២០១៥
រត់ទៅ​ព្រះវិហារ​បរិសុទ្ធ
December 2015


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

រត់ទៅ​ព្រះវិហារ​បរិសុទ្ធ

អែនតូនេឡា ត្រេវីសាន អ៊ុយឌីន ប្រទេស អ៊ីតាលី

Illustration depicting a couple running towards the temple during a snowstorm.

រូបគំនូរ​ដោយ ស្ទេន ហ្វែឡូ

កាល​ពី​ខែ ធ្នូ ឆ្នាំ ១៩៩៩ យើង​បាន​រៀបចំ​ខ្លួន​សម្រាប់​ការធ្វើ​ដំណើរ​ប្រចាំ​ឆ្នាំ​សម្រាប់​បុណ្យគ្រីស្ទ​របស់​យើង​ទៅ​ព្រះវិហារ​បរិសុទ្ធ ប៊ឺន ប្រទេសស្វីស ។ ការធ្វើ​ដំណើរ​នោះ​គឺ​ជា​ប្រពៃណី​ពិសេស​មួយ ដែល​យើង​បាន​ចាប់ផ្តើម​ធ្វើ​វា​មិនយូរ​ប៉ុន្មាន​បន្ទាប់​ពី​អាពាហ៍ពិពាហ៍​របស់​យើង គឺ​ជា​របៀប​មួយ​ដែល​យើង​រំឭក​ដល់​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ ។

ពី​កន្លែង​ដែល​យើង​នៅ​ទៅ​ដល់​ព្រះវិហារ​បរិសុទ្ធ ត្រូវ​ចំណាយ​ពេល​ប្រាំបី​ម៉ោង​ដោយ​ជិះ​ឡាន ហើយ​យើង​បានចាប់​ផ្តើម​ចេញ​ដំណើរ ដោយ​មាន​អាកាសធាតុ​មិន​អំណោយ​ផល​ឡើយ​នៅពេល​នោះ ។ ដើម​ឈើ​ដួល​រលើង​គល់ ខ្យល់​បក់​ខ្លាំង មាន​ទឹកកក​នៅលើ​ផ្លូវ​អាច​ធ្វើ​ឲ្យ​ការធ្វើ​ដំណើរ​មាន​គ្រោះថ្នាក់ ។

ខ្ញុំ​បាន​មាន​អារម្មណ៍​ថា​ពុំ​ប្រាកដប្រជា ហើយ​ពុំយល់​ពី​មូលហេតុ​ដែល​យើង​ជួប​នូវ​ឧបសគ្គ​ដ៏​ច្រើន​បែប​នេះ នៅពេល​យើង​ដឹង​ថា​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ តើ​ទ្រង់​នឹង​ពុំ​បើក​ផ្លូវ​ឲ្យ​យើង​ទេ​ឬ ?

ស្វាមី​របស់​ខ្ញុំ អែនតូនីអូ និង ខ្ញុំ​បាន​លុត​ជង្គង់​អធិស្ឋាន​ជាមួយ​កូនៗ ហើយ​ទូល​ទៅកាន់​ព្រះវរបិតាសួគ៌​ថា​លុះត្រា​តែ​ទ្រង់​ប្រាប់​យើង​អ្វី​ផ្សេង​ទៀត មិន​ដូច្នេះ​ទេ​យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង ប៊ឺន នៅ​ថ្ងៃ​ស្អែក ។

អែនតូនីអូ បាន​និយាយ​បន្ទាប់​ពី​ការអធិស្ឋាន​របស់​យើង​ថា « បើសិន​ជា​ផ្លូវ​ពិបាក​ធ្វើដំណើរ នោះ​យើង​នឹង​ត្រឡប់​មក​វិញ » ។

ខ្ញុំ​មាន​អារម្មណ៍​ថា​ការសម្រេច​ចិត្ត​របស់​យើង​នោះ​គឺ​ត្រឹមត្រូវ​ណាស់ ប៉ុន្តែ​ខ្ញុំ​នៅតែ​ភ័យ​ខ្លាច ។ នៅព្រឹក​បន្ទាប់​ទៀត​ដោយ​នៅតែ​មាន​ចម្ងល់​ខ្ញុំ​ចង់​អធិស្ឋាន​ម្តង​ទៀត ។ អែនតូនីអូ​បាន​ប្រាប់​ខ្ញុំ​ថា​យើង​បាន​ទទួល​ចម្លើយ​រួចហើយ ប៉ុន្តែ​គាត់​បាន​លុតជង្គង់​ដោយ​សេចក្តី​ស្រឡាញ់ និង អត់ធ្មត់​នៅ​ក្បែរ​ខ្ញុំ ។

នៅពេល​យើង​ចេញ​ពី​ផ្ទះ នោះ​ព្រះអាទិត្យ​រៀប​នឹង​រះ ហើយ​ពពក​ខ្មៅ​បាន​សំកាំង​នៅលើ​ពួកយើង ។ នៅពេល​យើង​បើកបរ​នោះ ខ្ញុំ​អាច​ឃើញ​តែ​ផ្ទៃមេឃ​ពណ៌​ខៀវ​បន្តិចបន្តួច​ប៉ុណ្ណោះ​នៅ​ជិត​ភ្នំ ។ ព្រះអាទិត្យ​ចាំង​រស្មី​ព្រាលៗ​កាត់​ដុំ​ពពក​ទាំង​នោះ ។

ពន្លឺ​ព្រឹមៗ​របស់​ព្រះអាទិត្យ​នោះ​បាន​ពង្រឹង​សេចក្តី​ជំនឿ​ដែល​រេរា​របស់​ខ្ញុំ ។ ជា​អព្ភូតហេតុ ព្រះអាទិត្យ​បាន​លេច​មក ហើយ​សីតុណ្ហភាព​បាន​កើន​ឡើង ។ គ្មាន​អ័ព្ទ គ្មាន​ទឹកកក គ្មាន​ខ្យល់ — វា​ស្រឡះ ហើយ​ក្លាយ​ជា​ថ្ងៃ​មួយ​ដែល​មាន​កម្តៅ​ល្មម​នា​រដូវ​រងារ ។ ខ្ញុំ​បាន​យំ ។ វា​ហាក់បី​ដូចជា​ព្រះវរបិតាសួគ៌​បាន​ឆ្លើយ​តប​ការអធិស្ឋាន​របស់​យើង ។

បន្ទាប់​ពី​យើង​បាន​ទៅ​ដល់​ទីក្រុង ប៊ឺន វា​បាន​ចាប់ផ្តើម​ធ្លាក់​ព្រិល​យ៉ាង​ខ្លាំង ហើយ​បន្ត​ធ្លាក់​ព្រិល​អស់​មួយ​រយៈពេល​ដែល​យើង​ស្នាក់​នៅ​ទីនោះ ។ នៅពេល​យើង​បាន​ដើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ពីមុន​ព្រះអាទិត្យ​រះ​នៅ​ព្រឹកបន្ទាប់​នោះ ព្យុះ​បាន​ក្លាយ​ជា​ព្យុះ​ព្រិល​យ៉ាង​ខ្លាំង ។ ខ្ញុំ​មាន​ការភ័យ​ខ្លាច​មួយ​សន្ទុះ ហើយ​ខ្ញុំ​បាន​ចាប់ផ្តើម​រត់​តាម​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង រហូត​ដល់​ព្រះវិហារ​បរិសុទ្ធ ។

បន្ទាប់​មក​មាន​គំនិត​មួយ​បាន​ផុស​ឡើង​ក្នុង​ចិត្ត​ខ្ញុំ ៖ « នេះ​គឺ​ជា​អ្វី​ដែល​គួរតែ​ធ្វើ ។ ពិភពលោក​នេះ​មាន​សម្រែក​នៃ​បញ្ហា​នានា​ដល់​យើង ប៉ុន្តែ​យើង​ត្រូវតែ​រត់​ទៅ​កន្លែង​សុខសាន្ត​របស់​ព្រះអម្ចាស់​ដែល​មាន​នៅ​ក្នុង​ព្រះដំណាក់​របស់​ទ្រង់ » ។

យើង​មាន​ភាពរីករាយ​ជា​ខ្លាំង អំឡុង​ពេល​នៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់​នោះ ប៉ុន្តែ​យើង​បារម្ភ​អំពី​ការធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​របស់​យើង ។ ព្រិល​នៅតែ​បន្ត​ធ្លាក់ ហើយ​កូនប្រុស​ពៅ​របស់​យើង​បាន​ក្តៅខ្លួន​យ៉ាង​ខ្លាំង ។ ទោះជា​យ៉ាង​ណា​នៅថ្ងៃ​ដែល​យើង​ចេញ​ដំណើរ ព្រិល​នោះ​បាន​ឈប់​ធ្លាក់​ដោយ​អព្ភូតហេតុ ហើយ​កម្តៅ​ក្នុង​ខ្លួន​កូនប្រុស​របស់​យើង​បាន​បាត់​វិញ​បន្ទាប់​ពី​បាន​ទទួល​ការប្រសិទ្ធពរ​នៃ​បព្វជិតភាព ។

ខណៈ​ភាពសុខសាន្ត​នៃ​ព្រះវិហារ​បរិសុទ្ធ​បាន​ផ្តល់​ដល់​យើង នោះ​ខគម្ពីរ​ព្រះគម្ពីរ​ប៊ីប​មួយ​បាន​ផុស​ក្នុង​គំនិត​ខ្ញុំ ៖ « តើ​មាន​ការ​អ្វី​ដែល​ព្រះយេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ? » ( លោកុប្បត្តិ ១៨:១៤ ) ។ ដោយ​មាន​អំណរគុណ នោះ​ខ្ញុំ​បាន​ដឹង​ថា គ្មាន​ទេ គ្មាន​អ្វី​ដែល​ទ្រង់​មិន​អាច​ធ្វើ​បាន​នោះ​ឡើយ ។