« ហិរញ្ញវត្ថុ » ធនធានការប្រឹក្សា ( ឆ្នាំ ២០២០ ) ។
« ហិរញ្ញវត្ថុ » ធនធានការប្រឹក្សា ។
ហិរញ្ញវត្ថុ
មនុស្សគ្រប់រូបមានការទទួលខុសត្រូវក្នុងការផ្គត់ផ្គង់ចំពោះតម្រូវការផ្ទាល់ខ្លួន របស់គាត់ ឬនាង ក៏ដូចជាតម្រូវការសមាជិកគ្រួសារតាមដែលអាចធ្វើទៅបានផងដែរ ។ ការទទួលខុសត្រូវដើម្បីគ្រប់គ្រងលើហិរញ្ញវត្ថុគ្រួសារគួរតែចែកចាយរវាងស្វាមី និងភរិយាដោយការទុកចិត្ត និងការបើកចំហ ។ ការគ្រប់គ្រងហិរញ្ញវត្ថុដោយឈ្លាសវៃអាចផ្ដល់នូវសន្ដិសុខ និងលើកកម្ពស់ដល់សុខុមាលភាពគ្រួសារ ។
បុគ្គលម្នាក់ៗអាចជួបនឹងបញ្ហាខាងហិរញ្ញវត្ថុដោយសារ ការបាត់បង់ការងារ ការចាយវាយហួសកំណត់ ភាពអាសន្នដែលពុំរំពឹងទុក ឬការគ្រប់គ្រងហិរញ្ញវត្ថុមិនបានល្អ ។ សូមជួយបុគ្គលម្នាក់ៗឲ្យយល់អំពីសារៈសំខាន់នៃការថ្វាយដង្វាយមួយភាគក្នុងដប់ដោយស្មោះត្រង់ រស់នៅតាមសមត្ថភាពរបស់ពួកគេ សន្សំទុកសម្រាប់ការចំណាយដែលពុំរំពឹងទុក និងចៀសវាងពីបំណុល ។ កាលណាក្រុមគ្រួសារកាន់តែមានភាពខ្លួនទីពឹងខ្លួនខាងហិរញ្ញវត្ថុ នោះពួកគេនឹងកាន់តែមានអារម្មណ៍សុវត្ថិភាព ហើយរីករាយនឹងភាពសុខសាន្ដក្នុងជីវិតរស់នៅរបស់ពួកគេកាន់តែខ្លាំងឡើង ។
សូមដឹងថា ជាញឹកញាប់បញ្ហាហិរញ្ញវត្ថុកើតឡើងជាភាពបន្ទាន់ ។ សូមជួយបុគ្គលម្នាក់ៗឲ្យគិតអំពីធនធានដែលពួកគេមានជាមុនសិន ( ដូចជាមិត្តភក្ដិ ឬសាច់ញាតិគ្រួសារជិត ឬឆ្ងាយ ) ពីមុនស្វែងរកជំនួយហិរញ្ញវត្ថុមកពីសាសនាចក្រ ។ នៅពេលអ្នកស្វែងរកអស់អ្នកដែលកំពុងមានបញ្ហា សូមមើលពីសញ្ញាដែលបង្ហាញថា ពួកគេអាចមានការខ្វះខាត ។ សូមសង្កត់ធ្ងន់ម្ដងហើយម្ដងទៀតលើសារៈសំខាន់នៃការយកចិត្តទុកដាក់ចំពោះហិរញ្ញវត្ថុ និងការត្រៀមសម្រាប់ភាពអាសន្ន ឬឧបសគ្គខាងហិរញ្ញវត្ថុ ។
ព្យាយាមយល់
ការពិភាក្សាអំពីបញ្ហាហិរញ្ញវត្ថុអាចនឹងជារឿងតានតឹង រំជួលចិត្ត និងពិបាក ។ នៅពេលអ្នកសួរសំណួរ សូមប្រាកដថាបង្ហាញសេចក្ដីស្រឡាញ់ និងការអាណិតអាសូរដូចជាព្រះអង្គសង្គ្រោះនឹងធ្វើដែរ ។ សូមពិចារណាដោយការអធិស្ឋានដើម្បីសួរនូវសំណួរទាំងនេះដោយសន្ដានចិត្តល្អ និងក្ដីស្រឡាញ់ដើម្បីជួយអ្នកឲ្យយល់ពីស្ថានភាពហិរញ្ញវត្ថុរបស់បុគ្គលនោះបានកាន់តែច្បាស់ ហើយដឹងពីតម្រូវការរបស់គាត់ ឬនាង ។
-
តើស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នកយ៉ាងណាដែរ ? ( ឧទាហរណ៍ តើចំណូលរបស់អ្នកបានប៉ុន្មាន តើអ្នកចំណាយអស់ប៉ុន្មាន ហើយតើអ្នកជំពាក់បំណុលគេប៉ុន្មាន ? )
-
តើនរណាគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសាររបស់អ្នក ?
-
តើអ្នកធ្វើការសម្រេចចិត្តទិញអ្វីមួយយ៉ាងដូចម្ដេច ? ( តើការចំណាយធ្វើតាមអារម្មណ៍ឬ ? មានគិតអំពីថវិកាឬទេ ?
-
តើស្ថានភាពការងាររបស់អ្នកយ៉ាងណាដែរ ?
-
តើស្ថានភាពរបស់អ្នកនឹងទៅជាយ៉ាងណា បើអ្នកត្រូវពឹងទៅលើថវិកាដែលបម្រុងទុក ឬប្រាក់សន្សំនោះ ?
-
តើអ្នកមានគម្រោងថវិកាសម្រាប់គ្រួសាររបស់អ្នកឬទេ ? តើអ្នកធ្វើតាមគម្រោងនោះបានល្អប៉ុណ្ណា ?
-
តើប្រភពដ៏ធំបំផុតនៃបញ្ហាហិរញ្ញវត្ថុរបស់អ្នកគឺជាអ្វី ? ( ប្រភពដែលអាចកើតមាន អាចរួមមានដូចជា ការចំណាយហួសកំណត់ ការចំណាយផ្នែកវេជ្ជសាស្ត្រ ឬការលែងលះ ) ។
-
តើអ្នកបានសុំជំនួយពីនរណាខ្លះ ( ដូចជាគ្រួសារ ឬមិត្តភក្ដិ ) ?
-
តើអ្នកបានទទួលជំនួយហិរញ្ញវត្ថុណាខ្លះរួចហើយ ?
-
តើអ្នកមានធនធានដទៃទៀតណាខ្លះដែលអ្នកអាចប្រើប្រាស់បាន ?
ជួយបុគ្គលម្នាក់
នៅពេលអ្នកជួយបុគ្គលម្នាក់ឲ្យយល់អំពីគោលការណ៍នៃភាពខ្លួនទីពឹងខ្លួន សូមពិចារណាប្រើប្រាស់យោបល់មួយចំនួនដូចខាងក្រោម ។ នៅពេលអ្នកធ្វើការរួមគ្នា សូមព្យាយាមបង្ហាញការអាណិតអាសូរ ហើយជួយបុគ្គលម្នាក់ៗឲ្យរក្សាអារម្មណ៍នៃភាពថ្លៃថ្នូរ ។
សូមបង្រៀនអំពីគោលការណ៍នៃការថ្វាយដង្វាយមួយភាគក្នុងដប់ដោយស្មោះត្រង់ ហើយថ្វាយដង្វាយតមអាហារដោយសប្បុរស ក៏ដូចជាគោលការណ៍នៃភាពខ្លួនទីពឹងខ្លួនផងដែរ ។
-
បង្រៀនថា ការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារគួរតែមានការទទួលខុសត្រូវរវាងស្វាមី និងភរិយា ។
កំណត់ពីធនធានដែលមានសម្រាប់ជំនួយហិរញ្ញវត្ថុ ។
-
ធ្វើបញ្ជីទេពកោសល្យ និងជំនាញទាំងឡាយ ។
-
ធ្វើបញ្ជីមនុស្សទំនាក់ទំនង ការទាក់ទង ទ្រព្យសម្បត្តិ ទ្រព្យហិរញ្ញវត្ថុ ឬទ្រព្យដទៃទៀត ដែលអាចជួយបង្កើតចំណូល ។
សូមលើកទឹកចិត្តក្រុមគ្រួសារឲ្យសកម្មនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ ហើយប្រើប្រតិទិនលុបបំបាត់បំណុល ឬយុទ្ធសាស្ត្រកាត់បន្ថយបំណុល បើចាំបាច់ ហើយបង្កើនការសន្សំសំចៃ ។
-
អញ្ជើញគូស្វាមីភរិយាឲ្យបង្កើតផែនការចំណាយ ( សូមមើល សៀវភៅលំហាត់ ហិរញ្ញវត្ថុផ្ទាល់ខ្លួនសម្រាប់ភាពខ្លួនទីពឹងខ្លួន ) ។
-
លើកទឹកចិត្តគូស្វាមីភរិយាឲ្យព្យាករពីការចំណាយ និងតាមដានការចំណាយ ។
-
លើកទឹកចិត្តគូស្វាមីភរិយាឲ្យចូលរួមក្នុងក្រុមហិរញ្ញវត្ថុផ្ទាល់ខ្លួនសម្រាប់ភាពខ្លួនទីពឹងខ្លួន ។ បើពុំមានក្រុមនេះនៅក្នុងតំបន់របស់អ្នកទេ សូមពិចារណាធ្វើការទំនាក់ទំនងទៅកាន់អ្នកឯកទេសផ្នែកភាពខ្លួនទីពឹងខ្លួនប្រចាំស្តេក ។
គាំទ្រដល់គ្រួសារ
បញ្ហាហិរញ្ញវត្ថុជះឥទ្ធិពលដល់សមាជិកគ្រួសារទាំងអស់គ្នា ។ សូមកំណត់អំពីឥទ្ធិពលរបស់វាទៅលើស្វាមី ឬភរិយា ឬសមាជិកគ្រួសារដទៃទៀត ហើយលើកឡើងពីបញ្ហាអស់ទាំងនោះ ។
សូមលើកទឹកចិត្តឲ្យគ្រួសារដាក់រឿងហិរញ្ញវត្ថុជាការខិតខំក្នុងក្រុមគ្រួសារទាំងមូល ។
-
អញ្ជើញឲ្យគ្រួសារដាក់ការសន្សំសំចៃជាអាទិភាព ( សម្រាប់រឿងដូចជា ការទិញខ្នាតធំនាពេលអនាគត ភាពភាពអាសន្ននានា បេសកកម្ម និងការអប់រំ ) ។
-
ជួយគ្រួសារឲ្យយល់អំពីរបៀបរៀបចំថវិកា ។
-
លើកទឹកចិត្តបុគ្គលម្នាក់ៗឲ្យធ្វើតាមគោលការណ៍នៃភាពខ្លួនទីពឹងខ្លួន ហើយងាកទៅរកសមាជិកគ្រួសារ និងមិត្តភក្ដិដើម្បីសុំជំនួយ បន្ទាប់មកទៅរកប៊ីស្សព បើចាំបាច់ ។
ប្រើប្រាស់ធនធានក្នុងវួដ និងស្ដេក
សូមពិចារណាធ្វើការជាមួយថ្នាក់ដឹកនាំវួដ ឬបុគ្គលដែលជាទីទុកចិត្តដទៃទៀតដើម្បីបន្ដផ្ដល់ការគាំទ្រ ការណែនាំ និងជំនួយ ។ ស្នើសុំការអនុញ្ញាតពីបុគ្គលនោះពីមុនពិភាក្សាអំពីស្ថានភាពនោះជាមួយអ្នកដទៃទៀត ។
ថ្នាក់ដឹកនាំអាចនឹងពិចារណាធ្វើការពិភាក្សាពីស្ថានភាពនេះនៅក្នុងក្រុមប្រឹក្សាវួដដើម្បីកំណត់ពីធនធាន ទំនាក់ទំនង និងឱកាសដើម្បីជួយបុគ្គលនោះ ។
ភ្ជាប់គ្រួសារទៅនឹងនរណាម្នាក់ដែលអាចធ្វើជាអ្នកផ្ដល់យោបល់ដល់ពួកគេ ជួយពួកគេដាក់គោលដៅ ហើយដាក់ផែនការមួយដើម្បីធ្វើការជាមួយគ្នា ។
អញ្ជើញអ្នកឯកទេសខាងសុខុមាលភាព ឬនរណាម្នាក់ទៀតក្នុងវួដឲ្យជួយគ្រួសារនោះរៀបចំគម្រោងថវិកា និងផែនការចំណាយ ។
ប្រាប់ និងលើកទឹកចិត្តឲ្យប្រើប្រាស់អង្គការល្បីឈ្មោះក្នុងមូលដ្ឋាន និងធនធាននានា ។
ធនធាននានាអាចរួមមាន ៖
-
ភ្នាក់ងាររដ្ឋាភិបាល និងឯកជន
-
អង្គការ ( អង្គការក្រៅរដ្ឋាភិបាល )
-
អង្គការពុំស្វែងរកប្រាក់ចំណេញ
-
សិក្ខាសាលាអំពីហិរញ្ញវត្ថុក្នុងមូលដ្ឋាន
-
ប្រព័ន្ធ និងគេហទំព័រគ្រប់គ្រងប្រាក់កាសតាមអនឡាញ