ការញៀន
ជំហាន​ទី ៨ ៖ សរសេរ​បញ្ជី​មួយ​អំពី​មនុស្ស​ទាំងអស់​ដែល​យើង​បាន​បង្ក​ឲ្យមាន​គ្រោះថ្នាក់ និង​ស្ម័គ្រចិត្ត​ផ្ដល់​សំណង​ជូន​ពួកគេ​វិញ


« ជំហាន​ទី ៨ ៖ សរសេរ​បញ្ជី​មួយ​អំពី​មនុស្ស​ទាំងអស់​ដែល​យើង​បាន​បង្ក​ឲ្យមាន​គ្រោះថ្នាក់ និង​ស្ម័គ្រចិត្ត​ផ្ដល់​សំណង​ជូន​ពួកគេ​វិញ » ការព្យាបាល​តាមរយៈ​ព្រះអង្គ​សង្គ្រោះ ៖ កម្មវិធី​ព្យាបាល​ការញៀន មគ្គទេសក៍​ព្យាបាល ១២ ជំហាន ( ឆ្នាំ ២០២៣ )

« ជំហាន​ទី ៨ » កម្មវិធី​ព្យាបាល​ការញៀន មគ្គទេសក៍​ព្យាបាល ១២ ជំហាន

ស្ត្រី​កំពុង​និយាយ​ទៅកាន់​ក្រុម

ជំហាន​ទី ៨ ៖ សរសេរ​បញ្ជី​មួយ​អំពី​មនុស្ស​ទាំងអស់​ដែល​យើង​បាន​បង្ក​ឲ្យមាន​គ្រោះថ្នាក់ និង​ស្ម័គ្រចិត្ត​ផ្ដល់​សំណង​ជូន​ពួកគេ​វិញ ។

5:13

គោលការណ៍​សំខាន់ ៖ រៀបចំ​ខ្លួន​ផ្ដល់​សំណង ឬ​ធ្វើការ​កែតម្រូវ

មុនពេល​ការព្យាបាល​របស់​យើង​បាន​ចាប់ផ្តើម របៀប​រស់នៅ​ដែល​ញៀន​របស់​យើង​គឺ​ដូចជា​ព្យុះសង្ឃរា​ដែល​ពោរពេញ​ទៅដោយ​ថាមពល​ដ៏​បំផ្លិច​បំផ្លាញ ដែល​កាត់ផ្តាច់​ទំនាក់ទំនង​របស់​យើង ហើយ​បន្សល់​ទុក​នូវ​ការខូចខាត​ជាច្រើន ។ នៅពេល​យើង​ធ្វើការ​លើ​ជំហាន​ទី ៧ យើង​ទទួល​អារម្មណ៍​ពី​អំណាច​ព្យាបាល​នៃ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​យើង​មាន​អារម្មណ៍​អន្ទះសា​ចង់​ជួសជុល​ទំនាក់ទំនង​ដែល​ខូចខាត​ទាំង​ប៉ុន្មាន ។ ជំហាន​ទី ៨ គឺជា​ឱកាស​ដើម្បី​សរសេរ​បញ្ជី​មួយ​អំពី​មនុស្ស និង​ស្ថាប័ន​ទាំងឡាយ ដែល​យើង​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ហើយ​បន្ទាប់មក​ដាក់​ផែនការ​ដើម្បី​សម្អាត និង​កសាង​ទំនាក់ទំនង​របស់​យើង​ឡើងវិញ​ជាថ្មី ។

នៅពេល​យើង​ធ្វើការ​លើ​ជំហាន​ទាំងឡាយ​នៃ​ការព្យាបាល យើង​ឃើញ​ថា រឿង​មួយ​ក្នុង​ចំណោម​រឿង​ដ៏​បំផុស​គំនិត​ទាំងឡាយ​អំពី​ជំហាន​ទាំង ១២ នេះ​គឺជា​លំដាប់​លំដោយ​ដែល​ជំហាន​ទាំងនេះ​ត្រូវបាន​តាក់តែង​ឡើង ។ ជា​ញឹកញាប់ មាន​ជំហាន​រៀបចំ​មួយ ដែល​មាន​ពីមុន​ជំហាន​មួយ​ទៀត ដែល​តម្រូវ​ឲ្យ​មាន​ភាពក្លាហាន​ដ៏​ខ្លាំង ។ ជំហាន​ទី ៨ រួមទាំង​ជំហាន​ពីមុន​ទាំងអស់ គឺជា​ការរៀបចំ​ខ្លួន​របស់​យើង​សម្រាប់​ជំហាន​ទី ៩ ដែល​តម្រូវឲ្យ​មាន​ភាពក្លាហាន​ហួសពី​សមត្ថភាព​របស់​យើង​ផ្ទាល់ ។

យើង​បាន​រៀន​ពី​មនុស្ស​ដែល​បាន​ធ្វើការ​លើ​ជំហាន​ទី ៨ រួច​ហើយ ដែល​បាន​តក់​ក្រហល់​ខ្លាំង​ដើម្បី​ធ្វើ​ការកែតម្រូវ​ដោយ​គ្មាន​ការរៀបចំ​ខ្លួន វា​អាច​មាន​គ្រោះថ្នាក់​ដូចជា​ការមិន​បាន​ធ្វើ​សំណង​ទាល់​តែ​សោះ​អ៊ីចឹង ។ ដូច្នេះ យើង​បាន​ចំណាយ​ពេល​ដើម្បី​អធិស្ឋាន ស្វែងរក​ដំបូន្មាន​មកពី​មនុស្ស​ដែល​យើង​ទុកចិត្ត ដូចជា​អ្នកឧបត្ថម្ភ​របស់​យើង ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ ហើយ​ដាក់​ផែនការ ។ ការរៀបចំ​នេះ​នៅក្នុង​ជំហាន​ទី ៨ បាន​រារាំង​យើង​មិន​ឲ្យ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​យើង​បន្ថែម​ទៀត នៅពេល​យើង​ចាប់ផ្ដើម​ទាក់ទង​ទៅ​មនុស្ស​នៅក្នុង​ជំហាន​ទី ៩ ។

សរសេរ​បញ្ជី​មួយ

មុនពេល​យើង​អាច​កសាង​ទំនាក់ទំនង​ជាថ្មី​ឡើងវិញ​បាន យើង​ត្រូវតែ​កំណត់ និង​បង្កើត​បញ្ជី​មួយ​អំពី​ទំនាក់ទំនង​ទាំងឡាយ​ដែល​បាន​ប្រេះ​ស្រាំ ។ យើង​បាន​ប្រើ​បញ្ជី​ប្រវត្តិ​របស់​យើង​មកពី​ជំហាន​ទី ៤ ដើម្បី​រៀបចំ​បញ្ជី​របស់​យើង ។ នៅពេល​យើង​អធិស្ឋាន​ពិនិត្យ​មើល​បញ្ជី​ប្រវត្តិ​របស់​យើង​ឡើងវិញ ព្រះវិញ្ញាណ​បាន​ជួយ​យើង​ឲ្យ​កំណត់​ទំនាក់ទំនង ដែល​យើង​បាន​ធ្វើឲ្យ​ប្រេះឆា ។ ពួកយើង​ទាំងឡាយ​ដែល​បាន​ធ្វើ​តារាង​មួយ នៅពេល​យើង​ធ្វើការ​លើ​ជំហាន​ទី ៤ បាន​រកឃើញ​ថា វា​ងាយស្រួល​ជាង​ដើម្បី​កំណត់​មនុស្ស និង​ស្ថាប័ន​ទាំងនេះ​ពេល​យើង​មាន​តារាង​នេះ ( សូម​មើល​ឧបសម្ព័ន្ធ​សម្រាប់​ឧទាហរណ៍​នៃ​តារាង​នេះ ) ។

យើង​ឃើញ​ថា គោលការណ៍​ណែនាំ​ខាងក្រោម​នេះ​មាន​ប្រយោជន៍​ជាខ្លាំង នៅពេល​យើង​ធ្វើ​បញ្ជី​របស់​យើង ។ យើង​បាន​សួរ​ខ្លួនឯង​ថា « តើ​មាន​នរណាម្នាក់​ក្នុង​ជីវិត​របស់​ខ្ញុំ កាលពី​អតីតកាល ឬ​បច្ចុប្បន្នកាល ដែល​ខ្ញុំ​មាន​អារម្មណ៍​អៀនខ្មាស មិន​កក់ក្ដៅ ឬ​ក៏​អាម៉ាស់ ពេល​នៅក្បែរ​ពួកគេ​ដែរ​ឬទេ ? » យើង​បាន​សរសេរ​ឈ្មោះ​របស់​ពួកគេ​ទុក ហើយ​យើង​ប្រឆាំង​នឹង​ការល្បួង​ឲ្យ​ដោះសា​អារម្មណ៍​របស់​យើង ឬ​លេស​នានា​ចំពោះ​សកម្មភាព​អវិជ្ជមាន​របស់​យើង​ទៅកាន់​ពួកគេ ។ យើង​រួមបញ្ចូល​មនុស្ស​ដែល​យើង​មាន​បំណង​ធ្វើឲ្យ​ឈឺចាប់ និង​មនុស្ស​ដែល​យើង​មិន​មាន​បំណង​ធ្វើឲ្យ​ឈឺចាប់ ។ យើង​រួមបញ្ចូល​មនុស្ស​ដែល​បាន​លាចាក​លោក​នេះ​ទៅ​ហើយ និង​មនុស្ស​ដែល​យើង​មិន​ដឹង​ពី​របៀប​ទាក់ទង​ទៅ​ពួកគេ ។ យើង​ផ្តោតលើ​ករណី​ពិសេស​ទាំងនេះ នៅពេល​យើង​ធ្វើការ​លើ​ជំហាន​ទី ៩ ។ នៅពេល​យើង​ធ្វើការ​លើ​ជំហាន​ទី ៨ យើង​ផ្តោតលើ​ការមាន​ភាពក្លាហាន​ក្នុង​ភាពស្មោះត្រង់​របស់​យើង ។

យើង​បាន​ព្យាយាម​មិន​រំលង​ចោល​រឿង​តូចតាច​នោះ​ទេ ។ យើង​គិត​ដោយ​ស្មោះត្រង់​អំពី​គ្រោះថ្នាក់​ដែល​យើង​បាន​បង្ក​ដល់​មនុស្ស កាល​យើង​បណ្ដោយ​ខ្លួន​នៅក្នុង​ការញៀន​របស់​យើង ទោះបីជា​យើង​មិន​បាន​ឆេវឆាវ​ដាក់​ពួកគេ​ក៏​ដោយ ។ យើង​រាយបញ្ជី​ឈ្មោះ​មនុស្ស​ជាទី​ស្រឡាញ់ និង​មិត្តភក្តិ​ដែល​យើង​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ដោយសារ​យើង​បាន​តូចចិត្ត មិន​ទទួល​ខុសត្រូវ ខឹង​សម្បា តឹងរឹង មិន​មាន​ចិត្ត​អត់ធ្មត់ មិន​ស្មោះត្រង់ និង​មិន​គោរព​ផ្ដល់​តម្លៃ ។ ប្រសិនបើ​យើង​បាន​បន្ថែម​បន្ទុក​ដល់​មនុស្ស​ម្នាក់​តាម​របៀប​ណាមួយ យើង​រួមបញ្ចូល​មនុស្ស​ទាំងនេះ​ទៅក្នុង​បញ្ជី​របស់​យើង ។ យើង​បាន​ព្យាយាម​រាយបញ្ជី​ឈ្មោះ​មនុស្ស​គ្រប់គ្នា ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការកុហក​ដែល​យើង​បាន​ប្រាប់ ការសន្យា​ដែល​យើង​មិន​បាន​ធ្វើតាម និង​របៀប​នានា​ដែល​យើង​គ្រប់គ្រង ឬ​ប្រើ​ពួកគេ ។ យើង​គិត​អំពី​មនុស្ស​ដែល​យើង​មិន​បាន​អភ័យទោស​ឲ្យ ហើយ​យើង​បន្ថែម​ពួកគេ​ទៅក្នុង​បញ្ជី​របស់​យើង​ផងដែរ ។

បន្ទាប់ពី​យើង​បាន​រាយបញ្ជី​ឈ្មោះ​មនុស្ស​ទាំងអស់​ដែល​យើង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ហើយ យើង​បន្ថែម​ឈ្មោះ​មួយ​ទៀត​ទៅក្នុង​បញ្ជី​នោះ—គឺ​ឈ្មោះ​របស់​យើង​ផ្ទាល់ ។ កាល​យើង​បណ្ដោយ​ខ្លួន​នៅក្នុង​ការញៀន​របស់​យើង យើង​បាន​ធ្វើឲ្យ​ខ្លួន​យើង​រងគ្រោះ ព្រមទាំង​អ្នកដទៃ​ទៀត​ផងដែរ ។ វិធី​ដ៏ល្អ​បំផុត​ដែល​យើង​អាច​ធ្វើ​ការកែតម្រូវ​ចំពោះ​ខ្លួន​យើង​បាន គឺ​ការរស់នៅ​ក្នុង​ការព្យាបាល គេចពី​ការញៀន ។ ព្រះ​អាច​ជួយ​យើង​ឲ្យ​អភ័យទោស​ដល់​ខ្លួន​យើង​បាន ហើយ​ធ្វើ​ការកែតម្រូវ ។ នៅពេល​យើង​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់ និង​ការអភ័យទោស​របស់​ព្រះ នោះ​អារម្មណ៍​នៃ​ភាពអាម៉ាស់​របស់​យើង​ត្រូវបាន​ជំនួស​ដោយ​ឆន្ទៈ​ដើម្បី​ធ្វើ​ការកែតម្រូវ ។

ស្ម័គ្រចិត្ត

បន្ទាប់ពី​យើង​បាន​ធ្វើ​បញ្ជី​របស់​យើង​ហើយ យើង​ត្រូវតែ​មាន​ឆន្ទៈ​ធ្វើ​ការកែតម្រូវ ។ ពួកយើង​ជាច្រើន​បាន​រកឃើញ​ថា យើង​មិន​អាច​រាយបញ្ជី​ឈ្មោះ​មនុស្ស និង​ស្ថាប័ន​នានា ដែល​យើង​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ដោយ​មិន​មាន​ការរំខាន​ពី​ការតូច​ចិត្ត​របស់​យើង​ទៅកាន់​អស់​អ្នក​ដែល​បាន​ធ្វើ​បាប​យើង​ដែរ​នោះ​ទេ ។ ជារឿយៗ មនុស្ស​បាន​ជាប់​ក្នុង​វដ្ត​ដ៏​អាក្រក់​នៃ​ការតូច​ចិត្ត​នឹង​គ្នា​ទៅវិញ​ទៅមក ។ ដើម្បី​បំបែក​វដ្ដ​ទាំងនេះ​បាន នរណា​ម្នាក់​ត្រូវតែ​មាន​ឆន្ទៈ​អភ័យទោស ។

នៅពេល​យើង​សារភាព​ដោយ​ស្មោះត្រង់​ពី​អារម្មណ៍​អវិជ្ជមាន​របស់​យើង ព្រះ​បាន​ជួយ​យើង​ឲ្យ​បំបែក​វដ្ត​នៃ​ការតូច​ចិត្ត​នេះ ។ ទ្រង់​បាន​បង្ហាញ​យើង​ថា យើង​ត្រូវ​អភ័យទោស​ឲ្យ​អ្នកដទៃ គឺ​ដូចជា​ទ្រង់​អភ័យទោស​ឲ្យ​យើង​ដែរ ។ នៅក្នុង​រឿង​ប្រៀប​ប្រដូច​អំពី​បុរស ដែល​បាន​ទទួល​ការលើកលែង​បំណុល​ទាំងអស់​របស់​គាត់ តែ​មិន​ចង់​អធ្យាស្រ័យ​ដល់​អ្នកដទៃ​ទេ​នោះ ចៅហ្វាយ​របស់​គាត់​បាន​និយាយ​ទៅកាន់​គាត់​ថា « យើង​បាន​លែង​ទារ​បំណុល​ឯង​ទាំងអស់​ហើយ​តើ ពីព្រោះ​ឯង​បាន​អង្វរ​ដល់​យើង … តើ​មិន​គួរឲ្យ​ឯង​អាណិត​មេត្តា​ដល់​គូកន​ឯង ដូចជា​យើង​បាន​អាណិត​មេត្តា​ដល់​ឯង​ដែរ​ទេ​ឬ​អី ? » ( ម៉ាថាយ ១៨:៣២–៣៣ ) ។

នៅពេល​យើង​ពុះពារ​ក្នុង​ការស្ម័គ្រចិត្ត​ធ្វើ​ការកែតម្រូវ​ដល់​មនុស្ស​ដែល​បាន​ធ្វើឲ្យ​យើង​ឈឺចាប់ យើង​បាន​ទូល​អង្វរ​សូម​ព្រះគុណ​របស់​ព្រះគ្រីស្ទ ដើម្បី​ជួយ​យើង​ឲ្យ​ព្រម​ផ្ដល់​ដល់​ពួកគេ​នូវ​សេចក្ដី​មេត្តា​ករុណា​ដូចគ្នា​ដែល​ទ្រង់​ប្រទាន​ដល់​យើង ។ យើង​បាន​ទទួល​យក​ដំបូន្មាន​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​អធិស្ឋាន​សូម​ឲ្យ​ពួកគេ​មាន​សុខុមាលភាព​ល្អ ហើយ​សូម​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​ពរជ័យ​ទាំងអស់ ដែល​យើង​ចង់​បាន​សម្រាប់​ខ្លួន​យើង​ដែរ ( សូមមើល ម៉ាថាយ ៥:៤៤ ) ។

នៅពេល​យើង​ធ្វើការ​លើ​ជំហាន​ទី ៨ យើង​ព្យាយាម​ចងចាំ​ថា ជំហាន​នេះ​មិនមែន​ជា​លំហាត់​ដើម្បី​ធ្វើឲ្យ​នរណាម្នាក់​អាម៉ាស់​នោះ​ទេ—ទាំង​ខ្លួន​យើង និង​អ្នកដទៃ​ផងដែរ ។ បទពិសោធន៍​របស់​យើង​បាន​បង្ហាញ​យើង​ថា ព្រះអង្គ​សង្គ្រោះ​សម្រាល​បន្ទុក​នៃ​អារម្មណ៍​មាន​កំហុស និង​ភាពអាម៉ាស់ នៅពេល​យើង​ពិនិត្យ​មើល​ទំនាក់ទំនង​ដែល​មាន​បញ្ហា​របស់​យើង និង​ផ្នែក​របស់​យើង​នៅក្នុង​បញ្ហា​នោះ​ដោយ​ស្មោះត្រង់ ។ នៅក្នុង​ជំហាន​ទី ៨ យើង​ចាប់ផ្ដើម​យល់ពី​អារម្មណ៍​ខ្លួនឯង អ្នកដទៃ និង​យល់ពី​ជីវិត​ដោយ​មាន​ដួងចិត្ត​ថ្មី ។ យើង​ចាប់ផ្ដើម​មាន​អារម្មណ៍​សុខសាន្ត​ក្នុង​ជីវិត​របស់​យើង ជាជាង​មាន​ការឈ្លោះ​ប្រកែក និង​អារម្មណ៍​អវិជ្ជមាន ។

យើង​បាន​ស្ម័គ្រចិត្ត​ឈប់​កាត់​សេចក្ដី​មនុស្ស​ដោយ​មិន​សុចរិត និង​ឈប់​កត់ត្រា​បញ្ជី​ប្រវត្តិ​អំពី​ជីវិត និង​កំហុស​របស់​ពួកគេ​ទៀត ។ យើង​បាន​ស្ម័គ្រចិត្ត​ឈប់​កាត់​បន្ថយ​ឥរិយាបថ​អវិជ្ជមាន​របស់​យើង​ផ្ទាល់ ឬ​ធ្វើ​ការដោះសា​សម្រាប់​ឥរិយាបថ​ទាំងនោះ ។ ដោយ​មាន​ឆន្ទៈ​ធ្វើ​ការកែតម្រូវ យើង​មាន​អារម្មណ៍​សុខសាន្ត​ដែល​ដឹង​ថា ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​នឹង​ការខិតខំ​របស់​យើង ។ ជំហាន​នេះ​បាន​ជួយ​យើង​ឲ្យ​ធ្វើ​សកម្មភាព​នានា ដែល​អនុញ្ញាត​ឲ្យ​ព្រះអង្គ​សង្គ្រោះ​រំដោះ​យើង​ឲ្យ​មាន​សេរីភាព​ពី​កំហុស​កន្លង​មក​របស់​យើង ។ ការមាន​ឆន្ទៈ​ធ្វើ​ការកែតម្រូវ​បាន​រៀបចំ​យើង​ឲ្យ​ធ្វើការ​លើ​ជំហាន​ទី ៩ ។

ជំហាន​សកម្មភាព

នេះ​គឺជា​កម្មវិធី​ដែល​ធ្វើ​សកម្មភាព ។ ការរីកចម្រើន​របស់​យើង​ពឹងផ្អែក​លើ​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ជំហាន​ទាំងនេះ​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ។ ការណ៍​នេះ​ត្រូវបាន​ហៅថា « ការធ្វើតាម​ជំហាន » ។ សកម្មភាព​ខាងក្រោម​នេះ​ជួយ​យើង​ឲ្យ​មក​រក​ព្រះគ្រីស្ទ ហើយ​ទទួល​បាន​ការណែនាំ និង​អំណាច​ដែល​ចាំបាច់ ដើម្បី​ធ្វើតាម​ជំហាន​បន្ទាប់​ក្នុង​ដំណើរ​ព្យាបាល​របស់​យើង ។

សរសេរ​បញ្ជី​មួយ​អំពី​មនុស្ស​ដែល​យើង​អាច​ធ្វើឲ្យ​អាក់អន់​ចិត្ត ឬ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់

អ្នកឧបត្ថម្ភ​របស់​យើង​បាន​ណែនាំ​ដល់​យើង នៅពេល​យើង​រៀបចំ​បញ្ជី​របស់​យើង ហើយ​ជាថ្មី​ម្ដងទៀត យើង​បាន​ឃើញ​ថា ការសរសេរ​គឺ​មាន​តម្លៃ​ខ្លាំង​ណាស់ ។ ពួកយើង​ជាច្រើន​បាន​ប្រើ​គម្រោង​ខាងក្រោម​នេះ ដើម្បី​ជួយ​រក្សា​ដំណើរការ​នេះ​ឲ្យ​មាន​ភាពសាមញ្ញ ប៉ុន្តែ​ជាក់លាក់​ច្បាស់ ។

ដំបូង ដោយ​ប្រើ​បញ្ជី​ប្រវត្តិ​របស់​យើង​មកពី​ជំហាន​ទី ៤ យើង​បាន​រាយ​បញ្ជី​ឈ្មោះ​មនុស្ស ឬ​ស្ថាប័ន​ដែល​យើង​ត្រូវ​ទាក់ទង​ទៅ ។

នៅ​ក្បែរ​ឈ្មោះ​នីមួយៗ យើង​បាន​ប្រាប់​ហេតុផល​សង្ខេប​មួយ ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើ​ការកែតម្រូវ ។

បន្ទាប់​មក តាម​ដែល​ព្រះវិញ្ញាណ​បាន​ណែនាំ យើង​បាន​ដាក់​ផែនការ​មួយ ដើម្បី​ទាក់ទង​ទៅ​មនុស្ស​នៅលើ​បញ្ជី​របស់​យើង មិន​ថា​ទាក់ទង​ដោយ​ផ្ទាល់ តាម​ទូរសព្ទ ឬ​តាម​សំបុត្រ ឬ​អ៊ីមែល​នោះ​ទេ ។ យើង​បាន​ពិនិត្យ​មើល​ផែនការ​របស់​យើង​ឡើងវិញ​ជាមួយ​អ្នកឧបត្ថម្ភ​របស់​យើង ឬ​អ្នកផ្ដល់​ប្រឹក្សា​ដែល​គួរឲ្យ​ទុកចិត្ត ។

នៅ​ទីបំផុត យើង​បាន​បញ្ចូល​គោលដៅ​កាលបរិច្ឆេទ​មួយ ។ យើង​បាន​ទុក​កន្លែង​មួយ ដើម្បី​រាយការណ៍​ពី​កាលបរិច្ឆេទ​ដែល​យើង​បាន​ទាក់ទង​ទៅ​បុគ្គល​នោះ និង​លទ្ធផល​នៃ​ការទាក់ទង​នោះ ។ ( តារាង​នេះ​នៅក្នុង​ឧបសម្ព័ន្ធ​គឺជា​ឧបករណ៍​ដ៏​មាន​ប្រយោជន៍ ) ។

អភ័យទោស

វា​ពិបាក​ក្នុង​ការសុំ​ការអភ័យទោស​ពី​មនុស្ស​ដែល​បាន​ធ្វើឲ្យ​យើង​ឈឺចាប់ ។ ប្រសិនបើ​អ្នក​ឃើញ​ថា ខ្លួន​អ្នក​កំពុង​ជួប​បញ្ហា​នេះ អ្នក​អាច​ឃើញ​ថា វា​មាន​ប្រយោជន៍​ក្នុង​ការសរសេរ​បញ្ជី​មួយ​អំពី​មនុស្ស​ដែល​អ្នក​ត្រូវ​អភ័យទោស​ឲ្យ​ជាមុន​សិន បន្ទាប់​មក​សរសេរ​បញ្ជី​មួយ​អំពី​មនុស្ស​ដែល​អ្នក​ត្រូវ​សុំ​ការអភ័យទោស ។ អ្នក​អាច​នឹង​ភ្ញាក់ផ្អើល​ដោយ​ឃើញ​ថា ឈ្មោះ​មួយ​ចំនួន​មាន​នៅក្នុង​បញ្ជី​ទាំងពីរ ។

យើង​ត្រូវតែ​មាន​ចិត្ត​អត់ធ្មត់​ជាមួយ​ខ្លួនឯង នៅពេល​យើង​ធ្វើការ​ប្រកប​ដោយ​អធិស្ឋាន ដើម្បី​អភ័យទោស​ឲ្យ​មនុស្ស​ដែល​យើង​បាន​រាយបញ្ជី​ទាំងនេះ ។ ប្រធាន ជែមស៍ អ៊ី ហ្វោស្ត បាន​មាន​ប្រសាសន៍ ៖ « ពួកយើង​ភាគច្រើន​ត្រូវការ​ពេលវេលា​ដើម្បី​រម្ងាប់​ការឈឺចាប់ និង​ការបាត់បង់ ។ យើង​អាច​រកឃើញ​ហេតុផល​គ្រប់​បែប​យ៉ាង​សម្រាប់​ការពន្យារ​ក្នុង​ការអភ័យទោស ។ ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ទាំងនេះ​គឺជា​ការរង់ចាំ​អ្នកប្រព្រឹត្ត​ខុស​ឲ្យ​ប្រែចិត្ត [ ហើយ​ធ្វើ​ការកែតម្រូវ​ដល់​យើង ] ជាមុន​សិន មុនពេល​យើង​អភ័យទោស​ឲ្យ​ពួកគេ ។ ប៉ុន្តែ​ការពន្យារ​ពេល​បែប​នេះ​ធ្វើឲ្យ​យើង​បាត់បង់​សេចក្ដី​សុខសាន្ត និង​សុភមង្គល​ដែល​អាច​ជា​របស់​យើង​បាន ។ កំហុស​នៃ​ការកែតម្រូវ​ការឈឺចាប់​ដែល​មាន​ជាយូរ​មក​ហើយ មិន​នាំឲ្យ​មាន​សុភមង្គល​នោះ​ទេ ។ … ប្រសិនបើ​យើង​អាច​ស្វែងរក​ការអភ័យទោស​នៅក្នុង​ចិត្ត​របស់​យើង​សម្រាប់​អ្នក​ដែល​បាន​ធ្វើឲ្យ​យើង​ឈឺចាប់ និង​មាន​របួស នោះ​យើង​នឹង​ឆ្ពោះ​ឡើងទៅ​ដល់​កម្រិត​កាន់តែ​ខ្ពស់​នៃ​ការគោរព​ខ្លួនឯង និង​សុខុមាលភាព » ( « The Healing Power of Forgiveness » Liahona ខែ​ឧសភា ឆ្នាំ​២០០៧ ទំព័រ​៦៨ ) ។

ការអភ័យទោស​ឲ្យ​នរណា​ម្នាក់​មិន​មាន​ន័យ​ថា យើង​លើកទោស​ឲ្យ​ជម្រើស​មិន​ល្អ​របស់​ពួកគេ​ទេ ឬ​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​បាប​យើង​នោះ​ទេ ។ ប៉ុន្តែ​ការអភ័យទោស​ពិតជា​អនុញ្ញាត​ឲ្យ​យើង​ឈាន​ទៅមុខ​ខាង​វិញ្ញាណ ខាង​សតិ​អារម្មណ៍ និង​ខាង​រាងកាយ ។ គឺ​ដូចជា​អ្នក​ដែល​បាន​ធ្វើ​បាប​យើង​ជាប់​នៅក្នុង​ការឃុំឃាំង​ដែរ ការដែល​យើង​មិន​ចង់​អភ័យទោស​ឲ្យ​ពួកគេ​អាច​ធ្វើឲ្យ​យើង​ជាប់​ឃុំឃាំង​បាន ។ នៅពេល​យើង​អភ័យទោស នោះ​យើង​បោះបង់​ចោល​នូវ​អារម្មណ៍​នានា ដែល​មាន​អំណាច​ដើម្បី « ធ្វើឲ្យ​មាន​ឥទ្ធិពល​អាក្រក់ ធ្វើឲ្យ​យើង​ជូរចត់ និង​ចុងក្រោយ​បំផ្លាញ​យើង​ទៀតផង » ( ថូម៉ាស អេស ម៉នសុន « Hidden Wedges » Ensign ខែ​ឧសភា ឆ្នាំ​២០០២ ទំព័រ​២០ ) ។ ការអភ័យទោស​ក៏​ជួយ​យើង​ឲ្យ​មាន​ព្រះវិញ្ញាណ​កាន់តែ​បរិបូរណ៍ និង​បន្ត​នៅលើ​ផ្លូវ​នៃ​ភាពជា​សិស្ស​ផងដែរ ។ ដូច​ដែល​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាល​នោះ​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​រំឭក​យើង​ថា « ស្ថានសួគ៌​គឺ​ពោរពេញ​ទៅ​ដោយ​អ្នក​ដែល​មាន​រឿង​នេះ​ដូចគ្នា ៖ ពួកគេ​ត្រូវបាន​អភ័យទោស​ឲ្យ ។ ហើយ​ពួកគេ​អភ័យទោស​ដល់​គេ​ដែរ » ( « The Merciful Obtain Mercy » Liahona ខែ​ឧសភា ឆ្នាំ​២០១២ ទំព័រ ៧៧ ) ។

អធិស្ឋាន​ទូលសូម​ចិត្ត​សប្បុរស

ទោះបីជា​អ្នក​អាច​ភ័យខ្លាច ដូចជា​យើង​ដែរ​ក្នុង​ការធ្វើ​ការកែតម្រូវ ក៏​យើង​សូម​ថ្លែង​ទីបន្ទាល់​ថា ដោយ​មាន​ជំនួយ​របស់​ព្រះអង្គ​សង្រ្គោះ នោះ​អ្នក​អាច​មាន​ឆន្ទៈ​ជួប​នឹង​មនុស្ស​នៅក្នុង​បញ្ជី​របស់​អ្នក នៅពេល​ដែល​ឱកាស​មក​ដល់ ។ យើង​រៀបចំ​ខ្លួន​យើង​ដើម្បី​ធ្វើ​ការកែតម្រូវ តាមរយៈ​ការអធិស្ឋាន​សូម​ភាពក្លាហាន​ដើម្បី​រស់នៅ​ដោយ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះ មិន​មែន​ដោយ​ការភ័យខ្លាច​អ្វី​ដែល​មនុស្ស​អាច​នឹង​ធ្វើ ឬ​និយាយ​នោះ​ទេ ។ ហើយ​យើង​ព្យាយាម​ធ្វើតាម​គោលការណ៍​នៃ​ដំណឹងល្អ ជាជាង​តាម​ភាពអាម៉ាស់ ឬ​ការភ័យខ្លាច ។ គោលការណ៍​ដ៏​មាន​អានុភាព​មួយ ដែល​បាន​ជួយ​ដល់​យើង​គឺ​សេចក្ដី​សប្បុរស ដែល​ជា « សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » ( មរ៉ូណៃ ៧:៤៧ ) ។

មុនពេល​ធ្វើការ​លើ​ជំហាន​ទី ៨ ពួកយើង​ជាច្រើន​នាក់​បាន​ភ្ញាក់ផ្អើល ដែល​ទទួល​បាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ទោះជា​យើង​ទាំងអស់​គ្នា​មាន​ភាពមិន​ល្អ​ឥតខ្ចោះ​ក៏​ដោយ ។ សេចក្ដី​ស្រឡាញ់ មកពី ទ្រង់​នេះ​បាន​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ថា​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ធំធេង ចំពោះ ទ្រង់​វិញ ហើយ​យើង​មាន​បំណង​ប្រាថ្នា​ចង់​ដើរតាម​ទ្រង់ ។ នៅពេល​យើង​ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើតាម​ទ្រង់ យើង​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​សម្រាប់​ខ្លួន​យើង និង​អ្នកដទៃ ។ យើង​បាន​អធិស្ឋាន​សូម​សេចក្ដី​សប្បុរស ហើយ​កាល​ពេលវេលា​ចេះតែ​កន្លង​ទៅ យើង​ឃើញ​ថា ខ្លួន​យើង​មាន​ឆន្ទៈ​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​អភ័យទោស​ឲ្យ​មនុស្ស និង​ធ្វើ​ការកែតម្រូវ ។ យើង​ក៏​បាន​ឃើញ​ដែរ​ថា យើង​មាន​សេចក្ដី​ស្រឡាញ់ និង​ការអភ័យទោស​កាន់តែ​ខ្លាំង​ឡើង​សម្រាប់​ខ្លួនឯង ។ យើង​បាន​ទូលសូម​ព្រះ​ឲ្យ​បន្ទន់​ចិត្ត​មនុស្ស​នៅក្នុង​បញ្ជី​របស់​យើង ឲ្យ​មាន​សេចក្ដី​សប្បុរស​មក​កាន់​យើង ហើយ​យើង​បាន​អធិស្ឋាន​សូម​កម្លាំង​ដើម្បី​ទទួល​យក​គ្រប់​លទ្ធផល​ទាំងអស់ ។

នៅពេល​យើង​អធិស្ឋាន​សូម​សេចក្ដី​សប្បុរស ពួកយើង​ជាច្រើន​បាន​ឃើញ​ថា វា​មាន​ប្រយោជន៍​ដើម្បី​ជ្រើសរើស​មនុស្ស​ម្នាក់​មកពី​បញ្ជី​របស់​យើង ហើយ​លុត​ជង្គង់​ចុះ​អធិស្ឋាន​សម្រាប់​បុគ្គល​នោះ​ដោយ​ចេតនា​ជា​រៀងរាល់​ថ្ងៃ​រយៈពេល​ពីរ​សប្តាហ៍ ។ បញ្ជី​នៃ​ការធ្វើ​ការកែតម្រូវ​របស់​យើង បាន​ជួយ​យើង​ឲ្យ​មាន​ភាពជាក់លាក់​នៅក្នុង​ការអធិស្ឋាន​របស់​យើង​ទៅកាន់​ព្រះវរបិតាសួគ៌ អំពី​អារម្មណ៍​ដែល​យើង​មិន​ទាន់​បាន​ដោះស្រាយ​នៅឡើយ ។ នៅពេល​យើង​អធិស្ឋាន—ទោះជា​យើង​មាន​អារម្មណ៍​មិន​ស្មោះសរ​លើក​ដំបូង​ក៏ដោយ—ក៏​នៅ​ទីបំផុត យើង​ទទួល​បាន​ពរជ័យ​ឲ្យ​មាន​សេចក្តី​អាណិត​អាសូរ​ប្រកប​ដោយ​អព្ភូតហេតុ​ដែរ ។ ទោះជា​នៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ក៏​ដោយ ក៏​ព្រះ​បាន​ប្រទាន​ពរជ័យ​ដល់​មនុស្ស ដែល​បាន​អធិស្ឋាន​សូម​សេចក្ដី​សប្បុរស​ដើម្បី​អភ័យទោស និង​ធ្វើ​ការកែតម្រូវ​ដែរ ។

ការសិក្សា និង​ការយល់ដឹង

បទម្ពីរ និង​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​ទាំងនេះ អាច​ជួយ​ដល់​ដំណើរការ​ព្យាបាល​របស់​យើង​បាន ។ យើង​អាច​ប្រើ​វា​សម្រាប់​ការស្មិងស្មាធិ៍ ការសិក្សា និង​ការសរសេរ​សៀវភៅ​កំណត់ហេតុ​បាន ។ យើង​ត្រូវ​ចាំ​ថា យើង​ត្រូវ​ស្មោះត្រង់ និង​ជាក់លាក់​នៅក្នុង​ការសរសេរ​របស់​យើង ដើម្បី​ទទួល​បាន​ប្រយោជន៍​ច្រើន​បំផុត​ពី​សកម្មភាព​នេះ ។

អ្នកដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​សុខសាន្ត

« ខ្ញុំ​ចង់​និយាយ​ទៅកាន់​អ្នករាល់គ្នា ដែល​នៅក្នុង​សាសនាចក្រ​នេះ ដែល​ជា​អ្នកដើរតាម​ព្រះគ្រីស្ទ​ដោយ​សុខសាន្ត ហើយ​ដែល​បាន​ទទួល​សេចក្ដី​សង្ឃឹម​គ្រប់គ្រាន់ ដែល​ធ្វើឲ្យ​អ្នករាល់គ្នា​អាច​បាន​ចូល​ទៅក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះអម្ចាស់ ចាប់ពី​ពេល​នេះ​តទៅ រហូត​ដល់​អ្នករាល់គ្នា​នឹង​បាន​សម្រាក​ជាមួយ​នឹង​ទ្រង់​នៅឯ​ស្ថានសួគ៌ ។

« ហើយ​ឥឡូវ​នេះ ឱ​បងប្អូន​របស់​ខ្ញុំ​អើយ ខ្ញុំ​វិនិច្ឆ័យ​ការណ៍​ទាំងនេះ​អំពី​បងប្អូន ពីព្រោះ​តែ​ដំណើរ​ដ៏​សុខសាន្ត​របស់​បងប្អូន​ជាមួយ​នឹង​កូនចៅ​មនុស្ស » ( មរ៉ូណៃ ៧:៣–៤ ) ។

នៅក្នុង​ជំហាន​ទាំង​ប្រាំពីរ​ដំបូង យើង​បាន​ចាប់ផ្ដើម​ដំណើរការ​នៃ​ការក្លាយជា​អ្នកដើរតាម​ដ៏​សុខសាន្ដ​របស់​ព្រះគ្រីស្ទ ។ នៅពេល​យើង​មាន​សេចក្ដី​សុខសាន្ដ​ជាមួយ​ព្រះគ្រីស្ទ នោះ​យើង​ត្រៀមខ្លួន​បាន​កាន់តែ​ប្រសើរ ដើម្បី​មាន​សេចក្ដី​សុខសាន្ដ​ជាមួយ​អ្នកដទៃ ។

  • តើ​ការធ្វើតាម​ជំហាន​នៃ​ការព្យាបាល​ទាំងនេះ​តាម​លំដាប់​លំដោយ ជួយ​ខ្ញុំ​ឲ្យ​ក្លាយជា​អ្នកដើរតាម​ដ៏​សុខសាន្ដ​របស់​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ?

  • តើ​ខ្ញុំ​ត្រូវ​ធ្វើ​សកម្មភាព​អ្វី​ផ្សេងទៀត ដើម្បី​មាន​សេចក្ដី​សុខសាន្ត​ជាមួយ​មនុស្ស​នៅក្នុង​ជីវិត​របស់​ខ្ញុំ ?

សេចក្តី​ស្រឡាញ់​ដែល​ពេញ​ខ្នាត​របស់​ព្រះ

« គ្មាន​សេចក្តី​ភ័យខ្លាច​ណា នៅក្នុង​សេចក្តី​ស្រឡាញ់​ឡើយ សេចក្តី​ស្រឡាញ់​ដែល​ពេញ​ខ្នាត នោះ​បណ្តេញ​សេចក្តី​ភ័យខ្លាច​ចេញ ពីព្រោះ​សេចក្តី​ភ័យខ្លាច​តែង​ជាប់​មាន​សេចក្តី​វេទនា ។ ហើយ​អ្នកណា​ដែល​មាន​សេចក្តី​ភ័យខ្លាច នោះ​មិន​ទាន់​បាន​ពេញ​ខ្នាត ខាង​ឯ​សេចក្តី​ស្រឡាញ់​នៅ​ឡើយ​ទេ ។

« ឯ​យើង​រាល់គ្នា យើង​ស្រឡាញ់ [ ព្រះ ] ពីព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជាមុន » ( យ៉ូហាន ទី១ ៤:១៨–១៩ ) ។

  • តើ​ខ្ញុំ​អាច​ទុកចិត្ត​លើ​សេចក្តី​ស្រឡាញ់​ដែល​ពេញ​ខ្នាត​របស់​ព្រះ​សម្រាប់​ខ្ញុំ និង​សម្រាប់​មនុស្ស​ដែល​ខ្ញុំ​ខំ​ស្វែង​សុំ​ការអភ័យទោស​ដោយ​របៀប​ណា ?

  • តើ​ការដឹង​ថា ព្រះ​ស្រឡាញ់​ខ្ញុំ និង​បុត្រា​បុត្រី​ទាំងអស់​របស់​ទ្រង់ អាច​ពង្រឹង​ដល់​ការតាំងចិត្ត​របស់​ខ្ញុំ​ដើម្បី​ផ្ដល់​សំណង​នៅពេល​ណា​ដែល​អាច​ធ្វើ​បាន​ដោយ​របៀប​ណា ?

ឈោង​ទៅ​ជួយ​ដល់​អ្នកដទៃ

« កុំ​ឲ្យ​ថ្កោលទោស​គេ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​មាន​គេ​ថ្កោលទោស​អ្នក​វិញ កុំ​ឲ្យ​និន្ទា​គេ​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​គេ​និន្ទា​អ្នក​វិញ​ដែរ ចូរ​លើកលែង​ឲ្យ​គេ នោះ​គេ​នឹង​លើកលែង​ឲ្យ​អ្នក​វិញ ។

« ចូរ​ឲ្យ​ទៅ​គេ នោះ​នឹង​បាន​មក​អ្នក​ដែរ គេ​នឹង​វាល់​ឲ្យ​អ្នក​យ៉ាង​ល្អ ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ នឹង​យក​មក​ដាក់​បំពេញ​ចិត្ត​អ្នក​ផង ។ ដ្បិត​គេ​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ណា​ដែល​អ្នក​វាល់​ឲ្យ​គេ » ( លូកា ៦:៣៧–៣៨ ) ។

ទោះបីជា​យើង​អាច​ភ័យខ្លាច​ថា មនុស្ស​មួយ​ចំនួន​នឹង​បដិសេធ​ការខិតខំ​របស់​យើង​ដើម្បី​សម្រុះ​សម្រួល​ឲ្យ​មាន​សេចក្ដី​សុខសាន្ដ​ជាមួយ​ពួកគេ​ក៏​ដោយ នោះ​យើង​មិន​គួរ​អនុញ្ញាត​ឲ្យ​ការភ័យខ្លាច​នេះ​រារាំង​យើង​ពី​ការដាក់​ពួកគេ​ទៅក្នុង​បញ្ជី​របស់​យើង និង​ត្រៀមខ្លួន​ដើម្បី​ទាក់ទង​ទៅ​ពួកគេ​ដែរ ។ ពរជ័យ​ដែល​យើង​នឹង​ទទួល គឺ​ធំ​ជាង​ការឈឺចាប់​នេះ​ឆ្ងាយ​ណាស់ ។

« យើង​កាន់តែ​ខិតជិត​ទៅកាន់​ព្រះវរបិតាសួគ៌​ប៉ុនណា យើង​កាន់តែ​មាន​ចិត្ត​មើល​ទៅ​ព្រលឹង​ដែល​កំពុង​ជួប​ការពិបាក​ប្រកប​ដោយ​ការអាណិត​អាសូរ​ខ្លាំង​ប៉ុណ្ណោះ​ដែរ—យើង​មាន​អារម្មណ៍​ថា យើង​ចង់​លើក​ពួកគេ​ឡើង​នៅលើ​ស្មា​យើង ហើយ​បោះ​អំពើបាប​ពួកគេ​ទៅ​ខាងក្រោយ​ខ្នង​យើង ។ … ប្រសិនបើ​អ្នក​ទូលសូម​ព្រះ​ឲ្យ​មាន​សេចក្ដី​មេត្តា​ករុណា​មកលើ​អ្នក នោះ​ត្រូវ​មាន​សេចក្ដី​មេត្តា​ករុណា​ចំពោះ​គ្នា​ទៅវិញ​ទៅមក » ( យ៉ូសែប ស្ម៊ីធ នៅក្នុង History, 1838–1856 [ Manuscript History of the Church ] វ៉ុល C-១ សេចក្ដី​បន្ថែម​ទី ៧៤ នៅលើ​គេហទំព័រ josephsmithpapers.org ) ។

  • យើង​ទាំងអស់​គ្នា​គឺជា​ព្រលឹង​មិន​ល្អ​ឥតខ្ចោះ ដែល​ត្រូវការ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​វា​ជួយ​បាន​យ៉ាង​ដូចម្ដេច ដែល​ដឹង​ថា ពេល​ធ្វើការ​លើ​ជំហាន​ទី ៨ ខ្ញុំ​កំពុង​បើក​ទ្វារ​ដើម្បី​ទទួល​សេចក្ដី​មេត្តា​ករុណា និង​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

អភ័យទោស និង​សុំ​ការអភ័យទោស

« ខណៈ​នោះ ពេត្រុស​ក៏​មក​ឯ​ទ្រង់​ទូល​ថា ព្រះអម្ចាស់​អើយ បើ​បង​ឬ​ប្អូន​ធ្វើ​បាប​នឹង​ខ្ញុំ នោះ​ត្រូវ​ឲ្យ​ខ្ញុំ​អត់ទោស​ឲ្យ​គេ​ដល់​ប៉ុន្មាន​ដង តើ​ដល់​៧​ដង​ឬ​អី ។

« ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា ខ្ញុំ​មិន​ថា ឲ្យ​អ្នក​អត់ទោស​ត្រឹមតែ​៧​ដង​ទេ គឺ​ដល់​៧​ចិតសិប​ដង​ទៅទៀត » ( ម៉ាថាយ ១៨:២១–២២ ) ។

វា​ងាយស្រួល​ក្នុង​ការអភ័យទោស និង​សុំ​ការអភ័យទោស​សម្រាប់​អំពើ​ខុសឆ្គង​តែម្ដង ជាង​ការត្រូវ​អភ័យទោស ឬ​សុំ​ការអភ័យទោស​សម្រាប់​ស្ថានភាព​ដ៏យូរ​អង្វែង​មួយ ដែល​ពោរពេញ​ទៅ​ដោយ​អំពើ​ខុសឆ្គង​ជាច្រើន ។ សូម​គិត​អំពី​ទំនាក់ទំនង​ពី​អតីតកាល ឬ​បច្ចុប្បន្នកាល​ដែល​មាន​ស្ថានភាព​យូរ​អង្វែង ដែល​អ្នក​ត្រូវ​អភ័យទោស​ឲ្យ ឬ​សុំ​ការអភ័យទោស ។

  • តើ​ខ្ញុំ​អាច​ទទួល​បាន​កម្លាំង​ដើម្បី​អភ័យទោស និង​សុំ​ការអភ័យទោស​បាន​ដោយ​របៀប​ណា ?

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គំរូ​ដ៏អស្ចារ្យ​បំផុត​ស្ដីពី​ការអភ័យទោស​ឲ្យ​មនុស្ស​ដទៃ​ទៀត​យ៉ាង​ដូចម្ដេច ? តើ​គំរូ​របស់​ទ្រង់​អាច​ជួយ​ខ្ញុំ​ឲ្យ​អភ័យទោស​ដល់​មនុស្ស​ដទៃ​បាន​យ៉ាង​ដូចម្ដេច ?

« ហេតុ​ដូច្នោះ​ហើយ យើង​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​អត់ទោស​ដល់​គ្នា​ទៅវិញ​ទៅមក ដ្បិត​អ្នកណា​ដែល​មិន​អត់ទោស​ដល់​បងប្អូន​របស់​ខ្លួន​ចំពោះ​ការរំលង​របស់​គេ​ទេ នោះ​ជាប់ទោស​នៅ​ចំពោះ​ព្រះអម្ចាស់ ព្រោះ​នៅ​ជាប់​នឹង​អ្នក​នោះ គឺជា​បាប​ដ៏​ធំ​ជាង ។

« យើង​ជា​ព្រះអម្ចាស់​នឹង​អត់ទោស​ដល់​អ្នកណា ដែល​យើង​នឹង​អត់ទោស ប៉ុន្តែ​រីឯ​អ្នក​វិញ គឺ​តម្រូវ​ឲ្យ​អត់ទោស​ដល់​មនុស្ស​ទាំងអស់ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៤:៩–១០ ) ។

ព្រះយេស៊ូវ​បាន​បង្រៀន​ថា ការមិន​អភ័យទោស​ដល់​អ្នកដទៃ​គឺជា​អំពើបាប​ដ៏​ធំ​ជាង​អំពើបាប​ដើម​ទៅ​ទៀត ។

  • តើ​ការបដិសេធ​មិន​អភ័យទោស​ឲ្យ​ខ្លួនឯង ឬ​អ្នកដទៃ​ទៀត ស្មើនឹង​ការបដិសេធ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច ?

  • តើ​ការតូច​ចិត្ត និង​ភាពល្វីង​ជូរចត់ ធ្វើឲ្យ​ខ្ញុំ​ខូចខាត​ខាង​រាងកាយ ខាង​ផ្លូវចិត្ត និង​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច ?

បំបែក​វដ្ដ​នៃ​ភាពល្វីង​ជូរចត់ និង​ការអាក់អន់​ចិត្ត

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​រៀបរាប់​ពី​របៀប​ដែល​សេចក្ដី​សប្បុរស​អាច​នាំឲ្យ​មាន​ការប្រែចិត្ត និង​ការអភ័យទោស ៖

« គ្មាន​អ្វី​អាច​ទទួល​បាន​ផល​ច្រើន​ក្នុង​ការនាំ​មនុស្ស​ឲ្យ​បោះបង់​អំពើបាប ដូចជា​ការដឹក​ដៃ​ពួកគេ ហើយ​មើលថែ​ពួកគេ​ដោយ​មាន​ចិត្ត​ទន់ភ្លន់​នោះ​ទេ ។ នៅពេល​ដែល​មនុស្ស​បង្ហាញ​ពី​សេចក្ដី​សប្បុរស និង​សេចក្ដី​ស្រឡាញ់ សូម្បីតែ​បន្ដិច​ក្ដី​ចំពោះ​ខ្ញុំ ឱ វា​មាន​អំណាច​ខ្លាំង​អ្វី​ម្ល៉េះ​មកលើ​គំនិត​របស់​ខ្ញុំ ខណៈ​ដែល​អំពើ​ផ្ទុយ​ពីនេះ​មាន​ទំនោរ​ធ្វើឲ្យ​អារម្មណ៍​ដ៏​ឃោរឃៅ​ទាំងអស់​ធ្វើ​ទុក្ខ​ដល់​មនុស្ស និង​ធ្វើឲ្យ​មនុស្ស​ធ្លាក់​ទឹកចិត្ត » ( យ៉ូសែប ស្ម៊ីធ នៅក្នុង History, 1838–1856 [ Manuscript History of the Church ] វ៉ុល C-១ សេចក្ដី​បន្ថែម​ទី ៧៤ នៅលើ​គេហទំព័រ josephsmithpapers.org ) ។

  • តើ​ខ្ញុំ​ស្ម័គ្រចិត្ត​ដើម្បី​ធ្វើជា​មនុស្ស​ម្នាក់​ដែល​បំបែក​វដ្ដ​នៃ​ភាពល្វីង​ជូរចត់ និង​ការអាក់អន់​ចិត្ត​ដែរ​ឬទេ ?

  • តើ​មនុស្ស​ដែល​បាន​បង្ហាញ​សេចក្ដី​សប្បុរស និង​សេចក្ដី​ស្រឡាញ់​ដល់​ខ្ញុំ បាន​បំផុស​គំនិត ឬ​ជំរុញ​ឲ្យ​ខ្ញុំ​ធ្វើ​សកម្មភាព​ខុសពី​មុន​យ៉ាង​ដូចម្ដេច ?

  • តើ​ទំនាក់ទំនង​ដែល​មាន​បញ្ហា​ទាំងឡាយនៅក្នុង​ជីវិត​របស់​ខ្ញុំ អាច​ផ្លាស់ប្ដូរ​បាន​តាម​របៀប​ណា នៅពេល​ខ្ញុំ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ​ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សប្បុរស​នោះ ?