« ជំហានទី ២ ៖ ជឿថា ព្រះចេស្ដារបស់ព្រះអាចស្ដារយើងឲ្យមានសុខភាពល្អខាងវិញ្ញាណទាំងស្រុងឡើងវិញបាន » ការព្យាបាលតាមរយៈព្រះអង្គសង្គ្រោះ ៖ កម្មវិធីព្យាបាលការញៀន មគ្គទេសក៍ព្យាបាល ១២ ជំហាន ( ឆ្នាំ ២០២៣ )
« ជំហានទី ២ » កម្មវិធីព្យាបាលការញៀន មគ្គទេសក៍ព្យាបាល ១២ ជំហាន
ជំហានទី ២ ៖ ជឿថា ព្រះចេស្ដារបស់ព្រះអាចស្ដារយើងឲ្យមានសុខមាលភាពខាងវិញ្ញាណទាំងស្រុងឡើងវិញបាន ។
គោលការណ៍សំខាន់ៗ ៖ សេចក្ដីសង្ឃឹម
ពេលយើងដឹងពីភាពគ្មានអំណាចរបស់យើងចំពោះការញៀនរបស់យើង នោះយើងភាគច្រើនមានអារម្មណ៍ថា សេចក្ដីសង្ឃឹមទាំងឡាយត្រូវបានដកចេញ ។ យើងបានព្យាយាមបោះបង់ជាច្រើនដង ។ ពួកយើងមួយចំនួនបានអធិស្ឋានទៅកាន់ព្រះរាប់មិនអស់ដង ។ យើងបានសុំទោសចំពោះឥរិយាបថរបស់យើង ហើយបានសន្យាថានឹងផ្លាស់ប្ដូរ ។ ប៉ុន្តែបន្ទាប់ពីបរាជ័យម្តងហើយម្តងទៀត យើងបានចាប់ផ្ដើមគិតថា ព្រះបានខកព្រះទ័យចំពោះយើង ហើយមិនបានជួយយើងទេ ។ ពួកយើងដែលធំឡើងដោយគ្មានគោលគំនិតនៃព្រះ គឺប្រាកដជាបានស្វែងរកគ្រប់មធ្យោបាយដើម្បីទូលសូមជំនួយ ។ ទោះជាដោយមធ្យោបាយណាក្តី ជំហានទី ២ បានបង្ហាញចម្លើយមួយដល់យើង ថាយើងបានបោះបង់ចោល ឬមិនដែលបានជញ្ជឹងគិត—ពីការស្វែងរកសេចក្ដីសង្ឃឹមនៅក្នុងព្រះយេស៊ូវគ្រីស្ទ និងអំណាចនៃដង្វាយធួនរបស់ទ្រង់នោះទេ ។
នៅទីបំផុត យើងបានទូលសូមជំនួយដោយរាបសា ។ បន្ទាប់ពីមានអារម្មណ៍ដូចជាកាំរស្មីដ៏តូចបំផុតនៃក្តីសង្ឃឹម យើងបានចាប់ផ្តើមចូលរួមក្នុងការប្រជុំការព្យាបាល និងធ្វើការជាមួយអ្នកឧបត្ថម្ភ ។ នៅពេលយើងមកការប្រជុំជាលើកដំបូង យើងបានពោរពេញទៅដោយការសង្ស័យ និងការភ័យខ្លាច ។ យើងភ័យខ្លាច នឿយហត់ ហើយប្រហែលអាចជារងការប្រមាថ ប៉ុន្តែយ៉ាងហោចណាស់យើងមក ។
នៅក្នុងការប្រជុំការព្យាបាល មនុស្សបានរៀបរាប់ដោយស្មោះត្រង់ថា តើជីវិតរបស់ពួកគេមានលក្ខណៈបែបណា អ្វីដែលបានកើតឡើងដើម្បីផ្លាស់ប្ដូរពួកគេ និងតើវាមានលក្ខណៈបែបណាដើម្បីរស់នៅក្នុងជីវិតដែលជាសះស្បើយ ។ យើងបានរកឃើញថា មានមនុស្សជាច្រើនដែលយើងបានជួបនៅក្នុងការប្រជុំទាំងនេះដែលធ្លាប់មានអារម្មណ៍អស់សង្ឃឹមដូចយើងដែរ ។ ប៉ុន្តែនៅពេលយើងបន្តចូលរួម យើងបានឃើញពួកគេជាច្រើនបានសើចចេញពីចិត្ត ជជែកគ្នា ញញឹមញញែម និងមានអារម្មណ៍សុទិដ្ឋិនិយមអំពីអនាគត ។ យើងបានឃើញមនុស្សជាច្រើន ដែលបានដកពិសោធន៍ការផ្លាស់ប្ដូរប្រកបដោយព្រះចេស្តានៅក្នុងជីវិតរបស់ពួកគេ ដែលជាការផ្លាស់ប្ដូរមួយដែលយើងប្រាថ្នាចង់បានផងដែរ ។
បន្ដិចម្ដងៗ គោលការណ៍ដែលពួកគេបានចែកចាយ និងអនុវត្ត បានចាប់ផ្ដើមដំណើរការសម្រាប់យើង ។ កាលយើងបន្តត្រឡប់មកវិញ យើងចាប់ផ្ដើមទទួលអារម្មណ៍អ្វីមួយដែលយើងមិនមានអស់រយៈពេលជាច្រើនឆ្នាំមកហើយ—គឺសេចក្ដីសង្ឃឹម ។ ប្រសិនបើនៅតែមានសេចក្ដីសង្ឃឹមសម្រាប់អស់អ្នកដែលស្ថិតនៅមាត់ជ្រោះនៃសេចក្តីបំផ្លិចបំផ្លាញ នោះប្រហែលជាមានសេចក្ដីសង្ឃឹមសម្រាប់យើងផងដែរ ។ យើងចាប់ផ្ដើមជឿថា បើយើងងាកមករកព្រះយេស៊ូវគ្រីស្ទ នោះនឹង « គ្មានទម្លាប់ គ្មានការញៀន គ្មានការបះបោរ គ្មានអំពើរំលង គ្មានបទល្មើសណាដែលត្រូវបានលើកលែងពីសេចក្ដីសន្យានៃការអភ័យទោសទាំងស្រុងនោះទេ » ( ប៊យដ៍ ខេ ផាកកឺ « The Brilliant Morning of Forgiveness » Ensign វិច្ឆិកា ឆ្នាំ១៩៩៥ ទំព័រ១៩ ) ។
នៅក្នុងបរិយាកាសនៃសេចក្ដីជំនឿ និងទីបន្ទាល់នេះ យើងបានរកឃើញសេចក្ដីសង្ឃឹមដែលបានចាប់ផ្ដើមធ្វើឲ្យយើងភ្ញាក់ពីដំណេក ទៅរកសេចក្ដីមេត្តា និងព្រះចេស្តារបស់ព្រះ ។ យើងចាប់ផ្ដើមជឿថា ទ្រង់អាចរំដោះយើងពីសេវកភាពនៃការញៀនបាន ។ យើងបានធ្វើតាមគំរូនៃមិត្តភក្តិដែលបានជាសះស្បើយរបស់យើង ។ យើងចាប់ផ្តើមធ្វើការតាមជំហាន ហើយទទួលបានការគាំទ្រពីអ្នកដទៃ—រួមទាំងអ្នកឧបត្ថម្ភរបស់យើង —និងចូលរួមការប្រជុំការព្យាបាល ។ នៅពេលយើងអធិស្ឋាន ជញ្ជឹងគិត និងអនុវត្តតាមព្រះគម្ពីរ ហើយកាលពេលវេលាចេះតែកន្លងទៅ យើងបានចាប់ផ្ដើមសកម្មភាពរបស់យើងសាឡើងវិញនៅក្នុងសាសនាចក្រ ។ អព្ភូតហេតុផ្ទាល់ខ្លួនរបស់យើងបានចាប់ផ្ដើមកើតឡើង ហើយយើងឃើញថា ខ្លួនយើងបានទទួលពរជ័យដោយព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីជួយការពារយើងឲ្យចៀសវាងពីមួយថ្ងៃទៅមួយថ្ងៃ ។
នៅពេលយើងធ្វើការលើជំហានទី ២ យើងចាប់មានឆន្ទៈជំនួសការទុកចិត្តលើខ្លួនយើង និងការញៀនរបស់យើង ដោយការមានសេចក្ដីជំនឿលើសេចក្ដីស្រឡាញ់ និងព្រះចេស្តារបស់ព្រះយេស៊ូវគ្រីស្ទ ។ យើងបានធ្វើការលើជំហាននេះនៅក្នុងគំនិត និងដួងចិត្តរបស់យើង ដោយមានការគាំទ្រពីអ្នកដទៃ ហើយយើងបានដឹងថា មូលដ្ឋានគ្រឹះនៃការជាសះស្បើយពីការញៀនត្រូវតែជារឿងខាងវិញ្ញាណ ។ បន្ទាប់មក នៅពេលយើងបានឈានទៅមុខ ហើយធ្វើការតាមជំហាននីមួយៗដែលបានផ្តល់អនុសាសន៍នៅក្នុងមគ្គទេសក៍នេះ នោះធម្មជាតិនៃការជាសះស្បើយខាងវិញ្ញាណបានបញ្ជាក់ដល់យើងម្តងហើយម្តងទៀត ។
កម្មវិធីនេះគឺជាកម្មវិធីខាងវិញ្ញាណ ហើយវាជាកម្មវិធីដែលធ្វើសកម្មភាព ។ សម្រាប់ពួកយើង និងអ្នកផ្សេងទៀតរាប់មិនអស់ ការជាសះស្បើយគឺមានតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់ ។ នៅពេលយើងអនុវត្តតាមគោលការណ៍ទាំងនេះ ហើយអនុញ្ញាតឲ្យវាដំណើរការនៅក្នុងជីវិតរបស់យើង នោះយើងទទួលបានគំនិតដែលមានសតិល្អ និងសុខភាពល្អខាងវិញ្ញាណទាំងស្រុងឡើងវិញ ។ យើងរកឃើញទំនាក់ទំនងដ៏ល្អពិតប្រាកដជាមួយខ្លួនយើង ជាមួយនឹងអ្នកដទៃ និងជាមួយព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។
សម្រាប់ពួកយើងមួយចំនួន អព្ភូតហេតុនៃការជាសះស្បើយហាក់ដូចកើតមានយ៉ាងឆាប់រហ័ស សម្រាប់អ្នកផ្សេងទៀត ការជាសះស្បើយហាក់ដូចជាកើតមានបន្ដិចម្ដងៗ ។ ទោះជាដោយមធ្យោបាយណាក្តី អ្វីដែលសំខាន់គឺយើងបន្ត អនុវត្ត ដោយការជឿ និងការទុកចិត្តថា ព្រះនឹងធ្វើអ្វីៗសម្រាប់យើង ចំពោះអ្វីដែលយើងមិនអាចធ្វើដោយខ្លួនយើងបាន ។ នៅទីបំផុត យើងអាចនិយាយបានថា តាមរយៈការ « ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ » យើងត្រូវបានសង្គ្រោះពីការញៀន ហើយបានរីករាយ « ដោយមានការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ » ( នីហ្វៃទី២ ៣១:២០ ) ។
ព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើង និងព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ គង់នៅជាមួយយើងគ្រប់ជំហានទាំងអស់នៅតាមផ្លូវនេះ ។ ទ្រង់ទាំងទ្វេជួយចិញ្ចឹមបីបាច់ និងពង្រីកសេចក្ដីសង្ឃឹមរបស់យើងនៅក្នុងព្រះគ្រីស្ទ ។ ប្រធាន អិម រ័សុល បាឡឺដ បានបង្រៀន ៖
« ចំពោះអស់អ្នកដែលត្រូវបានធ្លាក់ទៅជាចំណីក្នុងការញៀនគ្រប់ប្រភេទ គឺមាននូវក្ដីសង្ឃឹម ដោយសារព្រះស្រឡាញ់បុត្រាបុត្រីទាំងអស់របស់ទ្រង់ ហើយដោយសារតែដង្វាយធួនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ វាធ្វើឲ្យអ្វីៗទាំងអស់អាចដោះស្រាយបាន ។
« ខ្ញុំបានឃើញនូវពរជ័យដ៏អស្ចារ្យនៃការជាសះស្បើយ ដែលអាចធ្វើឲ្យមនុស្សម្នាក់មានសេរីភាពពីច្រវាក់នៃការញៀនបាន ។ ព្រះអម្ចាស់ជាអ្នកគង្វាលរបស់យើង ហើយយើងនឹងគ្មានបំណងអ្វីទៀតទេ កាលយើងទុកចិត្តលើព្រះចេស្តានៃដង្វាយធួនរបស់ [ ទ្រង់ ] ។ ខ្ញុំដឹងថា ព្រះអម្ចាស់អាច ហើយនឹងរំដោះអ្នកញៀនពីសេវកភាព ដូចសាវកប៉ុលបានប្រកាសថា ‹ ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំ › ( ភីលីព ៤:១៣ ) » ( « O That Cunning Plan of the Evil One » Liahona ខែវិច្ឆិកា ឆ្នាំ២០១០ ទំព័រ១១០ ) ។
ប្រសិនបើយើងលាប់ឡើងវិញ យើងនឹងរកឃើញតម្លៃដ៏មហិមាពេលងាកទៅរកព្រះ ហើយនិយាយជាមួយអ្នកឧបត្ថម្ភរបស់យើង ។ យើងអាចនឹងត្រូវល្បួងឲ្យបោះបង់ចោលសេចក្ដីសង្ឃឹមទាំងអស់ ។ ប៉ុន្តែការលាប់ឡើងវិញមិនបានបំផ្លាញការរីកចម្រើន ដែលយើងបានមាននោះទេ ហើយវាមិនចាំបាច់បំផ្លាញសេចក្តីសង្ឃឹមរបស់យើងឡើយ ។ ការលាប់ឡើងវិញគឺជាការរំឭកមួយដ៏មានអំណាចអំពីតម្រូវការរបស់យើងក្នុងការបន្តទៅការប្រជុំការព្យាបាល ស្វែងរកការគាំទ្រពីអ្នកឧបត្ថម្ភ និងអ្នកផ្សេងទៀត ចុះចូលតាមព្រះ ហើយធ្វើការតាមជំហានទាំងនេះ ។ នៅពេលយើងបន្តឈានទៅមុខ យើងចាប់ផ្ដើមទទួលបានអារម្មណ៍ពីអំណាចរបស់ព្រះយេស៊ូវគ្រីស្ទក្នុងជីវិតយើង ។ យើងអាចចៀសវាងបានកាន់តែប្រសើរ ហើយសេចក្តីសង្ឃឹមរបស់យើងកើនឡើង ។
អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀន ៖ « យើងប្រហែលជាគិតខុសថា ពរជ័យ និងអំណោយទានបែបនេះត្រូវបានបម្រុងទុកសម្រាប់តែមនុស្សដែលមានភាពសុចរិតជាង ឬចំពោះអ្នកដែលបម្រើក្នុងការហៅនៃសាសនាចក្រតែប៉ុណ្ណោះ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា សេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់របស់ព្រះអម្ចាស់គឺមានសម្រាប់យើងទាំងអស់គ្នា ហើយថា ព្រះប្រោសលោះនៃអ៊ីស្រាអែលមានព្រះទ័យចង់ផ្តល់អំណោយទានបែបនេះដល់យើង » ( « The Tender Mercies of the Lord » Liahona ខែឧសភា ឆ្នាំ២០០៥ ទំព័រ ១០១ ) ។ ព្រះយេស៊ូវគ្រីស្ទនឹងប្រទានឲ្យយើងនូវសេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់ជាច្រើនក្នុងដំណើររបស់យើងឆ្ពោះទៅរកការជាសះស្បើយ ដែលជាសេចក្ដីសង្ឃឹមដ៏សំខាន់បំផុតមួយដែលថា អំណាចរបស់ព្រះអាចស្ដារយើងឡើងវិញបាន ដើម្បីមានសុខុមាលភាពខាងវិញ្ញាណទាំងស្រុង ។
ជំហានសកម្មភាព
នេះគឺជាកម្មវិធីដែលធ្វើសកម្មភាព ។ ការរីកចម្រើនរបស់យើងពឹងផ្អែកលើការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមជំហានទាំងនេះនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។ ការណ៍នេះត្រូវបានហៅថា « ការធ្វើតាមជំហាន » ។ សកម្មភាពខាងក្រោមនេះជួយយើងឲ្យមករកព្រះគ្រីស្ទ ហើយទទួលបានការណែនាំ និងអំណាចដែលចាំបាច់ ដើម្បីធ្វើតាមជំហានបន្ទាប់ក្នុងដំណើរព្យាបាលរបស់យើង ។
អភិវឌ្ឍការយល់ដឹងត្រឹមត្រូវអំពីបុគ្គលិកលក្ខណៈរបស់ព្រះ
ភាពអៀនខ្មាសរបស់យើងតែងតែរារាំងយើងមិនឲ្យយល់ដឹងពីបុគ្គលិកលក្ខណៈ និងសេចក្ដីស្រឡាញ់របស់ព្រះចំពោះយើង ។ ដោយបានខ្វាក់ដោយសារការឈឺចាប់ និងការញៀនរបស់យើង យើងតែងតែមើលឃើញទ្រង់ថាជាអង្គដែលសងសឹក ខកព្រះទ័យ ឬខ្ញាល់នឹងយើង ។ គោលបំណងនៃជំហានសកម្មភាពនេះគឺដើម្បីទុកនូវគំនិតមិនត្រឹមត្រូវអំពីព្រះចោលមួយអន្លើសិន ហើយអភិវឌ្ឍការយល់ដឹងកាន់តែប្រសើរអំពីសេចក្ដីស្រឡាញ់ សេចក្តីមេត្តាករុណា ព្រះទ័យ និងព្រះរាជបំណងរបស់ទ្រង់ដើម្បីប្រទានពរដល់យើង ។
ទីមួយ វាសំខាន់ក្នុងការដឹងថា ព្រះគង់នៅទីនេះក្បែរយើង ទោះបីជាយើងមិនមានអារម្មណ៍ពីវត្តមានរបស់ទ្រង់ក្តី ។ ការមកស្គាល់ព្រះគឺជាការលំបាក ហើយតម្រូវឲ្យមានការអត់ធ្មត់ ។ វាអាចជាការលំបាក នៅពេលដែលយើងទម្លាប់នឹងការពេញចិត្តភ្លាមៗ ប៉ុន្តែយូរៗទៅ យើងអាចចាប់ផ្តើមឃើញ និងទទួលស្គាល់ពីបុគ្គលិកលក្ខណៈដ៏ទេវភាពរបស់ទ្រង់ ។ យើងរៀនស្គាល់ព្រះកាន់តែប្រសើរឡើង ។
យើងអាចទូលសូមព្រះវរបិតាសួគ៌ដើម្បីជួយយើងឲ្យយល់ដឹងពីនិស្ស័យរបស់ទ្រង់បានកាន់តែច្បាស់ ។ យើងអាចមើលឃើញព្រះហស្តរបស់ព្រះនៅក្នុងជីវិតរបស់យើង ហើយដឹងថាតើទ្រង់ធ្វើច្រើនប៉ុណ្ណាសម្រាប់យើង ។ យើងអាចសិក្សាព្រះគម្ពីរអំពីសេចក្ដីមេត្តាករុណា និងព្រះគុណរបស់ព្រះអង្គសង្គ្រោះ ហើយបន្ទាប់មកពិភាក្សាអំពីបទគម្ពីរទាំងនេះជាមួយនឹងអ្នកឧបត្ថម្ភរបស់យើង និងអ្នកផ្សេងទៀតដែលគាំទ្រដល់យើង ។
នៅពេលយើងចាប់ផ្ដើមទទួលបានការយល់ដឹងកាន់តែច្បាស់អំពីសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ព្រះ នោះយើងចាប់ផ្ដើមមានទំនុកចិត្ត និងក្តីសង្ឃឹមកាន់តែខ្លាំងទៅលើអំណាចរបស់ព្រះដើម្បីរំដោះយើង ។ ប្រធាន ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រ បានថ្លែងទីបន្ទាល់អំពីសេចក្ដីមេត្តាករុណារបស់ព្រះវរបិតាសួគ៌របស់យើងដោយថ្លែង ៖ « ខ្ញុំជឿថា ព្រះវរបិតាសួគ៌របស់យើងមានព្រះទ័យចង់ជួយសង្គ្រោះបុត្រាបុត្រីរបស់ទ្រង់គ្រប់រូប ។ … ខ្ញុំជឿថា ស្របតាមសេចក្ដីយុត្តិធម៌ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ ទ្រង់នឹងប្រទានរង្វាន់ដ៏ធំបំផុតដល់យើងស្របតាមទង្វើរបស់យើង ទ្រង់ប្រទានអ្វីគ្រប់យ៉ាងដែលទ្រង់អាចប្រទានឲ្យ ហើយម្យ៉ាងទៀត ខ្ញុំជឿថា ទ្រង់នឹងកំណត់ការដាក់ពិន័យលើយើងទាបបំផុតទៅតាមលទ្ធភាពដែលទ្រង់អាចកំណត់បាន » ( នៅក្នុង Conference Report ខែតុលា ឆ្នាំ១៩៥៣ ទំព័រ ៨៤ ) ។
អធិស្ឋាន និងសិក្សាព្រះគម្ពីរ
ប្រធាន អិម រ័សុល បាឡឺដ បានថ្លែង ៖ « ប្រសិនបើអ្នកណាដែលញៀនមានបំណងប្រាថ្នាចង់យកឈ្នះនោះ គឺមានវិធីមួយដើម្បីទទួលបានសេរីភាពខាងវិញ្ញាណ—គឺជាវិធីមួយដើម្បីគេចចេញពីសេវកភាព—ជាវិធីមួយដែលទទួលបានការបញ្ជាក់ហើយ ។ វាចាប់ផ្តើមជាមួយការអធិស្ឋាន—ដោយស្មោះត្រង់ ក្លាហាន និងការប្រាស្រ័យទាក់ទងឥតឈប់ឈរជាមួយព្រះដ៏បង្កបង្កើតខាងវិញ្ញាណ និងខាងរូបកាយរបស់យើង គឺព្រះវរបិតាសួគ៌របស់យើង » ( « O That Cunning Plan of the Evil One » Liahona ខែវិច្ឆិកា ឆ្នាំ២០១០ ទំព័រ ១១០ ) ។
នៅពេលយើងបោះបង់ចោលភាពឆ្មើងឆ្មៃ ហើយព្យាយាមធ្វើអស់ពីសមត្ថភាពជារៀងរាល់ថ្ងៃ នោះយើងមានបំណងចង់អធិស្ឋានទូលសូមការណែនាំ និងការដឹកនាំពីព្រះវរបិតាសួគ៌ជាទីស្រឡាញ់ ។ ពួកយើងមួយចំនួនមិនដែលបានអធិស្ឋាន ឬជញ្ជឹងគិតពីបទគម្ពីរឲ្យបានពិតប្រាកដនោះទេ ។ ពួកយើងមួយចំនួនត្រូវបានល្បួងឲ្យឈប់អធិស្ឋាន ឬសិក្សា ។ យើងគិតខុសថា ការខិតខំទាំងនេះមិនដំណើរការទេ ដោយសារយើងមិនមានអារម្មណ៍ជិតស្និទ្ធនឹងព្រះ ឬដោយសារយើងនៅតែពុះពារនឹងការញៀននៅឡើយ ។
យើងបានរកឃើញថា គន្លឹះមួយដើម្បីទទួលបានជោគជ័យគឺត្រូវបន្តប្រើឧបករណ៍ខាងវិញ្ញាណទាំងនេះ ។ ការអធិស្ឋានឮៗ ការអធិស្ឋានយ៉ាងសាមញ្ញដោយមានអំណរគុណពេញមួយថ្ងៃ និងការអធិស្ឋានសម្រាប់អ្នកដទៃ គឺជាការអនុវត្តថ្មីដ៏មានអំណាចសម្រាប់យើងជាច្រើននាក់ ។ វិធីមួយដើម្បីបង្កើនអំណាចនៃការអធិស្ឋាន គឺដោយការបង្ហាញពីការតស៊ូរបស់យើងកាន់តែស្មោះត្រង់ទៅកាន់ព្រះ ។ ទោះជាយើងបានចែកចាយជាមួយព្រះវរបិតាសួគ៌នូវការខ្វះឆន្ទៈក្នុងការផ្លាស់ប្ដូរក្តី ក៏ឆន្ទៈរបស់យើងត្រូវបានពង្រឹងដែរ ។ យើងក៏ទទួលបានចំណាប់អារម្មណ៍កាន់តែញឹកញាប់ ដែលស្ងប់ស្ងាត់ និងតិចតួចមកពីព្រះវិញ្ញាណបរិសុទ្ធផងដែរ ។ យើងចាប់ផ្តើមទូលសូមព្រះថា តើជំហានតូចៗអ្វីដែលយើងអាចធ្វើបានជារៀងរាល់ថ្ងៃ ជាជាងការគ្រាន់តែទូលសូមឲ្យទ្រង់ដកចេញនូវឧបសគ្គ និងការញៀនរបស់យើងភ្លាមៗ ។
នៅទីបំផុត បំណងប្រាថ្នាចង់ប្រាស្រ័យទាក់ទងជាមួយព្រះ ដឹកនាំយើងឲ្យសិក្សាប្រសាសន៍របស់ព្យាការីសម័យទំនើប និងសម័យបុរាណ ។ ការសិក្សាព្រះគម្ពីរប្រកបដោយការអធិស្ឋាន ការស្វែងរកចម្លើយចំពោះសំណួររបស់យើង និងការកត់ត្រាចំណាប់អារម្មណ៍នានាពីព្រះវិញ្ញាណ អាចមានប្រយោជន៍ក្នុងការជឿថា ព្រះអាច ហើយនឹងជួយយើងបាន ។
កន្លែងដ៏អស្ចារ្យមួយដើម្បីចាប់ផ្ដើមសិក្សាព្រះបន្ទូលរបស់ព្រះគឺតាមរយៈព្រះគម្ពីរ និងសម្ដីដកស្រង់នៅចុងជំពូកនីមួយៗក្នុងមគ្គទេសក៍នេះ ។ ព្រះគម្ពីរ និងពាក្យដកស្រង់នីមួយៗត្រូវបានជ្រើសរើសដោយការគិតដល់ការជាសះស្បើយនៅក្នុងចិត្ត ហើយសំណួរនីមួយៗត្រូវបានសួរដោយសេចក្ដីសង្ឃឹមថា វាអាចជួយយើងឲ្យអនុវត្តតាមព្រះគម្ពីរ និងពាក្យដកស្រង់នៅក្នុងជីវិតរបស់យើងបាន ។ យើងបានរកឃើញថា ការចំណាយពេល សូម្បីតែពីរបីនាទីជារៀងរាល់ថ្ងៃដើម្បីស្វែងរកអ្វីដែលជាព្រះឆន្ទៈរបស់ព្រះដើម្បីប្រាស្រ័យទាក់ទងនឹងយើង នឹងទទួលបានរង្វាន់ដ៏អស្ចារ្យ ។ យើងសូមធ្វើជាសាក្សីចំពោះសេចក្ដីពិតនេះថា ៖ « មែនហើយ យើងឃើញថា នរណាក៏ដោយដែលចង់បាន នោះអាចបានទទួលព្រះបន្ទូលនៃព្រះ ដែលរស់ ហើយពូកែ ដែលនឹងផ្ដាច់អស់ទាំងកលល្បិច និងអន្ទាក់ និងឧបាយរបស់អារក្សឲ្យដាច់ពីគ្នា ហើយដឹកនាំអ្នកសំណព្វនៃព្រះគ្រីស្ទចូលទៅក្នុងផ្លូវមួយដ៏តូច ហើយចង្អៀត ឆ្លងកាត់ជង្ហុកនៃសេចក្ដីវេទនាដ៏អស់កល្បជានិច្ចនោះ ដែលត្រូវបានរៀបចំឡើងដើម្បីកប់ពួកទុច្ចរិត » ( ហេលេមិន ៣:២៩ ) ។
ការសិក្សា និងការយល់ដឹង
បទម្ពីរ និងសេចក្ដីថ្លែងការណ៍ខាងក្រោមមកពីថ្នាក់ដឹកនាំសាសនាចក្រទាំងនេះ អាចជួយដល់ដំណើរការព្យាបាលការញៀនរបស់យើងបាន ។ យើងអាចប្រើវាសម្រាប់ការស្មិងស្មាធិ៍ ការសិក្សា និងការសរសេរសៀវភៅកំណត់ហេតុបាន ។ យើងត្រូវចាំថា យើងត្រូវស្មោះត្រង់ និងជាក់លាក់នៅក្នុងការសរសេររបស់យើង ដើម្បីទទួលបានប្រយោជន៍ច្រើនបំផុតពីសកម្មភាពនេះ ។
សូមជឿដល់ព្រះចុះ
« សូមជឿដល់ព្រះចុះ សូមជឿថា ទ្រង់មានព្រះជន្មរស់នៅ ហើយថា ទ្រង់បានបង្កើតវត្ថុសព្វសារពើ ទាំងនៅលើស្ថានសួគ៌ និងនៅលើផែនដីផង សូមជឿថា ទ្រង់មានគ្រប់ប្រាជ្ញា និងគ្រប់ព្រះចេស្ដា ទាំងនៅលើស្ថានសួគ៌ និងនៅលើផែនដីផង សូមជឿថា មនុស្សពុំយល់នូវអ្វីទាំងអស់ ដែលព្រះទ្រង់អាចយល់បាននោះឡើយ » ( ម៉ូសាយ ៤:៩ ) ។
-
មានសាក្សីជាច្រើននៅស្ថានសួគ៌ និងនៅលើផែនដីដែលបានថ្លែងទីបន្ទាល់អំពីព្រះជន្មរបស់ព្រះ ។ តើមានភស្ដុតាងអ្វីខ្លះអំពីព្រះ និងសេចក្ដីស្រឡាញ់របស់ទ្រង់ដែលខ្ញុំបានដកពិសោធន៍ ?
បង្កើនសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖ « ចាប់ផ្ដើមថ្ងៃនេះ ដើម្បីបង្កើនសេចក្ដីជំនឿរបស់បងប្អូន ។ តាមរយៈសេចក្ដីជំនឿរបស់បងប្អូន នោះព្រះយេស៊ូវគ្រីស្ទនឹងបង្កើនសមត្ថភាពរបស់បងប្អូនឲ្យរើភ្នំក្នុងជីវិតរបស់បងប្អូនបាន » ( « ព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ សេចក្តីជំនឿលើទ្រង់នឹងរើភ្នំចេញបាន » លីអាហូណា ខែឧសភា ឆ្នាំ២០២១ ទំព័រ ១០១ ) ។
ពួកយើងជាច្រើនបានព្យាយាមជាសះស្បើយពីការញៀនរបស់យើងតាមរយៈអំណាចដ៏ខ្លាំងក្លា ឬតាមរយៈការមានជំនឿលើមិត្តភក្តិ ឬគ្រូពេទ្យ ។ មិនយូរមិនឆាប់យើងបានរកឃើញថា ជំនឿលើខ្លួនយើង ឬអ្នកដទៃមិនអាចធ្វើឲ្យខ្លួនយើងយកឈ្នះលើការញៀនរបស់យើងបានពេញលេញនោះទេ ។ សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងសមត្ថភាពរបស់ទ្រង់ក្នុងការព្យាបាលយើងគឺជាមូលដ្ឋានគ្រឹះនៃការជាសះស្បើយ ។
-
តើខ្ញុំមានអារម្មណ៍យ៉ាងណានៅថ្ងៃនេះ អំពីការងាកទៅរកព្រះអង្គសង្គ្រោះនៅក្នុងកិច្ចខិតខំដើម្បីបានជាសះស្បើយរបស់ខ្ញុំ ?
-
តើមានអ្វីខ្លះដែលបានជួយខ្ញុំឲ្យមានសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នកឧបត្ថម្ភរបស់ខ្ញុំ ថ្នាក់ដឹកនាំសាសនាចក្រ និងអ្នកដទៃផ្ដល់យោបល់អ្វីខ្លះដល់ខ្ញុំ ដើម្បីជួយបង្កើនសេចក្ដីជំនឿរបស់ខ្ញុំ ?
អំណាច និងកម្លាំងនៃសេចក្តីសង្ឃឹម
នៅពេលដែលយើងមានសេចក្តីសង្ឃឹមក្នុងចិត្ត និងគំនិតរបស់យើង នោះយើងនឹងផ្តោតអារម្មណ៍យ៉ាងខ្លាំងទៅលើសកម្មភាពនាពេលអនាគតរបស់យើង ។ សេចក្ដីសង្ឃឹមនាំមកនូវកម្លាំង និងទំនុកចិត្តដែលមានស្ថេរភាព ជាជាងសុទិដ្ឋិនិយមក្នុងពេលបណ្តោះអាសន្ន ។ សេចក្ដីសង្ឃឹមក៏អាចជាប្រភពនៃសេចក្ដីសុខសាន្ដ ភាពស្ងប់ស្ងាត់ និងស្ថិរភាពផ្លូវចិត្តផងដែរ នៅពេលយើងរីកចម្រើនក្នុងដំណើរជាសះស្បើយពីការញៀនរបស់យើង ។
ទាក់ទងនឹងគោលការណ៍នេះ ប្រធាន រ័សុល អិម ណិលសុន បានថ្លែងថា « សេចក្តីសង្ឃឹមគឺមហិមាជាងសេចក្តីប្រាថ្នាដ៏ក្រៀមក្រំ ។ សេចក្តីសង្ឃឹមត្រូវបានពង្រឹងដោយសេចក្តីជំនឿ និងសេចក្តីសប្បុរស ដែលបង្កើតបានជាកម្លាំងខ្លាំងដូចដែកថែប ។ សេចក្តីសង្ឃឹមក្លាយជាយុថ្កាមួយសម្រាប់ព្រលឹង ។ … ប្រសិនបើយើងនឹងតោងឲ្យជាប់នឹងយុថ្កានៃសេចក្តីសង្ឃឹម នោះវានឹងក្លាយជាការការពាររបស់យើង ជារៀងរហូត » ( « A More Excellent Hope » [ ការប្រជុំធម្មនិដ្ឋានសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៩៥ ] ទំព័រ ៣ នៅលើគេហទំព័រ speeches.byu.edu ) ។
-
តើខ្ញុំមានអារម្មណ៍ថា មានព្រះចេស្តា និងទំនុកចិត្តដោយសារតែសេចក្ដីសង្ឃឹមនៅក្នុងព្រះគ្រីស្ទនៅពេលណាដែរ ?
-
តើការអនុវត្ត និងសកម្មភាពខាងវិញ្ញាណប្រចាំថ្ងៃអ្វីខ្លះដែលខ្ញុំកំពុងធ្វើអំឡុងពេលនោះ ?
-
តើការមានសេចក្តីសង្ឃឹមមានឥទ្ធិពលលើគំនិត អារម្មណ៍ និងវិញ្ញាណរបស់ខ្ញុំយ៉ាងដូចម្ដេច ? តើវាមានឥទ្ធិពលលើគោលដៅ និងផែនការនាពេលអនាគតរបស់ខ្ញុំយ៉ាងដូចម្ដេចដែរ ?
-
តើវាមានឥទ្ធិពលលើទំនាក់ទំនង និងការប្រាស្រ័យទាក់ទងរបស់ខ្ញុំជាមួយមនុស្សដែលស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះខ្ញុំយ៉ាងដូចម្ដេច ?
បញ្ជីនៃការដឹងគុណ
វិធីមួយដើម្បីមើលឃើញព្រះនៅក្នុងជីវិតរបស់យើង គឺត្រូវជញ្ជឹងគិតឲ្យបានញឹកញាប់ ហើយកត់ត្រាពរជ័យរបស់យើងទុក ។ យើងអាចយល់បានកាន់តែច្បាស់អំពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ចំពោះយើង តាមរយៈការស្វែងរកភស្តុតាងនៃសេចក្ដីស្រឡាញ់ និងព្រះចេស្តារបស់ទ្រង់ក្នុងជីវិតរបស់យើង ។
-
តើខ្ញុំមានអំណរគុណចំពោះអ្វីខ្លះ ?
-
តើមានរឿងល្អអ្វីខ្លះដែលបានកើតឡើងក្នុងជីវិតរបស់ខ្ញុំ ?
-
តើខ្ញុំបានមើលឃើញព្រះហស្ដរបស់ព្រះនៅក្នុងជីវិតរបស់ខ្ញុំតាមរបៀបណា ?
ប្រកាន់ខ្ជាប់សេចក្តីសង្ឃឹមក្នុងអំឡុងពេលលាប់ឡើងវិញ
អែលឌើរ ឌែល ជី រិនឡាន់ បានបង្រៀនថា ៖ « ‹ ពួកបរិសុទ្ធគឺជាមនុស្សមានបាបដែលបន្តព្យាយាម › ។ … ព្រះយកព្រះទ័យទុកដាក់ខ្លាំងថាតើយើងជានរណា ហើយយើងនឹងក្លាយជានរណា ច្រើនជាងថាតើកាលពីមុនយើងជានរណា ។ ទ្រង់យកព្រះទ័យទុកដាក់ថា តើយើងបន្តការព្យាយាមដែរឬទេ » ( « Latter-day Saints Keep on Trying » Liahona ខែឧសភា ឆ្នាំ២០១៥ ទំព័រ ៥៦ ) ។ យើងទាំងអស់ធ្លាប់មានអារម្មណ៍អស់សង្ឃឹមម្ដងម្កាល នៅពេលយើងព្យាយាមជាសះស្បើយ ។ ការណ៍នេះគឺជាការពិតជាពិសេស ប្រសិនបើ ឬនៅពេលយើងលាប់ឡើងវិញ ។ ប៉ុន្តែសេចក្ដីសង្ឃឹម និងការជាសះស្បើយរបស់យើងមានឫសគល់ច្រើនជាងភាពល្អឥតខ្ចោះ ។ ការលាប់ឡើងវិញមិនលុបចោលកិច្ចខិតខំប្រឹងប្រែង ឬសន្ទុះរបស់យើងនៅក្នុងការត្រឡប់ទៅកាន់ព្រះយេស៊ូវគ្រីស្ទវិញឡើយ ។ យើងអាចរៀនរក្សាសេចក្ដីសង្ឃឹមរបស់យើងនៅក្នុងព្រះគ្រីស្ទ សូម្បីតែពេលយើងលាប់ឡើងវិញក៏ដោយ ។
-
តើខ្ញុំព្យាយាមធ្វើការផ្លាស់ប្តូរ ធ្វើឲ្យបានកាន់តែប្រសើរ និងរីកចម្រើនតាមរបៀបណាខ្លះ ?
-
តើមានជ័យជម្នះ ឬជោគជ័យអ្វីខ្លះដែលខ្ញុំមានក្នុងជីវិតរបស់ខ្ញុំនាពេលថ្មីៗនេះ ?
-
តើអ្នកឧបត្ថម្ភរបស់ខ្ញុំ ថ្នាក់ដឹកនាំសាសនាចក្រ សមាជិកគ្រួសារ និងមិត្តភក្តិនិយាយអ្វីខ្លះអំពីកិច្ចខិតខំប្រឹងប្រែង និងការរីកចម្រើនរបស់ខ្ញុំ ?
ទ្រង់អាចរំដោះយើងចេញពីសេវកភាពបាន
« ប៉ុន្តែ បើសិនជាអ្នករាល់គ្នាបែរត្រឡប់មករកព្រះអម្ចាស់ដោយស្មោះពីចិត្ត ហើយដាក់ទីទុកចិត្តរបស់អ្នកទៅលើទ្រង់ ហើយបម្រើទ្រង់ឲ្យអស់ពីការព្យាយាមនៃគំនិតវិញ បើសិនជាអ្នករាល់គ្នាធ្វើយ៉ាងនេះ ទ្រង់នឹងដោះលែងអ្នកឲ្យរួចផុតពីសេវកភាព ស្របតាមបំណង និងព្រះហឫទ័យរបស់ទ្រង់ » ( ម៉ូសាយ ៧:៣៣ ) ។
-
តើមានអ្វីខ្លះដែលជួយខ្ញុំឲ្យមានសេចក្ដីជំនឿកាន់តែខ្លាំងទៅលើការសន្យាដែលថា ព្រះយេស៊ូវគ្រីស្ទនឹងរំដោះខ្ញុំ ?
-
តើខ្ញុំអាចត្រឡប់ទៅកាន់ព្រះយេស៊ូវគ្រីស្ទ ដាក់ទីទុកចិត្តរបស់ខ្ញុំ និងបម្រើទ្រង់ដោយឧស្សាហ៍ព្យាយាមដោយរបៀបណា ? តើខ្ញុំអាចកែលម្អចំណុចជាក់លាក់អ្វីខ្លះបាន ?
-
តើវាមានន័យយ៉ាងណាចំពោះខ្ញុំក្នុងការទន្ទឹងរង់ចាំព្រះយេស៊ូវគ្រីស្ទឲ្យរំដោះខ្ញុំ « ស្របតាមបំណង និងព្រះហឫទ័យរបស់ទ្រង់ ? »