សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
តើពួកគេបានដឹងពីសេចក្តីត្រូវការរបស់ខ្ញុំដោយរបៀបណា ?
ហានណា អេសែលីន នៅរដ្ឋអារីស្សូណា ស.រ.អា.
ជិត២០ ឆ្នាំ មកហើយដែល ខ្ញុំបានទទួលការហៅបម្រើបេសកកម្មទៅប្រទេសជប៉ុន ។ ដោយមានការគិតទុកជាមុនដ៏ល្អព្រមជាមួយនឹង ក្តីបារម្ភមួយចំនួនខ្ញុំបានរៀបចំខ្លួនចេញបម្រើបេសកកម្មខ្ញុំក្នុងខែមករា ។ អំឡុងពេលនោះឪពុកម្តាយខ្ញុំទាំងពីរបានបាត់បង់ការងារ ។
ខ្ញុំបានប្រាក់ឧបត្ថម្ភសម្រាប់បេសកកម្មខ្ញុំនៅពេលខ្ញុំបានមកដល់ប្រទេសជប៉ុន ប៉ុន្តែគ្រួសាររបស់ខ្ញុំមានបញ្ហាផ្នែកហិរញ្ញវត្ថុ ។ ខ្ញុំពុំប្រាកដថាតើខ្ញុំបានប្រាក់មកពីណាសម្រាប់ការចំណាយនាពេលខាងមុខដូចជា សម្លៀកបំពាក់បេសកកម្ម វ៉ាលី និង វត្ថុប្រើប្រាស់ចាំបាច់ផ្សេងទៀតនោះទេ ។ ខ្ញុំបានធ្វើការក្រៅម៉ោង ប៉ុន្តែនៅតែមិនគ្រប់គ្រាន់ទៀត ។ ជាពិសេសខ្ញុំបារម្ភយ៉ាងខ្លាំងថា តើខ្ញុំអាចបានប្រាក់មកបង់ថ្លៃធ្វើលិខិតឆ្លងដែនភ្លាមយ៉ាងដូចម្តេច ដើម្បីខ្ញុំអាចទទួលបានវាទាន់ពេលចេញទៅប្រទេសជប៉ុន ។
នៅរសៀលមួយ ដោយក្តីអស់សង្ឃឹម ខ្ញុំបានចូលទៅបន្ទប់របស់ខ្ញុំ ហើយទូលអង្វរព្រះវរបិតាសួគ៌ ។ ខ្ញុំបានចែកចាយពីអារម្មណ៍របស់ខ្ញុំដែលចង់បម្រើនៅប្រទេស ជប៉ុន និង អំណរគុណរបស់ខ្ញុំចំពោះក្តីសុបិននៃការបម្រើបេសកកម្ម ក្លាយជាការពិតនៅពេលឆាប់ខាងមុខនេះ ។ ខ្ញុំបានយំ ប្រាប់ទ្រង់ពីសេចក្តីត្រូវការយ៉ាងខ្លាំងនូវប្រាក់ ៧៥ ដុល្លារ សម្រាប់ថ្លៃលិខិតឆ្លងដែនដែលខ្ញុំពិតជាគ្មានសោះនោះ ។ នៅពេលខ្ញុំក្រោកពីអធិស្ឋានរួច ខ្ញុំបានដឹងថាអ្វីៗទាំងអស់នឹងអាចសម្រេចបាន ។ ខ្ញុំពុំដឹងថានឹងកើតឡើងយ៉ាងដូចម្តេចទេ ប៉ុន្តែខ្ញុំបានទទួលអារម្មណ៍សុខសាន្តដែលអះអាងដល់ខ្ញុំថាព្រះអម្ចាស់នឹងប្រទានឲ្យ ។
ស្អែកឡើង ខ្ញុំបានបើកប្រអប់សំបុត្ររបស់យើង ហើយបានប្រទះឃើញកាតបុណ្យគ្រីស្ទម៉ាស់មួយ ។ បុគ្គលដែលផ្ញើសំបុត្រមកបានព្យាយាមលាក់អត្តសញ្ញាណខ្លួនដើម្បីកុំឲ្យគេស្គាល់ ។ គ្មានតែមនៅលើកាតនោះឡើយ វាត្រូវបានបញ្ជូនមកដោយផ្ទាល់ដៃ ។
នៅលើកាតនោះ មានពាក្យថា « សូមអបអរសាទរ ! អ្នកគឺជាបុគ្គលដែលបានទទួលនូវសេចក្តីសប្បុរសពីពួកគ្រីស្ទាន ។ រីករាយបុណ្យគ្រីស្ទម៉ាស់ ហានណា ។ សូមសំណាងល្អជាមួយនឹងបេសកកម្មរបស់អ្នក » ។
នៅក្នុងកាតនោះមានទឹកប្រាក់ ១០០ដុល្លារ ។ ខ្ញុំបានឈរនៅមុខទ្វារ ហើយយំ ។ តើអ្នកណាបានធ្វើការណ៍នេះ តើពួកគេបានដឹងពីសេចក្តីត្រូវការរបស់ខ្ញុំដោយរបៀបណា ?
ច្រើនឆ្នាំក្រោយមក ខ្ញុំពុំដឹងថានរណាបានយកប្រាក់មកផ្ទះខ្ញុំកាលពីថ្ងៃនោះទេ ។ ខ្ញុំបានគិតអំពីមនុស្សម្នាក់នោះ ឬ មនុស្សផ្សេងៗយ៉ាងច្រើនតាំងពីពេលនោះមក ។ ពួកគេបានបង្ហាញពីអ្វីដែលខ្ញុំជឿលើអែលឌើរ យ៉ូសែប ប៊ី.វ៉ឺតលីន ( ១៩១៧–២០០៨ )នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលលោកមានប្រសាសន៍ ៖ « សេចក្តីអាណិតអាសូររបស់មិត្តភក្តិដែលដូចជាព្រះគ្រីស្ទពិតជាដក់ជាប់ដួងចិត្ត និង ផ្លាស់ប្តូរជីវិតរបស់យើងមែន ។ … ក្នុងសាសនាចក្រនេះ ការអធិស្ឋានសុំជំនួយ ជារឿយៗត្រូវបានឆ្លើយតបដោយព្រះអម្ចាស់តាមរយៈការបម្រើជាប្រចាំរបស់បងប្អូនប្រុសស្រី ដែលយកចិត្តទុកដាក់តាមវិធីដ៏សាមញ្ញ ។ នៅក្នុងសេចក្តីល្អនៃមិត្តភក្តិដ៏ស្មោះត្រង់ ខ្ញុំបានឃើញពីសេចក្តីមេត្តាករុណាដែលឆ្លុះបញ្ចាំងពីព្រះអម្ចាស់ទ្រង់ផ្ទាល់ » ។១
កិច្ចការសប្បុរសនោះបានផ្លាស់ប្តូរខ្ញុំ ជួយខ្ញុំឲ្យចេញបេសកកម្មរបស់ខ្ញុំទាន់ពេល ហើយបំផុសគំនិតខ្ញុំឲ្យខ្ញុំរកមើលរបៀបផ្សេងៗ ដើម្បីក្លាយជាចម្លើយចំពោះការអធិស្ឋានរបស់មនុស្សដទៃ ។