ការញៀន
ជំហាន​ទី ៣ ៖ សម្រេច​ចិត្ត​ប្រគល់​ឆន្ទៈ​របស់​យើង និង​ជីវិត​របស់​យើង​ថ្វាយ​ឲ្យ​ព្រះ ជា​ព្រះវរបិតា​ដ៏អស់កល្ប​ជានិច្ច និង​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ថែទាំ


« ជំហាន​ទី ៣ ៖ សម្រេច​ចិត្ត​ប្រគល់​ឆន្ទៈ​របស់​យើង និង​ជីវិត​របស់​យើង​ថ្វាយ​ឲ្យ​ព្រះ ជា​ព្រះវរបិតា​ដ៏អស់កល្ប​ជានិច្ច និង​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ថែទាំ » ការព្យាបាល​តាមរយៈ​ព្រះអង្គ​សង្គ្រោះ ៖ កម្មវិធី​ព្យាបាល​ការញៀន មគ្គទេសក៍​ព្យាបាល ១២ ជំហាន ( ឆ្នាំ​២០២៣ )

« ជំហាន​ទី ៣ » កម្មវិធី​ព្យាបាល​ការញៀន មគ្គទេសក៍​ព្យាបាល ១២ ជំហាន

ស្ដ្រី​ពីរនាក់​កំពុង​លួងលោម​គ្នា

ជំហាន​ទី ៣ ៖ សម្រេច​ចិត្ត​ប្រគល់​ឆន្ទៈ​របស់​យើង និង​ជីវិត​របស់​យើង​ថ្វាយ​ឲ្យ​ព្រះ ជា​ព្រះវរបិតា​ដ៏អស់កល្ប​ជានិច្ច និង​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ថែទាំ ។

5:29

គោលការណ៍​សំខាន់ៗ ៖ ទុកចិត្ត​លើ​ព្រះ

ជំហាន​ទី ៣ គឺជា​ជំហាន​នៃ​ការសម្រេច​ចិត្ត ។ ក្នុង​ជំហាន​ពីរ​ដំបូង​យើង​បាន​ដឹង​នូវ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​សម្រាប់​ខ្លួន​យើង​បាន និង​អ្វី​ដែល​យើង​ត្រូវការ​ឲ្យ​ព្រះ​ធ្វើ​សម្រាប់​យើង ។ ក្នុង​ជំហាន​ទី ៣ យើង​ត្រូវបាន​ណែនាំ​នូវ​កិច្ចការ​តែមួយ​គត់ ដែល​យើង​អាច​ធ្វើ​សម្រាប់​ព្រះ ។ យើង​អាច​សម្រេចចិត្ត​បើក​ដួងចិត្ត​របស់​យើង​ចំពោះ​ទ្រង់​ទ្រង់ ហើយ​ប្រគល់​ជីវិត​យើង​ទាំងមូល—ទាំង​អតីត បច្ចុប្បន្ន និង​អនាគត—និង​ឆន្ទៈ​របស់​យើង​ចំពោះ​ទ្រង់ ។ ជំហាន​ទី ៣ គឺជា​ទង្វើ​នៃ​សិទ្ធិ​ជ្រើសរើស ។ វា​គឺ​ជា​ជម្រើស​ដ៏​សំខាន់​បំផុត​ដែល​យើង​ធ្វើ​ក្នុង​ជីវិត​នេះ ។

អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ដូច​តទៅ​នេះ​អំពី​ការសម្រេច​ចិត្ត​ដ៏​សំខាន់​ថា « ការចុះ​ចូល​តាម​ឆន្ទៈ​របស់​មនុស្ស​ម្នាក់ គឺ​ពិត​ជា​រឿង​ផ្ទាល់​ខ្លួន​ជាពិសេស​ដែល​យើង​ត្រូវ​ដាក់​នៅលើ​អាសនា​របស់​ព្រះ » ។ វា​ជា​គោលលទ្ធិ​ដ៏​លំបាក​មួយ ប៉ុន្តែ​វា​ជា​ការពិត ។ មាន​អ្វីៗ​ជាច្រើន​ដែល​យើង​ថ្វាយ​ដល់​ព្រះ ទោះជា​យ៉ាងណា វា​ល្អ​សម្រាប់​យើង​ដែល​អាច​ថ្វាយ​ដល់​ព្រះ ដែល​តាមពិត អ្វីៗ​ដែល​ទ្រង់​ប្រទាន​ឲ្យ​យើង​រួច​ទៅហើយ ហើយ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​យើង​ថ្វាយ​អ្វីៗ​ទាំងនោះ ។ ប៉ុន្តែ នៅពេល​យើង​ចាប់ផ្ដើម​ចុះចូល​ខ្លួន​យើង ដោយ​ដាក់​ឆន្ទៈ​របស់​យើង​ទៅ​ជា​ព្រះឆន្ទៈ​របស់​ព្រះ នោះ​យើង​គឺ​ពិត​ជា​បាន​ថ្វាយ​អ្វីមួយ​ដល់​ទ្រង់​ហើយ » ( « Insights from My Life » Ensign ខែ​សីហា ឆ្នាំ​២០០០ ទំព័រ​៩ ) ។

ប្រធាន ប៊យដ៍ ឃេ ផាកកឺ បានពិពណ៌នា​អំពី​ការសម្រេច​ចិត្ត​របស់​លោក​ក្នុង​ការថ្វាយ​ឆន្ទៈ​របស់​លោក​ទៅ​ព្រះ និង​សេរីភាព​ដែល​ការសម្រេចចិត្ត​បាន​ផ្តល់​ឲ្យ​លោក​ថា ៖ « ប្រហែលជា​ការរកឃើញ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ ដោយ​គ្មាន​ការងឿងឆ្ងល់​អំពី​ការតាំងចិត្ត​ដ៏​មហិមា​បំផុត​បាន​កើតឡើង នៅពេល​ដែល​ខ្ញុំ​មាន​ទំនុកចិត្ត​លើ​ព្រះ​ថា ខ្ញុំ​នឹង​ថ្វាយ ឬ​ប្រគល់​សិទ្ធិជ្រើសរើស​របស់​ខ្ញុំ​ទៅ​ទ្រង់—ដោយ​គ្មាន​ការបង្ខិតបង្ខំ ឬ​សម្ពាធ​ឡើយ ។ … ក្នុង​ន័យ​មួយ … ដើម្បី​យក​សិទ្ធិជ្រើសរើស​របស់​មនុស្ស​ម្នាក់ … ហើយ​និយាយ​ថា ‹ ខ្ញុំ​នឹង​ធ្វើ​តាម​អ្នក​ណែនាំ › ក្រោយ​មក​ដើម្បី​ដឹង​ថា ការធ្វើ​ដូច្នេះ អ្នក​មាន​វា​កាន់តែ​ច្រើន » ( Obedience Brigham Young University Speeches of the Year [ ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​១៩៧១ ] ទំព័រ​៤ ) ។

នៅពេល​យើង​បាន​ចូលរួម​ការប្រជុំ​ការព្យាបាល​ជា​លើក​ដំបូង យើង​ប្រហែលជា​មាន​អារម្មណ៍​ថា មាន​សម្ពាធ ឬ​ត្រូវបាន​អ្នក​ដទៃ​បង្ខំ​ឲ្យ​នៅ​ទីនោះ ។ ប៉ុន្តែ​ដើម្បី​ធ្វើការ​លើ​ជំហាន​ទី ៣ យើង​ត្រូវតែ​សម្រេចចិត្ត​ធ្វើ​សកម្មភាព​សម្រាប់​ខ្លួន​យើង ។ យើង​បានដឹង​ថា ការផ្លាស់ប្ដូរ​ជីវិត​របស់​យើង​ត្រូវតែ​ធ្វើ​ឡើង​ដោយ​ការសម្រេចចិត្ត​របស់​យើង​ផ្ទាល់ ។ វា​មិន​មែន​អំពី​អ្វី​ដែល​ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់​យើង​បាន​គិត ឬ​ចង់​បាន​នោះ​ទេ ។ យើង​ត្រូវតែ​មាន​ឆន្ទៈ​បន្ត​ព្យាបាល ដោយ​មិន​គិត​ពី​មតិយោបល់ ឬ​ជម្រើស​របស់​នរណា​ម្នាក់​ឡើយ ។

នៅពេល​យើង​ខិតខំ​នៅ​ជំហាន​ទី ៣ យើង​បាន​រៀនថា ការព្យាបាល​គឺជា​ការខិតខំ​ដែល​បាន​មកពី​ព្រះអម្ចាស់ មិនមែន​ជា​ការខិតខំ​ដែល​បាន​មក​ពី​យើង​នោះ​ទេ ។ ទ្រង់​ធ្វើការ​ដោយ​អព្ភូតហេតុ នៅពេល​យើង​បាន​យាង​អញ្ជើញ​ទ្រង់​ឲ្យ​គង់​នៅក្នុង​ជីវិត​របស់​យើង ។ យើង​បានជ្រើសរើស​ដើម្បី​អនុញ្ញាត​ឲ្យ​ព្រះ​ព្យាបាល និង​ប្រោសលោះ​យើង ។ យើង​បានសម្រេចចិត្ត​អនុញ្ញាត​ឲ្យ​ទ្រង់​ដឹកនាំ​ជីវិត​របស់​យើង ដោយ​ចងចាំ​ថា ពិត​ណាស់​ទ្រង់​តែងតែ​គោរព​សិទ្ធិ​ជ្រើសរើស​របស់​យើង ។ យើង​បាន​ដាក់​ជីវិត​របស់​យើង​នៅក្នុង​ព្រះហស្ដ​របស់​ទ្រង់ នៅពេល​យើង​សម្រេចចិត្ត​បន្ត​កម្មវិធី​ដែល​ផ្តោត​ទៅ​លើ​ការព្យាបាល​ខាង​វិញ្ញាណ ។

នៅពេល​យើង​ធ្វើតាម​ជំហាន​នេះ យើង​មាន​អារម្មណ៍​ភ័យខ្លាច​ចំពោះ​អ្វី​ដែល​យើង​មិន​ស្គាល់ ។ តើ​មាន​អ្វី​កើតឡើង ប្រសិនបើ​យើង​បន្ទាបខ្លួន​យើង ហើយ​ប្រគល់​ជីវិត​របស់​យើង និង​ឆន្ទៈ​របស់​យើង​ទាំងស្រុង​ថ្វាយ​ឲ្យ​ព្រះ​ថែទាំ ? ចំពោះ​ពួកយើង​ជា​ច្រើន​មាន​កុមារភាព​ពិបាក ហើយ​យើង​ខ្លាច​ថា​នឹង​ក្លាយ​ជា​មនុស្ស​ងាយ​រងគ្រោះ​ដូច​ពី​ក្មេង​ម្តងទៀត ។ ដោយសារ​តែ​បទពិសោធន៍​ពី​អតីត យើង​ទុកចិត្ត​ថា ការតាំងចិត្ត​ព្យាបាល​គឺ​ស្ទើរតែ​មិន​អាច​ធ្វើ​ទៅ​រួច​ទេ ។ យើង​បានឃើញ​អ្នក​ដទៃ​បំពាន​ការតាំងចិត្ត​ជា​ច្រើន ហើយ​យើង​បំពាន​ខ្លួន​ឯង​ជាច្រើន​ដែរ ។ ប៉ុន្តែ​យើង​បានសម្រេច​ចិត្ត​សាកល្បង​តាម​នូវ​អ្វី​ដែល​មិត្តភក្តិ​ដែល​បាន​ជា​សះស្បើយ​របស់​យើង​ផ្ដល់​យោបល់​ថា ៖ « កុំ​ប្រើ ។ សូម​ទៅ​ការប្រជុំ ។ សូម​ស្វែងរក​ជំនួយ​វិញ » ។ អស់អ្នក​ដែល​បានដើរ​លើ​ជំហាន​នៃ​ការជា​សះស្បើយ​មុន​យើង បានអញ្ជើញ​យើង​ឲ្យ​ពិសោធន៍​ជាមួយ​នឹង​របៀប​រស់​នៅ​ថ្មី​នេះ ។ ពួកគេ​បានរង់ចាំ​ដោយអត់ធ្មត់​ដើម្បី​ឲ្យ​យើង​មាន​ឆន្ទៈ​បើក​ទ្វារ​ទៅ​រក​ព្រះ បន្ថែម​បន្តិច​ទៀត ។

ព្រះយេស៊ូវ​បាន​ប្រទាន​ការអញ្ជើញ​ដូច​គ្នា​នេះ ៖ « អញ​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ បើ​អ្នក​ណា​ឮ​សំឡេង​អញ ហើយ​បើក​ទ្វារ​ឲ្យ នោះ​អញ​នឹង​ចូល​ទៅ​ឯ​អ្នក​នោះ អញ​នឹង​បរិភោគ​ជា​មួយ​នឹង​អ្នក​នោះ ហើយ​អ្នក​នោះ​ជា​មួយ​នឹង​អញ​ដែរ » ( វិវរណៈ ៣:២០ ) ។

ដំបូងឡើយ ការខិតខំ​របស់​យើង​គឺ​មាន​ការថប់​បារម្ភ និង​ស្ទាក់ស្ទើរ ។ យើង​បានបន្ត​ថ្វាយ​សេចក្ដីទុកចិត្ត​របស់​យើង​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​បន្ទាប់មក​យក​វា​មក​វិញ ។ យើង​បារម្ភ​ថា ទ្រង់​នឹង​មិន​ពេញ​ព្រះទ័យ​ចំពោះ​ភាព​មិន​ខ្ជាប់ខ្ជួន​របស់​យើង ហើយ​ដក​ការគាំទ្រ និង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ពី​យើង ។ ប៉ុន្ដែ​ទ្រង់​មិន​បាន​ធ្វើ​ឡើយ ។

បន្ដិចម្ដងៗ យើង​បានអនុញ្ញាត​ឲ្យ​ព្រះ​យេស៊ូវ​គ្រីស្ទ​បង្ហាញ​ពី​ព្រះចេស្តា​ព្យាបាល​របស់​ទ្រង់ និង​សុវត្ថិភាព​នៃ​ការធ្វើ​តាម​មាគ៌ា​របស់​ទ្រង់ ។ យើង​ម្នាក់ៗ​បានដឹង​ថា យើង​មិន​ត្រឹម​តែ​ត្រូវ​បោះបង់​ចោល​ការញៀន​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ត្រូវតែ​បង្វែរ​ឆន្ទៈ និង​ជីវិត​ទាំង​មូល​របស់​យើង​ទៅ​កាន់​ព្រះ​ផង​ដែរ ។ នៅពេល​យើង​ធ្វើ​ដូច្នោះ យើង​ឃើញ​ថា ទ្រង់​មាន​ព្រះទ័យ​អំណត់ ហើយ​ទទួលយក​នូវ​កិច្ចខិតខំ​ដ៏​រអាក់រអួល​របស់​យើង​ដើម្បី​ប្រគល់​ដល់​ទ្រង់​នូវ​អ្វីៗ​ទាំងអស់ ។

ឥឡូវនេះ សមត្ថភាព​របស់​យើង​ក្នុង​ការទប់ទល់​នឹង​ការល្បួង​គឺ​ត្រូវ​បានចង​ទៅនឹង​ការចុះចូល​ដោយ​បន្ទាបខ្លួន​ទៅនឹង​ព្រះឆន្ទៈ​របស់​ព្រះ ។ យើង​បង្ហាញ​ពី​តម្រូវការ​របស់​យើង​ចំពោះ​ព្រះចេស្តា​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្រ្គោះ ហើយ​យើង​ចាប់ផ្ដើម​ទទួល​អារម្មណ៍​ពី​ព្រះចេស្ដា​នោះ​នៅក្នុង​យើង ដោយ​ការពង្រឹង​យើង​ប្រឆាំង​នឹង​ការល្បួង​ពេល​ក្រោយ ។ យើង​បានរៀន​ទទួល​យក​ជីវិត​តាម​លក្ខខណ្ឌ​របស់​ព្រះអង្គ​សង្គ្រោះ ។

ការចុះចូល​ចំពោះ​ព្រះ​អាច​ជា​ការពិបាក​សម្រាប់​យើង ។ វា​តម្រូវ​ឲ្យ​យើង​ថ្វាយ​ខ្លួន​យើង​ម្តងទៀត​ទៅ​នឹង​ព្រះហឫទ័យ​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ ជួនកាល ជា​រៀង​រាល់​ម៉ោង ឬ​សូម្បីតែ​ពី​មួយ​គ្រា​ទៅ​មួយ​គ្រា ។ នៅពេល​យើង​មាន​ឆន្ទៈ​ធ្វើ​ដូច្នោះ យើង​រកឃើញ​ព្រះ​គុណ និង​អំណាច​ដែល​អាច​ធ្វើ​អ្វី ដែល​យើង​មិន​អាច​ធ្វើ​បាន​សម្រាប់​ខ្លួន​យើង ។

ការចុះចូល​តាម​ព្រះហឫទ័យ​របស់​ព្រះ​ជា​បន្ត កាត់បន្ថយ​ភាពតានតឹង ហើយ​នាំ​មក​នូវ​អត្ថន័យ​កាន់តែ​ច្រើន​ដល់​ជីវិត​របស់​យើង ។ យើង​មិន​សូវ​មួម៉ៅ​នឹង​រឿង​តូចតាច​ដែល​ធ្លាប់​រំខាន​យើង​នោះ​ទេ ។ យើង​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​យើង ។ យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដូចជា​ព្រះអង្គ​សង្គ្រោះ​នឹង​ប្រព្រឹត្ត​ចំពោះ​ពួកគេ​ដែរ ។ ភ្នែក គំនិត និង​ដួងចិត្ត​របស់​យើង​បើក​ទទួល​យក​ការពិត​ដែល​ថា ជីវិត​រមែងស្លាប់​គឺ​មាន​ការប្រឈម ហើយ​ថា​ជីវិត​នេះ​ក៏​អាច​នាំ​មក​ឲ្យ​យើង​នូវ​ទុក្ខព្រួយ និង​ការខកចិត្ត ក៏​ដូចជា​សុភមង្គល​ជានិច្ច​ផងដែរ ។

ជា​រៀង​រាល់​ថ្ងៃ យើង​តាំងចិត្ត​ជា​ថ្មី​ដើម្បី​ចុះចូល​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ ។ ការណ៍​នេះ​គឺជា​អ្វី​ដែល​យើង​ភាគ​ច្រើន​ចង់​មាន​ន័យ នៅពេល​យើង​និយាយ​ថា « មួយ​ថ្ងៃ​ម្តងៗ » ។ យើង​បានសម្រេចចិត្ត​បោះបង់​ចំណង់​ខ្លួន​ឯង និង​ការស្វែងរក​ខ្លួន​ឯង ដែល​ជា​ឫសគល់​នៃ​ការញៀន​របស់​យើង ។ ហើយ​យើង​បានសម្រេចចិត្ត​រីករាយ​នឹង​ថ្ងៃ​មួយទៀត​នៃ​ភាពស្ងប់ស្ងាត់ និង​កម្លាំង​ដែល​បានមកពី​ការទុកចិត្ត​លើ​ព្រះ និង​នៅក្នុង​សេចក្តីល្អ អំណាច និង​សេចក្តីស្រឡាញ់​របស់​ទ្រង់ ។

ជំហាន​ទី ១,​ ២ និង ៣ ជួយ​យើង​ឲ្យ​យល់​ពី​របៀប​អនុវត្ត​សេចក្តីជំនឿ ។ ការបង្ហាញ​យ៉ាងច្បាស់​បំផុត​មួយ​នូវ​ការធ្វើ​ជំហាន​ទី ៣ គឺ​ថា យើង​ស្ម័គ្រចិត្ត​ទុកចិត្ត​លើ​ព្រះ​គ្រប់គ្រាន់​ល្មម​ដើម្បី​បន្ត​ទៅ​ជំហាន​បន្ទាប់​ទៀត ។

ជំហាន​សកម្មភាព

នេះ​គឺជា​កម្មវិធី​ដែល​ធ្វើ​សកម្មភាព ។ ការរីកចម្រើន​របស់​យើង​ពឹងផ្អែក​លើ​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ជំហាន​ទាំងនេះ​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ។ ការណ៍​នេះ​ត្រូវបាន​ហៅថា « ការធ្វើតាម​ជំហាន » ។ សកម្មភាព​ខាងក្រោម​នេះ​ជួយ​យើង​ឲ្យ​មក​រក​ព្រះគ្រីស្ទ ហើយ​ទទួល​បាន​ការណែនាំ និង​អំណាច​ដែល​ចាំបាច់ ដើម្បី​ធ្វើតាម​ជំហាន​បន្ទាប់​ក្នុង​ដំណើរ​ព្យាបាល​របស់​យើង ។

សម្រេច​ចិត្ត​ថា​នឹង​ទុកចិត្ត​លើ​ព្រះ និង​គោរព​តាម​ព្រះ

ពាក្យ​ទាំងនេះ—បាន​កែសម្រួល​ពី « ការអធិស្ឋាន​ដោយ​ស្ងប់ស្ងាត់ » ដោយ រ៉ែនហូល នីប៊ូរ—ជួយ​យើង​នៅពេល​យើង​សម្រេចចិត្ត​ទុកចិត្ត និង​គោរពប្រតិបត្តិ​តាម​ព្រះ​ថា ៖ « ព្រះ​ប្រទាន​ឲ្យ​ខ្ញុំ​នូវ​ភាពស្ងប់ស្ងាត់​ដើម្បី​ទទួល​យក​អ្វី​ដែល​ខ្ញុំ​មិន​អាច​ផ្លាស់ប្តូរ ភាពក្លាហាន​ក្នុង​ការផ្លាស់ប្តូរ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន និង​ប្រាជ្ញា​ដើម្បី​ដឹង​ពី​ភាពខុសគ្នា » ។ ពាក្យ​ទាំងនេះ​ស្របគ្នា​យ៉ាងល្អ​ជាមួយ​នឹង​ប្រសាសន៍​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ គោលលទ្ធិ និង​សេចក្តីសញ្ញា ១២៣:១៧ ៖ « ហេតុដូច្នេះហើយ … ចូរ​យើង​ប្រព្រឹត្ត​ការណ៍​ទាំងនេះ​ដែល​នៅក្នុង​អំណាចយើង ដោយ​មាន​ចិត្ត​រីករាយ​ចុះ ហើយ​លំដាប់​នោះ យើង​អាច​ឈរ​នៅ​ស្ងៀម​ដោយ​ជឿជាក់​ថា​នឹង​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​ពី​ព្រះ និង​បាន​ព្រះពាហុទ្រង់បើក​សម្ដែង​មក​ឲ្យ​ឃើញ » ។

ព្រះ​ប្រទាន​ឲ្យ​យើង​នូវ​ភាពស្ងប់ស្ងាត់​នៅពេល​យើង​ទុកចិត្ត​លើ​ព្រះ​សមត្ថភាព​របស់​ទ្រង់​ដើម្បី​ជួយ​យើង ។ យើង​ទទួល​យក​ថា ទោះជា​យើង​មិន​អាច​គ្រប់គ្រង​ជម្រើស និង​សកម្មភាព​របស់​អ្នក​ដទៃ​ក្តី ក៏​យើង​អាច​សម្រេចចិត្ត​ពី​របៀប​ដែល​យើង​នឹង​ប្រព្រឹត្ត​នៅក្នុង​ស្ថានភាព​នីមួយៗ​ដែល​យើង​ប្រឈម​មុខ​ដែរ ។ យើង​សម្រេចចិត្ត​ដោយ​ក្លាហាន​ក្នុងការ​ទុកចិត្ត​លើ​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ហើយ​ធ្វើ​តាម​ព្រះ​ឆន្ទៈ​របស់​ទ្រង់ ។ យើង​បង្វែរ​បំណង និង​ជីវិត​របស់​យើង​ទៅ​កាន់​ការថែទាំ​របស់​ទ្រង់ ។ យើង​សម្រេចចិត្ត​គោរពប្រតិបត្តិ​តាម​ទ្រង់ ហើយ​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ។

នៅក្នុង​ការព្យាបាល​របស់​យើង យើង​បាន​រកឃើញ​ថា យើង​ត្រូវ​អនុវត្ត​ជំហាន​ទី ៣ ជា​ញឹកញាប់ ។ ពេលខ្លះ វា​ហាក់​បី​ដូចជា​យើង​ត្រូវ​ធ្វើ​ឡើងវិញ​រាល់ពេល ឬ​រាល់​ថ្ងៃ ។ វា​មិន​សំខាន់​ថា​យើង​ត្រូវ​ធ្វើ​វា​ប៉ុន្មាន​ដង​នោះ​ទេ ។ រាល់​ពេល​ដែល​យើង​ធ្វើ យើង​ទទួល​អារម្មណ៍​ពី​ជំនួយ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ហើយ​យើង​ត្រូវ​បានរឹងមាំ​ក្នុង​ដំណើរព្យាបាល​របស់​យើង ។ អែលឌើរ នែល អេ ម៉ាក់ស្វែល បានរំឭក​យើង​ថា ៖ « ការចុះចូល​ខាងវិញ្ញាណ​មិន​សម្រេច​បាន​ភ្លាមៗ​នោះ​ទេ ប៉ុន្តែ​សម្រេច​បាន​ដោយ​ការកែលម្អ​បន្ថែម និង​ដោយ​ការប្រើប្រាស់​ជា​បន្តបន្ទាប់​នូវ​ការណ៍​ដែល​ជួយ​ឲ្យ​រីកចម្រើន​ទៅ​មុខ ។ ការណ៍​ដែល​ជួយ​ឲ្យ​រីកចម្រើន​ទៅ​មុខ​គឺ​មាន​ន័យ​ថា ធ្វើ​ម្តង​មួយៗ ។ … នៅ​ទីបំផុត ឆន្ទៈ​របស់យើង​អាច​ត្រូវបាន ‹ លេប​ដណ្ដប់​នៅក្នុង​ព្រះហឫទ័យ​នៃ​ព្រះវរបិតា › នៅពេល​យើង ‹ ក្លាយទៅ​ដូចជា … កូនក្មេង​ព្រម​ធ្វើតាម​ឪពុក​ខ្លួន​ដូច្នោះ › ( សូមមើល ម៉ូសាយ ១៥:៧; ៣:១៩ ) » ( « Consecrate Thy Performance » Ensign ខែ​ឧសភា ឆ្នាំ​២០២២ ទំព័រ​៣៦ ) ។

ពិនិត្យមើល និង​រំឭក​សេចក្តីសញ្ញា​ជាមួយ​ព្រះ

ការទុកចិត្ត​លើ​ព្រះ​នូវ​គ្រប់​ការណ៍​ទាំងអស់ អាច​ដូចជា​ការពាក់​វ៉ែនតា​ថ្មី​មួយ​គូ ហើយ​មើលឃើញ​អ្វីៗ​យ៉ាងច្បាស់ ។ នៅពេល​យើង​សម្រេចចិត្ត​ប្រគល់​បំណង​របស់​យើង​ទៅ​ព្រះ នោះ​យើង​ចាប់ផ្ដើម​ដកពិសោធន៍​នូវ​ភាពសុខស្រួល និង​អំណរ​ដែល​បាន​មកពី​ការស្វែងរក និង​ធ្វើ​តាម​ព្រះរាជ​បំណង​របស់​ព្រះវរបិតាសួគ៌ ។ របៀប​មួយ​ដែល​យើង​បង្ហាញ​ពី​ឆន្ទៈ​របស់​យើង​ដើម្បី​ទុកចិត្ត​លើ​ព្រះ​គឺ​ត្រូវ​រៀបចំ​ខ្លួន​ដើម្បី​ទទួលទាន​សាក្រាម៉ង់ ។

សូម​ជួប​ជាមួយ​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​អ្នក​អំពី​ការញៀន​របស់​អ្នក និង​ការសម្រេចចិត្ត​ដើម្បី​ធ្វើតាម​ព្រះឆន្ទៈ​របស់​ព្រះ ។ សូម​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​អ្នក​ដើម្បី​ចូលរួម​ការប្រជុំ​សាក្រាម៉ង់​ជា​រៀង​រាល់​សប្តាហ៍ ។ នៅពេល​អ្នក​ថ្វាយបង្គំ សូម​ស្ដាប់​ដោយ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការអធិស្ឋាន​ធ្វើ​ពិធី​សាក្រាម៉ង់ ហើយ​ពិចារណា​អំពី​អំណោយទាន​ដែល​ព្រះ​វរបិតាសួគ៌​ប្រទាន​ដល់​អ្នក ។ បន្ទាប់មក សូម​បន្ត​ការតាំងចិត្ត​របស់អ្នក ដើម្បី​ទទួល​យក និង​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ទ្រង់​សម្រាប់​ជីវិត​របស់​អ្នក ដោយ​ការទទួលទាន​សាក្រាម៉ង់ ប្រសិនបើ​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​អ្នក​យល់​ព្រម​ថា អ្នក​ត្រៀមខ្លួន​ធ្វើ​ដូច្នេះ​រួចរាល់​ហើយ ។

នៅពេល​ដំណើរការ​ព្យាបាល​របស់​អ្នក​រីកចម្រើន​ទៅ​មុខ អ្នក​នឹង​ឃើញ​ថា ខ្លួន​អ្នក​កាន់តែ​មាន​ឆន្ទៈ​នៅក្នុង​ចំណោម​អ្នក​ដែល​គោរព​ដល់​ការពលិកម្ម​របស់​ព្រះអង្គសង្រ្គោះ ។ អ្នក​នឹង​ចាប់ផ្ដើម​ដកពិសោធន៍​នូវ​ការពិត​ថា « ការអ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន នោះ​គ្មាន​សោះ​ឡើយ » ( លូកា ១:៣៧ ) ។

ការសិក្សា និង​ការយល់ដឹង

បទម្ពីរ និង​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​ទាំងនេះ អាច​ជួយ​ដល់​ដំណើរការ​ព្យាបាល​របស់​យើង​បាន ។ យើង​អាច​ប្រើ​វា​សម្រាប់​ការស្មិងស្មាធិ៍ ការសិក្សា និង​ការសរសេរ​សៀវភៅ​កំណត់ហេតុ​បាន ។ ធម្មជាតិ​របស់​យើង​គឺ​ស្វែងរក​ជម្រើស​ដែល​ងាយស្រួល​បំផុត និង​ទន់ភ្លន់​បំផុត​សម្រាប់​ការព្យាបាល ។ ប៉ុន្តែ​ឥឡូវ​នេះ​យើង​ដឹង​ថា ការស្មោះត្រង់ និង​ជាក់លាក់​គឺ​មាន​ប្រយោជន៍​ជាង ។ នៅពេល​យើង​ពិនិត្យមើល​ចម្លើយ​របស់​យើង​ចំពោះ​សំណួរ​ខាងក្រោម​ជាមួយ​អ្នក​ឧបត្ថម្ភ​របស់​យើង និង​អ្នក​ដទៃ​ទៀត យើង​មើលឃើញ​យ៉ាងច្បាស់​នូវ​ទស្សនៈ និង​ការជំរុញ​របស់​យើង ។

ស្វែងរក​ភាពសុខដុម​ជាមួយ​ព្រះ​ឆន្ទៈ​របស់​ព្រះ

« ចូរ​សម្រុះសម្រួល​ខ្លួន​ទៅ​តាម​បំណង​នៃ​ព្រះ ហើយ​មិនមែន​តាម​បំណង​នៃ​អារក្ស និង​របស់​ខាង​សាច់ឈាម​ទេ ហើយ​ចូរ​ចងចាំ​ថា បន្ទាប់ពី​បងប្អូន​រាល់​គ្នា​បានស្រុះស្រួល​ជាមួយ​នឹង​ព្រះ​ហើយ​នោះ គឺ​មាន​តែ​ដោយសារ និង​តាមរយៈ​ព្រះគុណ​របស់​ព្រះ​ប៉ុណ្ណោះ ដែល​បងប្អូន​រាល់​គ្នា​បានសង្គ្រោះ » ( នីហ្វៃទី២ ១០:២៤ ) ។

  • តើ​ពាក្យ សម្រុះសម្រួល មាន​ន័យ​យ៉ាង​ដូចម្ដេច ?

  • តើ​ការរស់នៅ​របស់​ខ្ញុំ​ស្រប​តាម​ព្រះ​ឆន្ទៈ​របស់​ព្រះ​មាន​ន័យ​យ៉ាង​ណា ?

  • តើ​ខ្ញុំ​អាច​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​អំណាច​របស់​ព្រះ​ដែល​អាច​ធ្វើ​អ្វីៗ​បាន​នៅក្នុង​ជីវិត​របស់​ខ្ញុំ នៅពេល​ខ្ញុំ​ងាក​ទៅរក​ទ្រង់ ?

  • តើ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការអនុញ្ញាត​ឲ្យ​ព្រះ​ដឹកនាំ​ជីវិត​របស់​ខ្ញុំ ?

  • តើ​មាន​អ្វី​ដែល​រារាំង​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ទ្រង់​ដឹកនាំ​ជីវិត​របស់ខ្ញុំ ?

ធ្វើតាម​ព្រះទ័យ​របស់​ព្រះ

« បន្ទុក​ទាំងឡាយ​ដែល​ដាក់​នៅ​លើ​អាលម៉ា និង​បងប្អូន​លោក​ត្រូវបាន​សម្រាល​ទៅ មែនហើយ ព្រះអម្ចាស់​ទ្រង់​បាន​ចម្រើន​កម្លាំង​ឲ្យ​គេ ដើម្បី​ឲ្យ​គេ​អាច​ទ្រ​បន្ទុក​ទាំងឡាយ​របស់​គេ​បានដោយ​ងាយ ហើយ​ពួកគេ​បាន​ធ្វើតាម​អស់​ទាំង​ព្រះហឫទ័យ​​នៃ​ព្រះអម្ចាស់ » ( ម៉ូសាយ ២៤:១៥ ) ។

ព្រះ​អាច​ដក​បន្ទុក​របស់​អាលម៉ា និង​ប្រជាជន​របស់​លោក​ចេញ​បាន ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ទ្រង់​បានពង្រឹង​ពួកគេ​ឲ្យ « អាច​ទ្រ​បន្ទុក​ទាំងឡាយ​របស់គេ​បានដោយ​ងាយ » ។ សូម​កត់សម្គាល់​ថា ពួកគេ​មិន​បានត្អូញត្អែរ​ទេ ប៉ុន្តែ​បាន​ចុះចូល​ដោយ​ចិត្ត​រីករាយ និង​ដោយ​អត់ធ្មត់​ចំពោះ​ព្រះឆន្ទៈ​របស់​ព្រះ ។ សូម​គិត​អំពី​ភាពរាបទាប​ដែល​វា​ត្រូវការ​ដើម្បី​មាន​ឆន្ទៈ​ធ្វើ​ឲ្យ​បន្ទុក​ស្រាល​បន្តិច​ម្តងៗ ជាជាង​ធ្វើ​ឲ្យ​បន្ទុក​ស្រាល​ភ្លាមៗ ។

  • តើ​ការចុះចូល​ចំពោះ​ព្រះ​មាន​អត្ថន័យ​យ៉ាងណា ?

  • តើ​ខ្ញុំ​ចុះចូល​ដោយ​របៀប​ណា ?

  • តើ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការចុះចូល​ដោយ​ស្ម័គ្រចិត្ត និង​ដោយ​អត់ធ្មត់​ចំពោះ​កាលវិភាគ​របស់​ព្រះ ?

  • តើ​ខ្ញុំ​អាច​ទទួល​បាន​ភាពក្លាហាន​ដើម្បី​បន្ត​ព្យាយាម​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ទ្រង់​ដោយ​របៀបណា ?

តម​អាហារ ហើយ​អធិស្ឋាន

« ពួកគេ​បាន​តម​អាហារ ហើយ​បាន​អធិស្ឋាន​ជា​ញឹកញាប់​ដែរ ហើយ​បាន​មុតមាំ​ខ្លាំង​ឡើងៗ​នៅ​ក្នុង​ភាពរាបសា​របស់​គេ ហើយ​បាន​រឹងប៉ឹង​ឡើងៗ​នៅ​ក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ នាំ​ឲ្យ​ចិត្ត​គេ​បាន​ពោរពេញ​ទៅ​ដោយ​អំណរ និង​ការលួងលោម​ចិត្ត មែន​ហើយ គឺ​រហូត​ដល់​ធ្វើ​ឲ្យ​ចិត្ត​គេ​បរិសុទ្ធ ហើយ​ញែក​ចិត្ត​គេ​ចេញ​ជា​បរិសុទ្ធ រីឯ​ការញែក​ចិត្ត​ចេញ​បរិសុទ្ធ​បាន​មក ដោយសារ​ពួកគេ​បាន​ថ្វាយ​ចិត្ត​ដល់​ព្រះ » ( ហេលេមិន ៣:៣៥ ) ។

  • ខគម្ពីរ​នេះ​ពិពណ៌នា​អំពី​បុគ្គល​ដែល​បាន​ប្រគល់​ដួងចិត្ត​របស់ពួកគេ​ចំពោះ​ព្រះ ។ តើ​ការតម​អាហារ​អាច​ជួយ​ខ្ញុំ​ឲ្យ​ប្រគល់​ដួងចិត្ត​ចំពោះ​ព្រះ ហើយ​ចៀសវាង​ពី​ការញៀន​យ៉ាង​ដូច​ម្ដេច ?

  • តើ​ខ្ញុំ​នឹង​តាំងចិត្ត​អធិស្ឋាន​នៅ​គ្រា​ដែល​មាន​ការល្បួង​សម្រាប់​ការបន្ទាបខ្លួន និង​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ​ឬ​ទេ? ហេតុអ្វី​អធិស្ឋាន ឬ​ហេតុអ្វី​មិន​អធិស្ឋាន ?

  • តើ​ខ្ញុំ​មាន​ឆន្ទៈ​ខ្លាំង​ប៉ុនណា​ក្នុង​ការប្រគល់​ដួងចិត្ត​របស់​ខ្ញុំ​ថ្វាយ​ទៅ​ព្រះ ជាជាង​ការញៀន ?

បន្ទាបខ្លួន​របស់​យើង​នៅ​ចំពោះ​ព្រះ

« ប៉ុន្តែ​មើល​ចុះ ទ្រង់​បាន​ដោះ​ពួកគេ​ឲ្យ​រួច​ផុត ពីព្រោះ​គេ​បាន​បន្ទាបខ្លួន​ចុះ​ចំពោះ​ទ្រង់ ហើយ​ពីព្រោះ​ពួកគេ​បាន​អំពាវនាវ​ដល់​ព្រះអង្គ​ជា​ខ្លាំង បាន​ជា​ទ្រង់​ដោះ​គេ​ឲ្យ​រួចផុត​ពី​សេវកភាព ហើយ​ព្រះ​អម្ចាស់​ទ្រង់​ធ្វើ​ដោយ​ព្រះ​ចេស្ដា​របស់​ទ្រង់​ក្នុង​គ្រប់​ករណី​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស​យ៉ាង​ដូច្នេះ​ហើយ ដោយ​លាត​ព្រះ​ពាហុ​នៃ​សេចក្ដី​មេត្តាករុណា​ទៅ​រក​អ្នក​ណា​ដែល​ដាក់​ទី​ទុក​ចិត្ត​របស់​គេ​ទៅ​លើ​ទ្រង់ »​( ម៉ូសាយ ២៩:២០ ) ។

ការបន្ទាប​ខ្លួន​គឺជា​ការសម្រេច​ចិត្ត​មួយ ។ យើង​ប្រហែលជា​ត្រូវ​បានល្បួង​ឲ្យ​ជឿ​ថា ទោះ​ជា​ព្រះ​បានជួយ​អ្នក​ដទៃ​ក៏​ដោយ ក៏​ទ្រង់​នឹង​មិន​ជួយ​យើង​ដែរ ដោយសារ​យើង​មិន​អាច​ជួយ​បាន និង​អស់សង្ឃឹម ។ យើង​អាច​ស្គាល់​ថា ការ​ដែល​ថា​យើង​មិន​អាច​ជួយ​បាន និង​អស់សង្ឃឹម គឺជា​ការកុហក ។ ការពិត​គឺ​យើង​ជា​បុត្រាបុត្រី​របស់​ព្រះ ។

  • តើ​ចំណេះដឹង​នេះ​ជួយ​ខ្ញុំ​បន្ទាបខ្លួន ហើយ​ស្វែងរក​ជំនួយ​ពី​ព្រះ​យ៉ាង​ដូចម្ដេច ?

  • តើ​គំនិត និង​ជំនឿ​ខុសឆ្គង​អ្វី​ទៀត​អំពី​ព្រះ និង​អំពី​ខ្ញុំ ដែល​បានរារាំង​ខ្ញុំ​ពី​ការស្រែក​អង្វរ​ព្រះ​យ៉ាងខ្លាំង​ដើម្បី​ឲ្យ​រួច​ពី​សេវកភាព ?

ជ្រើស​រើស​ទុក​ចិត្តលើ​ព្រះ

« ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន ហើយ​ចុះ​ចូល ហើយ​សុភាព​ទន់ភ្លន់ រហ័ស​ធ្វើ​តាម​ការល្អ ពោរពេញ​ទៅ​ដោយ​ការទ្រាំទ្រ និង​ការអត់ធ្មត់ សង្កត់ចិត្ត​ក្នុង​កិច្ចការ​គ្រប់​យ៉ាង មាន​ចិត្ត​ព្យាយាម​ក្នុង​ការកាន់​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ​ឲ្យ​បាន​គ្រប់​ពេលវេលា សូម​នូវ​អ្វី​ដែល​អ្នក​ត្រូវការ ទាំង​ខាង​ឯ​វិញ្ញាណ និង​ខាង​ឯ​សាច់ឈាម​ដែរ ថ្លែង​អំណរគុណ​ដល់​ព្រះ​ជានិច្ច ចំពោះ​អ្វី​ដែល​អ្នក​បាន​ទទួល » ( អាលម៉ា ៧:២៣ ) ។

ការទុកចិត្ត​ព្រះ​ជា​ជម្រើស ការព្យាបាល​កើតឡើង​ដោយ​ព្រះចេស្តា​របស់​ព្រះ ប៉ុន្តែ​មាន​តែ​ក្រោយពី​យើង​ជ្រើសរើស​ចុះចូល​តាម​ព្រះឆន្ទៈ​របស់​ព្រះ​ប៉ុណ្ណោះ ។ បន្ទាប់មក ការសម្រេច​ចិត្ត​របស់​យើង​ធ្វើ​ឲ្យ​ព្រះចេស្តា​របស់​ទ្រង់​ហូរ​ចូល​មក​ជីវិត​របស់​យើង ។ បទគម្ពីរ​នេះ​ពិពណ៌នា​អំពី​លក្ខណសម្បត្តិ​ដែល​យើង​ត្រូវ​ប្រគល់​ជីវិត និង​ឆន្ទៈ​របស់​ឲ្យ​ទៅ​ព្រះ​ថែទាំ ។

  • តើ​គុណសម្បត្តិ​មួយ​ណា​ដែល​ខ្ញុំ​ខ្វះខាត ?

  • តើ​នរណា​អាច​ជួយ​ខ្ញុំ​អភិវឌ្ឍ​គុណសម្បត្តិ​ដែល​ខ្ញុំ​ខ្វះខាត ?

  • តើ​គុណសម្បត្តិ​​ណាមួយ​ដែល​ខ្ញុំ​អាច​កែលម្អ​បាន​នៅ​ថ្ងៃនេះ ?

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ឥឡូវនេះ ដើម្បី​ចាប់ផ្តើម​អភិវឌ្ឍ​គុណសម្បត្តិ​ទាំងនេះ ?

ក្លាយ​ទៅ​ដូច​ជា​កូន​ក្មេង

« ព្រោះ​មនុស្ស​ខាង​សាច់ឈាម​ជា​សត្រូវ​ដល់​ព្រះ ហើយ​មាន​មក​តាំងពី​ការធ្លាក់​នៃ​លោក​អ័ដាម​ម្ល៉េះ ហើយ​នឹង​នៅ​យ៉ាងនេះ​ជារៀង​ដរាប​តទៅ លើកលែងតែ​គេ​ព្រម​ធ្វើតាម​សេចក្ដី​ទូន្មាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​សម្រាត​ភាព​ខាង​សាច់ឈាម​ចេញ ហើយ​ក្លាយ​ទៅជា​អ្នកបរិសុទ្ធ​វិញ តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ​ដ៏ជា​ព្រះអម្ចាស់ ហើយ​ក្លាយ​ទៅ​ដូចជា​កូនក្មេង ងាយ​ប្រដៅ ស្លូតបូត ទាប​រាបសា អត់ឱន ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ព្រម​ទទួល​នូវ​អ្វីៗ​ទាំងអស់ ដែល​ព្រះអម្ចាស់​ទ្រង់​ទត​ឃើញ​ថា​ល្អ ដូចជា​កូនក្មេង​ព្រម​ធ្វើតាម​ឪពុក​ខ្លួន​ដូច្នោះ » ( ម៉ូសាយ ៣:១៩ ) ។

ពួកយើង​ភាគច្រើន​បាន​ឆ្លងកាត់​នឹង​ការប្រព្រឹត្ត​ដោយ​មិន​សប្បុរស​ពី​ឪពុកម្ដាយ ឬ​អាណាព្យាបាល ដូច្នេះ​ការ « ក្លាយ​ទៅ​ដូច​ជា​កូន​ក្មេង » គឺជា​ការលំបាក ប្រហែល​ជា​គួរ​ឲ្យ​រន្ធត់​ថែម​ទៀត ។

  • តើ​នេះ​ជា​ករណី​សម្រាប់​ខ្ញុំ​ឬ ? តើ​ខ្ញុំ​មាន​បញ្ហា​ដែល​មិន​បានដោះស្រាយ​ជាមួយ​ឪពុកម្តាយ​ដែរ​ឬ​ទេ ?

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដើម្បី​បែងចែក​អារម្មណ៍​របស់​ខ្ញុំ​ចំពោះ​ឪពុកម្ដាយ​ខ្ញុំ ពី​អារម្មណ៍​របស់​ខ្ញុំ​ចំពោះ​ព្រះ ?

ទំនាក់ទំនង​ជាមួយ​ព្រះ

« [ ព្រះ​យេស៊ូវ ] ក៏​លុត​ព្រះជង្ឃ​កា្រប​ចុះ​អធិស្ឋាន​ថា ឱ​ព្រះវរ‌បិតា​អើយ បើ​សិន​ជា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះ‌ហឫទ័យ​ទ្រង់​វិញ » ( លូកា ២២:៤១–៤២ ) ។

នៅក្នុង​ការអធិស្ឋាន​នេះ ព្រះអង្គ​សង្គ្រោះ​បានបង្ហាញ​ពី​ព្រះឆន្ទៈ​របស់​ទ្រង់​ដើម្បី​ចុះចូល​តាម​ព្រះវរបិតាសួគ៌ ។ ទ្រង់​បាន​សម្តែង​នូវ​បំណង​ប្រាថ្នា​របស់​ទ្រង់ ប៉ុន្តែ​បន្ទាប់​មក​ទ្រង់​បាន​ធ្វើតាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា​ទ្រង់​ដោយ​បន្ទាបខ្លួន​វិញ ។ វា​គឺជា​ពរជ័យ​មួយ​ដែល​អាច​ប្រាប់​ព្រះ​ពី​អារម្មណ៍​របស់​យើង ។

  • តើ​ការដឹង​ថា ព្រះវរបិតាសួគ៌​យល់​ពី​ការភ័យខ្លាច ការឈឺចាប់ ឬ​អ្វី​ក៏ដោយ​ដែល​ខ្ញុំ​កំពុង​មាន​អារម្មណ៍ ជួយ​ខ្ញុំ​ឲ្យ​និយាយ​ដោយ​ស្មោះត្រង់​ថា « សូម​ព្រះទ័យ​ទ្រង់​បាន​សម្រេច » យ៉ាង​ដូចម្ដេច ?