« ជំហានទី ១០ ៖ បន្ដកត់ត្រាបញ្ជីប្រវត្តិផ្ទាល់ខ្លួន ហើយនៅពេលយើងធ្វើខុស សារភាពវាភ្លាមៗ » ការព្យាបាលតាមរយៈព្រះអង្គសង្គ្រោះ ៖ កម្មវិធីព្យាបាលការញៀន មគ្គទេសក៍ព្យាបាល ១២ ជំហាន ( ឆ្នាំ ២០២៣ )
« ជំហានទី ១០ » កម្មវិធីព្យាបាលការញៀន មគ្គទេសក៍ព្យាបាល ១២ ជំហាន
ជំហានទី ១០ ៖ បន្ដកត់ត្រាបញ្ជីប្រវត្តិផ្ទាល់ខ្លួន ហើយនៅពេលយើងធ្វើខុស សារភាពវាភ្លាមៗ ។
គោលការណ៍សំខាន់ ៖ ការទទួលខុសត្រូវជារៀងរាល់ថ្ងៃ
ជំហានទី ១០ ជួយយើងឲ្យរីកចម្រើនក្នុងរបៀបរស់នៅថ្មី និងប្រយ័ត្នប្រយែងខាងវិញ្ញាណក្នុងជីវិតរបស់យើង ។ វាគឺអំពីការដាក់ឲ្យខ្លួនយើងទទួលខុសត្រូវជារៀងរាល់ថ្ងៃតាមរយៈការវាយតម្លៃផ្ទាល់ខ្លួន ការទទួលយកអ្វីដែលយើងរកឃើញ និងការប្រែចិត្តភ្លាមៗ ។ យើងមិនល្អឥតខ្ចោះនោះទេ ហើយយើងនឹងបន្តធ្វើខុសនៅក្នុងជីវិតរបស់យើង ព្រមទាំងនៅក្នុងដំណើរព្យាបាលរបស់យើងផងដែរ ។ ពួកយើងមួយចំនួនអាចព្រួយបារម្ភថា យើងមិនអាចរីកចម្រើនក្នុងដំណើរព្យាបាលរបស់យើងបានទេ លុះត្រាតែយើងបញ្ចប់ជំហាននីមួយៗបានយ៉ាងល្អឥតខ្ចោះ ឬរស់នៅដោយគ្មានកំហុស ។ ជំហានទី ១០ ការពារយើងពីសម្ពាធក្នុងការរស់នៅឲ្យបានឥតខ្ចោះ ។ យើងត្រូវបានរំឭកថា យើងត្រូវការព្រះអម្ចាស់ឥតឈប់ឈរ កាលយើងរីកចម្រើនក្នុងដំណើរព្យាបាលរបស់យើង ។
នៅក្នុងព្រះគម្ពីរមរមន អាលម៉ាបានបង្រៀនថា ការផ្លាស់ប្ដូរដ៏ធំនៅក្នុងដួងចិត្តត្រូវការសេចក្ដីជំនឿលើការប្រោសលោះ និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ ( សូមមើល អាលម៉ា ៥:១៤–១៥ ) ។ ដោយប្រើស្ថានភាពនៃថ្ងៃជំនុំជម្រះ និងការផ្តល់គំរូជាច្រើនអំពីសំណួរដែលយើងអាចសួរខ្លួនឯងបាន អាលម៉ាបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃការវាយតម្លៃខ្លួនឯងដោយស្មោះត្រង់ ដើម្បីបើកចិត្តយើងទៅកាន់ព្រះចេស្ដាដ៏ប្រោសលោះរបស់ព្រះគ្រីស្ទ ។ យើងអាចអនុវត្តតាមគោលការណ៍នេះបាន ដោយការសួរសំណួរបែបស្រាវជ្រាវ ដែលអាលម៉ាបានលើកឡើងអំពីអារម្មណ៍ គំនិត គោលបំណង និងទង្វើរបស់យើង ។ ការវាយតម្លៃផ្ទាល់ខ្លួនប្រចាំថ្ងៃ និងជំនួយដ៏ប្រោសលោះរបស់ព្រះអម្ចាស់អាចបញ្ឈប់យើងពីការធ្លាក់ដោយមិនដឹងខ្លួនទៅក្នុងការបដិសេធ ការពេញចិត្ត និងការលាប់ឡើងវិញ ។
ដំណើរការដ៏អស្ចារ្យនៃការព្យាបាលគឺអំពីការអនុញ្ញាតឲ្យព្រះអម្ចាស់ផ្លាស់ប្ដូរគំនិត អារម្មណ៍ និងដួងចិត្តរបស់យើង ។ ជាលទ្ធផល ឥរិយាបថរបស់យើងនឹងផ្លាស់ប្ដូរ ។ អ្នកដែលបានឆ្លងកាត់មុនយើង បានលើកទឹកចិត្តយើងឲ្យប្រយ័ត្ននឹងអំនួត តាមគ្រប់ទម្រង់របស់វាទាំងអស់ ហើយបន្ទាបខ្លួនយកភាពទន់ខ្សោយរបស់យើងថ្វាយទៅព្រះវរបិតាសួគ៌ ។ ការទទួលខុសត្រូវប្រចាំថ្ងៃជួយយើងឲ្យទទួលស្គាល់ នៅពេលយើងត្រូវការជំនួយ និងរារាំងយើងមិនឲ្យត្រឡប់ទៅទម្លាប់ចាស់វិញ ។
វាជារឿងធម្មតាទេដែលមានគំនិត និងអារម្មណ៍អវិជ្ជមាននោះ ។ នៅពេលយើងព្រួយបារម្ភ ឬមានអារម្មណ៍អាណិតខ្លួនឯង ថប់បារម្ភ អាក់អន់ចិត្ត តម្រេកសម្រើប ឬភ័យខ្លាច នោះយើងអាចងាកទៅរកព្រះវរបិតាបានភ្លាមៗ ហើយទូលសូមឲ្យទ្រង់ប្រទានពរដល់យើងឲ្យមានសេចក្ដីសុខសាន្ដ និងទស្សនវិស័យ ។ យើងក៏អាចរកឃើញដែរថា យើងនៅតែតោងជាប់នឹងជំនឿអវិជ្ជមានដដែល ។ យើងអាចទូលសូមឲ្យព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ ឲ្យជួយយើងខិតខំដោយស្មោះត្រង់ដើម្បីផ្លាស់ប្ដូរ ។ ពេលធ្វើការលើជំហានទី ១០ យើងលែងមានអារម្មណ៍ថាត្រូវផ្តល់ហេតុផល ដោះសា ឬបន្ទោសទៀតហើយ ។ គោលបំណងរបស់យើងគឺដើម្បីរក្សាចិត្តយើងឲ្យបើកទូលាយ ហើយគំនិតរបស់យើងផ្តោតទៅលើព្រះអង្គសង្រ្គោះ និងព្រះគុណរបស់ទ្រង់ ។
យើងធ្វើការលើជំហានទី ១០ ដោយកត់ត្រាបញ្ជីប្រវត្តិជារៀងរាល់ថ្ងៃ ។ នៅពេលយើងរៀបចំផែនការក្នុងមួយថ្ងៃរបស់យើង យើងពិនិត្យមើលសកម្មភាព និងបំណងដែលអាចមានរបស់យើងប្រកបដោយការអធិស្ឋាន ៖ តើយើងកំពុងធ្វើកិច្ចការច្រើនជ្រុល ឬតិចជ្រុល ? តើយើងកំពុងថែទាំដល់តម្រូវការមូលដ្ឋានខាងវិញ្ញាណ ខាងសតិអារម្មណ៍ និងខាងរាងកាយរបស់យើងដែរឬទេ ? តើយើងបម្រើដល់អ្នកដទៃដែរឬទេ ? តើមានស្ថានភាពណាមួយនៅក្នុងជីវិតរបស់យើងដែលពិបាក ឬតានតឹងដែរឬទេ ? តើយើងត្រូវការជំនួយពីអ្នកដទៃដើម្បីដោះស្រាយរឿងលំបាកៗទាំងនេះដែរឬទេ ? តើយើងមើលឃើញឥរិយាបថ ឬលំនាំនៃការគិតចាស់ណាមួយកើតមានឡើងវិញដែរឬទេ ? សំណួរបែបនេះជួយយើងឲ្យរស់នៅដោយមានចេតនា ពង្រឹងការព្យាបាលរបស់យើង ហើយធ្វើឲ្យយើងខិតទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។
យើងអាចវាយតម្លៃខ្លួនឯងនៅពេលណាក៏បាន ដោយចំណាយពេលគិត ពិចារណា និងអនុវត្តតាមជំហានដែលយើងបានរៀន ។ នៅពេលយើងដឹងថាខ្លួនឯងស្ថិតក្នុងគ្រាមានវិបត្តិ យើងអាចសួរខ្លួនឯង និងព្រះថា « តើចរិតលក្ខណៈទន់ខ្សោយអ្វីខ្លះនៅក្នុងខ្លួនខ្ញុំ ដែលកំពុងឆេះឆួល ? តើខ្ញុំបានធ្វើអ្វីខ្លះ ដែលរួមចំណែកធ្វើឲ្យមានបញ្ហានេះឡើង ? តើមានការណ៍អ្វីខ្លះដែលខ្ញុំអាចនិយាយ ឬធ្វើបានដោយមិនធ្វើពុត ដែលនឹងនាំឲ្យមានដំណោះស្រាយប្រកបដោយការគោរពចំពោះខ្លួនខ្ញុំ និងមនុស្សផ្សេងទៀតដែរឬទេ ? » យើងអាចរំឭកខ្លួនឯងថា « ព្រះអម្ចាស់មានព្រះចេស្ដាគ្រប់យ៉ាង ។ ខ្ញុំនឹងថ្វាយរឿងនេះទៅទ្រង់ ហើយទុកចិត្ដលើទ្រង់ » ។
នៅពេលណាដែលយើងឃើញថា ខ្លួនយើងកំពុងធ្វើសកម្មភាពអវិជ្ជមានទៅកាន់មនុស្សម្នាក់ទៀត យើងអាចធ្វើការកែតម្រូវឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ វាសំខាន់ដើម្បីលះបង់ចោលអំនួតរបស់យើង ហើយចងចាំថា ជារឿយៗ ការនិយាយថា « ខ្ញុំខុសហើយ » ដោយស្មោះត្រង់គឺសំខាន់ក្នុងការព្យាបាលទំនាក់ទំនង ដូចជាការនិយាយថា « ខ្ញុំស្រឡាញ់អ្នក » ដែរ ។
នៅចុងបញ្ចប់ យើងវាយតម្លៃពីរបៀបដែលអ្វីៗបានកើតឡើង ។ តើយើងធ្វើបានល្អប៉ុណ្ណាដែរ ? តើយើងនៅតែត្រូវប្រឹក្សាជាមួយព្រះអម្ចាស់អំពីឥរិយាបថ គំនិត ឬអារម្មណ៍អវិជ្ជមានណាមួយដែរឬទេ ? យើងក៏អាចនិយាយជាមួយសមាជិកគ្រួសារ មិត្តភក្តិ អ្នកឧបត្ថម្ភ ឬអ្នកផ្ដល់ប្រឹក្សាដែលគួរឲ្យទុកចិត្តបានម្នាក់ ដើម្បីជួយយើងឲ្យមើលឃើញអ្វីៗបានកាន់តែច្បាស់ផងដែរ ។
ពិតណាស់ យើងនឹងបន្តធ្វើខុស ទោះបីជាយើងខិតខំអស់ពីសមត្ថភាពយើងហើយក៏ដោយ ។ ប៉ុន្តែការទទួលខុសត្រូវជារៀងរាល់ថ្ងៃ គឺជាការប្តេជ្ញាចិត្តមួយដើម្បីទទួលយកទំនួលខុសត្រូវចំពោះកំហុសទាំងនេះ ។ នៅពេលយើងពិនិត្យមើលគំនិត និងសកម្មភាពរបស់យើងជារៀងរាល់ថ្ងៃ ដោះស្រាយវា និងប្រែចិត្តតាមរយៈព្រះអង្គសង្រ្គោះ នោះគំនិត និងអារម្មណ៍អវិជ្ជមានទាំងឡាយនឹងរលាយបាត់ទៅ ។
« គ្មានអ្វីដែលមានសេរីភាព ប្រពៃ ឬសំខាន់ចំពោះការរីកចម្រើនរបស់យើងម្នាក់ៗ ជាងការផ្ដោតទៅលើការប្រែចិត្តជាទៀងទាត់ និងប្រចាំថ្ងៃនោះទេ ។ ការប្រែចិត្តមិនមែនជាព្រឹត្តិការណ៍ដែលកើតមានតែម្ដងនោះទេ វាគឺជាដំណើរការមួយ ។ វាគឺជាគន្លឹះឆ្ពោះទៅកាន់សុភមង្គល និងសេចក្ដីសុខសាន្ដនៅក្នុងគំនិត ។ នៅពេលផ្គួបគ្នាជាមួយនឹងសេចក្ដីជំនឿ នោះការប្រែចិត្តបើកច្រកទ្វារទៅកាន់ព្រះចេស្ដានៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ [ សូមមើល នីហ្វៃទី២ ៩:២៣ ] » ( រ័សុល អិម ណិលសុន « We Can Do Better and Be Better » Liahona ខែឧសភា ឆ្នាំ២០១៩ ទំព័រ៦៧ ) ។
ការទទួលខុសត្រូវជារៀងរាល់ថ្ងៃ ឬការប្រែចិត្តជារៀងរាល់ថ្ងៃ ជួយយើងឲ្យដកពិសោធន៍អំណរ និងសេរីភាពដែលព្រះអង្គសង្គ្រោះប្រទានឲ្យយើង ។ យើងលែងរស់នៅដាច់ដោយឡែកពីព្រះអម្ចាស់ ឬអ្នកដទៃទៀតហើយ ។ យើងអាចមានកម្លាំង និងសេចក្ដីជំនឿដើម្បីប្រឈមមុខនឹងការលំបាកទាំងឡាយ ហើយយកឈ្នះលើការលំបាកទាំងនោះបាន ។ យើងអាចរីករាយនឹងការរីកចម្រើនរបស់យើង ហើយទុកចិត្តថា ការអនុវត្ត និងការអត់ធ្មត់នឹងធានាឲ្យមានការព្យាបាលជាបន្ដបន្ទាប់ ។
ជំហានសកម្មភាព
នេះគឺជាកម្មវិធីដែលធ្វើសកម្មភាព ។ ការរីកចម្រើនរបស់យើងពឹងផ្អែកលើការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមជំហានទាំងនេះនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។ ការណ៍នេះត្រូវបានហៅថា « ការធ្វើតាមជំហាន » ។ សកម្មភាពខាងក្រោមនេះជួយយើងឲ្យមករកព្រះគ្រីស្ទ ហើយទទួលបានការណែនាំ និងអំណាចដែលចាំបាច់ ដើម្បីធ្វើតាមជំហានបន្ទាប់ក្នុងដំណើរព្យាបាលរបស់យើង ។
ការរៀបចំខ្លួនខាងវិញ្ញាណជារៀងរាល់ថ្ងៃ
ផ្នែកដ៏សំខាន់មួយនៃការទទួលខុសត្រូវជារៀងរាល់ថ្ងៃ គឺការរៀបចំផែនការសម្រាប់មួយថ្ងៃៗរបស់យើង ធ្វើតាមផែនការរបស់យើង ហើយបន្ទាប់មកពិនិត្យឡើងវិញថា តើយើងធ្វើកិច្ចការទាំងឡាយបានល្អប៉ុណ្ណាដែរនៅចុងបញ្ចប់នៃថ្ងៃនោះ ។ នៅពេលយើងធ្វើការណ៍នេះដោយចេតនា នោះយើងនឹងត្រូវបានការពារកុំឲ្យត្រឡប់ទៅកាន់ទម្លាប់ចាស់វិញ ។
អែលឌើរ ដេវីឌ អេ បែដណា ប្រឹក្សាយើងឲ្យរៀបចំពេលវេលារបស់យើងជាមួយព្រះអម្ចាស់នៅពេលព្រឹក ៖ « ការអធិស្ឋាននៅព្រឹកដ៏មានអត្ថន័យគឺជាធាតុដ៏សំខាន់មួយ ក្នុងការបង្កើតខាងវិញ្ញាណសម្រាប់ថ្ងៃនីមួយៗ—និងមុនការបង្កើតខាងសាច់ឈាម ឬការធ្វើសកម្មភាពពិតប្រាកដនៅថ្ងៃនោះ » ( « Pray Always » Liahona ខែវិច្ឆិកា ឆ្នាំ២០០៨ ទំព័រ៤១ ) ។
នៅពេលយើងធ្វើសកម្មភាពក្នុងមួយថ្ងៃ យើងបន្ដអធិស្ឋាននៅក្នុងចិត្តរបស់យើងសូមជំនួយ និងការណែនាំជាបន្តបន្ទាប់ ។ ពេលខ្លះអ្វីៗមិនដំណើរការដូចដែលយើងបានគ្រោងទុកនោះទេ ហើយយើងត្រូវតែចេះបត់បែន ហើយបន្តស្វែងរកជំនួយពីព្រះវរបិតាសួគ៌ ។
អែលឌើរ បែដណា បានបន្ដទូន្មានយើង ៖ « នៅចុងបញ្ចប់នៃពេលមួយថ្ងៃរបស់យើង យើងលុតជង្គង់ចុះម្តងទៀត ហើយរាយការណ៍ទៅព្រះវរបិតារបស់យើង ។ យើងពិនិត្យមើលព្រឹត្តិការណ៍នៅថ្ងៃនោះឡើងវិញ » ( « PrayAlways » ទំព័រ៤២ ) ។ នៅពេលយើងតាមដានជាមួយព្រះអម្ចាស់ ហើយពិនិត្យពេលវេលាក្នុងមួយថ្ងៃរបស់យើងឡើងវិញ នោះយើងអាចអបអរសាទរនឹងជោគជ័យរបស់យើង ហើយទទួលស្គាល់ពីកន្លែងដែលយើងបរាជ័យ ។ យើងប្រឹក្សាជាមួយព្រះអម្ចាស់អំពីអ្វីដែលយើងត្រូវធ្វើដើម្បីប្រែចិត្ត ឬធ្វើការកែតម្រូវ និងរបៀបដែលយើងអាចធ្វើឲ្យបានកាន់តែប្រសើរឡើងនៅលើកក្រោយ ។
ការប្រែចិត្តជារៀងរាល់ថ្ងៃ
« ម្ដងមួយថ្ងៃ » គឺជាឃ្លាដែលយើងធ្លាប់ស្គាល់ដែលមានន័យថា ការរស់នៅក្នុងពេលបច្ចុប្បន្ន ។ តាមរយៈការបន្តពិចារណាពីគំនិត អារម្មណ៍ និងឥរិយាបថរបស់យើង យើងមានឱកាសដើម្បីប្រែចិត្ត និងខិតទៅកាន់តែជិតព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ ។ នៅពេលយើងប្រែចិត្ត យើងរកឃើញសេចក្ដីពិតដែលថា ការប្រែចិត្តមិនមែនជាការសាកល្បងដ៏សោកសៅ និងតឹងរឹងនោះទេ ប៉ុន្តែវាជាបទពិសោធន៍ដ៏រីករាយ និងផ្ដល់សេរីភាពមួយ ដែលយើងទន្ទឹងរង់ចាំចង់ឱបក្រសោប ។
នៅពេលយើងប្រែចិត្តជារៀងរាល់ថ្ងៃ យើងអាចរកឃើញកំហុសបន្ថែមទៀត ឬចងចាំពីសកម្មភាពកាលពីមុន ដែលត្រូវការការយកចិត្តទុកដាក់ ហើយក្នុងករណីខ្លះ ត្រូវការការផ្ដល់សំណងវិញ ។ វាអាចក្លាយជាផ្នែកមួយនៃការប្រែចិត្តជារៀងរាល់ថ្ងៃរបស់យើង ដើម្បីផ្តោតឡើងវិញទៅលើជំហានពីមុនៗ ដែលបានរចនាឡើងដើម្បីដកកំហុសរបស់យើងចេញ ឬផ្ដល់សំណងជូនវិញ ។ ការពិនិត្យឡើងវិញអំពីអ្វីដែលយើងបានរៀនមកពីការខិតខំរបស់យើងដើម្បីប្រែចិត្តជារៀងរាល់ថ្ងៃជាមួយអ្នកឧបត្ថម្ភរបស់យើង អាចបញ្ជាក់ពីអ្វីផ្សេងទៀតដែលយើងត្រូវធ្វើដើម្បីប្រែចិត្តឲ្យបានពេញលេញ ។ យើងក៏អាចត្រូវសារភាពប្រាប់ទៅអ្នកមានសិទ្ធិអំណាចបព្វជិតភាពត្រឹមត្រូវផងដែរ ។
ប្រធាន រ័សុល អិម ណិលសុន ជំរុញយើងឲ្យ « ទទួលបទពិសោធន៍នៃការពង្រឹងអំណាចនៃការប្រែចិត្តប្រចាំថ្ងៃ—ក្នុងការធ្វើ ឬធ្វើជាមនុស្សប្រសើរជាងបន្ដិចម្ដងៗជារៀងរាល់ថ្ងៃ » ( « We Can Do Better and Be Better » Liahona ខែឧសភា ឆ្នាំ២០១៩ ទំព័រ៦៧ ) ។ នៅពេលយើងបន្ទាបខ្លួន ហើយព្យាយាមមានភាពស្មោះត្រង់ជារៀងរាល់ថ្ងៃ នោះយើងខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះ ។ ព្រះអង្គសង្គ្រោះបានណែនាំពួកសិស្សរបស់ទ្រង់ថា « បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ » ( លូកា ៩:២៣ ) ។ ការប្រែចិត្ត និងការផ្ទុកឈើឆ្កាងរបស់យើងដើម្បីដើរតាមព្រះអង្គសង្គ្រោះជារៀងរាល់ថ្ងៃ រៀបចំយើងសម្រាប់ជំហានទី ១១ ។
ការសិក្សា និងការយល់ដឹង
បទម្ពីរ និងសេចក្ដីថ្លែងការណ៍ខាងក្រោមមកពីថ្នាក់ដឹកនាំសាសនាចក្រទាំងនេះ អាចជួយដល់ដំណើរការព្យាបាលរបស់យើងបាន ។ យើងអាចប្រើវាសម្រាប់ការស្មិងស្មាធិ៍ ការសិក្សា និងការសរសេរសៀវភៅកំណត់ហេតុបាន ។ យើងត្រូវចាំថា យើងត្រូវស្មោះត្រង់ និងជាក់លាក់នៅក្នុងការសរសេររបស់យើង ដើម្បីទទួលបានប្រយោជន៍ច្រើនបំផុតពីសកម្មភាពនេះ ។
ប្រយ័ត្នគំនិត ពាក្យសម្ដី និងកិច្ចការរបស់យើង
« បើសិនជាអ្នករាល់គ្នាពុំប្រយ័ត្នខ្លួន ទាំងគំនិតរបស់ខ្លួន និងពាក្យសម្ដីរបស់ខ្លួន និងកិច្ចការរបស់ខ្លួន ហើយគោរពតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ហើយបន្តទៅក្នុងសេចក្ដីជំនឿជឿដល់អ្វីដែលអ្នករាល់គ្នាបានឮអំពីការយាងមកនៃព្រះអម្ចាស់របស់យើង រហូតដល់ថ្ងៃចុងក្រោយនៃជីវិតខ្លួនទេ នោះអ្នករាល់គ្នានឹងត្រូវវិនាស ។ ហើយឥឡូវនេះ ឱមនុស្សលោកអើយ សូមចងចាំ ហើយកុំវិនាសបង់ឡើយ » ( ម៉ូសាយ ៤:៣០ ) ។
វាអាចមានគ្រោះថ្នាក់ ឬបណ្តាលឲ្យស្លាប់បាន ប្រសិនបើយើងមិនយកចិត្តទុកដាក់ទៅលើអ្វីដែលយើងកំពុងធ្វើ នៅពេលបើកឡានទេនោះ ។ សូមសរសេរអំពីការដឹងពីខ្លួនឯង ។
-
តើការធ្វើស្វ័យវាយតម្លៃជួយខ្ញុំឲ្យចៀសវាងការភ្លាត់ទៅរកការញៀនរបស់ខ្ញុំម្ដងទៀត ( និងការវិនាសបង់ ) ដោយរបៀបណា ?
ការបន្ទាបខ្លួន និងការគ្រប់គ្រងខ្លួនឯង
« មានពរហើយដល់ពួកអ្នកណា ដែលបានបន្ទាបខ្លួនដោយពុំបាច់គេបង្ខំ » ( អាលម៉ា ៣២:១៦ ) ។
ការមានឆន្ទៈលុបបំបាត់គំនិតអវិជ្ជមានមុនពេលវាផ្ទុះឡើងទៅជាឥរិយាបថដែលធ្វើឲ្យឈឺចាប់ គឺជារបៀបមួយដើម្បីបន្ទាបខ្លួនយើងដោយពុំបាច់គេបង្ខំឡើយ ។ សូមសរសេរអំពីឆន្ទៈរបស់អ្នកដើម្បីបន្ទាបខ្លួន ។ សូមសាកពិសោធន៍មួយថ្ងៃជាមួយការរៀនលុបបំបាត់ចោលគំនិតអវិជ្ជមាន ។
-
តើមានពរជ័យអ្វីខ្លះកើតមានដល់ខ្ញុំ ?
រស់នៅក្នុងពេលបច្ចុប្បន្ន
« កាលណាមនុស្សម្នាក់កាន់តែមានការយល់ដឹងច្បាស់ នោះគាត់កាន់តែស្វែងរកអំណោយទាននៃការប្រែចិត្ត ហើយគាត់កាន់តែខិតខំដើម្បីដោះលែងខ្លួនឯងពីអំពើបាបកាន់តែខ្លាំងឡើង នៅពេលគាត់ធ្វើខុសពីព្រះទ័យនៃព្រះ ។ … ជាលទ្ធផលគឺថា អំពើបាបរបស់ពួកអ្នកខ្លាចព្រះ និងពួកសុចរិតនឹងត្រូវលើកទោសឲ្យជាបន្ដបន្ទាប់ ដោយសារពួកគេប្រែចិត្ត និងខិតខំស្វែងរកព្រះអម្ចាស់ជាថ្មីជារៀងរាល់ថ្ងៃ និងជារៀងរាល់ម៉ោង » ( ប្រ៊ូស អ័រ ម៉ាក់ខនឃី Doctrinal New Testament Commentary [ ឆ្នាំ១៩៦៥ ] ទំព័រ ៣:៣៤២–៣៤៣ ) ។
ឥទ្ធិពលមួយដែលមានប្រយោជន៍បំផុត—ខាងផ្លូវចិត្ត ខាងសតិអារម្មណ៍ និងខាងវិញ្ញាណ—នៃការរស់នៅតាមគោលការណ៍ដែលបានរៀបរាប់ក្នុងជំហានទាំងនេះ គឺយើងរៀនរស់នៅក្នុងពេលបច្ចុប្បន្ន ។
-
តើជំហានទី ១០ ជួយខ្ញុំឲ្យប្រឈមនឹងជីវិតម្ដងមួយម៉ោងៗ នៅពេលចាំបាច់យ៉ាងដូចម្ដេច ?
-
តើវាជួយខ្ញុំឲ្យដឹងថា ខ្ញុំត្រូវរស់នៅតាមគោលការណ៍ទាំងនេះពីមួយថ្ងៃទៅមួយថ្ងៃតែប៉ុណ្ណោះយ៉ាងដូចម្ដេច ?
បន្តការប្រែចិត្ត និងការអភ័យទោស
« ដរាបណាពួកគេប្រែចិត្ត ហើយស្វែងរកការអត់ទោសដោយស្មោះអស់ពីចិត្ត នោះពួកគេតែងតែនឹងបានអត់ទោសឲ្យ » ( មរ៉ូណៃ ៦:៨ ) ។
ការដឹងថា ព្រះអម្ចាស់មានព្រះទ័យចង់អភ័យទោសឲ្យយើង យ៉ាងញឹកញាប់តាមដែលយើងប្រែចិត្តដោយស្មោះអស់ពីចិត្ត អាចផ្ដល់ភាពក្លាហានឲ្យយើងសាកល្បងម្ដងទៀត រាល់ពេលដែលយើងធ្វើខុស ។
-
តើការប្រែចិត្ត និងការស្វែងរកការអភ័យទោសដោយស្មោះអស់ពីចិត្តមានន័យដូចម្ដេច ?
មានចិត្តអត់ធ្មត់
« ខ្ញុំចង់ឲ្យអ្នករាល់គ្នាបន្ទាបខ្លួន ហើយចុះចូល ហើយសុភាពទន់ភ្លន់ រហ័សធ្វើតាមការល្អ ពោរពេញទៅដោយការទ្រាំទ្រ និងការអត់ធ្មត់ សង្កត់ចិត្តក្នុងកិច្ចការគ្រប់យ៉ាង » ( អាលម៉ា ៧:២៣ ) ។
អ្នកណាក៏ដោយដែលបានលើកឡើងពីពាក្យចាស់ដែលពោលថា « ការអនុវត្តធ្វើឲ្យបានល្អឥតខ្ចោះ » មិនបានប្រាប់ពីទំហំចិត្តអត់ធ្មត់ដែលវាត្រូវការ ដើម្បីបន្តអនុវត្តនោះទេ ។ នៅពេលយើងមានចិត្តអត់ធ្មត់ និងបន្តធ្វើការកែតម្រូវប្រចាំថ្ងៃ និងកត់ត្រាបញ្ជីប្រវត្តិប្រចាំថ្ងៃ នោះយើងនឹងរីកចម្រើននៅលើផ្លូវរបស់យើងដើម្បីបានជាសះស្បើយ ។
-
តើការធ្វើស្វ័យវាយតម្លៃ និងការកែតម្រូវប្រចាំថ្ងៃធានាថា ខ្ញុំនឹងបន្តនៅក្នុងការបន្ទាបខ្លួន និងការអភិវឌ្ឍខាងវិញ្ញាណរបស់ខ្ញុំយ៉ាងដូចម្ដេច ?
-
តើការកត់ត្រាបញ្ជីប្រវត្តិនៅចុងបញ្ចប់នៃថ្ងៃនីមួយៗជួយខ្ញុំឲ្យយកឈ្នះលើទំនោរក្នុងការចងកំហឹង ឬមានអារម្មណ៍ដ៏ឈឺចាប់ផ្សេងទៀតយ៉ាងដូចម្ដេច ?
ការកែលម្អឲ្យបានប្រសើរឡើងពេញមួយជីវិត
« ខ្ញុំនៅតែមានអារម្មណ៍ចង់ជំរុញពួកបរិសុទ្ធថ្ងៃចុងក្រោយឲ្យដឹងពីភាពចាំបាច់នៃការអនុវត្តដ៏ម៉ឺងម៉ាត់តាមគោលការណ៍នៃដំណឹងល្អនៅក្នុងជីវិត ទង្វើ និងពាក្យសម្ដីរបស់យើង និងអ្វីៗគ្រប់យ៉ាងដែលយើងធ្វើ ហើយវាតម្រូវឲ្យមនុស្សទាំងមូល ពេញមួយជីវិតត្រូវឧទ្ទិសដើម្បីបានប្រសើរឡើង ដើម្បីទទួលបានចំណេះដឹងអំពីសេចក្ដីពិត ដូចនៅក្នុងព្រះយេស៊ូវគ្រីស្ទដែរ » ( Discourses of Brigham Young sel. John A. Widtsoe [ ឆ្នាំ១៩៥៤ ] ទំព័រ១១ ) ។
ការអនុវត្តតាមជំហានទាំងនេះអាចត្រូវបានពិពណ៌នាថាជា « ការអនុវត្តដ៏ម៉ឺងម៉ាត់ » តាមគោលការណ៍នៃដំណឹងល្អ ។
-
តើការមានឆន្ទៈវាយតម្លៃខ្លួនឯងជារៀងរាល់ថ្ងៃនៅគ្រប់កម្រិត ( សកម្មភាព ពាក្យសម្ដី គំនិត អារម្មណ៍ និងជំនឿ ) ជួយខ្ញុំឲ្យឧទ្ទិសខ្លួនឯងដើម្បីបានប្រសើរឡើងពេញមួយជីវិតយ៉ាងដូចម្ដេច ?