២០១៥
ខ្ញុំ​ពុំនៅ​តែ​ឯង​ឡើយ
December 2015


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ខ្ញុំ​ពុំនៅ​តែ​ឯង​ឡើយ

រ៉ូបឺត ហូវមែន វ៉ាស៊ីតោន ស.រ.អា.

illustration of a soldier at night

រូបគំនូរដោយ អេលែន ហ្គាន

អង្គុយ​ក្នុង​រណ្តៅ​ត្រង់សេ​ដោយ​ប្រុងប្រយ័ត្ន ខ្ញុំ​បាន​អើត​ក្បាល​រំលង​បាវ​ខ្សាច់មើលឆ្ពោះ​ទៅ​ទិស​ខាង​ជើង — គឺមើល​ទៅ​ប្រទេស អ៊ីរ៉ាក់ ។ វា​គឺ​នៅ​ថ្ងៃ​ទី ២៤​ខែ ធ្នូ អំឡុងពេល​យុទ្ធនាការ​ការពារ​នៅ​តំបន់​វាលខ្សាច់ ហើយ​ខ្ញុំ​ត្រូវបាន​ចាត់​ឲ្យ​យាមកាម​ចាប់​ពី​កណ្តាល​អាធ្រាត​ទៅ ។

ខ្ញុំ​គឺ​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​តែ​ម្នាក់​គត់​នៅ​ក្នុង​កងវេរសេនា​តូច​របស់​ខ្ញុំ ដូច្នេះ​ថ្ងៃ​បុណ្យ​ទាន​នោះ​វា​កាន់តែ​ឯកោ ។ យើង​នៅ​វាល​ខ្សាច់ អារ៉ាប៊ីសា​អូឌីត តាំង​ពី​ខែ​សីហា ហើយ​ឥឡូវ​នេះ​ជា​បុណ្យ​គ្រីស្ទម៉ាស់​នៅទីនេះ ជាមួយ​នឹង​យប់​ដ៏​ត្រជាក់​ដែល​មាន​ផ្កាយ​ពេញ​ផ្ទៃ​មេឃ ។ ជំរំមាន​ភាពស្ងាត់​ជ្រងំ ហើយ​ខ្ញុំ​មាន​ពេល​ពីរបី​ម៉ោង​ទៀត​ជាមួយ​នឹង​ផ្នូកខ្សាច់​ពណ៌​ប្រផេះ​នេះ និង ជាមួយ​គំនិត​របស់​ខ្ញុំ ។

ខ្ញុំ​បាន​គិត​ពី​ភរិយា និង កូនប្រុស​របស់​ខ្ញុំ​នៅ​រដ្ឋ ចចចារ ស.រ.អា. ហើយ​ខ្ញុំ​នឹក​ពី​ភាពរីករាយ​នេះ​នៅឯ​ផ្ទះ​របស់​ខ្ញុំ​ខ្លាំង​ណាស់ — នឹកដើម​គ្រីស្ទម៉ាស់ អំណោយ អាហារ​ពេល​ល្ងាច​ដ៏​ឆ្ងាញ់​នៃ​បុណ្យ​គ្រីស្ទម៉ាស់ ។ បន្ទាប់មក​ខ្ញុំ​បាន​ចាប់ផ្តើម​ពិចារណា​ពី​ដំណើរ​រឿង​បុណ្យ​គ្រីស្ទម៉ាស់ ។

ខ្ញុំ​បាន​ឆ្ងល់​ពី​យប់​ដែល​ព្រះគ្រីស្ទ​បាន​ប្រសូត ។ ខ្ញុំ​ឆ្ងល់​ថា​តើ​វា​ងងឹត​ប៉ុណ្ណា ហើយ​តើ​មាន​ព្រះច័ន្ទ​រះចែងចាំង​លើ​មេឃា ឬ ក៏​មានតែ​ពន្លឺ​ផ្កាយ​តែ​មួយ​ទេ ។ ដោយសារ​គ្មាន​ពន្លឺ​ភ្លើង​អគ្គិសនី​នៅពេល​ទ្រង់​ប្រសូត នោះ​យប់​នោះ​ច្បាស់​ជា​ដូច​យប់​ដែល​ខ្ញុំ​បាន​ជួប​នេះ​ហើយ ។ វា​គ្មាន​ភាពអធិកអធម​ឡើយ — គឺ​វា​ងងឹត ជា​យប់​ដ៏​ស្ងាត់​ជ្រងំ ។

ភ្លាម​នោះ​មាន​គំនិត​មួយ​ដ៏​អស្ចារ្យ​បាន​ផុស​ក្នុង​ចិត្ត​ខ្ញុំ ។ ព្រះគម្ពីរ​ប៊ីប​បាន​ថ្លែងថា ក្រោយ​មក​ពួក​ហោរា​ដែល​មក​ពី​ទិស​ខាង​កើត បានធ្វើ​ដំណើរ​តាម​ពន្លឺ​ផ្កាយ​រះ​នៅ​លើ​មេឃ ។ នៅពេល​ខ្ញុំ​មើល​ទៅលើ​មេឃ​ដ៏​ខ្មៅ​ងងឹត ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​នៅ​ភាគ​ខាង​កើត​នៃ​ទីក្រុង បេថ្លេហិម ហើយ​មជ្ឈមណ្ឌល​នៃ​ការអប់រំ​មួយ​នៅពេល​នោះ​គឺ​ទីក្រុង បាដាដ ។ តើ​ពួកហោរា​អាច​បាន​ចេញ​មក​ពី​ទីកន្លែង​មួយ​ដែល​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​ដែល​ខ្ញុំ​បាន​នៅ​ឬ​ទេ ? តើ​ផ្កាយ​បាន​បង្ហាញ​ពន្លឺ​អ្វី​ខ្លះ ? តើ​វា​នឹង​នៅលើ​មេឃ​ឬ​ទេ ? តើ​ខ្ញុំ​អាច​ឃើញ​វាទេ ?

ខ្ញុំ​មើល​ទៅ​លើ​មេឃ​ដោយ​ឆ្ងល់​ពី​ការបង្កបង្កើត​របស់​ព្រះ ហើយ​មាន​អារម្មណ៍​កក់ក្តៅ​ដែល​ចេញ​មក​ពី​ក្នុង​ចិត្ត ។ វា​ពុំ​សំខាន់​ឡើយ​ថា​ខ្ញុំ​នៅ​កន្លែង​ដដែល​នោះ ឬ ផ្កាយ​ដដែល​នោះ​នៅតែ​រះ​នៅ​លើ​មេឃ​ឡើយ ។ អ្វី​ដែល​សំខាន់​នោះ​គឺ​ថា ខ្ញុំ​បាន​ចែកចាយ​ចំណេះដឹង​ដូច​ដែល​ពួកហោរា​បាន​ដឹង​ពី​ព្រះឱរស​ដែល​បាន​ប្រសូត​នៅ​ភូមិ​បេថ្លេហិម​ថា​ជា​ស្តេច​នៃ​អស់​ទាំង​ស្តេច​នោះ ។

ខ្ញុំ​មិន​នៅ​តែ​ឯង​ឡើយ​នៅ​បុណ្យ​គ្រីស្ទម៉ាស់​នេះ ផ្ទុយ​ទៅវិញ ខ្ញុំ​បាន​រួបរួម​ជាមួយ​អស់​អ្នក​ដែល​ព្យាយាម​ស្វែងរក​ទ្រង់ មិន​ថា​ពួកលោក​ជា​ហោរា ព្យាការី ឬ ជា​ទាហាន​ឯកោនៅក្នុង​រណ្តៅ​នៃ​វាលខ្សាច់​នេះ​ទេ ។ នៅ​យប់​នោះ​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​កំណើត​របស់​ព្រះអង្គសង្គ្រោះ​ត្រូវ​បាន​ពង្រឹង ហើយ​នៅ​ព្រឹក​បន្ទាប់​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅតែ​គង់​នៅ​ជាមួយ​ខ្ញុំ ។

ជំនួស​ឲ្យ​បុណ្យ​គ្រីស្ទម៉ាស់​ដ៏​កើតទុក្ខ​នា​ឆ្នាំ​នោះ វា​បាន​ក្លាយ​ជា​បុណ្យ​គ្រីស្ទម៉ាស់​ដ៏​មាន​តម្លៃ​បំផុត​មួយ ។