់ទងនឹងអ្នកមកថ្មីដែលចែកចាយបទពិសោធន៍របស់ពួកគេ នោះសូមមានភាពទន់ភ្លន់តាមដែលអាចធ្វើទៅបាននៅក្នុងការឆ្លើយតបរបស់អ្នក ។ បញ្ហា និងសំណួរភាគច្រើនត្រូវបានដោះស្រាយយ៉ាងមានប្រសិទ្ធភាព បន្ទាប់ពីការប្រជុំ ជាជាងអំឡុងពេលការប្រជុំ ។ យូរៗទៅ នោះអ្នកមកថ្មីនឹងយល់ពីរបៀបវារៈនៃការប្រជុំ ។
-
សូមចែកចាយជាមួយអ្នកមកថ្មី ដែលជាសមាជិកគ្រួសារ ឬមនុស្សជាទីស្រឡាញ់របស់អ្នកដែលកំពុងពុះពារជាមួយនឹងការប្រើប្រាស់រូបអាសគ្រាម ឬការប្រើគ្រឿងញៀនថា មានការប្រជុំក្រុមគាំទ្រដល់ស្វាមី ឬភរិយា និងគ្រួសារ ។
-
បន្ទាប់ពីការប្រជុំនេះ សូមថ្លែងអំណរគុណដោយផ្ទាល់ដល់អ្នកមកថ្មីដែលបានចូលរួម ។
-
សូមចាំថា អ្នកមកថ្មីគឺជាពរជ័យមួយដល់ក្រុម ។ អ្នកមកថ្មីផ្ដល់ឱកាសជាបន្តបន្ទាប់ឲ្យយើងបម្រើ គាំទ្រ និងរៀនពីគ្នាទៅវិញទៅមក ។