« ការត្រឡប់ទៅការបម្រើវិញ » ធនធានការប្រឹក្សា ( ឆ្នាំ ២០២០ ) ។
« ការត្រឡប់ទៅការបម្រើវិញ » ធនធានការប្រឹក្សា ។
ការត្រឡប់ទៅការបម្រើវិញ
អ្នកផ្សព្វផ្សាយសាសនាដែលមកផ្ទះវិញមុនពេលកំណត់ អាចនឹងមានបំណងប្រាថ្នាចង់ត្រឡប់ទៅធ្វើការបម្រើវិញ ឬស្វែងរកឱកាសផ្សេងទៀតដើម្បីបម្រើ ។ នៅក្នុងករណីទាំងនេះ សូមធ្វើការពិចារណានូវជម្រើសដូចខាងក្រោម ៖
១. ការដាក់ឲ្យត្រឡប់ទៅកាន់បេសកកម្មផ្សព្វផ្សាយសាសនាពេញម៉ោងវិញ ។
វាសំខាន់ដែលអ្នកផ្សព្វផ្សាយសាសនាពិចារណាដោយយកចិត្តទុកដាក់អំពីមូលហេតុដែលគាត់ ឬនាងត្រូវដោះលែងមុនពេលកំណត់ និងបញ្ហាដែលទំនងជាអាចនឹងកើតឡើងម្ដងទៀត បើសិនជាត្រូវបានដាក់ឲ្យត្រឡប់ទៅកាន់បេសកកម្មវិញនោះ ។ ជារឿយៗ នៅពេលអ្នកផ្សព្វផ្សាយសាសនាត្រឡប់មកផ្ទះវិញមុនពេលកំណត់ នោះសម្ពាធអារម្មណ៍ក្នុងបេសកកម្មត្រូវបានកាត់បន្ថយ ហើយស្ថានភាពខាងវេជ្ជសាស្ត្រ ឬសុខភាពផ្លូវចិត្តរបស់ពួកគេមានភាពល្អប្រសើរឡើង ។ សូមចងចាំថា តម្រូវការ និងអ្វីដែលធ្វើឲ្យមានសម្ពាធអារម្មណ៍ក្នុងបេសកកម្ម ជាញឹកញាប់ធ្វើឲ្យស្ថានភាពទាំងនេះមានភាពធ្ងន់ធ្ងរ ។
ដូចប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានបង្រៀនថា « សុខភាពរាងកាយ និងផ្លូវចិត្តល្អ គឺសំខាន់ខ្លាំងណាស់ ។ … មិនថាអ្នកផ្សព្វផ្សាយសាសនាមានជំងឺ ឬការធ្លាក់ចុះខាងរាងកាយ ឬខាងផ្លូវចិត្តអ្វីនោះទេ នៅពេលណាគាត់ចូលមកក្នុងតំបន់បេសកកម្ម នោះមានតែធ្វើឲ្យគាត់ស្ថិតក្រោមសម្ពាធការងារកាន់តែធ្ងន់ធ្ងរប៉ុណ្ណោះ ។… យើងត្រូវការអ្នកផ្សព្វផ្សាយសាសនា ប៉ុន្តែពួកគេត្រូវតែមានសមត្ថភាពនៅក្នុងការធ្វើកិច្ចការនេះ ។… ពួកគេត្រូវតែមានសុខភាពល្អ និងកម្លាំងមាំមួន ទាំងខាងរាងកាយ និងផ្លូវចិត្ត ដ្បិតកិច្ចការនេះគឺតម្រូវឲ្យធ្វើការច្រើន ត្រូវធ្វើការយូរម៉ោង ហើយសម្ពាធអាចនឹងមានធ្ងន់ធ្ងរ » ( « Missionary Service » First Worldwide Leadership Training Meeting ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០០៣ ទំព័រ ១៧–១៨ ) ។ បុគ្គលនោះចាំបាច់ត្រូវប្រាកដថា គាត់ ឬនាងមានសមត្ថភាពក្នុងការគ្រប់គ្រងស្ថានការណ៍នៅពេលត្រឡប់ទៅកាន់តំបន់បេសកកម្មវិញ ។ ការដាក់ឲ្យត្រឡប់ទៅកាន់បេសកកម្មផ្សព្វផ្សាយសាសនាពេញម៉ោងវិញ តម្រូវឲ្យប្រធានស្ដេកផ្ញើនូវអ្វីៗដូចខាងក្រោមនេះទៅកាន់ការិយាល័យអ្នកផ្សព្វផ្សាយសាសនា ៖
-
សំបុត្រមួយច្បាប់មកពីប្រធានស្ដេក ដែលស្នើសុំឲ្យមានការដាក់ឲ្យត្រឡប់ទៅបេសកកម្មវិញ និងការបញ្ជាក់ថា អ្នកផ្សព្វផ្សាយសាសនារូបនេះមានភាពស័ក្ដិសមដើម្បីបម្រើ ថារាល់បញ្ហាដែលជាប់ទាក់ទងនឹងការដោះលែងត្រូវបានដោះស្រាយរួចរាល់ ហើយថាគាត់បានសម្ភាសអ្នកផ្សព្វផ្សាយសាសនារូបនេះ រួចហើយទាំងគាត់ និងអ្នកផ្សព្វផ្សាយសាសនាមានអារម្មណ៍ថា គាត់ ឬនាងអាចធ្វើកិច្ចការដោយមានប្រសិទ្ធភាពនៅក្នុងតំបន់បេសកកម្ម ។
-
សំបុត្រមួយច្បាប់មកពីអ្នកផ្សព្វផ្សាយសាសនា ដែលបង្ហាញពីអារម្មណ៍របស់គាត់ ឬនាងអំពីការត្រឡប់ទៅកាន់ការបម្រើជាអ្នកផ្សព្វផ្សាយសាសនាវិញ ។
-
សំបុត្រមួយច្បាប់មកពីអ្នកមានវិជ្ជាជីវៈធ្វើការព្យាបាល សម្រាប់អ្នកទាំងឡាយដែលត្រឡប់ទៅផ្ទះវិញដោយព្រោះតែបញ្ហាសុខភាពខាងវេជ្ជសាស្ត្រ ឬសុខភាពផ្លូវចិត្ត ដែលមានពិពណ៌នាអំពីស្ថានភាពបញ្ហា ការបានព្យាបាលរួចហើយ ការបានធ្វើតាមការព្យាបាល ការប្រើថ្នាំជាប្រចាំ ឬការព្យាបាលដទៃទៀត ដែលអាចតម្រូវឲ្យមាននៅក្នុងតំបន់បេសកកម្ម និងការវាយតម្លៃអំពីសមត្ថភាពរបស់អ្នកផ្សព្វផ្សាយសាសនាដើម្បីធ្វើការនៅក្រោមភាពតឹងរឹងនៃការបម្រើជាអ្នកផ្សព្វផ្សាយសាសនា និងជាដៃគូ ។
-
ទម្រង់បែបបទខាងវេជ្ជសាស្ត្រ និងទន្ដសាស្ដ្រដែលបានធ្វើបច្ចុប្បន្នភាព នឹងតម្រូវឲ្យមាន ប្រសិនបើអ្នកផ្សព្វផ្សាយសាសនានោះត្រូវបានដោះលែងលើសពីមួយឆ្នាំឡើងទៅ ។
២. បេសកកម្មផ្នែកសេវាកម្ម ( ប.ស. ) ។
ឱកាសដើម្បីបម្រើនៅក្នុងសមត្ថភាពផ្សេងៗជាច្រើន និងសម្រាប់រយៈពេលខុសៗគ្នា អាចត្រូវបានធ្វើការពិចារណា ។ សូមយោងទៅគេហទំព័រ ChurchofJesusChrist.org/service-missionary សម្រាប់ព័ត៌មានបន្ថែម ។
៣. ការហៅបម្រើផ្សេងៗ
នៅតំបន់ណាដែលឱកាសផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ពុំមានទេនោះ ឬនៅពេលដែលការចាត់តាំងមួយពុំសមនឹងអ្នកផ្សព្វផ្សាយសាសនារូបនេះ សូមពិចារណាផ្ដល់ការហៅបម្រើជាអ្នកផ្សព្វផ្សាយសាសនាវួដ ឬអ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ ឬប្រាប់ពីឱកាសស្ម័គ្រចិត្តនៅក្នុងតំបន់តាមការគួរ ។