ការហៅ​ក្នុង​វួដ ឬ​សាខា
ការនិយាយ​ជាមួយ​សមាជិក​អំពី​ភេទ


« ការនិយាយ​ជាមួយ​សមាជិក​អំពី​ភេទ » ធនធាន​ការប្រឹក្សា ( ឆ្នាំ ២០២៣ )

« ការនិយាយ​អំពី​ភេទ » ធនធាន​ការប្រឹក្សា

ការនិយាយ​ជាមួយ​សមាជិក​អំពី​ភេទ

ពេលខ្លះ សមាជិក​មាន​សំណួរ​ទាក់ទង​ទៅនឹង​អារម្មណ៍​របស់​ពួកគេ​អំពី​ភេទ ។ ពួកគេ​អាច​មាន​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​ដែល​កំពុង​ប្រឈម​មុខ​ទៅនឹង​សំណួរ​បែបនេះ ។ ឬ​ពួកគេ​ប្រហែលជា​ឆ្ងល់​អំពី​សារលិខិត​ដែល​ពួកគេ​បាន​ស្ដាប់ឮ​នៅក្នុង​ពិភពលោក​នេះ ដែល​ទាក់ទង​ទៅនឹង​ភេទ ។

ប្រសិនបើ​សមាជិក​មក​រក​អ្នក ដើម្បី​ស្វែងរក​ដំបូន្មាន​អំពី​បញ្ហា​ដែល​ទាក់ទង​ទៅនឹង​ភេទ សូម​អធិស្ឋាន​ស្វែងរក​ការណែនាំ​មកពី​ព្រះវិញ្ញាណ ។ សូម​ជួយ​ពួកគេ​ឲ្យ​ពិចារណា​អំពី​សំណួរ​របស់​ពួកគេ តាមទស្សនវិស័យ​នៃ​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់ ។ ការស្តាប់​ដោយ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​អាណិត​អាសូរ​ ជួយ​ពួកគេ​ឲ្យពឹងផ្អែក​ទៅលើ​ព្រះអង្គ​សង្គ្រោះ ដើម្បី​ទទួលបាន​ការយល់ដឹង និង​កម្លាំង​ខាង​វិញ្ញាណ ។

នៅពេល​អ្នក​ព្យាយាម​យល់ និង​ជួយ​ដល់​បុគ្គល​ទាំងនេះ សូម​គិត​អំពី​តម្រូវការ​ដើម្បី​គាំទ្រ​ដល់​គ្រួសារ​នេះ និង​ប្រើប្រាស់​ធនធាន​ដែល​មាន ។ សូមមើល « បុគ្គល​ប្ដូរ​ភេទ ៖ ការគាំទ្រ​មនុស្ស​ដទៃ » នៅក្នុងប្រធានបទ ជួយ​ដល់​ជីវិត ក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

ចំណាំ ៖ ភេទ​ គឺមិន​ដូចគ្នា​ទៅនឹង​ទំនោរ​ខាង​ផ្លូវភេទ​ទេ ។ មនុស្ស​មួយ​ចំនួន​ដែល​ចាត់ទុក​ខ្លួនឯង​ថា​ជា​បុគ្គល​ប្ដូរ​ភេទ មិនមាន​បទពិសោធន៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា​នោះ​ទេ ។ ស្រដៀងគ្នា​នេះ​ដែរ អ្នក​ដែល​មាន​បទពិសោធន៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា មិន​ចាំបាច់​សួរ​អំពី​ភេទ​របស់​ពួកគេ​ឡើយ ។ សម្រាប់​ជំនួយ​នៅក្នុង​ការសន្ទនា​អំពី​ទំនោរ​ខាង​ផ្លូវភេទ សូមមើល « ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា » នៅក្នុង​ធនធាន​ការប្រឹក្សា ។

សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច

យើង​គឺជា​បុត្រា និង​បុត្រី​ដ៏ស្ងួនភ្ងា​នៃ​ព្រះមាតា​បិតា​សួគ៌—នេះ​គឺជា​អត្តសញ្ញាណ​ដ៏សំខាន់​បំផុត​របស់​យើង ។

យើង​បាន​រស់នៅ​ជាមួយ​ព្រះ មុនពេល​យើង​បាន​ចាប់​កំណើត ។ ក្នុងនាមជា​បុត្រា​បុត្រី​របស់​ទ្រង់ យើង​មាន​សក្តានុពល​ដើម្បី​ប្រែ​ក្លាយ​ដូចជា​ទ្រង់ ។

អត្តសញ្ញាណ​របស់​យើង​ជា​បុត្រ​របស់​ព្រះ ​គឺជា​អាទិភាព​ដ៏ខ្ពស់​បំផុត​របស់​យើង ។

សូមមើល​ផងដែរ រ័សុល អិម ណិលសុន « ការ​ជ្រើសរើស​ដែល​ជះឥទ្ធិពល​លើ​ភាព​អស់កល្បជានិច្ច » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ; ជាពិសេស​នៅ​ផ្នែក​ដែល​មាន​ចំណងជើង​ថា « ដំបូង ស្គាល់​សេចក្ដីពិត​អំពី​ខ្លួន​អ្នក​ជានរណា » ។

រូបកាយជា​ប្រុស និង​ស្រី​របស់​យើង​ ត្រូវ​បាន​បង្កើត​ឡើង​តាម​រូបអង្គ​នៃ​ព្រះ ។

ភាពខុសគ្នា​រវាង​បុត្រី​របស់​ព្រះវរបិតាសួគ៌ និង​បុត្រា​របស់​ទ្រង់ គឺ​មាន​សារៈសំខាន់​នៅក្នុង​ផែនការ​ដ៏​អស់កល្ប​ជានិច្ច​របស់​ទ្រង់ ។ ភាពខុសគ្នា​ទាំងនោះ ​អនុញ្ញាត​ឲ្យ​យើង​បង្កើត​ជីវិត ព្រមទាំង​មានក្រុមគ្រួសារ​​មានសុភមង្គល និង​នៅដ៏​អស់កល្ប​ជានិច្ច​ផងដែរ ។ ដោយ​ហេតុ​នេះ​ហើយ ទ្រង់​បង្គាប់ឲ្យ​យើង​ចាត់ទុក​រូបកាយ​របស់​យើង និង​អំណាច​នៃ​ការបង្កើត​កូន ​ជា​អំណោយទាន​ដ៏​ពិសិដ្ឋ តាមរយៈ​ការគោរព​តាម​ច្បាប់​​ព្រហ្មចារីភាព ។

សូមមើល​ផងដែរ លោកុប្បត្តិ ១:២៧; កូរិនថូស ទី១ ១១:១១ ។

ពួកយើង​ម្នាក់ៗ​មាន​រូបកាយ​ផង និង​វិញ្ញាណ​ផង ហើយ​រូបកាយ​របស់​យើង​មាន​លំនាំ​តាម​រូបរាង​នៃ​វិញ្ញាណ​របស់​យើង ។

« ភេទ​ប្រុសស្រី​ គឺជា​លក្ខណៈ​ពិសេស​នៃ​អត្តសញ្ញាណ និង​គោលបំណង​របស់​បុគ្គល​ម្នាក់ៗ​នៅ​ជីវិត​មុន​ផែនដី ជីវិត​រមែងស្លាប់ និង​នៅ​អស់កល្ប​ជានិច្ច » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ) ។

អត្ថន័យ​នៃ​ពាក្យ ភេទ នៅក្នុង​ការប្រកាស​ដល់​ក្រុមគ្រួសារ​គឺជា « ជីវសាស្ត្រ​ភេទ​នៅពេល​កើត​មក » ។

មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​ថា អត្តសញ្ញាណ​ភេទ​របស់​ពួកគេ ( អារម្មណ៍​ដែលគេ​មាន​នៅក្នុង​ខ្លួន ) និង​ភេទ​ខាង​ជីវសាស្ត្រ​របស់​ពួកគេ​មិន​ត្រូវគ្នា​ទេ ។ អារម្មណ៍​បែបនេះ​ ពុំមែន​ជា​អំពើបាប​នោះ​ទេ ទោះបីជា​អារម្មណ៍​បែបនេះ ​អាច​បណ្ដាល​ឲ្យមាន​ទុក្ខ​លំបាក​ចំពោះ​អស់​អ្នក​ដែល​មាន​អារម្មណ៍​នេះ​ក្ដី ។

ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា ភាពច្របូក​ច្របល់​អំពី​អត្តសញ្ញាណ​ភេទ « អាច​កើតមាន​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា ​នៅពេល​ផ្សេងៗ​គ្នា​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ » ។ អស់​អ្នក​ដែល​មាន​សំណួរ ​គួរតែ « គិត​ឲ្យបាន​វែងឆ្ងាយ ហើយ​ព្យាយាម​ពឹងផ្អែក និង​ធ្វើតាម​គោលការណ៍​ដ៏​អស់កល្ប​ជានិច្ច » ( « ឈរ​ការពារ​សេចក្ដីពិត » [ ការប្រជុំធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៣ ] នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org ) ។ ពួកគេ​មិន​គួរ​អនុញ្ញាត​ឲ្យ​សាតាំង​ប្រើ​ភាពច្របូក​ច្របល់​អំពី​ភេទ ដើម្បី​ទាញ​ពួកគេ​ចេញពី​ព្រះអង្គ​សង្រ្គោះ ឬ​ធ្វើឲ្យ​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅលើ​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​សុភមង្គល​ដ៏​អស់កល្ប​ជានិច្ច​របស់​ពួកគេ ធ្លាក់​ចុះខ្សោយ​​ឡើយ ។

សេចក្ដីសុខសាន្ដ​នៅក្នុង​ចិត្ត កម្លាំង​ខាង​វិញ្ញាណ និង​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច អាច​រកបាននៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ ដំណឹងល្អ​របស់​ទ្រង់ និង​សាសនាចក្រ​របស់​ទ្រង់ ទោះបីជា​សំណួរ​មួយ​ចំនួន ​មិន​អាច​ឆ្លើយ​តប​បាន​យ៉ាង​ពេញលេញ​នៅក្នុង​ជីវិត​នេះ​ក៏ដោយ ។

« បើ​ក្មួយ សមាជិក​គ្រួសារ​ម្នាក់ ឬ​មិត្ត​ម្នាក់ កំពុង​ពុះពារ​នឹង​បញ្ហា​នៃ​ការភាន់​ច្រឡំ​អត្តសញ្ញាណ​ទាំង​នេះ ខ្ញុំ​សូម​ជំរុញ​ក្មួយៗ​ឲ្យ​អនុវត្ត​តាម​ច្បាប់​នៃ​ដំណឹងល្អ​ផង និង​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តាករុណា​របស់​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​ផង ដែលវា​នឹង​ជួយ ហើយ​ណែនាំ​ក្មួយៗ ប្រសិនបើ​ក្មួយៗ​ដើរ​នៅលើ​ផ្លូវ​របស់​ទ្រង់​ដោយអត់ធ្មត់ ។ ព្រះយេស៊ូវ​គ្រីស្ទ … បង្រៀន​យើង​ពី​ផ្លូវ​ដែល​យើង​ត្រូវ​ធ្វើតាម ​ដើម្បី​ស្គាល់​ពរជ័យ​ដ៏​ជម្រើស​បំផុត​របស់​ព្រះវរបិតាសួគ៌​យើង ។ … ទ្រង់​ស្រឡាញ់​យើង ហើយ​នឹង​ដឹកនាំ​យើង នៅពេល​យើង​ខិតខំ​ដើរ​ទៅកន្លែង​ដែល​ទ្រង់​ដឹកនាំ​យើងឲ្យ​ទៅ » ( ដាល្លិន អេក អូក « ឈរ​ការពារ​សេចក្ដីពិត » ) ។

សូមមើល​ផងដែរ អេធើរ ៣:១៦; គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៧:២; ៨៨:១៥ ។

ព្រះ​ទ្រង់​ស្រឡាញ់​បុត្រា​បុត្រី​របស់​ទ្រង់​ទាំងអស់ ហើយ​មនុស្ស​គ្រប់គ្នា​គឺ​ស័ក្ដិសម​នឹង​ទទួល​បាន​សេចក្ដី​ស្រឡាញ់ និង​ការគោរព ។

មនុស្ស​ដែល​មាន​សំណួរ​អំពី​អារម្មណ៍​របស់​ពួកគេ​ទាក់ទង​ទៅនឹង​ភេទ ជារឿយៗ​ឆ្ងល់​អំពី​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះអម្ចាស់ ឬស្ថានភាព​របស់​ពួកគេ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ទោះបីជា​យើង « មិន​យល់​ន័យ​នៃ​រឿង​ទាំងអស់​នោះ » ក៏ដោយ ក៏​យើង​អាច​ទុកចិត្ត​ព្រះ ហើយ « ដឹង​ថា​ព្រះអង្គ​ទ្រង់​ស្រឡាញ់​កូនចៅ​របស់​ទ្រង់ » ដែរ ( នីហ្វៃ​ទី​១ ១១:១៧ ) ។

មនុស្ស​ទាំងអស់​ ត្រូវបាន​ស្វាគមន៍​ឲ្យ​មកកាន់​សាសនាចក្រ ។ មិនថា​យើង​មាន​អារម្មណ៍​យ៉ាងណា​អំពី​ភេទ​នោះទេ យើង​ទាំងអស់​គ្នា​ត្រូវការ​មិត្តភក្តិ​ល្អ ដែល​ជា​គំរូ​នៃ​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ។ យើង​ត្រូវបាន​បង្រៀន​ដូច​ខាងក្រោម​នេះ​ អំពី​ការស្រឡាញ់​បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់ ៖

« អ្នកណា​ក៏ដោយ​ដែល​មិន​ប្រព្រឹត្ត​ចំពោះ​បុគ្គល​ដែល​ប្រឈមមុខ​នឹង​ឧសបគ្គ​អំពី​អត្តសញ្ញាណ​ភេទ​ដោយ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​ថ្លៃថ្នូរ គឺ​មិន​បាន​ធ្វើតាម​ការបង្រៀន​នៃ​បទបញ្ញត្តិធំ​ទីមួយ និង​ទី​ពីរ​ឡើយ ។ ដូច្នេះ លើ​ប្រធានបទ​នៃ​ក្រឹត្យវិន័យ​របស់​ព្រះ យើង​ត្រូវ​ចាំ​ថា ព្រះ​បានបើក​សម្តែង​ម្តង​ហើយ​ម្តង​ទៀត​ថា ទ្រង់​បាន​បង្កើត​មនុស្ស​ប្រុស និង​ស្រី ។ ហើយ​ទាក់ទង​នឹង​ប្រធានបទ​នៃ​កាតព្វកិច្ច​របស់​យើង​ក្នុង​ការស្រឡាញ់​អ្នកជិត​ខាង​របស់​យើង យើង​ត្រូវ​ចាំ​ថា ព្រះ​បាន​បញ្ជា​យើង​ឲ្យ​ស្រឡាញ់​សូម្បី​តែ​អ្នក​ដែល​មិន​បាន​កាន់តាម​បទបញ្ញត្តិ​ទាំងអស់​ក៏​ដោយ ។ …

« … ត្រូវ​ចាំ​ថា មិន​ថាយើង​មានការប្រែប្រួលយ៉ាងណាទេ ​នៅក្នុង​ភាពចម្រុះ​នៃ​ការបង្កបង្កើត​របស់​ព្រះវរបិតាសួគ៌ គឺទ្រង់​ស្រឡាញ់​យើង​ទាំងអស់​គ្នា ហើយ​ផែនការ​នៃ​សុភមង្គល​ដ៏​ល្អ​ឥតខ្ចោះ​របស់​ទ្រង់​ គឺមានកន្លែង​មួយ​សម្រាប់​មនុស្ស​ទាំងអស់ ។ យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់​ដោយ​ការរក្សា​បទបញ្ញត្តិ​របស់​ទ្រង់ រួម​ទាំង​​ស្រឡាញ់​បុត្រា​បុត្រី​របស់​ទ្រង់​ផងដែរ » ( ដាល្លិន អេក អូក « ឈរ​ការពារ​សេចក្ដីពិត » ) ។