« អ្នកផ្សព្វផ្សាយសាសនាដែលត្រឡប់ទៅផ្ទះវិញមុនពេលកំណត់ » ធនធានការប្រឹក្សា ( ឆ្នាំ ២០២០ ) ។
« អ្នកផ្សព្វផ្សាយសាសនាដែលត្រឡប់ទៅផ្ទះវិញមុនពេលកំណត់ » ធនធានការប្រឹក្សា ។
អ្នកផ្សព្វផ្សាយសាសនាដែលត្រឡប់ទៅផ្ទះវិញមុនពេលកំណត់
អ្នកផ្សព្វផ្សាយសាសនាដែលត្រឡប់ទៅផ្ទះវិញមុនពេលកំណត់ ឬបញ្ចប់បេសកកម្មរបស់ពួកគេមុនពេលកំណត់ អាចជួបនឹងការលំបាកប្លែកៗ ។ នៅពេលពួកគេបានរៀបចំខ្លួនសម្រាប់បេសកកម្មរបស់ពួកគេ ហើយបានចេញទៅបម្រើ នោះពួកគេទំនងជាពោរពេញដោយសេចក្ដីសង្ឃឹមដ៏មហិមា ហើយមានបំណងប្រាថ្នាដើម្បីបម្រើព្រះអម្ចាស់ ។ នៅពេលពួកគេត្រឡប់មកផ្ទះវិញមុនពេលកំណត់មិនថាដោយមូលហេតុអ្វីនោះទេ ( ឧទាហរណ៍ បញ្ហាសុខភាពខាងរាងកាយ ឬផ្លូវចិត្ត ឬអំពើរំលង ) នោះពួកគេអាចមានអារម្មណ៍ខកចិត្ត ខ្មាសអៀន ឬបាក់ទឹកចិត្ត ។ ពួកគេអាចងឿងឆ្ងល់ពីការបំផុសគំនិតដែលបានដឹកនាំពួកគេឲ្យបម្រើបេសកកម្ម ។ ពួកអ្នកផ្សព្វផ្សាយសាសនាត្រឡប់មកពីបេសកកម្មមុនកំណត់ទាំងនេះ អាចបារម្ភពីទស្សនៈរបស់មនុស្សដទៃដែលមានមកលើពួកគេ ឬសូម្បីតែព្រះទ័យរបស់ព្រះអម្ចាស់ចំពោះពួកគេផងដែរ ។ ពួកគេអាចមានអារម្មណ៍ថា ពួកគេបានបរាជ័យ ឬពុំស័ក្ដិសម ហើយអាចវិនិច្ឆ័យខ្លួនពួកគេដោយភាពអវិជ្ជមាន ។ ពួកគេអាចនឹងមានអារម្មណ៍បាត់បង់ ឬអាចនឹងឆ្លងកាត់ដំណាក់កាលនៃទុក្ខសោកផ្សេងៗផងដែរ ។
ពួកអ្នកផ្សព្វផ្សាយសាសនាដែលត្រឡប់ទៅផ្ទះវិញមុនកំណត់ ត្រូវការកិច្ចខិតខំរួមគ្នារបស់គ្រួសារ មិត្តភក្ដិ ថ្នាក់ដឹកនាំ និងសមាជិកវួដដើម្បីជួយពួកគេឲ្យឆ្លងកាត់គ្រាលំបាកនេះ ។ សូមឈោងទៅជួយដោយក្ដីស្រឡាញ់ដើម្បីលួងលោមចិត្ត លើកទឹកចិត្ត ហើយមើលថែចំពោះអ្នកត្រឡប់មកពីផ្សព្វផ្សាយសាសនាម្នាក់ៗ និងគ្រួសាររបស់ពួកគេ។ សូមលើកទឹកចិត្តអ្នកផ្សព្វផ្សាយសាសនានោះ គ្រួសាររបស់គាត់ ឬនាង និងសមាជិកវួដឲ្យហៅគាត់ ឬនាងថា « អ្នកត្រឡប់មកពីបេសកកម្មវិញ » ហើយពុំមែនថាជា « អ្នកត្រឡប់មកមុនពេលកំណត់ » ឬ « អ្នកផ្សព្វផ្សាយសាសនាដោះលែងមុនពេលកំណត់ » ឡើយ ។ ជម្រើសពាក្យនេះ អាចជួយកាត់បន្ថយស្លាកស្នាមដែលទាក់ទងទៅនឹងការដោះលែងមុនពេលកំណត់បាន ។
ព្យាយាមយល់
នៅពេលអ្នកនិយាយជាមួយនឹងបុគ្គលម្នាក់ៗ សូមប្រាកដថាបង្ហាញសេចក្ដីស្រឡាញ់ និងការអាណិតអាសូរដូចជាព្រះអង្គសង្គ្រោះនឹងធ្វើដែរ ។ ដោយសារតែស្ថានភាពនានាមានភាពខុសគ្នា ហើយស្ថានភាពរបស់បុគ្គលម្នាក់ៗមានភាពផ្សេងៗគ្នា នោះសូមពិចារណាប្រកបដោយការអធិស្ឋានដើម្បីសួរសំណួរទាំងនេះ ដើម្បីជួយអ្នកឲ្យយល់អំពីកង្វល់របស់អ្នកផ្សព្វផ្សាយសាសនានោះឲ្យបានកាន់តែច្បាស់ ហើយដឹងពីសេចក្ដីត្រូវការរបស់គាត់ ឬនាង ។
-
តើអ្នកមានអារម្មណ៍យ៉ាងដូចម្តេចអំពីបេសកកម្មរបស់អ្នក ?
-
តើអ្នកទទួលបានពរជ័យអ្វីខ្លះមកពីការបម្រើរបស់អ្នក ?
-
តើអ្វីជាកង្វល់ ឬការព្រួយបារម្ភធំបំផុតរបស់អ្នកក្នុងពេលនេះ ?
-
តើអ្នកមានអារម្មណ៍យ៉ាងដូចម្តេចអំពីការដោះលែងរបស់អ្នក ?
-
តើគ្រួសាររបស់អ្នកឆ្លើយតបទៅនឹងការដោះលែងរបស់អ្នកយ៉ាងដូចម្ដេច ?
-
តើអ្នកមានផែនការអ្វីខ្លះដើម្បីដោះស្រាយបញ្ហាដែលនាំឲ្យអ្នកត្រឡប់មកផ្ទះវិញនេះ ?
-
តើអ្នកបានទទួលធនធានគាំទ្រអ្វីខ្លះ ?
-
តើមេរៀនទាំងឡាយដែលអ្នកបានរៀននៅក្នុងបេសកកម្មអាចពង្រឹងអ្នកនៅក្នុងអំឡុងគ្រាផ្លាស់ប្ដូរនេះយ៉ាងដូចម្ដេច ?
-
តើទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះអម្ចាស់យ៉ាងដូចម្ដេចដែរក្នុងពេលនេះ ?
ជួយបុគ្គលម្នាក់
នៅពេលអ្នកជួយអ្នកត្រឡប់មកពីបេសកកម្មវិញជាមួយនឹងស្ថានភាពរបស់ នាង ឬគាត់ សូមពិចារណាអំពីយោបល់មួយចំនួនទាំងនេះ ៖
បើវាជាជំនួយ សូមជួបនឹងអ្នកត្រឡប់មកពីបេសកកម្មវិញជាទៀងទាត់ដើម្បីជួយគាត់ ឬនាងឲ្យទទួលបានសេចក្ដីសង្ឃឹម និងការព្យាបាល ។
-
ជួយអ្នកផ្សព្វផ្សាយសាសនាឲ្យយល់ពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះក្នុងការជួយនាង ឬគាត់ឲ្យឆ្លងកាត់បញ្ហានានា ( សូមមើល អាលម៉ា ៧:១១–១២; គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦; ម៉ូសាយ ២៤:១៣–១៥ ) ។
-
ជួយអ្នកផ្សព្វផ្សាយសាសនាឲ្យមើលឃើញអត្តសញ្ញាណ និងតម្លៃរបស់គាត់ ឬនាងក្នុងនាមជាកូនរបស់ព្រះ ហើយទទួលស្គាល់កម្លាំង ទេពកោសល្យ សមត្ថភាព និងអំណោយទានខាងវិញ្ញាណរបស់គាត់ ឬនាងម្នាក់ៗ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០–១១; កិច្ចការ ១៧:២៨–២៩ ) ។
-
លើកទឹកចិត្តអ្នកផ្សព្វផ្សាយសាសនាឲ្យស្វែងរកការប្រសិទ្ធពរបព្វជិតភាព ។
-
បើអ្នកផ្សព្វផ្សាយសាសនាបានត្រឡប់មកផ្ទះវិញ ដោយសារតែស្ថានភាពសុខភាពខាងរាងកាយ ឬសុខភាពផ្លូវចិត្ត នោះសូមជួយនាង ឬគាត់ឲ្យទទួលបានការព្យាបាលត្រឹមត្រូវភ្លាមៗ ។
សូមជួយអ្នកផ្សព្វផ្សាយសាសនាឲ្យយល់ថា ព្រះអម្ចាស់ឲ្យតម្លៃ និងទទួលយកការបម្រើដែលគាត់ ឬនាងបានផ្ដល់ឲ្យក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ រួមទាំងការណ៍ដែលគាត់ ឬនាងបានទទួលយកការហៅបម្រើផងដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:៤៩ ) ។
-
បង្ហាញការដឹងគុណចំពោះការបម្រើដែលបុគ្គលនោះបានធ្វើក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ ។
-
បើការដោះលែងរបស់អ្នកត្រឡប់មកពីផ្សព្វផ្សាយសាសនាវិញ គឺដោយសារតែបញ្ហាសុខភាពខាងរាងកាយ ឬសុខភាពផ្លូវចិត្ត នោះប៊ីស្សពអាចនឹងឲ្យនាង ឬគាត់រាយការណ៍ទៅកាន់ក្រុមប្រឹក្សាជាន់ខ្ពស់ស្ដេក ។
-
ស្វែងរកវិធីដើម្បីជួយគាត់ ឬនាងឲ្យមានអារម្មណ៍ស្វាគមន៍មកកាន់វួដ ហើយចែកចាយបទពិសោធន៍អំពីបេសកកម្ម ។ បើសមរម្យ ចូរសុំឲ្យអ្នកផ្សព្វផ្សាយសាសនានោះ ប្រសិនបើគាត់ ឬនាងចង់ផ្ដល់ការអធិស្ឋាន ចែកចាយទីបន្ទាល់របស់គាត់ ឬនាង ឬនិយាយនៅក្នុងព្រះវិហារ ។
-
ជួយអ្នកផ្សព្វផ្សាយសាសនាឲ្យយល់ថានាង ឬ គាត់នឹងមានឱកាសបម្រើនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ជាច្រើនទៀត ទោះជានាង ឬគាត់ពុំពាក់ស្លាកឈ្មោះជាអ្នកផ្សព្វផ្សាយសាសនាតទៅទៀតក្ដី ។
សូមគូសបញ្ជាក់អំពីអាទិភាពចម្បងរបស់អ្នកត្រឡប់មកពីផ្សព្វផ្សាយសាសនាវិញ គឺការព្យាបាល ហើយការសម្រេចចិត្តទាក់ទងទៅនឹងការត្រឡប់ទៅបម្រើជាអ្នកផ្សព្វផ្សាយសាសនាវិញ គួរតែធ្វើឡើងនៅពេលក្រោយ ។
-
សូមកុំដាក់សម្ពាធលើអ្នកផ្សព្វផ្សាយសាសនាឲ្យត្រឡប់ទៅកាន់តំបន់បេសកកម្មវិញឡើយ ។ ការសម្រេចចិត្តនេះអាចកើតមានឡើង បន្ទាប់ពីគាត់បានជាសះស្បើយទាំងស្រុងពីបញ្ហានានាដែលនាំឲ្យគាត់ ឬនាងត្រឡប់មកផ្ទះវិញប៉ុណ្ណោះ ។
-
សម្រាប់អស់អ្នកដែលសម្រេចចិត្តត្រឡប់ទៅកាន់ការបម្រើជាអ្នកផ្សព្វផ្សាយសាសនាវិញ ឬស្វែងរកឱកាសផ្សេងទៀតដើម្បីបម្រើ សូមមើលអត្ថបទ « ការត្រឡប់ទៅការបម្រើវិញ » ។
សូមលើកទឹកចិត្តអ្នកផ្សព្វផ្សាយសាសនាឲ្យបន្ដទំនាក់ទំនងជាមួយនឹងប្រធានបេសកកម្ម និងភរិយារបស់លោក នៅពេលនាង ឬគាត់ឆ្លងកាត់ពេលវេលាផ្លាស់ប្ដូរនេះ ។
បើអ្នកផ្សព្វផ្សាយសាសនាពុំត្រឡប់ទៅការបម្រើពេញម៉ោងវិញទេ សូមព្យាយាមបន្ដការគាំទ្រ និងមើលថែ ។ នៅពេលអ្នកត្រឡប់មកពីបេសកកម្មចាប់ផ្ដើមដាក់គោលដៅសម្រាប់អនាគតរបស់គាត់ ឬនាង សូមប្រឹក្សាអំពីរឿងដូចខាងក្រោមនេះ ៖
-
ការអប់រំ
-
ការងារ
-
ទំនាក់ទំនង ( ការដើរលេងជាគូ )
-
ឱកាសការបម្រើ
-
ការចូលរៀនថ្នាក់វិទ្យាស្ថាន
-
ការទៅព្រះវិហារបរិសុទ្ធ និងភាពស័ក្ដិសម
សម្រាប់ប៊ីស្សព ៖ បើអ្នកផ្សព្វផ្សាយសាសនាផ្លាស់ទីលំនៅ ឬប្ដូរវួដភ្លាមៗបន្ទាប់ពីត្រឡប់មកវិញ សូមទាក់ទងទៅប៊ីស្សពថ្មីរបស់អ្នកផ្សព្វផ្សាយសាសនានោះ ហើយប្រាកដថា គាត់បានដឹងអំពីស្ថានភាពរបស់អ្នកត្រឡប់មកពីផ្សព្វផ្សាយសាសនាម្នាក់នោះ ។
-
បើអ្នកផ្សព្វផ្សាយសាសនាបានត្រឡប់មកផ្ទះវិញដោយសារតែបញ្ហាភាពស័ក្ដិសម សូមជួយនាង ឬគាត់ជាមួយនឹងដំណើរការនៃការប្រែចិត្ត ( សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ [ ឆ្នាំ ២០២០ ] ជំពូក ៣២ ) ។
-
បើការដោះលែងអ្នកត្រឡប់មកពីផ្សព្វផ្សាយសាសនាវិញ គឺដោយសារតែបញ្ហាសុខភាពខាងរាងកាយ ឬសុខភាពផ្លូវចិត្ត នោះប៊ីស្សពអាចនឹងពិចារណាឲ្យគាត់ ឬនាងរាយការណ៍ទៅកាន់ក្រុមប្រឹក្សាជាន់ខ្ពស់ស្ដេក ។
គាំទ្រដល់គ្រួសារ
បទពិសោធន៍របស់អ្នកផ្សព្វផ្សាយសាសនាដែលបានត្រឡប់មកផ្ទះវិញមុនពេលកំណត់ក៏ជះឥទ្ធិពលដល់ជីវិតរបស់សមាជិកគ្រួសារគាត់ ឬនាងផងដែរ ។ សូមកំណត់អំពីឥទ្ធិពលរបស់វាទៅលើសមាជិកគ្រួសារ ហើយស្វែងរកដំណោះស្រាយចំពោះបញ្ហាទាំងនោះ ។
សូមប្រឹក្សាជាមួយ និងជួយសមាជិកគ្រួសារដែលមានបញ្ហា កង្វល់ ឬសំណួរផ្ទាល់ខ្លួន ដែលវាកើតចេញមកពីការត្រឡប់មកផ្ទះវិញមុនពេលកំណត់របស់អ្នកផ្សព្វផ្សាយសាសនានេះ ។
-
សូមជួយសមាជិកគ្រួសារឲ្យយល់អំពីរបៀបដែលព្រះអង្គសង្គ្រោះអាចព្យាបាល នាំភាពសុខសាន្ដ និងលួងលោមចិត្តពួកគេ និងអ្នកដែលបានត្រឡប់មកពីផ្សព្វផ្សាយសាសនាវិញ ។
សូមលើកទឹកចិត្តគ្រួសារនេះឲ្យប្រឹក្សាជាមួយគ្នាអំពីតម្រូវការរបស់អ្នកត្រឡប់មកពីផ្សព្វផ្សាយសាសនា និងធនធានដែលមានដើម្បីជួយដល់នាង ឬគាត់ ។
-
ជួយសមាជិកគ្រួសារឲ្យផ្ដោតទៅលើកង្វល់របស់ពួកគេអំពីអ្នកផ្សព្វផ្សាយសាសនា និងការព្យាបាលរបស់គាត់ ឬនាង ជាជាងផ្តោតទៅលើរបៀបដែលអ្នកដទៃអាចនឹងមើលទៅលើស្ថានភាពនោះ ។
-
ជួយឪពុកម្ដាយរបស់អ្នកផ្សព្វផ្សាយសាសនាឲ្យយល់ថា ការត្រឡប់មកវិញមុនកំណត់របស់កូនប្រុស ឬស្រីរបស់ពួកគេ ពុំមានន័យថាពួកគេបានធ្វើអ្វីមួយខុសក្នុងនាមជាឪពុកម្ដាយនោះទេ ។
-
ជួយឪពុកម្ដាយឲ្យយល់ថា ពួកគេពុំចាំបាច់ដាក់ទោស ឬបន្ទោសខ្លួនគេ ឬអ្នកដទៃទៀតចំពោះការត្រឡប់មកវិញមុនកំណត់របស់អ្នកផ្សព្វផ្សាយសាសនាឡើយ ។
សូមកុំលើកទឹកចិត្តដល់សមាជិកគ្រួសារឲ្យដាក់សម្ពាធទៅលើអ្នកផ្សព្វផ្សាយសាសនាឲ្យត្រឡប់ទៅកាន់ការបម្រើជាអ្នកផ្សព្វផ្សាយសាសនាវិញ មុនពេលដែលនាង ឬគាត់បានត្រៀមខ្លួនរួចនោះឡើយ ឬបើអ្នកផ្សព្វផ្សាយសាសនានោះពុំមានបំណងចង់ត្រឡប់ទៅវិញទេនោះ ។
ប្រើប្រាស់ធនធានក្នុងវួដ និងស្ដេក
សូមពិចារណាធ្វើការជាមួយថ្នាក់ដឹកនាំវួដ ឬបុគ្គលដែលជាទីទុកចិត្តដទៃទៀតដើម្បីបន្ដផ្ដល់ការគាំទ្រ ការណែនាំ និងជំនួយ ។ ស្នើសុំការអនុញ្ញាតពីបុគ្គលនោះពីមុនពិភាក្សាអំពីស្ថានភាពនោះជាមួយអ្នកដទៃទៀត ។
ថ្នាក់ដឹកនាំអាចនឹងពិចារណាធ្វើការពិភាក្សាអំពីស្ថានភាពរបស់អ្នកត្រឡប់មកពីផ្សព្វផ្សាយសាសនាវិញនៅក្នុងក្រុមប្រឹក្សាវួដដើម្បីស្គាល់ធនធាន និងឱកាសដើម្បីជួយដល់គាត់ ឬនាង ។
-
ស្វែងរកវិធីនានាដើម្បីឲ្យថ្នាក់ដឹកនាំសាសនាចក្របម្រើយ៉ាងសកម្ម និងគាំទ្រដល់អ្នកត្រឡប់មកពីផ្សព្វផ្សាយសាសនាវិញ និងគ្រួសារនាង ឬគាត់អំឡុងគ្រាដ៏សំខាន់នេះ ។
សូមលើកទឹកចិត្តអ្នកផ្សព្វផ្សាយសាសនាឲ្យប្រាប់ពីបុគ្គលដែលគេទុកចិត្តឲ្យធ្វើជាអ្នកណែនាំ ហើយលើកទឹកចិត្តពួកគេឲ្យជួបគ្នាជាទៀងទាត់ ។
-
អ្នកណែនាំអាចជាបងប្អូនប្រុសស្រីដែលផ្ដល់ការងារបម្រើរបស់អ្នកត្រឡប់មកពីផ្សព្វផ្សាយសាសនានោះ ។
-
ពិចារណាធ្វើការជ្រើសរើសយកអ្នកត្រឡប់មកពីផ្សព្វផ្សាយសាសនាម្នាក់ទៀតដែលមានបទពិសោធន៍ស្រដៀងគ្នា ដែលបានរកឃើញសេចក្ដីសង្ឃឹម និងកម្លាំងតាមរយៈព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។
សូមផ្ដល់ការហៅ និងឱកាសនានាដើម្បីបម្រើដល់អ្នកផ្សព្វផ្សាយសាសនានេះ និងឲ្យគាត់ឡើងនិយាយតាមរបៀបសមរម្យ នៅពេលគាត់បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើដូច្នោះបាន ។
តាមសមរម្យ សូមពិចារណាអំពីជំនួយបន្ថែមទៀតមកពីធនធានសាសនាចក្រ និងធនធានសហគមន៍ដែលសមស្របទៅតាមគោលការណ៍ដំណឹងល្អ ។
-
នៅតំបន់ខ្លះ សេវាកម្មគ្រួសារមានផ្ដល់សេវាពិគ្រោះយោបល់សម្រាប់ថ្នាក់ដឹកនាំសាសនាចក្រ និងវគ្គប្រឹក្សាដល់អ្នកផ្សព្វផ្សាយសាសនាដែលត្រឡប់មកផ្ទះមុនពេលកំណត់ ។
-
បើពុំមានសេវាកម្មគ្រួសារទេ សូមពិចារណាអំពីធនធានបន្ថែមទៀតនៅក្នុងសហគមន៍ ។