សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ប្រាក់ស្លឹងរបស់ស្ត្រីមេម៉ាយនាសម័យទំនើបនេះ
ស្ទេហ្វានី អេច អូលសិន រដ្ឋយូថាហ៍ ស.រ.អា.
កម្រាលតុពណ៌ស និង រូបមនុស្សព្រិលដាក់តាំងលើតុដែលខ្ចីគេនោះ បានធ្វើឲ្យសាលវប្បធម៌ក្លាយជាកន្លែងអធិកអធមមួយ ដែលត្រូវបានរៀបចំនាទីចុងក្រោយសម្រាប់ពិធីជប់លៀងបុណ្យគ្រីស្ទម៉ាស់របស់គ្រួសារយើង ។
ខណៈយើងកំពុងរង់ចាំភ្ញៀវនោះ ខ្ញុំបានឃើញប្រអប់ទទេមួយនៅលើតុ — ដោយមានដាក់អក្សរថា — « ប្រអប់ជំនួយសម្រាប់លោកតាណូអែល » ។ ខ្ញុំបានអធិស្ឋានថានៅចុងបញ្ចប់នៃយប់នោះ សូមឲ្យមានប្រាក់ពេញប្រអប់នោះ ។
អំឡុងពេលការរៀបចំពិធីជប់លៀង នោះយើងបានដឹងថា ស្វាមីរបស់បងប្អូនជីដូនមួយខ្ញុំគ្មានការងារធ្វើជាងមួយឆ្នាំកន្លះហើយ ។ ធនធានដែលជាចំណូលចម្បងរបស់គ្រួសារគាត់ រួមមានជាភ្នាក់ងារចែកចាយកាសែតអានចំនួនប្រាំផ្លូវ ដែលតម្រូវឲ្យពួកគេចាប់ផ្តើមធ្វើការរាល់ថ្ងៃនៅម៉ោង ៣:៣០ នាទីព្រឹក ។ ប្រាក់ចំណូលចម្បងរបស់ពួកគេត្រូវចំណាយលើប្រាក់កម្ចី និង អ្វីៗដែលចាំបាច់ផ្សេងទៀត សល់ប្រាក់តិចតួចសម្រាប់អ្វីដែលពួកគេចង់បាន ដូចជាអំណោយបុណ្យគ្រីស្ទម៉ាស់ជាដើម ។
គ្រួសារជីដូនមួយរបស់ខ្ញុំនេះបានមកដល់កម្មវិធីមុនគេ ។ ខ្ញុំបានមើលពួកគេនៅពេលពួកគេដើរឆ្ពោះទៅកាន់តុអាហារ ដែលនៅហួសពីប្រអប់បុណ្យគ្រីស្ទម៉ាស់នោះ ។ នៅពេលពួកគេទៅដល់តុនោះ ស្វាមីរបស់ជីដូនមួយខ្ញុំបានឈប់ ដើម្បីអានស្លាកនៅលើប្រអប់នោះ ។ ដោយពុំស្ទាក់ស្ទើរ គាត់បានដកយកកាបូបប្រាក់កញ្ចាស់របស់ខ្លួនចេញមក ហើយដកប្រាក់ពីរបីដុល្លារ រួចដាក់វាទៅក្នុងប្រអប់នោះ ដោយភ្លេចថាខ្លួនឯងនេះហើយជាគ្រួសារដែល « ខ្វះខាត » នោះ ។
ខ្ញុំមានអារម្មណ៍អួលដើមក ហើយភ្លាមនោះធ្វើឲ្យចាំពីដំណើររឿងនៅក្នុងព្រះគម្ពីរសញ្ញាថ្មីអំពីស្ត្រីមេម៉ាយ និង ប្រាក់ពីរស្លឹងរបស់គាត់ ។ មានអ្នកមានជាច្រើន បានបង្អួតការបរិច្ចាគដ៏ច្រើនរបស់ខ្លួនទៅក្នុងឃ្លាំងនៅពេល « មានស្រ្តីមេម៉ាយក្រម្នាក់ មកដាក់តែ២ស្លឹង ដែលត្រូវជាកន្លះសេន » ( សូមមើល ម៉ាកុស ១២:៤១–៤២ ) ។
បន្ទាប់មកព្រះអង្គសង្គ្រោះបានមានបន្ទូលទៅពួកសិស្សរបស់ទ្រង់ ៖
« ស្រីមេម៉ាយក្រនេះ បានថ្វាយលើសជាងអ្នកទាំងអស់ ដែលដាក់ក្នុងឃ្លាំង ៖
« ដ្បិតគេសុទ្ធតែយកពីរបស់ជាសំណល់ខ្លួនមកថ្វាយ តែស្រ្តីនេះបានយកពីសេចក្តីកំសត់ខ្លួនមកថ្វាយវិញ គឺជារបស់ដែលនាងមានទាំងប៉ុន្មានសម្រាប់ចិញ្ចឹមជីវិតខ្លួនផង » ( ម៉ាកុស ១២:៤៣–៤៤ ) ។
ព្រះយេស៊ូវគ្រីស្ទបានមានព្រះបន្ទូលថាស្ត្រីនោះបានផ្តល់ពី « សេចក្តីកំសត់របស់ខ្លួន » ហើយថ្វាយ « របស់ដែលនាងមានទាំងប៉ុន្មានសម្រាប់ចិញ្ចឹមជីវិតខ្លួន » ។ គាត់គួរតែបង់តែមួយស្លឹងប៉ុណ្ណោះ ។ នោះប្រហែលជាអ្វីដែលបំពេញទៅតាមតម្រូវការឲ្យធ្វើ ប៉ុន្តែដួងចិត្តដ៏ស្មោះត្រង់ និង ឆន្ទៈលះបង់របស់គាត់ទាំងអស់នេះបានទាក់ព្រះទ័យរបស់ព្រះរាជបុត្រានៃព្រះ ។
គ្មាននរណាម្នាក់នឹងស្តីបន្ទោសស្វាមីរបស់ជីដូនមួយខ្ញុំឡើយ បើសិនគាត់ដើរហួសប្រអប់នោះដោយគិតថា « បើសិនខ្ញុំមានខ្ញុំនឹងផ្តល់ឲ្យ » ( ម៉ូសាយ ៤:២៤ ) ។ គំរូដ៏អស្ចារ្យរបស់គាត់អំពីសេចក្តីសប្បុរស និង សេចក្តីស្រឡាញ់ចំពោះបងប្អូនរបស់ខ្លួនពុំគ្រាន់តែដក់ជាប់ក្នុងដួងចិត្តខ្ញុំតែប៉ុណ្ណោះទេ ប៉ុន្តែជាមួយនឹងសមាជិកផ្សេងទៀតនៃគ្រួសារខ្ញុំដែលបានមើលគាត់ ។ ខ្ញុំបានដឹងថាគ្រួសាររបស់គាត់នឹងមិនកើតអ្វីឡើយពីព្រោះ « សេចក្ដីសប្បុរសគឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ … ហើយអស់អ្នកណាដែលមានសេចក្ដីសប្បុរសនៅក្នុងថ្ងៃចុងក្រោយបង្អស់ នឹងបានស្រួលដល់អ្នកនោះហើយ » ( មរ៉ូណៃ ៧:៤៧ ) ។
យើងសង្ឃឹមថាផ្តល់អ្វីមួយដល់គ្រួសារគាត់នៅយប់នោះ ប៉ុន្តែយើងបានឲ្យគាត់នៅពេលក្រោយ ដោយផ្តល់ឲ្យនៅចំពេលដែលគាត់ត្រូវការ នោះគាត់បានបង្ហាញយើងថាវាជាពេលដែលសំខាន់បំផុត គាត់គឺជាអ្នកមានម្នាក់រួចទៅហើយ ។