« សុខភាពផ្លូវចិត្ត » ធនធានការប្រឹក្សា ( ឆ្នាំ ២០២០ ) ។
« សុខភាពផ្លូវចិត្ត » ធនធានការប្រឹក្សា ។
សុខភាពផ្លូវចិត្ត
សុខភាពផ្លូវចិត្តជះឥទ្ធិពលដល់គំនិត សតិអារម្មណ៍ ឥរិយាបទ និងទំនាក់ទំនងរបស់យើង ។ អស់អ្នកដែលមានបញ្ហាសុខភាពផ្លូវចិត្ត ឬរោគចិត្តអាចនឹងអសមត្ថភាពក្នុងការធ្វើកិច្ចការប្រចាំថ្ងៃ និងបំពេញតម្រូវការនានានៃជីវិតប្រចាំថ្ងៃ ។ ស្ថានភាពដូច្នេះ ជាញឹកញាប់គឺតានតឹង និងច្របូកច្របល់ខាងសតិអារម្មណ៍ចំពោះបុគ្គលនោះ ក៏ដូចជាមនុស្សជាទីស្រឡាញ់ និងថ្នាក់ដឹកនាំ ដែលកំពុងព្យាយាមផ្ដល់ការងារបម្រើដល់ជនរងគ្រោះនោះផងដែរ ។
អស់អ្នកដែលពុំមែនជាអ្នកមានវិជ្ជាជីវៈខាងសុខភាពផ្លូវចិត្ត ពុំត្រូវបានគេរំពឹង ឬលើកទឹកចិត្តឲ្យធ្វើរោគវិនិច្ឆ័យ ឬផ្ដល់ការព្យាបាលដល់បុគ្គលដែលកំពុងមានបញ្ហាសុខភាពផ្លូវចិត្តទេ ។ នៅពេលបុគ្គលនោះហាក់ដូចជាមិនឆ្លើយតបទៅនឹងការព្យាយាមជួយធម្មតាពីថ្នាក់ដឹកនាំទេ នោះពុំគួរមាននរណាម្នាក់អាក់អន់ចិត្តដោយសារតែការមិនឆ្លើយតបរបស់ពួកគេឡើយ ។ ផ្ទុយទៅវិញ ថ្នាក់ដឹកនាំគួរតែពិចារណាកាន់តែខ្លាំងទៅលើការលើកទឹកចិត្តដល់បុគ្គលនោះឲ្យទទួលការវាយតម្លៃអំពីសុខភាពផ្លូវចិត្តមកពីអ្នកផ្ដល់សេវាដែលមានគុណភាព ( សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ [ ឆ្នាំ ២០២០ ] ៣១.២.៦ ) ។ សេវាកម្មគ្រួសារ ( នៅកន្លែងដែលមាន ) អាចផ្ដល់ការពិគ្រោះ ហើយផ្ដល់យោបល់ដល់ថ្នាក់ដឹកនាំអំពីធនធាននានាស្ដីពីការវាយតម្លៃសុខភាពផ្លូវចិត្តនៅក្នុងសហគមន៍ ។ ថ្នាក់ដឹកនាំគួរតែយោងទៅលើ « ជំងឺផ្លូវចិត្ត » នៅក្នុងវគ្គ ធនធានជនពិការ នៅលើគេហទំព័រ ChurchofJesusChrist.org សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺផ្លូវចិត្ត ។
ព្យាយាមយល់
នៅពេលអ្នកពិភាក្សាអំពីបញ្ហាសុខភាពផ្លូវចិត្ត សូមប្រាកដថាបង្ហាញសេចក្ដីស្រឡាញ់ និងការអាណិតអាសូរដូចជាព្រះអង្គសង្គ្រោះនឹងធ្វើដែរ ។ បើបុគ្គលនោះឈោងមករកជំនួយ សូមអរគុណដល់គាត់ ឬនាងចំពោះការសុំជំនួយ ។ ដោយសារតែស្ថានភាពនានាមានភាពខុសគ្នា ហើយស្ថានភាពរបស់បុគ្គលម្នាក់ៗមានភាពផ្សេងៗគ្នា នោះសូមពិចារណាប្រកបដោយការអធិស្ឋានដើម្បីសួរសំណួរបុគ្គលនោះនូវសំណួរទាំងនេះ ហើយស្ដាប់ព្រះវិញ្ញាណដើម្បីជួយអ្នកឲ្យយល់អំពីកង្វល់របស់គាត់បានកាន់តែច្បាស់ ហើយដឹងពីសេចក្ដីត្រូវការរបស់គាត់ ។
-
តើអ្នកធ្លាប់ធ្វើរោគវិនិច្ឆ័យអំពីស្ថានភាពសុខភាពផ្លូវចិត្តឬទេ ? បើធ្លាប់ តើអ្នកមានស្ថានភាពនេះរយៈពេលយូរប៉ុណ្ណាហើយ ? តើវាមានឥទ្ធិពលមកលើទំនាក់ទំនងការងារ និងគ្រួសាររបស់អ្នកយ៉ាងដូចម្ដេច ?
-
តើអ្វីជាកង្វល់ ឬការព្រួយបារម្ភធំបំផុតរបស់អ្នកក្នុងពេលនេះ ?
-
( បើមាន ) តើសេវាថែទាំអ្វីខ្លះដែលអ្នកកំពុងទទួលមកពីអ្នកផ្ដល់សេវាមើលថែសុខភាពផ្លូវចិត្ត ? តើអ្នកកំពុងធ្វើតាមការណែនាំមកពីអ្នកផ្ដល់សេវាថែទាំរបស់អ្នកឬទេ ហើយតើអ្នកពេញចិត្តនឹងការថែទាំដែលអ្នកកំពុងទទួលនោះឬទេ ?
-
តើអ្នកមានអារម្មណ៍ថាស្ថានភាពសុខភាពផ្លូវចិត្តរបស់អ្នកបានល្អប្រសើរឬទេ ឬនៅតែដដែល ឬកាន់តែធ្ងន់ធ្ងរឡើង ?
-
តើអ្នកដោះស្រាយស្ថានភាពរបស់អ្នកដោយរបៀបណា ?
-
តើសមាជិកគ្រួសាររបស់អ្នកដោះស្រាយស្ថានភាពរបស់អ្នកយ៉ាងដូចម្ដេច ? តើពួកគេមានផ្ដល់យោបល់អ្វីដែលអ្នកមិនបានធ្វើក្នុងពេលនេះ ដែលអ្នកគិតថាអាចនឹងជាប្រយោជន៍ដល់អ្នកដែរឬទេ ?
-
តើអ្នកបានទទួលធនធានគាំទ្រអ្វីខ្លះ ?
-
តើអ្នកធ្លាប់ទទួលបានគំនិតមកពីព្រះវរបិតាសួគ៌អំពីស្ថានភាពរបស់អ្នកដែរឬទេ ? ប្រសិនបើអ្នកធ្លាប់ តើគំនិតទាំងនោះមានអ្វីខ្លះ ?
ដោយមានការអនុញ្ញាតពីបុគ្គលនោះ ហើយដោយគោរពដល់អារម្មណ៍របស់បុគ្គលនោះ សូមពិចារណាធ្វើការទាក់ទងទៅសមាជិកគ្រួសារសុំគំនិតយោបល់បន្ថែមចំពោះបញ្ហានេះ ។
ជួយបុគ្គលម្នាក់
នៅពេលអ្នកជួយដល់បុគ្គលនោះឲ្យយល់ថា បញ្ហារបស់ពួកគេនឹងមានឥទ្ធិពលយ៉ាងណាចំពោះជីវិតរស់នៅរបស់ពួកគេ នោះសូមពិចារណាធ្វើការប្រើប្រាស់យោបល់មួយចំនួនដូចខាងក្រោម ៖
សូមអះអាងនឹងបុគ្គលនោះថា ព្រះវរបិតាសួគ៌ស្រឡាញ់គាត់ ឬនាង ហើយថាព្រះអង្គសង្គ្រោះយល់អំពីបញ្ហារបស់គាត់ ។
-
ជួយបុគ្គលនោះឲ្យយល់ថា ជំងឺផ្លូវចិត្តពុំមែនជាទណ្ឌកម្មមកពីព្រះនោះទេ ។
-
ជួយបុគ្គលនោះឲ្យដឹងថា ជំងឺផ្លូវចិត្តពុំអាចយកឈ្នះដោយការទប់ទល់នឹងវាដោយឆន្ទៈតែឯងបានទេ ។ ជំងឺផ្លូវចិត្តពុំបង្ហាញថាបុគ្គលនោះខ្វះសេចក្ដីជំនឿ ខ្វះលក្ខណៈ ឬពុំមានភាពស័ក្ដិសមនោះទេ ។
សូមឲ្យបុគ្គលនោះចូលរួមនៅក្នុងសកម្មភាពសាសនាចក្រ និងឱកាសការបម្រើសមរម្យ ។
-
ពិគ្រោះជាមួយនឹងបុគ្គលនោះ សមាជិកគ្រួសារ និងអ្នកដទៃទៀតដែលស្គាល់បុគ្គលនោះច្បាស់ ដែលអាចដឹងអំពីភាពខ្លាំង និងដែនកំណត់របស់បុគ្គលនោះ ។
សូមពិចារណាទៅធ្វើការពិគ្រោះយោបល់ជាមួយនឹងសេវាកម្មគ្រួសារ ( នៅកន្លែងដែលមាន ) ឬអ្នកផ្ដល់សេវាសុខភាពផ្លូវចិត្តក្នុងមូលដ្ឋានដើម្បីដឹងពីជម្រើសនៃការព្យាបាល និងការគាំទ្រ ។ សូមដឹងជាមុនថា ស្ថានភាពមួយចំនួនអាចនឹងមានពេញមួយជីវិត ទោះជាមានការមើលថែយ៉ាងល្អបំផុតក្ដី ។
-
អ្នកទាំងឡាយដែលប្រើប្រាស់ថ្នាំជាប្រចាំ ពុំគួរផ្លាស់ប្ដូរ ឬបញ្ឈប់ការព្យាបាលដោយគ្មានការពិគ្រោះជាមុនជាមួយនឹងអ្នកផ្ដល់សេវាថែទាំសុខភាពរបស់ពួកគេនោះទេ ។
ជាញឹកញាប់ ការធ្វើអត្តឃាតគឺជាកត្តាហានិភ័យមួយចំពោះអស់អ្នកដែលរងគ្រោះមកពីសុខភាពផ្លូវចិត្តមិនល្អ ។ សូមស្គាល់សញ្ញាព្រមានចំពោះការធ្វើអត្តឃាត ហើយត្រូវប្រុងប្រយ័ត្នខ្ពស់ បើសង្កេតឃើញថាមាននោះ ។
-
បើសមាជិកនោះហាក់ដូចជា « និយាយលា » និយាយអំពីការធ្វើអត្តឃាត ឬបង្ហាញអារម្មណ៍អស់សង្ឃឹមធ្ងន់ធ្ងរ សូមព្យាយាមជួយគាត់ភ្លាម ។ សូមពិគ្រោះជាមួយនឹងប៊ីស្សព អ្នកផ្ដល់សេវាថែទាំសុខភាព គ្រួសាររបស់បុគ្គលនោះ ឬបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ ។ បណ្តាញជំនួយគឺមានសម្រាប់ថ្នាក់ដឹកនាំផងដែរ ។ សូមពិចារណាទូរសព្ទហៅអ្នកផ្ដល់សេវាសង្គ្រោះបន្ទាន់ក្នុងមូលដ្ឋានដើម្បីទទួលបានជំនួយភ្លាមៗ ។ សូមយោងទៅអត្ថបទអំពី ការធ្វើអត្តឃាត នៅក្នុងវគ្គប្រធានបទដំណឹងល្អនៅលើគេហទំព័រ ChurchofJesusChrist.org សម្រាប់ព័ត៌មានបន្ថែមអំពីការធ្វើអត្តឃាត និងការបង្ការការធ្វើអត្តឃាត ។
-
អញ្ជើញបុគ្គលនោះឲ្យពិចារណាអំពីក្រុមគាំទ្រដែលឧបត្ថម្ភដោយសហគមន៍ នៅកន្លែងដែលមាន ។
គាំទ្រដល់គ្រួសារ
បញ្ហាសុខភាពផ្លូវចិត្តរបស់បុគ្គលនោះ ក៏អាចមានឥទ្ធិពលលើជីវិតសមាជិកគ្រួសាររបស់គាត់ ឬនាងផងដែរ ។ សូមកំណត់អំពីឥទ្ធិពលទៅលើក្រុមគ្រួសាររបស់បុគ្គលនោះ ហើយពិចារណាអំពីរបៀបផ្ដល់ការងារបម្រើដ៏ល្អបំផុតដើម្បីបំពេញតាមតម្រូវការរបស់ពួកគេ ។ សូមបង្ហាញសេចក្ដីស្រឡាញ់ និងការអាណិតអាសូរ នៅពេលអ្នកធ្វើការជាមួយនឹងសមាជិកគ្រួសារ ។
សូមលើកទឹកចិត្តគ្រួសារ សាច់ញាតិ និងអ្នកផ្សេងទៀតដែលជាប់ទាក់ទង ឲ្យប្រឹក្សាជាមួយគ្នាអំពីតម្រូវការរបស់សមាជិកនោះ និងធនធានសំខាន់ៗដែលមានដើម្បីជួយ ( សូមមើល ក្បួនខ្នាតទូទៅ ២២.៣–២២.១១ ) ។
-
លើកទឹកចិត្តសមាជិកគ្រួសារឲ្យរៀបចំខ្លួនសម្រាប់ពេលវេលាដែលបុគ្គលនោះ អាចនឹងត្រូវការជំនួយជាមួយនឹងតម្រូវការជីវិតប្រចាំថ្ងៃ ។
-
តាមការចាំបាច់ សូមពិភាក្សាអំពីរបៀបដែលសមាជិកគ្រួសារអាចជួយជាមួយនឹងវិក្ក័យបត្រថ្លៃចំណាយ គណនេយ្យ មធ្យោបាយធ្វើដំណើរ និងធនធានថែទាំសុខភាពដែលចាំបាច់ ( ឧទាហរណ៍ ការប្រឹក្សាប្រកបដោយវិជ្ជាជីវៈ ថ្នាំពេទ្យ និងការដេកពេទ្យ ) ។
សូមប្រឹក្សាដល់សមាជិកគ្រួសារកុំឲ្យរំពឹងច្រើនពេក ឬតិចពេក ។ ការជាសះស្បើយ ជាញឹកញាប់នឹងអាស្រ័យលើរោគវិនិច្ឆ័យ និងការព្យាបាលដែលត្រូវបានទទួល ។ នៅក្នុងស្ថានភាពមួយចំនួន អ្វីដែលពួកគេអាចសង្ឃឹមបាន គឺការបានធូរស្បើយខ្លះជាជាងការជាសះស្បើយទាំងស្រុង ។
សូមពិចារណាអំពីធនធានគាំទ្រសម្រាប់សមាជិកគ្រួសារ និងមិត្តភក្ដិនៃអស់អ្នកដែលមានស្ថានភាពសុខភាពផ្លូវចិត្ត ។
-
អ្នកផ្ដល់សេវាថែទាំសុខភាព ជាញឹកញាប់អាចជួយប្រាប់អំពីក្រុមគាំទ្រជាក់លាក់ចំពោះបញ្ហារបស់បុគ្គលនោះ ។
ប្រើប្រាស់ធនធានក្នុងវួដ និងស្ដេក
នៅពេលសមរម្យ សូមពិចារណាធ្វើការសួរដល់ថ្នាក់ដឹកនាំវួដ ឬបុគ្គលដែលជាទីទុកចិត្តដទៃទៀតដើម្បីបន្ដផ្ដល់ការគាំទ្រ ។ ស្នើសុំការអនុញ្ញាតពីបុគ្គលនោះពីមុនពិភាក្សាអំពីស្ថានភាពនោះជាមួយអ្នកដទៃទៀត ។
សូមកំណត់ពីបុគ្គលដែលជាទីទុកចិត្តឲ្យធ្វើជាអ្នកណែនាំដល់សមាជិកនោះ និងគ្រួសាររបស់គាត់ ឬនាង ហើយលើកទឹកចិត្តពួកគេឲ្យជួបគ្នាជាទៀងទាត់ ។
-
អ្នកណែនាំគួរតែជានរណាម្នាក់ដែលបុគ្គលនោះមានអារម្មណ៍ល្អជាមួយ ហើយអាចជាបងប្អូនប្រុសស្រីដែលផ្ដល់ការងារបម្រើ ។
-
សូមប្រយ័ត្នកុំដាក់អ្នកណែនាំដល់សមាជិកម្នាក់នោះទៅក្នុងស្ថានភាពដែលពួកគេអាចនឹងជួបគ្រោះថ្នាក់បាន ។
បើសមរម្យ សូមលើកទឹកចិត្តគ្រួសារឲ្យសូមថ្នាក់ដឹកនាំសាសនាចក្រឲ្យផ្ដល់ការងារបម្រើទៅដល់មនុស្សជាទីស្រឡាញ់របស់ពួកគេ ។
-
លើកទឹកចិត្តដល់អ្នកទាំងឡាយដែលកំពុងជួយសមាជិកនោះឲ្យធ្វើកិច្ចការទាំងឡាយ ជាមួយនឹង បុគ្គលនោះ ជំនួសឲ្យការធ្វើ សម្រាប់ បុគ្គលនោះ ( ឧទាហរណ៍ ៖ នាំគាត់ទៅកាន់សកម្មភាពមួយ ឬធ្វើការជាមួយគាត់នៅក្នុងកិច្ចការសុខុមាលភាព ) ។
បើសមាជិកត្រូវការជំនួយមកពីអ្នកមើលថែ ដោយសារជំងឺផ្លូវចិត្តរបស់សមាជិកនោះ សូមយោងទៅកាន់ធនធាន គាំទ្រចំពោះអ្នកមើលថែ ។
សូមជួយសមាជិកឲ្យស្គាល់ជំនួយដែលមានវិជ្ជាជីវៈ តាមចាំបាច់ ។
-
ប្រើធនធានក្នុងមូលដ្ឋានដែលមានសេវាត្រូវគ្នានឹងគោលការណ៍នៃដំណឹងល្អ ។
-
ទាក់ទងនឹងសេវាកម្មគ្រួសារក្នុងមូលដ្ឋាន ឬការិយាល័យប្រចាំតំបន់សម្រាប់ធនធានបន្ថែម ឬជម្រើសការប្រឹក្សានានា ។