« ការគាំទ្រចំពោះអ្នកមើលថែ » ធនធានការប្រឹក្សា ( ឆ្នាំ ២០១៨ ) ។
« ការគាំទ្រចំពោះអ្នកមើលថែ » ធនធានការប្រឹក្សា ។
ការគាំទ្រចំពោះអ្នកមើលថែ
អ្នកមើលថែជាមនុស្សម្នាក់ដែលផ្ដល់ការមើលថែជាទៀងទាត់ចំពោះនរណាម្នាក់ដែលពុំអាចបំពេញតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេមួយចំនួន ឬទាំងអស់បាន ។ ជាញឹកញាប់ បុគ្គលដែលទទួលការមើលថែ គឺជាសមាជិកគ្រួសារដែលរស់នៅដោយមានពិការភាពខាងរាងកាយ ឬខាងសា្មរតី ជំងឺរ៉ាំរ៉ៃ ឬភាពចាស់ជរា ។ ពេលវេលាតម្រូវឲ្យមានដើម្បីមើលថែបុគ្គលម្នាក់ៗដូចនេះ អាចមាននៅចន្លោះពីពីរបីម៉ោងក្នុងមួយសប្ដាហ៍ទៅ ២៤ ម៉ោងក្នុងមួយថ្ងៃ ។
ជាញឹកញាប់ អ្នកមើលថែត្រូវថ្លឹងថ្លែងរវាងការងារ ព្រះវិហារ និងការទទួលខុសត្រូវក្នុងគ្រួសារដទៃទៀត ខណៈដែលស្របពេលគ្នានេះព្យាយាមដើម្បីផ្ដល់ការមើលថែដល់មនុស្សជាទីស្រឡាញ់ផងដែរ ។ ខណៈពេលផ្ដល់ការមើលថែ ជាញឹកញាប់គឺជាបទពិសោធន៍ដ៏ល្អ និងមានខ្លឹមសារ តែតម្រូវការនៃការមើលថែជាបន្ដបន្ទាប់អាចបណ្ដាលឲ្យមានការបារម្ភ នឿយហត់ សម្ពាធខាងហិរញ្ញវត្ថុ ភាពអន្ទះអន្ទែង និងអស់កម្លាំង ។
អ្នកមើលថែអាចនឹងមានតម្រូវការដែលអ្នកដទៃទៀតមើលពុំឃើញ ហើយពួកគេក៏អាចនឹងស្ទាក់ស្ទើរក្នុងការសុំជំនួយផងដែរ ។ អ្នកមើលថែក៏អាចនឹងមានការប្រថុយប្រថានខ្ពស់ចំពោះការបាក់ទឹកចិត្តដែលទាក់ទងនឹងភាពស្មុគស្មាញ ភាពអន្ទះអន្ទែង ការប្រើប្រាស់ថ្នាំជ្រុល ឬបញ្ហាសុខភាពខាងរាងកាយ ។ ពួកគេក៏អាចមានទុក្ខព្រួយ តូចចិត្ត ឬកំហឹងចំពោះការបាត់បង់ក្ដីសង្ឃឹម និងការរំពឹងទុករបស់ពួកគេផងដែរ ។ ជីវិតប្រចាំថ្ងៃរបស់ពួកគេ សេរីភាពក្នុងការធ្វើអ្វីៗដែលពួកគេចង់ធ្វើ និងគោលដៅសម្រាប់អនាគត អាចនឹងខុសពីអ្វីដែលពួកគេធ្លាប់រំពឹងទុកទាំងអស់ ។
ព្យាយាមយល់
នៅពេលអ្នកនិយាយជាមួយនឹងអ្នកមើលថែ សូមប្រាកដថាបង្ហាញសេចក្ដីស្រឡាញ់ និងការអាណិតអាសូរដូចជាព្រះអង្គសង្គ្រោះនឹងធ្វើដែរ ។ ដោយសារតែស្ថានភាពនានាមានភាពខុសគ្នា ហើយស្ថានភាពរបស់បុគ្គលម្នាក់ៗមានភាពផ្សេងៗគ្នា នោះសូមពិចារណាប្រកបដោយការអធិស្ឋានដើម្បីសួរសំណួរទាំងនេះ ដោយសន្ដានចិត្តល្អ និងក្ដីស្រឡាញ់ដើម្បីជួយអ្នកឲ្យយល់អំពីស្ថានភាពរបស់អ្នកមើលថែឲ្យបានកាន់តែច្បាស់ ហើយដឹងពីសេចក្ដីត្រូវការរបស់ពួកគាត់ ឬនាង ។
-
តើស្ថានភាពបច្ចុប្បន្នយ៉ាងណាដែរ ហើយតើអ្នកមានការទទួលខុសត្រូវអ្វីខ្លះ ?
-
តើផ្នែកណាដែលលំបាកបំផុតអំពីអ្វីដែលអ្នកកំពុងឆ្លងកាត់នេះ ?
-
តើការធ្វើជាអ្នកមើលថែជះឥទ្ធិពលលើគ្រួសាររបស់អ្នកយ៉ាងដូចម្ដេច ( សុខភាព កង្វល់ហិរញ្ញវត្ថុ តួនាទី ការទទួលខុសត្រូវ ជាដើម ) ?
-
តើមានឧបសគ្គអ្វីខ្លះដែលអ្នកកំពុងជួបនៅក្នុងទំនាក់ទំនងរបស់អ្នកជាមួយនឹងអ្នកទទួលការមើលថែ ?
-
តើស្ថានភាពរបស់អ្នកមើលទៅបានល្អប្រសើរ នៅដដែល ឬកាន់តែពិបាកទៅៗ ?
-
តើបច្ចុប្បន្ននេះ អ្នកទទួលបានជំនួយមើលថែពីអ្នកណាខ្លះ ( មកពីសមាជិកគ្រួសារដទៃទៀត បងប្អូនប្រុសស្រីដែលផ្ដល់ការងារបម្រើ ធនធានសហគមន៍ ឬអ្នកផ្ដល់តំហែទាំសុខភាព ) ?
-
តើមានកិច្ចការ និងការទទួលខុសត្រូវអ្វីខ្លះដែលអ្នក និងសមាជិកគ្រួសារដទៃទៀតរបស់អ្នកមិនអាចបំពេញបាន ដោយសារតែកង្វះពេលវេលា ឬលទ្ធភាពនោះ ?
-
តើអ្នកកំពុងធ្វើអ្វីខ្លះដើម្បីមើលថែខ្លួនឯង ( អាហាររូបត្ថម្ភ ការសម្រាក លំហាត់ប្រាណ ការថែទាំខាងវេជ្ជសាស្ត្រតាមទម្លាប់ ) ?
-
តើអ្នកចង់ចែកចាយអ្វីខ្លះទៀតជាមួយនឹងខ្ញុំអំពីស្ថានភាពរបស់អ្នក ?
ជួយបុគ្គលម្នាក់
នៅពេលអ្នកជួយសមាជិកឲ្យយល់អំពីស្ថានភាពរបស់គាត់ សូមពិចារណាប្រើប្រាស់យោបល់មួយចំនួនដូចខាងក្រោម ។
សូមជួយដល់អ្នកមើលថែឲ្យយល់អំពីព្រះចេស្ដាដែលអាចធ្វើអ្វីៗឲ្យកើតឡើង និងប្រោសលោះរបស់ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ( សូមមើល អាលម៉ា ៧:១១–១២; គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦; ម៉ូសេ ២៤:១៣–១៥) ។
សូមកំណត់អំពីរបៀបដើម្បីជួយអ្នកមើលថែឲ្យបន្ដមានទំនាក់ទំនងនឹងសមាជិកដទៃទៀតក្នុងវួដ និងកម្មវិធីថ្វាយបង្គំផ្សេងៗ ។
-
បើអ្នកមើលថែ និងអ្នកទទួលការថែទាំមានអារម្មណ៍ថាពួកគេជាបន្ទុកចំពោះវួដ សូមជួយពួកគេឲ្យយល់ថាពួកគេមានតម្លៃ ហើយថាសមាជិកក្នុងវួដជាច្រើននាក់មានចិត្តរីករាយដើម្បីបម្រើដល់ពួកគេ ។
-
សូមប្រាកដថា ពិធីសាក្រាម៉ង់ត្រូវបានផ្ដល់ឲ្យនៅក្នុងគេហដ្ឋាន បើចាំបាច់ ។
-
សូមកំណត់បើអ្នកមើលថែត្រូវការជំនួយដើម្បីចូលរួមក្នុងព្រះវិហារ ព្រះវិហារបរិសុទ្ធ ឬសកម្មភាពដទៃទៀត ។
-
ចែកចាយជាមួយនឹងអ្នកមើលថែថា គំរូ និងបទពិសោធន៍របស់គាត់ ឬនាងកំពុងជួយដល់សមាជិកវួដដទៃទៀត ។
-
សូមពិចារណាផ្ដល់ឱកាសសមរម្យដល់អ្នកមើលថែដើម្បីបម្រើដោយពុំបន្ថែមទៅលើបន្ទុករបស់ពួកគេទៀត ។
សូមទៅជួបនឹងអ្នកមើលថែ និងអ្នកទទួលការមើលថែ ហើយសម្ដែងសេចក្ដីស្រឡាញ់ និងការខ្វល់ខ្វាយរបស់អ្នកចំពោះអ្វីៗទាំងអស់ដែលជាប់ទាក់ទង ។
-
ដាក់ផែនការទៅលេងដល់គេហដ្ឋានដើម្បីយល់ពីស្ថានភាពនេះឲ្យកាន់តែច្បាស់ ។
-
ផ្ដល់ការលើកទឹកចិត្ត និងជំនួយដល់អ្នកមើលថែឲ្យយល់ថា គាត់ពុំនៅឯកោឡើយ ។
-
ជួយរៀបចំសម្រាប់ការប្រសិទ្ធពរបព្វជិតភាព នៅពេលស្នើសុំ ឬបំផុសគំនិតឲ្យធ្វើដូច្នោះ ។
-
ពិភាក្សាអំពីផែនការរបស់អ្នកមើលថែក្នុងការកែសម្រួលចំពោះការមើលថែ ឬអ្វីត្រូវធ្វើ បើស្ថានភាពកាន់តែពិបាកទៅៗ និងរបៀបដែលវួដអាចនឹងជួយបាន ។
សូមប្រាប់អំពីធនធានដែលមាន ដែលអ្នកមើលថែអាចងាកទៅរកជំនួយបាន ។
-
បង្កើតបញ្ជីទេពកោសល្យ ជំនាញ និងធនធានសម្រាប់សមាជិកគ្រួសារ និងមិត្តភក្ដិ ដែលអាចផ្ដល់ជំនួយចាំបាច់បាន ហើយបង្កើតផែនការមួយដើម្បីប្រើប្រាស់ធនធានទាំងនេះ ។
-
ជួយដល់អ្នកមើលថែឲ្យស្គាល់ឱកាសសម្រាប់ពេលវេលាផ្ទាល់ខ្លួន ។ សូមពិចារណាអំពីតម្រូវការខាងវិញ្ញាណ និងតម្រូវការផ្ទាល់ខ្លួន ក៏ដូចជាឱកាសដើរលេងកម្សាន្ដផងដែរ ។
សូមប្រាប់អំពីជំនួយដែលត្រូវការបន្ថែមទៀត ដូចជា ៖
-
ជំនួយខាងហិរញ្ញវត្ថុ
-
ការធានារ៉ាប់រង
-
ជំនួយ និងការគាំទ្រមកពីសមាជិកគ្រួសារដទៃទៀត
-
ការគាំទ្រដល់សុខុមាលភាពផ្លូវចិត្ត និងរូបកាយ
-
ការងារ
-
មធ្យោបាយធ្វើដំណើរ
-
លទ្ធភាព និងជំនួយបច្ចេកវិទ្យា ឬឧបករណ៍
ការគាំទ្រដល់គ្រួសារ
បើមានសមាជិកគ្រួសារដទៃទៀតនៅក្នុងគេហដ្ឋាន នោះពួកគេអាចនឹងចាំបាច់ត្រូវជួយដល់អ្នកមើលថែ ។ កំណត់អំពីឥទ្ធិពលដែលរឿងនេះមានទៅលើអ្នកមើលថែ និងអ្នកទទួលការមើលថែ ក៏ដូចជាលើស្វាមី ឬភរិយា កូនៗ និងសមាជិកគ្រួសារដទៃទៀត ហើយសូមដោះស្រាយបញ្ហាទាំងនោះ ។
សូមជួយកូនៗឲ្យយល់អំពីការផ្លាស់ប្ដូរតួនាទីគ្នា និងតម្រូវការនៅក្នុងគេហដ្ឋាន ។
-
កុមារ និងយុវវ័យអាចឃើញថា ពួកគេមានការទទួលខុសត្រូវច្រើនជាង បើឪពុក ឬម្ដាយ ឬបងប្អូនគេ គឺជាអ្នកមើលថែ ឬអ្នកទទួលការមើលថែ ( ឧទាហរណ៍ ការទទួលខុសត្រូវមើលថែផ្ទះសម្បែង ទីធ្លាផ្ទះ ឬការថែទាំយានយន្តជាដើម ) ។
-
ឪពុកម្ដាយដែលជាអ្នកមើលថែ ឬដែលកំពុងទទួលការមើលថែ អាចនឹងគ្មានពេលច្រើនដើម្បីនៅជាមួយនឹងកូនៗពួកគេ តាមដែលពួកគេចង់បាននោះទេ ។
សូមឲ្យកូនៗទាំងនោះចូលរួមនៅក្នុងសកម្មភាពជាមួយនឹងក្រុមគ្រួសារវួដដទៃទៀត ។
-
អញ្ជើញគ្រួសារផ្សេងទៀតនៅក្នុងវួដឲ្យមកលេងផ្ទះ ហើយលើកទឹកចិត្តពួកគេឲ្យចូលរួមនៅក្នុងសកម្មភាពគ្រួសារ ដូចជារាត្រីជួបជុំក្រុមគ្រួសារជាដើម ។
បុគ្គលដែលទទួលការមើលថែ អាចនឹងមានអារម្មណ៍ថាខ្លួនជាបន្ទុកចំពោះអ្នកមើលថែ ហើយថែមទាំងអាចគិតថាមិនដឹងរស់ដើម្បីអ្វី បើគាត់ ឬនាងគ្មានសមត្ថភាពមើលថែខ្លួនឯងខ្លាំងយ៉ាងនេះ ។ សូមពិចារណាអំពីរបៀបដើម្បីជួយដល់បុគ្គលនោះឲ្យមានគោលបំណង និងក្ដីសង្ឃឹម ។
-
ដោយអាស្រ័យទៅលើស្ថានភាព សូមជួយគាត់ ឬនាងឲ្យស្គាល់ និងចូលរួមនៅក្នុងសកម្មភាពដ៏មានអត្ថន័យ ( ដូចជាការបម្រើ ការកម្សាន្ដ ការនៅជាក្រុមគ្រួសារ គម្រោង និងចំណូលចិត្តផ្ទាល់ខ្លួន ជាដើម ) ។
-
សូមពិចារណាអំពីឱកាសដើម្បីបម្រើនៅក្នុងសាសនាចក្រពីផ្ទះមក ដូចជាតាមរយៈ ការធ្វើលិបិក្រមក្នុងកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ឬឱកាសតាមអនឡាញដទៃផ្សេងៗទៀត ។
ប្រើប្រាស់ធនធានក្នុងវួដ និងស្ដេក
ថ្នាក់ដឹកនាំ ឬបុគ្គលដែលជាទីទុកចិត្តដទៃទៀតអាចបន្ដផ្ដល់ការគាំទ្រ ការណែនាំ និងជំនួយ ។ ស្នើសុំការអនុញ្ញាតពីអ្នកមើលថែនោះពីមុនពិភាក្សាអំពីស្ថានភាពនោះជាមួយអ្នកដទៃទៀត ។
ថ្នាក់ដឹកនាំអាចនឹងពិចារណាធ្វើការពិភាក្សាអំពីស្ថានភាពនៅក្នុងក្រុមប្រឹក្សាវួដដើម្បីកំណត់អំពីរបៀបដែលវួដអាចគាំទ្រដល់អ្នកមើលថែ និងបុគ្គលដែលទទួលការមើលថែ ។
-
ប៊ីស្សពអាចអញ្ជើញគណៈប្រធានសមាគមសង្គ្រោះឲ្យធ្វើការជាមួយនឹងអ្នកមើលថែដើម្បីធ្វើការវាយតម្លៃបន្ថែមទៀតអំពីស្ថានភាព និងកំណត់អំពីរបៀបដោះស្រាយតម្រូវការនានា ។
-
ប្រធានកូរ៉ុមអែលឌើរ និងប្រធានសមាគមសង្គ្រោះ គួរតែពិចារណាធ្វើការចាត់តាំងបងប្អូនប្រុសស្រីដែលផ្ដល់ការងារបម្រើដែលមានការតាំងចិត្តឲ្យទៅកាន់គ្រួសារនោះ ។
-
ជួយអ្នកមើលថែឲ្យស្គាល់មនុស្សជាទីទុកចិត្ត ដែលអាចនឹងធ្វើជាអ្នកគាំទ្រខ្ជាប់ខ្ជួនម្នាក់ចំពោះនាង ឬគាត់ ។ បុគ្គលនេះអាចជាបងប្អូនប្រុសស្រីផ្ដល់ការងារបម្រើ ឬសមាជិកវួដដទៃទៀត ។
សូមស្វែងរកវិធីនានាដើម្បីឲ្យសមាជិកវួដផ្ដល់ជំនួយ ។
-
ស្គាល់សមាជិកដែលអាចទៅលេងដល់គេហដ្ឋានដើម្បីសម្រាលភាពឯកោ ។
-
ឲ្យយុវវ័យ ឬអ្នកដទៃទៀតចូលរួមនៅក្នុងគម្រោងការបម្រើដើម្បីជួយដល់គ្រួសារនោះ ។
-
កំណត់ពីរបៀបដែលសមាជិកវួដអាចផ្ដល់ពេលវេលាសម្រាកជាទៀងទាត់ តាមរយៈការជួយដល់អ្នកទទួលការមើលថែ ខណៈដែលអ្នកមើលថែចូលរួមក្រុមគាំទ្រ មើលថែតម្រូវការខាងវិញ្ញាណ ឬតម្រូវការផ្ទាល់ខ្លួន ឬទទួលយកជំនួយដទៃទៀតដើម្បីមានពេលវេលាសម្រាកខ្លះ ។
ស្គាល់អង្គការ និងធនធានក្នុងមូលដ្ឋាន ហើយលើកទឹកចិត្តដល់អ្នកមើលថែឲ្យប្រើប្រាស់វា ។ ធនធាននានាអាចរួមមាន ៖
-
អ្នកផ្ដល់ការប្រឹក្សាដែលមានវិជ្ជាជីវៈ
-
ក្រុមគាំទ្រដល់អ្នកមើលថែក្នុងមូលដ្ឋាន និងថ្នាក់ជាតិ ( ដោយផ្ទាល់ និងអនឡាញ )
-
អង្គការរដ្ឋាភិបាល និងឯកជន
-
អង្គការក្រៅរដ្ឋាភិបាល ( NGOs )