« ជំហានទី ៦ ៖ ត្រៀមខ្លួនរួចជាស្រេចទាំងស្រុងដើម្បីឲ្យព្រះដកចេញនូវចរិតលក្ខណៈទន់ខ្សោយរបស់យើងទាំងអស់ » ការព្យាបាលតាមរយៈព្រះអង្គសង្គ្រោះ ៖ កម្មវិធីព្យាបាលការញៀន មគ្គទេសក៍ព្យាបាល ១២ ជំហាន ( ឆ្នាំ២០២៣ )
« ជំហានទី ៦ » កម្មវិធីព្យាបាលការញៀន មគ្គទេសក៍ព្យាបាល ១២ ជំហាន
ជំហានទី ៦ ៖ ត្រៀមខ្លួនរួចជាស្រេចទាំងស្រុងដើម្បីឲ្យព្រះដកចេញនូវចរិតលក្ខណៈទន់ខ្សោយរបស់យើងទាំងអស់ ។
គោលការណ៍សំខាន់ៗ ៖ ការផ្លាស់ប្ដូរដួងចិត្ត
ពួកយើងជាច្រើនទទួលបានជោគជ័យ និងការព្យាបាលតាមរយៈជំហានទី ៥ ។ ពួកយើងភ្ញាក់ផ្អើល និងមានអំណរគុណចំពោះការផ្លាស់ប្ដូរនៅក្នុងខ្លួនយើង ។ ពួកយើងភាគច្រើនបានរកឃើញថា ការញៀនរបស់យើងល្បួងយើងមិនសូវខ្លាំង និងមិនសូវញឹកញាប់ដូចមុនទេ ។ ពួកយើងមួយចំនួនបានចាប់ផ្ដើមមើលឃើញពរជ័យនៃការជាសះស្បើយរួចហើយ ។ ពួកយើងទាំងអស់គ្នាមានអារម្មណ៍ជិតស្និទ្ធនឹងព្រះវរបិតាសួគ៌ ហើយមានសេចក្ដីសុខសាន្តកាន់តែខ្លាំងឡើងនៅក្នុងជីវិតរបស់យើង ។ ដោយមានការផ្លាស់ប្ដូរដ៏ខ្លាំងបែបនេះ ពួកយើងមួយចំនួនឆ្ងល់ថា តើនេះជាអ្វីទាំងអស់ដែលយើងត្រូវធ្វើមែនទេ ។ ប៉ុន្តែ យើងនៅតែត្រូវការការព្យាបាលបន្ថែមទៀតដើម្បីបន្ត និងរក្សាស្ថានភាពជាសះស្បើយរបស់យើង ។
យើងបានកត់សម្គាល់ឃើញថា ការប្រកាន់ខ្ជាប់របស់យើងបានធ្វើឲ្យយើងមើលឃើញកាន់តែច្បាស់នូវចរិតលក្ខណៈទន់ខ្សោយរបស់យើង ។ ដោយសារយើងលែងប្រើការញៀនជាការគេចវេះទៀត នោះយើងអាចមើលឃើញបញ្ហារបស់យើងបានកាន់តែច្បាស់ ។ យើងបានព្យាយាមគ្រប់គ្រងគំនិត និងអារម្មណ៍អវិជ្ជមានរបស់យើង ប៉ុន្តែវាបន្តលេចឡើងវិញ មករំខានយើង និងគំរាមកំហែងដល់ជីវិតថ្មីរបស់យើងក្នុងដំណើរជាសះស្បើយ ។ យើងត្រូវបានល្បួងឲ្យប្រើឥរិយាបថញៀន និងភាពរឹងចចេសរបស់យើងដើម្បីព្យាយាមគ្រប់គ្រងចរិតលក្ខណៈទន់ខ្សោយរបស់យើង ហើយទប់ទល់នឹងភាពតានតឹង ដូចដែលយើងធ្លាប់ធ្វើកាលពីមុនមក ។
អស់អ្នកដែលបានយល់ពីភាពស្មុគស្មាញខាងវិញ្ញាណនៃដំណើរជាសះស្បើយបានជំរុញឲ្យយើងទទួលស្គាល់ថា ខណៈដែលការផ្លាស់ប្ដូរខាងក្រៅទាំងអស់ក្នុងជីវិតរបស់យើងមានលក្ខណៈអស្ចារ្យ ព្រះយេស៊ូវគ្រីស្ទទ្រង់មានពរជ័យបន្ថែមទៀតសម្រាប់យើង ។ អ្នកដទៃទៀតបានជួយយើងឲ្យមើលឃើញថា បើយើងមិនត្រឹមតែចង់ចៀសវាងពីការញៀនរបស់យើងនោះទេ ថែមទាំងចង់បំបាត់ចោលនូវបំណងប្រាថ្នាក្នុងការត្រឡប់មករកវាវិញ នោះយើងត្រូវដកពិសោធន៍នូវការផ្លាស់ប្តូរដួងចិត្ត ។ បំណងប្រាថ្នាដើម្បីមានការផ្លាស់ប្តូរដួងចិត្តនេះគឺជាគោលបំណងនៃជំហានទី ៦ ។
អ្នកអាចឆ្ងល់ថា តើអ្នកអាចមានការផ្លាស់ប្ដូរបែបនេះបានយ៉ាងដូចម្ដេចទៅ ។ ដូចជំហានមុនដែរ ជំហានទី ៦ អាចមានអារម្មណ៍ដូចជាឧបសគ្គដ៏លើសលប់មួយ ។ សូមកុំបាក់ទឹកចិត្តដោយសារអារម្មណ៍ទាំងនេះឡើយ ។ កាលដែលវាអាចឈឺចាប់ ពេលយើងធ្វើដូច្នោះ អ្នកប្រហែលជាត្រូវសារភាពថា ការទទួលស្គាល់ និងការសារភាពពីចរិតលក្ខណៈទន់ខ្សោយរបស់យើងនៅក្នុងជំហានទី ៤ និងទី ៥ មិនមែនមានន័យថា យើងត្រៀមខ្លួនដើម្បីបោះបង់ចរិតទាំងនោះចោលទេ ។ យើងអាចនៅតែតោងជាប់នឹងរបៀបចាស់របស់យើងដដែល នៅពេលយើងព្យាយាមដោះស្រាយភាពតានតឹង ។
អ្វីដែលបន្ទាបខ្លួនខ្លាំងបំផុតដែលត្រូវទទួលស្គាល់គឺថា យើងអាចកំពុងព្យាយាមផ្លាស់ប្ដូរខ្លួនឯងដោយគ្មានជំនួយរបស់ព្រះ ។ ជំហានទី ៦ តម្រូវឲ្យយើងបោះបង់អំនួត និងភាពរឹងចចេសរបស់យើងទាំងប៉ុន្មានដែលនៅសេសសល់ទៅតាមព្រះ ។ ដូចជាជំហានទី ១ និងទី ២ ផងដែរ នោះជំហានទី ៦ តម្រូវឲ្យយើងបន្ដបន្ទាបខ្លួនយើង ហើយសារភាពពីតម្រូវការរបស់យើងដើម្បីទទួលបានព្រះចេស្ដាដ៏ប្រោសលោះ និងផ្លាស់ប្ដូររបស់ព្រះគ្រីស្ទ ។ នៅទីបំផុត ពលិកម្មដ៏ធួនរបស់ទ្រង់បានធ្វើឲ្យយើងអាចធ្វើការឆ្លងកាត់ជំហាននីមួយៗរហូតមកដល់ចំណុចនេះ ។ ជំហានទី ៦ មិនមែនជាករណីលើកលែងនោះទេ ។
នៅពេលយើងមករកព្រះយេស៊ូវគ្រីស្ទ ហើយទូលសូមជំនួយជាមួយនឹងជំហាននេះ នោះយើងនឹងមិនខកចិត្តឡើយ ។ ប្រសិនបើយើងទុកចិត្តលើទ្រង់ ហើយមានចិត្តអត់ធ្មត់ក្នុងដំណើរការនេះ នោះយើងនឹងឃើញថា អំនួតរបស់យើងនឹងត្រូវជំនួសដោយការបន្ទាបខ្លួនបន្តិចម្តងៗ ។ ទ្រង់នឹងរង់ចាំដោយអត់ធ្មត់ ដើម្បីឲ្យយើងនឿយហត់ពីការខិតខំរបស់យើងក្នុងការផ្លាស់ប្ដូរខ្លួនឯងដោយគ្មានជំនួយពីទ្រង់ ។ នៅពេលណាដែលយើងងាកទៅរកទ្រង់ នោះយើងនឹងឃើញសេចក្ដីស្រឡាញ់ និងអំណាចរបស់ទ្រង់ជាថ្មីម្ដងទៀត ។ ជំនួសឲ្យការតោងជាប់នឹងលំនាំឥរិយាបថចាស់ៗ យើងអាចមានបើកចិត្ត កាលព្រះវិញ្ញាណណែនាំពីរបៀបរស់នៅដែលល្អប្រសើរជាងនេះដោយទន់ភ្លន់ ។ អារម្មណ៍ភ័យខ្លាចរបស់យើងចំពោះការផ្លាស់ប្ដូរនឹងថយចុះ នៅពេលយើងដឹងថា ព្រះយេស៊ូវគ្រីស្ទយល់ពីការឈឺចាប់ និងការខិតខំដ៏ពិបាកដែលតម្រូវឲ្យធ្វើនេះ ។ ជាថ្មីម្តងទៀត រឿងនេះកើតឡើងតាមពេលវេលា ហើយវាខុសៗគ្នាសម្រាប់ពួកយើងម្នាក់ៗ ។ នេះគឺជាលំហាត់មួយនៃការបន្ដប្រគល់ឆន្ទៈរបស់យើងថ្វាយព្រះអម្ចាស់ ។ វាគឺជាដំណើរការមួយ មិនមែនជាព្រឹត្តិការណ៍ដែលកើតឡើងតែម្ដងនោះទេ ។
នៅពេលដែលដំណើរការនៃការមករកព្រះគ្រីស្ទដុះជាប់នៅក្នុងចិត្តរបស់យើងហើយ នោះជំនឿខុសឆ្គងរបស់យើងដែលបញ្ឆេះជាគំនិត និងអារម្មណ៍អវិជ្ជមានរបស់យើងនឹងត្រូវបានជំនួសដោយសេចក្ដីពិត ។ យើងនឹងមានកម្លាំងកាន់តែខ្លាំងឡើង នៅពេលយើងបន្តសិក្សា និងអនុវត្តតាមព្រះបន្ទូលរបស់ព្រះ ។ តាមរយៈទីបន្ទាល់របស់មនុស្សដទៃ នោះព្រះអម្ចាស់នឹងជួយយើងឲ្យរៀនថា យើងមិនធ្លាក់ហួសពីអំណាចរបស់ទ្រង់ដើម្បីព្យាបាលយើងនោះទេ ។ បំណងប្រាថ្នាដើម្បីស្តីបន្ទោសអ្នកដទៃ ឬដោះសាពីរបៀបរបស់យើងចេញពីដំណើរការដ៏លំបាកនេះ នឹងត្រូវបានជំនួសដោយបំណងប្រាថ្នាដើម្បីទទួលខុសត្រូវចំពោះទ្រង់ និងចុះចូលតាមព្រះទ័យរបស់ទ្រង់ ។ តាមរយៈព្យាការីអេសេគាល ព្រះអម្ចាស់បានប្រកាសថា « យើងនឹងឲ្យឯងមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរ យើងនឹងដកចិត្តដែលរឹងដូចថ្ម ពីរូបសាច់ឯងចេញ … » ( អេសេគាល ៣៦:២៦ ) ។
ព្រះអង្គសង្គ្រោះសព្វព្រះទ័យចង់ប្រទានពរដល់យើង និងផ្លាស់ប្ដូរធម្មជាតិរបស់យើង ។ នៅពេលយើងអនុញ្ញាតឲ្យទ្រង់ធ្វើដូច្នោះ យើងនឹងកាន់តែរួបរួមគ្នាជាមួយទ្រង់ គឺដូចជាទ្រង់រួបរួមគ្នាជាមួយនឹងព្រះវរបិតាសួគ៌ដែរ ។ ព្រះអង្គសង្គ្រោះសព្វព្រះទ័យឲ្យយើងសម្រាកពីភាពកណ្ដោចកណ្ដែង និងការភ័យខ្លាច ដែលបានរួមចំណែកដល់ការញៀនរបស់យើង ។ ទ្រង់សព្វព្រះទ័យប្រទានពរឲ្យយើងទទួលបានព្រះគុណ និងព្រះចេស្ដារបស់ទ្រង់ ដែលមានសម្រាប់យើងតាមរយៈពលិកម្មដ៏ធួនរបស់ទ្រង់ ។
នៅពេលយើងចុះចូលតាមការបំផុសគំនិតរបស់ព្រះវិញ្ញាណ ហើយសម្លឹងមើលទៅព្រះដើម្បីទទួលបានសេចក្ដីសង្គ្រោះ មិនត្រឹមតែចេញពីការញៀនប៉ុណ្ណោះទេ ថែមទាំងចេញពីចរិតលក្ខណៈទន់ខ្សោយទាំងឡាយផងដែរ នោះទ្រង់នឹងផ្លាស់ប្ដូរទំនោរ និងចរិតលក្ខណៈរបស់យើង ប្រសិនបើយើងមានឆន្ទៈធ្វើតាមទ្រង់ ។ បំណងប្រាថ្នាដ៏កើនឡើងដើម្បីបានបន្សុទ្ធដោយព្រះ នឹងរៀបចំយើងសម្រាប់ការផ្លាស់ប្តូរធម្មជាតិជាមនុស្សរបស់យើង ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានពិពណ៌នាពីការផ្លាស់ប្ដូរនេះដូចតទៅនេះ ៖
« ព្រះអម្ចាស់ធ្វើការពីខាងក្នុងដួងចិត្តមកក្រៅ ។ លោកិយធ្វើការពីខាងក្រៅទៅក្នុង ។ លោកិយនឹងយកមនុស្សចេញពីភាពកខ្វក់ ។ ព្រះគ្រីស្ទយកភាពកខ្វក់ចេញពីមនុស្ស ហើយបន្ទាប់មកពួកគេយកខ្លួនឯងចេញពីភាពកខ្វក់នោះ ។ លោកិយនឹងសូន្យ [ មនុស្ស ] ដោយការផ្លាស់ប្ដូរបរិយាកាសរបស់ពួកគេ ។ ព្រះគ្រីស្ទផ្លាស់ប្ដូរ [ មនុស្ស ] ដែលបន្ទាប់មកមនុស្សនោះផ្លាស់ប្ដូរបរិយាកាសរបស់ខ្លួន ។ លោកិយនឹងសម្រួចសម្រាំងឥរិយាបថរបស់មនុស្ស ប៉ុន្តែព្រះគ្រីស្ទអាចផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សបាន ។ …
« សូមយើងជឿជាក់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ជ្រើសរើសធ្វើតាមទ្រង់ ផ្លាស់ប្ដូរដើម្បីទ្រង់ ឲ្យទ្រង់ដឹកនាំយើង ត្រូវបានលេបនៅក្នុងទ្រង់ ហើយកើតជាថ្មីម្ដងទៀត » ( « Born of God » Ensign ខែវិច្ឆិកា ឆ្នាំ១៩៨៥ ទំព័រ៦–៧ ) ។
ជំហានសកម្មភាព
នេះគឺជាកម្មវិធីដែលធ្វើសកម្មភាព ។ ការរីកចម្រើនរបស់យើងពឹងផ្អែកលើការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមជំហានទាំងនេះនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។ ការណ៍នេះត្រូវបានហៅថា « ការធ្វើតាមជំហាន » ។ សកម្មភាពខាងក្រោមនេះជួយយើងឲ្យមករកព្រះគ្រីស្ទ ហើយទទួលបានការណែនាំ និងអំណាចដែលចាំបាច់ ដើម្បីធ្វើតាមជំហានបន្ទាប់ក្នុងដំណើរព្យាបាលរបស់យើង ។
មានឆន្ទៈផ្លាស់ប្ដូរតាមរយៈព្រះចេស្ដានៃព្រះ
នៅពេលយើងរៀនអំពីជំហានទី ៦ ជាលើកដំបូង ពួកយើងមួយចំនួនបាននិយាយថា « ប្រាកដណាស់ ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីឲ្យព្រះដកយកភាពទន់ខ្សោយរបស់ខ្ញុំចេញ ! » យើងមានអារម្មណ៍ថាចាញ់ ដោយសារការប៉ុនប៉ងបរាជ័យជាច្រើនដងរបស់យើងដើម្បីយកឈ្នះលើភាពទន់ខ្សោយរបស់យើងដោយខ្លួនឯង ។ ទោះជាយ៉ាងណា នៅពេលយើងជញ្ជឹងគិត និងទទួលបានព័ត៌មានពីអ្នកឧបត្ថម្ភរបស់យើង នោះយើងបានដឹងថា យើងមានការស្ទាក់ស្ទើរក្នុងការបោះបង់ចោលភាពទន់ខ្សោយរបស់យើង ជាងអ្វីដែលយើងបានគិត ។
ព្រះវិញ្ញាណបរិសុទ្ធ និងអ្នកដទៃបានជួយយើងឲ្យមើលឃើញថា យើងឧស្សាហ៍ប្រើភាពទន់ខ្សោយរបស់យើងជាយន្តការការពារ ឬជាវិធីដើម្បីបង្កើនអំនួតរបស់យើង ។ ឧទាហរណ៍ ពួកយើងមួយចំនួនបែរជាអាងលើការអាក់អន់ចិត្ត និងអារម្មណ៍ថាខ្លួនឯងល្អជាងគេទៅវិញ នៅពេលយើងទទួលអារម្មណ៍គំរាមកំហែង ។ យើងចូលចិត្តមានអារម្មណ៍ថាខ្លួនឯងត្រូវ ទោះបីជាជាញឹកញាប់ យើងខុសក៏ដោយ ។
ពួកយើងមួយចំនួនបានមើលងាយខ្លួនឯង ហើយបន្ថយតម្លៃធម្មជាតិដ៏ទេវភាពរបស់យើង ដើម្បីកុំឲ្យអ្នកដទៃធ្វើឲ្យយើងឈឺចាប់ ។ យើងសន្មតថា ប្រសិនបើយើងអាចប្រមាថខ្លួនយើងជាមុន នោះអ្នកផ្សេងទៀតដែលបន្ថោកបន្ទាបយើង គ្រាន់តែមានការសន្និដ្ឋានដូចគ្នា ដែលយើងបានដឹងរួចទៅហើយប៉ុណ្ណោះ ។
ប៉ុន្តែចម្លើយមិនល្អទាំងនេះចំពោះឧបសគ្គទាំងឡាយ បានមកពីចរិតលក្ខណៈទន់ខ្សោយរបស់យើង មិនមែនមកពីភាពខ្លាំងរបស់យើងនោះទេ ។ យើងខ្លាចថា ប្រសិនបើយើងបោះបង់ចោលភាពទន់ខ្សោយរបស់យើង នោះយើងនឹងងាយរងគ្រោះជាងនេះទៅទៀត ។ ប៉ុន្ដែ នៅពេលយើងអនុញ្ញាតឲ្យព្រះដកភាពទន់ខ្សោយរបស់យើងចេញ ហើយធ្វើការជាមួយអ្នកឧបត្ថម្ភរបស់យើង យើងបានរកឃើញថា ព្រះទ្រង់ខ្វល់ខ្វាយយ៉ាងខ្លាំងអំពីយើង ។
យើងសូមអញ្ជើញអ្នកឲ្យភ្ញាក់ឡើង ដឹងពីតម្លៃពិតប្រាកដរបស់អ្នក ហើយដាក់ទីទុកចិត្តរបស់អ្នកទៅលើការថែទាំរបស់ព្រះ ជាជាងនៅក្នុងការការពារខ្លួនរបស់អ្នកផ្ទាល់ ។
ភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃក្នុងក្រុមព្យាបាល និងនៅឯព្រះវិហារ
កាលយើងកាន់តែស្គាល់គ្នាច្បាស់ជាមួយមនុស្សដទៃក្នុងក្រុមព្យាបាល នោះយើងចាប់ផ្ដើមឃើញថា ពួកគេដូចយើងច្រើនជាងអ្វីដែលយើងបានសន្មត ។ នៅពេលយើងចែកចាយដំណើររឿងរបស់យើង ហើយស្តាប់មនុស្សដទៃចែកចាយដំណើររឿងរបស់ពួកគេ នោះចិត្តអាណិតអាសូររបស់យើងបានដុះឡើង ។ យើងចាប់ផ្ដើមស្គាល់ស្ថានភាពទូទៅរបស់បុតា្របុត្រីរបស់ព្រះទាំងអស់ ហើយមានអារម្មណ៍ស្រណុកចិត្តកាន់តែខ្លាំងនៅជុំវិញពួកគេ ។ គ្រួសារ មិត្តភក្តិ និងថ្នាក់ដឹកនាំសាសនាចក្របានអញ្ជើញយើងឲ្យត្រឡប់មកសាសនាចក្រវិញ ឬឲ្យពង្រឹងការតាំងចិត្តបច្ចុប្បន្នរបស់យើង ។ ជំនួសឲ្យការរឹងទទឹង ឬការដោះសា យើងបានសម្រេចចិត្តមកព្រះវិហារ ។ យើងបានរកឃើញបន្តិចម្តងៗថា រឿងជាច្រើនដែលយើងស្រឡាញ់អំពីការប្រជុំការព្យាបាលក៏ជាផ្នែកមួយនៃការថ្វាយបង្គំនៅព្រះវិហារផងដែរ ។
នៅពេលយើងជ្រមុជទឹក ពួកយើងមួយចំនួនតូចយល់ពីដំណើរការប្រែចិត្តជឿពិតប្រាកដ ។ ទោះជាយ៉ាងណា ប្រធាន ម៉ារុន ជី រ៉មនី បានពន្យល់អំពីការណ៍នេះយ៉ាងសាមញ្ញ ៖ « នៅក្នុងមនុស្សម្នាក់ដែលពិតជាបានប្រែចិត្តជឿទាំងស្រុងមែន នោះបំណងប្រាថ្នាចង់បានអ្វីដែលផ្ទុយនឹងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទបានស្លាប់អស់ហើយ ។ ហើយវាជំនួសវិញដោយសេចក្ដីស្រឡាញ់របស់ព្រះ ដោយមានការតាំងចិត្តឋិតថេរ និងគ្រប់គ្រងបាន ដើម្បីបន្ដកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ » ( នៅក្នុង Conference Report, Guatemala Area Conference ( របាយការណ៍សន្និសីទ សន្និសីទតំបន់ក្វាតេម៉ាឡា ) ឆ្នាំ ១៩៧៧ ទំព័រ ៨ ) ។
នៅពេលយើងដកពិសោធន៍អព្ភូតហេតុនៃការជាសះស្បើយឥតឈប់ឈរ—ដំបូងចេញពីឥរិយាបថញៀន ហើយបន្ទាប់ចេញពីចរិតលក្ខណៈទន់ខ្សោយ—នោះយើងនឹងដកពិសោធន៍ការប្រែចិត្តជឿដ៏ពិតប្រាកដ ។ យើងនឹងភ្ញាក់ឡើង ហើយដឹងខ្លួន គឺដូចជាកូនប្រុសខ្ជះខ្ជាយ « ភ្ញាក់ដឹងខ្លួន » ដែរ ( លូកា ១៥:១៧ ) ។
ការសិក្សា និងការយល់ដឹង
បទម្ពីរ និងសេចក្ដីថ្លែងការណ៍ខាងក្រោមមកពីថ្នាក់ដឹកនាំសាសនាចក្រទាំងនេះ អាចជួយដល់ដំណើរការព្យាបាលរបស់យើងបាន ។ យើងអាចប្រើវាសម្រាប់ការស្មិងស្មាធិ៍ ការសិក្សា និងការសរសេរសៀវភៅកំណត់ហេតុបាន ។ យើងត្រូវចាំថា យើងត្រូវស្មោះត្រង់ និងជាក់លាក់នៅក្នុងការសរសេររបស់យើង ដើម្បីទទួលបានប្រយោជន៍ច្រើនបំផុតពីសកម្មភាពនេះ ។
បោះបង់ចោលអស់ទាំងអំពើបាបរបស់អ្នក
« ស្ដេចមានបន្ទូលថា ៖ … [ តើ ] យើងត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យយើងអាចបានកើតពីព្រះ ដោយដកយកវិញ្ញាណអាក្រក់នេះចេញពីទ្រូងយើង ហើយទទួលយកព្រះវិញ្ញាណរបស់ទ្រង់វិញ ដើម្បីឲ្យយើងអាចបានពោរពេញទៅដោយសេចក្ដីអំណរ ? … យើងនឹងបោះបង់ចោលនូវអ្វីៗទាំងអស់ដែលយើងមាន … ដើម្បីឲ្យយើងអាចបានទទួលសេចក្ដីអំណរដ៏ធំនេះ ។ …
« ស្ដេចក៏បានលុតជង្គង់ក្រាបចំពោះព្រះអម្ចាស់ មែនហើយ ព្រមទាំងដួលនៅលើដី ហើយអំពាវនាវជាខ្លាំងថា ៖
« ឱព្រះអង្គអើយ … ទូលបង្គំនឹងបោះបង់ចោលអស់ទាំងអំពើបាបរបស់ទូលបង្គំដើម្បីឲ្យបានស្គាល់ទ្រង់ ហើយដើម្បីទូលបង្គំអាចបានប្រោសឡើងពីស្លាប់ ហើយបានសង្គ្រោះនៅថ្ងៃចុងក្រោយបង្អស់ » ( អាលម៉ា ២២:១៥, ១៧–១៨ ) ។
-
សូមអានខគម្ពីរទាំងនេះម្ដងទៀតដោយប្រុងប្រយ័ត្ន ។ តើមានឧបសគ្គអ្វីខ្លះ រួមទាំងអាកប្បកិរិយា និងអារម្មណ៍នានាផងដែរ ដែលរារាំងខ្ញុំមិនឲ្យបោះបង់ចោល « អស់ទាំងអំពើបាបរបស់ខ្ញុំ » និងទទួលព្រះវិញ្ញាណឲ្យបានកាន់តែពេញលេញ ?
ចូលរួមក្នុងការរាប់អានគ្នានៅក្នុងសាសនាចក្រ
« ហើយឥឡូវនេះ មកពីសេចក្ដីសញ្ញាដែលអ្នករាល់គ្នាបានធ្វើ អ្នករាល់គ្នានឹងត្រូវបានហៅថា ជាកូនចៅនៃព្រះគ្រីស្ទ គឺជាបុត្រារបស់ទ្រង់ និងបុត្រីរបស់ទ្រង់ ដ្បិតមើលចុះ ថ្ងៃនេះទ្រង់បានបង្កើតអ្នកខាងវិញ្ញាណហើយ ដ្បិតអ្នករាល់គ្នាបាននិយាយថា ចិត្តរបស់អ្នកបានផ្លាស់ប្ដូរ តាមរយៈសេចក្ដីជំនឿជឿដល់ព្រះនាមទ្រង់ ហេតុដូច្នេះហើយ អ្នករាល់គ្នាបានកើតមកពីទ្រង់ ហើយបានក្លាយទៅជាបុត្រារបស់ទ្រង់ និងបុត្រីរបស់ទ្រង់ដែរ » ( ម៉ូសាយ ៥:៧ ) ។
កាលយើងលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះគ្រីស្ទ ហើយត្រូវបានពង្រឹងដោយព្រះវិញ្ញាណរបស់ទ្រង់ នោះយើងចាប់ផ្ដើមយល់ចិត្តពួកបរិសុទ្ធ—ជាបងប្អូនប្រុស និងបងប្អូនស្រីដែលបានជ្រមុជទឹក និងបានចូលមកក្នុងគ្រួសាររបស់ទ្រង់នៅលើផែនដី ។
-
នៅពេលខ្ញុំស្គាល់សមាជិកពួកបរិសុទ្ធរបស់ខ្ញុំបានកាន់តែច្បាស់ តើខ្ញុំមានឆន្ទៈកាន់តែខ្លាំងឡើង ដើម្បីចូលរួមក្នុងភាពជាបងប្អូនក្នុងសាសនាចក្រយ៉ាងដូចម្ដេច ?
ដកពិសោធន៍ការប្រោសលោះ
« ព្រោះមនុស្សខាងសាច់ឈាមជាសត្រូវដល់ព្រះ ហើយមានមកតាំងពីការធ្លាក់នៃលោកអ័ដាមម្ល៉េះ ហើយនឹងនៅយ៉ាងនេះជារៀងដរាបតទៅ លើកលែងតែគេព្រមធ្វើតាមសេចក្ដីទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធ ហើយសម្រាតភាពខាងសាច់ឈាមចេញ ហើយក្លាយទៅជាអ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ហើយក្លាយទៅដូចជាកូនក្មេង ងាយប្រដៅ ស្លូតបូត ទាបរាបសា អត់ឱន ពោរពេញទៅដោយសេចក្ដីស្រឡាញ់ » ( ម៉ូសាយ ៣:១៩ ) ។
ពួកយើងជាច្រើនបានក្លាយជាពួកបរិសុទ្ធតែឈ្មោះប៉ុណ្ណោះ នៅឯពិធីបុណ្យជ្រមុជទឹក ហើយចំណាយពេលពេញមួយជីវិតរបស់យើងពុះពារដើម្បី « សម្រាតភាពខាងសាច់ឈាម [ ជាមនុស្សលោក ] ចេញ » ហើយអភិវឌ្ឍបុគ្គលិកលក្ខណៈដែលបានរាយនៅក្នុងខគម្ពីរនេះ ។
-
តើការពុះពារនេះបានរៀបចំខ្លួនខ្ញុំដោយរបៀបណា ដើម្បីទទួលយកថា វាមានតែតាមរយៈដង្វាយធួនរបស់ព្រះគ្រីស្ទប៉ុណ្ណោះ—ដោយការក្លាយជាតែមួយនឹងព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌ប៉ុណ្ណោះ—ទើបខ្ញុំអាចទទួលបានសេចក្ដីប្រោសលោះបាន ?
មករកព្រះគ្រីស្ទ
អែលឌើរ រីឆាដ ជី ស្កត បានបង្រៀន ៖ « មិនថាប្រភពនៃការលំបាកជាអ្វីនោះទេ ហើយមិនថាអ្នកចាប់ផ្ដើមទទួលបានការធូរស្បើយយ៉ាងណានោះទេ—តាមរយៈគ្រូពេទ្យដែលមានវិជ្ជាជីវៈត្រឹមត្រូវ វេជ្ជបណ្ឌិត អ្នកដឹកនាំបព្វជិតភាព មិត្តភក្តិ ឪពុក ឬម្ដាយដែលព្រួយបារម្ភ ឬមនុស្សជាទីស្រឡាញ់—មិនថាអ្នកចាប់ផ្ដើមយ៉ាងណាទេ ដំណោះស្រាយទាំងនោះនឹងមិនផ្ដល់ចម្លើយពេញលេញនោះទេ ។ ការព្យាបាលចុងក្រោយកើតឡើងតាមរយៈសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនរបស់ទ្រង់ ដោយមានចិត្តសោកសង្រេង និងវិញ្ញាណទន់ទាបគោរពតាមបញ្ញត្តិរបស់ទ្រង់ » ( « To Be Healed » Ensign ខែឧសភា ឆ្នាំ១៩៩៤ ទំព័រ ៩ ) ។
ទោះជានៅក្នុងក្រុមការព្យាបាល ឬក្រុមជំនុំនៃសាសនាចក្រក៏ដោយ—ក៏គ្មានចំនួននៃការគាំទ្រ ឬការរាប់អានគ្នាដ៏ច្រើនណា—នឹងនាំមកនូវសេចក្ដីសង្រ្គោះបានឡើយ ។ មនុស្សដទៃទៀតអាចគាំទ្រ និងផ្ដល់ពរជ័យដល់យើងក្នុងដំណើររបស់យើងបាន ប៉ុន្តែនៅទីបំផុត យើងត្រូវតែមករកព្រះគ្រីស្ទផ្ទាល់ ។
-
តើដំណើរនៃការជាសះស្បើយរបស់ខ្ញុំបានចាប់ផ្ដើមយ៉ាងដូចម្ដេច ?
-
តើនរណាជាមនុស្សសំខាន់ក្នុងការជួយខ្ញុំឲ្យដើរនៅលើផ្លូវទៅរកការប្រែចិត្ត និងការជាសះស្បើយ ? តើគំរូរបស់ពួកគេបានចង្អុលបង្ហាញខ្ញុំឲ្យទៅរកព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
-
តើខ្ញុំបានរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ដែលបានជួយ ឬជះឥទ្ធិពលលើបំណងប្រាថ្នា ឬសមត្ថភាពរបស់ខ្ញុំក្នុងការផ្លាស់ប្ដូរឥរិយាបថរបស់ខ្ញុំ ?
អត់ធ្មត់នឹងដំណើរការនេះ
« អ្នករាល់គ្នាជាកូនក្មេងតូច ហើយអ្នករាល់គ្នាពុំអាចទ្រាំគ្រប់ទាំងអស់បានទេ នៅពេលឥឡូវនេះ អ្នករាល់គ្នាត្រូវតែចម្រើនឡើងក្នុងព្រះគុណ និងក្នុងការចេះដឹងអំពីសេចក្ដីពិត ។
« កុំឲ្យខ្លាចឡើយ កូនក្មេងតូចអើយ ដ្បិតអ្នករាល់គ្នាជារបស់ផងយើង ហើយយើងបានឈ្នះលើលោកិយហើយ …
« ហើយគ្មានអ្នកណាមួយ ដែលព្រះវរបិតាបានប្រទានដល់យើង ដែលត្រូវវង្វេងបាត់ឡើយ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៥០:៤០–៤២ ) ។
នៅពេលខ្លះ យើងលែងមានចិត្តអត់ធ្មត់ ឬបាក់ទឹកចិត្ត ដោយសារការព្យាបាលគឺជាដំណើរការដែលបន្តឥតឈប់ឈរមួយ ។ ខគម្ពីរទាំងនេះបង្ហាញពីភាពអត់ធ្មត់របស់ព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌ជាមួយនឹងយើងដែលជា « កូនក្មេងតូច » ។ សូមអនុវត្តខគម្ពីរទាំងនេះចំពោះខ្លួនអ្នកផ្ទាល់ ដោយការសរសេរវាប្រាប់ទៅខ្លួនអ្នកផ្ទាល់ ។
-
តើការសន្យាទាំងឡាយនៅក្នុងបទគម្ពីរនេះអាចពង្រឹងខ្ញុំយ៉ាងដូចម្ដេច នៅពេលខ្ញុំបាក់ទឹកចិត្ត ?
ទទួលជំនួយមកពីព្រះយេស៊ូវគ្រីស្ទ
« ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ បន្ទាប់ពីអ្នកបានចូលតាមផ្លូវតូច ហើយចង្អៀតនេះហើយ ខ្ញុំសូមសួរថា តើបានសម្រេចសព្វគ្រប់ហើយឬនៅ ? មើលចុះ ខ្ញុំសូមនិយាយទៅអ្នកថា ៖ ទេ ដ្បិតអ្នករាល់គ្នាមិនបានមកដល់នេះទេ លើកលែងតែដោយព្រះបន្ទូលនៃព្រះគ្រីស្ទ ដោយមានសេចក្ដីជំនឿដ៏រឹងប៉ឹងដល់ព្រះអង្គ ដោយពឹងផ្អែកទាំងស្រុង ទៅលើបុណ្យគុណរបស់ទ្រង់ ដែលមានឥទ្ធិឫទ្ធិដើម្បីសង្គ្រោះ ។
« ហេតុដូច្នោះហើយ អ្នករាល់គ្នាត្រូវតែឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ ដោយមានការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ ហើយដោយមានចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប ។ ហេតុដូច្នោះហើយ បើសិនជាអ្នករាល់គ្នាខិតខំជឿនទៅមុខ ដោយទទួលទាននូវព្រះបន្ទូលនៃព្រះគ្រីស្ទ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត មើលចុះ នោះព្រះវរបិតា ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ អ្នករាល់គ្នានឹងមានជីវិតដ៏នៅអស់កល្បជានិច្ច » ( នីហ្វៃទី២ ៣១:១៩–២០ ) ។
-
តើព្រះយេស៊ូវគ្រីស្ទជួយខ្ញុំតាមផ្លូវតូច ហើយចង្អៀតនេះដោយរបៀបណា ?
-
តើសេចក្ដីស្រឡាញ់ដែលកើនឡើងរបស់ខ្ញុំចំពោះព្រះ និងមនុស្សដទៃទៀតនាំខ្ញុំចេញពីការញៀន ជួយខ្ញុំឲ្យបន្តតំណម និងស្ដារសេចក្ដីសង្ឃឹមរបស់ខ្ញុំឡើងវិញអំពីជីវិតដ៏អស់កល្បជានិច្ចយ៉ាងដូចម្ដេច ?