ការហៅ​ក្នុង​វួដ ឬ​សាខា
តើ​ខ្ញុំ​អាច​គាំទ្រ​ដល់​ការផ្លាស់ប្ដូរ​យ៉ាង​ដូចម្ដេច ?


« តើ​ខ្ញុំ​អាច​គាំទ្រ​ដល់​ការផ្លាស់ប្ដូរ​យ៉ាង​ដូចម្ដេច ? » ធនធាន​ការ​ប្រឹក្សា ( ឆ្នាំ ២០២០ ) ។

« តើ​ខ្ញុំ​អាច​គាំទ្រ​ដល់​ការផ្លាស់ប្ដូរ​យ៉ាង​ដូចម្ដេច ? » ធនធាន​ការ​ប្រឹក្សា ។

ធនធាន​ការ​ប្រឹក្សា

តើ​ខ្ញុំ​អាច​គាំទ្រ​ដល់​ការផ្លាស់ប្ដូរ​យ៉ាង​ដូចម្ដេច ?

ប៊ីស្សព​មាន​ការ​ទទួលខុសត្រូវ​ដ៏ពិសិដ្ឋ​ដើម្បី​ធ្វើជា​ចៅក្រម​នៃ​អ៊ីស្រាអែល ដើម្បី​ជួយ​សមាជិក​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជា​មួយ​នឹង​ព្រះ ហើយ​ធ្វើ​ជា​គ្រូបង្រៀន​ខាង​វិញ្ញាណ ។ បុគ្គល​ម្នាក់ៗ​មាន​ការ​ទទួល​ខុសត្រូវ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​នឹង​ព្រះ​តាមរយៈ​ការ​ប្រែចិត្ត និង​ការអភ័យទោស ។ ពុំមែនជា​ថ្នាក់ដឹកនាំ​សាសនាចក្រទេ តែជា​បុគ្គល​ម្នាក់ៗ​ដែល​មាន​ការ​ទទួលខុសត្រូវ​ដើម្បី​រុករក​នូវអ្វី​ដែល​អាច​តម្រូវ​ឲ្យ​មាន ដើម្បី​ធ្វើ​ការ​ផ្លាស់ប្ដូរ​ឥរិយាបទ​ដែល​ពុំ​ល្អ​របស់​ពួកគេ ។ ( សូមមើល « Identifying and Understanding Influences » នៅ​ត្រង់វគ្គ « Addressing Pornography » នៃ ChurchofJesusChrist.org ) ។ ការណ៍​នេះ​អាច​តម្រូវ​ឲ្យ​មាន​វិវរណៈ​ផ្ទាល់ខ្លួន​ដែល​ទទួល​បាន​តាមរយៈ​ការសិក្សា និង​ការ​អធិស្ឋាន ។ សមាជិក​ក៏​មាន​ការ​ទទួលខុសត្រូវ​ដើម្បី​យល់ដឹង និង​ថ្លែង​ពី​​របៀប​ដែល​ការប្រើប្រាស់​ការណ៍អាសគ្រាម​របស់​ពួកគេ​បាន​បណ្ដាល​​ឲ្យ​មាន​ការឈឺចាប់​លើ​ខ្លួនគេ និង​អ្នកដទៃ ។

នៅពេល​អ្នក​ជួយ​សមាជិក​ឲ្យ​ព្យាយាម​ទទួល​បាន​ការអភ័យទោស សូម​ផ្ដោត​ទៅលើ​ការ​បង្រៀន និង​ការគូស​បញ្ជាក់​ដូច​តទៅនេះ ៖

  • គោលលទ្ធិ

  • សិទ្ធ​ជ្រើសរើស និង ការ​ទទួល​ខុសត្រូវ

  • ការអនុវត្ត​សេចក្ដីជំនឿ​ដោយ​ខ្ជាប់ខ្ជួន

  • ការ​តស៊ូ

គោលលទ្ធិ

គោលលទ្ធិ​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺសំខាន់​ចំពោះ​ការ​យល់ដឹង​ពី​របៀប​ដើម្បី​ប្រែចិត្ត និង​ទទួល​បាន​ការ​អភ័យទោស ។ ការជួយ​សមាជិក​ឲ្យ​យល់ដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​តួនាទី​របស់​ទ្រង់​ក្នុង​ជីវិត​របស់ពួកគេ គឺមាន​សារៈសំខាន់​ក្នុងការ​ផ្លាស់ប្ដូរ ។ អ្នក​នឹង​ត្រូវ​បាន​ដឹកនាំ​ឲ្យ​ដឹង​ពី​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​បង្រៀន​ពី​សេចក្ដីពិត​ទាំងនេះ និង​សេចក្ដី​ពិត​ដទៃ​ទៀត ។ គោលគំនិត​ដូចគ្នា​ទាំងនេះ គឺ​សំខាន់​ផងដែរ​នៅក្នុង​ការងារ​បម្រើ​ចំពោះ​ស្វាមី​ភរិយា និង​អ្នកដទៃទៀត​ដែល​បាន​រងគ្រោះ​ដោយ​ឥរិយាបទ​នោះ ។ សូម​ពិចារណា​ធ្វើការ​មើល​ទំព័រ​ដូច​ខាងក្រោម​នៅក្នុង​ប្រធានបទ​ដំណឹងល្អ ៖

  • ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ

  • ការអភ័យទោស

  • ការប្រែចិត្ត

សិទ្ធ​ជ្រើសរើស និង ការ​ទទួល​ខុសត្រូវ

សូម​លើក​ទឹកចិត្ត​ដល់​បុគ្គល​ម្នាក់ៗ​ឲ្យ​មាន​ការទទួលខុសត្រូវ​ចំពោះ​ជម្រើស​របស់គាត់ ឬ​នាង ។ បុគ្គល​ម្នាក់ៗ​ចាំបាច់​ត្រូវ​យល់ដឹង​ថា​ពេលណា​ចាំបាច់​ត្រូវ​ធ្វើការ​សារភាព ។ ការ​សារភាព​ចំពោះ​ប្ដី ឬ​ប្រពន្ធ​របស់​គាត់ ឬនាង ចំពោះ​ឪពុក​ម្ដាយ ( ប្រសិន​បើ​អនីតិជន​រស់នៅ​ក្នុង​ផ្ទះ ) ឬ​ប៊ីស្សព ជាញឹកញាប់​ជួយ​ឲ្យ​វា​មាន​ការ​ឆ្ពោះ​ទៅមុខ ។ វា​អាច​នឹង​ត្រូវ​ធ្វើ​ការ​ព្យាយាម​ចែកចាយ​ជាច្រើនដង ពី​មុន​បុគ្គល​ម្នាក់​បាន​ត្រៀមខ្លួន​ដើម្បី​បើកចិត្ត​ទាំងស្រុង និង​ប្រាប់​ត្រង់ៗ​អំពី​ទង្វើ​កាល​ពី​អតីតកាល​របស់ពួកគេ ។ សូម​អនុវត្ត​ការ​អត់ធ្មត់​អំឡុង​ដំណើរការនេះ ដោយ​បង្ហាញ​នូវ​ការ​យកចិត្ត​ទុកដាក់​ខ្ពស់ សេចក្ដីស្រឡាញ់ និង​ភាព​កក់ក្ដៅ ដើម្បី​បំផុសគំនិត និង​លើក​ទឹកចិត្ត​ដល់​បុគ្គល​នោះ​ឲ្យ​មានភាព​ស្មោះត្រង់​ទាំងស្រុង ។ សូម​កុំ​ធ្វើ​ឲ្យនរណា​ម្នាក់​អៀនខ្មាស ឬ​បង្ខំ​នរណា​ម្នាក់​ឲ្យ​សារភាព​ពីមុន​គាត់ ឬ​នាង​ត្រៀមខ្លួន​រួចរាល់​ឡើយ ។

ប៊ីស្សព និង​ប្រធានសាខា​គួរតែ​មើល ក្បួនខ្នាត​ទូទៅ ៣២.៨.២ សម្រាប់​ជំនួយ​បន្ថែម ។ សូម​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​យល់​ថា គាត់ ឬនាង​គឺជា​កូន​របស់ព្រះ ហើយ​ថា​ការ​ប្រើ​ការណ៍អាសគ្រាម គឺជា​ឥរិយាបទ​មួយ​ដែល​ពុំ​ត្រូវ​តាម​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់ពួកគេ​នោះទេ ។

ការអនុវត្ត​សេចក្ដីជំនឿ

ការអធិស្ឋាន និង​ការ​សិក្សា​ព្រះគម្ពីរ​ជា​ទៀងទាត់ គឺ​សំខាន់​ក្នុង​ការអភិវឌ្ឍ​សេចក្ដី​ជំនឿ​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ការ​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ គឺចាំបាច់​ដើម្បី​ទទួល​បទពិសោធន៍​នៃ​ការផ្លាស់​ប្ដូរ​ដួង​ចិត្តដ៏ធំ ។ ការអធិស្ឋាន​ដោយ​ស្មោះ​អស់ពី​ចិត្ត អាច​នាំ​ឲ្យ​បុគ្គល​នោះ​ស្វែងរក​ការអភ័យទោស​ពី​ព្រះ និង​ពី​មនុស្ស​ដែល​ពួកគេ​បាន​ធ្វើ​ឲ្យ​រងគ្រោះ ។ បុគ្គល​ម្នាក់ៗ​អាច​ទទួល​បាន​កម្លាំង​កាន់តែ​ខ្លាំង​ផងដែរ តាមរយៈ​ការ​សិក្សា​ការ​បង្រៀន​មកពី​សន្និសីទ​ទូទៅ និង​អត្ថបទ​នានា​នៅក្នុង​ទស្សនាវដ្ដី​សាសនាចក្រ​ដែល​ថ្លែង​អំពី​ប្រធានបទ​ទាំងនេះ ។

បុគ្គល​ម្នាក់ៗ​ត្រូវតែ​ជឿថា គាត់ ឬ​នាង​អាច​ផ្លាស់ប្ដូរ​បាន ។ សូម​មានភាព​វិជ្ជមាន ហើយ​មើល​គោលការណ៍​នានា​នៃ​សេចក្ដីជំនឿ​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ ។ សូម​លើក​ទឹកចិត្ត​ឲ្យ​ធ្វើ​ការ​ថ្វាយបង្គំ​នៅ​ថ្ងៃ​ឈប់សម្រាក បម្រើ​អ្នកដទៃ និង​មាន​ឥរិយាបថ​ផ្សេងៗទៀត​ដែល​ត្រូវ​ទៅនឹង​បុគ្គលិក​លក្ខណៈ​របស់​ព្រះគ្រីស្ទ ។

ការ​តស៊ូ

បុគ្គល​ម្នាក់ៗ​គួរ​តែ​ស្វែងរក​វិវរណៈ​ផ្ទាល់ខ្លួន នៅពេល​បង្កើត​ផែនការ​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ប្រើប្រាស់​ការណ៍អាសគ្រាម​ដែល​គេ​មាន​នោះ ។ បុគ្គល​ម្នាក់ៗ​គួរតែ​ពិចារណា​អំពី​តម្រូវការ​ពិសេស​របស់គាត់ ឬ​នាង នៅក្នុងពេល​កំណត់អំពី​ដំណោះស្រាយ និង​វិធានការណ៍​ដែល​ត្រូវ​ចំណាត់ការ ។ ខណៈពេល​ដែល​ការ​ឈប់​ប្រើប្រាស់​ការណ៍អាសគ្រាម គឺជា​គោលដៅ​ដ៏​សំខាន់​មួយ នោះ​សូម​លើក​ទឹកចិត្ត​ដល់​បុគ្គល​នោះ​ឲ្យ​ផ្ដោត​ទៅលើ​ការ​ព្យាយាម​មាន​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ហើយ​ក្លាយជា​សិស្ស​ដែល​ប្រែចិត្តជឿ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ទំព័រ​ដូច​ខាងក្រោម​នេះ​ដែល​មាននៅលើ​គេហទំព័រ​ស្ដីអំពី​ការ​ថ្លែង​អំពី​ការណ៍អាសគ្រាម អាច​នឹង​ជា​ប្រយោជន៍​ដល់​សមាជិក​នៅក្នុង​ដំណើរការ​នេះ ៖

សូម​រំឭក​ដល់​សមាជិក​ជា​បន្ដបន្ទាប់​ថា ការ​ផ្លាស់ប្ដូរ​គឺជា​ដំណើរការ​មួយ​ដែល​នឹង​ត្រូវការ​ពេលវេលា ។ អ្នក​ក៏​អាច​នឹង​ចាំបាច់​ត្រូវ​ចង្អុល​បង្ហាញ​ថា ការ​ទទួល​ខុសត្រូវ​ផ្ទាល់​ខ្លួន ការ​ខិតខំ​ដោយ​ខ្ជាប់ខ្ជួន និង​ការ​ទទួល​ស្គាល់​ការឈឺចាប់​ដែល​កើតមាន​មកពី​ការ​ប្រើប្រាស់​ការណ៍អាសគ្រាម គឺជា​អ្វីៗ​ទាំងអស់​ដែល​ចាំបាច់​ដើម្បី​បង្កើត​ទំនុកចិត្ត​ជាមួយ​នឹង​ប្ដី ឬ​ប្រពន្ធ​របស់​គាត់ ឬនាង ឪពុក​ម្ដាយ ឬ​សមាជិក​គ្រួសារ​ដទៃទៀត​ឡើងវិញ ។ វា​ពុំ​មែន​ជា​រឿង​ចម្លែក​ទេ​ដែល​ត្រូវ​ជួប​នឹង​ការបរាជ័យ​នោះ ។ សូម​លើក​ទឹកចិត្ត​ដល់​បុគ្គល​ម្នាក់ៗ​ឲ្យ​មានភាព​ស្មោះត្រង់​នៅក្នុង​ការ​រាយការណ៍​អំពី​ការបរាជ័យ​ទាំងនេះ​ទៅកាន់​ប្ដី ឬ ប្រពន្ធ ឬ​ឪពុក​ម្ដាយ​របស់ពួកគេ ដើម្បី​រៀន​ពី​ពួកគេ ហើយ​ត្រឡប់​ទៅកាន់​ទម្លាប់ល្អ​វិញភ្លាម ។