ការញៀន
ជំហាន​ទី ៧ ៖ បន្ទាប​ខ្លួន​ទូលសូម​ឲ្យ​ព្រះវរបិតា​សួគ៌​ដក​កំហុស​របស់​យើង​ចេញ


« ជំហាន​ទី ៧ ៖ បន្ទាប​ខ្លួន​ទូលសូម​ឲ្យ​ព្រះវរបិតា​សួគ៌​ដក​កំហុស​របស់​យើង​ចេញ » ការព្យាបាល​តាមរយៈ​ព្រះអង្គ​សង្គ្រោះ ៖ កម្មវិធី​ព្យាបាល​ការញៀន មគ្គទេសក៍​ព្យាបាល ១២ ជំហាន ( ឆ្នាំ ២០២៣ )

« ជំហាន​ទី ៧ » កម្មវិធី​ព្យាបាល​ការញៀន មគ្គទេសក៍​ព្យាបាល ១២ ជំហាន

ទះ​ដៃ

ជំហាន​ទី ៧ ៖ បន្ទាប​ខ្លួន​ទូលសូម​ឲ្យ​ព្រះវរបិតា​សួគ៌​ដក​កំហុស​របស់​យើង​ចេញ ។

4:19

គោលការណ៍​សំខាន់ៗ ៖ ការបន្ទាប​ខ្លួន

ជំហាន​មុនៗ​ទាំងអស់​បាន​រៀបចំ​យើង​សម្រាប់​ជំហាន​នេះ ។ ជំហាន​ទី ១ បាន​ជួយ​យើង​ឲ្យ​បន្ទាប​ខ្លួន ហើយ​សារភាព​ថា យើង​គ្មាន​អំណាច​លើ​ការញៀន​របស់​យើង​ឡើយ ។ ជំហាន​ទី ២ និង ៣ បាន​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​ជំនឿ និង​ទំនុកចិត្ត​គ្រប់គ្រាន់​ទៅលើ​ព្រះអម្ចាស់​ដើម្បី​ទូលសូម​ជំនួយ​ពី​ទ្រង់ ។ បញ្ជី​ប្រវត្តិ​របស់​យើង​ចាប់ពី​ជំហាន​ទី ៤ បាន​ជួយ​យើង​ឲ្យ​មើលឃើញ​ចរិត​លក្ខណៈ និង​ឥរិយាបថ​របស់​យើង​បាន​កាន់តែ​ច្បាស់ ។ ការធ្វើការ​លើ​ជំហាន​ទី ៥ បាន​បង្ហាញពី​ភាពក្លាហាន​របស់​យើង​ដើម្បី​មាន​ភាពស្មោះត្រង់​ជាមួយ​ព្រះ ខ្លួន​យើង និង​មនុស្ស​ម្នាក់​ទៀត ។ ជំហាន​ទី ៦ បាន​ជួយ​យើង​ឲ្យ​ត្រៀមខ្លួន​ជាស្រេច ហើយ​មាន​ឆន្ទៈ​លះបង់​ចរិត​លក្ខណៈ​ទន់ខ្សោយ​របស់​យើង ។ ឥឡូវ​នេះ យើង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ឈាន​ទៅ​ជំហាន​ទី ៧ ។ យើង​ផ្តោត​ទៅលើ « របៀប » ធ្វើការ​លើ​ជំហាន​នីមួយៗ ៖ ការបន្ទាប​ខ្លួន ការបើក​ចិត្ត និង​ការមាន​ឆន្ទៈ ។

គ្រប់​ជំហាន​ទាំងអស់​តម្រូវ​ឲ្យ​មាន​ការបន្ទាប​ខ្លួន ប៉ុន្តែ​ជំហាន​ទី ៧ តម្រូវ​ឲ្យ​មាន​ការបន្ទាប​ខ្លួន​យ៉ាង​ច្បាស់លាស់​បំផុត ៖ « បន្ទាប​ខ្លួន​ទូលសូម​ឲ្យ​ព្រះវរបិតា​សួគ៌​ដក​កំហុស​របស់​យើង​ចេញ » ។ នៅពេល​យើង​ធ្វើការ​លើ​ជំហាន​ពីរ​បី​ដំបូង​ក្នុង​ដំណើរការ​ព្យាបាល យើង​បាន​រៀន​ថា មិន​ថា​យើង​ព្យាយាម​ដោយ​ខ្លួនឯង​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ យើង​មិន​អាច​ផ្លាស់ប្ដូរ ឬ​ទទួល​បាន​ការព្យាបាល​ដែរ បើ​គ្មាន​ជំនួយ​របស់​ព្រះអម្ចាស់​នោះ ។ ជំហាន​នេះ​មិន​ខុសគ្នា​នោះ​ទេ ។ ពិត​ចំពោះ​សេចក្ដី​ជំនឿ ពិពណ៌នា​អំពី​ការបន្ទាប​ខ្លួន​ដូច​តទៅ​នេះ ៖ « ការបន្ទាប​ខ្លួន​គឺជា​ការទទួល​ស្គាល់​ដោយ​ដឹងគុណ​ចំពោះ​ការពឹងផ្អែក​របស់​អ្នក​លើ​ព្រះអម្ចាស់—យល់​ថា អ្នក​មាន​សេចក្ដី​ត្រូវការ​ជាប់​ជានិច្ច​សម្រាប់​ការផ្គត់ផ្គង់​ពី​ទ្រង់ » ( ពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ [ ឆ្នាំ​២០០៤] ទំព័រ ២៥ ) ។

ពួកយើង​មួយ​ចំនួន​បាន​ចាប់ផ្ដើម​ភ្លាត់​ទៅរក​របៀប​ចាស់​របស់​យើង​វិញ ហើយ​បាន​ព្យាយាម​ផ្លាស់ប្ដូរ​ដោយ​ខ្លួនឯង ។ ប៉ុន្តែ​នៅពេល​យើង​បាន​ទទួល​ស្គាល់​កំហុស និង​ភាពទន់ខ្សោយ​ជាច្រើន​របស់​យើង យើង​បាន​រៀន​ថា យើង​ត្រូវ​ពឹងផ្អែក​លើ​ព្រះអម្ចាស់​ដើម្បី​ផ្លាស់ប្ដូរ ដោយ​មាន​ជំនួយ​របស់​ទ្រង់ ។ ដើម្បី​ធ្វើការ​លើ​ជំហាន​ទី ៧ យើង​ត្រូវតែ​ធ្វើ​កិច្ចការ​របស់​យើង​ដែល​ត្រូវ​ធ្វើ​ទាំងនោះ ។ យើង​ត្រូវតែ​មាន​ចិត្ត​អត់ធ្មត់ ហើយ « ឈាន​ទៅមុខ​ដោយ​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ » ( នីហ្វៃ​ទី​២ ៣១:២០ ) ។ យើង​ត្រូវការ​ការរំឭក​ដ៏​ខ្ជាប់ខ្ជួន​ដើម្បី​ងាក​ទៅរក​ព្រះ ហើយ​ទូល​សូម​ជំនួយ​ពី​ទ្រង់ ។

យើង​ឆ្ងល់​ថា តើ​អព្ភូតហេតុ​ទាំងនេះ​នឹង​កើតឡើង​សម្រាប់​យើង​យ៉ាង​ដូចម្ដេច ។ វា​ខុសគ្នា​សម្រាប់​យើង​ម្នាក់ៗ ប៉ុន្តែ​មាន​មូលដ្ឋាន​ទូទៅ​មួយ​ចំនួន​ដែល​ដូចគ្នា ។ មនុស្ស​កម្រ​នឹង​មាន​ការផ្លាស់ប្ដូរ​ដ៏​គួរឲ្យ​រំភើប និង​ភ្លាមៗ​ចំពោះ​ចរិត​លក្ខណៈ​របស់​ពួកគេ​ណាស់ ជា​ធម្មតា​ដំណើរការ​បន្ដិច​ម្ដងៗ​នៃ​ជំហាន​ទី ៦ និង ៧ កើតឡើង​តាម​របៀប​ដែល​អែលឌើរ ដេវីឌ អេ បែដណា បាន​រៀបរាប់ ៖

« ក្នុងនាមជា​សមាជិក​នៃ​សាសនាចក្រ យើង​មាន​ទំនោរ​សង្កត់​ធ្ងន់​លើ​ការបើក​សម្ដែង​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ និង​រំភើប​ខ្លាំង រហូត​ដល់​យើង​អាច​នឹង​ភ្លេចភ្លាំង​ក្នុង​ការដឹងគុណ ហើយ​ថែមទាំង​អាច​នឹង​មើល​រំលង​នូវ​គំរូ​តាម​ទម្លាប់ ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​សម្រេច​នូវ​កិច្ចការ​របស់​ទ្រង់ … [ ពោល​គឺ​តាមរយៈ ] ចំណាប់​អារម្មណ៍​តូចតាច និង​បន្ដិច​ម្ដងៗ » ( « The Spirit of Revelation » Liahona ខែ​ឧសភា ឆ្នាំ​២០១១ ទំព័រ​៨៨ ) ។

នៅពេល​យើង​ជ្រើសរើស​ចុះចូល​តាម​ព្រះ ហើយ​សម្រប​ឆន្ទៈ​របស់​យើង​តាម​ព្រះទ័យ​របស់​ទ្រង់ នោះ​ពេលវេលា​ពេញ​មួយ​ថ្ងៃ​របស់​យើង​ពោរពេញ​ទៅដោយ​គ្រា​តូចៗ ដែល​ទ្រង់​អញ្ជើញ​យើង​ឲ្យ​ផ្អាក​នៅក្នុង​ការឆ្លើយតប​បែប​ប្រតិកម្ម​ចាស់​របស់​យើង ហើយ​ជំនួស​មក​វិញ​ដោយ​ការពឹងផ្អែក​លើ​ព្រះចេស្ដា​របស់​ទ្រង់​ដើម្បី​ជួយ លើកស្ទួយ និង​ស្រឡាញ់ ។ ស៊ីស្ទើរ រេបិកា អិល ក្រេវិន បាន​បង្រៀន ៖ « សូម​កុំ​បាក់​ទឹកចិត្ត ។ ការផ្លាស់ប្តូរ​គឺជា​ដំណើរការ​ពេញ​មួយ​ជីវិត ។ … ព្រះអម្ចាស់​មាន​ព្រះទ័យ​អំណត់​ជាមួយ​យើង នៅពេល​យើង​មាន​ការលំបាក​ក្នុង​ការផ្លាស់ប្តូរ » ( « Keep the Change » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០២០ ទំព័រ​៥៩ ) ។

មិន​ថា​ការញៀន​របស់​យើង​គឺជា​គ្រឿង​ស្រវឹង គ្រឿងញៀន ការលេង​ល្បែង​ស៊ីសង ចំណង់​ផ្លូវភេទ ទម្លាប់​បរិភោគ​អាហារ​ដែល​បំផ្លាញ​សុខភាព​ខ្លួនឯង ការចង់​ចំណាយ​ប្រាក់ ឬ​ឥរិយាបថ​ញៀន​ផ្សេងទៀត ឬ​សារធាតុ​ញៀន​ផ្សេងទៀត ដែល​យើង​ធ្លាប់​ប្រើ ដើម្បី​ប្រឈម​នឹង​ភាពតានតឹង​ក្នុង​ជីវិត​នោះ​ទេ ព្រះអង្គ​សង្គ្រោះ​នឹង « ជួយ [ យើង ] បែបណា​តាម​ជំងឺ [ របស់​យើង ] » ( អាលម៉ា ៧:១២ ) ។ នៅពេល​យើង​មាន​ឆន្ទៈ​ផ្លាស់ប្ដូរ តាមរយៈ​ការមក​រក​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​ទទួល​បាន​ព្រះចេស្ដា​ព្យាបាល​របស់​ទ្រង់ ។

ខណៈ​ដែល​កំពុង​ធ្វើការ​លើ​ជំហាន​នេះ ពួកយើង​ភាគច្រើន​បាន​រកឃើញ​ថា យើង​ត្រូវតែ​ប្រឆាំង​នឹង​ទំនោរ​នៃ​ការមាន​អារម្មណ៍​អៀនខ្មាស ។ ការមើល​ទៅ​កំហុស​របស់​យើង​នាំឲ្យ​មាន​អារម្មណ៍​ថា យើង​មិន​ល្អ​គ្រប់គ្រាន់​ទេ ឬ​ថា​យើង​បាន​បរាជ័យ​ម្តងទៀត​ហើយ ។ ប៉ុន្តែ​ការធ្វើការ​លើ​ជំហាន​ទាំងនេះ និង​ការមក​រក​ព្រះគ្រីស្ទ​បាន​ផ្ដល់ឲ្យ​យើង​នូវ​របៀប​ថ្មី​មួយ​ដើម្បី​មើល​មក​ខ្លួន​យើង ។ យើង​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​យើង​ក្នុងនាមជា​បុត្រា និង​បុត្រី​ជាទី​ស្រឡាញ់​របស់​ទ្រង់ ។ សេចក្ដី​ស្រឡាញ់​នេះ​បាន​ជួយ​យើង​ឲ្យ​ប្រឆាំង​នឹង​អារម្មណ៍​នៃ​ការអៀនខ្មាស និង​ការអាណិត​ខ្លួនឯង ។

យើង​បាន​ចាប់ផ្ដើម​មើលឃើញ​កំហុស និង​ភាពទន់ខ្សោយ​របស់​យើង​ថា​ជា​ឱកាស​ដើម្បី​ទូល​សូម​ជំនួយ​របស់​ព្រះ​ដោយ​រាបសា ដើម្បី​ឈាន​ទៅមុខ​ក្នុង​ដំណើរការ​ព្យាបាល​របស់​យើង ។

ជំហាន​សកម្មភាព

នេះ​គឺជា​កម្មវិធី​ដែល​ធ្វើ​សកម្មភាព ។ ការរីកចម្រើន​របស់​យើង​ពឹងផ្អែក​លើ​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ជំហាន​ទាំងនេះ​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ។ ការណ៍​នេះ​ត្រូវបាន​ហៅថា « ការធ្វើតាម​ជំហាន » ។ សកម្មភាព​ខាងក្រោម​នេះ​ជួយ​យើង​ឲ្យ​មក​រក​ព្រះគ្រីស្ទ ហើយ​ទទួល​បាន​ការណែនាំ និង​អំណាច​ដែល​ចាំបាច់ ដើម្បី​ធ្វើតាម​ជំហាន​បន្ទាប់​ក្នុង​ដំណើរ​ព្យាបាល​របស់​យើង ។

ទូលសូម​ព្រះ​ឲ្យ​ធ្វើ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​សម្រាប់​ខ្លួនឯង​បាន

តើ​យើង​រស់នៅ​តាម​ជំហាន​ទី ៧ ជា​រៀងរាល់​ថ្ងៃ​យ៉ាង​ដូចម្ដេច ? យើង​ផ្អាក​នៅ​ថ្ងៃ​ណា នៅ​គ្រា​ណា​ដែល​ភាពចចេស​របស់​យើង​ត្រឡប់​មកវិញ ឬ​នៅពេល​យើង​មើលឃើញ​ភាពទន់ខ្សោយ​របស់​យើង ។ ក្នុង​គ្រា​ទាំងនេះ យើង​ចុះចូល ហើយ​ស្តាប់ ។ យើង​ចាំ​ថា យើង​គ្មាន​អំណាច​ដើម្បី​ផ្លាស់ប្ដូរ​ខ្លួនឯង​ដោយ​គ្មាន​ជំនួយ​នោះ​ឡើយ ហើយ​យើង​ទុកចិត្ត​ថា ព្រះអម្ចាស់​អាច​ផ្លាស់ប្ដូរ​យើង​បាន ។ បន្ទាប់​មក យើង​បន្ត​ពឹងផ្អែក​លើ​ទ្រង់ ។ យើង​កាត់​ចិត្ត​ចោល​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន ហើយ​យើង​ទូលសូម​ព្រះ​ឲ្យ​ជួយ​យើង ។

ការណ៍​នេះ​តម្រូវ​ឲ្យ​យើង​ងាក​ទៅរក​ព្រះ​នៅក្នុង​ការអធិស្ឋាន ។ « យើង​ម្នាក់ៗ​មាន​បញ្ហា​ដែល​យើង​ពុំ​អាច​ដោះស្រាយ​បាន និង​ភាពទន់ខ្សោយ​ដែល​យើង​ពុំ​អាច​យកឈ្នះ​បាន បើ​ពុំ​ឈោង​ទៅរក​ប្រភព​ដ៏​ខ្ពស់​នៃ​កម្លាំង​តាមរយៈ​ការអធិស្ឋាន​ទេ​នោះ » ( ជែមស៍ អ៊ី ហ្វោស្ត « The Lifeline of Prayer » Ensign ខែ​ឧសភា ឆ្នាំ​២០០២ ទំព័រ​៥៩ ) ។

នៅពេល​យើង​អធិស្ឋាន​ប្រកប​ដោយ​អត្ថន័យ និង​ដោយ​ចេតនា នោះ​យើង​អាច​ទទួល​បាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន ។ នៅពេល​យើង​អនុញ្ញាត​ឲ្យ​ខ្លួនឯង​មាន​ពេលវេលា និង​កន្លែង​សុខសាន្ដ ដើម្បី​ភ្ជាប់​ជាមួយ​នឹង​ព្រះ នោះ​យើង​អាច​ស្ថាបនា និង​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ​បាន ។ តាមរយៈ​ការបន្ដ​អធិស្ឋាន​សាមញ្ញៗ​នៅក្នុង​ចិត្ត​របស់​យើង ដូចជា « ព្រះអម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូចម្តេច ? » ( កិច្ចការ ៩:៦ ) ឬ​ថា « សូម​ឲ្យ​បាន​សម្រេច​តាម​តែ​ព្រះហឫទ័យ​របស់​ទ្រង់​ចុះ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៩:៤៤ ) នោះ​យើង​នឹង​បន្ដ​ចងចាំ​ថា យើង​ត្រូវ​ពឹងពាក់​ទាំងស្រុង​លើ​ព្រះអម្ចាស់ ។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង នឹង​ជួយ​យើង​ឲ្យ​បង្កើត​ទំនាក់ទំនង​មួយ ដែល​យើង​អាច​ប្រគល់​ខ្លួន​យើង​ទាំងមូល​បាន ។

សិក្សា​ការអធិស្ឋាន​សាក្រាម៉ង់

ការអធិស្ឋាន​ក្នុង​ពិធី​សាក្រាម៉ង់​គឺជា​ការបង្ហាញ​ដ៏​អស្ចារ្យ​នៃ​ការបន្ទាប​ខ្លួន និង​គោលបំណង​នៅ​ពីក្រោយ​ជំហាន​ទី ៧ ។ យើង​មាន​ឱកាស​ទទួល​ទាន​សាក្រាម៉ង់​ជា​រៀងរាល់​សប្តាហ៍ និង​ស្មឹងស្មាធិ៍​ទៅលើ​ពាក្យ​អធិស្ឋាន​ក្នុង​ពិធី​សាក្រាម៉ង់ ។

យើង​សូម​ផ្ដល់​យោបល់​ឲ្យ​អាន​ក្នុង មរ៉ូណៃ ៤:៣ និង ៥:២ ហើយ​បន្ទាប​ខ្លួន​អនុវត្ត​តាម​ពាក្យ​ដ៏​ពិសិដ្ឋ​ទាំងនេះ ជា​សំឡេង​របស់​អ្នក​ផ្ទាល់​ដូច​តទៅ​នេះ ៖ « ឱ​ព្រះអង្គ ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច​អើយ [ ទូលបង្គំ ] សូម​ដល់​ព្រះអង្គ ដោយ​នូវ​ព្រះនាម​នៃ​ព្រះរាជបុត្រា​របស់​ព្រះអង្គ គឺ​ព្រះយេស៊ូវ​គ្រីស្ទ សូម​ប្រទានពរ ហើយ​ញែក​នំប៉័ង​នេះ​ចេញជា​បរិសុទ្ធ​ដល់​ព្រលឹង [ របស់​ទូលបង្គំ កាល​ដែល​ទូលបង្គំ ] ទទួល​ទាន​នំប៉័ង​នេះ ប្រយោជន៍​ឲ្យ [ ទូលបង្គំ ] អាច​ទទួល​ទាន ដោយ​នូវ​ការចងចាំ​ដល់​ព្រះកាយ​នៃ​ព្រះរាជបុត្រា​របស់​ព្រះអង្គ ហើយ​ធ្វើ​បន្ទាល់​ដល់​ព្រះអង្គ ឱ​ព្រះអង្គ ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច​អើយ ថា [ ទូលបង្គំ ] នឹង​ព្រម​លើក​ដាក់​មក​លើ​ខ្លួន [ ទូលបង្គំ ] នូវ​ព្រះនាម​នៃ​ព្រះរាជបុត្រា​របស់​ព្រះអង្គ ហើយ​ចងចាំ​ទ្រង់​ជានិច្ច ហើយ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ប្រទាន​ដល់ [ ទូលបង្គំ ] ប្រយោជន៍​ឲ្យ [ ទូលបង្គំ ] អាច​បាន​ព្រះវិញ្ញាណ​របស់​ទ្រង់ គង់នៅ​ជាមួយ​នឹង [ ទូលបង្គំ ] ជា​ដរាប » ( មរ៉ូណៃ ៤:៣ ) ។

នៅពេល​យើង​គិតពី​ការអធិស្ឋាន​នៃ​ពិធី​សាក្រាម៉ង់​តាម​របៀប​នេះ នោះ​យើង​អាច​ខិតទៅ​ព្រះអង្គ​សង្គ្រោះ​បាន​កាន់តែ​ជិតដិត ដោយ​មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប ។ កាល​យើង​គិត​អំពី​ភាពទន់ខ្សោយ​របស់​យើង ឬ​កំហុស​ណាមួយ​ដែល​យើង​អាច​បាន​ធ្វើ នោះ​យើង​អាច​បង្វែរ​ដួងចិត្ត​របស់​យើង​ទៅរក​ទ្រង់​បាន ។ យើង​អាច​ទូលសូម​ទ្រង់​ឲ្យ​ជួយ​យើង​ប្រែចិត្ត ក្លាយជា​មនុស្ស​ដ៏​ល្អ​ប្រសើរ ហើយ​ដកយក​កំហុស​ទាំងនេះ​ចេញ ។

ការសិក្សា និង​ការយល់ដឹង

បទម្ពីរ និង​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​ទាំងនេះ អាច​ជួយ​ដល់​ដំណើរការ​ព្យាបាល​របស់​យើង​បាន ។ យើង​អាច​ប្រើ​វា​សម្រាប់​ការស្មិងស្មាធិ៍ ការសិក្សា និង​ការសរសេរ​សៀវភៅ​កំណត់ហេតុ​បាន ។ យើង​ត្រូវ​ចាំ​ថា យើង​ត្រូវ​ស្មោះត្រង់ និង​ជាក់លាក់​នៅក្នុង​ការសរសេរ​របស់​យើង ដើម្បី​ទទួល​បាន​ប្រយោជន៍​ច្រើន​បំផុត​ពី​សកម្មភាព​នេះ ។

ព្រះគុណ​របស់ទ្រង់​គឺ​មាន​ល្មម​គ្រប់គ្រាន់

« ហើយ​បើសិនជា​មនុស្ស​លោក​មក​រកយើង នោះ​យើង​នឹង​បង្ហាញ​ដល់​ពួកគេ​នូវ​ភាពទន់​ខ្សោយ​របស់​ពួកគេ ។ យើង​ឲ្យ​ភាពទន់ខ្សោយ​ទៅ​មនុស្ស ដើម្បី​ឲ្យ​ពួកគេ​អាច​បាន​រាបសា ហើយ​គុណ​របស់​យើង​មាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ទាំងអស់ ដែល​បន្ទាបខ្លួន​នៅ​ចំពោះ​យើង ដ្បិត​បើសិនជា​ពួកគេ​បន្ទាបខ្លួន​នៅ​ចំពោះ​យើង ហើយ​មាន​សេចក្ដី​ជំនឿ​ដល់​យើង លំដាប់​នោះ​យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់​ខ្សោយ​ក្លាយ​ទៅជា​ខ្លាំង​ពូកែ​ចំពោះ​ពួកគេ​វិញ » ( អេធើរ ១២:២៧ ) ។

ក្នុងនាមជា​មនុស្ស​លោក​ដែល​រមែង​ស្លាប់ និង​មិន​ល្អ​ឥតខ្ចោះ នោះ​យើង​ទាំងអស់​គ្នា​មាន​ភាពទន់ខ្សោយ​ជាច្រើន ។ នៅក្នុង​ខគម្ពីរ​នេះ ព្រះអម្ចាស់​ពន្យល់​ថា ព្រះរាជបំណង​របស់​ទ្រង់​ក្នុង​ការអនុញ្ញាត​ឲ្យ​យើង​ដក​ពិសោធន៍​សេចក្ដី​ស្លាប់ ហើយ​ជួប​នឹង​ភាពទន់ខ្សោយ​បែបនេះ គឺ​ដើម្បី​ជួយ​យើង​ឲ្យ​មាន​ចិត្ត​រាបសា ។ សូម​កត់ចំណាំ​ថា យើង ជ្រើសរើស ដើម្បី​បន្ទាប​ខ្លួន​យើង ។

  • តើ​ឃ្លា « គុណ​របស់​យើង​មាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ទាំងអស់ » មាន​ន័យ​យ៉ាងណា​ចំពោះ​ខ្ញុំ ?

  • តើ​ខ្ញុំ​មាន​សេចក្ដី​ជំនឿ​ថា ព្រះគុណ​របស់​ព្រះអម្ចាស់​មាន​គ្រប់គ្រាន់​សម្រាប់​ខ្ញុំ​ដែរ​ឬ​ទេ ?

  • តើ​ការបន្ទាប​ខ្លួន​ខ្ញុំ​នៅ​ចំពោះ​ព្រះអម្ចាស់​មាន​ន័យ​យ៉ាងណា ?

  • សូម​សរសេរ​ពី​ចរិត​លក្ខណៈ​ទន់ខ្សោយ​មួយ​ចំនួន​របស់​អ្នក ។ នៅ​ជាប់​នឹង​ចំណុច​ខ្សោយ​ទាំងនេះ សូម​សរសេរ​ចំណុច​ខ្លាំង ដែល​ចំណុច​ខ្សោយ​ទាំងនេះ​អាច​ប្រែក្លាយ​បាន នៅពេល​ដែល​អ្នក​មក​រក​ព្រះគ្រីស្ទ ។

ជ្រើសរើស​ដើម្បី​បន្ទាប​ខ្លួន

« ដូច​ខ្ញុំ​ទើប​បាន​ប្រាប់​អ្នក​ហើយ​ថា ពីព្រោះ​អ្នករាល់គ្នា​ត្រូវ​គេ​បង្ខំ​ឲ្យ​មាន​ចិត្ត​សុភាព​រាបសា នោះ​អ្នករាល់គ្នា​មាន​ពរ​ហើយ តើ​អ្នករាល់គ្នា​ពុំ​គិត​ស្មាន​ទេ​ឬ​ថា ពួក​អ្នកណា​ដែល​មាន​ចិត្ត​សុភាព​រាបសា​ដោយ​ខ្លួនឯង ដោយ​ព្រោះ​ព្រះបន្ទូល​នោះ តើ​នឹង​បាន​ទទួល​ពរ​ដល់​ថ្នាក់​ណា​ទៅ ? » ( អាលម៉ា ៣២:១៤ ) ។

ពួកយើង​ភាគច្រើន​បាន​មក​ការប្រជុំ​ការព្យាបាល​ទាំង​អស់​សង្ឃឹម ហើយ​យើង​ត្រូវបាន​ជំរុញ​ចិត្ត​ដោយ​ផលវិបាក​នៃ​ការញៀន​របស់​យើង ។ យើង​ត្រូវបាន​បង្ខំ​ឲ្យ​បន្ទាប​ខ្លួន ។ ទោះជា​យ៉ាងណា​ក៏ដោយ ការបន្ទាប​ខ្លួន​ដូច​ដែល​បាន​ពិពណ៌នា​នៅក្នុង​ជំហាន​នេះ​គឺជា​ការស្ម័គ្រចិត្ត ។ វា​គឺជា​លទ្ធផល​នៃ​ជម្រើស​របស់​យើង​ផ្ទាល់ ដើម្បី​បន្ទាប​ខ្លួន​យើង ។

  • តើ​អារម្មណ៍​របស់​ខ្ញុំ​អំពី​ការបន្ទាប​ខ្លួន​បាន​ផ្លាស់ប្ដូរ​យ៉ាង​ដូចម្ដេច​ដែរ តាំងពី​ខ្ញុំ​បាន​ចាប់ផ្ដើម​ដំណើរ​ព្យាបាល​នេះ ?

ពោរពេញ​ដោយ​អំណរ

« ពួកគេ​បាន​ឃើញ​ថា ខ្លួនគេ​នៅក្នុង​ស្ថានភាព​ខាង​រូបកាយ អន់​ជាង​ធូលី​ដី​ទៅ​ទៀត ។ ហើយ​ពួកគេ​ទាំងអស់​គ្នា​បាន​ស្រែក​ព្រមគ្នា​ដោយ​សំឡេង​តែមួយ​ថា ៖ ឱ​សូម​មេត្តា​ផង ហើយ​សូម​ប្រទាន​នូវ​ព្រះលោហិត​ដ៏​ធួន​នៃ​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​យើង​អាច​បាន​ទទួល​នូវ​ការអភ័យទោស​ចំពោះ​អំពើបាប​ទាំងឡាយ​របស់​យើង ហើយ​ដើម្បី​ឲ្យ​ចិត្ត​យើង​អាច​បាន​ជ្រះ​បរិសុទ្ធ​ផង​ចុះ ព្រោះ​យើង​ជឿ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​បាន​បង្កើត​ផ្ទៃមេឃ និង​ផែនដី និង​វត្ថុ​សព្វសារពើ ព្រះអង្គ​នឹង​យាង​ចុះ​មក​ក្នុង​ចំណោម​កូនចៅ​មនុស្ស ។

« ហើយ​ហេតុការណ៍​បាន​កើតឡើង​ថា បន្ទាប់ពី​ពួកគេ​បាន​ពោល​ពាក្យ​ទាំងនេះ​ហើយ នោះ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ក៏​បាន​ចុះមក​សណ្ឋិត​លើ​ពួកគេ ហើយ​ពួកគេ​ក៏​ពោរពេញ​ទៅដោយ​សេចក្ដី​អំណរ​ដោយ​បាន​ទទួល​ការផ្ដាច់​បាប​ទាំងឡាយ​របស់​គេ ហើយ​ដោយ​មាន​សេចក្ដី​សុខសាន្ត​ក្នុង​សតិសម្បជញ្ញៈ ព្រោះតែ​សេចក្ដី​ជំនឿ​ដ៏​លើសលប់ ដែល​ពួកគេ​មាន​ដល់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​នឹង​យាង​មក » ( ម៉ូសាយ ៤:២–៣ ) ។

ប្រជាជន​របស់​ស្តេច​បេនយ៉ាមីន​បាន​ពោល​ពាក្យ​អធិស្ឋាន​មួយ​បែប ដែល​យើង​បាន​ពោល​ដែរ នៅពេល​យើង​ធ្វើការ​លើ​ជំហាន​ទី ៧ ។ ពួកគេ​បាន​ទទួល​អារម្មណ៍​សុខសាន្ត និង​អំណរ នៅពេល​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​បាន​យាង​មក​សណ្ឋិត​លើ​ពួកគេ ហើយ​បាន​ប្រទាន​ការផ្ដាច់​បាប​ដល់​ពួកគេ ។

  • តើ​ខ្ញុំ​មាន​បទពិសោធន៍​អ្វីខ្លះ នៅពេល​ខ្ញុំ​ទទួល​បាន​អារម្មណ៍​សុខសាន្ត និង​អំណរ ?

  • តើ​វា​មាន​អារម្មណ៍​យ៉ាងណា​ដែរ ដែល​មាន​សេចក្ដី​សុខសាន្ត និង​អំណរ​ក្នុង​ជីវិត​របស់​ខ្ញុំ​ជា​រៀងរាល់​ថ្ងៃ ?

គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ

« ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នករាល់គ្នា​ចុះ ។ ប្រៀប​ដូចជា​ខ្នែង បើ​មិន​នៅ​ជាប់​នឹង​គល់ នោះ​ពុំ​អាច​នឹង​បង្កើត​ផល​ដោយ​ឯកឯង​បាន​ទេ ដូច្នេះ​អ្នករាល់គ្នា​ក៏​ពុំ​បាន​ដែរ លើក​តែ​នៅ​ជាប់​នឹង​ខ្ញុំ ។

« ខ្ញុំ​ជា​គល់ អ្នករាល់គ្នា​ជា​ខ្នែង ៖ អ្នកណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជាច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នករាល់គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ ។ …

« បើ​អ្នករាល់គ្នា​កាន់​តាម​បញ្ញត្តិ​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ ដូចជា​ខ្ញុំ​បាន​កាន់​តាម​បញ្ញត្តិ​នៃ​ព្រះវរបិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ដែរ ។

« ខ្ញុំ​បាន​និយាយ​សេចក្តី​ទាំងនេះ ប្រាប់​ដល់​អ្នករាល់គ្នា ដើម្បី​ឲ្យ​សេចក្តី​អំណរ​របស់​ខ្ញុំ បាន​នៅ​ជាប់​ក្នុង​អ្នករាល់គ្នា ហើយ​ឲ្យ​សេចក្តី​អំណរ​របស់​អ្នករាល់គ្នា​បាន​ពោរពេញ​ផង » ( យ៉ូហាន ១៥:៤–៥, ១០–១១ ) ។

  • តើ​វា​មាន​ន័យ​យ៉ាងណា​ចំពោះ​ខ្ញុំ​ដែល​ថា បើ​ខ្ញុំ​កាន់​តាម​បញ្ញត្តិ​របស់​ព្រះអង្គ​សង្គ្រោះ នោះ « [ ខ្ញុំ ] នឹង​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់ [ ទ្រង់ ] » ? ( ខទី ១០ ) ។

  • យោងតាម​ខគម្ពីរ​ទាំងនេះ តើ​មាន​ពរជ័យ​ដែល​បាន​សន្យា​អ្វីខ្លះ ដែល​បាន​មកពី​ការនៅ​ជាប់​នឹង​ទ្រង់ ?

  • តើ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាងណា​ដែរ​នៅ​ថ្ងៃនេះ អំពី​ការកាន់​តាម​បញ្ញត្តិ​របស់​ព្រះអង្គ​សង្គ្រោះ ?

  • តើ​ការកាន់​តាម​បញ្ញត្តិ​គឺជា​ការបង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះ​យ៉ាង​ដូចម្ដេច ?

សេចក្តី​ស្រឡាញ់​របស់​ព្រះ

« នៅពេល​យើង​ដាក់​ព្រះ​ជាមុន នោះ​រឿង​ទាំងអស់​ផ្សេងទៀត​នឹង​កើតឡើង​តាម​របៀប​របស់​វា ឬ​បាត់បង់​ចេញ​ពី​ជីវិត​របស់​យើង ។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអម្ចាស់​នឹង​គ្រប់គ្រង​លើ​ការទាមទារ​ចង់​បាន​មេត្រីភាព​យើង ការទាមទារ​លើ​ពេលវេលា​របស់​យើង ផល​ប្រយោជន៍​ដែល​យើង​កំពុង​ស្វែងរក និង​លំដាប់​នៃ​អាទិភាព​របស់​យើង » ( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Great Commandment—Love the Lord » Ensign ខែ​ឧសភា ឆ្នាំ​១៩៨៨ ទំព័រ​៤ ) ។

ដោយ​បាន​មក​ស្គាល់​សេចក្តី​មេត្តា​ករុណា និង​សេចក្តីល្អ​របស់​ព្រះ​រហូត​មក​ដល់​ពេលនេះ យើង​ប្រហែល​ជា​បាន​ចាប់ផ្ដើម​ទទួល​អារម្មណ៍​នៃ​ក្តីស្រឡាញ់​របស់​ព្រះ—សម្រាប់​ទ្រង់ និង​មកពី​ទ្រង់ ។

  • តើ​ខ្ញុំ​មាន​អារម្មណ៍​ថា​សេចក្ដី​ស្រឡាញ់​កើនឡើង​ដែរ​ឬ​ទេ កាល​ខ្ញុំ​កំពុង​ធ្វើការ​តាម​ជំហាន​ទាំងនេះ ? បើ​មែន ហេតុអ្វី ?

  • តើ​ការធ្វើការ​លើ​ជំហាន​ទី ៧ បាន​ជួយ​ខ្ញុំ​ឲ្យ​តម្រឹម​អាទិភាព​របស់​ខ្ញុំ​ឡើងវិញ ហើយ​ដាក់​ព្រះ​ជាមុន​ក្នុង​ជីវិត​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

លើក​ដាក់​មកលើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ

« ហើយ​ឥឡូវ​នេះ មកពី​សេចក្ដី​សញ្ញា​ដែល​អ្នករាល់គ្នា​បាន​ធ្វើ អ្នករាល់គ្នា​នឹង​ត្រូវបាន​ហៅ​ថា​ជា​កូនចៅ​នៃ​ព្រះគ្រីស្ទ គឺជា​បុត្រា​របស់​ទ្រង់ និង​បុត្រី​របស់​ទ្រង់ ។ …

« … យើង​ចង់​ឲ្យ​អ្នករាល់គ្នា​ទទួល​ដាក់​លើ​ខ្លួន​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ គឺ​អស់​អ្នករាល់គ្នា​ដែល​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ​ថា អ្នក​នឹង​គោរព​តាម​ទ្រង់ រហូត​ដល់​អស់​មួយ​ជីវិត​របស់​អ្នក ។ …

« អស់​អ្នកណា​ដែល​បាន​ធ្វើ​យ៉ាងនេះ នោះ​នឹង​ឃើញ​ថា ខ្លួន​នៅ​ខាងស្ដាំ​ព្រះហស្ត​នៃ​ព្រះ ដ្បិត​អ្នកនោះ​នឹង​ស្គាល់​ឈ្មោះ​ខ្លួន​ដែល​ត្រូវបាន​ហៅ ដ្បិត​អ្នកនោះ​នឹង​ត្រូវបាន​ហៅ​ដោយ​ព្រះនាម​នៃ​ព្រះគ្រីស្ទ » ( ម៉ូសាយ ៥:៧–៩ ) ។

  • តើ​ការត្រូវបាន​ហៅ​ដោយ​ព្រះនាម​នៃ​ព្រះគ្រីស្ទ និង​ការធ្វើជា​តំណាង​ឲ្យ​ទ្រង់​មាន​ន័យ​យ៉ាងណា ?

  • តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​មាន​វត្តមាន​នៅ​ខាងស្ដាំ​ព្រះហស្ត​នៃ​ព្រះ ?

  • តើ​ខ្ញុំ​ចុះ​សេចក្ដីសញ្ញា​ដើម្បី​ធ្វើ​អ្វីខ្លះ នៅពេល​ខ្ញុំ​ជ្រមុជ​ទឹក និង​នៅពេល​ខ្ញុំ​ទទួល​ទាន​សាក្រាម៉ង់ ? ( សូម​មើល ម៉ូសាយ ៥:៧–៩; ១៨:៨–១០, ១៣; គោលលទ្ធិ និង​សេចក្តីសញ្ញា ២០:៧៧, ៧៩ ) ។

  • តើ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាងណា នៅពេល​ខ្ញុំ​គិត​អំពី​ព្រះទ័យ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការប្រទាន​ព្រះនាម​របស់​ទ្រង់​ដល់​ខ្ញុំ ជា​ថ្នូរ​នឹង​ការចុះ​សេចក្ដី​សញ្ញា​ជាមួយ​ទ្រង់ ដើម្បី​គោរព​តាម និង​បម្រើ​ទ្រង់ ដែល​រួមមាន​ការបោះបង់​ចោល​នូវ​កំហុស​របស់​ខ្ញុំ​ជាច្រើន ?

ប្រគល់​ភាពទន់ខ្សោយ​របស់​យើង

« សាសនា​មួយ​ដែល​មិន​តម្រូវ​ឲ្យ​មាន​ការលះបង់​អ្វី​សោះ នឹង​ពុំ​មាន​អំណាច​គ្រប់គ្រាន់ ដើម្បី​បង្កើត​សេចក្ដី​ជំនឿ​ដ៏ចាំបាច់​សម្រាប់​ជីវិត និង​សេចក្ដី​សង្គ្រោះ​ឡើយ » ( Lectures on Faith [ ឆ្នាំ​១៩៨៥ ] ទំព័រ​៦៩ ) ។

  • មនុស្ស​មួយ​ចំនួន​អាន​ពាក្យ​ទាំងនេះ ហើយ​គិត​ថា « អ្វី​គ្រប់យ៉ាង » សំដៅ​ទៅលើ​ទ្រព្យសម្បត្តិ​ទាំងអស់ ។ តើ​ការប្រគល់​ភាពទន់ខ្សោយ​របស់​ខ្ញុំ​ទាំងអស់​ថ្វាយ​ទៅ​ព្រះអម្ចាស់ បាន​បង្កើន​ការយល់ដឹង​របស់​ខ្ញុំ​អំពី​អត្ថន័យ​នៃ​ការលះបង់​អ្វី​ទាំងអស់​យ៉ាង​ដូចម្ដេច ?