២០១៥
ការត្រឡប់​មក​ផ្ទះ​វិញ​មុន​កំណត់​ពី​បេសកកម្ម​របស់​ខ្ញុំ
December 2015


ការត្រឡប់​មក​ផ្ទះ​វិញ​មុន​កំណត់​ ពី​បេសកកម្ម​របស់​ខ្ញុំ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា ។

ខ្ញុំ​ពុំដឹង​សូម្បីតែ​បន្តិច​ឡើយ នៅពេល​ខ្ញុំ​ចូលទៅក្នុង​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នកផ្សព្វផ្សាយសាសនា ថា​បេសកកម្ម​របស់​ខ្ញុំ​ពិតជា​ខុសប្លែក​យ៉ាង​ខ្លាំង​ពីអ្វី​ដែល​ខ្ញុំ​រំពឹង​ទុក ។

Women walking along a dirt road.  She is carrying a suitcase and umbrella

រចនា​លម្អរូបថត​ដោយ Massonstock/iStock/Thinkstock

ការទទួល​បាន​ការហៅ​បេសកកម្ម​របស់​ខ្ញុំ​គឺជា​ឱកាស​ដ៏​អស្ចារ្យ និង រុងរឿង​បំផុត​នៅ​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​បាន​គិត​អំពី​បេសកកម្ម​ជាច្រើន​ដង ចាប់តាំង​ពី​ខ្ញុំ​បាន​ទទួល​ទីបន្ទាល់​ពី​ដំណឹងល្អ កាល​ខ្ញុំ​អាយុ ១៨ ឆ្នាំ ។ ខ្ញុំ​ចាំថា​នៅពេល​ខ្ញុំ​បាន​ទទួល​ការហៅ​បម្រើ​របស់​ខ្ញុំ​នៅក្នុង​បេសកកម្ម តៃវ៉ាន់ តៃឈុន នោះ​ខ្ញុំ​បាន​ដឹង​ថា​វា​ត្រូវ​ហើយ ហើយ​ខ្ញុំ​ពិតជា​រំភើប​ដើម្បី​បម្រើ ។

ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​រាល់​ថ្ងៃ ចូលរៀន​ថ្នាក់​ការរៀបចំ​អ្នក​ផ្សព្វផ្សាយ​សាសនា និង ព្រះវិហារ​បរិសុទ្ធ ហើយ​ថែមទាំង​បាន​ព្យាយាម​រៀន​ភាសា​ចិន​ដោយ​ខ្លួន​ឯង​ទៀត​ផង ។ ដោយសារ​ខ្ញុំ​ជា​កូន​ទោល​ក្នុង​គ្រួសារ នោះ​ខ្ញុំ​បាន​ដឹង​ថា​បេសកកម្ម​របស់​ខ្ញុំ នឹង​មិនត្រឹមតែ​នាំ​កិត្តិយស​ដល់​ខ្លួន​ឯង​ប៉ុណ្ណោះទេ ថែមទាំង​ដល់​ឪពុក​ម្តាយ និង ព្រះវរបិតាសួគ៌​ផងដែរ ។ នៅថ្ងៃ​ដែល​ខ្ញុំ​បាន​ចូល​ទៅ​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នកផ្សព្វផ្សាយ​សាសនា ( អិម. ធី. ស៊ី. ) ខ្ញុំ​បាន​មាន​អារម្មណ៍​ថា​នឹង​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​ឡើយ​អំឡុង​ពេល​១៨​ខែ​ទៀត ។ ខ្ញុំ​រំភើប​ចំពោះ​រឿង​គ្រប់​យ៉ាង​ពេល​គិត​ពី​ការឃើញ​ពិធី​បុណ្យ​ជ្រមុជទឹក ពីការភ្លក់​ម្ហូប​តៃវ៉ាន់​ដែល​ខ្ញុំ​ធ្លាប់​បាន​ឮ​ជា​ច្រើន​ដង​មក​ហើយ ។ ខ្ញុំ​ពុំដឹង​សូម្បីតែ​បន្តិច​ឡើយ នៅពេល​ខ្ញុំ​ចូលទៅ អិម. ធី. ស៊ី. ថា​បេសកកម្ម​របស់​ខ្ញុំ​ពិតជា​ខុសប្លែក​យ៉ាង​ខ្លាំង​ពី អ្វី​ដែល​ខ្ញុំ​រំពឹង​ទុក ។

ការធ្លាក់​ខ្លួន​ឈឺ

ប្រហែល​ជា​បួន​ខែ​នៅក្នុង​បេសកកម្ម​របស់​ខ្ញុំ ខ្ញុំ​បាន​ចាប់ផ្តើម​ឈឺ — ពុំ​មែន​គ្រាន់តែ​ក្នុង​ពេល​សកម្មភាព​ធម្មតា​ដូច​ជា​ជិះ​កង់ ឬ ហាត់​ប្រាណ​នៅពេល​ព្រឹក​ឡើយ ប៉ុន្តែ​ខ្ញុំ​ឈឺ​សូម្បី​តែ​ខ្ញុំ​សម្រាក ឬ សិក្សា​ផ្ទាល់​ខ្លួន ។ ខ្ញុំ​បាន​ចាប់ផ្តើម​ស្រក​ទម្ងន់​យ៉ាង​លឿន ។ សូម្បី​តែ​ខ្ញុំ​ផឹក​ទឹក​នោះ​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ដែរ ។ ការធ្វើតេស្ត​របស់​វេជ្ជបណ្ឌិត​ពុំ​អាច​ដឹង​ថា​ខ្ញុំ​ឈឺ​អ្វី​ឡើយ ។ ខ្ញុំ​គ្មាន​ប៉ារ៉ាស៊ីត ឬ វីរុស​អ្វី​ឡើយ ។ ប្រធាន​បេសកកម្ម​របស់​ខ្ញុំ ដៃគូ​បេសកកម្ម​របស់​ខ្ញុំ និង ខ្លួន​ខ្ញុំ​ផ្ទាល់​វង្វែងវង្វាន់​ពី​សុខភាព​ដែល​កាន់តែ​ទ្រុឌទ្រោម​របស់​ខ្ញុំ​នេះ ។

អំឡុង​មួយ​ខែ​ក្រោយ​មក​នោះ ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ទោះបី​ជា​ខ្ញុំ​មាន​ការលំបាក​ក្តី ខ្ញុំ​នៅតែ​មាន​ជំនឿ​ថា បើសិន​ខ្ញុំ​បន្ត​ព្យាយាម​ធ្វើការ ធាក់​កង់​កាន់តែ​លឿន ហើយ​និយាយ​ភាសា​ចិន​ដែល​ខ្ញុំ​ចេះ​រដិបរដុបនេះ ជាមួយ​មនុស្ស​គ្រប់គ្នា​ដែល​ខ្ញុំ​ជួប នោះ​ព្រះ​អាច​ធ្វើ​អព្ភូតហេតុ​ដើម្បី​ព្យាបាល​ខ្ញុំ ។ ខ្ញុំ​ជឿ​លើ​រឿង​នៃ​ការព្យាបាល​អ្នក​ឈឺ​របស់​ព្រះគ្រីស្ទ និង ការប្រោស​មនុស្ស​ស្លាប់ ហើយ​ខ្ញុំ​ជឿ​ដោយ​អស់​ពី​ចិត្ត​ថា​ទ្រង់​នឹង​ធ្វើ​ការណ៍​នោះ​ចំពោះ​ខ្ញុំ​ផងដែរ — ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ទន់ខ្សោយ​ម្នាក់ ប៉ុន្តែ​ពេញ​ដោយ​ក្តី​រំភើប ។ នាថ្ងៃ​អាទិត្យ​មួយ​ពេល​ដែល​ដៃគូ​របស់​ខ្ញុំ និង ខ្ញុំ​កំពុង​ជិះ​កង់​ទៅ​សាលាប្រជុំ​សាសនាចក្រ​ដើម្បី​ជួប​សាសនា​គន់ការី នោះ​ការឈឺចាប់ និង ការប្រកាច់​កន្ទ្រាក់​ពេញ​រាងកាយ​ធ្វើ​ឲ្យ​ខ្ញុំ​ពុំ​អាច​ទ្រាំ​បាន ។ នៅពេល​យើង​ទៅ​ដល់​សាលាប្រជុំ ខ្ញុំ​បាន​សុំ​ឲ្យ​អែលឌើរ​ផ្តល់​ការប្រសិទ្ធិ​ពរ​ដល់​ខ្ញុំ​ដែល​ការប្រសិទ្ធិពរ​នោះ​បាន​ជួយ​ខ្ញុំ​មែន ។ ពេលវេលា​ចេះ​តែ​កន្លង​ទៅ ការប្រសិទ្ធពរ​បព្វជិតភាព​បាន​ធ្វើ​កាន់តែ​ច្រើន ព្រមទាំង​ការអធិស្ឋាន​​ជាច្រើន​ដើម្បីសុំ​ការជាសះស្បើយ​ផងដែរ ។

វា​គឺ​ជា​ពេល​ដ៏​លំបាក​បំផុត​នៃ​បេសកកម្ម​របស់​ខ្ញុំ នា​ព្រឹកមួយ​នៅពេល​ខ្ញុំ​ក្រោក​ឡើង​នៅក្នុង​អាកាសធាតុ​ដ៏​ក្តៅ​នៃ​ប្រទេស​តៃវ៉ាន់ ហើយ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ពុំ​អាច​បម្រាស់​ខ្លួន​ចេញ​ពី​គ្រែ​បាន​ឡើយ ។ នៅ​គ្រា​នោះ ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​ពុំ​អាច​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​យូរ​ទៀត​ឡើយ ។ ប្រធាន​បេសកកម្ម​របស់​ខ្ញុំ​បាន​មក​សួរសុខទុក្ខ ហើយ​យើង​បាន​ប្រឹក្សា​គ្នា ។ យើង​បាន​ជជែក​ពី​អ្វី​ដែល​អាច​ធ្វើ​បាន ហើយ​បន្ទាប់​ពី​ការអធិស្ឋាន​ជា​ច្រើន ព្រមទាំង​បាន​យំ​ផងនោះ ព្រះវិញ្ញាណ​បាន​បញ្ជាក់​ថា​ខ្ញុំ​ត្រូវតែ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ផ្តោត​លើ​សុខភាព​ខ្លួន ។

ការត្រឡប់​ទៅ​ផ្ទះ​វិញ​មុន​កំណត់

ជំនួស​ឲ្យ​ការត្រឡប់​មក​ផ្ទះ​ដែល​មាន​ប៉េតប៉ោង និង ពាក្យ​ថា « សូម​ស្វាគមន៍​ការត្រឡប់​មក​ផ្ទះ​វិញ » នោះ​ខ្ញុំ​ត្រូវ​នៅលើ​រទេះ​រុញ​ចុះ​ពី​លើ​យន្តហោះ ទៅ​ជួប​ឪពុក​ម្តាយ​ដែល​បារម្ភ​ពី​ខ្ញុំ ដែល​បាន​នាំ​ខ្ញុំ​ទៅកាន់​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាម ។ ជា​ច្រើន​ខែ​បន្ទាប់​ពី​ការធ្វើ​តេស្ត វេជ្ជបណ្ឌិត​ពុំ​អាច​រកឃើញ​ថា​ខ្ញុំ​ឈឺ​អ្វី​ឡើយ ។ ក្រៅពីនោះ មនុស្ស​ដែល​មាន​បំណង​ល្អ​នៅជុំ​វិញខ្លួន​ខ្ញុំ​បាន​និយាយ​មក​ខ្ញុំ​ថា « តើ​ខ្ញុំ​នឹង​ត្រឡប់​ទៅវិញ​នៅពេល​ណា ? » « តើ​អ្នក​នឹង​នៅ​ផ្ទះ​ឬ ? » « ប្រហែល​ជា​អ្នក​គួរតែ​រៀបការ » ។ « អ្នក​មិន​គួរ​ទៅ​បេសកកម្ម​ទាល់តែ​សោះ » ។

ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្មាស់អៀន ហើយ​ច្របូកច្របល់ ។ តើ​ខ្ញុំ​សក្តិសម​នឹង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ឬទេ ? ហេតុអ្វី​បាន​ការណ៍​នេះ​កើត​ឡើង សូម្បីតែ​ខ្ញុំ​ព្យាយាម​បម្រើ​យ៉ាង​ខ្លាំង​យ៉ាង​នេះ ? តើ​ខ្ញុំ​មិនមែន​ជា​អ្នកផ្សព្វផ្សាយសាសនា​ល្អ​ទេ​ឬ ? តើ​ព្រះ​បាន​ស្តាប់​ខ្ញុំ​ដែរ​ឬទេ ? តើ​មិត្តភក្តិ​របស់​ខ្ញុំ នឹង​ទទួល​យក​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​ដ៏ « ទន់ខ្សោយ » របស់​ខ្ញុំ​ដែរ​ឬទេ ?

អស់ពេល​ជាង​ប្រាំមួយ​ខែ ខ្ញុំ​មាន​ការលំបាក​យល់​ពី​ទីបន្ទាល់​របស់​ខ្លួន​ឯង ដែល​ខ្ញុំ​មាន​អារម្មណ៍​ខុសឆ្គង ។ ខ្ញុំ​បាន​ឆ្ងល់​ថា​តើ​ខ្ញុំ​បាន​ធ្លាក់​ពី​ព្រះគុណ​ឬ ហើយ​តើ​ព្រះវរបិតាសួគ៌​ពិត​ជា​ស្រឡាញ់​ខ្ញុំ​មែន​ឬ ។ ទោះបី​ជា​ខ្ញុំ​បាន​ចាប់ផ្តើម​មាន​អារម្មណ៍​ស្រួលខ្លួន​បន្តិចម្តងៗ ខ្ញុំ​ពុំ​មាន​អារម្មណ៍​ដូច​កាល​ពី​មុន​បេសកកម្ម​របស់​ខ្ញុំ​ឡើយ ។ ហើយ​ខ្ញុំ​នៅតែ​ឃើញ​ថា​ខ្លួន​ឯង​ព្យាយាម​គេចវេស​ចេញ​ពី​ដំណើរ​ជីវិត​ប្រក្រតី ។

ល្ងាច​មួយ​មិត្តភក្តិ​ដ៏​ល្អ​របស់​ខ្ញុំ និង ខ្ញុំ​បាន​ជជែក​គ្នា ។ គាត់​ក៏​មាន​បទពិសោធន៍​នៃ​ការឈឺចាប់ និង ទុក្ខសោក​ដែល​ត្រឡប់​មក​ផ្ទះ​វិញ​មុន​កាល​កំណត់​បេសកកម្ម​របស់​ខ្លួន ដោយសារ​ជំងឺ ហើយ​បាន​ត្រឡប់​ទៅ​បម្រើ​បេសកកម្ម​វិញ ។ តាំង​ពី​ប្រាំមួយ​ខែ​មក​នេះ ខ្ញុំ​ចាំថា​យប់​នោះ​គឺ​ជា​លើក​ទីមួយ​ហើយ​ដែល​ខ្ញុំ​មាន​អារម្មណ៍​នៃ​ភាព​សុខសាន្ត​ពិត ។ សំឡេង​នៃ​ព្រះវិញ្ញាណ​បាន​ខ្សឹប​ប្រាប់​ខ្ញុំ​ថា « អ្នក​ត្រូវតែ​ត្រឡប់​ទៅ​វិញ » ។ ខ្ញុំ​មាន​អារម្មណ៍​ធូរស្បើយ​ដែល​ទីបំផុត​បាន​ដឹង​ថា ខ្ញុំ​ត្រូវបាន​ណែនាំ​ឲ្យ​បន្ត​ទៅមុខ​ទៀត ។ ខ្ញុំ​បាន​ជួប​ប៊ីស្សព​របស់​ខ្ញុំ​នៅថ្ងៃ​បន្ទាប់ ។ ក្រោយ​មក​ខ្ញុំ​បាន​សរសេរ​លិខិត​មួយ​ទៅ​នាយកដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា ដោយ​សួរ​គេ​ថា តើ​ខ្ញុំ​អាច​ត្រឡប់​ទៅ​បម្រើ​បេសកកម្ម​វិញ​បាន​ឬ​ទេ ? ខ្ញុំ​បាន​ទទួល​ការស្នើសុំ​របស់​ខ្ញុំ ហើយ​មួយ​ខែ​ក្រោយ​មក​ខ្ញុំ​បាន​ពាក់​ស្លាក​ឈ្មោះ​ខ្ញុំ​ម្តង​ទៀត ។

ប្រាំមួយ​ខែ​ក្រោយ​មក ខ្ញុំ​បាន​ចាប់ផ្តើម​មាន​បញ្ហា​សុខភាព​ដដែល​នោះ​ម្តង​ទៀត ។ ខ្ញុំ​ចាំ​ពី​ការដេក​នៅលើ​គ្រែ​នៅ​ឯ​មន្ទីរពេទ្យ ដោយ​រវើរវាយ​អស់​ជា​ច្រើន​ម៉ោង​ដោយ​ការ​ធ្វើ​តេស្ត និង ចាក់ថ្នាំ ។ ខ្ញុំ​មិន​ចង់​ជឿទេ​ថា​វា​បាន​កើត​ឡើង​ម្តង​ទៀត ។ ខ្ញុំ​ដឹង​ថា​លើក​នេះ បេសកកម្ម​របស់​ខ្ញុំ​ចប់​ហើយ ។ ដោយ​ការយំ​ទាំង​ខកចិត្ត ព្រមទាំង​សោកស្តាយ នោះ​ខ្ញុំ​បាន​ស្តាប់​ប្រធាន​បេសកកម្ម​ដ៏​វៃឆ្លាត​របស់​ខ្ញុំ​និយាយ « ស៊ីស្ទើរ រ៉ូម៉ាណែឡូ អ្នក​បាន​ស្រឡាញ់​ព្រះអម្ចាស់​យ៉ាង​ខ្លាំង​ពីរ​ដង​មក​ហើយ ដោយសារ​អ្នក​បាន​ត្រឡប់​មក​វិញ » ។ ខ្ញុំ​មាន​អារម្មណ៍​កក់ក្តៅ​យ៉ាង​ខ្លាំង​ដោយសារ​ពាក្យ​សម្ដី​របស់​គាត់ ។ ម្តង​នេះ ខ្ញុំ​បាន​ជិះយន្តហោះ​ទៅ​ផ្ទះវិញ ខ្ញុំ​បាន​សន្យា​ជាមួយ​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ​ថា ខ្ញុំ​នៅតែ​បន្ត​ស្មោះត្រង់ ទោះបី​ជា​ខ្ញុំ​ពុំបាន​ទទួល​ចម្លើយ​របស់​ខ្ញុំ​ក្តី ។

ស្វែងរក​ការជាសះស្បើយ​តាមរយៈ​ដង្វាយធួន​របស់ព្រះគ្រីស្ទ

Photo of a woman standing in a field.  She is looking upward and holding an umbrella.

ឥឡូវ​នេះ​វា​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​ហើយ​តាំង​ពី​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ ។ ខ្ញុំ​នៅតែ​មាន​បញ្ហា​ដដែល​នោះ ហើយ​កម្លាំង និង ថាមពល​របស់​ខ្ញុំ​ពុំ​មាន​ដូចពីមុន​ការបម្រើ​បេសកកម្ម​របស់​ខ្ញុំ​ឡើយ ។ វេជ្ជបណ្ឌិត​ពុំ​បាន​រកឃើញ​ថា​ខ្ញុំ​ឈឺ​អ្វី​ឡើយ ។ វា​ពុំ​ងាយ​ស្រួល​សម្រាប់​ខ្ញុំ​ដើម្បី​ធ្វើ​ជា​អ្នក​ត្រឡប់​ពី បេសកកម្ម​ដែល​ពុំ​បាន​បម្រើ​បេសកកម្ម​ពេញ​នោះ​ឡើយ ។ ទោះជា​យ៉ាង​ណា​ខ្ញុំ​នៅតែ​ស្រឡាញ់​អ្នកប្រែចិត្តជឿ​ដ៏​ល្អៗ​របស់​ខ្ញុំ​គ្រប់គ្នា ។ វា​ចំណាយ​ពេល​យូរ​ដើម្បី​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​បាន​បំពេញ​ចប់សព្វគ្រប់ ហើយ​ដឹង​ថា​ការបម្រើ​បេសកកម្ម​ដ៏​ខ្លី​របស់​ខ្ញុំ​មាន​តម្លៃ​ដូច​ជា​បេសកកម្ម ១៨ ឬ ២៤ ខែ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ដទៃ​ទៀត​ផងដែរ ។

ព្រះអម្ចាស់​បាន​ប្រទាន​ឱកាស​ជាច្រើន​ឲ្យ​ខ្ញុំ និយាយ​ជាមួយ​មនុស្ស​ដទៃ​ដែល​ធ្លាប់​ជួប​ពិសោធន៍​នៃ​ការឈឺចាប់​ដែល​បាន​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ពុំ​បាន​រំពឹង​ទុក​ជាមុន ។ ខ្ញុំ​ដឹង​ថា​ព្រះវរបិតាសួគ៌​បាន​នាំ​ខ្ញុំ​ឲ្យ​ជួប​ពួកគេ​ចែកចាយ​ទីបន្ទាល់ ព្រមទាំង​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា​ការត្រឡប់​មក​ផ្ទះ​មុន​កំណត់ ដោយសារ​បញ្ហា​សុខភាព​ពុំមែន​ជា​ភាព​ទន់ខ្សោយ ដើម្បី​រក្សា​វា​ទុក​ជា​រឿង​សម្ងាត់​នោះ​ទេ ប៉ុន្តែ​វា​ជា​បទពិសោធន៍​មួយ​ដែល​ត្រូវតែ​ពិភាក្សា​គ្នា ។

លើក​ទីមួយ​ដែល​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ ខ្ញុំ​បាន​ជួប​បទពិសោធន៍​នៃ​អារម្មណ៍​ដែល​ព្រងើយ​កន្តើយ​នឹង​សេចក្តីជំនឿ​ខ្លួន ប៉ុន្តែ​នៅលើក​ទី​ពីរ​ដែល​ខ្ញុំ​បាន​ត្រឡប់​ទៅ​ផ្ទះ នោះ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ល្អ​ដើម្បី​បន្ត​នៅ​ស្មោះត្រង់ ។ ខ្ញុំ​បន្ត​ធ្វើ​កិច្ចការ​ដែល​ជាមូលដ្ឋាន ៖ សិក្សា​ព្រះគម្ពីរ ចូលរួម​ថ្នាក់​វិទ្យាស្ថាន ចូលរួម​សាសនាចក្រ ហើយ​បំពេញ​ការហៅបម្រើ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​អធិស្ឋាន​ជា​ច្រើន​ដង​ដើម្បី​ដឹង​ពី​មូលហេតុ​ដែល​រឿងរ៉ាវ​គ្រប់​យ៉ាង​បាន​កើត​ឡើង ។ ខ្ញុំ​ឈប់​បន្ទោស​ខ្លួន​ឯង ហើយ​ខ្ញុំ​ឈប់​បន្ទោស​ព្រះវរបិតាសួគ៌ ។ នៅពេល​ខ្ញុំ​បាន​មើល​ទៅ​ជីវិត​របស់​ខ្ញុំ តាំងពី​ខ្ញុំ​ត្រឡប់​មក​ផ្ទះវិញ ហើយ​បាន​ទៅលេង​បងប្អូន​ប្រុសស្រី​ជនជាតិ​ចិន​របស់​ខ្ញុំ ដែល​រស់នៅ​ក្នុង​ទីក្រុង​របស់​ខ្ញុំ​ នោះ​ខ្ញុំ​បន្ត​ឈរ​យ៉ាង​រឹងប៉ឹង ដែល​វា​ជា​គោលដៅ​ដ៏​អស់កល្ប​ចំពោះ​អ្វីៗ​ទាំង​នោះ ។

ខ្ញុំ​ចូលចិត្ត​ពាក្យ​ពេចន៍​នៅក្នុង ម៉ូសាយ ៥:១៥: « ហេតុដូច្នោះ​ហើយ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​តាំងចិត្ត ខ្ជាប់ខ្ជួន ហើយ​នឹងនរ គឺ​ពោរពេញ​ទៅ​ដោយ​អំពើ​ល្អ​ជានិច្ច ដើម្បី​ឲ្យ​ព្រះគ្រីស្ទ ដែល​ជា​ព្រះអម្ចាស់ ដ៏​ជា​ព្រះ​ដែល​មាន​គ្រប់​ព្រះចេស្តា ទ្រង់​បាន​ភ្ជាប់​អ្នក​ទុក​ជា​របស់​ផង​ទ្រង់ ដើម្បី​ឲ្យ​អ្នក​បាន​នាំ​ទៅ​កាន់ឋានសួគ៌​គឺ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្តី​សង្គ្រោះ​ដ៏​អស់កល្ប​ជានិច្ច និង ជីវិត​ដ៏​នៅអស់កល្ប​ជានិច្ច​តាមរយៈ​ប្រាជ្ញា និង ព្រះចេស្តា និង សេចក្តី​យុត្តិធម៌ និង សេចក្តី​មេត្តាករុណា​របស់​ព្រះអង្គ ដែល​បាន​បង្កើត​វត្ថុ​សព្វសារពើ​នៅលើ​ឋានសួគ៌ និង នៅលើ​ផែនដី​ដែល​ជា​ព្រះលើ​អ្វីៗ​ទាំងអស់ » ។

ខ្ញុំ​ជឿ​ថា បើសិន​ខ្ញុំ​បន្ត​រស់នៅ​ដោយ​ការលះបង់​ចំពោះ​ព្រះអម្ចាស់ នោះ​ខ្ញុំ​នឹង​ទទួល​បាន​ពរជ័យ​ជា​និរន្តរ៍ ។ តាម​របៀប​នេះ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវបាន​ជាសះស្បើយ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ទោះបី​ជា​រូបកាយ​ខ្ញុំ​ទាំងមូល​ពុំ​បាន​ជា​មួយ​រយភាគរយ​ក៏ដោយ ក៏​ដួងចិត្ត​របស់​ខ្ញុំ​បាន​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​បម្រើ​បុព្វហេតុ​នៃ​លោកចៅហ្វាយ​ដែរ ។