មនុស្សចំណូលថ្មី
ខ្ញុំជាសង្ឃតែម្នាក់ឯងគត់ដែលសកម្មនៅក្នុងវួដថ្មីរបស់ខ្ញុំ ។ តើខ្ញុំនឹងនាំពួកសង្ឃផ្សេងទៀតឲ្យមកព្រះវិហារដោយរបៀបណា ?
នៅពេលគ្រួសាររបស់ខ្ញុំបានផ្លាស់ប្តូរទីលំនៅពីរបីខែក្រោយពី ខ្ញុំចូលអាយុ ១៨ ឆ្នាំ នោះខ្ញុំបានឃើញថា ខ្ញុំគឺជាអ្នកចំណូលថ្មីក្នុងវួដ ហើយជួបនឹងឧបសគ្គមួយ ។ អំឡុងពេលពីរសប្តាហ៍បន្ទាប់ពីខ្ញុំបានផ្លាស់ចូលទៅនៅនោះ ពួកសង្ឃស្ទើរតែទាំងអស់ត្រូវបានក្លាយជាអែលឌើរ ។ ខ្ញុំក៏ត្រូវបានហៅបម្រើធ្វើជាជំនួយការទីមួយនៅក្នុងកូរ៉ុមសង្ឃ ។
នៅក្នុងការផ្តល់ការហៅបម្រើនេះ ប៊ីស្សពបានពន្យល់ថាមានសង្ឃជាច្រើននៅលើបញ្ជីឈ្មោះ ប៉ុន្តែគ្មាននរណាម្នាក់បានមកព្រះវិហារឡើយ ។ យើងមានកិច្ចការជាច្រើនដែលត្រូវធ្វើដើម្បីលើកទឹកចិត្តឲ្យពួកគេចូលរួម ។
គាត់បាននិយាយថា « គឺត្រូវអញ្ជើញពួកគេឲ្យមកព្រះវិហារ » ។
មានសង្ឃម្នាក់ទៀតតែប៉ុណ្ណោះដែលបានមកព្រះវិហារ គាត់ឈ្មោះរ៉ាយអែន ដែលមកព្រះវិហារពីរបីម្តងរាល់ខែ ។ ខ្ញុំបានសម្រេចចិត្តទៅគោះទ្វាររបស់សមាជិកកូរ៉ុមដែលមិនសូវសកម្មរបស់យើង ហើយអញ្ជើញពួកគេឲ្យចូលរួមសកម្មភាពរបស់យើង ។ ខ្ញុំមានការព្រួយបារម្ភ ភ័យខ្លាចថាពួកគេអន់ចិត្តនឹងខ្ញុំដែលបានអញ្ជើញពួកគេឲ្យមកព្រះវិហារ ។ ខ្ញុំបានដឹងថា ពួកគេពុំមកព្រះវិហារដោយសារពួកគេមិនចូលចិត្តព្រះវិហារ ។ ប៉ុន្តែខ្ញុំក៏បានឃើញថា វាជាការណ៍ល្អសម្រាប់ខ្ញុំដើម្បីអនុវត្តសម្រាប់បេសកកម្មនាពេលខាងមុខរបស់ខ្ញុំ ដើម្បីព្យាយាមអញ្ជើញមនុស្ស ដូច្នេះខ្ញុំបានតាំងចិត្តដោយអំណត់ ហើយបានចាប់ផ្តើមទូរសព្ទទៅសង្ឃដទៃផ្សេងទៀត ឬ បានឈប់ចូលលេងផ្ទះរបស់ពួកគេ ។ ខ្ញុំបានអញ្ជើញពួកគេមកការប្រជុំពិសេស សកម្មភាពនានា និងមកព្រះវិហារ ។
អ្វីដែលគួរឲ្យរំភើបនោះគឺថាពួកគេមួយចំនួនបានឆ្លើយតប ហើយបានត្រឡប់មកវិញ ។ ទីបំផុតយើងមានក្រុមមួយដែលមានសង្ឃបួននាក់ ដែលបានចាប់ផ្តើមមកព្រះវិហារទៀងទាត់ ។ វាពុំមែនដោយសារតែពួកគេពុំចូលចិត្តព្រះវិហារនោះឡើយ — តែពួកគេបានរង់ចាំឲ្យមានការអញ្ជើញដើម្បីត្រឡប់មកវិញ ។ ពួកគេព្រួយបារម្ភអំពីស្ថានភាពថ្មី — ការចូលរួមព្រះវិហារ — ដូចដែលខ្ញុំធ្លាប់បារម្ភផងដែរ ។
សកម្មភាពមួយចំនួនមានភាពជោគជ័យជាងសកម្មភាពផ្សេងទៀត ។ ពួកគេបានមកចូលរួមលេងបាល់ទះ ប៉ុន្តែខ្ញុំពិបាកនាំពួកគេចូលរួមសកម្មភាពផ្សេងៗទៀត ។
សន្និសីទយុវវ័យនាឆ្នាំនោះបានទទួលលទ្ធផលជាពិសេស នៅពេលខ្ញុំបានមើលពួកយុវជនទាំងនេះបានក្រោកឡើង ហើយថ្លែងទីបន្ទាល់របស់ពួកគេ ។ ខ្ញុំបានមានអារម្មណ៍ថាខ្ញុំបានផ្លាស់ប្តូរជីវិតរបស់ពួកគេ ។
អ្វីដែលប្លែកនោះគឺថាខ្ញុំបានឃើញថា រ៉ាយអែន បានមកចូលរួមព្រះវិហាររាល់សប្តាហ៍ ហើយយើងបានក្លាយជាមិត្តភក្តិល្អនឹងគ្នា ។
រ៉ាយអែន និង ខ្ញុំបានទទួលបព្វជិតភាពមិលគីស្សាដែកប្រហែលប្រាំមួយខែ បន្ទាប់ពីខ្ញុំបានផ្លាស់ទៅរស់នៅទីនោះ ។ ខ្ញុំបានជ្រើសរើសរង់ចាំរហូតបន្ទាប់ពីចប់បេសកកម្មទើបចូលរៀនមហាវិទ្យាល័យ ដូច្នេះខ្ញុំអាចធ្វើការសំន្សំប្រាក់ដើម្បីបម្រើបេសកកម្មរបស់ខ្ញុំ ។ រ៉ាយអែនមានការងារមួយធ្វើរួចទៅហើយ ហើយគាត់បានសម្រេចចិត្តពុំទាន់រៀនមហាវិទ្យាល័យផងដែរ ។ បន្ទាប់ពី ការងារយើងឧស្សាហ៍ដើរលេងជាមួយគ្នា ។
មានគ្រាមួយនោះ យើងបាននៅរហូតដល់យប់ជ្រៅព្យាយាមអានគម្ពីរអាលម៉ា ខណៈដែលរ៉ាយអែនអានព្រះគម្ពីរមរមនជាលើកដំបូង ។ យើងអស់កម្លាំងខាងរាងកាយណាស់ ប៉ុន្តែវាពោរពេញដោយកម្លាំងខាងវិញ្ញាណ ។ វាអស្ចារ្យណាស់ដែលឃើញរ៉ាយអែនធ្វើការផ្លាស់ប្តូរក្នុងជីវិតរបស់គាត់ ។ គាត់បានបោះបង់ទម្លាប់ចាស់របស់គាត់ចោល បង្កើតទម្លាប់កាន់តែប្រសើរឡើង ហើយគាត់បានផ្លាស់ប្តូរមិត្តភក្តិមួយចំនួនរបស់គាត់ ដូច្នេះគាត់អាចនៅជាមួយមនុស្សដែលមានបទដ្ឋានដូចគាត់ ។
ខ្ញុំបានរំពឹងដើម្បីទៅបម្រើបេសកកម្មរបស់ខ្ញុំ តាំងតែពីខ្ញុំបានចាប់ផ្តើមទៅព្រះវិហារពីរបីឆ្នាំមុនម្ល៉េះ ។ រ៉ាយអែនពុំប្រាកដថាគាត់នឹងទៅបម្រើបេសកកម្មដែរឬអត់ទេ ។ នៅពេលដើរលេងជាមួយគ្នានោះ យើងបានពិភាក្សាពីបេសកកម្មរបស់ខ្ញុំ និង ក្តីរំភើបរបស់ខ្ញុំដើម្បីបម្រើ ។ នៅពេលខ្ញុំបានលើកទឹកចិត្តគាត់ ហើយឆ្លើយសំណួរនៃដំណឹងល្អ នោះខ្ញុំបានទទួលទំនុកចិត្តកាន់តែច្រើនលើសមត្ថភាពរបស់ខ្ញុំដើម្បីបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។ រ៉ាយអែនមានអាយុគ្រប់ល្មមដើម្បីបម្រើ ប៉ុន្តែគាត់ពិបាកសម្រេចចិត្ត ។
គាត់បាននិយាយថា « ខ្ញុំពុំប្រាកដថា តើទីបន្ទាល់របស់ខ្ញុំរឹងមាំល្មមដែរឬអត់នោះទេ ទោះជាខ្ញុំមានអារម្មណ៍ល្អអំពី សាសនាចក្រនៅពេលនេះក្តី » ។ « ខ្ញុំពិតជាចង់ទៅបេសកកម្មណាស់ ប៉ុន្តែវាពិបាកណាស់ដើម្បីចាកចេញពីគ្រួសាររបស់ខ្ញុំ » ។
ទីបំផុតថ្ងៃដែលខ្ញុំអាចបំពេញឯកសារសម្រាប់បេសកកម្មរបស់ខ្ញុំបានមកដល់ ។ នៅពេលខ្ញុំបានប្រាប់រ៉ាយអែន នោះគាត់បានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ដោយគាត់បាននិយាយថាគាត់នឹងទៅបម្រើបេសកកម្មដែរ ។ ការហៅបម្រើបេសកកម្មរបស់ពួកយើងបានដល់នាយប់តែមួយដូចគ្នា ។ រ៉ាយអែន បានចាកចេញទៅបម្រើនៅប្រទេសកាណាដាមួយខែ មុនខ្ញុំចាប់ផ្តើមបេសកកម្មរបស់ខ្ញុំនៅប្រទេសបារាំង ។
នៅពេលខ្ញុំបានត្រឡប់មកផ្ទះវិញក្រោយពីរយៈពេលពីរឆ្នាំ ខ្ញុំបានរកមើលពួកសង្ឃដែលខ្ញុំធ្លាប់បានជួយពួកគេ ។ វាធ្វើឲ្យខ្ញុំកើតទុក្ខដោយដឹងថា ពួកគេមួយចំនួនបានឈប់ទៅព្រះវិហារមិនយូរប៉ុន្មានបន្ទាប់ពីខ្ញុំបានចេញទៅបម្រើ ប៉ុន្តែខ្ញុំរីករាយដើម្បីឃើញរ៉ាយអែនម្តងទៀត ។ គាត់បានបម្រើបេសកកម្មដោយមានកិត្តិយស ហើយដូចជាអាលម៉ា និង បុត្រានៃម៉ូសាយដែរ ខ្ញុំមានសេចក្តីអំណរយ៉ាងខ្លាំងដែលឃើញថា គាត់នៅតែជាបងប្អូនរបស់ខ្ញុំនៅក្នុងព្រះអម្ចាស់ ( សូមមើល អាលម៉ា ១៧:២ ) ។