ការហៅ​ក្នុង​វួដ ឬ​សាខា
ការរំលោភ​បំពាន ( តម្រូវការ​របស់​ជនល្មើស )


« ការរំលោភ​បំពាន ( តម្រូវការ​របស់​ជនល្មើស ) » ធនធាន​ការ​ប្រឹក្សា ( ឆ្នាំ ២០២០ ) ។

« ការរំលោភ​បំពាន ( តម្រូវការ​របស់​ជនល្មើស ) » ធនធាន​ការ​ប្រឹក្សា ។

ការរំលោភ​បំពាន ( តម្រូវការ​របស់​ជនល្មើស )

3:26

បណ្តាញ​ជំនួយនានា

ប៊ីស្សព ប្រធាន​សាខា និង​ប្រធាន​ស្ដេក​គួរតែ​ទូរសព្ទ ភ្លាមៗ សុំ​ជំនួយ​បព្វជិត​របស់​សាសនាចក្រ​នៅ រាល់ពេល​ដែល​ពួកគេ​ដឹង​អំពី​ការរំលោភ​បំពាន ។ ធនធាន​នេះ​ផ្ដល់​ជំនួយ​នៅក្នុង​ការ​ជួយ​ជនរងគ្រោះ និង​នៅក្នុង​ការ​បំពេញ​តាម​តម្រូវការ​របាយការណ៍​ផ្សេងៗ ។ ចូរ​ទៅកាន់ លេខ​បណ្ដាញ​ជំនួយ សម្រាប់​លេខ​បណ្ដាញ​ជំនួយ និង​ព័ត៌មាន​បន្ថែមទៀត ។

ថ្នាក់ដឹកនាំ​សាសនាចក្រ​មិន​ត្រូវ​បដិសេធ​ចំពោះ​ការរាយការណ៍​ស្ដីពី​ការរំលោភ​បំពាន ឬ​ប្រឹក្សា​ឲ្យ​បុគ្គល​ម្នាក់​កុំ​រាយការណ៍​អំពី​សកម្មភាព​ឧក្រិដ្ឋកម្ម​នោះ​ឡើយ ។

សហរដ្ឋ និង​កាណាដា

បើ​សមាជិក​ដទៃទៀត​ដឹង​អំពី​ការរំលោភ​បំពាន នោះ​ពួកគេ​គួរ​តែ​ទាក់ទង​ទៅ​កាន់​អាជ្ញាធរ​ដែនដី​ស្របច្បាប់​ជាបន្ទាន់ ។ ពួកគេ​ក៏​គួរ​តែ​ប្រឹក្សា​ជាមួយ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​របស់​ពួកគេ​ផងដែរ ដែល​ពួក​លោក​នឹង​ទូរសព្ទ​ទៅកាន់​បណ្ដាញ​ជំនួយ​អំពី​ករណី​ការរំលោភ​បំពាន​ដើម្បី​សុំ​ការ​ណែនាំ​ក្នុង​ការ​ជួយ​ដល់​ជនរងគ្រោះ និង​ក្នុង​ការបំពេញ​តម្រូវការ​ផ្សេងៗ​ដើម្បី​រាយការណ៍ ។

ប្រទេស​នៅ​ក្រៅ​សហរដ្ឋ និង​កាណាដា

រៀន​អំពី​របៀប និង​ពេលវេលា​ដែល​អ្នក​គួរតែ​រាយការណ៍​អំពី​ការរំលោភ​បំពាន ។ ប្រធាន​ស្ដេក និង​ប៊ីស្សព​គួរតែ​ទូរសព្ទ​ទៅកាន់​លេខ​ជំនួយ​ជា​បន្ទាន់​ដើម្បី​សុំ​រក​ការណែនាំ បើ​មាននៅក្នុង​ប្រទេស​របស់​ពួកគេ ។ នៅ​ក្នុង​ប្រទេស​ដែល​គ្មាន​បណ្តាញ​ជំនួយ នោះ​ប៊ីស្សព​ដែល​ដឹង​អំពី​ការ​រំលោភ​បំពាន​គួរ​តែ​ទាក់ទង​ទៅ​ប្រធាន​ស្តេក​របស់​គាត់ ។ គាត់​នឹង​ស្វែងរក​ការណែនាំ​មកពី​ក្រុមប្រឹក្សា​ច្បាប់​ប្រចាំ​តំបន់​នៅ​ការិយាល័យ​តំបន់ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ( ឆ្នាំ ២០២០ ) ៣៨.៦.២.១ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សមាជិក​ដទៃទៀត​គួរ​តែ​អនុលោម​ទៅតាម​កាតព្វកិច្ច​រាយការណ៍​ស្រប​ច្បាប់​ណាមួយ និង​ប្រឹក្សា​ជាមួយ​នឹង​ប៊ីស្សព​របស់​ពួកគេ ។

ការរំលោភ​បំពាន​មិនអាច​អត់ឱន​ឲ្យ​បានទេ

ការរំលោភ​បំពាន​គឺ​ជា​ការប្រព្រឹត្ត​អាក្រក់ ឬ​ការប្រមាថ​មនុស្ស​ដទៃ ( ដូច​ជា​កូន ឬ​ស្វាមី ឬ​ភរិយា មនុស្ស​ចាស់ ឬ​មនុស្ស​ពិការ ) ក្នុង​របៀប​មួយ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​រាងកាយ ផ្លូវ​ចិត្ត ឬ​ផ្លូវ​ភេទ ។​ គោលជំហរ​របស់​សាសនាចក្រ​គឺថា ការរំលោភ​បំពាន​មិន​អាច​ត្រូវ​បាន​អត់​ឱន​ឲ្យ​នៅក្នុង​គ្រប់​រូប​ភាព​ទាំងអស់ ហើយ​ថា​អ្នកដែល​រំលោភ​បំពាន​គឺ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ព្រះ ។ មិនថា​មាន ឬ​មិន​មាន​នរណា​ម្នាក់​ត្រូវ​ផ្ដន្ទាទោស​ក្ដី ក៏​ជនល្មើស​នឹង​ត្រូវ​ស្ថិត​នៅក្រោម​ការដាក់​វិន័យ​សាសនាចក្រ ហើយ​អាច​បាត់បង់​សមាជិភាព​របស់​ពួកគេ​នៅក្នុង​សាសនាចក្រ ( សូមមើល ម៉ាថាយ ១៨:៦; ម៉ាកុស ៩:៤២; លូកា ១៧:២ ) ។

ការទទួល​ខុសត្រូវ​ដំបូង​របស់​សាសនាចក្រ​នៅក្នុង​ករណី​រំលោភ​បំពាន​គឺ ១ ) ជួយ​អ្នក​ដែល​ត្រូវ​បាន​គេ​រំលោភ​បំពាន​ដោយ​មាន​សន្ដាន​ចិត្តល្អ និង​យកចិត្ត​ទុកដាក់ និង ២ ) ការពារ​ដល់​អ្នក​ដែល​អាច​នឹង​ត្រូវ​រងគ្រោះ​ពី​ការ​រំលោភ​បំពាន​នាពេល​អនាគត ។ ខណៈពេល​ដែល​ប្រភេទ​នៃ​ការ​រំលោភ​បំពាន​មួយ​ចំនួន អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ខាង​រូបកាយ នោះ​គ្រប់​ទម្រង់​នៃ​ការ​រំលោភ​បំពាន​នឹង​ជះ​ឥទ្ធិពល​មកលើ​ចិត្ត និង​វិញ្ញាណ ។ ជាញឹកញាប់ ការ​រំលោភ​បំពាន​បំផ្លាញ​សេចក្ដី​ជំនឿ ហើយ​អាច​បណ្ដាល​ឲ្យ​ជនរងគ្រោះ​មាន​ការភាន់​ច្រឡំ សង្ស័យ បាត់​ទំនុកចិត្ត ការមាន​អារម្មណ៍​ថា​ខុស និង​ភ័យខ្លាច ។

ជាញឹកញាប់ អ្នក​ដែល​រំលោភបំពាន​គេ មាន​អំពើបាប​ធ្ងន់ធ្ងរ​ដទៃទៀត​ដែល​មិនអាច​ដោះស្រាយ​បាន ឬ​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត ឬ​អាច​បាន​រងគ្រោះ​ដោយ​ការរំលោភ​បំពាន​ផ្ទាល់​ខ្លួន​ពួកគេ ។ ជនល្មើស​មួយចំនួន​មាន​អារម្មណ៍​សោកស្ដាយ មាន​បំណង​សារភាព​អំពើបាប​របស់​ពួកគេ ហើយ​មាន​ឆន្ទៈ​ចាប់ផ្ដើម​ដំណើរការ​នៃ​ការប្រែចិត្ត ។ ជនល្មើស​ដទៃទៀត​អាច​នឹង​បដិសេធ​ការប្រព្រឹត្ត​អំពើ​ខុសឆ្គង កាត់បន្ថយ​ឥរិយាបទ​របស់​ពួកគេ ឬ​បន្ទោស​នរណា​ម្នាក់​ទៀត ។ ការវាយតម្លៃ​អំពី​ការ​សោកស្ដាយ និង​បំណង​ប្រាថ្នា​ដើម្បី​ផ្លាស់ប្ដូរ គឺជា​ជំហាន​ដំបូងបង្អស់​ដើម្បី​ជួយ​ដល់​ជនល្មើស ។

អ្នក​រំលោភបំពាន​មួយ​ចំនួន​អាច​នឹង​មាន​ល្បិច ឧបាយកល និង​បោកបញ្ឆោត ដូច្នេះ​ការរៀបរាប់​ពី​ព្រឹត្តិការណ៍​របស់​ពួកគេ​អាច​នឹង​ខុសប្លែក​ពី​ជនរងគ្រោះ ។ នៅ​គ្រប់​ករណី​ទាំងអស់ សូម​ពិចារណា​អំពី​សុវត្ថិភាព និង​ការការពារ​ដល់​ជនរងគ្រោះមុន​គេ​បង្អស់ ។ ប៊ីស្សព និង​ប្រធានស្ដេក​គួរតែ​ពិគ្រោះជាមួយ​នឹង​បណ្ដាញ​ជំនួយ នៅពេល​ពួកគេ​បង្កើត​ផែនការ​សុវត្ថិភាព ។

ថ្នាក់​ដឹកនាំ​ទាំងឡាយ​របស់​សាសនាចក្រ​ពុំ​ត្រូវបាន​គេ​រំពឹង ហើយ​ក៏​ពុំ​លើក​ទឹកចិត្ត​ឲ្យ​ធ្វើ​រោគវិនិច្ឆ័យ ឬ​ផ្ដល់​ការព្យាបាល​ដល់​បុគ្គល​ដែល​មានបញ្ហា​សុខភាព​ផ្លូវចិត្ត​ទាក់ទង​នឹង​ការ​រំលោភ​បំពាន​នោះទេ ។ ជនល្មើស​ភាគច្រើន​គួរ​តែ​ពិចារណា​ស្វែងរក​ជំនួយ​មាន​វិជ្ជាជីវៈ ។ សេវាកម្ម​គ្រួសារ ( នៅ​កន្លែង​ដែល​មាន ) អាច​ផ្ដល់​ការ​ពិគ្រោះ​យោបល់ ហើយ​ផ្ដល់​ព័ត៌មាន​ដល់​ថ្នាក់ដឹកនាំ​អំពី​ធនធាន​នៅក្នុង​សហគមន៍​របស់​ពួកគេ ។

ប៊ីស្សព​គួរ​តែ​យោង​ទៅលើ ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ( ឆ្នាំ ២០២០ ) សម្រាប់​ការដឹកនាំ​ទាក់ទង​ទៅនឹង​ការ​ហៅ​បម្រើ​ក្នុង​សាសនាចក្រ ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ និង​សំណួរ​ទាក់ទង​ដទៃទៀត នៅពេល​ការ​រំលោភបំពាន​ត្រូវ​បាន​ស៊ើបអង្កេត ហើយ​ត្រូវ​បាន​សន្និដ្ឋាន​ថា​មាន​ភាពធ្ងន់ធ្ងរ ។ នៅពេល​ពិចារណា​អំពី​ការ​ដាក់កំហិត​សមាជិកភាព​ចំពោះ​ជនល្មើស​ដែល​ជាយុវវ័យ សូម​ពិគ្រោះ​នឹង ក្បួនខ្នាត​ទូទៅ ៣២.៧.៧ ។

ព្យាយាម​យល់

សូម​ពិចារណា​សួរ​សំណួរ​ទាំងនេះ​ប្រកប​ដោយ​ការ​អធិស្ឋាន​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​បញ្ហា​របស់​បុគ្គល​នោះ ព្រមទាំង​ការត្រៀមខ្លួន​ជាស្រេច និង​ទឹកចិត្ត​របស់​គាត់ ឬនាង​ដើម្បី​ប្រែចិត្ត ។

  • តើ​អ្នក​អាច​ជួយ​ខ្ញុំ​ឲ្យ​យល់​អំពី​ស្ថានភាព​នេះ​បាន​ដែរ​ឬទេ ?

  • តើ​ការប្រែចិត្ត​សំខាន់​ខ្លាំង​ប៉ុណ្ណា​ចំពោះ​អ្នក ?

  • តើ​អ្នក​បាន​ប្រើ​គោលការណ៍​ដំណឹងល្អ​ដើម្បី​យក​ឈ្នះ​លើ​ទំនោរ និង​ឥរិយាបទ​រំលោភ​បំពាន​តាម​របៀប​ណា ?

  • តើ​អ្នក​នឹង​យល់​ព្រម​ធ្វើការ​ផ្លាស់ប្ដូរ​ដែរឬទេ ?

  • តើ​ខ្ញុំ​អាច​ជួយ​អ្នក​នៅក្នុង​ដំណើរការ​នៃ​ការ​ប្រែចិត្ត​បាន​យ៉ាង​ដូច​ម្ដេច ?

  • តើ​មាន​អ្វី​ផ្សេងទៀត​អំពី​ការរំលោភ​បំពាន​នេះ ដែល​ខ្ញុំ​គួរ​តែ​ដឹង​ដែរ​ឬទេ ?

ជួយ​បុគ្គល​ម្នាក់

នៅពេល​អ្នក​ប្រឹក្សា​ជាមួយ​នឹង​បុគ្គល​នោះ សូម​ពិចារណា​ប្រើ​នូវ​យោបល់​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ ៖

ពិភាក្សា​ជាមួយ​នឹង​បុគ្គល​នោះ​អំពី​ផលវិបាក​នៃ​ឥរិយាបទ​រំលោភ​បំពាន​ទៅលើ​បុគ្គល​នោះ​ផ្ទាល់ និង​គ្រួសារ រួមទាំង​គោលលទ្ធិ និង​គោលនយោបាយ​សាសនាចក្រ​ទាក់ទង​ទៅនឹង​ការ​រំលោភ​បំពាន​ផងដែរ ។ ( សូម​ពិនិត្យ​មើល​ធនធាន​នានា​នៅក្នុង គោលនយោបាយ និង​ការបង្រៀន​របស់សាសនាចក្រ សម្រាប់​ព័ត៌មាន​បន្ថែម ) ។

ជួយ​បុគ្គល​នោះ​ឲ្យ​ស្វែងរក​សេចក្ដីសង្ឃឹម និង​ការ​ព្យាបាល​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយ​ធួន​របស់ទ្រង់ ។

ក្នុង​ករណី​ដែល​មាន​ការ​រំលោភ​បំពាន​ខាង​រូបកាយ ឬ​តាម​ពាក្យ​សម្ដី សូមជួយ​បុគ្គល​នោះ​ឲ្យ​ស្គាល់​របៀប​ដែល​ល្អ ពុំមាន​ការរំលោភ​បំពាន ដើម្បី​ឆ្លើយតប​ចំពោះ​ស្ថានភាព ឬ​អារម្មណ៍​លំបាក ដែល​មាន​ដូច​ខាង​ក្រោមនេះ ៖

  • ចំណាយពេល​ល្មម​គ្រប់គ្រាន់​ដើម្បី​ឲ្យអារម្មណ៍​ស្ងប់ ហើយ​អនុញ្ញាត​ឲ្យ​មានការ​ឆ្លើយ​តប​ដោយ​មាន​មនសិការ ឧទាហរណ៍ ចេញ​ដើរ​នៅ​ខាងក្រៅ ដក​ដង្ហើម​វែងៗ រាប់​ដល់ ១០០ ឬ​ធ្វើការ​អ្វីមួយ ។

  • ចែកចាយ​កង្វល់​ដោយ​ត្រជាក់​ចិត្ត​ដោយ​ពុំមាន​ការ​រិះគន់ ។

  • ចំណាយ​ពេល​ពិចារណា​អំពី​គំនិត និង​អារម្មណ៍​របស់អ្នក​ដទៃ ។

គាំទ្រ​ដល់​គ្រួសារ

ការរំលោភ​បំពាន​ជះ​ឥទ្ធិពល​ដល់​សមាជិក​គ្រួសារ​ក៏​ដូចជា​បុគ្គល​នោះ​ផងដែរ ។ សូម​កំណត់​អំពី​ឥទ្ធិពល​របស់វា​ទៅលើ​ស្វាមី ឬ​ភរិយា ឬ​គ្រួសារ ហើយ​ដោះស្រាយ​បញ្ហា​ទាំងនោះ ។ ខណៈ​ដែល​វា​ចំបាច់​ដើម្បី​ជួយ​ដល់​ជនល្មើស​នៅក្នុង​ដំណើរការ​នៃ​ការ​ប្រែចិត្ត​របស់គាត់ ឬនាង ពេលខ្លះ​ជនរងគ្រោះ​មាន​អាម្មណ៍​ថា​គេ​មិន​យកចិត្ត​ទុកដាក់​នឹង​ខ្លួន កាល​ដែល​អ្នកដឹកនាំ​បង្ហាញ​ឲ្យ​ឃើញ​ថា គាត់​ផ្ដោត​ចម្បង​តែ​ទៅលើ​ការ​ជួយ​ដល់​ជនល្មើស ។ សូម​ជួប​ជាមួយនឹង​ជនរងគ្រោះ​ជាទៀងទាត់​ដើម្បី​ប្រាកដ​ថា តម្រូវការ​របស់​គាត់ ឬនាង​ត្រូវ​បាន​បំពេញ​ផងដែរ ។

សូម​ប្រើ​ធនធាន​ក្នុង​សហគមន៍ ឬ​ជំនួយ​មាន​វិជ្ជាជីវៈ​សម្រាប់​សមាជិក​គ្រួសារ​ដែល​អាច​នឹង​ត្រូវការ​ការប្រឹក្សា ឬ​ការ​គាំទ្រ ។

សូម​ជួយ​សមាជិក​គ្រួសារ​ឲ្យ​យល់​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​អាច​ជួយ​ពួកគេ​ជាសះស្បើយ​ដោយ​ផ្ទាល់ ( សូមមើល អាលម៉ា ៧:១១ និង ម៉ាថាយ ១១:២៨–៣០ ) ។

សូម​ផ្ដល់​ការ​គាំទ្រ​ជា​បន្ដបន្ទាប់​ចំពោះ​អ្នកដទៃ​ក្នុង​គ្រួសារ​ដែល​អាច​នឹង​រងឥទ្ធិពល ។

ប្រើប្រាស់​ធនធាន​ក្នុងវួដ និង​ស្ដេក

ស្នើសុំ​ការ​អនុញ្ញាត​ពី​បុគ្គល​នោះ​ពី​មុន​ពិភាក្សា​អំពី​ស្ថានភាព​នោះ​ជាមួយ​អ្នកដទៃទៀត ។ ប៊ីស្សព​គួរ​តែ​ពិគ្រោះ​ជាមួយ​នឹង​បណ្ដាញ​ជំនួយ​ស្ដីពី​ករណី​រំលោភ​បំពាន នៅពេល​មាន​សំណួរ​ទាក់ទង​ទៅនឹង​ភាព​សម្ងាត់ និង​កាតព្វកិច្ច​ដើម្បី​ការពារ ។

សូម​ជួយ​បុគ្គល​នោះ​ឲ្យ​ស្វែងរក និង​ទទួល​បាន​ជំនួយ​មាន​វិជ្ជាជីវៈ តាម​ការចាំបាច់ ។

  • ប្រើប្រាស់​ធនធាន​នានា​ក្នុង​មូលដ្ឋាន​ដែល​មាន​សេវាកម្ម​ត្រូវគ្នា​នឹង​គោលការណ៍​នៃ​ដំណឹង​ល្អ ។

  • ទាក់ទង​នឹង​សេវាកម្ម​គ្រួសារ​ក្នុង​មូលដ្ឋាន ឬ​ការិយាល័យ​ប្រចាំ​តំបន់​សម្រាប់​ធនធាន​បន្ថែម ឬ​ជម្រើស​ការ​ប្រឹក្សា​នានា ។​

សូម​ពិចារណា​ធ្វើការ​ជាមួយ​នឹង​ប៊ីស្សព​ដើម្បី​ចំណាយ​ពេល​នៅក្នុង​ក្រុមប្រឹក្សា​វួដ ឬ​ការ​ប្រជុំ​ដទៃទៀត​ដើម្បី​បំពាក់បំប៉ន​ថ្នាក់ដឹកនាំ​អំពី​ការបង្ការ និង​ការ​ឆ្លើយតប​ចំពោះ​ការ​រំលោភ​បំពាន ។