ការហៅ​ក្នុង​វួដ ឬ​សាខា
ទុក្ខសោក និង​ការបាត់បង់


« ទុក្ខសោក និង​ការបាត់បង់ » ធនធាន​ការ​ប្រឹក្សា ( ឆ្នាំ ២០២០ ) ។

« ទុក្ខសោក និង​ការបាត់បង់ » ធនធាន​ការ​ប្រឹក្សា

ទុក្ខសោក និង​ការបាត់បង់

ទុក្ខសោក​អាច​នឹង​មាន​អារម្មណ៍​ដ៏​ខ្លាំង​លើស​លប់ ។ ស្ទើរ​តែ​មនុស្ស​គ្រប់រូប​ដកពិសោធន៍​រឿង​នេះ​នៅ​ក្នុង​ពេលខ្លះ​ក្នុង​ជីវិត ។ សេចក្ដី​ស្លាប់​គឺ​ជាផែនការ​នៃ​សុភមង្គល​របស់​ព្រះ ប៉ុន្តែ​ទោះ​ជា​មាន​ការ​យល់​ដឹង​បែប​នោះក្ដី ក៏​មនុស្ស​ជា​ច្រើន​មាន​ការ​លំបាក​ដើម្បី​រក​មធ្យោបាយ​ដោះស្រាយ​នឹង​អារម្មណ៍​ដែល​កើត​មាន​ក្នុងពេល​បាត់បង់​មនុស្ស​ជាទីស្រឡាញ់​របស់​ពួកគេ ។ បន្ថែម​ពី​លើ​នោះ សេចក្ដីស្លាប់​ពុំ​គ្រាន់តែ​ជា​ប្រភព​នៃ​ទុក្ខ​សោក​នោះទេ ប៉ុន្ដែ​ការ​បាត់​បង់​ប្រភេទ​ផ្សេងទៀត​ក៏​នាំ​ឲ្យ​មាន​អារម្មណ៍​ទុក្ខសោក​ផងដែរ ដូចជា​ការ​បាត់បង់​ការងារ ទំនាក់​ទំនង សុខភាព​ជាដើម ។ ទុក្ខសោក​គឺ​ជា​ការឆ្លើបតប​ដ៏​សាមញ្ញ​មួយ​ចំពោះ​ការ​បាត់បង់ និង​ជា​ការ​ផ្លាស់ប្ដូរ​អារម្មណ៍​នៅលើ​ផ្លូវ​ទៅកាន់​អំណរ វា​ពុំ​មែនជា​ការ​បង្ហាញ​អំពី​ភាពទន់​ខ្សោយ ឬ​ការ​ខ្វះ​សេចក្ដីជំនឿ​ទៅលើ​ព្រះ ឬ​សេចក្ដីស្រឡាញ់​របស់ទ្រង់​ទេ ។

អស់​អ្នក​ដែល​មាន​ទុក្ខព្រួយ ត្រូវការ​ពេលវេលា​ដើម្បី​ទួញសោក​នឹង​ការ​បាត់បង់​របស់ពួកគេ ហើយ​ពួកគេ​ត្រូវការ​មិត្តភក្ដិ និង​គ្រួសារ​គាំទ្រ​ដើម្បី​នៅ​ជាមួយ​ពួកគេ​ពេល​ឆ្លងកាត់​បទពិសោធន៍​នោះ ។ ចំនួន​ពេល​ដែល​ត្រូវការ​សម្រាប់​ទុក្ខសោក​ឲ្យ​វា​ផុត​ទៅ​តាម​ដំណើរ​ធម្មជាតិ​របស់​វា គឺ​ខុសៗ​គ្នា​ពី​មនុស្ស​ម្នាក់ទៅ​មនុស្ស​ម្នាក់ទៀត អាស្រ័យ​ទៅលើ​កត្តា​ជាច្រើន ។ តើ​ការ​បាត់បង់​នោះ​កើតឡើង​ភ្លាមៗ ឬ​មាន​យូរ​ហើយ​ទាំង​ឈឺចាប់ ? នៅក្នុងករណី​នៃ​សេចក្ដីស្លាប់ តើ​អ្នក​ទួញសោក​នោះ​មាន​ភាពជិតស្និទ្ធ​ទៅនឹង​អ្នក​ស្លាប់​ខាង​សតិអារម្មណ៍​ខ្លាំងប៉ុណ្ណា​ដែរ ? តើ​បុគ្គល​នោះ​ពឹងទៅលើ​អ្នកស្លាប់ ឬ​អ្វី​ដែល​បាន​បាត់បង់​នោះ​ខ្លាំង​ប៉ុណ្ណា ? ធាតុ​ទាំងនេះ និង​ធាតុ​ផ្សេងៗ​ទៀត បង្កើន​ការ​យល់ដឹង​របស់​យើង​អំពី​របៀប​ដើម្បី​ជួយ​នរណា​ម្នាក់​ដែល​កំពុង​មាន​ទុក្ខព្រួយ ។

មនុស្ស​មួយ​ចំនួន​អាច​នឹង​ចាំបាច់​ត្រូវ​ចៀស​ពី​រឿង​ដែល​រំឭក​ពួក​គេ​អំពី​ការបាត់បង់​របស់​ពួកគេ ខណៈ​ដែល​អ្នកដទៃ​អាច​នឹង​ស្វែងរក​ការ​លួងលោម​ចិត្ត​នៅក្នុង​ការចងចាំ​ទាំងឡាយ ។ មនុស្ស​មួយ​ចំនួន​អាច​នឹង​ត្រូវ​ការ​ពេល​នៅ​ឲ្យ​ឆ្ងាយ​សិន មុនពេល​ពួកគេ​មានអារម្មណ៍​ថា​អាច​មកជួបគេ​ក្នុង​សង្គម ឬ​ចូលរួម​ការ​ប្រជុំនៅ​ព្រះវិហារ និង​សកម្មភាព​នានា​បាន ខណៈ​ដែល​អ្នក​ដទៃ​អាច​នឹង​ចង់​មក​ចូលរួម​ក្នុង​សង្គម​ភ្លាមៗ ។ មនុស្ស​គ្រប់​គ្នា​គឺខុសគ្នា ហើយ​ផ្លូវ​ឆ្ពោះទៅមុខ​របស់​បុគ្គល​ម្នាក់ៗ​គឺ​មាន​ផ្សេងៗ​គ្នា​ផងដែរ ។

នៅពេល​អ្នក​ផ្ដល់​ការងារ​បម្រើ​ដល់​នរណា​ម្នាក់​ដែល​មាន​ទុក្ខព្រួយ សូម​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​ដំបូងមុន​គេ​បង្អស់ ។ សេចក្ដី​ថ្លែង​ការណ៍​ទាំងនេះ​អាច​ជួយ​អ្នក​ឲ្យ​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ដោយ​ក្ដីអាណិត​អាសូរ ៖

  • « ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វីទេ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យអ្នក​ដឹង​ថា​ខ្ញុំ​បារម្ភ​អំពី​អ្នក » ។

  • « អ្នក​មិន​ចាំបាច់​ត្រូវ​និយាយ​អ្វី​ទេ បើ​អ្នក​មិន​ចង់​និយាយ ប៉ុន្តែ​ខ្ញុំ​នៅ​ទីនេះ​ដើម្បី​ស្ដាប់​អ្នក បើ​អ្នក​ចង់​និយាយ » ។

  • « ​វា​មិន​អីទេ ដែល​អ្នក​មាន​អារម្មណ៍​ម្ដង​ចេះ​ម្ដង​ចុះ​តាម​ថ្ងៃ តាម​ពេល​នោះ ។ វា​គ្មាន​របៀប​មួយ​ដែល​ត្រូវ​ដើម្បី​មាន​អារម្មណ៍​នោះ​ទេ ។ គ្រាន់តែ​បណ្ដោយ​ខ្លួន​ឲ្យ​តាម​អារម្មណ៍​ដែល​វា​កើត​មាន​នោះ​ទៅ » ។

  • « ខ្ញុំ​ពិត​ជា​សោកស្ដាយ​ណាស់​ដែល​អ្នក​ត្រូវ​ឆ្លងកាត់​រឿង​នេះ » ។

យល់ពី​ស្ថានភាព

នៅពេល​អ្នក​ផ្ដល់​ការងារ​បម្រើ​ដល់​នរណា​ម្នាក់​ដែល​មាន​ទុក្ខ​ព្រួយ សូម​ពិចារណា​សួរ​សំណួរ​ដូច​ខាង​ក្រោម​ដោយ​សន្ដាន​ចិត្តល្អ និង​ក្ដីស្រឡាញ់​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​កង្វល់ តម្រូវការ និង​ស្ថានភាព​របស់​បុគ្គល​នោះ ។

  • តើ​អ្នក​យ៉ាង​ម៉េច​ហើយ ?

  • នៅពេល​អ្នក​មាន​ពេលវេលា​ដ៏​រីករាយ​មួយ តើ​អ្វី​ដែល​ហាក់ដូចជា​ធ្វើ​ឲ្យ​មាន​ភាព​ខុសគ្នា​ជា​វិជ្ជមាន​នោះ ?

  • តើ​អ្នក​ទៅ​រក​ជំនួយ​ខាង​សតិអារម្មណ៍​នៅ​កន្លែង​ណា ?

  • តើ​រឿងជាក់លាក់​អ្វីខ្លះ​ដែល​មនុស្ស​បាននិយាយ ឬ​ធ្វើ ដែល​បាន​ជួយ​ដល់​អ្នក ? តើ​អ្វីខ្លះ​ដែល​វា​ពុំ​បានជួយ ?

បន្ថែម​ពីលើ​នោះ វា​អាច​មាន​ប្រយោជន៍ ដើម្បី​​ដឹង​ពី​ដំណាក់កាល​នៃ​ទុក្ខព្រួយ ។ មនុស្ស​ភាគច្រើន​បាន​ឆ្លង​ដំណាក់កាល​សតិអារម្មណ៍ ៥ ដំណាក់កាល នៅពេល​ពួកគេ​មាន​ទុក្ខ​ព្រួយគឺ ៖ ការបដិសេធ កំហឹង ការតថ្លៃ ការធ្លាក់​ទឹកចិត្ត និង​ការសម្រប​ខ្លួន ។ ដំណាក់កាល​ទាំងនេះ​អាច​កើតឡើង​មិន​តាម​លំដាប់​លំដោយ​ទេ ហើយ​ដំណាក់កាល​ខ្លះ​ត្រូវបាន​រំលង ឬ​អាច​កើតឡើង​ម្ដងហើយ​ម្ដង​ទៀត ។ ដំណាក់កាល​នីមួយៗ​នៅក្នុង​ដំណើរការ​ទុក្ខព្រួយ អាច​តម្រូវ​ឲ្យ​មាន​មធ្យោបាយ​ផ្សេងៗ​ដោយ​អ្នក​ដែល​ផ្ដល់​ការងារបម្រើ ។ នេះ​គឺជា​ការ​ពិពណ៌នា​គោលៗ​អំពី​ដំណាក់កាល​នីមួយៗ ៖

  • ការបដិសេធ ៖ ការបដិសេធ​គឺជា​ដំណាក់កាល​ទីមួយ​នៃ​ទុក្ខសោក ។ បុគ្គល​ម្នាក់ៗ​ដែល​ជួប​នឹង​ការ​បដិសេធ អាច​បដិសេធ​នឹង​អ្វី​ដែល​បាន​កើតឡើង ទៅជា​ស្ពឹក​អារម្មណ៍ ឬ​មាន​ការរន្ធត់ ។ នៅពេល​មនុស្ស​ម្នាក់​ជួប​នឹង​ដំណាក់កាល​នេះ ជាញឹកញាប់​វា​ល្អ​បំផុត​ដើម្បី​និយាយ​ដោយ​ក្ដីអាណិតអាសូរ ឬ​ចំណាយពេល​អង្គុយ​ជាមួយ​គ្នា​ដោយ​ស្ងៀមស្ងាត់ ។

  • កំហឹង ៖ នៅក្នុង​ដំណាក់កាល​នេះ បុគ្គល​ម្នាក់ៗ​អាច​នឹង​ខឹង​ព្រះ ខឹង​ខ្លួនឯង ឬ​ខឹង​អ្នកដទៃ​នៅជុំវិញ​ខ្លួន​ពួកគេ ។ សូមពិចារណា​ធ្វើការ​លើក​ទឹកចិត្ត​ដល់​បុគ្គលនោះ​ឲ្យ​រក្សា​កំណត់ហេតុ​ចំពោះ​អារម្មណ៍​កំហឹង​ទាំងនោះ ។ ពួកគេ​អាច​សម្រេច​ចិត្ត​ចង់​បំផ្លាញ​កំណត់ហេតុ​បន្ទាប់ពី​ឆ្លងកាត់​ដំណាក់កាល​នេះ ប៉ុន្តែ​សម្រាប់​ពេលនេះ វា​អាច​ផ្ដល់​ជា​ច្រក​ចេញ​សុវត្ថិភាព​មួយ​សម្រាប់​កំហឹង ។

  • ការតថ្លៃ ៖ មនុស្ស​ណា​ដែល​ស្ថិត​នៅក្នុង​ដំណាក់កាល​នេះ អាច​ព្យាយាម​តថ្លៃ​នឹង​ព្រះ ហើយ​សួរ​សំណួរ « ចុះបើ » ( ដូចជា « ចុះបើ​ខ្ញុំ​សន្យា​ថា​ប្រព្រឹត្ត​នឹង​បុគ្គល​នោះ​ល្អ​ប្រសើរ​ជាងមុន​វិញ ? ឬ « ចុះបើ​ខ្ញុំ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​រៀងរាល់​សប្ដាហ៍ ? » ) ។ ជាញឹកញាប់​បុគ្គល​នោះ​មានអារម្មណ៍​ថា​ខ្លួន​មាន​កំហុស​ចំពោះ​ការ​អសមត្ថភាព​របស់ពួកគេ​ដើម្បី​ការ​ពារ​មនុស្ស​ដែល​បាន​ស្លាប់​ទៅ​នោះ ឬ​ដើម្បីរារាំង​រឿង​អាក្រក់​ដែល​បានកើត​មានឡើង​នោះ ។​ នៅពេល​នរណា​ម្នាក់​ជួប​បទពិសោធន៍​ដំណាក់កាល​នេះ​នៅ​ក្នុង​ករណី​សេចក្ដីស្លាប់ វា​អាច​នឹង​ជួយ បើ​សួរ​នូវអ្វី​ដែល​គាត់ជឿ​ថា​បុគ្គល​ដែល​ស្លាប់នោះ​ចង់​ឲ្យ​បុគ្គល​នោះ​ដើរ​ឆ្ពោះទៅមុខ​នៅក្នុង​ជីវិត ។

  • ការធ្លាក់ទឹកចិត្ត ៖ នៅក្នុង​ដំណាក់កាល​នេះ បុគ្គល​ម្នាក់ៗ​អាច​នឹង​មាន​អារម្មណ៍​ល្ហល្លេវ អស់សង្ឃឹម គ្មាន​ជំនួយសោះ ហើយ​អាច​នឹង​បាត់​បង់​អារម្មណ៍​ចង់​ធ្វើ​សកម្មភាព​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ ។ ពួកគេ​អាច​ចាប់ផ្ដើម​ដក​ខ្លួន​ចេញ​ពី​អ្នកដទៃ ។ បើ​នរណា​ម្នាក់​បន្ដ​នៅក្នុង​ដំណាក់កាល​នេះ​ក្នុង​រយៈពេល​វែង ( បួន​ទៅ​ប្រាំមួយ​សប្ដាហ៍ ) នោះគាត់​អាច​នឹង​ត្រូវ​ការ​នាំ​ទៅ​ក្រុម​គាំទ្រ​ដល់​អ្នក​មាន​ទុក្ខព្រួយ ឬ​អ្នក​មាន​វិជ្ជាជីវៈ​ខាង​សុខភាព​ផ្លូវចិត្ត ។

  • ការសម្រប​ខ្លួន ៖ នៅក្នុង​ដំណាក់កាល​នេះ បុគ្គល​ម្នាក់ៗ​បាន​សម្រប​ខ្លួន​បន្ដិចម្ដងៗ​ទៅនឹង​ជីវិត​ធម្មតា​ជាថ្មី​របស់​ពួកគេ ។ សតិអារម្មណ៍​របស់​ពួកគេ​នឹងនរ ហើយ​ពួកគេ​រៀន​ប្រឈមមុខ​ទៅនឹង​ទុក្ខ​សោក ។ វា​អាច​នឹង​ជួយ​ដើម្បី​អះអាង​នឹង​ពួកគេថា ការ​សម្រប​ខ្លួន​នោះគឺ​មិនអីទេ ហើយថា​នៅក្នុង​ករណី​សេចក្ដីស្លាប់ មនុស្ស​ជាទី​ស្រឡាញ់​របស់ពួកគេ​ដែល​បាន​ស្លាប់​ទៅនោះ នឹង​ចង់​ឲ្យ​ពួកគេ​ស្វែងរក​សុភមង្គល ។

ជួយ​បុគ្គល​ម្នាក់

នៅពេល​អ្នក​ព្យាយាម​ជួយ​ដល់​បុគ្គលនោះ សូម​ធ្វើ​ការ​ពិចារណា​ព័ត៌មាន​ដូច​ខាងក្រោម ៖

  • ជួយ​បុគ្គល​នោះ​ឲ្យ​ដឹង​ថា​វា​មិនអីទេ​ដើម្បីមាន​ទុក្ខ​ព្រួយ ។ មនុស្ស​មួយ​ចំនួន​អាច​យល់​ថា ទុក្ខសោក​គឺ​ជា​ការ​បង្ហាញ​ពី​ភាព​ទន់ខ្សោយ​ខាង​ជំនឿ ប៉ុន្តែ​វា​សំខាន់​ដែល​បុគ្គល​ម្នាក់ៗ​អនុញ្ញាត​ឲ្យ​ខ្លួន​គេ​មាន​ទុក្ខព្រួយ ។ ការ​ពិភាក្សា​ថា​សូម្បី​តែ​ព្រះយេស៊ូវ​ក៏​មាន​ទុក្ខសោក​ផងដែរ អាច​ជួយ​ដល់​សមាជិក​ឲ្យ​យល់​ថា​វា​ពុំ​មែនជា​ការ​ខ្វះ​ជំនឿ​នោះទេ ( សូមមើល យ៉ូហាន ១១:៣២–៣៦ ) ។

  • ជួយ​បុគ្គល​នោះ​ឲ្យ​ទទួល​ស្គាល់​ថា មនុស្ស​គ្រប់រូប​មាន​ទុក្ខព្រួយ​តាម​របៀប​​ផ្ទាល់ខ្លួន​របស់​គាត់ ឬនាង ។ ពុំ​មាន​វិធីតែ​មួយណា​ដើម្បី​ប្រឈម​នឹង​ការ​បាត់បង់ទេ ហើយ​មនុស្ស​គ្រប់រូប​នឹង​ឆ្លើយ​តប​ខុសៗគ្នា ។ បុគ្គល​នោះ​ពុំ​គួរ​មាន​អារម្មណ៍​ខុសឆ្គង​ដែល​មាន​អារម្មណ៍ ឬ​មិន​មាន​អារម្មណ៍​បែប​ណាមួយ​នោះទេ ។

  • ប្រាស្រ័យ​ទាក់ទង​ដោយ​ក្ដីអាណិតអាសូរ ( ហើយ​បន្ដ​ធ្វើ​ដូច្នោះ​យូរអង្វែង​បន្ទាប់ពី​ការបាត់បង់ ) ។

    • អធិស្ឋាន​សូម​ការ​ណែនាំ​អំពី​អ្វី​ដែល​ត្រូវ​និយាយ ។ ការលួងលោម​នរណា​ម្នាក់​អាច​នឹង​ពិបាក ប៉ុន្តែ​ជាញឹកញាប់​វា​ល្អប្រសើរ​ដើម្បី​ឈោងទៅជួយ ហើយ​និយាយ​អ្វីមួយ ជាង​មិន​និយាយ​អ្វីសោះ ។ វាសំខាន់​ដែល​មនុស្ស​កំពុង​មាន​ទុក្ខព្រួយ​ដឹង​ថា​អ្នក​យកចិត្ត​ទុកដាក់ ហើយ​ចង់​គាំទ្រ​ពួកគេ ។

    • សូម​ចងចាំ​ថា​ត្រូវ​យកចិត្ត​ទុកដាក់​ខ្ពស់ ។ ការថ្លែង​ដោយ​បំណងល្អ​មួយចំនួន អាច​នឹង​មិន​ត្រូវអ្នក​ដែល​កំពុង​មាន​ទុក្ខព្រួយ​យល់ឃើញ​ថា​មាន​ក្ដីអាណិតអាសូរ​នោះទេ ។ ឧទាហរណ៍​ដូចខាង​ក្រោម​អាច​នឹង​មានភាព​ឈឺចាប់​ជាជាង​ជាជំនួយ ៖

      • « វា​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះ » ។

      • « យ៉ាងហោចណាស់… » ( « យ៉ាងហោចណាស់​ពួកគេ​មិន​ឈឺចាប់ » « យ៉ាងហោចណាស់ អ្នកអាច​ដើរលេង​ជា​គូ​នឹង​អ្នកផ្សេង​ទៀត​ឥឡូវនេះ » « យ៉ាងហោចណាស់ អ្នកអាច​ស្វែងរក​ការងារ​មួយ​ដែល​អ្នក​ចូលចិត្ត​បាន » ជាដើម ) ។

      • « ខ្ញុំ​មាន​បទពិសោធន៍​ស្រដៀងគ្នា​នេះ » ។

      • « បម្រើ​បន្ថែម​ទៀត » ។

      • « អ្វីៗ​នឹង​បាន​ល្អប្រសើរ​ឡើងទៅ​តាមពេលវេលា » ។

      • « អ្នកគួរតែ… » ឬ « អ្នកនឹង… »

      • « គាត់ [ ឬ​នាង ] បាន​ទៅ​ស្ថាន​សុគតិភព​ហើយ » ។

    • ផ្ទុយទៅវិញ អ្នក​អាច ៖

      • និយាយ​ថា « ខ្ញុំ​អត់​ដឹង​ថា​ត្រូវ​និយាយ​យ៉ាងណាទេ​ក្រៅពី​ឲ្យ​អ្នកដឹង​ថា អ្នក​មានមនុស្ស​ជាច្រើន​ស្រឡាញ់​រាប់អាន​អ្នក រួមទាំង​ខ្ញុំដែរ » ។

      • និយាយថា « ខ្ញុំ​កំពុង​អធិស្ឋាន​សម្រាប់​អ្នក » ។

      • ឲ្យ​មនុស្ស​ដែល​មាន​ទុក្ខព្រួយ​ដឹង​តាម​ពាក្យសម្ដី និង​ទង្វើ​របស់​អ្នក​ថា​អ្នក​កំពុង​គិត​អំពី​ពួកគេ ។ ការឈោង​ទៅជួយ អាច​ធ្វើ​ដោយ​សាមញ្ញ​ដូចជា​ការ​ផ្ញើសារ ។

      • ចំណាយ​ពេល​នៅ​ជាមួយ​មនុស្ស​ដែលកំពុង​មាន​ទុក្ខព្រួយ ។

  • ស្តាប់ ។ ការផ្ដល់​ដំបូន្មាន ឬ​ការនិយាយ​នឹង​បុគ្គល​នោះ​ពុំមែនជា​វិធី​តែមួយគត់​ដែលអាច​ជួយ​នោះទេ ។ បើ​អ្នកស្ដាប់ ហើយ​ឲ្យ​បុគ្គល​នោះ​បង្ហាញ​អារម្មណ៍​របស់ពួកគេ នោះ ជាញឹកញាប់ វា​ជា​កាយវិការ​ដែល​នឹង​ទទួលបាន និងមាន​ប្រយោជន៍ ។ ការ​គ្រាន់តែ​អង្គុយចុះ​ជាមួយ​នឹង​បុគ្គល​នោះ គឺជា​របៀប​មួយ​ដើម្បី​ផ្ដល់​ការគាំទ្រដោយ​ពុំបាច់​បញ្ចេញវាចា ។ ការគ្រាន់តែ​ស្ដាប់ អាច​នឹង​ជាការពិបាក ដោយសារ​អ្នក​អាច​មានអារម្មណ៍​ថា​អ្នក​ពុំ​ធ្វើ​បាន​ល្អគ្រប់គ្រាន់​ដើម្បី​បំបាត់​ការឈឺចាប់ ប៉ុន្តែ​ការ​ស្ដាប់​គឺជា​ជំនួយ និង​ជា​សកម្មភាព​គាំទ្រ​មួយ ។

  • កុំ​មាន​ប្រតិកម្ម ។ នៅពេល​បុគ្គល​ម្នាក់ៗ​ឆ្លងកាត់​ដំណាក់កាល​នៃ​ទុក្ខព្រួយ​ខាង​សតិអារម្មណ៍ នោះ​ពួកគេ​អាច​នឹង​និយាយ ឬ​ធ្វើ​អ្វី​ដែល​ខុសធម្មតា ។ សូម​អត់ធ្មត់ ហើយ​ទទួល​ស្គាល់​ថា ឥរិយាបថ​ដូច្នេះ ជាញឹកញាប់​ចង្អុល​បង្ហាញ​ពី​ទីតាំង​របស់​បុគ្គល​នោះ​នៅក្នុង​ដំណើរការ​មាន​ទុក្ខព្រួយ ។

  • បន្ដ​គាំទ្រ​បន្ទាប់ពី​ការ​បាត់បង់ ។ សូម​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ​សាសនាចក្រ បង​ប្អូន​ប្រុស​ស្រី​ដែល​ផ្ដល់ការងារ​បម្រើ សមាជិក​វួដ និង​មិត្តភក្ដិ​ដើម្បី​បន្ដ​កិច្ចខិតខំ​របស់​ពួកគេ​ឲ្យ​មាន​ការគាំទ្រ​ខាង​សតិអារម្មណ៍​យូរ​បន្ទាប់ពី​ឧប្បទ្ទវហេតុ​នេះ​បាន​កើតឡើង ។ ទុក្ខសោក​គឺជា​ដំណើរការមួយ​ដែល​អាច​នឹង​ត្រូវការ​ពេល​រាប់ខែ និង​រាប់ឆ្នាំ​ផងដែរ ។

  • សូមប្រយ័ត្ន​ចំពោះ​មតិយោបល់ និង​ឥរិយាបថ​ដែល​ចង់ធ្វើ​អត្តឃាត ។ បើ​មនុស្ស​ដែល​មាន​ទុក្ខ​ព្រួយ​និយាយ​អំពី​អត្តឃាត សូម​យកចិត្ត​ទុកដាក់​ខ្ពស់​ជានិច្ច ។ សូមមើល ទំព័រ​ការធ្វើ​អត្តឃាត នៅលើ​ធនធាន​ការ​ប្រឹក្សា ។ បើ​អ្នក​បារម្ភ​អំពី​សុវត្ថិភាព​របស់​នរណាម្នាក់ សូម​ទាក់ទង​ទៅកាន់​សេវា​វេជ្ជសាស្ត្រ​បន្ទាន់​ក្នុង​មូលដ្ឋាន ឬ​ការិយាល័យ​សេវាកម្មគ្រួសារ​របស់អ្នក ( នៅ​កន្លែង​ដែល​មាន ) ។ ថ្នាក់​ដឹកនាំ​ទាំងឡាយ​របស់​សាសនាចក្រ ក៏អាច​ទាក់ទង​ទៅកាន់បណ្ដាញ​ជំនួយ​របស់​សាសនាចក្រ​សម្រាប់​ជំនួយ​ជាមួយ​នឹង​បញ្ហា​នេះ​ផងដែរ ។ សូម​ចូល​ទៅ​គេហទំព័រ suicide.ChurchofJesusChrist.orgផ្នែក ការធ្វើ​អត្តឃាត នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ដើម្បី​ស្វែងរក​បណ្ដាញជំនួយ​ដែល​ឥតគិតថ្លៃ​នៅ​ជុំវិញ​ពិភពលោក និង​ធនធាន​សម្រាប់​ជួយ​បុគ្គល​ម្នាក់ៗ​ដែល​មាន​វិបត្តិ​ជាប់ទាក់ទង​នឹង​ការធ្វើ​អត្តឃាត ។

នៅ​ក្នុងករណី​នៃ​សេចក្ដីស្លាប់​របស់​មនុស្ស​ជាទីស្រឡាញ់ ដំណើរការ​នៃ​ទុក្ខព្រួយ​អាច​នឹង​រួមមាន​ការ​ជួយ​គ្រួសារ​ក្នុងការ​ធ្វើ​បុណ្យសព ឬ​កម្មវិធី​បញ្ចុះសព ។ ការរៀបចំ​បុណ្យ​សព និង​ការ​ចូលរួម​បុណ្យសព អាច​នឹង​លំបាក​សម្រាប់​បុគ្គល​ម្នាក់ៗ ដែល​កំពុង​មាន​ទុក្ខព្រួយ ។ វាសំខាន់​ដើម្បី​យកចិត្ត​ទុកដាក់​ទៅនឹង​តម្រូវការ​របស់ពួកគេ នៅពេល​អ្នក​ផ្ដល់​ការ​គាំទ្រ និង​ការលួងលោម​ចិត្ត ។ សូម​ស្វែងរក​ព័ត៌មាន​អំពី​ពិធី​បុណ្យសព និង​កម្មវិធី​ទាក់ទង​ដទៃទៀត​នៅក្នុង​វគ្គ ២៩.៦ នៃ ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ខាងក្រោមនេះ​គឺជា​សេចក្ដីណែនាំ​បន្ថែម​ខ្លះៗ​ដើម្បី​ចាំទុក​ក្នុងចិត្ត ៖

  • កម្មវិធី​បុណ្យសពធ្វើ​ឡើង​ដើម្បី​គោរព​ដល់ជីវិត​អ្នកស្លាប់ ហើយជួយ​ដល់​អស់​អ្នក​ដែល​មាន​ទុក្ខព្រួយ​ទទួលបាន​ការ​លួងលោមចិត្ត និង​ភាព​សុខសាន្ដ ។ ជាញឹកញាប់ បុណ្យសព​គឺជា​ផ្នែក​ដ៏សំខាន់មួយ​នៃ​ការឆ្ពោះ​ទៅមុខ​នៅក្នុង​ដំណើរការ​ភាពទុក្ខព្រួយ ។ ដូច្នេះ វា​សំខាន់​ដើម្បី​យកចិត្ត​ទុកដាក់​ចំពោះ​តម្រូវការ និង​ការប៉ង​ប្រាថ្នា​របស់​បុគ្គល​ម្នាក់ៗ ឬ​សមាជិក​គ្រួសារ​ដែល​កំពុង​មាន​ទុក្ខ​ព្រួយ ។ ការពិភាក្សា​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ និង​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​ផ្ដល់​ការ​លួងលោម​ចិត្ត អាច​ជា​ជំនួយ ។ វា​ក៏សំខាន់​ផងដែរ​ដើម្បី​ចំណាយពេល​គ្រប់គ្រាន់​ដើម្បី​គោរព​ដល់​បុគ្គល​ដែល​បានស្លាប់ ហើយ​ចងចាំ​អំពី​ទំនាក់ទំនង និង​ចរិត​លក្ខណៈ​វិជ្ជមាន​របស់ពួកគេ ។

  • បុគ្គល​ដែលមាន​ទុក្ខព្រួយ​អាច ឬ​មិនអាច​ជ្រើសរើស​ឲ្យ​និយាយ ឬ​ចូលរួម​នៅក្នុង​កម្មវិធី ។ នេះ​គឺជា​ជម្រើស​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

  • រាល់ការ​ថ្លែង​របស់អ្នក​នៅក្នុង​ពិធី​បុណ្យសព សូម​ចងចាំ​ដើម្បី​ភ្ជាប់​នូវ​ភាព​អាណិតអាសូរ ។ សូម​លើក​ទឹកចិត្ត​អ្នកដទៃ​ដែល​កំពុង​និយាយ ( ថ្នាក់ដឹកនាំ​សាសនាចក្រ បង​ប្អូន​ប្រុស​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ អ្នកជិតខាង ជាដើម ) ឲ្យ​យកចិត្ត​ទុកដាក់​ខ្ពស់​ទៅលើ​ការ​និយាយ​របស់​ពួកគេ​ផងដែរ ។

ហិរញ្ញវត្ថុ​អាច​នឹង​ជា​កង្វល់​សម្រាប់​ពិធី​បុណ្យសព និង​ពេល​ក្រោយ​ទៀត ។ បើ​បុគ្គល​ម្នាក់ ឬ​គ្រួសារ​មួយ​បានបាត់បង់​អ្នកផ្គត់ផ្គង់​របស់ពួកគេ នោះ​ពួកគេ​អាច​នឹង​បារម្ភ​អំពី​ហិរញ្ញវត្ថុ​នៅពេល​ខាងមុខ ។ សូម​ស្វែងរក​ការដឹកនាំ​ខាងវិញ្ញាណ នៅពេល​អ្នកពិចារណា​អំពី​របៀប​ដើម្បី​ផ្ដល់​ជំនួយ​របស់​ព្រះវិហារ ឬ​កម្មវិធី​ដែលអាច​ដោះស្រាយ​កង្វល់​មួយចំនួន​ទាំងនេះ ។

គាំទ្រ​ដល់​គ្រួសារ

អាស្រ័យ​ទៅលើ​ស្ថានភាព នោះ​សមាជិក​គ្រួសារ និង​មិត្ត​ជិតស្និទ្ធ​ដទៃទៀត ក៏អាច​នឹង​មាន​បញ្ហា​ទុក្ខ​ព្រួយ​ផងដែរ ជាពិសេស​បើ​ទុក្ខ​ព្រួយ​នោះ​ទាក់ទង​ទៅនឹង​ការ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ ។ សូម​ពិចារណា​អំពី​ព័ត៌មាន​នៅក្រោម « ជួយ​បុគ្គល​ម្នាក់ » សម្រាប់​សមាជិក​គ្រួសារ និង​មិត្ត​ជិតស្និទ្ធ​ម្នាក់ៗ ។

ទោះជា​ទុក្ខព្រួយនេះ ជះឥទ្ធិពល​តែទៅលើ​សមាជិក​គ្រួសារ​ម្នាក់ នោះ​អ្នកអាច​នឹង​ពិនិត្យ​មើល​ជាមួយ​នឹង​គ្រួសារ ហើយ​មើល​ថា​តើ​អ្នកដទៃ​ទៀត​សុខទុក្ខ​យ៉ាងណា​ដែរ ។ ពួកគេ​អាច​នឹង​ត្រូវការ​ការគាំទ្រ​នៅក្នុង​ការជួយ​សមាជិក​គ្រួសារ​ដែល​មាន​បញ្ហា​របស់ពួកគេ ។

ប្រើប្រាស់​ធនធាន​ក្នុងវួដ និង​ស្ដេក

នៅពេល​សមរម្យ សូម​ពិចារណា​ធ្វើការ​សួរ​ដល់​ថ្នាក់ដឹកនាំ​វួដ ឬ​បុគ្គល​ដែល​ជាទី​ទុកចិត្ត​ដទៃទៀត​ដើម្បី​បន្ដ​ផ្ដល់​ការគាំទ្រ​​ ។ ស្នើសុំ​ការ​អនុញ្ញាត​ពី​បុគ្គល​នោះ​ពី​មុន​ពិភាក្សា​អំពី​ស្ថានភាព​នោះ​ជាមួយ​អ្នកដទៃទៀត ។

  • លើកទឹកចិត្ត​សាច់ញាតិ​ជិតឆ្ងាយ​របស់​បុគ្គលនោះ និង​បងប្អូន​ប្រុសស្រី​ដែល​ផ្ដល់​ការងារ​បម្រើ​ឲ្យ​យកចិត្ត​ទុកដាក់ ។ ដំណើរការ​សោកសៅ​អាច​នឹង​អូស​បន្លាយ​យូរ ហើយ​បុគ្គល​នោះ​នឹង​ទំនង​ជា​ត្រូវការ​ការគាំទ្រ​បន្ថែម​ក្នុង​ពេល​មួយ​រយៈ ។ ការគាំទ្រ​នោះ​ត្រូវ​តែ​បន្ដ​ជាយូរ​បន្ទាប់ពី​ពិធីបុណ្យសព ។

  • បុគ្គល​មួយចំនួន​អាច​នឹងទទួល​ប្រយោជន៍​មកពី​ការ​ចូលរួម​ក្នុង​ក្រុម​គាំទ្រ ។ ក្រុមនានា​អាច​នឹង​ជា​ជំនួយ​ជា​ពិសេស​សម្រាប់​បុគ្គល​ដែល​មាន​អារម្មណ៍​ថា គ្មាន​នរណា​យល់​អំពី​ស្ថានភាព ឬ​អារម្មណ៍​របស់ពួកគេ​ទេ ។ ក្រុម​មួយ​ចំនួន​អាច​នឹង​ចូល​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ វេជ្ជបណ្ឌិត​ប្រចាំ​គ្រួសារ កន្លែង​តម្កល់​សព និង​អង្គការ​សាលា​សំណាក់ ក៏អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ក្រុមគាំទ្រ​នៅក្នុង​តំបន់​របស់អ្នក​ផងដែរ ។ សេវាកម្ម​គ្រួសារ​ពុំ​មាន​ក្រុមគាំទ្រ​សម្រាប់​អ្នកមាន​ទុក្ខព្រួយទេ ប៉ុន្តែ​អ្នកអាច​ពិគ្រោះ​ជាមួយ​នឹង​ការិយាល័យ​សេវាកម្ម​គ្រួសារ​ក្នុងតំបន់​របស់អ្នក ( បើមាន ) ដើម្បី​ទទួល​បាន​សេចក្ដីយោង ឬ​អនុសាសន៍​នានា ។

  • ជួយ​បុគ្គល​នោះ​ឲ្យ​ទទួល​ជំនួយ​មាន​វិជ្ជាជីវៈ បើ​ចាំបាច់ ។ ទុក្ខព្រួយ​អាច​នឹង​ជា​អារម្មណ៍​ស្មុគស្មាញ ហើយ​នរណា​ម្នាក់​ដែល​មាន​ទុក្ខព្រួយ​អាច​ត្រូវការ​ជំនួយ​មកពី​អ្នក​មាន​វិជ្ជាជីវៈ ។ សូមមើល​ទំព័រ​ធនធាន​ប្រឹក្សា​អំពី សុខភាព​ផ្លូវ​ចិត្ត ។