« តើខ្ញុំត្រូវការអ្វីខ្លះដើម្បីយល់អំពីទំហំនៃការប្រើប្រាស់ការណ៍អាសគ្រាម ? » ធនធានការប្រឹក្សា ( ឆ្នាំ ២០២០ ) ។
« តើខ្ញុំត្រូវការអ្វីខ្លះដើម្បីយល់ ? » ធនធានការប្រឹក្សា ។
ធនធានការប្រឹក្សា
តើខ្ញុំត្រូវការអ្វីខ្លះដើម្បីយល់អំពីទំហំនៃការប្រើប្រាស់ការណ៍អាសគ្រាម ?
ការប្រើប្រាស់ការណ៍អាសគ្រាមមានកត្តាជាច្រើន ហើយដំណើរការនៃការប្រែចិត្តនឹងខុសគ្នាសម្រាប់សមាជិកម្នាក់ៗ ។ ចូរស្ដាប់សមាជិកបង្ហាញពីអារម្មណ៍របស់ពួកគេនាពេលនេះ រួមទាំងអាកប្បកិរិយារបស់ពួកគេផងដែរ ( តើពួកគេត្រូវបានគេរកឃើញ ឬតើពួកគេកំពុងព្យាយាមផ្លាស់ប្ដូរ ? ) ទំហំនៃការប្រើប្រាស់ និងអ្វីដែលពួកគេមានបំណងប្រាថ្នាដើម្បីឆ្ពោះទៅមុខទៀត ។
សូមចាប់ផ្ដើមដោយការបង្ហាញសេចក្ដីស្រឡាញ់ និងការដឹងគុណចំពោះបុគ្គលម្នាក់ៗដែលមានភាពក្លាហានក្នុងការឆ្ពោះទៅមុខដើម្បីស្វែងរកជំនួយ ។ សូមព្យាយាមជួយពួកគេឲ្យយល់ដឹងថាមានក្ដីសង្ឃឹម ។ ពួកគេអាចដោះស្រាយស្ថានភាពនេះបាន ហើយឆ្ពោះទៅមុខក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមអះអាងនឹងពួកគេអំពីអត្តសញ្ញាណដ៏ទេវភាពរបស់ពួកគេក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ ។ ស្មារតីរឹងមាំដឹងថាពួកគេជានរណាពិត អាចនាំឲ្យពួកគេគេចផុតពីការខ្មាសអៀន ហើយប្រើស្ថានភាពនេះសម្រាប់ការរីកចម្រើន និងការផ្លាស់ប្ដូរផ្ទាល់ខ្លួនគេ ។
ប៊ីស្សពមានទំនុកចិត្តដ៏ពិសិដ្ឋដើម្បីជួយសមាជិកនៅក្នុងដំណើរការនៃការប្រែចិត្តរបស់ពួកគេ ។ ក្នុងនាមជាចៅក្រមនៃអ៊ីស្រាអែល ពួកគេធ្វើកិច្ចការនៅក្រោមការបំផុសគំនិតដើម្បីជួយសមាជិកឲ្យយល់ថា វាគឺជាការទទួលខុសត្រូវ និងឯកសិទ្ធិរបស់សមាជិកផ្ទាល់ក្នុងការស្វែងរកវិវរណៈផ្ទាល់ខ្លួន ហើយទទួលបានចម្លើយចាំបាច់ដើម្បីយកឈ្នះលើឧបសគ្គរបស់ពួកគេ ។
ថ្នាក់ដឹកនាំគួរតែផ្ដោតទៅលើការពង្រឹងដល់ភាពជាសិស្ស និងសេចក្ដីជំនឿរបស់សមាជិក ដោយការបង្រៀន « ក្នុងនាមជាថ្នាក់ដឹកនាំម្នាក់នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ អ្នកគាំទ្រដល់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារនៅក្នុងការសម្រេចកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់ព្រះ » ( ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ [ ឆ្នាំ ២០២០ ] ២.០ ) ។ ( សូមមើល « តើមានគោលលទ្ធិអ្វីខ្លះជួយឲ្យបុគ្គលម្នាក់ៗយកឈ្នះលើបញ្ហាការណ៍អាសគ្រាមបាន ? » )
ការវាយតម្លៃលើការជាប់ពាក់ព័ន្ធ
ទោះបីជាការប្រែចិត្តពីការប្រើប្រាស់ការណ៍អាសគ្រាមពុំតម្រូវឲ្យមានការដាក់វិន័យសាសនាចក្រជាផ្លូវការក្ដី ក៏សូមចងចាំថា « សាសនាចក្រផ្ដន្ទាទោសចំពោះការណ៍អាសគ្រាមនៅគ្រប់ទម្រង់ ។ ការប្រើប្រាស់ការណ៍អាសគ្រាមគ្រប់ប្រភេទ បំផ្លាញដល់ជីវិតបុគ្គលម្នាក់ៗ ក្រុមគ្រួសារ និងសង្គម ។ វាក៏បណ្ដេញព្រះវិញ្ញាណនៃព្រះអម្ចាស់ផងដែរ » ( ក្បួនខ្នាតទូទៅ ៣៨.៦.១៣ ) ។ គោលបំណងរបស់អ្នកគឺដើម្បីជួយបុគ្គលម្នាក់ៗឲ្យទទួលបទពិសោធន៍ « ការផ្លាស់ប្ដូរដ៏ធំក្នុងដួងចិត្ត » ( សូមមើល អាលម៉ា ៥:១២–១៤ ) ហើយឱបក្រសោបយកតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរស់នៅរបស់ពួកគេឲ្យកាន់តែពេញលេញ ជាពិសេសអំណាចនៃដង្វាយធួនរបស់ទ្រង់ ។ ភាពជាសិស្សរបស់ពួកគេនឹងរីកចម្រើន នៅពេលពួកគេមកស្គាល់ព្រះចេស្ដារបស់ទ្រង់នៅក្នុងជីវិតរបស់ពួកគេតាមរយៈដំណើរការមួយនៃការផ្លាស់ប្ដូរ ដែលតម្រូវឲ្យមានការណែនាំ និងព្រះចេស្ដាធ្វើឲ្យកើតឡើងរបស់ទ្រង់ ។
នៅពេលអ្នកលើកទឹកចិត្តបុគ្គលម្នាក់ៗឲ្យយល់ថា ការប្រើប្រាស់ការណ៍អាសគ្រាមរបស់ពួកគេជាអ្វីមួយដែលលើសពីសញ្ញានៃភាពទន់ខ្សោយខាងសីលធម៌ នោះពួកគេអាចកំណត់ពីធនធានបន្ថែមនានាដែលពួកគេត្រូវការ បើសិនជាមាន ។ ឧទាហរណ៍ ការប្រើប្រាស់ការណ៍អាសគ្រាមជាធម្មតា មានកត្តារួមចំណែកជាច្រើន ( ដូចជា ខាងជីវសាស្ត្រ ខាងចិត្តសាស្ត្រ ខាងសង្គម និងខាងវិញ្ញាណ ) ។ ធនធានចាំបាច់នានា នឹងអាស្រ័យទៅលើភាពធ្ងន់ធ្ងរនៃឥរិយាបទរបស់បុគ្គលនោះ និងរបៀបដែលគាត់ ឬនាងប្រឈមមុខនឹងបញ្ហានោះ ។
សូមធ្វើការពិចារណាគំនិតដូចខាងក្រោម នៅពេលអ្នកព្យាយាមជួយសមាជិក និងស្វាមីភរិយារបស់ពួកគេឲ្យយល់អំពីទំហំនៃការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងការណ៍អាសគ្រាម និងឥទ្ធិពលរបស់វានៅក្នុងជីវិតរបស់ពួកគេ ។
ការទទួលខុសត្រូវផ្ទាល់ខ្លួន
សូមព្យាយាមជួយសមាជិកទទួលយកទំនួលខុសត្រូវផ្ទាល់ខ្លួនក្នុងការសម្រេចចិត្ត ការជ្រើសរើស និងការផ្លាស់ប្ដូរនានាដែលមាននៅខាងមុខពួកគេ ។ មិនត្រូវមើលរំលងការពិតដែលថា ការសម្រេចចិត្តអំពីអនាគតគឺជាការទទួលខុសត្រូវរបស់បុគ្គលដែលមានបញ្ហានោះ និងស្វាមី ឬភរិយារបស់ពួកគេ ។ តួនាទីរបស់អ្នកគឺត្រូវជួយ និងគាំទ្រពួកគេ នៅពេលពួកគេស្វែងរកវិវរណៈ ។
វិសាលគមការណ៍អាសគ្រាម
នៅពេលអ្នកសួរសំណួរបំផុសគំនិត អ្នកនឹងអាចជួយដល់អ្នកទាំងឡាយដែលជាប់ទាក់ទង ( បុគ្គលម្នាក់ៗ ឪពុកម្ដាយនៅក្នុងករណីយុវវ័យ និងស្វាមីភរិយា ) ឲ្យដឹងបើសិនជាអស់អ្នកដែលប្រើការណ៍អាសគ្រាមគឺជាអ្នកប្រើប្រាស់ម្ដងម្កាល អ្នកប្រើប្រាស់ខ្លាំង ឬអ្នកប្រើប្រាស់ដែលអត់មិនបាន ។ ការយល់ដឹងអំពីរឿងនេះអាចជួយអ្នកឲ្យជួយពួកគេឆ្លងកាត់ដំណើរការនៃការប្រែចិត្ត ក៏ដូចជានៅក្នុងការដឹងអំពីរបៀបដើម្បីផ្ដល់ការងារបម្រើដល់ស្វាមី ឬភរិយា ឬឪពុកម្ដាយផងដែរ ។ សូមសួរសំណួរអំពីលក្ខណៈដែលការណ៍អាសគ្រាមត្រូវបានប្រើប្រាស់ផងដែរ—ការណ៍អាសគ្រាមអាចមានភាពខុសគ្នាតាមកម្រិតរបស់វាផ្សេងៗគ្នា ហើយវាក៏អាចជាប់ទាក់ទងទៅនឹងឥរិយាបទដទៃទៀតផងដែរ ។
សូមប្រុងប្រយ័ត្ននៅក្នុងការហៅបុគ្គលណាម្នាក់ថាញៀន បុគ្គលភាគច្រើនដែលប្រើសម្ភារការណ៍អាសគ្រាម មិនគួរគិតថាញៀននោះទេ ជាពិសេសមនុស្សវ័យជំទង់ ។ ការដាក់ស្លាកខ្លួនឯងថាញៀនការណ៍អាសគ្រាម អាចនឹងធ្វើឲ្យពួកគេទន់ខ្សោយនៅក្នុងការខិតខំផ្លាស់ប្ដូររបស់ពួកគេ ។ សម្រាប់ព័ត៌មានបន្ថែមអំពីប្រធានបទនេះ សូមមើល ដាល្លិន អេក អូក « Recovering from the Trap of Pornography » Ensign ខែ តុលា ឆ្នាំ ២០១៥ ទំព័រ ៣២–៣៨ ។
ការប្រើប្រាស់ការណ៍អាសគ្រាម ជាញឹកញាប់វាលើសពីការគ្រាន់តែមានភាពទន់ខ្សោយខាងសីលធម៌
ការជាប់ពាក់ព័ន្ធរបស់បុគ្គលម្នាក់នៅក្នុងការណ៍អាសគ្រាម ជាញឹកញាប់វាមានភាពស្មុគស្មាញ ហើយវាសំខាន់ដើម្បីទទួលស្គាល់ថា ការមើលការណ៍អាសគ្រាមគឺហួសពីការគ្រាន់តែមានសន្ទុះចិត្តខាងផ្លូវភេទតាមធម្មតាទៅទៀត ។ នៅក្នុងករណីភាគច្រើនបំផុត ការប្រើប្រាស់ការណ៍អាសគ្រាមត្រូវបានចងភ្ជាប់ទៅនឹងបញ្ហាខាងជីវសាស្ត្រ ខាងចិត្តសាស្ត្រ ខាងសង្គម និងខាងវិញ្ញាណ ដែលជាក់លាក់ចំពោះបុគ្គលម្នាក់ៗ ។
បញ្ហាដែលមានជាប់ទាក់ទងនឹងចំនុចទាំងបួន ឬចំនុចណាមួយនៃចំនុចទាំងនេះ អាចនឹងធ្វើឲ្យបុគ្គលម្នាក់ៗចុះទន់ខ្សោយ ហើយធ្វើឲ្យពួកគេពិបាកនឹងបញ្ឈប់ការប្រើប្រាស់ការណ៍អាសគ្រាម ។ នៅពេលពួកគេព្យាយាមយល់អំពីភាពស្មុគស្មាញនៃបញ្ហាការណ៍អាសគ្រាមរបស់ពួកគេ នោះពួកគេអាចនឹងចាប់ផ្ដើមស្គាល់ពីឥទ្ធិពលដទៃទៀតដែលជះឥទ្ធិពលមកលើពួកគេ ។ ទោះជាកម្លាំងខាងវិញ្ញាណសំខាន់ក្ដី ក៏ជាញឹកញាប់ វាមានប្រយោជន៍ដើម្បីឲ្យបុគ្គលម្នាក់ៗដោះស្រាយបញ្ហាខាងជីវសាស្ត្រ ខាងចិត្តសាស្ត្រ និងខាងសង្គមក្នុងជីវិតរបស់ពួកគេផងដែរ ។ សូមលើកទឹកចិត្តបុគ្គលម្នាក់ៗឲ្យរុករកចំនុចទាំងនេះ និងឥទ្ធិពលដែលអាចមានរបស់វា ។ ការធ្វើដូចនេះអាចនឹងដឹកនាំពួកគេឲ្យទៅរកភាពជោគជ័យកាន់តែខ្លាំងក្នុងការបញ្ឈប់ការប្រើប្រាស់ការណ៍អាសគ្រាម ។
កត្តាបួនយ៉ាងដើម្បីពិចារណា
ចំនុចបួនយ៉ាងអាចជួយសមាជិកឲ្យវាយតម្លៃពីជម្រៅដែលពួកគេជាប់ទាក់ទងនឹងការណ៍អាសគ្រាមគឺ ៖ ភាពញឹកញាប់ រយៈពេល ភាពធ្ងន់ធ្ងរ និងការប្រថុយប្រថាន ។ ការយល់ដឹងអំពីចំនុចទាំងបួននេះអាចជួយអ្នក បុគ្គលទាំងនោះ និងអស់អ្នកដែលជិតស្និទ្ធនឹងពួកគេឲ្យទទួលស្គាល់ពីភាពស្មុគស្មាញនៃបញ្ហារបស់ពួកគេ ។
ភាពញឹកញាប់
ភាពញឹកញាប់សំដៅទៅលើចំនួនដងដែលបុគ្គលនោះចូលរួមនៅក្នុងឥរិយាបទនោះ ។ ការមើលការណ៍អាសគ្រាមយូរៗម្ដង បង្ហាញថាវាជាបញ្ហាមធ្យម តែទង្វើនេះនៅតែជារឿងមិនសមរម្យយ៉ាងច្បាស់ដដែល ។ កាលណាបុគ្គលនោះមើលការណ៍អាសគ្រាមកាន់តែញឹកញាប់ប៉ុណ្ណា បញ្ហានោះនឹងមានកាន់តែធ្ងន់ធ្ងរឡើង ។
រយៈពេល
រយៈពេល គឺសំដៅទៅលើពេលវេលាយូរប៉ុណ្ណាហើយដែលបុគ្គលនោះមានឥរិយាបទនោះ ។ បើបុគ្គលម្នាក់ៗមិនអាចឈប់មើលការណ៍អាសគ្រាមក្នុងរយៈពេលច្រើនឆ្នាំមកហើយ វានឹងទំនងជាពិបាកខ្លាំងសម្រាប់គាត់ ឬនាងដើម្បីយកឈ្នះលើឥរិយាបទនោះ ជាងការណ៍ដែលគាត់ ឬនាងទើបតែបានប្រើប្រាស់ការណ៍អាសគ្រាមក្នុងរយៈពេលខ្លី ។
ភាពធ្ងន់ធ្ងរ
ភាពធ្ងន់ធ្ងរសំដៅទៅលើលក្ខណៈដែលការមើលសម្ភារនោះ ។ ខណៈដែលរូបភាព និងមាតិកានៃការណ៍អាសគ្រាមទាំងអស់គឺជារឿងមិនត្រឹមត្រូវ នោះប្រភេទនៃសម្ភារមួយចំនួន គឺកាន់តែធ្វើឲ្យមានភាពខូចខាតខ្លាំងឡើង ។ នៅពេលអ្នកដឹងអំពីបញ្ហារបស់សមាជិក វាសំខាន់ដើម្បីកត់ចំណាំអំពីប្រភេទនៃការណ៍អាសគ្រាមដែលគាត់ ឬនាងកំពុងមើលនោះ ។
ឧទាហរណ៍ ប្រព័ន្ធផ្សព្វផ្សាយដែលបង្ហាញពីសកម្មភាពផ្លូវភេទគឺកាន់តែធ្ងន់ធ្ងរ ហើយរស់រវើកជាងរូបថតនៃបុគ្គលដែលស្លៀកពាក់បន្ដិចបន្ដួច ឬគ្មានសម្លៀកបំពាក់សោះ ។ សម្ភារអាសគ្រាមមួយចំនួនគឺមានភាពហឹង្សា ឬជាប់ទាក់ទងនឹងកុមារតូចៗ ។ បើអ្នកបានដឹងពីការមើល ការទិញ ឬការចែកចាយនៃការណ៍អាសគ្រាមកុមារ សូមទាក់ទងទៅកាន់អាជ្ញាធរស៊ីវិល ។ មាន បណ្ដាញជំនួយ សម្រាប់ប៊ីស្សពរបស់អ្នកដើម្បីដោះស្រាយនឹងបញ្ហានេះ ។
ការប្រថុយប្រថាន
ទំនោរ ឬឥរិយាបទប្រថុយប្រថាន ជាប់ទាក់ទងទៅនឹងការប្រើប្រាស់ការណ៍អាសគ្រាម គឺជាចំនុចមួយទៀតដែលប្រាប់ថា បញ្ហានេះអាចនឹងធ្ងន់ធ្ងរប៉ុណ្ណា ។ កាលណាបុគ្គលនោះកាន់តែចង់ប្រថុយប្រថានក្នុងការមើលការណ៍អាសគ្រាម នោះជាទូទៅវានឹងកាន់តែពិបាកសម្រាប់គាត់ ឬនាងក្នុងការបញ្ឈប់ការប្រើប្រាស់វា ។ សកម្មភាពប្រថុយប្រថានអាចរួមមានទាំងការខកខានទៅរៀន ទៅធ្វើការ ឬការតាំងចិត្តដទៃទៀត ការពាក់ព័ន្ធនឹងរឿងខុសច្បាប់ លាក់កំបាំង ឬឥរិយាបទមិនទៀងត្រង់ ឬសកម្មភាពស្រដៀងគ្នានោះ ។ ឥរិយាបទប្រថុយប្រថានដែលមានចំពោះមជ្ឈិមវ័យអាចនឹងនាំទៅរកការបាត់បង់ការងារ ការលែងលះគ្នា ការបែកបាក់គ្រួសារ ឬសកម្មភាពឧក្រិដ្ឋកម្ម ។