ការហៅ​ក្នុង​វួដ ឬ​សាខា
តើ​ខ្ញុំ​អាច​គាំទ្រ​ដល់​អ្នកដទៃទៀត នៅពេល​ពួកគេ​បង្កើត​ផែនការ​ដោយ​របៀប​ណា ?


« តើ​ខ្ញុំ​អាច​គាំទ្រ​ដល់​អ្នកដទៃទៀត នៅពេល​ពួកគេ​បង្កើត​ផែនការ​ដោយ​របៀប​ណា ? » ធនធាន​ការ​ប្រឹក្សា ( ឆ្នាំ ២០២០ ) ។

« តើ​ខ្ញុំ​អាច​គាំទ្រ​ដល់​អ្នកដទៃទៀត នៅពេល​ពួកគេ​បង្កើត​ផែនការ​ដោយ​របៀប​ណា ? » ធនធាន​ការ​ប្រឹក្សា ។

ធនធាន​ការ​ប្រឹក្សា

តើ​ខ្ញុំ​អាច​គាំទ្រ​ដល់​អ្នកដទៃទៀត នៅពេល​ពួកគេ​បង្កើត​ផែនការ​ដោយ​របៀប​ណា ?

ក្នុងនាម​ជា​អ្នកដឹកនាំ​សាសនាចក្រ អ្នក​មាន​ឱកាស​ពិសេស​មួយ​ដើម្បី​ផ្ដល់​ជំនួយ​ទៅ​បុគ្គល​ដែល​មានបញ្ហា​នឹង​ការ​ប្រើប្រាស់​ការណ៍អាសគ្រាម ព្រមទាំង​ស្វាមីភរិយា ឪពុកម្ដាយ​របស់​ពួកគេ និង​អ្នកដទៃទៀត​ដែលបាន​ជាប់​ពាក់ព័ន្ធ​ផងដែរ ។ ការគាំទ្រ​របស់អ្នក​អាច​នឹង​ជួយសម្រាល​ភាពខ្មាសអៀន ដែលជា​ញឹកញាប់​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ការណ៍អាសគ្រាម ( សូមមើល វិនឌី អូលរីច « ​It Isn’t a Sin to Be Weak » Ensign ខែ មេសា ឆ្នាំ ២០១៥ ទំព័រ ៣០–៣៥ ) ។

បុគ្គល​ជាច្រើន​ទទួល​បាន​ភាព​ជោគជ័យ​តាមរយៈ​ការបង្កើត និង​ការ​ធ្វើតាម​ផែនការ​ផ្ទាល់ខ្លួន​ដើម្បី​យកឈ្នះ​លើ​ការណ៍អាសគ្រាម ។ ទាំង​បុគ្គល​ដែល​មើល​ការណ៏អាសគ្រាម និង​ស្វាមី ឬ​ភរិយា ឬ​សមាជិក​គ្រួសារ​របស់​គាត់ ឬនាង​អាច​នឹង​ត្រូវការ​ផែនការ​ផ្សេងៗគ្នា​ដើម្បី​ទទួលបាន​ការ​ព្យាបាល ។ វា​គឺជា​ការ​ទទួល​ខុសត្រូវ​របស់​បុគ្គល​ម្នាក់ៗ​ដើម្បី​ស្វែងរក​វិវរណៈ​ផ្ទាល់​ខ្លួន ស្វែងរក​ចម្លើយ និង​អភិវឌ្ឍ ហើយធ្វើតាម​ផែនការ​របស់​គាត់ ឬនាង ។ ក្នុង​នាម​ជា​អ្នកដឹកនាំ អ្នកអាច​លើក​ទឹកចិត្ត និង​គាំទ្រ​ដល់​បុគ្គល​ម្នាក់ៗ នៅពេល​ពួកគេ​បង្កើត​ផែនការ ប៉ុន្តែ​ការទទួល​ខុសត្រូវ​ដើម្បី​ធ្វើ​ផែនការ និង​វាយតម្លៃ​អំពី​ប្រសិទ្ធភាព​ផែនការ​នោះ គឺ​ជា​រឿង​របស់​បុគ្គល​ម្នាក់ៗ ។

តាមរយៈ​ការ​សន្ទនា​ដ៏​បំផុសគំនិត​ជាមួយ​នឹង​បុគ្គល​ម្នាក់ៗ និង​ស្វាមីភរិយា ឬ​គ្រួសារ​របស់ពួកគេ អ្នកអាច​លើក​ទឹកចិត្ត​ពួកគេ​ដើម្បីឲ្យ​បង្កើត​ផែនការ​នានា​ដើម្បី​យកឈ្នះលើ​ឧបសគ្គ​ដ៏​លំបាក​នេះ ។ នៅពេល​បុគ្គល​ម្នាក់ៗ​បង្កើត​ផែនការ​ដើម្បី​ផ្លាស់ប្ដូរ អ្នក​អាច​គាំទ្រ​ពួកគេ​តាម​របៀប​ដូច​ខាងក្រោម ៖

  • ផ្តោត​ទៅលើ​ព្រះគ្រីស្ទ ។

  • ឲ្យ​អ្នកដទៃទៀត​ចូលរួម​ចំណែក ។

  • ប្រើ​ធនធាន​ត្រឹមត្រូវ ។

ផ្តោត​ទៅលើ​ព្រះគ្រីស្ទ

ថ្វីដ្បិត​តែ​មាន​វិធី​ជាច្រើន​ដើម្បី​ជួយ​ដល់​បុគ្គល​ម្នាក់ៗ​ឲ្យ​ឆ្ពោះទៅ​មុខ ក៏​តួនាទី​របស់អ្នក​ក្នុងនាមជា​អ្នកដឹកនាំ គឺ​ត្រូវ​ជួយ​អ្នកដទៃទៀត​ឲ្យមក​រក​ព្រះគ្រីស្ទ ស្វែងរក​ការ​ព្យាបាល​ខាង​វិញ្ញាណ ហើយ​ព្យាយាម​ផ្សះផ្សារ​នឹង​ព្រះ និង​អ្នកទាំងឡាយ​ដែល​ពួកគេ​ធ្វើ​ឲ្យ​ឈឺចាប់​តាមរយៈ​ឥរិយាបថ​របស់ពួកគេ ។

នៅពេល​អ្នក​លើកទឹកចិត្ត​ដល់​បុគ្គល​ម្នាក់ៗ​ឲ្យ​បង្កើត​ផែនការ សូម​ព្យាយាម​ជួយ​ពួកគេ​ឲ្យ​បង្កើន​សេចក្ដីជំនឿ​ទៅ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ជួយ​អ្នក​ដទៃ​ឲ្យ​ទទួលស្គាល់​ពរជ័យ​ដែល​កើតមាន​មកពី​ការ​គោរពប្រតិបត្តិ​តាម​ព្រះវរបិតាសួគ៌ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​អនុវត្ត​ពរជ័យ​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ធ្វើតាម​​សេចក្ដីសញ្ញា​របស់​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ នៅពេល​ពួកគេ​អនុវត្ត និង​សម្រិត​សម្រាំង​ផែនការ​របស់ពួកគេ ។

សូម​ព្យាយាម​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​ងាក​ទៅ​រក​ព្រះអង្គ​សង្គ្រោះ ។ ទ្រង់​គឺជា​ប្រភព​នៃ​កម្លាំង ហើយ​មាន​ប្រាជ្ញាដ៏​ខ្ពស់បំផុត ។ ទ្រង់​ស្គាល់ ហើយ​ស្រឡាញ់​បុគ្គល​ម្នាក់ៗ ។ នៅពេល​បុគ្គលម្នាក់ៗ​ងាក​ទៅរក​ព្រះអម្ចាស់ នោះ​ពួកគេ​នឹង​ត្រូវ​បាន​ដឹកនាំ​ឲ្យ​ស្គាល់​របៀប​ដើម្បី​ឆ្លើយ​តបចំពោះ​បញ្ហា​នេះ ហើយ​ទ្រង់​នឹង​ផ្ដល់​ការងារ​បម្រើ​ដល់​ពួកគេ ។ សូម​ស្វែងរក​ការ​បំផុសគំនិត​អំពី​របៀប​ដើម្បី​ជួយ​ដល់បុគ្គល​ម្នាក់ៗ និង​ស្វាមីភរិយា​ពួកគេ និង​របៀប​ដើម្បី​ជួយ​ពួកគេ​ស្ថាបនា​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​ព្រះអង្គសង្គ្រោះ ។

ឲ្យ​អ្នកដទៃទៀត​ចូលរួមចំណែក

ការណ៍អាសគ្រាម​រីកចម្រើននៅក្នុង​ទីអាថ៌កំបាំង ហើយ​ជាញឹកញាប់​បង្កើត​ឲ្យ​មាន​ភាព​ខ្មាសអៀន ។ ការលើក​ទឹកចិត្ត​បុគ្គល​ម្នាក់ៗឲ្យ​ទាក់ទង​ជាមួយ​អ្នកដទៃទៀត អាច​នឹង​ជួយ​ពួកគេ​ឲ្យ​មានអារម្មណ៍​រឹងមាំ​ឡើង ។ វា​សំខាន់​ដែល​បុគ្គល​ម្នាក់ៗ និង​ស្វាមីភរិយា​របស់​ពួកគេ​បង្កើត​ប្រព័ន្ធ​ជំនួយ​មួយ​ដែល​មាន​មនុស្ស​នៅចាំ​លើក​ទឹកចិត្ត​ពួកគេ និង​ការរីកចម្រើន​របស់​ពួកគេ ។

ទំហំ និង​លក្ខណៈ​នៃ​ជំនួយ​ដែល​ត្រូវការ គឺ​អាស្រ័យ​ទៅលើ​កត្តា​ជាក់លាក់​ចំពោះ​បុគ្គល​ម្នាក់ៗ ។ បុគ្គល​ម្នាក់​ដែល​មើល​ការណ៍អាសគ្រាម​តែ​ពីរបីដង អាច​នឹង​ត្រូវការ​ពេល និង​ជំនួយ​ពីខាង​ក្រៅ​តែ​បន្ដិចបន្ដួច​ដើម្បី​លុបបំបាត់​ចោល​បញ្ហានេះ ។ រឿង​នេះ​ក៏​ជាការពិត​ចំពោះ​ស្វាមី ឬ​ភរិយា​របស់គាត់ ឬនាង​ផងដែរ ។ ទោះជាយ៉ាងណា​ក៏ដោយ បុគ្គល​ម្នាក់​ដែល​បាន​មើល​ការណ៍អាសគ្រាម​រយៈពេល​យូរ​មក​ហើយ ដែល​ស្វាមី ឬ​ភរិយា​ពុំបាន​ដឹង ឬ​ដែល​បាន​ដុះ​ស្នឹម​ខ្លាំង​នៅក្នុង​ការមើល​ការណ៍អាសគ្រាម នឹង​ប្រហែលជា​ត្រូវការ​ពេលវេលា និង​ជំនួយ​កាន់តែ​ច្រើន ។ ស្វាមី ឬ​ភរិយា​របស់គាត់ ឬនាង​ក៏អាច​នឹង​ត្រូវការ​ពេលវេលា និង​ជំនួយ​កាន់តែ​ច្រើន​ផងដែរ ។

ក្រុមគ្រួសារ

សេចក្ដីស្រឡាញ់ ការ​គាំទ្រ និង​ការណែនាំ​អាច​កើតមាន​មកពី​សមាជិក​គ្រួសារ ។ សូម​លើក​ទឹកចិត្ត​ដល់​បុគ្គល​ម្នាក់ៗ​ឲ្យទាញ​យក​កម្លាំង​មកពី​ស្វាមីភរិយា ឪពុកម្ដាយ ឬ​គ្រួសារ​សាច់ញាតិ​របស់ពួកគេ​ដើម្បី​ប្រឈមមុខ​នឹង​បញ្ហា​ការណ៍អាសគ្រាម ។ ទោះជាយ៉ាងណា បុគ្គល​ម្នាក់ៗ​គួរតែ​ពិចារណា​អំពី​ការឈឺចាប់​របស់​សមាជិក​គ្រួសារ​ដែល​មាន​ផងដែរ ។ សូម​លើក​ទឹកចិត្ត​បុគ្គល​ម្នាក់ៗ​ឲ្យ​ស្វែងរក​ជំនួយ​មកពី​សមាជិក​គ្រួសារ​ដែល​ត្រៀម​ខ្លួន​ដើម្បី​ជួយ​គាំទ្រ​ពួកគេ ។ តាមធម្មតា ការប្រើប្រាស់​ការណ៍អាសគ្រាម​រីកចម្រើន​ក្នុង​ទី​អាថ៌កំបាំង ហេតុដូច្នោះ​ហើយ ការ​បើក​បង្ហាញ​ដោយ​ប្រុង​ប្រយ័ត្ន​អាច​នឹង​ជា​ចំណែក​មួយ​ដ៏​មាន​ប្រយោជន៍​ក្នុង​ការ​ជាសះស្បើយ​ឡើងវិញ។ ។ ក្នុងករណី​ដែល​បាន​រៀបការ បាន​ភ្ជាប់ពាក្យ ឬ​បាន​តាំងចិត្ត​នឹងគ្នា នោះ​ការ​ប្រាប់​ឲ្យគ្នា​ដឹង​គឺ​ជា​រឿង​ចាំបាច់​មួយ ។

ប្រើ​ធនធាន​ត្រឹមត្រូវ

ជាញឹកញាប់ វា​មាន​កត្តា​ជាច្រើន​ដែល​នាំ​ឲ្យ​បុគ្គល​នោះ​ប្រើប្រាស់​ការណ៍អាសគ្រាម ។ ថ្នាំ​ខាង​វិញ្ញាណ ថ្វីដ្បិត​តែ​វា​សំខាន់ តែ​វា​ពុំ​អាច​ជា​ជំនួយ​តែ​មួយគត់​ចំពោះ​តម្រូវការ​របស់​បុគ្គល​ម្នាក់ៗ​នោះទេ ។ ពួកគេ​អាច​នឹង​ចាំបាច់​ត្រូវ​ដោះស្រាយ​កត្តា​ដទៃទៀត​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ដូចជា​ឥទ្ធិពល​ខាង​ជីវសាស្ត្រ ខាង​ចិត្តសាស្ត្រ និង​ខាង​សង្គម ។ សូម​លើក​ទឹកចិត្ត​បុគ្គល​ម្នាក់ៗ​ដោយត្រឹមត្រូវ​ដើម្បី​គិត​ពិចារណា​អំពី​ប្រភេទ​ជំនួយ​ដែលពួកគេ​អាច​នឹង​ត្រូវការ ដើម្បី​ដោះស្រាយ​ឥទ្ធិពល​ដទៃទៀត​ទាំងនេះ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ ការណ៍នេះ​អាច​រួម​មាន​ទាំងការ​ស្វែងរក​ជំនួយ​មកពី​ធនធាន​នានា ដូចជា​គេហទំព័រ​ដែល​ជឿ​ទុកចិត្ត​បាន និង​អ្នកមាន​វិជ្ជាជីវៈខាង​វេជ្ជសាស្ត្រ និង​ខាង​សុខភាព​ផ្លូវចិត្ត ។

អ្នកមាន​វិជ្ជាជីវៈ

អ្នកមាន​វិជ្ជាជីវៈ​ខាងវេជ្ជសាស្ត្រ និង​សុខភាព​ផ្លូវចិត្ត​អាច​នឹង​ត្រូវការ ជាពិសេស​នៅពេល​ដែល​បុគ្គល​ម្នាក់ៗ​មាន​ជោគជ័យ​តិចតួច​បំផុត ទោះជា​ខិតខំ​យ៉ាងច្រើន​នៅក្នុង​ការ​ប៉ុន​ប៉ង​ដើម្បី​លុប​បំបាត់​ការណ៍អាសគ្រាម​ចេញពី​ជីវិត​របស់ពួកគេ​ក្ដី ។ ស្វាមីភរិយា​ក៏​អាច​នឹង​ត្រូវការ​ជំនួយ​ប្រភេទ​នេះ​ផងដែរ នៅពេល​ពួកគេ​ប្រឈមមុខ​នឹង​ការ​ក្បត់​ទំនុកចិត្ត​របស់ពួកគេ ។ នរណា​ក៏ដោយ​ដែលពួកគេ​ជ្រើសរើស​ឲ្យ​ចូល​រួម​ចំណែក​នៅក្នុង​ផែនការ​របស់​ពួកគេ​ដើម្បី​យកឈ្នះ​លើ​ការណ៍អាសគ្រាម គួរតែ​មាន​អារម្មណ៍​ល្អ​នឹង​បទដ្ឋាន​នៃ​ដំណឹងល្អ ។

បច្ចេកវិទ្យា

ឧបករណ៍​តាម​អនឡាញ​ផ្សេងៗ​ជាច្រើន​អាច​នឹង​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​ទប់ទល់​នឹង​ការល្បួង​ក្នុងការ​មើល​ការណ៍អាសគ្រាម​បាន ។ ឧបករណ៍​មួយចំនួន​ទាំងនេះ​ផ្ដល់ជា​ព័ត៌មាន​ដ៏មានប្រយោជន៍ ដូចជា​វគ្គ « Addressing Pornography » នៅលើ​គេហទំព័រ ChurchofJesusChrist.org, មគ្គុទេសន៍​ជំនួយ ៖ ជំនួយ​ដល់​ស្វាមីភរិយា និង​គ្រួសារ​នៃ​អ្នក​ដែល​ស្ថិត​ក្នុង​ការ​ព្យាបាល​ជា​សះស្បើយ  ប៉ុស្ដិ៍​ប្រព័ន្ធផ្សព្វផ្សាយ​របស់សាសនាចក្រ fightthenewdrug.org និង​អ្វីៗជាច្រើន​ទៀត ។ ធនធាន​ឌីជីថល​មួយចំនួន​ផ្ដល់​អន្ដរាគមន៍​ដូចជា តម្រង​ដែល​ត្រួតពិនិត្យ ឬ​បិទ​ការ​ចូលមើល ហើយ​ធនធាន​ដទៃទៀត ដូចជា fortify.com ផ្ដល់​ជា​ការ​ធ្វើ​អន្តរាគមន៍​ដែល​មាន​រចនាសម្ព័ន្ធ​មួយ ។

ធាតុផ្សំ​នៃ​ផែនការ​ដែល​មានប្រសិទ្ធភាព​មួយ

នៅពេល​បុគ្គល​ម្នាក់ៗ​បង្កើត​ផែនការ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ពិចារណា ៖

  • សរសេរ​ផែនការ​របស់ពួកគេ ដោយ​ចែង​ពី​សកម្មភាព​ជាក់លាក់ និង​គោលដៅ​ច្បាស់លាស់ ហើយ​បន្ទាប់មក​ចែកចាយ វាយតម្លៃ និង​កែសម្រួល​ផែនការ​តាមចាំបាច់ ។

  • ស្គាល់ពី​របៀប​ដើម្បី​រក្សា​ការតាំងចិត្ត ទោះជា​ពេល​ដែល​ពួកគេ​ជួប​នឹង​ការបរាជ័យ​ក្ដី ។

  • បង្កើត​ផែនការ​ទទួល​ខុសត្រូវ​មួយ ដែល​ពួកគេ​អាច​រាយការណ៍​អំពី​ការ​រីកចម្រើន​របស់ពួកគេ​ទៅកាន់​សមាជិក​គ្រួសារ មិត្តភក្ដិ ឬ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដែល​ជា​ទីទុកចិត្ត ។ របាយការណ៍​អំពី​ការ​ទទួលខុសត្រូវ​ពុំ​ចាំបាច់​ត្រូវ​ធ្វើឡើង​ជាមួយ​ប៊ីស្សព​នោះទេ ។

  • អញ្ជើញ​ស្វាមី ឬ​ភរិយា ឪពុក ឬ​ម្ដាយ សមាជិក​គ្រួសារ​ដទៃទៀត ឬ​មនុស្ស​ដទៃទៀត​ឲ្យ​វាយតម្លៃ និង​តាមដាន​ផែនការ​នានា ។ វា​អាច​មាន​ប្រយោជន៍​ដើម្បី​រាយការណ៍​ទៅកាន់​នរណា​ម្នាក់​ទៀត​ជា​ទៀងទាត់​ថា​ផែនការ​ដំណើរការ​ល្អ​យ៉ាងណា​ដែរ ។ ( សូមមើល « What do I need to focus on to overcome my pornography habit? » )