ការហៅ​ក្នុង​វួដ ឬ​សាខា
ការប្រើប្រាស់​ការណ៍អាសគ្រាម


« ការប្រើប្រាស់​ការណ៍អាសគ្រាម » ធនធាន​ការ​ប្រឹក្សា ( ឆ្នាំ ២០២០ ) ។

« ការប្រើប្រាស់​ការណ៍អាសគ្រាម » ធនធាន​ការ​ប្រឹក្សា ។

ការប្រើប្រាស់​ការណ៍អាសគ្រាម

ការណ៍អាសគ្រាម​គឺ​ជា​សម្ភារ​នានា ដែល​បង្ហាញ ឬ​ពិពណ៌នា​អំពី​រូបកាយ​មនុស្ស ឬ​អាកប្បកិរិយា​ផ្លូវភេទ​តាម​របៀប​មួយ​ដែល​ដាស់​អារម្មណ៍​ផ្លូវភេទ ។ សាសនាចក្រ​បង្រៀន​យ៉ាង​ខ្ជាប់ខ្ជួន​ថា ការ​ប្រើប្រាស់​ការណ៍អាសគ្រាម​គឺជា​ឥរិយាបថ​ប្រកប​ដោយ​អំពើ​បាប ។

បុគ្គល​ភាគ​ច្រើន​ដែល​ប្រើ​ប្រាស់​ការណ៍អាសគ្រាម​មាន​ការលំបាក​ក្នុង​ទំនាក់ទំនង—ជាមួយ​ព្រះ ខ្លួនឯង និង​អ្នក​ដទៃទៀត​នៅក្នុង​កម្រិត​ផ្សេងៗគ្នា ។ ពួកគេ​ក៏​អាច​នឹង​មាន​អារម្មណ៍​ថា​មាន​កំហុស ឬ​ភាព​អាម៉ាស់​ផងដែរ ។ មិន​ថា​កម្រិត​នៃ​ការ​ប្រើប្រាស់​ការណ៍អាសគ្រាម​ប៉ុណ្ណានោះទេ ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ការដឹងគុណ​ដល់​បុគ្គល​ម្នាក់ៗ​ចំពោះ​កម្លាំង​របស់​ពួកគេ​ក្នុង​ការចេញមុខ​ទទួល​ស្គាល់​កំហុស គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​បង្កើន​ការឲ្យ​តម្លៃ​ខ្លួនឯង និង​សមត្ថភាព​របស់​ពួកគេ​ដើម្បី​យក​ឈ្នះលើ​បញ្ហា​នេះ ។

នៅពេល​អ្នក​ផ្ដល់​ការងារ​បម្រើ​ដល់​បុគ្គល​ម្នាក់ៗ​ដែល​មាន​បញ្ហា​នឹង​ការប្រើប្រាស់​ការណ៍អាសគ្រាម សូម​ព្យាយាម​ណែនាំ​ពួកគេ​ឲ្យ​មកកាន់​ព្រះគ្រីស្ទ ។ សូម​លើក​ទឹកចិត្ត​ឲ្យ​បុគ្គល​ម្នាក់ៗ​យល់ពី​កត្តា​នានា​ដែល​ជំរុញ​ឲ្យ​ប្រើប្រាស់​ការណ៍អាសគ្រាម​របស់​ពួកគេ ហើយ​បង្កើត​ផែនការ​ដើម្បី​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ពួកគេ ។

ព្យាយាម​យល់

ការប្រើប្រាស់​ការណ៍អាសគ្រាម​អាច​ក្លាយជា​ញៀន​បាន ប៉ុន្តែ​សូម​ផ្ដល់​ការប្រឹក្សា​ដល់​សមាជិក​ឲ្យ​ផ្ដោត​លើ​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​ពួកគេ ក្នុង​នាម​ជា​បុត្រា និង​បុត្រី​របស់​ព្រះ ជាជាង​ការដាក់​ស្លាក​ខ្លួន​ឯង​ទៅតាម​ឥរិយាបថ​របស់​ពួកគេ ។ សូម​ពិចារណា​សួរ​នូវ​សំណួរ​ទាំងនេះ​ប្រកប​ដោយ​ការ​អធិស្ឋាន ដើម្បី​យល់ដឹង​កាន់តែ​ច្បាស់​អំពី​ការប្រើប្រាស់​ការណ៍អាសគ្រាម​របស់​សមាជិក​នេះ និង​ដឹង​ពី​តម្រូវការ​របស់​គាត់ ឬ​នាង ។

  • តើ​ការប្រើប្រាស់​ការណ៍អាសគ្រាម​មាន​ឥទ្ធិពល​អ្វីខ្លះ​មក​លើ​ជីវិត​របស់​អ្នក ?

  • តើ​អ្នក​ប្រើ​ការណ៍អាសគ្រាម​ញឹកញាប់​ប៉ុណ្ណា​ដែរ ?

  • តើ​មាន​អ្វីខ្លះ​ដែល​បាន​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​លើ​បញ្ហា​នេះ ?

  • តើ​អ្នក​បាន​អនុវត្ត​គោលការណ៍​ដំណឹងល្អ​ដើម្បី​យក​ឈ្នះ​លើ​បញ្ហា​នេះ​ដោយ​របៀប​ណា ?

បើ​អ្នក​បានដឹង​ពី​ការមើល ការទិញ ឬ​ការចែកចាយ​នៃ​ការណ៍អាសគ្រាម​កុមារ សូម​ទាក់ទង​ទៅកាន់​អាជ្ញាធរ​ស៊ីវិល ។ មាន បណ្ដាញ​ជំនួយ ដើម្បី​ឲ្យ​ប៊ីស្សព​របស់​អ្នក​ទូរសព្ទ​ទៅ នៅពេល​ជួប​ប្រទះ​នឹង​បញ្ហា​នេះ

ជួយ​បុគ្គល​ម្នាក់ៗ

ជាញឹកញាប់ ការប្រើប្រាស់​ការណ៍​អាសគ្រាម​គឺ​មិនមែន​គ្រាន់តែ​ជាភាព​ទន់ខ្សោយ​ខាង​សីលធម៌​នោះទេ ហើយ​មាន​កត្តា​ជំរុញ​ជាច្រើន​ផងដែរ ។ ការជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​ទទួល​បាន​ការយល់​ដឹង​កាន់តែ​ខ្លាំង​អំពី​កត្តា​នានា​ដែល​ជំរុញ​ឲ្យ​ប្រើប្រាស់​ការណ៍អាសគ្រាម អាច​ពង្រឹង​សមត្ថភាព​របស់​ពួកគេ​ដើម្បី​យក​ឈ្នះ​លើ​វា​បាន ។

សូម​ពង្រឹង​ការយល់​ដឹង​របស់​បុគ្គល​ម្នាក់ៗ​អំពី​គោលលទ្ធិ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​យក​ឈ្នះ​លើ​ការប្រើប្រាស់​ការណ៍អាសគ្រាម​បាន ៖

  • សូម​ជួយ​ពួកគេ​ឲ្យ​យល់​ដឹង​អំពី​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ និង​សមត្ថភាព​របស់​ទ្រង់​ដើម្បី​ជួយ​យើង​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។

  • សូម​ជួយ​បុគ្គល​នោះ​ឲ្យ​មើល​ឃើញ​ពី​អត្តសញ្ញាណ​របស់​គាត់ ឬ​នាង​ក្នុង​នាមជា​បុត្រ​របស់​ព្រះ ហើយ​ទទួល​ស្គាល់​ភាពខ្លាំង ទេពកោសល្យ និង​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ​ម្នាក់ៗ ។

  • សូម​ជួយ​បុគ្គល​នោះ​ឲ្យ​យល់​ដឹង​អំពី​សិទ្ធិ​ជ្រើសរើស និង​ការទទួល​ខុសត្រូវ​របស់​គាត់ ឬ​នាង​ដើម្បី​ឆ្លង​កាត់​បញ្ហា​នេះ ។

  • សូម​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​យល់​ដឹង​អំពី​ឥទ្ធិពល​ដ៏​បំផ្លិចបំផ្លាញ​មួយ​នៃ​ការប្រើប្រាស់​ការណ៍អាសគ្រាម គឺ​ថា​អ្នកប្រើប្រាស់​វា ជា​ញឹកញាប់​ចាប់ផ្ដើម​មើល​ឃើញ​អ្នកដទៃ​ទៀត​ថា​ជា​ឧបករណ៍​ដើម្បី​បំពេញ​ចំណង់​របស់​ពួកគេ ជាជាង​មើល​ទៅ​អ្នកដទៃ​ទៀត​ថា​ជា​បុត្រាបុត្រី​របស់​ព្រះ ។

  • សូម​ពិភាក្សា​អំពី​ភាព​ខុសគ្នា​រវាង​កំហុស ( « ខ្ញុំ​បាន​ធ្វើ​រឿង​អាក្រក់​មួយ » ) និង​ភាព​អាម៉ាស់ ( « ខ្ញុំ​ជា​មនុស្ស​អាក្រក់ » ) ហើយ​សូម​ជួយ​បុគ្គល​នោះ​ឲ្យ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​កំហុស ខណៈពេល​ដែល​ចៀសវាង​ពី​ភាព​អាម៉ាស ។

  • សូម​លើក​ទឹកចិត្ត​ដល់​សមាជិក​ឲ្យ​ស្វែងរក​ព័ត៌មាន​អំពី​សុខភាព​ផ្លូវភេទ ការបង្ហាញ​អារម្មណ៍​ខាង​ផ្លូវភេទ​ត្រឹមត្រូវ និង​តួនាទី​នៃ​ចំណង់​ផ្លូវភេទ​ដែល​មាន​នៅក្នុង​រង្វង់​ដែនកំណត់​ដែល​ព្រះ​បាន​បង្កើត​ឡើង ។

សូម​លើក​ទឹកចិត្ត​បុគ្គល​នោះ​ឲ្យ​បង្កើត​ផែនការ​មួយ​ដើម្បី​បញ្ឈប់​ការប្រើប្រាស់​ការណ៍អាសគ្រាម​របស់​ពួកគេ ។

  • សូម​អញ្ជើញ​បុគ្គល​នោះ​ឲ្យ​ស្វែងរក​ការបំផុសគំនិត​ផ្ទាល់ខ្លួន​របស់​ពួកគេ​នៅក្នុង​ការបង្កើត​ផែនការ​ដែល​អាច​ដំណើរការ​បាន ។

  • សូម​លើក​ទឹកចិត្ត​បុគ្គល​នោះ​ឲ្យ​រៀបចំ​មធ្យោបាយ​ដើម្បី​ដាក់​កំហិត​ការចូល​មើល​ការណ៍អាសគ្រាម ដូចជា​ការតម្លើង​តម្រង​អ៊ីនធឺណិត និង​ការ​អនុញ្ញាត​ឲ្យ​អ្នកដទៃទៀត​ចូល​ទៅកាន់​ឧបករណ៍​ទូរសព្ទ កុំព្យូទ័រ ព្រមទាំង​លេខសម្ងាត់​ដើម្បី​គ្រប់គ្រង​លើ​ប្រវត្តិ​ការមើល​របស់​ពួកគេ ។

សូម​លើក​ទឹកចិត្ត​ដល់​បុគ្គល​នោះ​ឲ្យ​កំណត់​សម្គាល់​ពី​ស្ថានភាព​ទូទៅ​បំផុត​នានា ដែល​បង្កើន​ការល្បួង​ឲ្យ​ប្រើ​ការណ៍អាសគ្រាម និង​របៀប​ដើម្បី​ចៀសវាង​ពី​វា ។

  • សូម​កំណត់ « ទីកន្លែង » « ពេលវេលា » និង « របៀប » នៃ​ស្ថានភាព​នីមួយៗ ( ពិចារណា​អំពី​ការកំណត់​លើ​ការចូល និង​ការប្រើប្រាស់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចជា​ទស្សនាវដ្ដី សៀវភៅ ទូរទស្សន៍ ខ្សែភាពយន្ដ តន្ត្រី អ៊ីនធឺណិត ។ល។ ) ។

  • សូម​ស្វែងយល់​ពី​អារម្មណ៍​ដែល​នៅ​ពីក្រោយ​ស្ថានភាព​ទាំងនោះ ( ឧទាហរណ៍ អារម្មណ៍​ធុញទ្រាន់ ឯកោ ខឹង ស្មុគស្មាញ ឬ​នឿយហត់ ) ។

សូម​អញ្ជើញ​បុគ្គល​នោះ​ឲ្យ​ពិភាក្សា​អំពី​បញ្ហា​នោះ​ជាមួយ​នឹង​ស្វាមី ឬ​ភរិយា ឬ​ឪពុក ឬ​ម្ដាយ​របស់​គាត់ ឬ​នាង ។

  • សូម​លើក​ទឹកចិត្ត​ឲ្យ​បុគ្គល​នោះ​បង្កើត​ផែនការ​ដើម្បី​ស្ដារ​ទំនុកចិត្ត​ជាមួយ​នឹង​អ្នកទាំងឡាយ​ដែល​មាន​អារម្មណ៍​ថា​ត្រូវ​គេ​ក្បត់​ដោយ​ការប្រើប្រាស់​ការណ៍អាសគ្រាម ។

សូម​អញ្ជើញ​បុគ្គល​នោះ​ឲ្យ​ជួប​ជាទៀងទាត់​ជាមួយ​នឹង​មនុស្ស​ជាទី​ទុកចិត្ត​ម្នាក់​ដើម្បី​ពិភាក្សា​អំពី​ការរីក​ចម្រើន ។

សូម​ពិចារណា​ធ្វើការ​ភ្ជាប់​បុគ្គល​នោះ​ជាមួយ​នឹង​ក្រុមគាំទ្រ ឬ​កម្មវិធី​ដែល​គាំទ្រ​ដល់​គុណតម្លៃ​ដូចគ្នា​នៅ​ជុំវិញ​ការយកឈ្នះ​លើ​ការណ៍អាសគ្រាម ។

  • សូម​អញ្ជើញ​សមាជិក​នោះ​ឲ្យ​ចូលរួម​ក្រុម​គាំទ្រ​ការព្យាបាល​ក្នុង​មូលដ្ឋាន ( វគ្គ « Addiction Recovery នៅលើ​គេហទំព័រ ChurchofJesusChrist.org ) នៅកន្លែង​ដែល​មាន ។

  • បើ​គ្មាន​កម្មវិធី​គាំទ្រ​ក្នុង​មូលដ្ឋាន​ទេ សូម​ពិចារណា​អំពី​ជម្រើស​ផ្សេងៗទៀត ដែល​អាច​មាន​ដូចជា ក្រុម​គាំទ្រ​តាម​សហគមន៍ ឬ​ក្រុម ឬ​កម្មវិធី​គាំទ្រ​នានា​តាម​អនឡាញ ។

គាំទ្រ​ដល់​គ្រួសារ

ការប្រើប្រាស់​ការណ៍អាសគ្រាម​មាន​ឥទ្ធិពល​លើ​ស្វាមី ឬ​ភរិយា និង​សមាជិក​គ្រួសារ​ដទៃទៀត ។ នៅពេល​អ្នក​ព្យាយាម​គាំទ្រ​ស្វាមី ឬ​ភរិយា ឬ​សមាជិក​គ្រួសារ​ដទៃ​ទៀត​របស់​អ្នកប្រើប្រាស់​ការណ៍អាសគ្រាម សូម​ស្ដាប់​ភាពភ័យខ្លាច និង​ការ​ព្រួយបារម្ភ​របស់​ពួកគេ ។ សូម​ប្រាកដ​ថា​បាន​បង្ហាញ​សេចក្ដីស្រឡាញ់ និង​ការ​អាណិត​អាសូរ​ដូចជា​ព្រះអង្គសង្គ្រោះ​នឹង​ធ្វើ​ដែរ ។ បន្ថែម​ពីលើ​នោះ សូម​ប្រាកដ​ថា​ផ្ដល់​ការគាំទ្រ​ល្មម​គ្រប់គ្រាន់​ដល់​ស្វាមី ឬ​ភរិយា​ដែល​អាច​កំពុង​តែ​មាន​បញ្ហា​នេះ ។ សូម​មើល គាំទ្រ​ដល់​ស្វាមី​ភរិយា​របស់​អ្នក​ប្រើប្រាស់​ការណ៍អាសគ្រាម សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត ។

សូម​លើក​ទឹកចិត្ត​ដល់​ស្វាមី ឬ​ភរិយា ឬ​សមាជិក​គ្រួសារ​ឲ្យ​កំណត់ពី​ឥទ្ធិពល​ដែល​ស្ថានភាព​នេះ​បាន​មានមក​លើ​គាត់ ឬ​នាង ហើយ​ស្វែងរក​ជំនួយ​តាម​ការចាំបាច់ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់នោះ ។

សូម​ជួយ​សមាជិក​គ្រួសារ​ឲ្យ​យល់​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​អាច​ជួយ​បាន ទោះជា​មនុស្ស​ដែល​ពួកគាត់​ស្រឡាញ់​អាច ឬ​ពុំ​អាច​ឈប់​មើល​ការណ៍​អាសគ្រាម​ក្ដី ( សូមមើល អាលម៉ា ៧:១១ និង ម៉ាថាយ ១១:២៨–៣០ ) ។

សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ចូលរួម ក្រុម​គាំទ្រ​ស្វាមី ឬ​ភរិយា និង​គ្រួសារ ក្នុង​សាសនាចក្រ ឬ​ក្រុម​គាំទ្រ​ស្រដៀងគ្នា​នោះ ប្រសិនបើ​មាន ។ សូម​មើល​វគ្គ « ការព្យាបាល​ការញៀន » នៅលើ​គេហទំព័រ ChurchofJesusChrist.org សម្រាប់​ម៉ោង​ក្រុម​គាំទ្រ ។

សូម​លើក​ទឹកចិត្ត​សមាជិក​គ្រួសារ​ឲ្យ​មើល​ធនធាន​សម្រាប់​ស្វាមី​ភរិយា និង​សមាជិក​គ្រួសារ​នៅក្នុង​វគ្គ « Addressing Pornography » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

ប្រើប្រាស់​ធនធាន​ក្នុង​វួដ និង​ស្ដេក

សូម​ពិចារណា​ធ្វើការ​សួរ​ដល់​ថ្នាក់ដឹកនាំ​វួដ ឬ​បុគ្គល​ដែល​ជាទី​ទុកចិត្ត​ដទៃទៀត​ដើម្បី​បន្ដ​ផ្ដល់​ការគាំទ្រ ។ សូម​ស្នើសុំ​ការ​អនុញ្ញាត​ពី​បុគ្គល​នោះ​ពី​មុន​ពិភាក្សា​អំពី​ស្ថានភាព​នោះ​ជាមួយ​អ្នកដទៃទៀត ។

សូម​កំណត់​ពី​បុគ្គល​ដែល​ជា​ទីទុកចិត្ត​ឲ្យ​ធ្វើ​ជា​អ្នក​គាំទ្រ​ដល់​សមាជិក​នេះ ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ជួបគ្នា​ជា​ទៀងទាត់ ។

  • ជាពិសេស បុគ្គល​នេះ​គួរ​តែ​ជា​មនុស្ស​ម្នាក់​ដែល​បុគ្គល​នោះ​មាន​អារម្មណ៍​ល្អ​ជាមួយ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​យក​ឈ្នះ​លើ​ការណ៍អាសគ្រាម ឬ​ជា​មនុស្ស​ដែល​មាន​ការ​យល់​ដឹង​ល្អ​អំពី​បញ្ហា​អស់ទាំងនេះ ។

  • បុគ្គល​នេះ​អាច​ជា​បងប្អូន​ប្រុសស្រី​ដែល​ផ្ដល់​ការងារ​បម្រើ ។

នៅក្នុង​ករណី​មួយ​ចំនួន ការប្រើប្រាស់​ការណ៍អាសគ្រាម​របស់​បុគ្គល​ម្នាក់​អាច​នឹង​នៅ​បន្ដ ទោះជា​គាត់​បាន​ខិតខំ​យ៉ាងខ្លាំង ហើយ​មាន​ជំនួយ​មក​ពី​អ្នកដទៃទៀត​ដើម្បី​យក​ឈ្នះលើ​ការប្រើប្រាស់​ការណ៍អាសគ្រាម​ក្ដី ។

  • សូម​ពិចារណា​នាំ​សមាជិក​នោះ​ទៅកាន់​អ្នក​មាន​វិជ្ជាជីវៈ​ខាង​សុខភាព​ផ្លូវ​ចិត្ត​ដែល​ផ្ដល់​សេវា​សមស្រប​ទៅនឹង​គោលការណ៍​ដំណឹងល្អ ។

  • សេវាកម្ម​គ្រួសារ ( នៅ​កន្លែង​ដែល​មាន ) អាច​នឹង​ជា​ជំនួយ ឬ​ធ្វើ​ការណែនាំ​ទៅ​កាន់​ធនធាន​ក្នុង​មូលដ្ឋាន ដែល​អាច​រួមមាន​ទាំង​កម្មវិធី ឬ​មជ្ឈមណ្ឌល​ព្យាបាល កម្មវិធី​សហគមន៍​ក្នុង​មូលដ្ឋាន ឬ​ក្រុម​គាំទ្រ និង​ភ្នាក់ងារ​នានា​របស់​រដ្ឋាភិបាល ។