ព្រះគម្ពីរសម្រាប់ ស្ពែនស៊ើរ
« ខ្ញុំចូលចិត្តអានគម្ពីរបរិសុទ្ធ ហើយរាល់ពេលដែលខ្ញុំអាន ខ្ញុំមានអារម្មណ៍ព្រះវិញ្ញាណចម្រើនក្នុងបេះដូង » ( ចម្រៀងកុមារ ទំព័រ ៦៦ ) ។
នៅពេលភរិយាខ្ញុំ និង ខ្ញុំបានរៀបការថ្មីថ្មោង ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ១៨៩៥–១៩៨៥ ) បានលើកទឹកចិត្តសមាជិកសាសនាចក្រទាំងឡាយឲ្យអានព្រះគម្ពីររាល់ថ្ងៃជាមួយគ្រួសារពួកគេ ។ យើងចង់ធ្វើតាមព្យាការី ដូច្នេះយើងបានសម្រេចចិត្តថាយើងនឹងអានវាជាមួយគ្នាជាស្វាមីភរិយា និងក្រោយមកជាមួយកូនៗនាពេលអនាគតរបស់យើង ។
ជាច្រើនឆ្នាំក្រោយមក គ្រួសាររបស់យើងមានកូនប្រាំនាក់ រួមទាំងកូនពៅរបស់យើង ឈ្មោះស្ពែនស៊ើរ ។
មានពេលមួយនោះ នៅពេលស្ពែនស៊ើរអាយុប្រាំមួយឆ្នាំ ភរិយារបស់ខ្ញុំ និង ខ្ញុំត្រូវទៅឆ្ងាយពីផ្ទះពីរបីថ្ងៃ ហើយទុកកូនៗឲ្យនៅជាមួយអ្នកមើលក្មេង ។ នៅពេលយើងត្រឡប់មកផ្ទះវិញ នោះខ្ញុំបានអង្គុយជាមួយស្ពែនស៊ើរ ហើយបានសួរគេពីអ្វីៗដែលបានកើតឡើងខណៈដែលពួកយើងមិននៅផ្ទះ ។
គាត់បានប្រាប់ខ្ញុំថាគាត់ពិបាកក្នុងការគេង ។ នៅពេលខ្ញុំបានសួរគាត់ពីមូលហេតុដែលគាត់ពុំបានគេងលក់ស្រួល នោះគាត់បានគិតពីវា ហើយបាននិយាយថាគាត់ពុំដឹងឡើយ ។
ក្រោយមកនៅល្ងាចនោះ គ្រួសាររបស់យើងបានចាប់ផ្តើមធ្វើតាមទម្លាប់អានព្រះគម្ពីរមរមនរាល់យប់ជាមួយគ្នា ។
ភ្លាមនោះស្ពែនស៊ើរបានស្រែកឡើងថា « ហ្នឹងហើយ ! » ខ្ញុំបានសួរថាគាត់កំពុងតែនិយាយអ្វី ។ « នោះហើយជាមូលហេតុដែលខ្ញុំពុំអាចគេងលក់ស្រួលនៅពេលយប់ » ។
« ហេតុអ្វីបានជាកូនពុំអាចគេងលក់ស្រួល ? » ខ្ញុំបានសួរ ។
« យើងពុំបានអានព្រះគម្ពីរនៅពេលយប់ឡើយ ពេលប៉ាម៉ាក់អត់នៅផ្ទះ ហើយខ្ញុំចូលចិត្តអារម្មណ៍ដែលព្រះគម្ពីរបានផ្តល់ដល់ខ្ញុំយ៉ាងខ្លាំង » ។
ស្ពែនស៊ើរ បានរៀនថាការអានព្រះគម្ពីររាល់ថ្ងៃនាំឲ្យពួកយើងមានភាពកក់ក្តៅ មានសន្តិភាព និង ការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ។
យើងអាចរៀនស្រឡាញ់ព្រះគម្ពីរ នៅពេលយើងអានវារាល់ថ្ងៃ ។ នៅពេលយើងអានព្រះគម្ពីរ នោះយើងនឹងត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងត្រូវបានពង្រឹងតាមរយៈព្រះវរបិតាសួគ៌របស់យើង ។