ចូរ​មក​តាម​ខ្ញុំ
សប្តាហ៍​ទី​ពីរ និង​ទីបី


« ការប្រជុំ​នៅ​សប្តាហ៍ទី​ពីរ និង​ទី​បី » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បព្វជិតភាព​មិលគីស្សាដែក និង​ថ្នាក់​សមាគម​សង្គ្រោះ ( ២០១៧ )

ការប្រជុំ​នៅ​សប្តាហ៍​ទី​ពីរ និង​ទី​បី

ការប្រជុំ​នៅ​សប្តាហ៍​ទី​ពីរ និង​ទី​បី

នៅ​សប្តាហ៍​ទី​ពីរ និង​ទី​បី នៃ​ខែ​នីមួយៗ កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក និង​សមាគម​សង្គ្រោះ សិក្សា​ការបង្រៀន​ទាំងឡាយ​នៃ​ពួក​ព្យាការី សាវក និង​អ្នក​ដឹកនាំ​សាសនាចក្រ​ផ្សេងៗ​ទៀត​ដែល​នៅ​រស់​មក​ពី​សន្និសិទ​ទូទៅ​ថ្មីៗ​បំផុត ។ សារលិខិត​ណា​ក៏​បាន​ឲ្យ​តែមក​ពី​សន្និសិទ​ចុង​ក្រោយ​បំផុត​អាច​យក​មក​ពិភាក្សា​បាន ។

ជា​ទូទៅ គណៈ​ប្រធាន​កូរ៉ុម គណៈប្រធាន ថ្នាក់​ដឹកនាំ​ក្រុម ឬ គណៈប្រធាន​សមាគម​សង្គ្រោះ នឹង​ជ្រើសរើស​សារលិខិត​សន្និសិទ​មួយ​មក​សិក្សា​ដោយ​ផ្អែក​លើ​សេចក្តី​ត្រូវការ​របស់​សមាជិក ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប៊ីស្សព ឬ ប្រធាន​ស្តេក​អាច​ផ្តល់​ជា​គំនិត​ផង​ដែរ ។ អ្នក​ដឹកនាំ​អាច​ជ្រើសរើស​នូវ​សារលិខិត​មួយ​ដែល​ទាក់ទង​និង​ប្រធាន​បទ​ដែល​បាន​ពិភាក្សា​នៅ​ក្នុង ការប្រជុំ​ក្រុមប្រឹក្សា​សប្តាហ៍​ទី​មួយ ឬ ពួក​គេ​អាច​ជ្រើសរើស សារលិខិត​ផ្សេង​ទៀត​ដោយ​ផ្អែក​លើ​ការបំផុស​មក​ពី​ព្រះវិញ្ញាណ ។ អ្នក​ដឹកនាំ និង​គ្រូបង្រៀន​ទាំងឡាយ​គួរ​ស្វែងរក​នូវ​វិធី​ដើម្បី​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​អាន​សារលិខិត​ដែល​បាន​ជ្រើសរើស​ជា​មុន ហើយ​មក​ព្រះវិហារ​ដោយ​រៀបចំ​ដើម្បី​ចែកចាយ​គំនិត​ទាំងនោះ ។ សកម្មភាព​រៀនសូត្រ​ដែល​បាន​ផ្តល់​យោបល់​ខាង​ក្រោម ដែល​ផ្អែក​លើ​គោលការណ៍​ទាំងឡាយ​នៅ​ក្នុងការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះអាច​នាំ​ឲ្យ​សមាជិក​ចូល​រួម​ក្នុង​ការរៀនសូត្រ​មក​ពី​សារលិខិត​សន្និសិទ​ទូទៅ ។

សារ៉ុន អូប៊ែង « បញ្ចេញ​ពន្លឺ​របស់​អ្នក »

សុំ​ឲ្យ​សមាជិក​នៃ​កូរ៉ុម​របស់​អ្នក ឬ សមាគម​សង្គ្រោះ ដើម្បី​គិត​អំពី របៀប​ដែល​ជីវិត​របស់​ពួកគេ​ធ្លាប់​បាន​ទទួល​ឥទ្ធិពល​ល្អ​ដោយ​សារ​តែ​ស្រ្តី​សុចរិត និង​ស្មោះត្រង់​ម្នាក់ ។ សូម​ពិចារណា​ពី​ការអញ្ជើញ​សមាជិក​ពីរបី​នាក់​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ស្ត្រី​នេះ​ឆ្លុះ​បញ្ចាំង​នូវ​ចរិតលក្ខណៈ​មួយ ឬ ច្រើន​នៃ​ស្រ្តី​សុច្ចរិត​ដូច​ដែល​បាន​និយាយ​នៅ​ក្នុង​សារលិខិត​របស់​បងស្រី អឺប៊ែងឃ៍ ។ តើ​យើង​រៀន​អ្វី​ខ្លះ​មក​ពី បងស្រី អឺប៊ែងឃ៍ អំពី​របៀប​ដែល​យើង​អាច​ក្លាយ​ជា « កម្លាំង​ដ៏​សំខាន់​មួយនៅ​ក្នុង​ការរីកចម្រើន​ទាំង​ខាង​សាច់ឈាម និង ខាង​ព្រលឹង​វិញ្ញាណ​នៃ​សាសនាចក្រ​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ » ?

នេល៍ អែហ្វ ម៉ារ៉ត « Abiding in God and Repairing the Breach »

សាលិខិត​នេះ​អាច​ជួយ​សមាជិក​ដែល​មាន​អារម្មណ៍​ថា​បាន​ឃ្លាត​ឆ្ងាយ​ពី​ព្រះវបិតាសួគ៌ ឬ ពី​អ្នក​ទាំងឡាយ​ដែល​នៅ​ជុំ​វិញ​ខ្លួន ។ តើ​អ្វី​ខ្លះ​នឹង​ជួយ​ដល់​អ្នក​ទាំងឡាយដែល​អ្នក​បង្រៀន​ឲ្យ​យល់​ពី​ការ​បែកបាក់​គឺ​ជា​អ្វី ? ប្រហែល​ជា​អ្នក​អាច​នាំយក​រូបភាព​ការ​បែកបាក់​ផ្សេងៗ​គ្នា​មក​បង្ហាញ ។ តើ​បងស្រី ម៉ារ៉ត ឲ្យ​និយមន័យ​ការបែកបាក់​យ៉ាង​ដូម្តេច ? តើ​អ្វី​ទៅ​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​បែកបាក់​ដល់​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះ និង​អ្នក​ដទៃ​ផ្សេង​ទៀត ? សូម​អញ្ជើញ​សមាជិក​ឲ្យ​ស្វែងរក​មើល​សារលិខិត​របស់​បងស្រី ម៉ារ៉ត សម្រាប់​យោបល់​ទាំងឡាយ​អំពី​អ្វី​ដែល​អាច​ធ្វើ​ដើម្បី​ផ្សះផ្សា​ការ​បែកបាក់​ទាំងឡាយ​នៅ​ក្នុង​ជីវិត​របស់​យើង ។ សូម​ទុក​ពេល​ឲ្យ​សមាជិក​ដើម្បី​កត់ត្រា​ទុក​នូវ​អ្វី​ដែល​ព្រះវិញ្ញាណ​បំផុស​ពួកគេ​ឲ្យ​ធ្វើ​ដើម្បី​ខិត​កាន់​តែ​ជិត​ព្រះ និង​អ្នក​ដទៃ ។

ចយ ឌី ចូនស៍ « តម្លៃហួសពីការអាចវាស់វែងបាន »

តើ​ពរជ័យ​អ្វី​ខ្លះ​កើត​ឡើង​មក​ក្នុង​ជីវិត​យើង​នៅ​ពេល​យើង​យល់​ពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​យើង ? ដើម្បី​ឆ្លើយ​សំនួរ​នេះ សមាជិក​នៃ​កូរ៉ុម ឬ សមាគម​សង្គ្រោះ អាច​រំឭក​ឡើង​វិញ​នូវ​រឿង​របស់ ម៉ារីម៉ា រីនុ និង ថៃអាណា នៅ​ក្នុង​សារលិខិត​របស់​បងស្រី ចូនស៍ ។ តើ​ការប្រឹក្សា​អ្វី​ខ្លះ​ដែល​បងស្រី ចូនស៍​ផ្តល់​ឲ្យ​ដើម្បី​ជួយ​យើង « ចងចាំ និង​ក្រសោប​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​យើង »? អញ្ជើញ​សមាជិក​ឲ្យ​ស្វែងរក និង ពិភាក្សា​នូវ​វគ្គ​បទគម្ពីរ​មួយ ឬ ពាក្យ​ដកស្រង់​មួយ​មក​ពី​សារលិខិត​របស់​បងស្រី ចូនស៍ ដែល​ជួយ​ពួកគេ​យល់​នូវ​គុណតម្លៃ​ពិត​របស់​ខ្លួន​ចំពោះ​ព្រះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​បទ​គម្ពីរមួយ ឬ ពាក្យ​ដកស្រង់​ទាំង​នេះ​ជាមួយ​នរណា​ម្នាក់​ដែល​ត្រូវការ​នូវ​ការរំឭក​មួយ​ពី​តម្លៃ​ដ៏​ទេវភាព​របស់​គាត់ ។

ឌៀថើរ អេហ្វ អុជដូហ្វ« បងប្អូន​ស្រី​បី​នាក់ »

របៀប​មួយ​ដើម្បី​រំឭក​ឡើង​វិញ​នូវ​សារលិខិត​របស់​ប្រធាន អុជដូហ្វ គឺ​ត្រូវ​បែងចែក​កូរ៉ុម ឬ សមាគម​សង្គ្រោះ ជា​ក្រុម​តូចៗ ។ អ្នក​អាច​ចាត់តាំង​ក្រុម​នីមួយៗ​ឲ្យ​អាន​នូវ​រឿង​មួយ​នៃ​បងប្អូនស្រី​ទាំងបី​មក​ពី​សារលិខិត​របស់​ប្រធាន អុជដូហ្វ ។ ក្រុម​នីមួយៗ​អាច​សរសេរ​សំបុត្រ​មួយ​ទៅ​កាន់​បងស្រី​នោះ​ដោយ​សង្ខេប​ការប្រឹក្សា​របស់​គាត់ ហើយ​ចែកចាយ​ជាមួយ​និង​ក្រុម​ផ្សេងៗ​នូវ​អ្វី​ដែល​គាត់​បាន​សរសេរ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ប្រែ​កាន់​តែ​ដូចជា​ប្អូនស្រី​ទី​បី ? តើ​យើង​អាច​ធ្វើ​ឲ្យ​កូរ៉ុម ឬ សមាគម​សង្គ្រោះ​របស់​យើង​ក្លាយ​ជា « គេហដ្ឋាន​ដ៏​មាន​សុវត្ថិភាព​ » សម្រាប់​អ្នក​ទាំងឡាយ​ដែល​កំពុង​ជួប​នូវ​ឧបសគ្គ​ដោយ​របៀបណា ?

ឌៀថើរ អេហ្វ អុជដូហ្វ « បំណង​ប្រាថ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ »

តើ​អ្នក​អាច​ជួយ​ដល់​អ្នក​ទាំងឡាយ​ដែល​អ្នក​បង្រៀន​ឲ្យ​ស្គាល់​នូវ​របៀប​ដែល​ព្រះ​កំពុង​ប្រើ​ពួកគេ​ដើម្បី​ប្រសិទ្ធពរ​ដល់​អ្នក​ដទៃ​ដោយ​របៀប​ណា ? អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​រំឭក​ឡើង​វិញ​នូវ​វគ្គ​មួយ​នៃ​សារលិខិត​របស់​ប្រធាន អុជដូហ្វ ដែល​មាន​ចំណង​ជើង​ថា « ព្រះ​នឹង​ប្រើ​អ្នក » ស្វែងរក​មើល​នូវ​ការសន្យា​នានា​ដែល​បាន​ធ្វើ​ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​ព្យាយាម​បម្រើ​នៅ​ក្នុង​នរគ​របស់​ព្រះ​ដោយ​មិន​គិត​ពី​ភាពទន់ខ្សោយ​របស់​ពួកគេទេ ។ ការអាន​សារលិខិត​នេះ​ក៏​អាច​រំឭក​សមាជិក​ផង​ដែរ​ពី​បទពិសោធន៍​ទាំងឡាយ​ដែល​ពួកគេ​អាច​ចែកចាយ​ពី​របៀប​ដែល​ព្រះ​បាន​ប្រើ​ពួកគេ​ដើម្បី​ប្រទានពរ​ដល់​អ្នកដទៃ—ឬ ពី​ពេល​ដែល​ទ្រង់​បាន​ប្រើ​អ្នកដទៃ​ដើម្បី​ប្រទានពរ​ដល់​ពួកគេ ។ ផ្តល់​ពេល​វេលា​ឲ្យ​សមាជិក​ដើម្បី​ពិចារណា​នូវ​អ្វី​ដែល​ពួកគេ​បាន​ទទួល​ការបំផុស​ឲ្យ​ធ្វើ​មក​ពី​ការពិភាក្សា​នេះ ។

បូនី អិល អូស្ការសុន « សេចក្ដី​ត្រូវការ​នៅ​ចំពោះ យើង »

វិធី​មួយ​ដើម្បី​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​មួយ​អំពី​សារលិខិត​របស់​បងស្រី អូស្ការសុន គឺ​ចែក​ក្រដាស​មួយ​សន្លឹក​ដល់​គ្រប់​គ្នា​ដោយ​សរសេរ​សំនួរ​នៅ​ខាង​លើ​ថា « តើ​នរណា​ត្រូវការ​ខ្ញុំ​ថ្ងៃ​នេះ ? » ។ សមាជិក​នៃ​សមាគម​សង្គ្រោះ ឬ កូរ៉ុម​របស់​អ្នក​អាច​ចំណាយ​ពេល​ពីរបី​នាទី​ក្នុង​ការគិតពិចារណា និង​ធ្វើ​បញ្ជី​ចម្លើយ​ចំពោះ​សំនួរ​នេះ ។ បន្ទាប់​មក​ពួក​គេ​អាច​ស្វែងរក​គំនិត​នានា​អំពី​របៀប​ដែល​ពួក​គេ​អាច​បម្រើ​មនុស្ស​ទាំងឡាយ​នៅ​លើ​បញ្ជី​របស់​ខ្លួន​ពី​ក្នុង​សារលិខិត​របស់​បងស្រី អូស្ការសុន—ឬ ដាក់​ឈ្មោះ​បន្ថែម​ពេល​បាន​បំផុស​គំនិត ។ ប្រហែល​ពួកគេ​ពីរបីនាក់​អាច​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

ដាល្លិន អេក អូក « ផែនការ និងសេចក្ដីប្រកាស »

តើ​សមាជិក​នៃ​កូរ៉ុម ក្រុម ឬ សមាគម​សង្គ្រោះ​របស់​អ្នក​ឆ្លើយ​តប​ចំពោះ​ការអញ្ជើញ​របស់​អែលឌើរ អូក ឲ្យ « បង្រៀន​[ និង ]​រស់​នៅ​តាម » ការប្រកាស​ស្តី​ពី​ក្រុមគ្រួសារ នៅ​ក្នុងគេហដ្ឋាន នៅ​ក្នុង​សហគមន៍ និង​នៅ​ក្នុង​សាសនាចក្រ​យ៉ាង​ដូចម្តេច ? អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​នូវ​គំនិត​នានា​ជាមួយ​គ្នា ។ វា​អាច​មាន​ប្រយោជន៍​ផង​ដែរ​ដើម្បី​ស្វែងរក​សារលិខិត​សម្រាប់​សេចក្តី​ថ្លែង​បែប​គោលលទ្ធិ​មួយ​ចំនួន​ចេញ​មក​ពី​ការប្រកាស​ស្តី​ពី​ក្រុម​គ្រួសារ ។ តើ​សេចក្តី​ថ្លែង​ទាំងនេះ​ជួយ​យើង​ឆ្លើយ​តប​ដោយ​របៀប​ណា​ចំពោះ « ឧបសគ្គ​បច្ចុប្បន្ន​នេះ​ចំពោះ​គ្រួសារ » ? វគ្គ​ទី IV នៃ​សារលិខិត​របស់​អែលឌើរ អូក មាន​នូវ​គំរូ​មួយ​ចំនួន​នៃ​សេចក្តី​ថ្លែង​ដូច្នោះ ។

ឌី ថត គ្រីស្តូហ្វឺសិន « នំប៉័ង​ដ៏​រស់​ដែល​ចុះ​ពី​ស្ថានសួគ៌ »

នេះ​គឺ​ជា​សំនួរ​មួយ​ចំនួន​ដែល​សមាជិក​សមាគម​សង្គ្រោះ និង កូរ៉ុម អាច​គិត​នៅ​ក្នុង​ចិត្ត​នៅ​ពេល​ដែល​ពួកគេ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​សារលិខិត​របស់​អែលឌើរ គ្រីស្តូហ្វឺសិន ៖ តើ​ភាពបរិសុទ្ធ​គឺ​ជា​អ្វី ? តើ​យើង​ស្វែងរក​ភាពបរិសុទ្ធ​តាម​របៀបណា ? តើ​ការទទួលទាន​សាក្រាម៉ង់​ជួយ​យើង​នៅ​ក្នុង​កិច្ច​ខិតខំ​របស់​យើង​ដោយ​របៀប​ណា ? សមាជិក​អាច​ចែកចាយ​នូវ​ពាក្យ​ទាំងឡាយ​មក​ពី​សារលិខិត​របស់​អែលឌើរ គ្រីស្តូហ្វឺសិន ដែល​ជួយ​ឆ្លើយ​សំនួរ​ទាំង​នេះ ។ តើ​យើង​អាច​ជួយ​គ្នា​ក្នុង​នាម​ជា « ពួកបរិសុទ្ធ » ក្នុង​កិច្ច​ខិតខំ​ដើម្បី​បាន​កាន់​តែ​បរិសុទ្ធ​យ៉ាង​ណា ?

ជែហ្រ្វី អ័រ ហូឡិន « ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍—នៅ​ទី​បញ្ចប់ »

សមាជិក​ខ្លះ​ដែល​អ្នក​បង្រៀន​អាច​មាន​អារម្មណ៍​ថា ពួក​គេ​ពុំ​សក្តិសម​ឡើយ​នៅ​ពេល​ដែល​និយាយ​ដល់​ការរស់នៅ​តាម​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ។ តើ​អែលឌើរ ហូឡិន បង្រៀន​អ្វី​ខ្លះ​ដែល​អាច​លួងលោម និង លើក​ទឹកចិត្ត​អ្នក​ទាំងឡាយ​ដែល​អាច​មាន​អារម្មណ៍​បែប​នោះ ? អ្នក​អាច​អញ្ជើញ​សមាជិក​សមាគម​សង្គ្រោះ ឬ កូរ៉ុម ដើម្បី​ស្វែងរក​នូវ​អ្វី​មួយ​នៅ​ក្នុង​សារលិខិត​នេះ​ដែល​អាច​ឲ្យ​ពួកគេ​ចែកចាយ​ជាមួយ​នរណា​ម្នាក់​ដែល​កំពុង​មាន​ឧបសគ្គ​ដើម្បី​ទទួល​អារម្មណ៍​ថា​ពួកគេ​គឺ « ល្អ​គ្រប់គ្រាន់ ។ » ឬ ពួកគេ​អាច​ស្វែងរក​នូវ​អ្វី​មក​ពី​សារលិខិត​ដែល​បំផុស​គំនិត​ដល់​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍ នូវ​« សេចក្តី​ស្រឡាញ់ និង ការកោតសរសើរ​ចំពោះ [ ព្រះគ្រីស្ទ ] ហើយ​និង​បំណងប្រាថ្នា​មួយ​កាន់​តែ​ខ្លាំង​ដើម្បី​ក្លាយ​ដូច​ជា​ទ្រង់ ។ »

ហ្គែរី អ៊ី ស្ទីវ៉ែនសុន « សូរ្យគ្រាស​ខាងវិញ្ញាណ »

តើ​មាន​សមាជិក​ណា​ខ្លះ​នៃ​កូរ៉ុម ឬ សមាគម​សង្គ្រោះ​របស់​អ្នក​ធ្លាប់​ឃើញ​សូរ្យគ្រាស​ដែរ​ទេ ? បើ​ធ្លាប់ អ្នក​អាច​អញ្ជើញ​ម្នាក់​ឲ្យ​ពន្យល់​នូវ​ភាពស្រដៀង​គ្នា​ដែល​អែលឌើរ ស្ទីវ៉ែនសុន ចែកចាយ​អំពី « ភាពងងឹត​ខាង​ព្រលឹង​វិញ្ញាណ ។ » តើ​ឧបសគ្គ​អ្វី​ខ្លះ​ដែល​អាច « រាំងខ្ទប់​នូវ​ទំហំ ភាពភ្លឺ​ច្បាស់ និង ភាពកក់ក្តៅ​ពី​ពន្លឺ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ទ្រង់ » ? តើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អាច​រំខាន​យើង​ពី « ភាព​ស្រស់ស្អាត កក់ក្តៅ និង​ពន្លឺ​សួគ៌ា​នៃ​ដំណឹងល្អ​ដោយ​របៀប​ណា » ? តើ​យើង​ពាក់ « វ៉ែនតា​ដំណឹងល្អ » ដែល​ការពារ​យើង​ពី​ភាពងងឹត​ខាង​ព្រលឹង​វិញ្ញាណ​ដោយ​របៀប​ណា ? តើ​រឿង​ប្រៀបធៀប​របស់​អែលឌើរ ស្ទីវ៉ែនសុន​បង្រៀន​យើង​អំពី​ការថែរក្សា​ទស្សនវិស័យ​មួយ​នៃ​ដំណឹងល្អ​ដូច​ម្ដេច​ខ្លះ ?

ឃ្វីនថិន អិល ឃុក « រឿងប្រចាំថ្ងៃមានភាពអស់កល្ប »

សារលិខិត​របស់​អែលឌើរ ឃុក រំឭក​យើង​ពី​សារៈសំខាន់​នៃ​ការព្យាយាម​ដើម្បី​បន្ទាប​ខ្លួន​តាម​មធ្យោបាយ​ផ្សេងៗ ។ របៀប​មួយ​ដើម្បី​ពិភាក្សា​នូវ​អ្វី​ដែល​គាត់​បង្រៀន​គឺ​ចែក​សមាជិក​ជា​ពីរ​ក្រុម ។ ចូរ​សុំ​ក្រុម​មួយ​ឲ្យ​ស្វែងរក​នូវ​យោបល់​នានា​មក​ពី​សារលិខិត​របស់​អែលឌើរ ឃុក ដែល​អាច​ជួយ​យើង​អភិវឌ្ឍន៍​ការបន្ទាបខ្លួន និង​ក្រុម​មួយ​ទៀត​ឲ្យ​ស្វែងរក​នូវ​វិធី​ផ្សេងៗ​ដែល​​មនុស្ស​សម្ដែងភាពឆ្មើងឆ្នៃ ។ សូម​អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យចែកចាយ ការរៀបរាប់ របស់​ពួក​គេ​ជា​មួយ​ក្រុម ផ្សេង​ទៀត ។ សមាជិក​ក៏​អាច​ចែកចាយ​នូវ​របៀប​ផ្សេងៗ​ទៀត​ដែល​ពួកគេ​អាច​បង្ហាញ​កាន់​តែ​ច្រើន​នូវ « ការបន្ទាបខ្លួន​រាល់​ថ្ងៃ » នៅ​ក្នុង​ជីវិត​របស់​ពួកគេ ហើយ​ពិចារណា​នូវ​របៀប​នៃ​ការបន្ទាបខ្លួន​នេះ​អាច​ជួយ​ពួកគេ​រៀបចំ​ខ្លួន​ដើម្បី​ទៅ​ជួប​ព្រះ ។

រ៉ូណល អេ រ៉ាសបាន « ការតាក់តែង​ដ៏​ទេវភាព »

ដើម្បី​លើក​ទឹក​ចិត្ត​ក្នុង​ការពិភាក្សា​អំពី​សារលិខិត​របស់​អែលឌើរ រ៉ាសបាន វា​អាច​មាន​ប្រយោជន៍​ដើម្បី​អញ្ជើញ​សមាជិក​ពីរបី​នាក់​ឲ្យ​យក​គំរូ​កាត់​សំលៀកបំពាក់​មួយ គំនូស​ព្រាង​ផ្ទះ​មួយ ឬ​ក៏​រូបមន្ត​ធ្វើ​ម្ហូប​មួយ ហើយ​ជជែក​អំពី​មូល​ហេតុ​ដែល​ពួកវា​មាន​ប្រយោជន៍ ។ តើ​គំរូ ឬ​ការបង្រៀន​អ្វី​ខ្លះ​មក​ពី​សារលិខិត​របស់​អែលឌើរ រ៉ាសបាន ដែល​បំផុស​គំនិត​សមាជិក​ដើម្បី​ឲ្យ​ស្គាល់​នូវ​ការតាក់តែង​របស់​ព្រះ​សម្រាប់​ជីវិត​របស់​ពួកគេ ? ប្រហែល​ជា​សមាជិក​ថ្នាក់​អាច​ចែកចាយ​នូវ​បទពិសោធន៍​នានា​ដែល​ពួកគេ​បាន​ឃើញ​ព្រះអម្ចាស់​កំពុង​ដឹកនាំ​ជីវិត​របស់​ពួកគេ ។ តើ​ពួកគេ​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​ព្រះ​ថា​ពួក​គេ « ផ្តល់​តម្លៃ » ដល់ការដឹកនាំ​របស់​ទ្រង់ ? ហេតុអ្វី​វា​សំខាន់​ដែល​ត្រូវ​ស្គាល់​អំពី « ការតាក់តែង​ដ៏​ទេវភាព » របស់​ព្រះ ?

រ័សុល អិម ណិលសុន « ព្រះគម្ពីរមរម ៖ តើ​ជីវិត​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា​បើ​គ្មានគម្ពីរនេះ?  »

ប្រធាន ណិលសុន​បាន​អញ្ជើញ​សមាជិក​ដើម្បី​គិត​អំពី​សំនួរ​ចំនួន​បី ៖ ( ១ ) « តើ​ជីវិត​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា​បើ​គ្មាន ព្រះគម្ពីរមរមន ? » ( ២ ) តើ​អ្នក​នឹង ពុំ​ស្គាល់​អ្វីខ្លះ ? ( ៣ ) តើ​អ្នក​នឹង ពុំ​មាន​អ្វីខ្លះ ? អញ្ជើញ​សមាជិក​នៃ​កូរ៉ុម ក្រុម ឬ សមាគម​សង្គ្រោះ ដើម្បី​ពិចារណា​សំនួរ​ទាំងនេះ ហើយ​ចែកចាយ​នូវ​របៀប​ដែល​ពួកគេ​អាច​ឆ្លើយ​សំនួរ​ទាំងនោះ ។ តើ​ពួកគេ​រក​ឃើញ​អ្វី​ខ្លះ​មក​ពី​សារលិខិត​នេះ​ដែល​បំផុស​គំនិត​ពួកគេ​ដើម្បី​ឲ្យ​តម្លៃ​ព្រះគម្ពីរមរមន​ច្រើន​ជាង « គ្រាប់​ពេជ្រ ឬ ត្បូង​ទន្ទឹម​នានា » ?

ឌែល ជី រេនឡាន់ « បព្វជិតភាព និង​ព្រះចេស្ដាដ៏ធួន​របស់​ព្រះអង្គសង្គ្រោះ »

តើ​អ្នក​ជួយ​សមាជិក​នៃ​កូរ៉ុម ឬ សមាគម​សង្គ្រោះ យល់​នូវ​របៀប​ដែល​បព្វជិតភាព​ជួយ​ធ្វើ​ឲ្យ​ពរជ័យ​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​មាន​សម្រាប់​ពួកគេ​យ៉ាង​ដូចម្តេច ? អ្នក​អាច​សរសេរ​នូវ​ចំណងជើង​ទាំង​ពីរ​នេះ​នៅ​លើ​ក្តារខៀន ៖ « ហេតុ​អ្វី​យើង​ត្រូវការ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ » និង « របៀប​ដែល​បព្វជិតភាព នាំ​ពរជ័យ​នៃ​ដង្វាយធួន​មក​ដល់​យើង ។ » បន្ទាប់​មក អញ្ជើញ​សមាជិក​ឲ្យ​ស្រាវជ្រាវ​សារលិខិត​របស់​អែលឌើរ រេនឡាន់ រកមើល​ឃ្លា​ទាំងឡាយ​ដើម្បី​សរសេរ​នៅ​ក្រោម​ចំណងជើង​នីមួយៗ ។ តើ​បព្វជិតភាព និង​ពិធី​បរិសុទ្ធ​ទាំងឡាយ​របស់​វា​ជួយ​យើង​ឲ្យ​បំពេញ​ព្រះរាជបំណង​របស់​ព្រះវរបិតា​សួគ៌​សម្រាប់​កូនចៅ​របស់​ទ្រង់​តាម​របៀបណា ?

ឌៀថើរ អេហ្វ អុជដូហ្វ « អ្នក​កាន់​ពន្លឺ​ស្ថានសួគ៌ »

អញ្ជើញ​សមាជិក​ឲ្យ​ស្រាវជ្រាវ​សារលិខិត​របស់​ប្រធាន អុជដូហ្វ ហើយ​ធ្វើ​ការកត់សម្គាល់​ពី​របៀប​ដែល​វត្តមាន ឬ អវត្តមាន​នៃ​ពន្លឺ​ស្ថានសួគ៌​អាច​ប៉ះពាល់​ដល់​ជីវិត​ពួកយើង ។ អ្នក​អាច​អញ្ជើញ​សមាជិក​ឲ្យ​សិក្សា​នូវ​បទគម្ពីរ​មួយ​ចំនួន​ដែល​ប្រធាន អុជដូហ្វ លើក​ឡើង​ហើយ​ធ្វើ​ការកត់សម្គាល់​នូវ​សេចក្តីពិត​ដែល​ទាក់ទង​ដល់​ពន្លឺ​ខាង​វិញ្ញាណ ។ តើ​ពាក្យ​ប្រៀបប្រដូច​អំពី​សូរ្យគ្រាស​បង្រៀន​យើង​អំពី​តួនាទី​នៃ​សិទ្ធិជ្រើសរើស​នៅ​ក្នុង​ការសែ្វងរក​ពន្លឺ​ខាង​វិញ្ញាណ​ដូចម្តេច​ខ្លះ ? តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ចែកចាយ​នូវ​ពន្លឺ​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​អ្នក​ដទៃ ជា​ពិសេស​ជាមួយ​និង​ក្រុមគ្រួសារ​របស់​យើង និង « យុវវ័យ​របស់​យើង ដែល​កំពុង​តែ​ស្វែងរក​ពន្លឺ » ?

ហិនរី ប៊ី អាវរិង « ព្រះអង្គម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ »

អញ្ជើញ​សមាជិក​នៃ​កូរ៉ុម ឬ សមាគម​សង្គ្រោះ​របស់​អ្នក​ដើម្បី​ចែកចាយ​នូវ​បទពិសោធន៍​នានា​ដែល​ពួកគេ​ត្រូវការ​អភិវឌ្ឍន៍​សេចក្តី​ជំនឿ​ដែលថា​ការហៅ​បម្រើ​របស់​ពួកគេ ឬ ការហៅ​បម្រើ​របស់​អ្នក​ដទៃ​គឺ​មក​ពី​ព្រះ ។ តើ​ពួកគេ​បាន​អនុវត្ត​សេចក្តី​ជំនឿ​របស់​ពួកគេ​តាម​របៀប​ណា ? តើ​ពួកគេ​បាន​រៀន​ថា​ការហៅ​បម្រើ​របស់​ពួកគេ​បាន​មក​ពី​ព្រះ​ដោយ​របៀប​ណា ? អញ្ជើញ​សមាជិក​ឲ្យ​ស្រាវជ្រាវ​សារលិខិត​របស់​ប្រធាន អាវរិង ហើយ​ធ្វើ​ការកត់​សម្គាល់​នូវ​សេចក្តី​ពិត​ដែល​លោក​បាន​រៀន​មក​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​ដែល​អាច​ជួយ​យើង​មាន​ទំនុកចិត្ត និង​អត់ធ្មត់​ជាមួយ​ខ្លួនឯង និង​អ្នក​ដទៃ​ដែល​ព្រះ​បាន​ហៅ ។

ជីន ប៊ី ប៊ីងហាំ « ដើម្បី​ឲ្យ​អំណរ​បងប្អូន​បាន​ពេញ​លេញ »

សារលិខិត​របស់​បងស្រី ប៊ីងហាំ អាច​ជួយ​សមាជិក​នៃ​សមាគម​សង្គ្រោះ ឬ កូរ៉ុម​របស់​អ្នក​យល់​នូវ​របៀប​ដើម្បី​ស្វែងរក​សេចក្តី​អំណរ​នៅ​ពេល​យើង​មក​កាន់​ព្រះគ្រីស្ទ បើ​ទោះ​ជា​ជីវិត​យើង​ពោរពេញ​ដោយ​ក្តី​លំបាក​ក៏​ដោយ ។ របៀប​មួយ​ដើម្បី​ពិភាក្សា​សារលិខិត​របស់​គាត់​គឺ​ដោយ​គូស​ផ្លូវ​មួយ​នៅ​លើ​ក្តារខៀន​ឆ្ពោះ​ទៅ​កាន់​ពាក្យក្តីអំណរ ។ អញ្ជើញ​សមាជិក​បីបួន​នាក់​ឲ្យ​សរសេរ​លើ​ផ្លូវ​នោះ​នូវ​យោបល់​មួយ​មក​ពី​សារលិខិត​របស់​បងស្រី ប៊ីងហាំ ដែល​នាំ​ទៅ​កាន់​ក្តីអំណរ​ពិត ។ លើក​ទឹកចិត្ត​សមាជិក​ឲ្យ​ពិចារណា​នូវ​របៀប​ផ្សេងៗ​ទៀត​ដែល​ពួកគេ​អាច​ធ្វើ​តាម​ការប្រឹក្សា​របស់​បងស្រី ប៊ីងហាំ។ សូម​អញ្ជើញ​សមាជិក​បីបួន​នាក់​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ ។

ដេវីឌ អេ បែដណា « សេចក្តី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង »

ដើម្បី​ជួយ​សមាជិក​នៃ​សមាគម​សង្គ្រោះ ឬ កូរ៉ុម​របស់​អ្នក​ពិភាក្សា​សារលិខិត​របស់​អែលឌើរ បែដណា អ្នក​អាច​ដាក់​តាំង​រូបភាព​លើ​ក្តារខៀន​ដើម្បី​តំណាង​ឲ្យ ថ្ងៃ​ឈប់​សម្រាក ព្រះវិហារបរិសុទ្ធ និង​គេហដ្ឋាន​របស់​យើង ។ អញ្ជើញ​សមាជិក​ឲ្យ​អាន​វគ្គ​ការឆ្លើយឆ្លង​គ្នា​នៃ​សារលិខិត​របស់​អែលឌើរ បែដណា ហើយ​សរសេរ​នៅ​លើ​ក្តារខៀន​នូវ​របៀប​ដែល​ថ្ងៃ​ឈប់សម្រាក ព្រះវិហារបរិសុទ្ធ និង​គេហដ្ឋាន​របស់​យើង ជួយ​យើង​ផ្តោត​លើ​ការសន្យា​ទាំងឡាយ​របស់​ព្រះ​ដល់​យើង ។ តើ​អ្វី​ខ្លះ​នៅ​ក្នុង​ជីវិត​របស់​យើង​ដែល​អាច​ទាញ​ចំណាប់​អារម្មណ៍​យើង​ចេញ​ពី​ការសន្យា​ទាំងនេះ ? តើ​ជំហាន​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​ដើរ​ដើម្បី​ប្រាកដ​ថា​យើង​ចងចាំ​នូវ​ការសន្យា​ទាំង​នោះ ?

ហិនរី ប៊ី អាវរិង « ចូរកុំខ្លាចនឹងធ្វើល្អឡើយ »

សារលិខិត​របស់​ប្រធាន អាវរិង អាច​ជួយ​មនុស្ស​ទាំងឡាយ​ដែល​អ្នក​បង្រៀន​ស្វែងរក​នូវ​ការលើកទឹកចិត្ត និង​ជំនឿ​ដើម្បី​ធ្វើ​ល្អ​នៅ​ក្នុង​ពិភពលោក ។ អ្នក​អាច​អញ្ជើញ​សមាជិក​ពីរបី​នាក់​ដើម្បី​សង្ខេប​នូវ​គំរូ​នៃ​មនុស្ស​ស្មោះត្រង់​ដែល​ប្រធាន អាវរិង​ចែកចាយ ។ តើ​គំរូ​ទាំងនេះ​បង្រៀន​យើង​អំពី​របៀប​បម្រើ​អ្នក​ដទៃ​យ៉ាង​ដូចម្ដេច ? តើ​គំរូ​ទាំងនេះ​ឲ្យ​យោបល់​អំពី​របៀប​ផ្សេងៗ​ដែល​យើង​អាច​បម្រើ​ក្នុង​នាម​ជា​កូរ៉ុម ឬ សមាគម​សង្គ្រោះ​ដូចម្តេច​ខ្លះ ?

របៀប​មួយ​ទៀត​ដើម្បី​ពិភាក្សា​សារលិខិត​នេះ​គឺ​តាម​រយៈ​ការរំឭក​ឡើង​វិញ​នូវ​ពរជ័យ​នានា​ដែល​ប្រធាន អាវរិង​បាន​ឃើញ​មក​ពី​ការធ្វើ​តាម​ការប្រឹក្សា​របស់​ប្រធាន ថូម៉ាស អេស ម៉នសុន ឲ្យ​សិក្សា​ព្រះគម្ពីរមរមន ។ តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​អ្នក​ធ្លាប់​បាន​ឃើញ​តាម​រយៈ​ការសិក្សា ព្រះគម្ពីរមរមន ?

អិម រ័សុល បាឡឺដ « ដំណើរមានបន្តទៅមុខទៀត! »

ដើម្បី​ចាប់​ផ្តើម​ការពិភាក្សា​អំពី​សារលិខិត​របស់​អែលឌើរ បាឡឺដ អ្នក​អាច​អញ្ជើញ​នរណា​ម្នាក់​ឲ្យ​ចែកចាយ​នូវ​បទពិសោធន៍​មួយ​នៅ​ពេល​ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅទិសដៅមួយ ប៉ុន្តែ​ពួកគេ​បាន​ដឹង​ថា​ពួកគេ​នៅ​លើ​ផ្លូវ​ខុស ។ តើ​គំរូ​ទាំងនេះ​ទាក់ទង​ទៅ​នឹង​ដំណើរ « ថ្មើរជើង » ផ្ទាល់​ខ្លួន​របស់​យើង​ត្រឡប់​ទៅ​កាន់​ព្រះវរបិតា​សួគ៌​វិញ​របៀប​ណា ? បន្ទាប់​មក​សមាជិក​អាច​ស្រាវជ្រាវ​រក​ការប្រឹក្សា និង ការព្រមាន​នានា ដែល​អែលឌើរ បាឡឺដ ផ្តល់​ឲ្យ ដែល​អាច​ជួយ​យើង​ដឹង​ប្រសិន​បើ​យើង​ដើរ​លើ​ផ្លូវ​ត្រូវ​ក្នុង​ជីវិត​របស់​យើង ឬ​អត់ ។ ទុក​ពេល​ឲ្យ​សមាជិក​ដើម្បី​ពិចារណា​ពី​ផ្លូវ​ផ្ទាល់​របស់​ពួកគេ ហើយ​ពិភាក្សា​រក​របៀប​ផ្សេងៗ​ដែល​យើង​អាច​ជួយ និង​លើកទឹកចិត្ត​អ្នក​ដទៃ នៅ​ក្នុង​ដំណើរ « ថ្មើរជើង »​របស់​ពួកគេ​ត្រឡប់​ទៅ​កាន់​ព្រះវិរបិតា​សួគ៌​វិញ ។

នែល អិល អាន់ឌើរសិន « សំឡេង​នៃ​ព្រះអម្ចាស់ »

ប្រហែល​ជា​សមាជិក​នៃ​សមាគម​សង្គ្រោះ ឬ កូរ៉ុម​របស់​អ្នក​អាច​ចែកចាយ​នូវ​បទពិសោធន៍​មួយ​ដែល​សារលិខិត​មក​ពី​សន្និសីទ​ទូទៅ​មួយ​មាន​ន័យ​ចំពោះ​ពួកគេ ។ ហេតុ​អ្វី​សារលិខិត​ទាំងនេះ​មាន​ន័យ ? តើ​អែលឌើរ អាន់ឌើរសិន បង្រៀន​អំពី​សារៈសំខាន់​នៃ​សារលិខិត​សន្និសីទ​ទូទៅ​នានា និង​កិច្ចប្រឹងប្រែង និង​ដំណើរការ​ដែល​ទាក់ទង​ក្នុង​ការរៀបចំ​ពួក​វា​យ៉ាង​ដូចម្តេច​ដែរ ? តើ​ចំណេះដឹង​នេះ​មាន​ឥទ្ធិពល​លើ​ភាពចាំបាច់​ដែល​ថា​យើងត្រូវ​សិក្សា ហើយ​ស្តាប់​តាម​ពាក្យ​ទាំង​នេះ​យ៉ាង​ដូចម្តេច ? សូម​គិត​បង្កើត​ជា​បញ្ជី​នៃ​ការអញ្ជើញ​ទាំងឡាយ​មក​ពី​សន្និសីទ​ថ្មីៗ​បំផុត ។ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ធ្វើ​តាម​ការអញ្ជើញ​ទាំង​នេះ ?